in

តើ​ព្រះ​គម្ពីរ​ពិបាក​យល់​ពេក​សម្រាប់​អស់​អ្នក​ដែល​មិន​សូវ​ចង់​អាន​មែន​ឬ?

កាល​ពី​ពេល​ខ្ញុំ​មាន​អាយុ ១៨ ឬ១៩ឆ្នាំ ខ្ញុំ​បាន​រៀន​អាន​សៀវភៅ។ ខ្ញុំ​អាន​វា​ខ្លាំង​មែន​ទែន។ មុន​ពេល​នោះ ខ្ញុំ​អាន​តែ​បញ្ជី​មុខ​ម្ហូប​នៅ​ហាង ឬ​លទ្ធផល​បាល់​ទាត់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុណ្ណោះ។ ប៉ុន្តែ បន្ទាប់​មក​ខ្ញុំ​បាន​អាន​សៀវភៅ​មួយ​ក្បាល​នេះ ហើយ​ខ្ញុំ​ចាប់​ផ្ដើម​ចូល​ចិត្ត​វា​ខ្លាំង​មែន​ទែន។ ខ្ញុំ​បាន​ចាប់​ផ្ដើម​គិត​ថា ការ​អាន​គឺ​ជា​ការ​សប្បាយ ហើយ​ខ្ញុំ​ផ្ដល់​គុណ​តម្លៃ​លើ​ការ​អាន​ចាប់​ពី​ពេល​នោះ​មក។

មាន​មនុស្ស​ម្នាក់​បាន​ឲ្យ​កាដូ​ជា​កូន​សៀវភៅ​មួយ​ក្បាល​ដែល​បាន​សរសេរ​ដោយ​បុរស​ដ៏​ឆ្លាត​វៃ​ម្នាក់​ដែល​មាន​ឈ្មោះ​ថា ចន អូវិន (John Owen) (ដែល​គាត់​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ម្នាក់​ដែល​ពាក់​ស្បែក​ជើង​ស្បែក​ក​វែង ហើយ​ប្រើ​ចាហួយ​លាប​សក់​ច្រើន​បន្តិច)។ ខ្ញុំ​បាន​អាន​វា​ចប់​យ៉ាង​ឆាប់​រហ័ស។ បន្ទាប់​ពី​នោះ​មក ខ្ញុំ​បាន​ទៅ​បណ្ណាគារ​គ្រីស្ទ​បរិស័ទ​នៅ​ក្នុង​តំបន់​មួយ​កន្លែង​ដើម្បី​មើល​ថា តើ​មាន​សៀវភៅ​ផ្សេង​ទៀត​ដែល​បាន​សរសេរ​ដោយ​អ្នក​និពន្ធ​ម្នាក់​ហ្នឹង​ដែរ​ឬ​ទេ។ ខ្ញុំ​រក​ឃើញ​សៀវភៅ​មួយ​ក្បាល​ដែល​មាន​ចំណង​ជើង​ថា «សេចក្ដី​ស្លាប់​នៃ​ការ​ស្លាប់​នៅ​ក្នុង​ការ​សុគត​របស់​ព្រះ​គ្រីស្ទ» (The Death of Death in the Death of Christ)។ ដូច្នេះ ខ្ញុំ​បាន​ទិញ​វា ហើយ​យក​មក​ផ្ទះ។

នៅ​ទំព័រ​ដំបូង​គេ ខ្ញុំ​បាន​អាន៖

ជូន​ចំពោះ​អ្នក​អាន—ប្រសិន​បើ​លោក​អ្នក​មាន​បំណង​បន្ត​អាន (មិន​មែន​គ្រាន់​តែ​ចាប់​ផ្ដើម​អាន—ពាក្យ​ចាស់ៗ​គឺ​ជា​ពាក្យ​ពិបាក) ខ្ញុំ​សូម​អង្វរ​លោក​អ្នក​ឲ្យ​ឈប់​នៅ​ត្រង់​នេះ​បន្តិច។ ប្រសិន​បើ​លោក​អ្នក ដូច​មាន​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​សម័យ​កាល​នៃ​មនុស្ស​មាន​ពុត​នេះ—ជា​សញ្ញា ឬ​ជា​អ្នក​សម្លឹង​មើល​ចំណង​ជើង ហើយ​ចូល​មក​ក្នុង​សៀវភៅ​ដូច​ជា កេតូ (Cato) ចូល​មក​ក្នុង​រោង​កុន ហើយ​ចេញ​ទៅ​វិញ—នោះ​លោក​អ្នក​មាន​ការ​កម្សាន្ត​ត្រឹម​នេះ សូម​លា​ហើយ។

សូម​ឲ្យ​ខ្ញុំ​បាន​បក​ស្រាយ​ប្រយោគ​នេះ៖ «ប្រសិន​បើ​យើង​វាស់​កម្រិត​មនុស្ស​ភ្លីភ្លើ​ដល់​កម្រិត​បណ្ឌិត ហើយ​បើ​អ្នក​ជា​មនុស្ស​ភ្លីភ្លើ ចូរ​ដាក់​សៀវភៅ​ចុះ​ថ្នមៗ ហើយ​ដើរ​ចេញ​ទៅ»។ មួយ​ទំព័រ មួយ​ប្រយោគ មួយ​បន្ទាត់ ហើយ​ប្រាប់​ខ្ញុំ​ថា «នោះ​លោក​អ្នក​មាន​ការ​កម្សាន្ត​បែប​នេះ សូម​លា​ហើយ»។ ខ្ញុំ​បាន​ឮ​សម្លេង​របស់​លោក អូវិន កំពុង​ចំអក​ខ្ញុំ​អស់​ជា​ច្រើន​សតវត្ស​ដោយ​បាន​លើក​ឡើង​ថា អែនឌី ចូរ​បោះ​បង់​ទៅ—នៅ​ក្នុង​សៀវភៅ​នេះ​មិន​មាន​រូប​ភាព​នោះ​ទេ វា​ពិបាក​ខ្លាំង​ពេក​សម្រាប់​អ្នក​ហើយ ហើយ​វា​ក៏​លើស​ពី​អ្វី​ដែល​ឯង​យល់​បាន​ដែរ ទៅ​មើល​ទូរទស្សន៍​វិញ​ទៅ។ ដូច្នេះ ខ្ញុំ​ក៏​បាន​បិទ​សៀវភៅ ហើយ​មិន​បាន​អាន​វា​តាំង​ពី​ពេល​នោះ​មក។

នេះ​ជា​សំណួរ​របស់​ខ្ញុំ៖ តើ​វា​ជា​ការ​ពិត​ដូច​គ្នា​សម្រាប់​ព្រះ​គម្ពីរ​ដែរ​ឬ​ទេ? តើ​ព្រះ​គម្ពីរ​គឺ​សម្រាប់​តែ​សាស្ត្រាចារ្យ អ្នក​វិទ្យា​សាស្ត្រ​ដែល​ស្រាវជ្រាវ​អំពី​ផែន​ដី ឬ​ភព​ដទៃ អ្នក​រៀន​ថ្នាក់​ខ្ពស់ៗ ឬ​សម្រាប់​តែ​បុគ្គល​ដែល​មាន​ចំណេះ​ដឹង និង​មាន​ការ​ចាប់​អារម្មណ៍​តែ​ប៉ុណ្ណោះ​ឬ? តើ​ព្រះ​គម្ពីរ​សម្រាប់​តែ​លោក​គ្រូ ចន អូវិន ហើយ​មិន​មែន​សម្រាប់​អ្នក​ផ្ដើម​មែន​ឬ? តើ​ព្រះ​គម្ពីរ​ប្រើ​សម្រាប់​តែ​គ្រូ​អធិប្បាយ ហើយ​មិន​មែន​សម្រាប់​សមាជិក​ក្នុង​ក្រុម​ជំនុំ​ទេ? តើ​វា​សម្រាប់​តែ​អ្នក​មាន​ជីវភាព​មធ្យម​ឬ​យ៉ាង​ណា? តើ​វា​អាច​សម្រាប់​គម្រោង​នៅ​ក្នុង​សង្កាត់​របស់​ខ្ញុំ ឬ​សម្រាប់​តំបន់​សំណង់​អនាធិបតេយ្យ​ដែរ​ឬ​ទេ? តើ​ព្រះ​គម្ពីរ​ពិបាក​យល់​ខ្លាំង​ពេក? តើ​ព្រះ​គម្ពីរ​លើស​ពី​សមត្ថភាព​សម្រាប់​មនុស្ស​ធម្មតា ហើយ​សម្រាប់​តែ​អស់​អ្នក​ដែល​បាន​ជ្រើស​រើស​តែ​ពីរ​ទៅ​បី​នាក់​ឬ​យ៉ាង​ណា?

ព្រះ​បន្ទូល​នៃ​ជីវិត

ចូរ​ស្ដាប់​ព្រះ​បន្ទូល​របស់​ព្រះ​អម្ចាស់​ដែល​បាន​ដក​ស្រង់​ចេញ​ពី​កណ្ឌ​គម្ពីរ ចោទិយកថា ៣០:១៤ «គឺ​ព្រះ​បន្ទូល​នេះ​នៅ​ជិត​ឯង​ណាស់…»

កណ្ឌ​គម្ពីរ ចោទិយកថា នេះ លោក ម៉ូសេ ឈរ​ជំនួស​ឲ្យ​ប្រជា​រាស្ត្រ​របស់​ព្រះ​ជា​ម្ចាស់ ដោយ​ដក​ដង្ហើម​ធំ​នៅ​ចុង​បញ្ចប់​នៃ​សេចក្ដី​អធិប្បាយ​ដ៏​ធំៗ​ចំនួន​បី។ មិន​បាច់​សង្ស័យ​ទេ ដែល​បណ្ដាជន​រង​ទុក្ខ​ដោយ​ចេញ​ពី​ការ​អធិប្បាយ​ដ៏​លើស​កម្រិត។ ប៉ុន្តែ សូម​កត់​សម្គាល់​ថា លោក ម៉ូសេ បាន​បញ្ចប់​សេចក្ដី​អធិប្បាយ​របស់​គាត់​ក្នុង​ចំណុច​ដ៏​ខ្ពស់​បំផុត​ដែល​មាន​ចំណុច​អវិជ្ជមាន​ចំនួន៤នៅ​ក្នុង​កណ្ឌ​គម្ពីរ ចោទិយកថា ៣០:១១-១៤។ ព្រះ​បន្ទូល​នៃ​ជីវិត​គឺ៖

  • មិន​មែន​ហួស​កម្លាំង​ឯង​ទេ
  • ក៏​មិន​មែន​នៅ​ឆ្ងាយ​ដែរ
  • មិន​មែន​នៅ​លើ​ស្ថាន​សួគ៌
  • ក៏​មិន​មែន​នៅ​ត្រើយ​សមុទ្រ​ឯ​នាយ​ដែរ

ព្រះ​ជា​ម្ចាស់​មាន​ព្រះ​បន្ទូល​ថា ព្រះ​បន្ទូល​របស់​ទ្រង់​មិន​ពិបាក​ខ្លាំង​ពេក​សម្រាប់​លោក​អ្នក​នោះ​ទេ។ ព្រះ​បន្ទូល​ទ្រង់​មិន​មែន​មិន​អាច​ចូល​ដល់​បាន មិន​មែន​មិន​ស្រួល​អនុវត្ត មិន​មែន​មិន​អាច​យល់​បាន ហើយ​ព្រះ​បន្ទូល​ទ្រង់​មិន​មាន​សម្រាប់​តែ​អ្នក​ដែល​សិក្សា​ស្រាវជ្រាវ ឬ​សម្រាប់​តែ​គ្រូ​គង្វាល​នោះ​ដែរ។ ដើម្បី​ស្គាល់​ពី​ព្រះ និង​យល់​ព្រះ​បន្ទូល​ទ្រង់ លោក​អ្នក​មិន​ចាំ​បាច់​ត្រូវ​តែ​ក្លាយ​ជា​ម្នាក់​ដែល​មាន​វិញ្ញាណ​បែប​លើស​ពី​ធម្មជាតិ​នោះ​ទេ។ អត្ថន័យ​នៃ​ព្រះ​បន្ទូល​ទ្រង់​ភាគ​ច្រើន​មិន​ត្រូវ​បាន​លាក់​កំបាំង​នោះ​ទេ ហើយ​ត្រូវ​បាន​រក​ឃើញ​អត្ថន័យ​មួយ​ចំនួន​នោះ​តែ​សម្រាប់​អស់​អ្នក​ដែល​ឆ្លាត​ខ្លាំង ឬ​អស់​អ្នក​ដែល​បាន​អាន​សៀវភៅ​អស់​រាប់​រយ​ក្បាល​នោះ​ទេ។

លោក ម៉ូសេ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ជំពូក ៣០:១៤ ថា៖ «គឺ​ព្រះ​បន្ទូល​នេះ​នៅ​ជិត​ឯង​ណាស់»។ ឃ្លា​មួយ​នេះ​គឺ​មាន​ន័យ​យ៉ាង​សាមញ្ញ​ដូច​ដែល​វា​បាន​សង្ខេប​រួច​ហើយ។ ព្រះ​បន្ទូល​របស់​ព្រះ​គឺ​មាន​ភាព​ច្បាស់​លាស់ ដោយ​សារ​តែ​ទ្រង់​បាន​យក​វា​មក​ដាក់​នៅ​ជិត​នឹង​យើង​ហើយ។ ជិត​ល្មម​គ្រប់​គ្រាន់​ដែល​អាច​មើល​ឃើញ ជិត​ល្មម​គ្រប់​គ្រាន់​ដែល​អាច​ស្ដាប់​ឮ ជិត​ល្មម​គ្រប់​គ្រាន់​ដែល​អាច​ប៉ះ​ពាល់​បាន ហើយ​ក៏​ជិត​ល្មម​គ្រប់​គ្រាន់​ដែល​អាច​ស្គាល់​បាន​ផង​ដែរ។ «ក៏​នៅ​ក្នុង​មាត់​ឯង នឹង​ក្នុង​ចិត្ត​ឯង​ផង»។

នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ​នៅ​ក្នុង​កណ្ឌ​គម្ពីរ ចោទិយកថា យើង​បាន​ឃើញ​ភាសា​ដែល​បាន​ប្រើ​លើ​ពាក្យ «ភាព​នៅ​ជិត»។ បើ​ត្រឡប់​ក្រោយ​នៅ​ក្នុង​កណ្ឌ​គម្ពីរ ចោទិយកថា ៤:៥-៨ យើង​អាច​អាន​បាន៖

  • «មើល អញ​បាន​បង្រៀន​ច្បាប់ ហើយ​នឹង​បញ្ញត្ត​ដល់​ឯង​រាល់​គ្នា តាម​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ អញ​បាន​បង្គាប់​មក ដើម្បី​ឲ្យ​ឯង​បាន​ប្រព្រឹត្ត​តាម នៅ​ក្នុង​ស្រុក​ដែល​ឯង​ត្រូវ​ចូល​ទៅ​ទទួល​យក ដូច្នេះ​ចូរ​ឲ្យ​ឯង​រាល់​គ្នា​កាន់ ហើយ​ប្រព្រឹត្ត​តាម​ចុះ ដ្បិត​នេះ​នឹង​បាន​ជា​ប្រាជ្ញា ហើយ​ជា​យោបល់​ ដល់​ឯង​រាល់​គ្នា នៅ​ភ្នែក​នៃ​អស់​ទាំង​សាសន៍ ដែល​នឹង​ឮ​ថ្លែង​ពី​បញ្ញត្ត​ច្បាប់​ទាំង​ប៉ុន្មាន​នេះ ហើយ​ គេ​នឹង​និយាយ​ថា ប្រាកដ​ជា​សាសន៍​នេះ​មាន​ប្រាជ្ញា នឹង​យោបល់​ពិត ដ្បិត​តើ​មាន​សាសន៍​ដ៏​ធំ​ណា​ មួយ ដែល​មាន​ព្រះ​គង់​នៅ​ជិត​គេ ដូច​ជា​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង ទ្រង់​គង់​នៅ​ជិត ក្នុង​កាល​ ដែល​យើង​អំពាវ​នាវ​រក​ទ្រង់​នោះ? ហើយ​តើ​មាន​សាសន៍​ដ៏​ធំ​ណា​មួយ ដែល​មាន​ច្បាប់ និង​បញ្ញត្តិ​ដ៏​ ត្រឹម​ត្រូវ ឲ្យ​ដូច​ជា​ក្រឹត្យ​វិន័យ​នេះ ដែល​អញ​ដាក់​នៅ​មុខ​ឯង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ដូច្នេះ?»។

ការ​នៅ​ជិត​របស់​ព្រះ​ជាម្ចាស់​បង្ហាញ​ពី​ភាព​អស្ចារ្យ និង​ព្រះ​គុណ​របស់​ទ្រង់។ ព្រះ​ដ៏​គ្មាន​ព្រំ​ដែន បាន​ធ្វើ​ឲ្យ​មនុស្ស​ដែល​មាន​ដែន​កំណត់​ឲ្យ​អាច​ស្គាល់​ពី​អង្គ​ទ្រង់​ផ្ទាល់​បាន។ ព្រះ​ដែល​មាន​គ្រប់​ទាំង​ព្រះ​ប្រាជ្ញា​ញាណ​បាន​ប្រទាន​ក្រឹត្យ​វិន័យ​ដ៏​ល្អ​ដល់​មនុស្ស​ល្ងង់​ខ្លៅ​ដូច​ជា​យើង។ ព្រះ​នៃ​ចក្រវាល​ទាំង​មូល​បាន​ត្រឡប់​មក​ជា​មនុស្ស​តូច​ទាប និង​មិន​សំខាន់​នៅ​ក្នុង​ភាព​ច្រណែន​នៃ​គ្រប់​ទាំង​ជាតិ​សាសន៍។ ព្រះ​ដ៏​បរិសុទ្ធ​បាន​យាង​មក​ជិត​មនុស្ស​ដែល​ពេញ​ដោយ​បាប។

បរិបទ​នៃ​កណ្ឌ​គម្ពីរ​ចោទិយកថា​បាន​បង្ហាញ​ថា លោក ម៉ូសេ បាន​ដឹង​ថា​បណ្ដា​ជន​នឹង​បរាជ័យ។ ជា​ការ​ពិត ការ​នេះ​ត្រូវ​បាន​ដឹង​ជា​មុន​រួច​ស្រេច​ទៅ​ហើយ​ថា មិន​មែន​ដោយ​សារ​ពួក​គេ​មិន​យល់​ពី​ក្រឹត្យ​វិន័យ​ព្រះ​ទេ ប៉ុន្តែ​ដោយ​សារ​ពួក​គេ​មិន​បាន​ស្ដាប់​បង្គាប់។ ដូច​ជា​ការ​ដឹង​ជា​មុន​រួច​មក​ហើយ​មែន បរិបទ​នេះ​ក៏​បាន​បង្ហាញ​អំពី​ការ​បង្កើត​សេចក្ដី​សន្យា​មួយ​ផង​ដែរ។ កណ្ឌ​គម្ពីរ ចោទិយកថា ៣០:៦ បាន​ចែង​ថា «ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​កាត់​ស្បែក​ចិត្ត​របស់​ឯង ហើយ​និង​ចិត្ត​របស់​ពូជ​ឯង​ផង ឲ្យ​បាន​ស្រឡាញ់​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ដើម្បី​ឲ្យ​ឯង​បាន​រស់​នៅ»។ ការ​ឆ្លើយ​តប​ដ៏​ត្រឹម​ត្រូវ​ទៅ​កាន់​បញ្ញត្តិ​របស់​ព្រះ គឺ​មិន​មែន​ដូច​ជា​មនុស្ស​ខ្លាំង​ណា​មួយ​ដែល​ស្ដាប់​បង្គាប់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​បាន​ជីវិត​ដោយ​ការ​ទុក​ចិត្ត​លើ​សេចក្ដី​សន្យា​របស់​ព្រះ​សម្រាប់​អនាគត។ ការ​ជ្រើស​រើស​ជីវិត​គឺ​ជា​ការ​ទុក​ចិត្ត​ថា ព្រះ​បាន​យាង​មក​ជិត​នៅ​ក្នុង​សេចក្ដី​សន្យា​របស់​ទ្រង់​រួច​ហើយ។

ព្រះ​បន្ទូល​របស់​ព្រះ​គ្រីស្ទ

ខណៈ​ដែល​បើក​ទំព័រ​នៃ​ព្រះ​គម្ពីរ​ចូល​សាច់​រឿង​ផ្សេងៗ​ទៀត អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នៃ​ប្រវត្តិ​សាស្ត្រ​នៃ​សេចក្ដី​សង្គ្រោះ ហើយ​លោក​អ្នក​នឹង​ឃើញ​ពី​ការ​បំពេញ​សេចក្ដី​សន្យា​នោះ​នៅ​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ជំពូក១០។ សាវ័ក ប៉ុល បាន​ប្រើ​ប្រាស់​ពាក្យ​ភ្ជាប់​គ្នា​នៅ​ក្នុង​ភាសា​មួយ​ដែល​ស្រដៀង​គ្នា​នឹង​អ្វី​ដែល​លោក ម៉ូសេ បាន​លើក​ឡើង​ដែរ គ្រាន់​តែ​មាន​ភាព​រីក​ចម្រើន​ជាង​មុន។ ចេញ​ពី​ភាព​ច្បាស់​លាស់​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់ គាត់​បាន​ឈាន​ទៅ​រក​ភាព​ច្បាស់​លាស់​របស់​ព្រះ​គ្រីស្ទ និង​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​ផង​ដែរ។ សាវ័ក ប៉ុល បាន​ប្រើ​សម្រង់​សម្ដី​ដែល​បាន​ដក​ស្រង់​ចេញ​ពី​កណ្ឌ​គម្ពីរ ចោទិយកថា ជំពូក៣០ ដើម្បី​បង្ហាញ​ពី​ដំណឹង​ល្អ។ ដូច​ជា​ការ​មាន​បញ្ញត្តិ​នៅ​ក្នុង​មាត់ និង​ការ​ដឹង​ក្នុង​ចិត្ត គឺ​មិន​មែន​សម្រាប់​មនុស្ស​អច្ឆរិយ​នៅ​ក្នុង​កណ្ឌ​គម្ពីរ ចោទិយកថា ៣០ ប៉ុណ្ណោះ​ទេ ហើយ​សេចក្ដី​សង្គ្រោះ​ក៏​មិន​មែន​សម្រាប់​អស់​អ្នក​មាន​សមត្ថភាព​អច្ឆរិយ​នៅ​កណ្ឌ​គម្ពីរ រ៉ូម ជំពូក១០ ដែរ។

យើង​ឃើញ​ភាព​អស្ចារ្យ និង​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់​នៅ​ក្នុង​ព្រះ​បន្ទូល ដោយ​សារ​ក្នុង​ព្រះ​បន្ទូល​ព្រះ​អង្គ យើង​ឃើញ​ព្រះ​បន្ទូល​សន្យា​របស់​ព្រះអង្គ​បាន​សម្រេច​ឡើង។ កណ្ឌ​គម្ពីរ រ៉ូម ១០ យើង​ឃើញ​ថា កាមេរ៉ា​បាន​ផ្ដោត​ចាប់​យក​រូប​ភាព​ដ៏​ច្បាស់​ដោយ​ស្វ័យ​ប្រវត្តិ​លើ​ព្រះ​យេស៊ូវ។ លោក​អ្នក​មិន​ចាំ​បាច់​ត្រូវ​ទៅ​ស្ថានសួគ៌ ដើម្បី​ស្គាល់​ព្រះ​នោះ​ទេ ដោយ​ព្រះ​អង្គ​បាន​យាង​ចុះ​មក​ផែន​ដី​ក្នុង​ភាព​ជា​មនុស្ស ក្នុង​នាម​ជា​ព្រះ​រាជ​បុត្រា​​ព្រះ​រួច​ហើយ។ នោះ​គឺ​ជា​ភាព​នៅ​ជិត​ដែល​ព្រះ​អង្គ​បាន​យាង​មក។ លោក​អ្នក​មិន​ចាំ​បាច់​ចុះ​ទៅ​ក្នុង​ទី​ជម្រៅ​នៃ​សេចក្ដី​ស្លាប់ ដើម្បី​ទទួល​បាន​សេចក្ដី​សង្គ្រោះ​នោះ​ទេ ពីព្រោះ​តាម​រយៈ​ព្រះ​យេស៊ូវ ព្រះ​ជាម្ចាស់​បាន​ទៅ​ក្នុង​ផ្នូរ ដើម្បី​ប្រោស​ព្រះ​អង្គ​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​រួច​ហើយ។ នេះ​គឺ​ជា​ភាព​ច្បាស់​លាស់​ដែល​ព្រះ​អង្គ​បាន​ប្រទាន​ឲ្យ។

ចំណុច​សំខាន់​របស់ សាវ័ក ប៉ុល គឺ​ថា​សេចក្ដី​សង្គ្រោះ​មិន​មែន​ទទួល​បាន​តាម​រយៈ​ការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​កាន់​តាម​ក្រឹត្យ​វិន័យ​នោះ​ទេ។ ការ​នោះ​គឺ​វា​ពិបាក​ខ្លាំង​ពេក​សម្រាប់​យើង។ ផ្ទុយ​ទៅ​វិញ យើង​អាច​រក​បាន​នៅ​ក្នុង​ព្រះ​គុណ​របស់​ព្រះ​អង្គ។ យើង​មិន​មែន​ជា​មនុស្ស​អច្ឆរិយ​នោះ​ទេ—ហើយ​យើង​ក៏​មិន​ចាំ​បាច់​ត្រូវធ្វើ​បែប​នោះ​ដែរ។ ព្រះ​ជា​ម្ចាស់​បាន​យាង​មក​ជិត​យើង​ក្នុង​ព្រះ​ដែល​មាន​ភាព​ជា​មនុស្ស គឺ​ព្រះ​យេស៊ូវ​ដែល​ជា​ព្រះ​អម្ចាស់​រួច​ហើយ។ ព្រះ​យេស៊ូវ​នេះ​ឯង ដែល​បាន​ស្ដាប់​បង្គាប់​ព្រះ​ជា​ម្ចាស់​នៅ​ពេល​ដែល​លោក​អ្នក​មិន​បាន​ស្ដាប់​បង្គាប់ ទ្រង់​បាន​សុគត​ដោយ​សារ​បណ្ដាសា​ដែល​យើង​មិន​បាន​ស្ដាប់​បង្គាប់ ដើម្បី​ឲ្យ​យើង​បាន​រស់​នៅ​ក្នុង​ព្រះ​ពរ​នៃ​ការ​ស្ដាប់​បង្គាប់​របស់​ទ្រង់។ នៅ​ក្នុង​ទ្រង់ សេចក្ដី​សង្គ្រោះ​ត្រូវ​បាន​នាំ​មក​ជិត​ហើយ យើង​អាច​ទៅ​ដល់​បាន ហើយ​យើង​អាច​ចូល​បាន​ទាំង​អស់​ដោយ​មិន​មាន​អ្វី​ខុស​ប្លែក​ឡើយ។ សារៈ​សំខាន់​នៃ​ភាព​ច្បាស់​លាស់​នៃ​បទ​គម្ពីរ គឺ​ជា​ភាព​ច្បាស់​លាស់​របស់​ព្រះ​សង្គ្រោះ​របស់​យើង។ សិរីល្អ​នៃ​ភាព​ច្បាស់​លាស់​នៅ​ក្នុង​បទ​គម្ពីរ​គឺ​ជា​ការ​នៅ​ជិត​ព្រះ​អង្គ​សង្គ្រោះ។

មូល​ហេតុ​ដែល​ការ​នេះ​សំខាន់

ហេតុ​អ្វី​បាន​ជា​គោល​លទ្ធិ​នេះ​សំខាន់​នៅ​ក្នុង​ព័ន្ធ​កិច្ច? មនុស្ស​នៅ​ក្នុង​សហគមន៍​របស់​លោក​អ្នក​ភាគ​ច្រើន ប្រហែល​ជា​បាន​អាន​ច្រើន​ជាង​លោក​អ្នក ឬ​ខ្ញុំ​ផង។ ប៉ុន្តែ​ក៏​មាន​មនុស្ស​មួយ​ចំនួន​មិន​ចេះ​អក្សរ។ សូម​ដឹង​ពី​ចំណុច​នេះ​ថា យើង​មិន​អាច​គេច​ផុត​ពី​សេចក្ដី​ពិត​ដែល ព្រះ​ជាម្ចាស់​បាន​បើក​សម្ដែង​អង្គ​ទ្រង់​ផ្ទាល់—ភាព​ឥត​ខ្ចោះ ហើយ​ចុង​បញ្ចប់—នៅ​ក្នុង​ព្រះ​គម្ពីរ​នោះ​ទេ។

ដូច្នេះ ខណៈ​ពេល​ដែល​យើង​ចូល​រួម​ជា​មួយ​អ្នក​ណា​ដែល​មាន​បទ​ពិសោធន៍ ឬ​បំណង​ប្រាថ្នា​ក្នុង​ការ​អាន​តិច​តួច គឺ​អស់​អ្នក​ដែល​មិន​មាន​បទ​ពិសោធន៍ ឬ​បំណង​ប្រាថ្នា​ក្នុង​ការ​អាន​ព្រះ​គម្ពីរ នោះ​យើង​អាច​មាន​ទំនុក​ចិត្ត​យ៉ាង​ប្រាកដ​ថា នៅ​ពេល​ដែល​យើង​ចាប់​ផ្ដើម​បើក​ទំព័រ​ឡើង ព្រះ​ជាម្ចាស់​នឹង​គង់​នៅ​ជិត ហើយ​គេ​នឹង​ឃើញ​ពី​ព្រះ​យេស៊ូវ​យ៉ាង​ច្បាស់។ ជា​ការ​ពិត​ណាស់ នឹង​មាន​ចំណុច​ដែល​ពួក​គេ និង​យើង—មិន​បាន​យល់​គ្រប់​យ៉ាង។ ការ​លន់តួ​នៃ​គោល​ជំនឿ វេសមីនស្ទើរ (The Westminster Confession) បាន​លើក​ឡើង​ថា «អ្វីៗ​ទាំង​អស់​នៅ​ក្នុង​បទ​គម្ពីរ​គឺ​មិន​ដូច​គ្នា​នោះ​ទេ» ការ​នោះ​យើង​អាច​និយាយ​ថា មាន​ចំណុច​ខ្លះ​ពិបាក​យល់​ជាង​ចំណុច​ផ្សេង​ទៀត។ សាវ័ក ពេត្រុស ថែម​ទាំង​បាន​ទទួល​ស្គាល់​ថា សំណេរ​របស់​សាវ័ក ប៉ុល ជា​ច្រើន​មាន​ភាព​ពិបាក​យល់ ប៉ុន្តែ​មិន​មែន​យើង​មិន​អាច​យល់​បាន​នោះ​ឡើយ ហើយ​ក៏​មិន​មែន​លើស​ពី​អ្វី​ដែល​យើង​អាច​ឈោង​ចាប់​បាន​ដែរ។

ដូច្នេះ ព័ន្ធ​កិច្ច​របស់​យើង​គឺ ព័ន្ធ​កិច្ច​នៃ​ព្រះ​បន្ទូល។ ហេតុ​នេះ​ហើយ កិច្ចការ​របស់​យើង​គឺ​ផ្សាយ និង​ប្រកាស​ព្រះ​បន្ទូល​ព្រះ​ជា​ម្ចាស់ ដើម្បី​ទ្រង់ ដោយ​សារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នឹង​បណ្ដាល​ឲ្យ​ភ្នែក​ដែល​ខ្វាក់​អាច​មើល​ឃើញ​ខណៈ​ដែល​ភ្នែក​បាន​មើល​ឃើញ ហើយ​ឲ្យ​ស្រកា​បក​ចេញ​ពី​ភ្នែក​នៃ​អស់​អ្នក​ស្ដាប់។

និពន្ធ​ដោយ៖ លោក Andy Prime
បក​ប្រែ​ដោយ៖ លោក ខែម បូឡុង
កែ​សម្រួល​ដោយ៖ លោក ស៊ូ ទិត្យ, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក សឹម រក្សា, លោក ឡង់ គីមឡុង, លោក​ស្រី ឡូញ ស្រីរដ្ឋ និង​លោក ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញ​ពី 9marks.org ដោយ​មាន​ការ​អនុញ្ញាត។Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​ការ​លើក​ឡើង​ជា​អ្វី? (១ថែស្សាឡូនីច ៤)