in

រូបអង្គ​ព្រះជាម្ចាស់​សំខាន់​បំផុត

ព្រះគ្រីស្ទ វគ្គ៤/៦

៤) ព្រះគ្រីស្ទ

មេរៀន​ដ៏​សំខាន់​មួយ​ពី​ពួក​អ៊ីស្រាអែល​ជំនាន់​ដើម​គឺ​ថា មនុស្ស​មាន​បាប​មិន​អាច​បង្ហាញ​ពី​រូប​អង្គ​ព្រះជាម្ចាស់​បាន​យ៉ាង​គ្រប់លក្ខណ៍​ដោយ​ខ្លួនឯង​នោះ​ទេ ទោះបីជា​ពួកគេ​មាន​ក្រឹត្យវិន័យ​របស់​ទ្រង់ មាន​ទឹកដី​របស់​ទ្រង់ និង​មាន​ព្រះវត្តមាន​របស់​ទ្រង់​ក៏​ដោយ។ រឿង​របស់​ពួក​អ៊ីស្រាអែល​នេះ​គួរតែ​ធ្វើ​ឲ្យ​យើង​ម្នាក់ៗ​បន្ទាប​ខ្លួន​ចុះ។ មាន​តែ​ព្រះជាម្ចាស់​ទេ​ដែល​អាច​បង្ហាញ​ពី​រូប​អង្គ​ទ្រង់​បាន​យ៉ាង​គ្រប់លក្ខណ៍ ហើយ​មាន​តែ​ព្រះជាម្ចាស់​ទេ​ដែល​អាច​សង្គ្រោះ​យើង​ចេញពី​បាប និង​សេចក្តី​ស្លាប់​បាន។

ដូច្នេះ​ហើយ ព្រះជាម្ចាស់​បាន​បញ្ជូន​ព្រះ​រាជបុត្រា​តែ​មួយ​របស់​ទ្រង់​ឲ្យ​ «ប្រសូត​មក​មាន​រូប​ជា​មនុស្ស» (ភីលីព ២:៧)។ កូន​ស្ងួនភ្ងា​មួយ​អង្គ​នេះ​ជា​កូន​ដែល​ព្រះវរបិតា​សព្វ​ព្រះ​ហឫទ័យ​ណាស់ ទ្រង់​បាន​ចុះ​ចូល​ទាំង​ស្រុង​ទៅ​នឹង​ការ​ដឹកនាំ និង​នគរ​របស់​ព្រះជាម្ចាស់។ កូន​ស្ងួនភ្ងា​មួយ​អង្គ​នេះ​បាន​ធ្វើ​នូវ​អ្វី​ដែល​លោក អ័ដាម មិន​បាន​ធ្វើ គឺ​ទ្រង់​មិន​ព្រម​ធ្វើ​តាម​ការ​ល្បួង​របស់​សាតាំង​ទេ។ ទ្រង់​បាន​មាន​បន្ទូល​ទៅ​កាន់​មេល្បួង ខណៈ​ដែល​ទ្រង់​កំពុង​តម​អាហារ​នៅក្នុង​ទីរហោស្ថាន​ថា៖ «មនុស្ស​មិនមែន​រស់ ដោយសារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយសារ​គ្រប់​ទាំង​ព្រះបន្ទូល ដែល​ចេញពី​ព្រះឱស្ឋ​ព្រះ​មក​ដែរ» (ម៉ាថាយ ៤:៤)។

ព្រះយេស៊ូវ​បាន​ធ្វើ​នូវ​អ្វី​ដែល​អ៊ីស្រាអែល​មិន​បាន​ធ្វើ។ ទ្រង់​រស់នៅ​ដោយ​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ និង​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះវរបិតា​ទាំង​ស្រុង។ «ខ្ញុំ​មិន​ធ្វើ​អ្វី​ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ខ្ញុំ​និយាយ​សេចក្តី​ទាំង​នេះ តាម​តែ​ព្រះវរបិតា​បាន​បង្រៀន​ខ្ញុំ​វិញ» (យ៉ូហាន ៨:២៨ ហើយ​សូម​មើល​បន្ថែម​នៅ​កណ្ឌ​យ៉ូហាន ៦:៣៨; ១២:៤៩)។

ដោយសារ​ព្រះរាជបុត្រា​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​រូបអង្គ​ព្រះវរបិតា​ទ្រង់​យ៉ាង​ឥតខ្ចោះ ដូច្នេះ​ទ្រង់​អាច​មាន​បន្ទូល​ទៅ​កាន់​លោក ភីលីព ជា​សិស្ស​ទ្រង់​ថា «អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​បាន​ឃើញ​ព្រះវរបិតា​ដែរ» (យ៉ូហាន ១៤:៩)។
ព្រះវរបិតា​យ៉ាងណា នោះ​ព្រះរាជបុត្រា​ក៏​យ៉ាង​នោះ​ដែរ។

នៅពេល​អ្នកនិពន្ធ​កណ្ឌគម្ពីរ​សំបុត្រ​នៅ​សញ្ញាថ្មី​បាន​គិត​ពី​អ្វី​ដែល​បាន​កើត​ឡើង​ទាក់ទង​នឹង​ព្រះយេស៊ូវ នោះ​ពួកគេ​បាន​ពណ៌នា​ពី​ទ្រង់​ថា​ជា «រូប​អង្គ​នៃ​ព្រះ​ដ៏​មើល​មិន​ឃើញ» (កូល៉ុស ១:១៥) ហើយ​ជា «រស្មី​ភ្លឺ​នៃ​សិរីល្អ​របស់​ព្រះ និង​ជា​រូបភាព​អង្គ​ព្រះ​សុទ្ធសាធ» (ហេព្រើរ ១:៣ គកស)។ ព្រះយេស៊ូវគ្រីស្ទ​ប្រៀប​ដូចជា លោក អ័ដាម​ថ្មី និង​អ៊ីស្រាអែល​ថ្មី ពីព្រោះ​ទ្រង់​បាន​ស្ដារ​នូវ​រូបអង្គ​របស់​ព្រះជាម្ចាស់​ដែល​មាន​នៅ​ក្នុង​មនុស្ស​ឡើង​វិញ។

ប៉ុន្តែ ព្រះគ្រីស្ទ​មិន​គ្រាន់តែ​បាន​បង្ហាញ​ពី​ភាពបរិសុទ្ធ​ដ៏​ឧត្តម​របស់ព្រះជាម្ចាស់​តាមរយៈ​ការ​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​តែ​ប៉ុណ្ណោះ​ទេ ទ្រង់​ថែម​ទាំង​បាន​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់ និង​ក្តី​មេត្តាករុណា​ដ៏​ឧត្តម​របស់​ព្រះជាម្ចាស់​តាមរយៈ​ការ​សុគត​នៅ​លើ​ឈើឆ្កាង​ជំនួស​មនុស្ស​មាន​បាប ដែល​ជា​ការ​បង់​ថ្លៃ​ដល់​ទោស​នៃ​អំពើ​បាប​ដែល​ពួកគេ​សម​តែ​នឹង​ទទួល​ទៀត​ផង (យ៉ូហាន ១៧:១-៣)។ ការ​បូជា​ជំនួស​នេះ​គឺជា​អ្វី​ដែល​ព្រះគម្ពីរ​សញ្ញាចាស់​បាន​ចង្អុល​ទៅ​រក​តាំងពី​ដើម​រៀង​មក។ សូម​គិត​ពី​សត្វ​ដែល​ព្រះជាម្ចាស់​យក​ទៅ​សម្លាប់​ដើម្បី​គ្រប​បាំង​ភាពអាក្រាត​របស់​លោក អ័ដាម និង​នាង អេវ៉ា បន្ទាប់ពី​ពួកគេ​បាន​ធ្វើ​បាប។ សូម​គិត​ពី​ពេល​ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​ចៀម​ឈ្មោល​មួយ​ក្បាល​ដល់​លោក អ័ប្រាហាំ​ និង​ អ៊ីសាក ដើម្បី​សង្គ្រោះ​អ៊ីសាក។ សូម​គិត​ពី​លោក យ៉ូសែប ជា​កូន​ដែល​ត្រូវ​បងៗ​បង្កើត​របស់​គាត់​បោះបង់ចោល ហើយ​លក់​ទៅ​ស្រុក​ឆ្ងាយ ដូច្នោះ​ហើយ​គាត់​អាច​ធ្វើ​ជា​អ្នក​សង្រួបសង្រួម​សម្រាប់​ជាតិ​សាសន៍​មួយ។ សូម​គិត​ដល់​រាស្ត្រ​អ៊ីស្រាអែល​ដែល​ពួកគេ​បាន​លាប​ឈាម​ចៀម​នៅ​លើ​ក្រប​ទ្វារ​ផ្ទះ​របស់​ពួកគេ ដើម្បី​ឲ្យ​កូនច្បង​របស់​ពួកគេ​រួច​ជីវិត។ សូម​គិត​ពី​ពួក​គ្រួសារ​អ៊ីស្រាអែល​ដែល​ពួកគេ​បាន​នាំ​យក​តង្វាយ​សម្រាប់​លោះ​បាប​មក​ដាក់​នៅ​ទីលាន​ព្រះវិហារ រួច​ពួកគេ​បាន​ដាក់​ដៃ​នៅ​លើ​ក្បាល​សត្វ ហើយ​បន្ទាប់មក​ពួកគេ​ក៏​អារ​ក​សត្វ​នោះ​ដោយ​និយាយ​ថា «ឈាម​សត្វ​ដែល​ខ្ចាយ​នោះ​គួរ​តែ​ជា​ឈាម​របស់​ខ្ញុំ»។ សូម​គិត​ពី​សម្ដេច​សង្ឃ​ដែល​គាត់​ចូល​ក្នុង​ទី​បរិសុទ្ធ​បំផុត​ម្តង​មួយ​ឆ្នាំ ដើម្បី​ថ្វាយ​យញ្ញបូជា​លោះ​បាប​ជំនួស​សាសន៍​អ៊ីស្រាអែល។ សូម​គិត​ពី​សេចក្តី​សន្យា​ដែល​ហោរា អេសាយ លើកឡើង៖ «តែ​ទ្រង់​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ ឯ​ការ​វាយ​ផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី នោះ​បាន​ធ្លាក់​ទៅ​លើ​ទ្រង់ ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា​ដោយសារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់» (អេសាយ ៥៣:៥)។

ការ​ទាំងអស់​នេះ និង​ការ​ជា​ច្រើន​ទៀត គឺ​ចង្អុល​ទៅ​រក​ព្រះ យេស៊ូវគ្រីស្ទ ដែល​ទ្រង់​បាន​យាង​ទៅ​ឯ​ឈើឆ្កាង​ក្នុង​នាម​ជា​កូន​ចៀម​នៃ​ព្រះជាម្ចាស់​ទុក​ជា​យញ្ញបូជា។ ដូចគ្នា​នេះ​ដែរ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​បញ្ជាក់​ដល់​សិស្ស​របស់​ទ្រង់​នៅ​ឯ​បន្ទប់​ខាង​លើ​ថា ទ្រង់​បាន​យាង​ទៅ​ដើម្បី​នឹង​ផ្តល់​នូវ «សញ្ញា​ថ្មី​មួយ​ ដែល​តាំង​ដោយ​នូវ​ឈាម​ទ្រង់» សម្រាប់​អស់​អ្នកណា​ដែល​ប្រែចិត្ត​ហើយ​ទទួល​ជឿ​ទ្រង់។
What-Is-A-Healthy-Church-Khmer-thumb

ដកស្រង់​ចេញ​ពី​សៀវភៅ «ពួកជំនុំ​ដែល​មាន​សុខភាព​ល្អ» និពន្ធដោយ៖ លោកគ្រូ ម៉ាក ដិវើរ រក្សាសិទ្ធិ​គ្រប់​យ៉ាង © ដោយ​លោកគ្រូ ចន ផាភ័រ ប្រើដោយការអនុញ្ញាត

image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

0 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ចូរ​ប្រយ័ត្ន​ក្នុង​ការ​ប្រើ​ពាក្យ​សម្ដី!

តើ​បទ​គម្ពីរ​មាន​ប្រយោជន៍​សម្រាប់​អ្វី​ខ្លះ?