in ,

ការ​លន់តួ​អំពើបាប

If All My Sins Are Forgiven, Why Must I Continue to Repent?

វា​ជា​សំណួរ​មួយ​ដ៏​សម​ហេតុផល​ដែល​ថា៖ ប្រសិន​បើ​យើង​បាន​សុចរិត​ដោយសារ​ជំនឿ រួម​ទាំង​បាន​ទទួល​ការ​អត់​ទោស​នូវ​រាល់​អំពើបាប​ទាំង​ឡាយ​របស់​យើង​ហើយ—ទាំង​អំពើបាប​ពី​អតីត​កាល បច្ចុប្បន្ន​កាល ហើយនិង​អនាគត​កាល—ចុះ​តើ​ហេតុអ្វី​បាន​ជា​យើង​ចាំបាច់​ត្រូវតែ​បន្ត​ទូល​សូម​ការ​អត់​ទោស​ថែម​ទៀត?

តើ​អំពើបាប​របស់​យើង​មិន​ទាន់​បាន​ទទួល​បាន​ការ​អត់​ទោស​ទាំង​ស្រុង​ទេ​ឬ?

ទាំង​ពួក​បរិសុទ្ធ និង​អ្នក​មាន​បាប

យ៉ាង​ហោច​ណាស់​យើង​ឃើញ​មាន​សេចក្ដី​ពិត​បី​យ៉ាង​ក្នុង​ព្រះ​បន្ទូល​ដែល​យើង​ត្រូវ​រក្សា​ទុក​ក្នុង​ពេល​ដំណាល​គ្នា។

ទី១ ចំពោះ​អស់​អ្នក​ណា​ដែល​បាន​ប្រែ​ចិត្ត​ចេញពី​អំពើបាប ហើយ​បាន​ទុកចិត្ត​ជឿ​លើ​ព្រះ​គ្រីស្ទ​ជា​ព្រះ​អម្ចាស់ និង​ព្រះ​សង្គ្រោះ​របស់​ខ្លួន នោះ​ព្រះ​ជាម្ចាស់​បាន​ប្រកាស​ថា ពួកគេ​ត្រូវ​បាន​រាប់​ជា​សុចរិត​នៅ​ចំពោះ​ព្រះ​អង្គ​ដោយ​ផ្អែក​ទៅ​លើ​ភាព​សុចរិត​របស់​ព្រះ​គ្រីស្ទ ហើយ​និង​ការ​យាង​មក​សុគត​របស់​ទ្រង់​ជំនួស​ខ្លួន (រ៉ូម ៣:២១-២៦; ៥:១; ៨:១, ៣០, ៣៣-៣៤)។ ក្នុង​នាម​ជា​អ្នក​ប្រកាស​ពី​ព័ន្ធកិច្ច​របស់​ព្រះ​ជាម្ចាស់ ដែល​នោះ​មិនមែន​ជា​ដំណើរ​ការ​ដែល​អាច​ធ្វើ​ឲ្យ​ពួក​យើង​ទទួល​បាន​ភាព​សុចរិត​ទេ ការ​បាន​រាប់​ជា​សុចរិត​កើត​ឡើង​ចំពោះ​អ្នក​ជឿ​តែ​ម្ដង​គត់​សម្រាប់​គ្រប់​ពេលវេលា (រ៉ូម ៥:១២-២១; ភីលីព ៣:៨-៩; ២កូរិនថូស ៥:១៩-២១)។

ទោះបើ​យើង​ទាំង​អស់​គ្នា​នឹង​ឈរ​នៅ​ទី​ជំនុំជម្រះ​របស់​ព្រះ​គ្រីស្ទ ហើយ​និង​ស្ដាប់​នៅ​ទី​កន្លែង​កាត់ក្ដី​ជា​សាធារណៈ​ថា យើង​ជា ឬ​ក៏​មិន​ជា​របស់​ផង​ព្រះ​គ្រីស្ទ​ក៏​ដោយ (២កូរិនថូស ៥:១០) ក៏​ចំពោះ​អ្នក​ជា​របស់​ផង​ព្រះ​គ្រីស្ទ ឥឡូវ​នេះ​ការ​ជំនុំជម្រះ​នា​គ្រា​ចុង​ក្រោយ​របស់​ពួក​គាត់​ត្រូវ​បាន​ឈាន​មក​ដល់​បច្ចុប្បន្នកាល​នេះ​រួច​ហើយ។ យើង​បាន​ឆ្លងកាត់​ចេញពី​សេចក្ដី​ស្លាប់​ឈាន​ទៅ​ឯ​ជីវិត​រួច​ស្រេច​ហើយ (យ៉ូហាន ៥:២៤; រ៉ូម ៨:១)។ ពេល​ដែល​យើង​ទទួល​បាន​ការ​រាប់​ជា​សុចរិត​ម្ដង​ហើយ នោះ​យើង​មិន​អាច​បាត់បង់​វា​បាន​ឡើយ។

ទី២ ព្រះ​ជាម្ចាស់​បាន​បង្គាប់​ឲ្យ​​យើង​​លន់តួ​អំពើបាប​របស់​យើង​ពេល​ដែល​យើង​បាន​ប្រព្រឹត្ត​អំពើបាប (១យ៉ូហាន ១:៩)។ ហើយ​សេចក្ដី​បង្គាប់​ឲ្យ​យើង​លន់តួ​បាប​នេះ គឺ​មិនមែន​​សម្រាប់​តែ​ពេល​ដែល​យើង​ត្រូវ​បាន​រាប់​ជា​សុចរិត​នៅ​លើក​ដំបូង​នោះ​ទេ ប៉ុន្តែ​ការ​លន់តួ​អំពើបាប​គឺ​ជា​ការ​ដែល​យើង​ត្រូវ​បន្ត​ធ្វើ​នៅ​ក្នុង​ជីវិត​របស់​យើង​ជា​គ្រីស្ទបរិស័ទ ដូច​ក្នុង​បរិបទ​នៃ​កណ្ឌគម្ពីរ​យ៉ូហាន​ទី១​បាន​បញ្ជាក់​យ៉ាង​ច្បាស់៖

បើ​សិន​ជា​យើង​ថា យើង​គ្មាន​បាប​សោះ នោះ​ឈ្មោះ​ថា​យើង​បញ្ឆោត​ដល់​ខ្លួន ហើយ​សេចក្ដីពិត​មិន​ស្ថិត​នៅ​ក្នុង​យើង​ទេ បើ​យើង​លន់តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះ​ហឫទ័យ​ស្មោះត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​នឹង​សម្អាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង បើ​យើង​ថា យើង​មិន​ដែល​ធ្វើបាប​សោះ នោះ​ឈ្មោះ​ថា​យើង​ធ្វើ​ឲ្យ​ទ្រង់​ទៅ​ជា​អ្នក​កុហក​វិញ ហើយ​ព្រះ​បន្ទូល​ទ្រង់​មិន​នៅ​ក្នុង​យើង​ទេ (១យ៉ូហាន ១:៨-១០)។

ទី៣ ព្រះ​ជាម្ចាស់​ផ្ទាល់​មិន​ត្រឹម​តែ​បង្គាប់​យើង​ឲ្យ​លន់តួ​អំពើបាប​របស់​យើង​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ទ្រង់​ថែម​ទាំង​សន្យា​ថា ព្រះ​អង្គ​នឹង​អត់ទោស​នូវ​រាល់​អំពើបាប​នៅ​អនាគត​របស់​យើង​ទៀត​ផង ត្រង់​នេះ​មាន​ន័យ​ថា ការ​អត់ទោស​អំពើបាប​របស់​យើង​គឺ​អាស្រ័យ​ទៅ​លើ​ថា តើ​យើង​បាន​អត់ទោស​ដល់​អ្នក​ដទៃ​ដែល​ធ្វើ​ខុស​នឹង​យើង​ដែរ​ឬ​ទេ បន្ទាប់ពី​យើង​ត្រូវ​បាន​រាប់​ជា​សុចរិត​ទៅ​ហើយ (ម៉ាថាយ ៦:១៤; ១៨:១៥-៣៥; ១យ៉ូហាន ១:៩; យ៉ាកុប ៥:១៥)។

ការ​ឆ្លុះ​បញ្ចាំង​បី​យ៉ាង

ប៉ុន្តែ តើ​ឲ្យ​យើង​ត្រូវ​ធ្វើ​ដោយ​របៀប​ណា ដើម្បី​ឲ្យ​យើង​អាច​យល់​អំពី​ទេវវិទ្យា​នៃ​សេចក្ដី​ពិត​ទាំង​នេះ​បាន ដោយ​មិន​បន្ទាប​តម្លៃ​របស់​វា? ខាង​ក្រោម​នេះ​គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​បី​យ៉ាង៖

ទី១ ចេញពី​ទស្សនៈ​របស់​ព្រះ​ជាម្ចាស់៖ គ្មាន​បញ្ហា​ទេ​នៅ​ពេល​ដែល​ទ្រង់​បាន​ប្រកាស​ថា ទ្រង់​បាន​រាប់​យើង​ជា​សុចរិត ដែល​នោះ​មាន​ន័យ​ថា ទ្រង់​បាន​អត់ទោស​នូវ​រាល់​អំពើបាប​នា​ពេល​អនាគត​កាល​របស់​យើង—ក៏​ដូចជា​បាន​អត់ទោស​នូវ​រាល់​អំពើបាប​របស់​យើង​ពី​អតីតកាល និង​បច្ចុប្បន្ន​កាល—ដោយសារ​នៅ​ចំពោះ​ព្រះ​ភ័ក្ត្រ​ទ្រង់ អនាគតកាល​របស់​យើង​មាន​ការ​បើក​ចំហ​ដូច​ជា​សៀវភៅ​មួយ​អញ្ចឹង។ ប៉ុន្តែ បើ​យោងតាម​ទស្សនៈ​របស់​យើង​វិញ គឺ​ជា​ការ​ល្អ​បំផុត​បើ​រាប់​ថា សេចក្ដី​សុចរិត​របស់​យើង​គឺ​ការ​អត់ទោស​នូវ​រាល់​អំពើបាប​ទាំង​ឡាយ​ទាំង​របស់​យើង​អតីតកាល ហើយនិង​បច្ចុប្បន្នកាល ដែល​នោះ​គឺ​ជា​មូលដ្ឋាន​របស់​តុលា​ក្នុង​ការ​អត់ទោស​នូវ​អំពើបាប​ទាំង​ឡាយ​របស់​យើង​នៅ​ពេល​ខាង​មុខ។

ខណៈពេល​ដែល​យើង​រស់នៅ ហើយ​ក៏​កំពុង​ប្រឈមមុខ​នឹង​អំពើបាប យើង​ចាំ​បាច់​ត្រូវ​តែ​បែរ​ត្រឡប់​ទៅ​រក​ព្រះ​ជាម្ចាស់​ដោយ​មាន​ការ​ប្រែចិត្ត​តាមរយៈ​ជំនឿ និង​ការ​ទូល​សូម​ការ​អត់​ទោស​ពី​ទ្រង់។ យើង​ធ្វើ​ដូចនេះ​ព្រោះ​យើង​ពឹង​ទៅ​លើ​មូលដ្ឋាន​គ្រឹះ​នៃ​ព័ន្ធកិច្ច​ដែល​ព្រះ​គ្រីស្ទ​ដែល​បាន​ធ្វើ​សម្រាប់​យើង​ក្នុង​ការ​រាប់​យើង​ជា​សុចរិត។ ការ​ទទួល​បាន​បទ​ពិសោធន៍​បែប​នេះ គឺ​មិនមែន​ជា​ការ​រាប់​ជា​សុចរិត​សារ​ជា​ថ្មី​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​រាប់​ជា​សុចរិត​ដដែល​ម្ដង​ទៀត​ទេ​តើ។

នៅ​ពេល​ដែល​យើង​ប្រព្រឹត្ត​អំពើបាប គឺ​យើង​បាន​បាត់បង់​នូវ​សន្តិភាព ហើយ​លែង​យល់​អំពី​តម្លៃ​នៃ​ការ​អត់ទោស​ដែល​មក​ពី​ព្រះ​ជាម្ចាស់​ដែល​ទ្រង់​បាន​ប្រទាន​មក​យើង។ ហេតុដូច្នេះ នៅ​ពេល​យើង​លន់តួ​នូវ​អំពើបាប​របស់​យើង (ដែល​ជា​ព័ន្ធកិច្ច​របស់​ព្រះវិញ្ញាណបរិសុទ្ធ) នោះ​យើង​ត្រូវ​បាន​ភ្ញាក់​រឭក​បង្វែរ​ត្រឡប់​មក​វិញ​ម្ដង​ទៀត​ទៅ​កាន់​អ្វីៗ​ដែល​ព្រះ​គ្រីស្ទ​បាន​សម្រេច​រួច​ហើយ​សម្រាប់​យើង ហើយ​ព្រះ​ជាម្ចាស់​បាន​នាំ​ឲ្យ​យើង​មាន​សុវត្ថិភាព​ក្នុង​ទ្រង់ និង​ថែម​ទាំង​ធានា​នូវ​សេចក្ដី​សង្គ្រោះ​ចំពោះ​យើង​ទៀត​ផង។ ចំពោះ​អ្នក​ជឿ​វិញ យើង​នឹង​បន្ត​អធិស្ឋាន​លន់តួ​អំពើបាប​ជា​រៀង​រាល់ពេល ដើម្បី​ឲ្យ​ព្រះ​អង្គ​អត់​ទោស ដោយ​មិន​អស់​សង្ឃឹម​ដោយ​គិត​ថា​ខ្លួន​បាន​វង្វេង​ឆ្ងាយ ប៉ុន្តែ​ដោយ​មាន​ទំនុកចិត្ត​ក្នុង​សេចក្ដី​សុចរិត និង​ការ​ដែល​ព្រះ​វរបិតា​បាន​យក​ពួកគាត់​ធ្វើ​ជា​កូន​ចិញ្ចឹម​របស់​ទ្រង់​ដែល​គង់​នៅ​ឯ​ស្ថានសួគ៌ ហើយ​បាន​ប្រកាស​ថា​ពួកគេ​សុចរិត​ដោយ​នូវ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ។

ទី២ ចំណុច​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​សំខាន់​មួយ​នៃ​ពេលវេលា និង​ប្រវត្តិសាស្ត្រ។ នៅ​ក្នុង​ការ​រាប់​ជា​សុចរិត​ដោយ​ព្រះ​គុណ​ក្នុង​ជំនឿ​លើ​​ព្រះ​គ្រីស្ទ ដោយ​ពឹង​លើ​ព័ន្ធកិច្ច​ដ៏​គ្រប់គ្រាន់​របស់​ទ្រង់ អំពើបាប​ពី​អតីតកាល បច្ចុប្បន្នកាល និង​អនាគត​គឺ​ត្រូវ​បាន​អត់​ទោស និង​បង់ថ្លៃ​យ៉ាង​ពេញ​ទី—ប៉ុន្តែ​ទោះជា​យ៉ាង​ណា​ក្ដី ក៏​ប្រវត្តិសាស្ត្រ​ក៏​នៅ​តែ​សំខាន់​ដែរ។ ក្នុង​របៀប​ស្រដៀង​គ្នា​នេះ​ដែរ ទោះ​បី​ព្រះ​ជាម្ចាស់​បាន​ជ្រើសរើស​រាស្ដ្រ​ទ្រង់​តាំង​ពី​មុន​កំណើត​លោកីយ៍​មក​ក៏​ដោយ (អេភេសូរ ១:៤-៦) ក៏​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ត្រូវតែ​លាត​ត្រដាង​នៅ​លម្ហ ហើយ​និង​ពេលវេលា​ផង​ដែរ។ ហើយ​នេះ​គឺ​ជា​ការ​ដ៏​ជាក់លាក់​ដែល​ថា រាស្ដ្រ​ទ្រង់​នឹង​ទទួល​ការ​រាប់​ជា​សុចរិត​ក្នុង​ព្រះ​គ្រីស្ទ។ ព្រះ​គ្រីស្ទ​ត្រូវ​យាង​មក​យក​កំណើត​ជា​មនុស្ស​ដូច​យើង រស់នៅ​សម្រាប់​យើង ថែមទាំង​សុគត ហើយនិង​បាន​រស់​ឡើងវិញ​ជំនួស​យើង​រាល់គ្នា។

លើស​ពី​នេះ​ទៅ​ទៀត ដើម្បី​ឲ្យ​ព័ន្ធកិច្ច​របស់​ព្រះ​គ្រីស្ទ​កើត​ឡើង​ចំពោះ​យើង នោះ​ត្រូវតែ​មាន​ពួក​អ្នក​រើស​តាំង​ ឮ​នូវ​ដំណឹងល្អ ហើយ​ទទួល​បាន​សេចក្ដី​សង្គ្រោះ​តាមរយៈ​ជំនឿ។ ទោះ​ជា​ផែនការ​របស់​ព្រះ​ជាម្ចាស់​មាន​តាំង​ពី​អស់កល្បជានិច្ច​ក៏ដោយ ក៏​វា​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ពេល​វេលា​ផង​ដែរ។ ក្នុង​នាម​ជា​អស់​អ្នក​ដែល​នៅ​បណ្ដោះអាសន្ន ព្រះ​ជាម្ចាស់​បាន​សម្រេច​ព័ន្ធកិច្ច​របស់​ព្រះ​គ្រីស្ទ​ឡើង​ក្នុង​យើង​តាមរយៈ​ព្រះ​វិញ្ញាណ​នៅ​ក្នុង​ពេលវេលា

ទី៣ ពួក​យើង​រស់នៅ​ក្នុង​ទំនាក់ទំនង​នៃ​ការ​តាំង​សញ្ញា​ជាមួយ​នឹង​ព្រះត្រៃឯក​នៃ​យើង។ ក្នុង​ប្រវត្តិសាស្ត្រ យើង​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ដោយ​ជំនឿ​ក្នុង​ព្រះ​គ្រីស្ទ ហើយ​ក៏​បាន​ចូល​ទៅ​ក្នុង​ទំនាក់ទំនង​នៃ​ការ​តាំង​សញ្ញា​ជាមួយ​នឹង​ទ្រង់​ផ្ទាល់។ នៅក្នុង​ទំនាក់ទំនង​បែប​នេះ—រហូត​ដល់​ពេល​យើង​ទទួល​សិរីល្អ—យើង​ក៏​នឹង​នៅ​តែ​បន្ត​ប្រព្រឹត្ត​បាប ហើយ​ព្រះ​ជាម្ចាស់​ក្នុង​នាម​ជា​ព្រះត្រៃឯក​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​យើង ព្រះ​អង្គ​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​អំពើបាប​របស់​យើង​ឡើយ។ ការ​នេះ​ទាមទារ​ឲ្យ​មាន​ការ​ប្រែចិត្ត ហើយ​ស្វែងរក​ការ​អត់ទោស​បាប​ដែល​ត្រូវតែ​បន្ត​កើត​ឡើង។ ខណៈពេល​ដែល​យើង​បន្ត​លន់តួ​អំពើបាប​របស់​យើង ព្រះ​ជាម្ចាស់​អត់ទោស​ដល់​យើង​ដោយ​អាស្រ័យ​លើ​ព្រះ​គ្រីស្ទ​តែ​ម្នាក់​គត់។

គ្មាន​ការ​ប្រឆាំង​គ្នា

ពួក​យើង​មាន​ភាព​គ្រប់គ្រាន់​ជានិច្ច​ក្នុង​ព្រះ​គ្រីស្ទ ហើយ​យើង​ក៏​នៅ​តែ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ព្រះ​ជាម្ចាស់​ផង​ដែរ។ ដោយ​យោងតាម​ទំនាក់ទំនង​ដែល​យើង​មាន​ក្នុង​នាម​ជា​មនុស្ស ពួក​យើង​ក៏​ដឹង​អំពី​សេចក្ដី​ពិត​នោះ​ដែរ។ ក្នុង​នាម​ជា​អាណាព្យាបាល យើងខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយ​កូន​ទាំង​ប្រាំ​នាក់​របស់​យើងខ្ញុំ ពីព្រោះ​ពួកគាត់​គឺ​ជា​កូនៗ​របស់​យើងខ្ញុំ ដូច្នេះ​យើងខ្ញុំ​នឹង​មិន​បោះបង់​ពួកគាត់​ចោល​ឡើយ ទំនាក់ទំនង​របស់​យើង​មាន​ភាព​ជា​អចិន្ត្រៃយ៍​ជានិច្ច។ ទោះបើ​ពួកគេ​ប្រព្រឹត្ត​បាប​ទាស់​ប្រឆាំង​នឹង​យើងខ្ញុំ ឬ​ពេល​ខ្លះ​យើងខ្ញុំ​ប្រឆាំង​នឹង​ពួកគេ​ដែរ ដែល​នោះ​នាំ​ឲ្យ​ទំនាក់ទំនង​របស់​ពួក​យើង​នៅ​មាន​ការ​តឹងតែង ហើយ​យើង​ត្រូវ​មាន​ការ​ផ្សះផ្សា​រវាង​គ្នា​នឹង​គ្នា​ផង​ដែរ។ ស្រដៀង​គ្នា​នេះ​ផង​ដែរ ទំនាក់ទំនង​នៃ​ការ​តាំង​សញ្ញា​របស់​យើង​ជាមួយ​ព្រះ​ជាម្ចាស់​ក៏​យ៉ាង​ដូច្នោះ​ដែរ។

នេះ​គឺ​ជា​របៀប​ដែល​យើង​យល់​អំពី​ការ​រាប់​ជា​សុចរិត​យ៉ាង​ពេញ​ទី​របស់​យើង​នៅក្នុង​ព្រះ​គ្រីស្ទ ហើយ​ព្រះ​គម្ពីរ​ក៏​បាន​បង្រៀន​ថា ពួក​យើង​ត្រូវការ​ការ​អត់​ទោស​ម្ដង​ហើយ​ម្ដង​ទៀត។ នៅក្នុង​ការ​ទូល​សូម​ព្រះ​ជាម្ចាស់​ឲ្យ​អត់​ទោស​ដល់​យើង យើង​ពុំ​បាន​ធ្វើ​អ្វី​មួយ ដើម្បី​ឲ្យ​ព័ន្ធកិច្ច​របស់​ព្រះ​គ្រីស្ទ​កាន់តែ​ល្អ​ឥត​ខ្ចោះ​នោះ​ឡើយ។ តែ​ផ្ទុយ​ទៅ​វិញ យើង​កំពុង​តែ​អនុវត្ត​ដដែល​ម្ដង​ទៀត ទាក់ទង​នឹង​អ្វី​ដែល​ព្រះ​គ្រីស្ទ​បាន​ធ្វើ​សម្រាប់​យើង ក្នុង​នាម​ទ្រង់​ជា​អ្នក​តាំង​សញ្ញា និង​អ្នក​ប្រោស​លោះ​យើង។

វា​ពុំ​មាន​ភាព​ផ្ទុយ​គ្នា​អ្វី​ទេ​រវាង​ការ​រាប់​ជា​សុចរិត​ដោយ​ព្រះ​គុណ​តាមរយៈ​ជំនឿ និង​តម្រូវការ​របស់​យើង​ក្នុង​ការ​បន្ត​ទូល​សូម​ការ​អត់​ទោស​ពី​អំពើបាប​នោះ។ យើង​ទូល​សូម​ព្រះ​ជាម្ចាស់​ឲ្យ​អត់ទោស​ដល់​យើង មិនមែន​ទូល​សូម​ឲ្យ​មាន​ការ​រាប់​សុចរិត​សារ​ជា​ថ្មី​ឡើងវិញ​ម្ដង​ទៀត​នោះ​ទេ ប៉ុន្តែ​ឲ្យ​យើង​ដើរ​នៅ​ចំពោះ​ព្រះ​ភ័ក្ត្រ​ទ្រង់​ដោយ​មាន​ទំនុកចិត្ត​ថា ព្រះ​គ្រីស្ទ​បាន​បង់​ថ្លៃ​រួច​អស់​ហើយ ហើយ​ឥឡូវនេះ​យើង​គឺ​ជា​កូន​បំណុល​របស់​ព្រះ​គុណ​វិញ។ ការ​រាប់​ជា​សុចរិត​កើតឡើង​តែ​ម្ដង​គត់​សម្រាប់​គ្រប់​ពេលវេលា ប៉ុន្តែ​ការ​លន់តួ​នូវ​អំពើបាប និង​ការ​ទទួល​នូវ​ការ​អត់​ទោស​គឺ​ជា​ការ​ដែល​ត្រូវតែ​បន្ត​កើតឡើង រហូត​ទាល់តែ​យើង​ទទួល​បាន​សិរីល្អ ហើយ​លែង​ប្រព្រឹត្ត​អំពើបាប​តទៅទៀត។

និពន្ធដោយ៖ លោកគ្រូ Stephen Wellum
បកប្រែដោយ៖ លោក ទេព រ៉ូ និង​លោក ឈាង បូរ៉ា
កែសម្រួលដោយ៖ លោកគ្រូ ជឿន ជីវិចន្ធា
ដកស្រង់ខ្លះៗចេញពី www.thegospelcoalition.org ដោយមានការអនុញ្ញាត។
ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

0 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

លុយ​នឹង​ផ្ដល់​សន្តិភាព​ដ៏​ពិត

ទន់​ខ្សោយ​ខាង​ឯ​វិញ្ញាណ