«ដូច្នេះ ខ្ញុំចង់ឲ្យបុរសៗលើកដៃបរិសុទ្ធឡើង ហើយអធិស្ឋាននៅគ្រប់ទីកន្លែង ដោយឥតមានកំហឹង ឬឈ្លោះប្រកែកឡើយ។ ឯស្ត្រីៗក៏ដូច្នោះដែរ ត្រូវតែងខ្លួនតាមបែបសមរម្យ មិនឆើយឆាយ ហើយចេះប្រមាណខ្លួន មិនមែនដោយក្រងសក់ ពាក់មាស កែវមុក្ដា ឬអលង្ការថ្លៃៗឡើយ តែធ្វើឲ្យសមជាស្ត្រី ដែលប្រកាសខ្លួនថាជាអ្នកគោរពប្រតិបត្តិដល់ព្រះ គឺដោយការប្រព្រឹត្តអំពើល្អវិញ។ ត្រូវឲ្យស្ត្រីៗរៀនដោយស្ងាត់ស្ងៀម ទាំងចុះចូលគ្រប់ជំពូក។ ខ្ញុំមិនអនុញ្ញាតឲ្យស្ត្រីណាបង្រៀន ឬប្រើអំណាចលើបុរសឡើយ ត្រូវឲ្យនាងនៅស្ងាត់ស្ងៀមវិញ។ ដ្បិតព្រះបានបង្កើតលោកអ័ដាមជាមុន រួចបង្កើតនាងអេវ៉ាតាមក្រោយ។ មិនមែនលោកអ័ដាមទេដែលចាញ់បញ្ឆោត គឺស្ត្រីទេតើដែលចាញ់បញ្ឆោត ហើយបានត្រឡប់ជាអ្នកប្រព្រឹត្តរំលង» (១ធីម៉ូថេ ២:៨-១៤ គកស)។
ការដាស់តឿនដល់មនុស្សប្រុស
វាជាការសំខាន់ណាស់ដែលសាវ័ក ប៉ុល បាននិយាយទៅកាន់មនុស្សប្រុសក្នុងខ៨ មុនគាត់និយាយទៅកាន់មនុស្សស្រីក្នុងខ៩។ សាវ័ក ប៉ុល ចាត់ទុកមនុស្សប្រុសថាជាអ្នកដឹកនាំក្នុងក្រុមគ្រួសាររបស់ខ្លួន—ហើយអ្នកខ្លះថាជាអ្នកដឹកនាំក្នុងក្រុមជំនុំ។ គាត់កំពុងតែលើកឡើងយ៉ាងច្បាស់ថា ពួកគេមានតួនាទីដ៏ជាក់លាក់មួយក្នុងការបំពេញ «នៅគ្រប់ទីកន្លែង» ពេលដែលក្រុមជំនុំជួបជុំគ្នា ដែលមានរួមទាំងទីក្រុងអេភេសូរ។ មនុស្សប្រុសមានតួនាទីក្នុងការអធិស្ឋាន។ សាវ័ក ប៉ុល បានលើកឡើងយ៉ាងច្បាស់ហើយថា តើគាត់ចង់ឲ្យពួកគេអធិស្ឋានអំពីអ្វីខ្លះ (១ធីម៉ូថេ ២:១-៧ គកស)។ អ្វីដែលគាត់កំពុងផ្ដោតលើនេះគឺអំពីរបៀបដែលពួកគាត់គួរអធិស្ឋាន គឺផ្ដោតលើចំណុច២យ៉ាង៖ មួយវិជ្ជមាន ហើយមួយទៀតអវិជ្ជមាន។ សម្រាប់ចំណុចអវិជ្ជមាន គឺឲ្យពួកគេអធិស្ឋាន ខណៈពេលដែលកំពុង «លើកដៃបរិសុទ្ធឡើង»។
នេះគឺជាអាកប្បកិរិយានៃការអធិស្ឋានដ៏ទូទៅមួយក្នុងព្រះគម្ពីរសញ្ញាចាស់ (១ពង្សាវតាក្សត្រ ៨:២២; ទំនុកតម្កើង ២៨:២, ៦៣:៤)។ ព្រះយេស៊ូវផ្ទាល់ក៏បានអធិស្ឋានដោយលើកដៃផងដែរ (លូកា ២៤:៥០)។ ខគម្ពីរយោងក្នុងកណ្ឌគម្ពីរអេសាយទាក់ទងទៅនឹងការលើកដៃផ្ដល់ជាព័ត៌មានឲ្យយើងយល់អំពីពាក្យពេចន៍ដែលសាវ័ក ប៉ុល កំពុងលើកឡើងក្នុងកណ្ឌគម្ពីរ ១ធីម៉ូថេ ២:៨៖
«កាលណាអ្នករាល់គ្នាប្រទូលដៃឡើងនោះយើងនឹងបែរភ្នែកចេញពីអ្នកបើកាលណាអ្នកអធិស្ឋានជាច្រើននោះយើងនឹងមិនស្តាប់ឡើយ ដ្បិតដៃអ្នករាល់គ្នាប្រឡាក់ពេញដោយឈាម។ ចូរលាងចេញ ចូរជម្រះខ្លួនឲ្យស្អាតចុះ ចូរបំបាត់អំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្តពីចំពោះភ្នែកយើងចេញ ហើយលែងប្រព្រឹត្តអំពើអាក្រក់តទៅទៀត» (អេសាយ ១:១៥-១៦ គកស)។
ហោរា អេសាយ បានលើកឡើងយ៉ាងច្បាស់ហើយថា ការលើកដៃគឺមិនមែនគ្រាន់តែជាអាកប្បកិរិយាសម្រាប់ការអធិស្ឋានឡើយ។ ដៃរបស់បុគ្គលណាម្នាក់តំណាងឲ្យទង្វើដែលគាត់ប្រព្រឹត្ត៖ មានទាំងទង្វើល្អ និងទង្វើអាក្រក់។ ក្នុងបរិបទរបស់ហោរា អេសាយ «ដៃ» របស់អ្នកដែលកំពុងស្ដាប់គាត់គឺប្រឡាក់ទៅដោយឈាម ដូច្នេះហើយបានជាព្រះជាម្ចាស់មិនព្រះសណ្ដាប់ពួកគាត់។
នេះហើយជាមូលហេតុដែលសាវ័ក ប៉ុល បានហៅប្រុសៗឲ្យអធិស្ឋាន ខណៈពេលដែលលើក «ដៃបរិសុទ្ធ» ឡើង។ ដាច់ខាត! ការថ្វាយបង្គំជាសាធារណៈរបស់ពួកគាត់ ត្រូវតែកើតចេញពីជីវិតដែលមានភាពបរិសុទ្ធជាទីសម្គាល់។ បើនិយាយម្យ៉ាងទៀតទៅ ព្រះជាម្ចាស់កំពុងតែរកអស់អ្នកដែលថ្វាយបង្គំទ្រង់ដោយវិញ្ញាណ និងសេចក្ដីពិត មិនមែនបែបជាជីវិតពុតមាយាឡើយ។ ព្រះជាម្ចាស់មិនសូវសព្វព្រះហឫទ័យចំពោះបុរសដែលថ្វាយបង្គំគ្រាន់តែជាបែបសម្ដែងទេ ប្រសិនបើជីវិតរស់នៅរបស់គាត់មានលក្ខណៈដូចជាអារក្សសាតាំង។ ហេតុដូច្នេះហើយបានជាសាវ័ក ប៉ុល លើកឡើងថា ឲ្យមនុស្សប្រុស «លើកដៃបរិសុទ្ធ»។
បែបជាអវិជ្ជមានសាវ័ក ប៉ុល បានលើកឡើងថា ការថ្វាយបង្គំជាសាធារណៈដាច់ខាតត្រូវតែកើតចេញពីជីវិតដែលគ្មាន «កំហឹង» ឬក៏ «ឈ្លោះប្រកែក» ឡើយ។ ដូច្នេះ កំហឹង និងការឈ្លោះប្រកែកគឺជាអំពើបាបដ៏ជាក់លាក់ដែលជាទស្សនៈបង្ហាញអំពី «ដៃ» ដែលមិនបរិសុទ្ធរបស់បុរសណាម្នាក់។ ពាក្យ «កំហឹង» សំដៅទៅលើភាពខាងក្នុងនៃបុគ្គលិកលក្ខណៈនៃសេចក្ដីក្រោធ និងកំហឹងដែលបង្ហាញចេញជាសាធារណៈ។ ពាក្យ «ឈ្លោះប្រកែក» សំដៅទៅលើការយកឈ្នះដែលមិនបរិសុទ្ធ និងការវែកញែកដែលកើតចេញពីចិត្តដែលខឹង។ ការ «លើកដៃបរិសុទ្ធឡើង» ទាមទារឲ្យមានការបំផ្លាស់បំប្រែដែលកើតចេញពីដួងចិត្ត និងបង្ហាញក្នុងទង្វើប្រព្រឹត្ត។
ការដាស់តឿនដល់មនុស្សស្រី
ឃ្លា «ឯ…ក៏ដូច្នោះដែរ» បង្ហាញអំពីភាពស៊ីគ្នារវាងការដាស់តឿនរបស់សាវ័ក ប៉ុល ទៅកាន់មនុស្សប្រុសក្នុងខ៨ និងការដាស់តឿនរបស់គាត់ទៅកាន់មនុស្សស្រីក្នុងខ៩។ លោកគ្រូ ជច នៃត (George Knight) បានពន្យល់អំពីភាពស៊ីគ្នាក្នុងរបៀបនេះ៖ «ដូចដែលគ្រីស្ទបរិស័ទបុរសៗត្រូវការទទួលការព្រមានត្រង់ថា ចំណាប់អារម្មណ៍របស់ពួកគាត់ក្នុងភាពម៉ឺងម៉ាត់ និងការជជែកវែកញែកគ្នាមិនគួរបង្កើតឲ្យមានការឈ្លោះប្រកែក និងការជំទាស់ប្រឆាំងយោបល់ (ខ៨) ដូចគ្នាផងដែរគ្រីស្ទបរិស័ទដែលជាស្ត្រីក៏ត្រូវការទទួលការព្រមានត្រង់ថា ចំណាប់អារម្មណ៍របស់ពួកគាត់ក្នុងសម្ផស្ស និងការតុបតែងខ្លួនក៏មិនគួរបង្កើតឲ្យមានភាពឆើយឆាយ និងភាពមិនប្រយ័ត្នប្រយែងផងដែរ»១។
នៅក្រោមព្រះអាទិត្យនេះគ្មានអ្វីថ្មីទេ។ ស្ត្រីក្នុងសម័យសាវ័ក ប៉ុល មានចំណាប់អារម្មណ៍ទៅលើសម្ផស្សរបស់ខ្លួនដូចដែលស្ត្រីមួយចំនួននៅក្នុងសម័យយើងមានផងដែរ។ យើងមានភស្តុតាងពីសម័យបុរាណទាក់ទងនឹងការតុបតែងខ្លួនបែបនេះ—ការក្រងសក់ ពាក់មាស កែវមុក្ដា ឬអលង្ការថ្លៃៗ—ដែលតាមពិតតែឯងវាមិនអាក្រក់ទេ ប៉ុន្តែវាអាចជាចំណុចសម្គាល់នៃការមានចិត្តដែលពេញដោយអំពើបាប៖ «ការប្រើប្រាស់បែបលើសកម្រិត និងជាការទាក់ទាញខាងឯផ្លូវភេទដែលរបស់ទាំងនោះតំណាងឲ្យនូវអ្វីដែលសាវ័ក ប៉ុល កំពុងតែហាមប្រាម (ខយោង៖ យ៉ាកុប ៥:១-៦) មិនមែនអំពីការក្រងសក់ ពាក់មាស កែវមុក្ដា ឬអលង្ការថ្លៃៗតែឯងផ្ទាល់នោះទេ»២។ មិនមែនថា រាល់ការក្រងសក់ ពាក់មាស កែវមុក្ដា ឬអលង្ការថ្លៃៗគឺជាការខុសឆ្គងនោះឡើយ។ គឺសំដៅទៅលើថា វាគ្រាន់តែបង្ហាញពីការលួងលោមខាងឯផ្លូវភេទ ឬក៏ការសម្ញែង (កណ្ឌគម្ពីរ ១ពេត្រុស ៣:៣-៤ មិនបានហាមមិនឲ្យមាន «សម្លៀកបំពាក់» ទេ)។
ជាទូទៅ នៅសតវត្សទី១ ពួកបុរសៗនៃសាសន៍យូដាមិនលើកទឹកចិត្តឲ្យមនុស្សស្រីរៀនសូត្រទេ ប៉ុន្តែទោះជាក្នុងភាពធម្មតានៃការដឹកនាំដោយមនុស្សប្រុសនៅសម័យនោះក៏សាវ័ក ប៉ុល បានប្រាប់អ្នកជឿនៅទីក្រុងអេភេសូរថា គាត់ពេញចិត្តឲ្យមនុស្សស្រី «រៀន» (ឧទាហរណ៍៖ ឲ្យមានការណែនាំអំពីជំនឿ)។ ក្នុងខគម្ពីរទាំងមូលនេះ យើងឃើញថា ការបង្គាប់ឲ្យមនុស្សស្រី «រៀន» គឺជាកិរិយាសព្ទបង្គាប់បញ្ជាតែមួយគត់។ ទោះជាយ៉ាងណាក្ដី ក៏ការផ្ដោតគឺមិនមែនលើការបញ្ជាផ្ទាល់នោះទេ (សាវ័ក ប៉ុល ហាក់បីដូចជាបានសន្មតហើយថាមនុស្សស្រីនឹងរៀន) ប៉ុន្តែវាគឺជាការផ្ដោតលើឥរិយាបថដែលមនុស្សស្រីត្រូវធ្វើក្នុងការអនុវត្តបញ្ជាមួយនោះ៖ ពួកគាត់ត្រូវរៀន «ដោយស្ងាត់ស្ងៀម» និង «ទាំងចុះចូលគ្រប់ជំពូក» ដែរ។
ឃ្លា «ស្ងាត់ស្ងៀម» មិនមែនមានន័យថា មនុស្សស្រីមិនមានសិទ្ធិក្នុងការនិយាយស្ដីនៅពេលដែលក្រុមជំនុំជួបជុំគ្នាសម្រាប់ថ្វាយបង្គំឡើយ។ ការនោះនឹងទាស់ប្រឆាំងទាំងស្រុងលើអ្វីដែលសាវ័ក ប៉ុល បានមានប្រសាសន៍អំពីមនុស្សស្រីក្នុងកណ្ឌគម្ពីរ ១កូរិនថូស ជំពូក១១ ដែលរៀបរាប់អំពីការដែលគាត់ប្រាប់មនុស្សស្រីពីរបៀបអធិស្ឋាន និងថ្លែងទំនាយក្នុងក្រុមជំនុំ។ ការសន្មតរបស់គាត់គឺថា ពួកគេនឹងអធិស្ឋាន ហើយថ្លែងទំនាយ ដែលការនេះមានន័យថា គាត់ក៏បានសន្មតផងដែរថាពួកគេនឹងនិយាយពេលដែលក្រុមជំនុំមានកម្មវិធី។ យើងគួរកត់សម្គាល់៖ ត្រង់ថាពាក្យ «ស្ងាត់ស្ងៀម» ក្នុងខ១១ក៏មានអត្ថន័យដូចគ្នាក្នុងខ២ សម្រាប់ពាក្យ «ស្ងប់ស្ងាត់» ផងដែរ។ នៅពេលដែលព្រះគម្ពីរបានបញ្ជាឲ្យគ្រីស្ទបរិស័ទអធិស្ឋាន «ឲ្យយើងបានរស់នៅដោយសុខសាន្ត និងស្ងប់ស្ងាត់» ឃ្លានោះមិនមែនជាការពណ៌នាឲ្យមានជីវិតរស់នៅដែលហាមនរណាម្នាក់មិនឲ្យនិយាយស្ដីនោះទេ។ ប៉ុន្តែ សំដៅទៅលើជីវិតដែល «គ្មានចលាចល ឬក៏ការបង្ករឿង» (សូមមើលទៅលើអត្ថន័យក្នុងវចនានុក្រមភាសាក្រិក BDAG លើពាក្យ «ហេស៊ូឃា» “ἡσυχία”)។ ដូចគ្នាផងដែរពាក្យ «ស្ងាត់ស្ងៀម» ក៏មិនមានន័យថា ការនៅស្ងាត់ទាំងស្រុងនោះដែរ។ ប៉ុន្តែ មានន័យថាមនុស្សស្រីគួរ «គ្មានចលាចល ឬក៏ការបង្ករឿង»។ ពាក្យនេះទាមទារមនុស្សស្រី «ឲ្យមានអាកប្បកិរិយា និងមារយាទស្ងៀមស្ងាត់ដែលលើកស្ទួយសន្តិភាពជាជាងការឈ្លោះប្រកែកគ្នា»៣។
ទី២ គឺឲ្យមនុស្សស្រីរៀន «ទាំងចុះចូលគ្រប់ជំពូក»។ ឃ្លានេះគឺស្រដៀងគ្នាទៅនឹងឃ្លាដែលសាវ័ក ប៉ុល បានប្រើប្រាស់ក្នុងកណ្ឌគម្ពីរអេភេសូរជំពូក៥ ដែលត្រង់នោះគាត់បានណែនាំឲ្យប្រពន្ធចុះចូលនឹងប្ដីរបស់ខ្លួន។ ប៉ុន្តែ ត្រង់កណ្ឌគម្ពីរ ១ធីម៉ូថេ គាត់មិនមែនគ្រាន់តែសំដៅ ដោយនិយាយតែអំពីការចុះចូលចំពោះប្ដីប៉ុណ្ណោះទេ តែកំពុងលើកឡើងអំពីការចុះចូលទៅនឹងសេចក្តីបង្រៀនដ៏ត្រឹមត្រូវពីអ្នកដឹកនាំក្នុងក្រុមជំនុំ—ពោលគឺពួកចាស់ទុំ។ គាត់កំពុងតែណែនាំមនុស្សស្រីកុំឲ្យមានការចូលចិត្តក្នុងការបង្កជម្លោះ ឬក៏ដណ្ដើមយកតួនាទីរបស់ពួកចាស់ទុំ ប៉ុន្តែគឺឲ្យចុះចូលចំពោះអ្នកដឹកនាំរបស់ខ្លួនវិញ។ ក្នុងអត្ថន័យនេះ កាតព្វកិច្ចរបស់ស្ត្រីដែលជាគ្រីស្ទបរិស័ទគឺគ្មានការខុសគ្នាពីកាតព្វកិច្ចរបស់មនុស្សប្រុសដែលជាគ្រីស្ទបរិស័ទនោះទេ។ ទាំងមនុស្សប្រុស និងមនុស្សស្រី ព្រះជាម្ចាស់បានត្រាស់ហៅ ឲ្យចុះចូលចំពោះអ្នកដឹកនាំដែលព្រះជាម្ចាស់បានដាក់ក្នុងក្រុមជំនុំ (ហេព្រើរ ១៣:១៧)។ ការចុះចូលចំពោះការដឹកនាំរបស់ពួកចាស់ទុំគឺមិនមែនតែសម្រាប់មនុស្សស្រីនោះឡើយ។ ប៉ុន្តែ ខ១២បានលើកឡើងអំពីចំណុចខុសគ្នាទាក់ទងនឹងតួនាទីរបស់មនុស្សស្រី។
តើមានករណីលើកលែងអ្វីខ្លះ?
ខគម្ពីរមួយនេះគឺជាខគម្ពីរមួយដែលមានការឈ្លោះប្រកែកគ្នាខ្លាំងជាងគេបំផុតនៅក្នុងព្រះគម្ពីរសញ្ញាថ្មីទាំងមូល មូលហេតុគឺដោយសារមានមតិយោបល់ខុសៗគ្នាជាច្រើនទាក់ទងទៅនឹងអ្វីដែលសាវ័ក ប៉ុល កំពុងតែមិនអនុញ្ញាតឲ្យមានករណីលើកលែង។ លើខគម្ពីរនេះមានអត្ថបទបកស្រាយច្រើនណាស់ ហើយបើឲ្យយើងឆ្លើយតបទៅលើការកាត់ស្រាយដែលទាស់ប្រឆាំងគ្នាក្នុងអត្ថបទនេះ នោះយើងមិនអាចធ្វើបានទេ៤។ ប៉ុន្តែ ទោះជាយ៉ាងណាក្ដី យើងអាចចម្រាញ់ការវែកញែកដោយបំបែកយោបល់នៃការកាត់ស្រាយទៅជាពីរចំណុច។
ការកាត់ស្រាយមួយលើកឡើងថាសាវ័ក ប៉ុល ហាមមិនឲ្យធ្វើអ្វីមួយ—គឺការបង្រៀនមួយប្រភេទ។ ទាក់ទងនឹងទស្សនៈមួយនេះ អ្នកកាត់ស្រាយបកប្រែឃ្លាដូចជា៖ «ខ្ញុំមិនអនុញ្ញាតឲ្យមនុស្សស្រីបង្រៀនដោយមានអំណាចនោះទេ» ឬក៏ថា៖ «ខ្ញុំមិនអនុញ្ញាតឲ្យមនុស្សស្រីបង្រៀនដោយមានគោលបំណងចង់ធ្វើជាអ្នកត្រួតត្រាឡើយ»។ ក្នុងករណីទាំងពីរនេះ វាទាក់ទងតែទៅលើការបង្រៀនមួយប្រភេទប៉ុណ្ណោះដែលសាវ័ក ប៉ុល កំពុងតែហាមប្រាម។ ដរាបណាមនុស្សស្រីមិនបង្រៀនដោយមានអំណាច—បង្រៀនដោយប្រើអំណាចជាគ្រូគង្វាល—នោះមនុស្សស្រីអាចបង្រៀនទៅកាន់មនុស្សប្រុសក្នុងការជួបជុំគ្នាក្នុងក្រុមជំនុំបាន។ ឬក៏ថា ដរាបណាគ្រូបង្រៀនដែលជាមនុស្សស្រីមិនព្យាយាមធ្វើជាអ្នកត្រួតត្រា នោះពួកគាត់មានសិទ្ធិក្នុងការបង្រៀន ពេលដែលរាស្ត្ររបស់ព្រះជាម្ចាស់ជួបជុំគ្នាបាន។ សាវ័ក ប៉ុល បានដកសិទ្ធិនៃការដែលមនុស្សស្រីមិនបង្រៀនចេញក្នុងក្រុមជំនុំ ប៉ុន្តែទាក់ទងតែទៅលើការបង្រៀនតែមួយប្រភេទប៉ុណ្ណោះ—គឺការប្រើប្រាស់អំណាចក្នុងរបៀបខុសឆ្គង ឬក៏ការប្រើប្រាស់អំណាចក្នុងរបៀបឃោរឃៅ ឬក៏ពេញដោយអំពើបាប។
ប៉ុន្តែ ការកាត់ស្រាយទាំងពីរនោះមិនពន្យល់អំពីចំណុចពិតនៃពាក្យពេចន៍ដែលមានក្នុងអត្ថបទឡើយ។ ដូច្នេះ មានការកាត់ស្រាយមួយបែបទៀតដែលថា សាវ័ក ប៉ុល កំពុងតែហាមប្រាមពីរចំណុច មិនមែនតែមួយប៉ុណ្ណោះទេ៥។ ទាក់ទងនឹងទស្សនៈមួយនេះសាវ័ក ប៉ុល កំពុងតែមានប្រសាសន៍ថា មនុស្សស្រីមិនគួរបង្រៀន ឬក៏ប្រើប្រាស់អំណាចពេលក្រុមជំនុំជួបជុំគ្នានោះឡើយ។ សាវ័ក ប៉ុល មិនអនុញ្ញាតឲ្យមានព្រឹត្តិការណ៍ទាំងពីរនេះកើតឡើងនោះទេ។ សាវ័ក ប៉ុល មិនមែនកំពុងហាមប្រាមមិនឲ្យមនុស្សស្រីបង្រៀនទាល់តែសោះនោះឡើយ—ក្នុងករណីថា មនុស្សស្រីមិនត្រូវបង្រៀនប្រធានបទដូចជាគណិតវិទ្យា ឬក៏វិទ្យាសាស្ត្រឡើយ។ ការបកប្រែពាក្យ «បង្រៀន» សំដៅយ៉ាងជាក់លាក់លើការបង្រៀនគោលជំនឿគ្រីស្ទបរិស័ទ។ សរុបសេចក្ដីទៅ ការហាមប្រាមកំពុងតែផ្ដោតលើអត្ថន័យយ៉ាងចង្អៀតចំពោះអស់អ្នកដែលបង្រៀន ឬក៏អធិប្បាយព្រះគម្ពីរ។
ត្រង់នេះសាវ័ក ប៉ុល ក៏មិនកំពុងមានប្រសាសន៍ថា មនុស្សស្រីគ្មានលទ្ធភាពក្នុងការមានអំណោយទានជាគ្រូបង្រៀនព្រះគម្ពីរដែរ។ មានមនុស្សស្រីជាច្រើនដែលមានអំណោយទានផ្នែកជាគ្រូបង្រៀនបាន។ គាត់គ្រាន់តែកំពុងលើកឡើងថា ការអនុវត្តអំណោយទាននៃការបង្រៀនរបស់ពួកគេគឺត្រូវធ្វើក្នុងមាត្រដ្ឋានណាមួយប៉ុណ្ណោះ។ ពួកគាត់មិនមានការអនុញ្ញាតឲ្យបង្រៀនមនុស្សប្រុស។ ហើយពួកគាត់ក៏មិនមានការអនុញ្ញាតឲ្យ «ប្រើអំណាច» ដែរ។ នេះមានន័យថា មនុស្សស្រីមិនគួរធ្វើជាគ្រូគង្វាលឡើយ៦។ ដូចដែលជំពូកបន្តបន្ទាប់នៅក្នុងកណ្ឌគម្ពីរ ១ធីម៉ូថេ បានលើកឡើងយ៉ាងច្បាស់លាស់ថា តួនាទីជាគ្រូគង្វាលគឺទុកសម្រាប់តែបុរសៗដែលស័ក្តិសមប៉ុណ្ណោះ—មិនមែនសម្រាប់មនុស្សប្រុសទាំងអស់នោះទេ ប៉ុន្តែសម្រាប់តែអស់អ្នកដែលមានលក្ខណសម្បត្តិមួយចំនួនប៉ុណ្ណោះ ដែលជាលទ្ធផលត្រង់ថាក្រុមជំនុំទទួលស្គាល់ពីភាពចាស់ទុំរបស់ពួកគាត់។
បុគ្គលទូទៅដែលមានការយល់ដឹងបែបទំនើបៗទំនងជានឹងចាប់ផ្ដើមមានអារម្មណ៍ជំទាស់ដូចតទៅ៖ «ហេតុអ្វីបានជាសាវ័ក ប៉ុល បោះមាត្រដ្ឋានលើភេទទាក់ទងនឹងចំណុចថា តើអ្នកណាអាចបង្រៀន ឬក៏ធ្វើជាពួកចាស់ទុំបាន? ស្ដាប់ទៅហាក់បីដូចជារើសអើងភេទពេកហើយ»។ ហាក់បីដូចជាថាសាវ័ក ប៉ុល បានដឹងថានឹងមានការជំទាស់បែបនោះ ដូច្នេះគាត់ក៏បានឆ្លើយសំណួរនោះនៅក្នុងខបន្ទាប់។
លំដាប់លំដោយនៃការបង្កើត
ពាក្យ «ដ្បិត» ចាប់ផ្ដើមពន្យល់អំពីមូលហេតុនៃការហាមប្រាមនៅក្នុងខ១២៖ «ដ្បិតព្រះបានបង្កើតលោកអ័ដាមជាមុន រួចបង្កើតនាងអេវ៉ាតាមក្រោយ»។ ច្បាស់ណាស់កណ្ឌគម្ពីរ លោកុប្បត្ដិ ២ ដែលរៀបរាប់អំពីការបង្កើតគឺជាខយោង។ នៅក្នុងកណ្ឌគម្ពីរ លោកុប្បត្ដិ ២ ព្រះជាម្ចាស់បានបង្កើតលោក អ័ដាម ចេញពីដី ហើយបន្ទាប់មកបានបង្កើតនាង អេវ៉ា ចេញពីឆ្អឹងជំនីរបស់លោក អ័ដាម។ សាវ័ក ប៉ុល កំពុងតែបង្រៀនថា មូលហេតុទាក់ទងទៅនឹងការហាមប្រាម គឺពាក់ព័ន្ធទៅនឹងរបៀបដែលព្រះជាម្ចាស់បានបង្កើតបុរស និងស្ត្រីដំបូង។
អ្នកកាត់ស្រាយមួយចំនួនបានលើកឡើងថា មនុស្សស្រីដំបូងមានការគិតគូ និងការវែកញែកអន់ជាងមនុស្សប្រុស។ ដូច្នេះ ពួកគាត់ក៏ប្រកែកថា មនុស្សស្រីទទួលការហាមប្រាមមិនឲ្យបង្រៀន ព្រោះពួកគាត់មិនមាន «លទ្ធភាពស្មើនឹង» មនុស្សប្រុសផ្នែកប្រាជ្ញា។ ការកាត់ស្រាយបែបនេះមិនអាចទទួលយកធ្វើជាការបញ្ចុះបញ្ចូលបានឡើយ ដោយមានមូលហេតុជាច្រើន។ ទី១ សាវ័ក ប៉ុល បានត្រាស់ហៅមនុស្សស្រីឲ្យបង្រៀនដល់មនុស្សស្រីផ្សេងទៀត (ទីតុស ២:៣-៥)។ ប្រសិនបើមនុស្សស្រីមានប្រាជ្ញាអន់ជាមនុស្សប្រុសមែន នោះសាវ័ក ប៉ុល នឹងមិនអនុញ្ញាតឲ្យពួកគាត់បង្រៀនទេ។ ប៉ុន្តែ ដោយសារសាវ័ក ប៉ុល ចង់ឲ្យមនុស្សស្រីបង្រៀនដល់មនុស្សស្រីផ្សេងៗទៀតនៅក្នុងក្រុមជំនុំ ពិតណាស់ គាត់ក៏បានទទួលជឿថា យ៉ាងហោចណាស់ក៏មានមនុស្សស្រីមួយចំនួនដែលមានលទ្ធភាពយ៉ាងពេញទីក្នុងការបំពេញតួនាទីនោះបានដែរ។ ទី២ បទគម្ពីរនេះក៏មិនបានលើកឡើងថា មនុស្សស្រីត្រូវបានទទួលការហាមប្រាមពីការបង្រៀន ដោយសារពួកគាត់ងាយចាញ់បញ្ឆោតជាងមនុស្សប្រុសនោះទេ។ ចូរកត់សម្គាល់ក្នុងខ១៣ត្រង់ថាសាវ័ក ប៉ុល បានប្រើប្រាស់ពាក្យ «មុន» ដើម្បីផ្ដោតទៅលើលំដាប់លំដោយនៃការបង្កើតមនុស្សប្រុស និងមនុស្សស្រី៖ [ព្រះ] «…បានបង្កើតលោកអ័ដាមជាមុន រួចបង្កើតនាងអេវ៉ាតាមក្រោយ»។ នេះមានន័យថា មូលហេតុនៃការហាមប្រាមក្នុងខ១២គឺទាក់ទងទៅនឹងលំដាប់លំដោយនៃការបង្កើតទេតើ។
ចូរកត់សម្គាល់ផងដែរថាខ១៣ និង១៤ [ភាសាដើម] បានប្រើប្រាស់កិរិយាសព្ទអសកម្ម៖ [ព្រះ] «…បានបង្កើតលោកអ័ដាមជាមុន រួចបង្កើតនាងអេវ៉ាតាមក្រោយ មិនមែនលោកអ័ដាមទេដែលចាញ់បញ្ឆោត គឺស្ត្រីទេតើដែលចាញ់បញ្ឆោត»។ ក្នុងខ១៣ ព្រះជាម្ចាស់ជាប្រធានកិរិយាសព្ទ ហើយក្នុងខ១៤ សាតាំងជាប្រធានកិរិយាសព្ទ។ ក្នុងអត្ថន័យនេះសាវ័ក ប៉ុល មិនមែនកំពុងយកជាគោលនៅអ្វីដែលលោក អ័ដាម និងនាង អេវ៉ា បានប្រព្រឹត្តនៅក្នុងសួនច្បារទេ ប៉ុន្តែយកជាគោលលើអ្វីដែលត្រូវបានប្រព្រឹត្តទៅកាន់ពួកគេវិញ។ ក្នុងលក្ខណៈផ្ទុយគ្នា ខ១៤បានលើកឡើងថា ជាដំបូងសាតាំងបានបោកបញ្ឆោតនាង អេវ៉ា មិនមែនលោក អ័ដាមទេ។ ក្នុងលំដាប់លំដោយដើមនៃការបង្កើត ព្រះជាម្ចាស់បានមានព្រះបន្ទូលទៅកាន់លោក អ័ដាម ហើយលោកអ័ដាមបានចែកចាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅកាន់នាង អេវ៉ា ហើយ លោក អ័ដាម និងនាង អេវ៉ា ត្រូវធ្វើជាអ្នកត្រួតត្រាលើសត្វទាំងអស់លើផែនដី។ ក្នុងការធ្លាក់ក្នុងអំពើបាប សត្វពស់បាននិយាយទៅកាន់នាង អេវ៉ា ហើយនាង អេវ៉ា បានជះឥទ្ធិពលលើលោក អ័ដាម ដែលបានដើរតាមនាង ហើយទាំងលោក អ័ដាម និងនាង អេវ៉ាក៏បានគេចវេសពីព្រះជាម្ចាស់។ សរុបសេចក្ដីទៅ ខ១៣ប្រាប់យើងអំពីអ្វីដែលព្រះជាម្ចាស់បានសម្រេច ហើយខ១៤ប្រាប់យើងអំពីអ្វីដែលសាតាំងបានធ្វើ។ ព្រះជាម្ចាស់បានរចនាការបង្កើតជាលំដាប់លំដោយ ហើយសាតាំងបំផ្លិចបំផ្លាញលំដាប់លំដោយនោះចោល។
សាវ័ក ប៉ុល ផ្អែកទៅលើព្រះជាម្ចាស់ និងលំដាប់លំដោយនៃការបង្កើត និងការធ្លាក់ក្នុងអំពើបាប ដើម្បីបង្ហាញអំពីភាពជាអ្នកដឹកនាំរបស់លោកអ័ដាមក្នុងជីវិតអាពាហ៍ពិពាហ៍ដំបូងដែលព្រះជាម្ចាស់បង្កើតឡើង ដោយពឹងលើមូលដ្ឋានថា ព្រះជាម្ចាស់បានបង្កើតលោក អ័ដាម មុន—ច្បាប់ជាកូនច្បងគឺជាច្បាប់ដ៏សាមញ្ញនៅក្នុងយុគសម័យបុរាណ។ លំដាប់លំដោយនៃការបង្កើតបង្ហាញថាប្ដីជាអ្នកដឹកនាំក្នុងជីវិតអាពាហ៍ពិពាហ៍ដំបូង និងក្នុងរាល់ជីវិតអាពាហ៍ពិពាហ៍ទាំងអស់បន្ទាប់ពីនោះ។
លំដាប់លំដោយនៃជីវិតអាពាហ៍ពិពាហ៍មានអត្ថន័យបង្កប់ធំណាស់សម្រាប់ភាពជាអ្នកដឹកនាំក្នុងក្រុមជំនុំ ហើយនោះឯងគឺជាអត្ថន័យដែលសាវ័ក ប៉ុល កំពុងតែសង្កត់លើក្នុងកណ្ឌគម្ពីរ ១ធីម៉ូថេ ២:១២។ សាវ័ក ប៉ុល បានផ្អែកទៅលើលក្ខណៈនៃជីវិតអាពាហ៍ពិពាហ៍ ដើម្បី បង្ហាញអំពីចំណុចទាក់ទងនឹងភាពជាអ្នកដឹកនាំក្នុងក្រុមជំនុំ។ នេះមិនមែនជារឿងចៃដន្យនោះទេ ហើយវាក៏ស៊ីគ្នាទៅនឹងអ្វីដែលសាវ័ក ប៉ុល បានមានប្រសាសន៍ក្នុងកណ្ឌគម្ពីរ ១កូរិនថូស ១១:១-១៦ ទាក់ទងនឹងជីវិតអាពាហ៍ពិពាហ៍ដែរ៖ «ក្បាល» និងលំដាប់លំដោយពេលជួបជុំគ្នា។ លំនាំសម្រាប់អ្នកដឹកនាំក្នុងជីវិតអាពាហ៍ពិពាហ៍គឺជាមូលដ្ឋានសម្រាប់ការមានពួកចាស់ទុំជាមនុស្សប្រុសទាំងអស់។ លំនាំធម្មតាទាក់ទងនឹងភេទនៃពួកចាស់ទុំ ដាច់ខាតក៏ត្រូវតែដើរតាមលំនាំធម្មតានៃភេទសម្រាប់ជីវិតអាពាហ៍ពិពាហ៍ដែរ។ ប្រសិនបើវាមិនមែនជាករណីនោះ នោះរចនាសម្ព័ន្ធនៃភាពជាអ្នកដឹកនាំក្នុងក្រុមជំនុំក៏នឹងមានការជំទាស់គ្នាជាមួយនឹងរចនាសម្ព័ន្ធនៃភាពជាអ្នកដឹកនាំដែលព្រះជាម្ចាស់បានបង្កើតសម្រាប់ជីវិតអាពាហ៍ពិពាហ៍ក្នុងក្រុមជំនុំដែរហើយ។
អំពើបាបបានចូលមកក្នុងផែនដីនៅពេលដែលសត្វពស់បានទាស់ប្រឆាំងដោយវាយប្រហារលើលំដាប់លំដោយរបស់ព្រះជាម្ចាស់។ ដូចគ្នាផងដែរ ការបំផ្លិចបំផ្លាញភាពជាអ្នកដឹកនាំដែលព្រះជាម្ចាស់បានបង្កើតតាំងពីដំបូងមកម្ល៉េះក៏ជាការបំផ្លិចបំផ្លាញបាវចនារបស់ព្រះជាម្ចាស់ដែរ។ នេះឯងជាមូលហេតុដែលសាវ័ក ប៉ុល ហាមប្រាមមិនឲ្យមនុស្សស្រីបង្រៀន ឬក៏ប្រើអំណាចនៅពេលក្រុមជំនុំជួបជុំគ្នា។ ការហាមប្រាមមួយនេះគឺមិនមែនដោយសារមនុស្សស្រីមានប្រាជ្ញាអន់ជាងមនុស្សប្រុសនោះទេ។ ហើយវាក៏មិនពាក់ព័ន្ធគ្នាទៅនឹងកាលៈទេសៈណាមួយជាក់លាក់ក្នុងតែក្រុមជំនុំអេភេសូរផងដែរ។ ដោយសារការហាមប្រាមនេះមានឫសគល់ក្នុងលំដាប់លំដោយនៃការបង្កើត ដូច្នេះរាល់វប្បធម៌ទាំងអស់ត្រូវតែគោរពគោលការណ៍មួយនេះក្នុងគ្រប់ពេលវេលា និងយុគសម័យ។ ការដែលមនុស្សប្រុសដឹកនាំក្នុងជីវិតអាពាហ៍ពិពាហ៍គឺមិនមែនជាលទ្ធផលនៃការធ្លាក់ក្នុងអំពើបាបនោះទេ ប៉ុន្តែគឺជាផ្នែកមួយនៃលំដាប់លំដោយនៃការបង្កើត។ ដូច្នេះ ដូចគ្នាផងដែរ ការដែលមនុស្សប្រុសធ្វើជាអ្នកចាស់ទុំក្នុងក្រុមជំនុំក៏គួរតែបែបនេះដែរ។
មតិយោបល់
Loading…