in

ស្រឡាញ់ សើច យំ អស្ចារ្យ

ការប្រារព្ធ​ពិធី​បុណ្យ​ណូអែល

តើ​ហេតុ​អ្វី​បាន​ជា​គ្រីស្ទបរិស័ទ​នៅ​ប្រទេស​កម្ពុជា​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ណូអែល? តើ​ពិធី​បុណ្យ​នេះ​គឺ​គ្រាន់តែ​ជា​ពិធី​បុណ្យ​ដែល​លោក​ខាង​លិច​ប្រារព្ធ​ធ្វើ ហើយ​គ្រីស្ទបរិស័ទ​នៅ​ប្រទេស​កម្ពុជា​គ្រាន់តែ​យក​មក​ប្រារព្ធ​ធ្វើ​តាម​ឲ្យ​តែ​សប្បាយៗ​មែន​ឬ?

មិន​ដូច្នោះ​ទេ! គ្រីស្ទបរិស័ទ​បាន​ចាប់ផ្ដើម​ប្រារព្ធ​ពិធីបុណ្យ​ណូអែល ប្រហែល​នៅ​ឆ្នាំ ៣០០ នៃគ.ស. ដើម្បី​រំឭក​ពី​ថ្ងៃ​ដែល​ព្រះយេស៊ូវ​បាន​ប្រសូត​មក នៅ​ប្រទេស​អ៊‌ីស្រាអែល។ យើង​មិន​បាន​ដឹង​ច្បាស់​ថា ព្រះយេស៊ូវគ្រីស្ទ​ប្រសូត​មក​ចំ​ថ្ងៃ​មួយ​ណា​យ៉ាង​ប្រាកដ​នោះ​ទេ ពីព្រោះ​នៅ​ក្នុង​ព្រះបន្ទូល​មិន​បាន​ប្រាប់​យើង​ដែរ។ មួយ​ទៀត​សោត ព្រះគម្ពីរ​ក៏​មិន​បាន​បង្គាប់​បញ្ជា​ឲ្យ​គ្រីស្ទបរិស័ទ​ប្រារព្ធ​ពិធីបុណ្យ​ណូអែល​ដែរ ប៉ុន្តែ​នេះ​គឺ​ជា​ទម្លាប់ ជា​ប្រពៃណី​របស់​គ្រីស្ទបរិស័ទ​ដែល​បាន​ប្រារព្ធ​ធ្វើ​តៗ​មក​ជិត​២០០០​ឆ្នាំ​មក​ហើយ។

ប៉ុន្តែ ហេតុអ្វីបានជា​យើង​ដែល​ជា​គ្រីស្ទបរិស័ទ​នៅ​ប្រទេស​កម្ពុជា​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​ណូអែល?

ព្រោះ​ការ​ប្រសូត​របស់​ព្រះយេស៊ូវ គឺ​ជា​ការ​ចាប់ផ្ដើម​នៃ​ដំណឹងល្អ​ដ៏​សំខាន់​បំផុត​សម្រាប់​ជីវិត​យើង។ ប៉ុន្តែ ដើម្បី​ឲ្យ​យើង​យល់​ពី​ភាព​ឧដុង្គឧត្តម​នៃ​ដំណឹង​ល្អ​នេះ យើង​ត្រូវតែ​ត្រឡប់​ទៅ​ដើមដំបូង​បំផុត​នៃ​ផែនដី​នេះ។

បើ​យើង​មើល​នៅ​ក្នុង​កណ្ឌគម្ពីរ លោកុប្បត្ដិ ១:១ ដែល​ជា​ខគម្ពីរ​ដំបូង​ក្នុង​ព្រះគម្ពីរ​នោះ​យើង​ឃើញ​ដូច​នេះ​ថា «កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ​នឹង​ផែន​ដី»។ នៅ​ក្នុង​ខគម្ពីរ​ត្រង់​នេះ​បាន​បង្ហាញ​ឲ្យ​យើង​ឃើញ​យ៉ាង​ច្បាស់​ថា ពិតជា​មាន​ព្រះ​ដែល​បាន​បង្កើត​ចក្រវាល​ទាំង​មូល ទ្រង់​ជា​ព្រះអាទិករ ជា​ព្រះ​ដែល​បាន​បង្កើត​គ្រប់​អ្វីៗ​ទាំង​អស់ ព្រះអង្គ​នេះ​ហើយ​គឺ​ជា​អង្គ​ដែល​បាន​បង្កើត​របស់​សព្វសារពើ​អស់​រយៈពេល​ប្រាំមួយ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំមួយ​នោះ ព្រះអង្គ​បាន​បង្កើត​ឲ្យ​មាន​មនុស្ស​ប្រុស​ម្នាក់ និង​មនុស្ស​ស្រី​ម្នាក់ គឺ​ទ្រង់​បាន​បង្កើត​អ្នក​ទាំង​ពីរ​នោះ​ឲ្យ​ដូចជា​រូប​ព្រះអង្គ (លោកុប្បត្ដិ ១:២៦-២៧)។ គាត់​ទាំង​ពីរ​នាក់​នោះ​ម្នាក់​មាន​ឈ្មោះ អ័ដាម ដែល​ជា​មនុស្ស​ប្រុស ហើយ​ម្នាក់​ទៀត​ជា​ស្ត្រី​ដែល​មាន​ឈ្មោះ​ថា អេវ៉ា។ ព្រះអង្គ​បាន​ដាក់​ពួកគេ​ទាំង​ពីរ​នៅ​ក្នុង​សួនច្បារ​មួយ ហើយ​អ្វីៗ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​សួន​ច្បារ​នោះ គឺ​អស្ចារ្យ គ្រប់លក្ខណ៍ ហើយ​ក៏​ល្អ​ណាស់​ដែរ។ ព្រះអង្គ​បាន​មាន​បន្ទូល​ឲ្យ​ពួកគេ​គ្រប់គ្រង​របស់​ទាំង​អស់​ដែល​ទ្រង់​បាន​បង្កើត​មក ហើយ​ទ្រង់​ក៏​បាន​មាន​បន្ទូល​ទៀត​ថា ពួកគេ​អាច​បរិភោគ​គ្រប់​ទាំង​ផ្លែឈើ​ទាំង​អស់​នៅ​ក្នុង​សួនច្បារ​នោះ ប៉ុន្តែ​មាន​ដើម​ឈើ​តែ​មួយ​ប៉ុណ្ណោះ​ដែល​ទ្រង់​បាន​ហាម​មិន​ឲ្យ​ពួកគាត់​បរិភោគ គឺ​ជា​ដើមឈើ​ដឹង​ខុស​ត្រូវ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​ពួកគេ​បរិភោគ នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន (លោកុប្បត្ដិ ២:១៧)។

ហើយ​នៅ​ក្នុង​ព្រះគម្ពីរ​បាន​ចែង​ថា «រី​ឯ​អ័ដាម​នឹង​ប្រពន្ធ​គាត់​ក៏​នៅ​ជា​អាក្រាត​ទទេ ឥត​មាន​សេចក្ដី​អៀន​ខ្មាស​ឡើយ» (លោកុប្បត្ដិ ២:២៥)។

នៅ​ក្នុង​សួនច្បារ​នា​ពេល​នោះ​មិន​មាន​សេចក្តី​ភ័យខ្លាច សេចក្ដី​អៀនខ្មាស ឬក៏​សេចក្ដី​អាម៉ាស់​នោះ​ឡើយ។ ពិភពលោក​នៅ​ពេល​នោះ គឺ​គ្រប់លក្ខណ៍ ហើយ​អស្ចារ្យ​បំផុត។ រីឯ​លោក អ័ដាម និង​នាង អេវ៉ា ក៏​ទទួល​បាន​កិត្តិយស​ពី​ព្រះជាម្ចាស់​ដោយសារ​ទ្រង់​បាន​បង្កើត​ពួកគេ​មក។ ពួកគាត់​ទាំង​ពីរ​គោរព​ថ្វាយបង្គំ​ព្រះជាម្ចាស់​តែ​មួយ​ប៉ុណ្ណោះ ថែម​ទាំង​មាន​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយ​ព្រះអាទិករ​ដែល​ជា​ព្រះ​របស់​ពួកគេ។ ហើយ​ពេល​នោះ​ក៏​គ្មាន​សេចក្តី​ស្លាប់​ដែរ។

បន្ទាប់​មិន​យូរ​ប៉ុន្មាន​ក្រោយ​ពេល​នោះ សេចក្ដី​ភ័យខ្លាច និង​សេចក្តី​អាម៉ាស់​បាន​ចូល​មក​ក្នុង​ផែនដី​នេះ។ ដោយសារ​អំពើ​បាប សេចក្តី​ស្លាប់​ក៏​បាន​ចូល​មក​ក្នុង​ផែនដី​នេះ​ផង​ដែរ។

ព្រះគម្ពីរ​បាន​ចែង​ប្រាប់​ឲ្យ​យើង​ដឹង​ថា មាន​សត្វ​ពស់​មួយ​បាន​ចូល​ទៅ​ល្បួង​នាង អេវ៉ា។ តើ​សត្វ​ពស់​នេះ​ជា​នរណា? ព្រះគម្ពីរ​បាន​ប្រាប់​យើង​ថា សត្វ​ពស់​នេះ​គឺ​ជា​សាតាំង (វិវរណៈ ២០:២)។ ពី​ដំបូង​ឡើយ សាតាំង​មួយ​នេះ គឺ​ជា​ទេវតា​មួយ​រូប​ដែល​ល្អ បរិសុទ្ធ ហើយ​គ្រប់លក្ខណ៍​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក។ ប៉ុន្តែ ក្រោយ​មក​វា​ក៏​បាន​បះបោរ​ប្រឆាំង​ទាស់​នឹង​ព្រះជាម្ចាស់ ដោយ​វា​ចង់​ក្លាយ​ជា​ព្រះ​ដូច​ទ្រង់ ដូច្នេះ​វា​ក៏​បាន​ក្លាយ​ទៅ​ជា​ទេវតា​អាក្រក់​មួយ​ដែល​ពោរពេញ​ដោយ​អំនួត​ដែល​យើង​ហៅ​វា​ថា វិញ្ញាណ​អាក្រក់ ឬ​អារក្សសាតាំង។ លើស​ពី​នោះ​ទៅ​ទៀត ក៏​មាន​ទេវតា​ចំនួន​មួយ​ភាគ​បី​ទៀត​ក៏​បាន​ដើរ​តាម​វា​ក្នុង​ការ​ចូលរួម​បះបោរ​ប្រឆាំង​ទាស់​នឹង​ព្រះជាម្ចាស់​ផង​ដែរ (វិវរណៈ ១២:៣-៩)។ ប៉ុន្តែ ទោះបី​ពួក​វា​មិន​អាច​យក​ឈ្នះ​លើ​ព្រះជាម្ចាស់​ក៏​ដោយ ក៏​ពួក​វា​នៅ​តែ​ព្យាយាម​ធ្វើ​បាប​មនុស្ស​ដែល​ជា​ទី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់។ មូល​ហេតុ​ដែល​ពួក​វា​មិន​អាច​យក​ឈ្នះ​បាន​គឺ ព្រោះ​ព្រះ​ជាម្ចាស់​មាន​គ្រប់​អំណាច​ព្រះចេស្តា។ យើង​ហៅ​ពួក​ទេវតា​ដែល​ស្តាប់​តាម​សាតាំង​ថា​ជា អារក្ស ឬ​វិញ្ញាណ​អាក្រក់។

ព្រះគម្ពីរ​បាន​ចែង​ប្រាប់​ថា សាតាំង​បាន​ចូល​ទៅ​ក្នុង​សួនច្បារ ហើយ​បាន​ល្បួង​នាង អេវ៉ា ដោយ​ប្រាប់​នាង​ថា ទាក់ទង​នឹង​ផ្លែឈើ​នៃ​ដើម​ដឹង​ខុស​ត្រូវ ព្រះជាម្ចាស់​បាន​មាន​បន្ទូល​កុហក​នាង​ទេ។ វា​បន្ត​ថា តាម​ពិត​ទៅ ប្រសិនបើ​នាង​បរិភោគ​ផ្លែឈើ​នោះ នោះ​នាង​នឹង​មាន​ប្រាជ្ញា ហើយ​នឹង​ត្រឡប់​ដូចជា​ព្រះជាម្ចាស់ ហើយ​ថែម​ទាំង​ដឹង​ខុស​ត្រូវ​ទៀត​ផង។ នាង អេវ៉ា ក៏​បាន​ជឿ​ទៅ​លើ​ការ​កុហក​របស់​សាតាំង ហើយ​នាង​បាន​លូកដៃ​ទៅ​បេះ​ផ្លែឈើ​ដឹង​ខុស​ត្រូវ​នោះ​យក​មក​បរិភោគ ថែម​ទាំង​ចែក​ជូន​ដល់​លោក អ័ដាម រួច​គាត់​ក៏​បរិភោគ​ទៅ។ រំពេច​ភ្លាមៗ​នោះ ភ្នែក​របស់​ពួកគេ​ទាំង​ពីរ​នាក់​បាន​ភ្លឺ​ឡើង ហើយ​បាន​ដឹង​ខ្លួន​ថា ខ្លួន​នៅ​ជា​អាក្រាត ហើយ​មាន​ការ​អៀនខ្មាស ទាំង​មាន​អារម្មណ៍​ភ័យខ្លាច ហើយ​ក៏​បាន​យក​ស្លឹក​ឈើ​មក​បិទ​បាំង​ខ្លួន​ប្រាណ។

ពេល​នោះ​ព្រះជាម្ចាស់​បាន​យាង​ចូល​ទៅ​ក្នុង​សួនច្បារ ហើយ​នៅ​ពេល​ដែល​ពួកគេ​បាន​ឮ​សំឡេង​របស់​ទ្រង់ ពេល​នោះ​ពួកគេ​ក៏​បាន​នាំ​គ្នា​ពួន​នឹង​ព្រះជាម្ចាស់។ ហេតុអ្វីបានជា​ពួកគេ​ពួន​នឹង​ព្រះជាម្ចាស់? ព្រះជាម្ចាស់​បាន​សួរ​ទៅ អ័ដាម​ថា ហេតុអ្វី​បាន​ជា​ឯង​ពួន​នឹង​យើង​អញ្ចឹង? លោក អ័ដាម បាន​ឆ្លើយ​តប​វិញ​ថា «ទូលបង្គំ​បាន​ឮ​សំឡេង​ទ្រង់​នៅ​ក្នុង​សួនច្បារ ក៏​រត់​ទៅ​ពួន ដោយ​នឹង​ភ័យខ្លាច ពីព្រោះ​នៅ​ខ្លួន​ទទេ» (លោកុប្បត្ដិ ៣:១០)។ ពួកគេ​ពួន​នឹង​ព្រះ​ជាម្ចាស់​ដោយសារ​ពួកគេ​ខ្លាច​ព្រះជាម្ចាស់ ដោយសារ​តែ​ពួកគេ​មិន​បាន​ស្ដាប់​បង្គាប់​ព្រះជាម្ចាស់ ហើយ​ដោយសារ​ពួកគេ​កើត​មាន​សេចក្តី​អាម៉ាស់​ពី​ភាព​នៅ​អាក្រាត​របស់​ខ្លួន​នៅ​ចំពោះ​ព្រះ​ជាម្ចាស់ ព្រោះ​តែ​ការ​អាក្រក់​ដែល​ពួកគេ​បាន​ប្រព្រឹត្ត។ ព្រះជាម្ចាស់​បាន​លើក​កិត្តិយស​ដល់​ពួកគេ ដោយ​ឲ្យ​ពួកគេ​គ្រប់គ្រង​ពិភពលោក​ដែល​ទ្រង់​បាន​បង្កើត​មក ប៉ុន្តែ​ពួកគេ​ចង់​លើក​កិត្តិយស​ដោយ​ខ្លួន​ឯង ហើយ​ចង់​ក្លាយជា​ព្រះ ប៉ុន្តែ​ជា​លទ្ធផល​ការ​នោះ​បាន​បង្ក​ឲ្យ​ខ្លួន​ពួកគេ​ទទួល​បាន​នូវ​ភាព​អាម៉ាស់ ដោយសារ​អំពើ​បាប​របស់​ពួកគេ។ ពួកគេ​មិន​គួរ​ត្រូវ​ខ្លាច​ព្រះជាម្ចាស់​ឡើយ ព្រោះ​ទ្រង់​បាន​បង្កើត​ពួកគេ ហើយ​ថែម​ទាំង​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​យ៉ាង​អស្ចារ្យ​ដល់​ពួកគេ​ផង​ដែរ។ ប៉ុន្តែ ឥឡូវ​នេះ ដោយសារ​តែ​អំពើ​បាប ពួកគេ​បាន​ចាប់ផ្ដើម​មាន​ការ​ភ័យខ្លាច​ចំពោះ​ទ្រង់​ដែល​ទ្រង់​ជា​អង្គ​ដែល​ស្រឡាញ់​ពួកគេ គឺ​ដោយសារ​ពួកគេ​មិន​បាន​ស្ដាប់បង្គាប់​ទ្រង់។ ដោយសារ​ព្រះ​ជាម្ចាស់​ដ៏​បរិសុទ្ធ គឺ​ជា​អង្គ​ដែល​បាន​បង្កើត​ពួកគេ ដូច្នេះ​ហើយ​បាន​ជា​ព្រះ​អង្គ​មិន​អាច​មាន​ទំនាក់ទំនង​នឹង​ពួកគេ​បាន​ដោយសារ​ពួក​គេ​មិន​បរិសុទ្ធ។ ហេតុដូច្នេះហើយ​បាន​ជា​ឥឡូវនេះ​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​នឹង​ព្រះ​ជាម្ចាស់​មាន​ការ​បាក់បែក​គ្នា។

ព្រះជាម្ចាស់​បាន​ដាក់​បណ្ដាសា​ពិភព​លោក​ទាំង​មូល ដោយសារ​តែ​ពួកគេ​មិន​បាន​ស្ដាប់បង្គាប់​ព្រះអង្គ។ ប៉ុន្តែ នៅ​ចំ​កណ្ដាល​នៃ​បណ្ដាសា​នោះ ព្រះអង្គ​ក៏​បាន​ប្រទាន​ក្ដី​សង្ឃឹម​នៃ​សេចក្ដី​សង្គ្រោះ នៅ​ពេល​ដែល​ទ្រង់​ដាក់​បណ្ដាសា​សត្វ​ពស់​នោះ​ដោយ​ទ្រង់​បាន​មាន​បន្ទូល​ថា «យើង​នឹង​ធ្វើ​ឲ្យ​ឯង និង​ស្ត្រី ព្រម​ទាំង​ពូជ​ឯង និង​ពូជ​ស្ត្រី ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា ពូជ​នាង​នឹង​ជាន់​ក្បាល​របស់​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​ពូជ​នាង» (លោកុប្បត្ដិ ៣:១៥ គខប)។

តើ​លោកអ្នក​អាច​មើល​ឃើញ​ពី​ក្តី​សង្ឃឹម​នៅ​ក្នុង​បណ្តាសា​នោះ​ទេ​ដែល​ទ្រង់​មាន​បន្ទូល​ថា​ «ពូជ​នាង (មាន​ន័យ​ថា កូនចៅ​របស់​នាង) នឹង​ជាន់​ក្បាល​របស់​ឯង»?

សាតាំង​បាន​ល្បួង​មនុស្ស​ជាតិ​ឲ្យ​ធ្វើ​បាប ហើយ​មនុស្ស​បាន​ធ្លាក់​ក្នុង​អំពើ​បាប​ដែល​អំពើ​បាប​នោះ​បាន​ធ្វើ​ឲ្យ​ពួកគេ​មាន​សេចក្តី​អាម៉ាស់ មាន​ភាព​ភ័យខ្លាច និង​ពិរុទ្ធភាព។ ឥឡូវ​នេះ មនុស្ស​លោក​យើង​មាន​មូលហេតុ​ក្នុង​ការ​ខ្លាច​ព្រះជាម្ចាស់ និង​ខ្លាច​វិញ្ញាណ​អាក្រក់។ មនុស្ស​បាន​បាត់បង់​កេរ្តិ៍​ឈ្មោះ បាត់បង់​កិត្តិយស​ដែល​ព្រះជាម្ចាស់​បាន​ផ្ដល់​ឲ្យ។ ដោយព្រោះ​ព្រះជាម្ចាស់​ទ្រង់​បរិសុទ្ធ ដូច្នេះ​ហើយ​បាន​ជា ទ្រង់​មិន​អាច​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ជាតិ​បាន​ដូច​មុន​ទៀត​ឡើយ នេះ​ក៏​ដោយសារ​អំពើ​បាប​របស់​មនុស្ស​យើង​ដែរ។

ប៉ុន្តែ ទោះបើ​សាតាំង​បាន​រៀប​ផែនការ​ដ៏​អាក្រក់​ដូច​នេះ​ក៏​ដោយ ក៏​ផែនការ​របស់​វា​នឹង​មិន​ដំណើរការ​រហូត​បាន​នោះ​ទេ ដ្បិត​ព្រះជាម្ចាស់​នឹង​បញ្ជូន​ម្នាក់​ឲ្យ​មក​ជាន់​លើ​ក្បាល​វា រួច​បំផ្លាញ​ផែនការ​របស់​វា ដូច្នេះ​មនុស្ស​យើង​អាច​នឹង​ទទួល​បាន​កិត្តិយស​នៅ​ចំពោះ​ព្រះជាម្ចាស់​ម្ដង​ទៀត និង​ដើម្បី​កុំ​ឲ្យ​យើង​ខ្លាច​ព្រះ​អង្គ​ទៀត​ឡើយ។ នៅពេល​ដែល​ម្នាក់​ដែល​ទ្រង់​បាន​បញ្ជូន​មក​បាន​យក​ឈ្នះ​លើ​អារក្ស​សាតាំង នោះ​យើង​នឹង​លែង​ខ្លាច​អារក្ស​តទៅ​ទៀត​ហើយ ហើយ​ក៏​មិន​ខ្លាច​ព្រះជាម្ចាស់​ដែរ។ តាមរយៈ​បុគ្គល​ម្នាក់​នោះ គាត់​នឹង​នាំ​មនុស្ស​យើង​ត្រឡប់​ទៅ​រក​ទំនាក់ទំនង​ដ៏​ត្រឹមត្រូវ និង​មាន​ពេញ​ដោយ​សេចក្តី​ស្រឡាញ់​ជាមួយ​ទ្រង់​ម្ដង​ទៀត​ជា​មិន​ខាន។ ព្រះ​អង្គ​នឹង​រៀបចំ​ផ្លូវ ដើម្បី​នឹង​ឲ្យ​យើង​ទទួល​បាន​ការ​អត់ទោស​បាប​ពី​អំពើ​បាប​យើង​ដែល​ជំទាស់​នឹង​ព្រះ​ជាម្ចាស់ និង​ដើម្បី​នឹង​ឲ្យ​យើង​បាន​បរិសុទ្ធ​ឡើង​វិញ ដែល​នោះ​នឹង​នាំ​ឲ្យ​យើង​អាច​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​នឹង​ព្រះ​អង្គ​ជា​ថ្មី​វិញ​ម្ដង​ទៀត។

ថ្ងៃ​មួយ អ្នក​ដែល​ជាន់​ក្បាល​សត្វ​ពស់​នឹង​យាង​មក។ គាត់​នោះ​គឺ​ជា​កូនចៅ​របស់​នាង អេវ៉ា។ ហើយ​សត្វ​ពស់​នោះ​នឹង​ចឹក​កែង​ជើង​បុគ្គល​ម្នាក់​នោះ ប៉ុន្តែ​គាត់​នឹង​កិន​ក្បាល​វា។ ព្រះ​អង្គ​នឹង​មាន​ជ័យជម្នះ​លើ​សត្វ​ពស់​ដ៏​អាក្រក់​នោះ ហើយ​នឹង​ដក​បណ្ដាសា​នោះ​ដោយ​ធ្វើ​ឲ្យ​យើង​វិល​ត្រឡប់​ទៅ​រក​ភាព​ដូច​ដើម​វិញ។

បន្ទាប់ពី​ព្រះជាម្ចាស់​បាន​ដាក់​បណ្ដាសា​ដល់​ពួកគេ ព្រះអង្គ​បាន​សម្លាប់​សត្វ ដើម្បី​យក​ស្បែក​សត្វ​នោះ​មក​ធ្វើ​ជា​សម្លៀកបំពាក់​បិទបាំង​កេរ្តិ៍ខ្មាស​លោក អ័ដាម និង​នាង អេវ៉ា ហើយ​ក៏​ដើម្បី​ការពារ​ពួកគេ​ដែរ (លោកុប្បត្តិ ៣:២១)។ រួច​ពី​នោះ​មក​ទ្រង់​បាន​បណ្ដេញ​ពួកគេ​ចេញ​ពី​សួនច្បារ។ នេះ​គឺ​ជា​ការ​ដ៏​សំខាន់​មួយ​ដែល​យើង​គួរ​ចងចាំ​គឺ​ថា ដើម្បី​បិទបាំង​កេរ្តិ៍ខ្មាស និង​ដើម្បី​ការពារ​ពួកគេ​បាន ដាច់​ខាត​ត្រូវ​តែ​មួយ​ជីវិត​មួយ​ផ្សេង​ទៀត​ដែល​ត្រូវ​ស្លាប់​ជំនួស​ពួកគេ។ សូម​ចងចាំ​ពី​ការ​នេះ!

ដូច្នេះ​ហើយ​បាន​ជា​មនុស្ស​លោក​បាន​នាំ​គ្នា​រង់ចាំ​អ្នក​ជាន់​ក្បាល​សត្វ​ពស់​នោះ​ដែល​ត្រូវ​យាង​មក។ ហើយ​ខណៈពេល​នោះ​ដែរ ក្នុង​នាម​ជា​កូនចៅ​របស់​លោក អ័ដាម មនុស្ស​យើង​ក៏​ចេះ​តែ​បន្ត​ធ្វើ​បាប​ជា​ថែម​ទៀត ពោលគឺ​មនុស្ស​យើង​ចេះ​តែ​បន្ត​ធ្វើ​បាប បន្ត​ស្វែងរក​កេរ្តិ៍ឈ្មោះ​សម្រាប់​ខ្លួន ដែល​តាម​ពិត​ការ​ធ្វើ​បែប​នោះ​គ្រាន់តែ​បន្ត​នាំ​ឲ្យ​យើង​ទទួល​បាន​សេចក្តី​អាម៉ាស់​តែ​ប៉ុណ្ណោះ។ សេចក្តី​អាម៉ាស់​នោះ បណ្ដាល​មក​ពី​យើង​មិន​បាន​ថ្វាយ​កិត្តិនាម​ដល់​ព្រះជាម្ចាស់ ដែល​ជា​ព្រះអាទិករ​របស់​យើង។ ដូច្នេះ​ហើយ​មនុស្ស​យើង​ក៏​នៅ​តែ​បន្ត​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច៖ ខ្លាច​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ខ្លាច​អារក្ស ខ្លាច​ការ​ជំនុំជម្រះ​របស់​ព្រះជាម្ចាស់​ដែល​នឹង​ត្រូវ​មក​ដល់។

ព្រះគម្ពីរ​បាន​ចែង​ថា «គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរី​ល្អ​នៃ​ព្រះ» (រ៉ូម ៣:២៣)។ ហើយ​ក៏​បាន​ចែង​ដែរ​ទៀត​ផង​ថា «ដ្បិត​ឈ្នួល​របស់​អំពើ​បាប នោះ​ជា​សេចក្ដី​ស្លាប់» (រ៉ូម ៦:២៣)។

ព្រះគម្ពីរ​បាន​ប្រាប់​យើង​ពី​ផែនការ​របស់​ព្រះជាម្ចាស់ និង​ពី​របៀប​ដែល​ព្រះអង្គ​នឹង​បញ្ជូន​អ្នក​ជាន់​ក្បាល​សត្វ​ពស់ ដើម្បី​មក​សង្គ្រោះ​មនុស្ស​លោក​យើង។ មាន​រឿងរ៉ាវ​ជា​ច្រើន​នៅ​ក្នុង​ព្រះគម្ពីរ​ដែល​បាន​ប្រាប់​មនុស្ស​យើង​យ៉ាង​ច្បាស់​លាស់​ពី​ចរិតលក្ខណៈ​របស់​អ្នក​ជាន់​ក្បាល​សត្វ​ពស់​នោះ។

អ្នក​ជាន់​ក្បាល​សត្វ​ពស់​នោះ​បាន​ប្រសូត​មក​លើ​ផែនដី​នេះ​អស់​រយៈពេល​ជា​ច្រើន​ពាន់​ឆ្នាំ​រួច​ទៅ​ហើយ។ ប៉ុន្តែ បុគ្គល​ម្នាក់​នោះ​មិន​បាន​ប្រសូត​នៅ​ក្នុង​ភាព​ឧត្ដុង្គឧត្ដម នៅ​កន្លែង​ដ៏​ខ្ពង់ខ្ពស់​សម្បូរសប្បាយ ឬ​ក៏​មាន​ពេញ​ដោយ​មហា​អំណាច​នោះ​ទេ។ ទ្រង់​ប្រសូត​មក​មាន​លក្ខណៈ​ជា​មនុស្ស​ដែល​រស់​នៅ​ក្នុង​ក្រុម​គ្រួសារ​ដ៏​ក្រីក្រ​មួយ។ ប៉ុន្តែ បុត្រ​តូច​នេះ​មិន​មែន​គ្រាន់តែ​ជា​មនុស្ស​ប៉ុណ្ណោះ​នោះ​ទេ តែ​ទ្រង់​ក៏​ជា​ព្រះ​ដែរ។ ព្រះអង្គ​មាន​ព្រះ​នាម​ថា «យេស៊ូវ» ព្រះអង្គ​គឺ​ជា​ព្រះ​ដែល​បាន​យាង​មក​យក​កំណើត​ជា​មនុស្ស ព្រះអង្គ​ជា​ព្រះរាជបុត្រា​របស់​ព្រះជាម្ចាស់ បាន​យាង​មក​យក​កំណើត​ជា​មនុស្ស ដើម្បី​សង្គ្រោះ​មនុស្ស​លោក​ចេញ​ពី​អំពើ​បាប។ បុត្រ​តូច​មួយ​អង្គ​នេះ​ឯង​ដែល​ជា​អ្នក​ជាន់​ក្បាល​សត្វ​ពស់​នោះ។

មាន​ទេវតា​មួយ​អង្គ​បាន​ប្រកាស​ពី​ការ​ប្រសូត​របស់​ទ្រង់​ដល់​អ្នកគង្វាល​ចៀម​ដែល​ជា​អ្នក​ក្រីក្រ​ថា «កុំ​ខ្លាច​អី មើល៍ ខ្ញុំ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ពី​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ ដែល​សម្រាប់​បណ្ដា​ជន​ទាំង​អស់​គ្នា ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះ​អង្គ​សង្គ្រោះ​១​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ហ្លួង​ដាវីឌ គឺ​ជា​ព្រះ​គ្រីស្ទ​ដ៏​ជា​ព្រះ​អម្ចាស់ ហើយ​នេះ​ជា​ទី​សម្គាល់​ដល់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះ​ឱរស​១​រុំ​នឹង​សំពត់​ផ្ដេក​នៅ​ក្នុង​ស្នូក នោះ​ស្រាប់​តែ​មាន​ពួក​ពល​បរិវារ​កក់​កុញ​ពី​ស្ថាន​សួគ៌ មក​នៅ​ជា​មួយ​នឹង​ទេវ​តា​នោះ ក៏​ពោល​សរសើរ​ដល់​ព្រះ​ថា «សូម​ឲ្យ​ព្រះជាម្ចាស់​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត​ប្រកប​ដោយ​សិរី​រុងរឿង​ ហើយ​ក្ដី​សុខសាន្ដ​មាន​ដល់​អស់​អ្នក​នៅ​លើ​ផែនដី​ដែល​ព្រះអង្គ​គាប់​ព្រះហឫទ័យ» (លូកា ២:១០–១៤ សម្រាប់​ខ១៤​ដកស្រង់​ចេញ​ពី គគខ)

បុត្រ​តូច​នេះ​មាន​ភាព​ជា​មនុស្ស​១០០ភាគរយ និង​ភាព​ជា​ព្រះ​១០០ភាគរយ។ ដោយសារ​ទ្រង់​ជា​មនុស្ស​១០០ភាគរយ ដូច្នេះ​ហើយ​បាន​ទ្រង់​អាច​ធ្វើ​ជា​អ្នកតំណាង​របស់​យើង​ដូច​លោក អ័ដាម។ នៅពេល​ដែល​លោក អ័ដាម បាន​ធ្វើ​បាប ដូច្នេះ​យើង​ក៏​ទទួល​បាន​អំពើ​បាប​របស់​គាត់ ពីព្រោះ​គាត់​គឺ​ជា​អ្នកតំណាង​របស់​យើង។ ប៉ុន្តែ ព្រះយេស៊ូវ​គឺ​ជា​លោក អ័ដាម ទី​ពីរ ហើយ​ទ្រង់​មិន​មែន​ត្រឹមតែ​ជា​មនុស្ស​ប៉ុណ្ណោះ​នោះ​ទេ តែ​ទ្រង់​ក៏​ជា​ព្រះ​ដែរ ដូច្នេះ​ទ្រង់​អាច​នឹង​រស់នៅ​ក្នុង​ជីវិត​មួយ​ដែល​គ្មាន​អំពើ​បាប​សោះ ហើយ​ព្រះអង្គ​ក៏​ប្រទាន​សេចក្តី​សុចរិត និង​ព្រះ​កិត្តិនាម​របស់​ទ្រង់​ដល់​អស់​អ្នក​ដែល​ជឿ​លើ​ព្រះនាម​ទ្រង់​ផង​ដែរ។

ព្រះយេស៊ូវ​បាន​រស់នៅ​ក្នុង​ជីវិត​មួយ​ដែល​គ្រប់លក្ខណ៍ ហើយ​មិន​ដែល​ធ្វើ​ខុស​សូម្បី​តែ​បន្តិច ទ្រង់​មិន​ដែល​ធ្វើ​បាប​សោះ​ឡើយ។ ព្រះ​អង្គ​បាន​ធ្វើ​ការ​អស្ចារ្យ បាន​ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ ធ្វើ​ឲ្យ​មនុស្ស​ខ្វិន​ឲ្យ​ដើរ​វិញ​បាន បាន​ដេញ​វិញ្ញាណ​អាក្រក់​ចេញ​ពី​មនុស្ស ហើយ​ទ្រង់​ក៏​បាន​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ផង​ដែរ។

ព្រះយេស៊ូវ​បាន​ក្លាយ​ជា​អ្នក​ល្បីល្បាញ​នៅ​ប្រទេស អ៊‌ីស្រាអែល ហេតុដូច្នេះហើយ​បាន​ជា​អ្នកដឹកនាំ​អ៊‌ីស្រាអែល​ស្អប់​ទ្រង់។ ពីព្រោះ​ពួកគេ​ចង់​ក្ដោបក្ដាប់​អំណាច ដូច្នេះ​ពួកគេ​បាន​រៀបចំ​ផែនការ​ដើម្បី​សម្លាប់​ទ្រង់​ចោល។

ប៉ុន្តែ តាម​ពិត​នេះ​គឺ​ជា​ផែនការ​របស់​ព្រះ ព្រះយេស៊ូវ​យាង​មក​ផែនដី ដើម្បី​រស់​នៅ​ក្នុង​ជីវិត​ដែល​គ្រប់លក្ខណ៍ ហើយ​សុគត ដើម្បី «ឲ្យ​ជីវិត​ខ្លួន ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង» (ម៉ាថាយ ២០:២៨)។

ដូច្នេះ​គេ​បាន​សម្លាប់​ព្រះយេស៊ូវ ដោយ​ឆ្កាង​ទ្រង់​នៅ​លើ​ឈើឆ្កាង​ដូចជា​ជា​អ្នកទោស បើ​ទោះ​ជា​ទ្រង់​មិន​បាន​ធ្វើ​អ្វី​ខុស​ក៏​ដោយ។ ប៉ុន្តែ ព្រះ​អង្គ​បាន​លះបង់​ជីវិត​របស់​ទ្រង់​ដោយ​ស្ម័គ្រ​ព្រះទ័យ ដើម្បី​ឲ្យ​ទ្រង់​អាច​សង្គ្រោះ​អស់​អ្នក​ដែល​ទទួល​ជឿ​ទុកចិត្ត​លើ​ព្រះនាម​ទ្រង់​ឲ្យ​ចេញពី​បណ្ដាសា​នៃ​អំពើ​បាប​ដែល​ជា​សេចក្តី​ស្លាប់។ ពីព្រោះ​នៅ​ពេល​ដែល​លោក អ័ដាម បាន​ធ្វើ​បាប នោះ​សេចក្តី​ស្លាប់​ក៏​បាន​ចូល​មក​ក្នុង​លោកីយ៍​នេះ។ ហេតុអ្វី? ព្រោះ​ច្បាប់​របស់​ព្រះជាម្ចាស់​ចែង​ថា អស់​អ្នក​ដែល​មាន​បាប​ត្រូវតែ​ស្លាប់​ជា​ដាច់ខាត (អេសេគាល ១៨:២០)។ ប៉ុន្តែ ជីវិត​ថ្មី​ដែល​ជា​ជីវិត​នៅ​អស់កល្ប​ជានិច្ច​បាន​ចូល​មក​ក្នុង​លោកីយ៍​នេះ តាមរយៈ​ការ​សុគត​របស់​ព្រះយេស៊ូវ​ហើយ។

ប៉ុន្តែ ការ​ដែល​ទ្រង់​សុគត​នៅ​លើ​ឈើឆ្កាង គឺ​មិន​មែន​មក​ពី​ទ្រង់​បាន​ធ្វើ​បាប​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះអង្គ​បាន​យក​អំពើ​បាប​របស់​មនុស្ស​នេះ​មក​ដាក់​លើ​ព្រះអង្គ​ទ្រង់​ផ្ទាល់ រួច​មក​ព្រះជាម្ចាស់​បាន​ចាក់​សេចក្តី​ក្រោធ​ដែល​ទាស់​ប្រឆាំង​នឹង​អំពើ​បាប​ទៅ​លើ​បុត្រា​របស់​ព្រះអង្គ ជាជាង​ដាក់​សេចក្តី​ក្រោធ​នោះ​ទាស់​នឹង​អំពើ​បាប​លើ​ព្រះយេស៊ូវ​ជំនួស​អស់​អ្នក​ជឿ​វិញ។ ទ្រង់​បាន​ទទួល​យក​អំពើ​បាប ភាព​អាម៉ាស់ និង​ភាព​ភ័យខ្លាច​របស់​យើង ដើម្បី​ឲ្យ​ទ្រង់​អាច​ប្រទាន​នូវ​កិត្តិយស​ដែល​យើង​បាន​បាត់បង់​ពី​មុន ដោយសារ​អំពើ​បាប​របស់​យើង​វិញ។ មនុស្ស​គ្រប់ៗ​រូប​ខ្លាច​សេចក្តី​ស្លាប់ ប៉ុន្តែ​ព្រះយេស៊ូវ​បាន​សុគត ដើម្បី​យក​ជ័យជម្នះ​លើ​សេចក្តី​ស្លាប់​ហើយ។ មនុស្ស​គ្រប់ៗ​រូប​ខ្លាច​អារក្ស ប៉ុន្តែ​ព្រះយេស៊ូវ​សុគត ដើម្បី​ជួយ​ដល់​អស់​អ្នកណា​ដែល​ជឿ​លើ​ទ្រង់​ឲ្យ​លែង​ខ្លាច​អារក្ស ឬ​ក៏​សាតាំង​ទៀត។ យើង​គ្រប់ៗ​រូប​សម​នឹង​ទទួល​សេចក្តី​ស្លាប់​ដ៏​នៅ​អស់កល្ប​ជានិច្ច ព្រោះ​យើង​បាន​ធ្វើ​បាប​ទាស់​នឹង​ព្រះអាទិករ​ដ៏​គង់​នៅ​អស់កល្ប​ជានិច្ច​របស់​យើង។ ប៉ុន្តែ ព្រះជាម្ចាស់​បាន​រៀបចំ​ផ្លូវ​មួយ​សម្រាប់​យើង ដើម្បី​សង្គ្រោះ​យើង​តាមរយៈ​អង្គ​ព្រះយេស៊ូវ​ជា​ព្រះរាជបុត្រា​របស់​ព្រះអង្គ។

កណ្ឌគម្ពីរ រ៉ូម ៦:២៣ «ដ្បិត​ឈ្នួល​របស់​អំពើ​បាប នោះ​ជា​សេចក្ដី​ស្លាប់ តែ​អំណោយ​ទាន​នៃ​ព្រះ​វិញ គឺ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច ដោយ​ព្រះ​គ្រីស្ទ​យេស៊ូវ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា»។

ពេល​ដែល​ព្រះយេស៊ូវ​សុគត មើល​ទៅ​ហាក់​ដូចជា​សត្វ​ពស់​បាន​មាន​ជ័យជម្នះ​លើ​ទ្រង់ ប៉ុន្តែ​ធាតុ​ពិត សត្វ​ពស់​នោះ​បាន​ត្រឹម​ចឹក​កែង​ជើង​ទ្រង់​ប៉ុណ្ណោះ នេះ​គឺ​ដោយសារ​ព្រះយេស៊ូវ​មិន​ដែល​ធ្វើ​បាប​សោះ​ឡើយ បន្ទាប់ពី​ទ្រង់​បាន​សុគត​បី​ថ្ងៃ​ក្រោយ​មក ព្រះ​អង្គ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ដ្បិត​អំពើ​បាប​គ្មាន​អំណាច​លើ​បុគ្គល​ដែល​មិន​មាន​បាប​នោះ​ទេ។ ការ​ដែល​ព្រះយេស៊ូវ​រស់​ឡើង​វិញ​បាន​សបញ្ជាក់​ថា ទ្រង់​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ ហើយ​បាន​យក​ជ័យជម្នះ​លើ​សត្វ​ពស់ រី​ឯ​បណ្ដាសា​នៃ​អំពើ​បាប និង​សេចក្តី​ស្លាប់​ក៏​សាបសូន្យ​រលាយ​បាត់​អស់​ទៅ​ដែរ។

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​នៅ​ត្រង់​កណ្ឌគម្ពីរ យ៉ូហាន ១១:២៥ ថា «ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​បាន​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើង​វិញ​ដែរ»។

នេះ​ហើយ​ជា​មូលហេតុ​ដែល​យើង​ប្រារព្ធ​ពិធីបុណ្យ​ណូអែល ដោយសារ​ព្រះសង្គ្រោះ​របស់​យើង​បាន​ប្រសូត​មក​ជា​មនុស្ស ទ្រង់​ជា​ព្រះសង្គ្រោះ​ដែល​ប្រទាន​ឲ្យ​យើង​មាន​ជីវិត​ដែល​មាន​កិត្តិយស​អស់កល្ប​ជានិច្ច ជួយ​យើង​មិន​ឲ្យ​ភ័យខ្លាច​ទៀត នេះ​គឺ​ដោយសារ​ព្រះអង្គ​របស់​យើង​បាន​សុគត​លើ​ឈើឆ្កាង ហើយ​បាន​រស់​ឡើង​វិញ។ ព្រះអង្គ​ជា​ព្រះសង្គ្រោះ​ដែល​អត់ទោស​បាប​ឲ្យ​យើង​តាមរយៈ​ការ​ខ្ចាយ​ព្រះ​លោហិត​របស់​ទ្រង់។ ព្រះអង្គ​ជា​ព្រះសង្គ្រោះ​ដែល​នាំ​ឲ្យ​យើង​មាន​ជីវិត​អស់កល្ប​ជានិច្ច ដោយសារ​ជំនឿ យើង​ទទួល​បាន​សេចក្តី​សុចរិត​របស់​ទ្រង់​ទុក​ជា​របស់​យើង។ ហើយ​នៅ​ពេល​ដែល​យើង​ស្លាប់​ទៅ នោះ​យើង​នឹង​មិន​បន្ត​នៅ​ស្លាប់​រហូត​ឡើយ ប៉ុន្តែ យើង​នឹង​ត្រូវ​រស់​ឡើង​វិញ​ហើយ​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៅ​ឯ​នគរ​ស្ថានសួគ៌ ដែល​នៅ​ទី​នោះ​យើង​នឹង​មាន​អំណរ​ក្នុង​ព្រះជាម្ចាស់​ជា​រៀង​រហូត​តទៅ។ យើង​ដែល​ជា​អ្នក​ជឿ​លើ​ព្រះយេស៊ូវ​លែង​មាន​សេចក្តី​ភ័យខ្លាច​នឹង​វិញ្ញាណ​អាក្រក់​ទៀត​ហើយ ហើយ​ក៏​លែង​ភ័យខ្លាច​នឹង​សេចក្តី​ស្លាប់​ដែរ។ យើង​លែង​មាន​ភាព​អាម៉ាស់​ទៀត​ហើយ។ នេះ​គឺ​ដោយសារ​ព្រះសង្គ្រោះ​របស់​យើង ទ្រង់​មាន​ព្រះជន្ម​គង់នៅ ហើយ​ទ្រង់​ស្រឡាញ់​យើង​ជា​ខ្លាំង។

កណ្ឌគម្ពីរ រ៉ូម ១០:១១ បាន​ចែង​ថា «‍អស់​អ្នក​ណា​ដែល​ជឿ​ដល់​ទ្រង់ នោះ​នឹង​គ្មាន​ហេតុ​នាំ​ឲ្យ​ខ្មាស​ឡើយ»។ យើង​មិន​អាច​នៅ​បន្ត​មាន​ភាព​អាម៉ាស់​បាន​ឡើយ ខណៈពេល​ដែល​ព្រះ​ជាម្ចាស់​ដ៏​ជា​ព្រះ​អាទិករ​របស់​យើង​មាន​ព្រះ​ហឫទ័យ​ពេញ​ចិត្ត​នឹង​យើង។ ព្រោះ​ទ្រង់​មាន​ពេញ​ទៅ​ដោយ​អំណាច​ព្រះ​ចេស្ដា។

កណ្ឌគម្ពីរ ១យ៉ូហាន ៤:១៨ក «គ្មាន​សេចក្តី​ភ័យខ្លាច​ណា​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ឡើយ សេចក្តី​ស្រឡាញ់​ដែល​ពេញ​ខ្នាត នោះ​បណ្ដេញ​សេចក្តី​ភ័យខ្លាច​ចេញ»។ ពេល​ដែល​ព្រះ​ជាម្ចាស់​ផ្ទាល់​បាន​ដក​ពិរុទ្ធភាព​របស់​យើង​ចេញ នោះ​នឹង​លែង​មាន​អ្វី​ដែល​យើង​គួរ​នឹង​ខ្លាច​ទៀត​ឡើយ។ ប្រសិនបើ​ព្រះ​ជាម្ចាស់​មិន​ថ្កោល​ទោស​យើង នោះ​មាន​ន័យ​ថា យើង​មិន​ស្ថិត​ក្រោម​ការ​ថ្កោល​ទោស​ណា​ទៀត​ឡើយ។

ប្រសិនបើ​លោកអ្នក​មិន​ទាន់​ស្គាល់​ព្រះ​យេស៊ូវ ឥឡូវ​នេះ តើ​លោកអ្នក​នឹង​ប្រែចិត្ត​ចេញពី​អំពើ​បាប​របស់​ខ្លួន ហើយ​ទទួល​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ​ឬ​ទេ? ចូរ​ប្រែ​ចិត្ត ហើយ​ទទួល​ជឿ​ព្រះយេស៊ូវ​ចុះ! នោះ​លោកអ្នក​នឹង​ទទួល​បាន​សេចក្តី​សង្គ្រោះ​ជា​មិន​ខាន។

និពន្ធ​ដោយ៖ លោក​គ្រូ វែល ណាថាន
អ្នក​វាយ​អត្ថបទ៖ លោក ជួប ប៊ុនហាក់
កែសម្រួលដោយ៖ លោក ឈាង បូរ៉ា និង​​លោក ទេព រ៉ូ
image_pdfទាញ​យក​ជា PDF

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ការ​ប្រសូត​របស់​ព្រះគ្រីស្ទ​

ពាក្យស​ម្ដី