in ,

ហេតុអ្វី អ័ដាម ឯកោ?

លោក បូឡុង បាន​ផ្ញើ​សារ​មក​សួរ​ថា «លោក​គ្រូ ថ្មីៗ​នេះ ខ្ញុំ​បាន​អាន​សៀវភៅ​មួយ​ក្បាល ហើយ​ឃើញ​គេ​សរសេរ​ថា «ព្រះ​ទ្រង់​បាន​បង្កើត​ពិភព​លោក​មក ក្នុង​គោល​បំណង ដើម្បី​ឲ្យ​ពិភព​លោក​មាន​ដំណើរ​ការ តាម​របៀប​ដែល​ធ្វើ​ឲ្យ​យើង​គិត​ថា ព្រះ​អង្គ​មាន​ភាព​មិន​គ្រប់​គ្រាន់​សម្រាប់​យើង។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​អង្គ​ក៏​បាន​មាន​បន្ទូល​ថា «ដែល​​មនុស្ស​​​នេះ​​នៅ​តែ​​ម្នាក់​ឯង នោះ​មិន​ស្រួល​ទេ»។ បើ​ព្រះ​ទ្រង់​ជា​អ្វី​គ្រប់​យ៉ាង ដែល​លោក ​អ័ដាម​ត្រូវ​ការ នោះ​មាន​ន័យ​ថា លោក អ័ដាម​មិន​ឯកោ​ឡើយ។ មិន​មែន​ដោយ​សារ​ព្រះ​ទ្រង់​មាន​វត្ត​មាន​នៅ​ក្បែរ​គាត់​នោះ​ទេ តែ​ដោយ​សារ​មិន​មាន​មនុស្ស​ផ្សេង​ទៀត នៅ​ក្បែរ​គាត់។ ព្រះ​ទ្រង់​បាន​សម្រេច​ព្រះ​ទ័យ កំណត់​សមត្ថ​ភាព​របស់​ទ្រង់ ឲ្យ​នៅ​ត្រឹម​ជា​អ្វី​គ្រប់​យ៉ាង ដែល​លោក អ័ដាម ត្រូវ​ការ។

ការ​និយាយ​ដូច​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល។ តាម​ធម្មតា ខ្ញុំ​ឮ​គេ​និយាយ​ថា «ព្រះ​ជា​អ្វី​គ្រប់​យ៉ាង ដែល​អ្នក​ត្រូវ​ការ។ ព្រះ​ទ្រង់​មាន​ភាព​គ្រប់​គ្រាន់​សម្រាប់​យើង​ហើយ»។ និយាយ​ដូច​នេះ គឺ​ពីរោះ​ស្តាប់​ណាស់ ប៉ុន្តែ បញ្ហា​ស្ថិត​នៅ​ត្រង់​ថា នេះ​មិន​មែន​ជា​ការ​ពិត​ទេ ហើយ​ព្រះ​គម្ពីរ​ក៏​មិន​បាន​បង្រៀន​ដូច​នេះ​ដែរ ក្នុង​បរិបទ​នៃ​ការ​និយាយ​អំពី​ទំនាក់​ទំនង។ បើ​យើង​និយាយ អំពី​ព្រះ​គុណ នោះ​អ្វី​ដែល​បាន​លើក​ឡើង​ខាង​លើ គឺ​ត្រឹម​ត្រូវ។ ព្រះ​គុណ​ព្រះ​មាន​ភាព​គ្រប់​គ្រាន់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​យើង​និយាយ​អំពី​ទំនាក់​ទំនង នោះ​ទំនាក់​ទំនង​មិន​មាន​ភាព​គ្រប់​គ្រាន់​ឡើយ។

ដូច​នេះ លោក​គ្រូ តើ​គោលលទ្ធិ​នៃ​ការ​ស្វែង​រក​អំណរ​របស់​គ្រីស្ទ​បរិស័ទ បាន​បង្រៀន​ថា ព្រះ​ទ្រង់​មាន​ភាព​គ្រប់​គ្រាន់ ក្នុង​ការ​បំពេញ​ការ​ស្រេក​ឃ្លាន​គ្រប់​យ៉ាង​នៃ​វិញ្ញាណ​យើង ក្នុង​ទំនាក់​ទំនង​មែន​ទេ? ពុំ​នោះ​ទេ តើ​ព្រះ​អង្គ​បាន​បង្កើត​យើង​មក ឲ្យ​ត្រូវ​ការ​អ្នក​ដទៃ ដែល​នេះ​ជា​តម្រូវ​ការ​ជា​មូលដ្ឋាន ដែល​ទ្រង់​មិន​អាច​បំពេញ​ឲ្យ​បាន​ឬ?

នេះ​ជា​សំណួរ​ល្អ​ណាស់ ហើយ​ព្រោះ​សំណួរ​នេះ​បាន​កើត​ចេញ​ពី​បរិបទ​ក្នុង​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ២:១៨ ដែល​បាន​ចែង​ថា «ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​បន្ទូល​ថា “ដែល​មនុស្ស​នេះ​នៅ​តែ​ម្នាក់​ឯង នោះ​មិន​ស្រួល​ទេ អញ​នឹង​ធ្វើ​ឲ្យ​មាន​ម្នាក់​ជា​ជំនួយ​សម្រាប់​ជួយ​វា”»។ ត្រង់​ចំណុច​នេះ ច្បាស់​ណាស់ ព្រះ​ទ្រង់​មិន​សព្វ​ព្រះ​ទ័យ​ឲ្យ​លោក អ័ដាម​ឆ្លើយ​តប​ថា «ទេ! ទូល​បង្គំ​អរ​ព្រះ​គុណ​ព្រះ​អង្គ។ ប៉ុន្តែ ព្រះ​អង្គ​ខុស​ហើយ។ ទូល​បង្គំ​មិន​នៅ​ម្នាក់​ឯង​ទេ។ ទូល​បង្គំ​មាន​ព្រះ​អង្គ​គង់​នៅ​ជា​មួយ​ហើយ»។ ព្រះ​ទ្រង់​យល់​ឃើញ​ថា សណ្ឋាន​នៃ​របស់​សព្វ​សារពើ ដែល​ព្រះ​អង្គ​បាន​បង្កើត មាន​ភាព​ល្អ​ដែល​មិន​ទាន់​ឈាន​ដល់​ចំណុច​ចុង​ក្រោយ ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ ដែល​ទាំង​បុរស និង​ស្ត្រី​ត្រូវ​មាន​ព្រះ​ទាំង​អស់​គ្នា។ ក្នុង​គំនិត​របស់​ព្រះ ការ​បង្កើត​ឲ្យ​មាន​មនុស្ស​ម្នាក់​ទៀត ជា​រឿង​មិន​ចាំ​បាច់​ទេ។

ព្រះ​ទ្រង់​បង្កើត​សេចក្តី​ត្រូវ​ការ

ករណី​ដែល​លោក បូឡុង បាន​ដក​ស្រង់​មក​នេះ ហាក់​ដូច​ជា​ខ្លាំង​បន្តិច។ ពាក្យ​សម្ដី​ហាក់​ដូច​ជា​ខ្លាំង​បន្តិច ពេល​ដែល​គេ​និយាយ​ទៅ​កាន់​លោក​អ័ដាម នៅ​ក្នុង​សួន​ច្បា​អេដែន​ថា «ព្រះ​ទ្រង់​ជា​អ្វីៗ​គ្រប់​យ៉ាង ដែល​អ្នក​ត្រូវ​ការ»។ ចូរ​យើង​ធ្វើ​ឲ្យ​ករណី​នេះ​កាន់​តែ​ខ្លាំង​ថែម​មួយ​កម្រិត​ទៀត ដោយ​បន្ថែម​ខ​គម្ពីរ​ដទៃ​ទៀត ដែល​មាន​ដូច​ជា «ព្រះ​ទ្រង់​បាន​ដាក់​ចុះ​នូវ​អវយវៈ​នីមួយៗ ក្នុង​រូបកាយ​តាម​ព្រះ​ហឫទ័យ​ទ្រង់ បើ​គ្រប់​ទាំង​អស់​សុទ្ធ​តែ​ជា​អវយវៈ​តែ​១ នោះ​តើ​រូប​កាយ​នឹង​នៅ​ឯ​ណា? តែ​មាន​អវយវៈ​ជា​ច្រើន​វិញ ប៉ុន្តែ​រូប​កាយ​តែ​១​ទេ ហើយ​ភ្នែក (ឧបមា​ថា៖ លោក បូឡុង គឺ​ជា​ភ្នែក) ពុំ​អាច​និយាយ​ទៅ​ដៃ (ឧបមា​ថា៖ លោក ចន ផាបភ័រ ជា​ដៃ) ថា អញ​មិន​ត្រូវ​ការ​នឹង​ឯង​ទេ ឬ​ក្បាល​និយាយ​ទៅ​ជើង​ថា អញ​មិន​ត្រូវ​ការ​នឹង​ឯង​ដែរ​នោះ​ឡើយ» (១កូរិនថូស ១២:១៨-២១)។

ដូច​នេះ ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា មាន​បន្ទូល​ត្រង់ៗ​ថា «អ្នក​មិន​ត្រូវ​និយាយ ទៅ​សមាជិក​ដទៃ​ទៀត​នៃ​រូប​កាយ​ព្រះ​គ្រីស្ទ​ថា “ខ្ញុំ​មិន​ត្រូវ​ការ​អ្នក”» នោះ​ឡើយ។ ការ​និយាយ​ដូច​នេះ គឺ​ជា​អំពើ​បាប។ ម្យ៉ាង​ទៀត ព្រះ​ទ្រង់​បាន​ហាម​យើង មិន​ឲ្យ​និយាយ​ថា «ខ្ញុំ​មាន​ព្រះ​ហើយ។ ខ្ញុំ​មិន​ត្រូវ​ការ​សមាជិក​ដទៃ​ទៀត​នៃ​រូប​កាយ​ព្រះ​គ្រីស្ទ​ឡើយ»។

យើង​ខ្ញុំ​អាច​លើក​យក​ឧទាហរណ៍​ជា​ច្រើន​ទៀត​មក​និយាយ​បាន។ ព្រះ​យេស៊ូវ​បាន​បង្គាប់​យើង​ឲ្យ​អធិស្ឋាន​ថា «សូម​ប្រទាន​អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ»(ម៉ាថាយ ៦:១១)។ ហើយ​ព្រះ​អង្គ​ក៏​បាន​ប្រាប់​យើង កុំ​ឲ្យ​ថប់​បារម្ភ​អំពី​ចំណី​អាហារ ឬ​សំលៀក​បំពាក់​ឡើយ ព្រោះ​ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា «ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​ជ្រាប​ហើយ ថា​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​របស់​ទាំង​នោះ​ដែរ» (ម៉ាថាយ ៦:៣១-៣២)។ ដូច​នេះ ព្រះ​ទ្រង់​បាន​បង្កើត​ចក្រ​វាល​ដែល​អាច​មើល​ឃើញ គឺ​មិន​គ្រាន់​តែ​ពិភព​ខាង​ឯ​វិញ្ញាណ​ប៉ុណ្ណោះ​ទេ។ ហើយ​ទ្រង់​បង្កើត​វិញ្ញាណ​ដទៃ​ទៀត គឺ​មិន​មែន​តែ​វិញ្ញាណ​របស់​មនុស្ស​ម្នាក់ ឲ្យ​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ​អង្គ​នោះ​ដែរ។ ហើយ​ព្រះ​អង្គ​បង្កើត​សង្គម និង​ពួក​ជំនុំ មិន​មែន​វិញ្ញាណ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា ក្នុង​ការ​ទំនាក់​ទំនង​ជា​មួយ​ព្រះ​អង្គ។ ហើយ​ក្នុង​ការ​ដែល​ព្រះ​អង្គ​បង្កើត​ពិភព​លោក ពួក​ជំនុំ និង​សង្គម​មក ព្រះ​អង្គ​បាន​កំណត់ ឲ្យ​យើង​ទទួល​ផល​ប្រយោជន៍​ពី​ការ​ទាំង​នេះ ដើម្បី​ឲ្យ​យើង​មាន​អាហារ ទឹក ជម្រក សំលៀក​បំពាក់ ខ្យល់​ដក​ដង្ហើម និង​អ្នក​ដទៃ​ទៀត ហើយ​ក៏​ដើម្បី​ឲ្យ​យើង​ស្តាប់​បង្គាប់​តាម​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​អង្គ ដែល​មាន​ដូច​ជា «ចូរ​ស្រឡាញ់​អ្នក​ដទៃ ដូច​ខ្លួន​ឯង» ជា​ដើម (ម៉ាកុស ១២:៣១) ។ អ្នក​មិន​អាច​ស្តាប់​បង្គាប់​តាម​ព្រះ​រាជ​បញ្ចា​មួយ​នេះ​បាន​ទេ បើ​អ្នក​គ្មាន​អ្នក​ជិត​ខាង សម្រាប់​ស្រឡាញ់​ទេ​នោះ។

ដូច​នេះ យើង​មិន​ខុស​ទេ ពេល​ដែល​យើង​និយាយ​ថា យើង​ត្រូវ​ការ​អ្នក​ជិត​ខាង ក្នុង​ន័យ​ថា ព្រះ​ទ្រង់​បាន​រៀប​ចំ​មក​យ៉ាង​ដូច​នេះ​ឯង។ ព្រះ​អង្គ​បាន​បង្កើត​របស់​ទាំង​នេះ​មក។ ព្រះ​អង្គ​បាន​បង្កើត​យើង ឲ្យ​មាន​តម្រូវ​ការ ដែល​មាន​តែ​ព្រះ​អង្គ​ទេ ដែល​អាច​បំពេញ​បាន ក្នុង​ន័យ​ថា ព្រះ​អង្គ​ប្រទាន​របស់​ទាំង​នេះ​មក​យើង តែ​មិន​មែន​ធ្វើ​ជា​របស់​ទាំង​នេះ សម្រាប់​យើង​នោះ​ឡើយ។

ព្រះ​ទ្រង់​ជា​ចំណុច​កណ្តាល​នៃ​តម្រូវ​ការ​របស់​យើង

សំណួរ​នោះ​គឺ​ថា៖ តើ​យើង​គួរ​តែ​និយាយ​ថា «ព្រះ​ទ្រង់​មាន​ភាព​គ្រប់​គ្រាន់​សម្រាប់​យើង» ឬ​ក៏​ថា «ខ្ញុំ​មិន​ត្រូវ​ការ​អ្វី​ផ្សេង​ទៀត ក្រៅ​ពី​ព្រះ​នោះ​ឡើយ» មែន​ឬ? មាន​ហេតុ​ផល​ដ៏​ល្អ​មួយ ដែល​ពាក្យ​ពេចន៍​ទាំង​នេះ បាន​ដក់​ជាប់​ក្នុង​ផ្នត់​គំនិត​យើង។ យើង​ខ្ញុំ​អាច​ប្រាប់​អំពី​ហេតុ​ផល​នោះ ដោយ​ចោទ​សួរ​ទៅ​វិញ​ថា៖ «ហេតុ​អ្វី​ពាក្យ​ពេចន៍​ទាំង​នេះ ហាក់​ដូច​ជា​មិន​សំខាន់​ចំពោះ​ព្រះ ពេល​ដែល​យើង​និយាយ​ចេញ​មក​ដូច​នេះ?» ពេល​ណា​យើង​និយាយ​ថា «ព្រះ​មិន​មាន​ភាព​គ្រប់​គ្រាន់​សម្រាប់​យើង» ឬ​ថា «ខ្ញុំ​មាន​គ្រប់​គ្រាន់​ហើយ ខ្ញុំ​មិន​ត្រូវ​ការ​ព្រះ​ទេ» ហេតុ​អ្វី​ការ​និយាយ​ដូច​នេះ ហាក់​ដូច​ជា​មិន​សំខាន់​ចំពោះ​ព្រះ​អញ្ចឹង?

មូល​ហេតុ​នោះ​គឺ​ថា ការ​បង្រៀន​មួយ ក្នុង​ចំណោម​ការ​បង្រៀន​សំខាន់​បំផុត​នៃ​ព្រះ​គម្ពីរ បាន​បង្រៀន​ថា ពេល​ដែល​តម្រូវ​ការ​របស់​យើង​ជា​មនុស្ស មិន​បាន​ទទួល​ការ​បំពេញ ហើយ​យើង​នៅ​កណ្ដោច​កណ្ដែង និង​ហៀប​នឹង​ស្លាប់ នោះ​ព្រះ​ទ្រង់​នឹង​មិន​ខាន​នឹង​បំពេញ​តម្រូវ​ការ​យើង​ឡើយ។ ស្ថិត​ក្នុង​ពេល​នោះ ព្រះ​អង្គ​នឹង​មាន​ភាព​គ្រប់​គ្រាន់​សម្រាប់​យើង។ នេះ​ជា​អត្ថ​ន័យ​នៃ​ការ​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ ដោយ​និយាយ​ថា ព្រះ​អង្គ​ជា​អ្វីៗ​គ្រប់​យ៉ាង ដែល​យើង​ត្រូវ​ការ។ យើង​អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា បើ​តម្រូវ​ការ​ទាំង​អស់​របស់​ខ្ញុំ មិន​បាន​ទទួល​ការ​បំពេញ នោះ​ព្រះ​អង្គ​នឹង​មិន​ដែល​ខាន​ឡើយ។ នេះ​ជា​ចំណុច​សំខាន់ នៅ​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ៨:៣៥ ដែល​បាន​ចែង​ថា «តើ​អ្នក​ណា​នឹង​ពង្រាត់​យើង​ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ផង​ព្រះគ្រីស្ទ​បាន តើ​សេចក្តី​ទុក្ខ​លំបាក ឬ​សេចក្តី​វេទនា សេចក្តី​បៀតបៀន សេចក្តី​អត់ឃ្លាន សេចក្តី​អាក្រាត សេចក្តី​អន្តរាយ ឬ​ដាវ​ឬ​អី?» ខ​គម្ពីរ​នេះ​បាន​បង្ហាញ​ថា តម្រូវ​ការ​ដែល​ព្រះ​ទ្រង់​ឲ្យ​យើង​មាន (សម្រាប់​ឲ្យ​យើង​រស់​នៅ និង​ការ​ស្តាប់​បង្គាប់) គឺ​សុទ្ធ​តែ​អាច​ខក​ខាន​មិន​បាន​ទទួល​ការ​បំពេញ។ ការ​អត់​ឃ្លាន​អាច​ធ្វើ​ឲ្យ​ខ្វះ​អាហារ។ ភាព​អាក្រាត​អាច​ធ្វើ​ឲ្យ​យើង​គ្មាន​អ្វី​ស្លៀក​ពាក់។ ដាវ​អាច​ផ្តាច់​ជីវិត ឬ​កាត់​ដៃ​ជើង​យើង​បាន។ ម្យ៉ាង​ទៀត «គ្រប់​ទាំង​របស់​ដ៏​ល្អ ដែល​ព្រះ​ប្រទាន​មក និង​អស់​ទាំង​អំណោយ​ទាន​ដ៏​គ្រប់​លក្ខណ៍» ដែល​យើង​ត្រូវ​ការ មិន​មែន​ជា​អ្វី​ដែល​យើង​ត្រូវ​ការ​នៅ​ទី​បញ្ចប់​នោះ​ឡើយ។ ទេ! ក្នុង​សេចក្តី​ទាំង​នោះ យើង​ខ្ញុំ​វិសេស​លើស​ជាង​អ្នក​ដែល​មាន​ជ័យជម្នះ​ទៅ​ទៀត។ គ្មាន​អ្វី​អាច​ពង្រាត់​យើង ចេញ​ពី​ក្តី​ស្រឡាញ់​របស់​ព្រះ​បាន​ឡើយ (រ៉ូម ៨:៣៧-៣៩)។ ព្រះ​អង្គ​មាន​ភាព​គ្រប់​គ្រាន់ ក្នុង​ពេល​នោះ។ ហេតុ​នេះ​ហើយ យើង​មាន​អារម្មណ៍​ថា យើង​កំពុង​តែ​ខ្វះ​ការ​គោរព​ចំពោះ​ព្រះ​អង្គ បើ​យើង​និយាយ​ថា យើង​មិន​ត្រូវ​ការ​ព្រះ​អង្គ ឬ​ថា យើង​មាន​អ្វី​ផ្សេង​ទៀត ដែល​យើង​ត្រូវ​ការ​ផង​ដែរ ដែល​ព្រះ​អង្គ​មិន​អាច​បំពេញ​ឲ្យ​បាន។

ឥឡូវ​នេះ ខ្ញុំ​បាន​និយាយ​សង្កត់​ធ្ងន់ ដោយ​ប្រើ​ពាក្យ ក្នុង​ពេល​នោះ ព្រោះ​ព្រះ​ទ្រង់​នៅ​តែ​មាន​ព្រះ​ទ័យ​ប្តូរ​ផ្តាច់ ចំពោះ​ពិភព​លោក ដែល​ព្រះ​អង្គ​បាន​បង្កើត ហើយ​នៅ​ក្នុង​គ្រា​នៃ​ការ​រស់​ឡើង​វិញ ព្រះ​អង្គ​នឹង​ប្រទាន​មក​វិញ​នូវ​អ្វី​ដែល​បាន​បាត់​បង់ នៅ​ក្នុង​ការ​ស្លាប់។ ព្រះ​អង្គ​នឹង​បង្រៀន​យើង ក្នុង​ពេល​នៃ​សេចក្តី​ស្លាប់ ឲ្យ​ពឹង​ផ្អែក​លើ​ព្រះ​អង្គ។ សាវ័ក​ប៉ុល​បាន​និយាយ​អំពី​រឿង​នេះ ក្នុង​បទ​គម្ពីរ ២កូរិនថូស ១:៨-៩។

បន្ទាប់​មក មាន​ចំណុច​មួយ​ទៀត ដែល​ត្រូវ​និយាយ​សង្កត់​ធ្ងន់។ សូម្បី​តែ ក្នុង​តម្រូវ​ការ​នៃ​ប្តី​ប្រពន្ធ ចំណី​អាហារ សមាជិក​ពួក​ជំនុំ និង​គ្រឿង​ទ្រទ្រង់​ជីវិត គ្រឿង​ធ្វើ​ឲ្យ​ជីវិត​ប្រសើរ​ឡើង ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​មាន ក៏​ព្រះ​អង្គ​នៅ​តែ​ធ្វើ​ឲ្យ​ភាព​សប្បាយ​រីក​រាយ​របស់​យើង​មាន​ន័យ គឺ​ដូច​អ្វី​ដែល​ពួក​ព្យួរីតិន​តែង​និយាយ។ ពេល​ណា​យើង​មាន​ការ​សប្បាយ​ដ៏​ត្រឹម​ត្រូវ យើង​អរ​សប្បាយ​នឹង​ព្រះ នៅ​ក្នុង និង​តាម​រយៈ​ប្តី​ប្រពន្ធ ធម្មជាតិ ការ​អស្ចារ្យ និង​ចំណី​អាហារ ដើម្បី​កុំ​ឲ្យ​យើង​យក​ការ​ទាំង​នេះ​ជា​សំខាន់​ជាង​ព្រះ​អង្គ​​ឡើយ។ ហើយ​ក្នុង​ន័យ​មួយ យើង​ក៏​អាច​និយាយ​ថា «ខ្ញុំ​មាន​ព្រះ នៅ​ក្នុង​ការ​ទាំង​អស់​នេះ គឺ​មិន​គ្រាន់​តែ​មាន​ព្រះ​អង្គ បន្ថែម​ពី​លើ​អ្វី​ទាំង​អស់ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្កប់​ចិត្ត»។ ដូច្នេះ ព្រះ​ទ្រង់​ប្រើ​សេចក្តី​ត្រូវ​ការ​របស់​យើង នូវ​មនុស្ស និង​ចំណី​អាហារ ដើម្បី​និយាយ​មក​កាន់​យើង​ថា «ឃើញ​ទេ បិតា​នៅ​ក្នុង​អំណោយ​នេះ​ហើយ។ តើ​កូន​ឃើញ​បិតា​ទេ? តើ​កូន​អរសប្បាយ​នឹង​បិតា ក្នុង​អំណោយ​ទាំង​នេះ​ទេ?» ដូច​នេះ តាម​ពិត​​ក្នុង​ការ​ដែល​ព្រះ​ទ្រង់​បង្កើត​អ្វី​ដែល​មិន​មែន​ជា​ព្រះ ព្រះ​អង្គ​បាន​បង្កើត​ពិភព​លោក ដែល​ក្នុង​នោះ គេ​នឹង​បាន​ស្គាល់ និង​អរ​សប្បាយ​នឹង​ព្រះ​អង្គ​បាន​ពេញ​លេញ លើស​អ្វីៗ​ទាំង​អស់។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, និងលោក ឯក សត្យា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ធ្វើបាប

ព្រះគ្រីស្ទពូកែ