in

១០យ៉ាងមានប្រយោជន៍

ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​មាន​តម្លៃ​លើស​ជាង​អ្វីៗ​ទាំង​អស់

សូម​ពិចារណា​ជា​មួយ​ខ្ញុំ​នូវ​ចំណុច​១០​យ៉ាង​ដែល​ជា​អត្ថប្រយោជន៍ [នៃ​ការ​អាន​ព្រះ​បន្ទូល] ហើយ​ខណៈ​ពេល​ដែល​លោក​អ្នក​អាន ចូរ​ទូល​សូម​ព្រះ​ជាម្ចាស់​ឲ្យ​ប្រទាន​ដល់​លោក​អ្នក​នូវ​ភ្នែក​ក្នុង​ការ​មើល​ឃើញ​ពី​តម្លៃ​នៃ​ព្រះ​បន្ទូល និង​ដើម្បី​ដាស់​តឿន​លោក​អ្នក​នូវ​សេចក្ដី​ប្រាថ្នា​ដែល​មិន​អាច​ប្រកែក​បាន​នៅ​ចំពោះ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់។ នេះ​ជា​ការ​ច្បាំង​សម្រាប់​អំណរ ហើយ​អាវុធ​គឺ​ជា​ការ​មើល​ឃើញ​ថ្មី​នៃ​របៀប​ដែល​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​មាន​តម្លៃ​លើស​ជាង​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែន​ដី​នេះ។

១. ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ដាស់​តឿន និង​ចម្រើន​កម្លាំង​ខាង​ឯ​សេចក្ដី​ជំនឿ

ព្រះ​វិញ្ញាណ​បរិសុទ្ធ​មិន​បាន​ដាស់​តឿន និង​ចម្រើន​កម្លាំង​ខាង​ឯ​សេចក្ដី​ជំនឿ​ដាច់​ដោយ​ឡែក​ពី​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​នោះ​ទេ។ «សេចក្ដី​ជំនឿ​កើត​ឡើង​ដោយ​ឮ ហើយ​ដែល​ឮ​នោះ គឺ​ដោយ​សារ​ព្រះ​បន្ទូល​នៃ​ព្រះ» (រ៉ូម ១០:១៧)។ មូល​ហេតុ​សម្រាប់​ការ​នេះ​គឺ​ថា ព្រះ​ជាម្ចាស់​បាន​ចាត់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មក​ក្នុង​លោកីយ៍ ដើម្បី​លើក​តម្កើង​ព្រះ​គ្រីស្ទ។ ប៉ុន្តែ ព្រះ​គ្រីស្ទ​មិន​ទទួល​បាន​ការ​លើក​តម្កើង​នោះ​ទេ ប្រសិន​បើ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដាស់​តឿន​សេចក្ដី​ជំនឿ​ដោយ​មិន​មាន​វត្តមាន​​នៃ​ការ​បើក​សម្ដែង​អំពី​សិរី​ល្អ​របស់​ព្រះ​គ្រីស្ទ​នៅ​ក្នុង​ដំណឹង​ល្អ​ជា​មុន​សិន។

«កាល​ណា​ព្រះ​អង្គ​នោះ គឺ​ជា​ព្រះ​វិញ្ញាណ​នៃ​សេចក្ដី​ពិត​បាន​មក​ដល់» ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល «ទ្រង់​នឹង​តម្កើង​ខ្ញុំ» (យ៉ូហាន ១៦:១៣-១៤)។ ប្រសិន​បើ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​នាំ​យើង​មក​ក្នុង​សេចក្ដី​ជំនឿ​ដែល​មិន​មាន​វត្តមាន​នៃ​ការ​ប្រកាស​អំពី​ព្រះ​គ្រីស្ទ​នៅ​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់ នោះ​សេចក្ដី​ជំនឿ​របស់​យើង​មិន​នៅ​ក្នុង​ព្រះ​គ្រីស្ទ​ឡើយ ហើយ​ព្រះ​អង្គ​ក៏​មិន​ទទួល​បាន​​ព្រះ​កិត្តិយស​ដែរ។ ដូច្នេះ ព្រះ​វិញ្ញាណ​បាន​ចង​ភ្ជាប់​ការ​ដាស់​នូវ​សេចក្ដី​ជំនឿ​របស់​ទ្រង់​នៅ​ក្នុង​ព័ន្ធកិច្ច​ជា​មួយ​នឹង​ពាក្យ​លើក​តម្កើង​ព្រះ​គ្រីស្ទ។ ដែល​នោះ​មាន​ន័យ​ថា នៅ​ពេល​ដែល​យើង​ចូល​ទៅ​កាន់​ព្រះ​បន្ទូល​របស់​ព្រះ​គ្រីស្ទ យើង​ដាក់​ខ្លួន​យើង​នៅ​ក្នុង​ផ្លូវ​នៅ​ក្នុង​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​វិញ្ញាណ ដើម្បី​ឲ្យ​ទ្រង់​បង្ហាញ​ព្រះ​គ្រីស្ទ​មក​កាន់​យើង និង​ចម្រើន​កម្លាំង​នៃ​សេចក្ដី​ជំនឿ​របស់​យើង។ ហើយ​នៅ​ក្នុង​សេចក្ដី​ជំនឿ​នេះ​គឺ​ជា​រសជាតិ និង​ជា​គ្រាប់​ពូជ​នៃ​គ្រប់​អំណរ​ទាំង​អស់​របស់​យើង។ ដូច្នេះ ព្រះ​បន្ទូល​ដែល​ដាស់​សេចក្ដី​ជំនឿ​របស់​យើង​ធ្វើ​ការ​សម្រាប់​សេចក្ដី​អំណរ​របស់​យើង។

២. តាម​រយៈ​ការ​ឮ​ព្រះ​បន្ទូល ព្រះ​ជាម្ចាស់​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ

ព្រះ​វិញ្ញាណ​របស់​ព្រះ​ជាម្ចាស់​បង្កើត​ទាំង​ឥទ្ធិពល​មនសិការ​ដែល​នាំ​យើង​ទៅ​កាន់​សេចក្ដី​ជំនឿ និង​បទ​ពិសោធន៍​នៃ​ការ​ស្គាល់​អំណាច និង​ការ​ប្រកប​គ្នា​ផ្ទាល់​ខ្លួន​ដែល​មក​តាម​រយៈ​សេចក្ដី​ជំនឿ​មួយ​នោះ។ ការ​ពន្យល់​មួយ​នេះ​បង្ហាញ​នូវ​ចំណុច​ពីរ​យ៉ាង៖ ១)នេះ​គឺ​ជា​មូល​ហេតុ​ដែល​ព្រះ​គម្ពីរ​អាច​និយាយ​អំពី​ព្រះ​វិញ្ញាណ​​មក​គង់​នៅ​កន្លែង​ណា​ដែល​ទ្រង់​សព្វ​ព្រះ​ទ័យ ហើយ​មាន​ឥទ្ធិពល​ដែល​មាន​ពេញ​ទៅ​ដោយ​សេចក្ដី​មេត្តា​ករុណា​នៅ​ក្នុង​ជីវិត​យើង មុន​ពេល​យើង​អាច​ជ្រើស​រើស​បាន​ទៅ​ទៀត (យ៉ូហាន ៣:៦-៨; ៦:៣៦; ៤៤, ៦៥)។ មួយ​វិញ​សោត ដោយ​ឥទ្ធិពល​នៃ​ការ​មិន​មាន​មនសិការ​របស់​ទ្រង់ ព្រះ​អង្គ​ធ្វើ​ការ​នៅ​ក្នុង​យើង ដើម្បី​ឲ្យ​យើង​អាច​ស្ដាប់​ឮ និង​ទទួល​ព្រះ​បន្ទូល​ទ្រង់​បាន។ ២) នេះ​ក៏​ជា​មូល​ហេតុ​ដែល​ព្រះ​គម្ពីរ​និយាយ​អំពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ​យាង​មក​តាម​រយៈ​ការ​ឮ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​នៃ​យើង​ដែរ។ ឬ​ក៏​អាច​និយាយ​បាន​ថា ព្រះ​ជាម្ចាស់​បាន​ប្រទាន​មនសិការ​នៃ​ការ​ប្រកប​គ្នា​ជា​មួយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៅ​ពេល​ដែល​យើង​ឮ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ដោយ​សេចក្ដី​ជំនឿ។

៣. ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​បង្កើត និង​ទ្រទ្រង់​ជីវិត

ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា «តែ​ឯ​ខ្ញុំ​វិញ ខ្ញុំ​បាន​មក ដើម្បី​ឲ្យ​វា​រាល់​គ្នា​មាន​ជីវិត ហើយ​ឲ្យ​មាន​ជីវិត​នោះ​ពេញ​បរិបូរ​ផង» (យ៉ូហាន ១០:១០)។ មក​ដល់​ចំណុច​បញ្ចប់​នេះ ទ្រង់​បាន​បង្រៀន​ការ​ជា​ច្រើន ហើយ​បន្ទាប់​មក​ព្រះ​អង្គ​ក៏​បាន​ប្រគល់​ជីវិត​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​អាច​មាន​ជីវិត ជា​ជីវិត​ដ៏​នៅ​អស់កល្ប និង​ពេញ​បរិបូរ​ផង។ យើង​បាន​កើត​ជា​ថ្មី​ម្ដង​ទៀត​នៅ​ក្នុង​ជីវិត​ថ្មី​ដោយ​សារ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់។ «ដ្បិត​ព្រះ​បាន​បង្កើត​អ្នក​រាល់​គ្នា​ជា​ថ្មី មិន​មែន​ពី​ពូជ​ដែល​តែង​តែ​ពុក​រលួយ​នោះ​ទេ គឺ​ពី​ពូជ​ដែល​មិន​ចេះ​ពុក​រលួយ​វិញ គឺ​ជា​ព្រះ​បន្ទូល​ដ៏​រស់ ហើយ​នៅ​ជាប់​លាប់….គឺ​ជា​ព្រះ​បន្ទូល​នេះ ដែល​បាន​ផ្សាយ​មក​អ្នក​រាល់​គ្នា​ហើយ» (១ពេត្រុស ១:២៣-២៥)។ ព្រះ​ជាម្ចាស់​ប្រកាស​ដំណឹង​ល្អ​នៅ​ក្នុង​ឱកាស​សម្រាប់​បង្កើត​ជីវិត​ថ្មី​នៅ​ក្នុង​ព្រលឹង​របស់​មនុស្ស។ «ឯ​ពាក្យ​ដែល​ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា» ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​បន្ទូល​ថា «គឺ​ជា​វិញ្ញាណ​ដែល​ឲ្យ​មាន​ជីវិត» (យ៉ូហាន ៦:៦៣)។ ដូច្នេះ​ហើយ​បាន​ជា​នៅ​ពេល​ដែល​សាវ័ក យ៉ូហាន បាន​បញ្ចប់​នូវ​ការ​កត់​ត្រា និង​អំពី​កិច្ចការ​របស់​ព្រះ​យេស៊ូវ​នៅ​ក្នុង​ដំណឹង​ល្អ គាត់​បាន​មាន​ប្រសាសន៍​ថា «បាន​ចែង​ទុក​តែ​ប៉ុណ្ណេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា…បាន​ជីវិត ដោយ​សារ​ព្រះ​នាម​ទ្រង់» (យ៉ូហាន ២០:៣១)។ ព្រះ​បន្ទូល​នៃ​ដំណឹង​ល្អ​របស់​សាវ័ក យ៉ូហាន—និង​គ្រប់​ទាំង​បទ​គម្ពីរ—នាំ​ទៅ​រក​ជីវិត។

យើង​ពិត​ជា​ងាយ​ស្រួល​ក្នុង​ការ​ចាញ់​បោក​ខ្លាំង​ណាស់ ដោយ​ការ​គិត​ថា ជីវិត​ដែល​ប្រសើរ​ជាង​នេះ ឬ​ច្រើន​ជាង​ជីវិត​នេះ កើត​មក​ពី​ការ​បង្វែរ​ចិត្ត​យើង​ឲ្យ​ចេញ​ពី​ព្រះ​បន្ទូល​របស់​ព្រះ។ ប៉ុន្តែ ការ​ពិត​នោះ​គឺ​ថា វា​គឺ​ជា​ព្រះ​បន្ទូល​ផ្ទាល់​ទេ​តើ​ដែល​ផ្ដល់​ឲ្យ​យើង​មាន​ជីវិត​ដ៏​បរិបូរ។ ជីវិត​ដែល​យើង​មាន​ដោយ​សារ​នំបុ័ង គឺ​ជា​ជីវិត​ដែល​ខ្លី និង​ងាយ​បាក់​បែក​ណាស់។ ប៉ុន្តែ ជីវិត​ដែល​យើង​មាន​ដោយ​សារ​ព្រះ​បន្ទូល​គឺ​ជា​ជីវិត​ដែល​រឹង​មាំ ហើយ​អស់​កល្ប​ជានិច្ច។

៤. ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ប្រទាន​នូវ​សេចក្ដី​សង្ឃឹម

នៅ​ក្នុង​របៀប​ជា​ច្រើន​ជាង​អ្វី​ដែល​យើង​អាច​ស្រមៃ​បាន ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ប្រទាន និង​ចម្រើន​កម្លាំង​ដល់​សេចក្ដី​សង្ឃឹម​របស់​យើង។ ចូរ​យើង​ក្រឡេក​មើល​មួយ​ភ្លែត​អំពី​របៀប​ជា​ច្រើន​ដែល​ព្រះ​គម្ពីរ​ប្រទាន​សេចក្ដី​សង្ឃឹម នៅ​ពេល​ដែល​យើង​ឮ​អំពី​ការ​វាយ​តម្លៃ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​សាវ័ក ប៉ុល នៅ​ក្នុង​តែ​ព្រះ​គម្ពីរ​សញ្ញា​ចាស់៖ «ដ្បិត​អស់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​មក​ជា​មុន នោះ​បាន​ចែង​សម្រាប់​នឹង​បង្រៀន​ដល់​យើង​រាល់​គ្នា ដើម្បី​ឲ្យ​យើង​បាន​សេចក្ដី​សង្ឃឹម ដោយ​សេចក្ដី​អត់ធន់ នឹង​សេចក្ដី​កំសាន្ត​ចិត្ត ដោយ​សារ​គម្ពីរ» (រ៉ូម ១៥:៤)។ មិន​មែន​គ្រាន់​តែ​ផ្នែក​នៃ​ព្រះ​គម្ពីរ​សញ្ញាចាស់​នោះ​ទេ ប៉ុន្តែ​គ្រប់​ទាំង​អស់​តែ​ម្ដង—«ដ្បិត​អស់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​មក​ជា​មុន»—គឺ​បាន​ចែង​ទុក​មក​ដោយ​មាន​ការ​រចនា​យ៉ាង​ល្អ​ឥត​ខ្ចោះ ដើម្បី​ប្រទាន​សេចក្ដី​សង្ឃឹម​ដល់​យើង។

មាន​ចំណុច​មួយ​ក្នុង​ចំណោម​ចំណុច​ផ្សេងៗ​ដែល​បាន​បង្រៀន​យើង គឺ​ថា​យើង​មិន​អាច​ចាប់​ផ្ដើម​ស្គាល់​គ្រប់​ទាំង​ផ្លូវ​ដែល​វា​អាច​ទៅ​រួច​បាន​ទេ​ក្នុង​ការ​ទទួល​បាន​សេចក្ដី​សង្ឃឹម​នោះ។ យើង​មាន​បទ​ពិសោធន៍​តិច​តួច​ខ្លាំង​ណាស់​នៅ​ក្នុង​ជីវិត​របស់​យើង បើ​យើង​ប្រៀប​ទៅ​នឹង​ព្រះ​ប្រាជ្ញា​របស់​ព្រះ​ជាម្ចាស់។

ពេល​ខ្លះ​អ្វី​ដែល​យើង​ត្រូវ​ការ​ពី​ព្រះ​គម្ពីរ​គឺ​មិន​មែន​ជា​ការ​បំពេញ​នូវ​សេចក្ដី​ស្រមៃ​របស់​យើង​នោះ​ទេ ប៉ុន្តែ​ជា​ការ​លេប​យក​នូវ​ក្ដី​ស្រមៃ​ដែល​បាន​បរាជ័យ ក្នុង​គ្រប់​ការ​ស្កប់​ចិត្ត​ទាំង​អស់​ក្នុង​ការ​ថ្វាយ​សិរី​រុងរឿង​ទៅ​កាន់​ព្រះ​គ្រីស្ទ។ ជានិច្ច​ជា​កាល យើង​មិន​តែង​តែ​ដឹង​ពី​ផ្លូវ​នៃ​សេចក្ដី​អំណរ​ដ៏​ជ្រាល​ជ្រៅ​បំផុត​នោះ​ទេ។ ប៉ុន្តែ គ្រប់​ទាំង​បទ​គម្ពីរ​ដែល​ព្រះ​ទ្រង់​បាន​បញ្ចេញ​ឲ្យ​តែង គឺ​ទ្រង់​បាន​ធ្វើ​ឡើង​ដើម្បី​នាំ​យើង​ទៅ​ទី​នោះ។ ដូច្នេះ​ហើយ​បាន​ជា​បទ​គម្ពីរ​ពិត​ជា​មាន​តម្លៃ​លើស​ជាង​អ្វីៗ ដែល​លោកីយ៍​នេះ​អាច​ផ្ដល់​ឲ្យ​បាន​ទៅ​ទៀត។

៥. ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​នាំ​យើង​ឲ្យ​មាន​សេរី​ភាព

ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា «អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច» (យ៉ូហាន ៨:៣២)។ សេចក្ដី​ពិត​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​មាន​ដំណើរ​ការ​យ៉ាង​សេរី​នៅ​ក្នុង​របៀប​ជា​ច្រើន ហើយ​ក៏​នាំ​មក​នូវ​អំណរ​នៅ​ក្នុង​គ្រប់​របៀប​ទាំង​នោះ​ដែរ។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​បង្ហាញ​ការ​ផ្ដោត​សំខាន់​របស់​ទ្រង់​នៅ​ក្នុង​ខ៣៤៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​បាប នោះ​ជា​បាវ​បម្រើ​របស់​អំពើ​បាប​នោះ​ហើយ»។ សេរី​ភាព​ដែល​ព្រះ​អង្គ​មាន​នៅ​ក្នុង​ព្រះ​តម្រិះ​របស់​ព្រះ​អង្គ​នៅ​ទី​នេះ គឺ​ជា​សេរី​ភាព​ចេញ​ពី​ភាព​ជា​ទាសករ និង​ផល​ប៉ះពាល់​នៃ​ការ​បំផ្លាញ​របស់​អំពើបាប។ សេចក្ដី​ពិត​បាន​នាំ​យើង​ឲ្យ​មាន​សេរី​ភាព​ចេញ​ពី​ការ​នេះ។ ដូច្នេះ​ហើយ​បាន​ជា​ព្រះ​យេស៊ូវ​បាន​យក​សេចក្ដី​ពិត​នេះ​ត្រឡប់​ជា​សេចក្ដី​អធិស្ឋាន​នៅ​ក្នុង​កណ្ឌគម្ពីរ យ៉ូហាន ១៧:១៧ «សូម​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ដោយ​សារ​សេចក្ដី​ពិត​របស់​ទ្រង់ ឯ​សេចក្ដី​ពិត គឺ​ជា​ព្រះ​បន្ទូល​របស់​ទ្រង់»។ ការ​ញែក​ចេញ​ជា​បរិសុទ្ធ​មាន​ន័យ​ថា ធ្វើ​ឲ្យ​បរិសុទ្ធ ឬ​ឲ្យ​មាន​សេរី​ភាព​ចេញ​ពី​អំពើ​បាប។

ប្រសិន​បើ​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ​មិន​បាន​រំដោះ​យើង​ឲ្យ​មាន​សេរី​ភាព​ចេញ​ពី​ការ​ថ្កោល​ទោស​តាម​រយៈ​ព្រះ​លោហិត និង​សេចក្ដី​សុចរិត​របស់​ព្រះ​គ្រីស្ទ​ទេ នោះ​ពិរុទ្ធ​ភាព​នៃ​អំពើ​បាប​នឹង​នាំ​មក​នូវ​សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់​មក​លើ​យើង​ជា​មិន​ខាន។

៦. ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​គឺ​ជា​កូន​សោ​ចម្លើយ​ចំពោះ​សេចក្ដី​អធិស្ឋាន

ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ដាស់​តឿន​ឲ្យ​យើង​មាន​បំណង​ចិត្ត​ក្នុង​ការ​អាន សញ្ជឹង​គិត និង​ទន្ទេញ​ឲ្យ​ចាំ​មាត់​នូវ​បទ​គម្ពីរ​គឺ​ជា​ដំណើរ​ការ​ដែល​​បាន​ធ្វើ​នៅ​ក្នុង​ការ​ឆ្លើយ​តប​របស់​សេចក្ដី​អធិស្ឋាន។

ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា «បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ពាក្យ​ខ្ញុំ​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា នោះ​ចូរ​សូម​អ្វី​តាម​តែ​ប្រាថ្នា​ចុះ សេចក្ដី​នោះ​នឹង​បាន​សម្រេច​ដល់​អ្នក​រាល់​គ្នា​ជា​មិន​ខាន» (យ៉ូហាន ១៥:៧)។ ប្រសិន​បើ​ចង់​ឲ្យ​ការ​អធិស្ឋាន​របស់​យើង​មាន​ប្រសិទ្ធ​ភាព នោះ​ដាច់​ខាត​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ​ត្រូវ​តែ​នៅ​ជាប់​នឹង​យើង។ របៀប​ដែល​ល្អ​បំផុត​ក្នុង​ការ​មើល​ថា តើ​នេះ​មាន​ន័យ​យ៉ាង​ដូច​ម្ដេច​សម្រាប់​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ​ក្នុង​ការ​នៅ​ជាប់​ក្នុង​យើង គឺ​ជា​ការ​ក្រឡេក​ទៅ​មើល​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​បន្ទូល​អំពី​ការ​នៅ​ជាប់​នៅ​ក្នុង​ខ​មុន​នេះ​បន្តិច។ នៅ​ក្នុង​ខ៥ព្រះ​អង្គ​បាន​មាន​ព្រះ​បន្ទូល​ថា «អ្នក​ណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​នោះ នោះ​ទើប​នឹង​បង្កើត​ផល​ឡើង​ជា​ច្រើន»។ ការ​អនុញ្ញាត​ឲ្យ​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ​នៅ​ជាប់​ក្នុង​យើង​មាន​ន័យ​ថា​ជា​ការ​អនុញ្ញាត​ឲ្យ​ព្រះ​យេស៊ូវ​ទ្រង់​ផ្ទាល់​នៅ​ជាប់​ក្នុង​យើង ហើយ​មក​កាន់​យើង​ដែរ។ វា​មាន​ន័យ​ថា យើង​ស្វាគមន៍​ព្រះ​យេស៊ូវ​មក​កាន់​ជីវិត​របស់​យើង ហើយ​ក៏​រៀប​ចំ​កន្លែង​សម្រាប់​ទ្រង់​ក្នុង​ការ​គង់​នៅ​ក្នុង​យើង​ផង​ដែរ មិន​មែន​ដូច​ជា​ភ្ញៀវ​ដែល​ស្ងប់​ស្ងាត់​ដោយ​មិន​មាន​គំនិត​ឬ​ការ​បង្គាប់​នោះ​ទេ ប៉ុន្តែ​ជា​ភ្ញៀវ​ដែល​មាន​សិទ្ធិ​អំណាច ដែល​ពាក្យ​សម្ដី អាទិភាព គោលការណ៍ និង​សេចក្ដី​សន្យា​របស់​ទ្រង់​សំខាន់​សម្រាប់​យើង​ជាង​អ្វីៗ​ទាំង​អស់។

មូល​ហេតុ​នៃ​ការ​នៅ​ជាប់​ជា​មួយ​ព្រះ​បន្ទូល​របស់​ព្រះ​គ្រីស្ទ​នៅ​ក្នុង​យើង​អាច​ចេញ​ជា​លទ្ធផល​នៅ​ក្នុង​ការ​ឆ្លើយ​តប​នៃ​សេចក្ដី​អធិស្ឋាន​ដែល​នោះ​វា​អាច​បំផ្លាស់​បំប្រែ​យើង​ឲ្យ​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ស្រឡាញ់​នូវ​អ្វី​ដែល​ព្រះ​អង្គ​ស្រឡាញ់ ដើម្បី​ឲ្យ​យើង​អាច​ទូល​សូម​នូវ​អ្វីៗ​ដែល​ស្រប​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់។ នេះ​មិន​មែន​ជា​ការ​ដែល​ដាច់​ស្រេច​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​ដែល​មាន​ដំណើរ​ឆ្ពោះ​ការ​ទៅ​មុខ​ទៀត។ នៅ​ពេល​ដែល​យើង​កាន់​តែ​ស្គាល់​ព្រះ​គ្រីស្ទ​ដ៏​មាន​ព្រះ​ជន្ម​រស់​តាម​រយៈ​ការ​ប្រកប​ជា​មួយ​ទ្រង់​នៅ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​កាន់​តែ​ខ្លាំង នោះ​បំណង​ប្រាថ្នា​របស់​យើង​ខាង​ឯ​ព្រលឹង​វិញ្ញាណ​នឹង​កាន់​តែ​ដូច​គ្នា​ជា​មួយ​នឹង​ទ្រង់​ផង​ដែរ ដែល​ផ្ទុយ​ពី​លោកីយ៍​នេះ។ នេះ​ជា​អ្វី​ដែល​ស្ដេច ដាវីឌ ចង់​មាន​ន័យ​នៅ​ក្នុង​កណ្ឌ​គម្ពីរ​ទំនុកតម្កើង ៣៧:៤ «ចូរ​យក​ព្រះ​យេហូវ៉ា​ជា​សេចក្ដី​អំណរ​របស់​អ្នក នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​បាន​ដូច​បំណង​ចិត្ត»។ បំណង​ចិត្ត​នឹង​ផ្អាក​ពី​សេចក្ដី​ប៉ង​ប្រាថ្នា​ពី​ធម្មជាតិ​នៅ​ពេល​ដែល​ដួង​ចិត្ត​របស់​យើង​មាន​អំណរ​នៅ​ក្នុង​គ្រប់​របស់​ទាំង​អស់​ផ្សេង​ទៀត​របស់​ព្រះ​ជាម្ចាស់។ ការ​មាន​អំណរ​នៅ​ក្នុង​ព្រះ​អម្ចាស់—នៅ​ក្នុង​ការ​កោត​សរសើរ​ព្រះ​នាម​របស់​ព្រះ​អង្គ និង​ការ​ស្វែង​រក​នគរ​របស់​ទ្រង់ ហើយ​ក៏​ដូច​ជា​ការ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់​ផង​ដែរ—បំផ្លាស់​បំប្រែ​បំណង​ប្រាថ្នា​បែប​ធម្មជាតិ​របស់​យើង​ឲ្យ​ទៅ​ជា​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​មាន​ភាព​ស៊ី​គ្នា​ទៅ​នឹង​ព្រះ​ជាម្ចាស់។ នេះ​ជា​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ពេល​ដែល​ព្រះ​បន្ទូល​របស់​ព្រះ​គ្រីស្ទ​ជាប់​នៅ​ក្នុង​យើង។

៧. ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​គឺ​ជា​ប្រភព​នៃ​ប្រាជ្ញា

វា​ពិត​ជា​មាន​គុណ​ប្រយោជន៍​ខ្លាំង​មែន​ទែន​ក្នុង​ការ​ដែល​មាន​ប្រាជ្ញា។ ប្រាជ្ញា​គឺ​មាន​លក្ខណៈ​ខុស​ពី​ចំណេះ​ដឹង​នៃ​ការ​ពិត។ មាន​អ្នក​មាន​ប្រាជ្ញា​មួយ​ចំនួន​មាន​ការ​អប់រំ​តាម​ផ្លូវ​ការ​បាន​តិច​តួច​ណាស់។ ហើយ​អ្នក​ដែល​ទទួល​បាន​ការ​អប់រំ​មួយ​ចំនួន​ដែល​បាន​ដឹង​ពី​ការ​ពិត​ជា​ច្រើន​ក៏​មិន​មាន​ប្រាជ្ញា​ដែរ។ ប្រាជ្ញា​គឺ​ជា​ការ​យល់​ដឹង និង​ស្គាល់​ពី​របៀប​ក្នុង​ការ​រស់​នៅ​ក្នុង​របៀប​មួយ​ដែល​សម្រេច​គោល​ដៅ​ដែល​យើង​ត្រូវ​បាន​បង្កើត​ឡើង៖ ថ្វាយ​សិរីល្អ​ដល់​ព្រះ​ជាម្ចាស់ និង​ជា​ប្រយោជន៍​មនុស្ស។ ដោយ​សារ​ការ​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ជាម្ចាស់​មាន​ការ​ពាក់​ព័ន្ធ​ជា​មួយ​ការ​មាន​អំណរ​នៅ​ក្នុង​ព្រះ​ជាម្ចាស់ នោះ​ការ​ល្អ​របស់​មនុស្ស​ក៏​មាន​ការ​ពាក់​ព័ន្ធ​ដោយ​ចែក​រំលែក​នូវ​អំណរ​របស់​យើង​នៅ​ក្នុង​ព្រះ​ជាម្ចាស់​ដែរ។ ដូច្នេះ ប្រាជ្ញា​គឺ​ជា​ផ្លូវ​តែ​មួយ​គត់​ក្នុង​ការ​ចូល​ទៅ​កាន់​អំណរ​ដែល​ជ្រាលជ្រៅ និង​អស់​កល្ប​ជានិច្ច។

៨. ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ប្រទាន​ដល់​យើង​នូវ​ការ​ព្រមាន​ដ៏​សំខាន់ៗ

ប្រសិន​បើ​យើង​មាន​ការ​យល់​ឃើញ​យ៉ាង​ល្អ​ឥត​ខ្ចោះ​អំពី​អ្វី​ដែល​ខុស និង​អ្វី​ដែល​ត្រូវ ហើយ​ប្រសិន​បើ​យើង​អាច​ដឹង​ពី​អនាគត និង​ផល​វិបាក​នៃ​គ្រប់​អាកប្បកិរិយា និង​គ្រប់​ព្រឹត្តិការណ៍​ទាំង​អស់ នោះ​ប្រហែល​ជា​យើង​មិន​ត្រូវ​ការ​ការ​ព្រមាន​នោះ​ទេ។ ប៉ុន្តែ ពួក​យើង​ខ្វាក់​ក្នុង​ការ​ជា​ច្រើន ហើយ​ក៏​មិន​បាន​ដឹង​ពី​អនាគត​ដូច​ជា​ព្រះ​ជាម្ចាស់​នោះ​ដែរ។ យើង​ត្រូវ​ការ​ការ​ណែនាំ​ជា​ញឹកញាប់​ថា ជំហាន​ដែល​យើង​រៀប​នឹង​ឈាន​ទៅ​គឺ​សុទ្ធ​តែ​ជា​សេចក្ដី​ល្ងង់​ទេ។ ឱ! តើ​មាន​ការ​សម្លាប់​សេចក្ដី​អំណរ​ប៉ុន្មាន​ដែល​ជា​ជម្រើស​ដែល​យើង​បាន​ឆ្លង​កាត់​នៅ​ពេល​ដែល​យើង​ស្ដាប់​តាម និង​ប្រុង​ប្រយ័ត្ន​តាម​ការ​ព្រមាន​របស់​ព្រះ​គម្ពីរ! ព្រះ​ជាម្ចាស់​ដ៏​ជា​ព្រះ​នៃ​សេចក្ដី​មេត្តា​ករុណា​បាន​ប្រទាន​ដល់​យើង​នូវ​ព្រះ​គម្ពីរ​ដែល​មិន​គ្រាន់​តែ​ចង្អុល​បង្ហាញ​យើង​ទៅ​កាន់​ផ្លូវ​ដ៏​ត្រឹម​ត្រូវ​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​ព្រមាន​ផង​ដែរ​នៅ​ពេល​ដែល​យើង​ប្រុង​នឹង​ឈាន​ជំហាន​ទៅ​រក​ផ្លូវ​មិន​ត្រឹម​ត្រូវ។

៩. ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ធ្វើ​ឲ្យ​​យើង​មាន​លទ្ធ​ភាព​ក្នុង​ការ​មាន​ជ័យ​ជម្នះ​លើ​អារក្ស

អារក្ស​សាតាំង​មាន​ពិត ហើយ​វា​ពិត​ជា​អាក្រក់​ខ្លាំង​ណាស់។ វា​ខ្លាំង​ជាង​យើង ហើយ​គោល​បំណង​របស់​វា​គឺ​ជា​ការ​បំភាន់ និង​បំផ្លាញ។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា «វា​ជា​អ្នក​សម្លាប់​គេ​តាំង​ពី​ដើម​មក វា​មិន​ឈរ​លើ​សេចក្តី​ពិត​ទេ ព្រោះ​គ្មាន​សេចក្តី​ពិត​នៅ​ក្នុង​វា​ឡើយ កាល​ណា​វា​ពោល​ពាក្យ​ភូតភរ នោះ​ដុះ​ចេញ​ពី​ចិត្ត​វា​មក ដ្បិត​វា​ជា​អ្នក​កុហក ហើយ​ជា​ឪពុក​នៃ​សេចក្តី​កុហក» (យ៉ូហាន ៨:៤៤)។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដាច់​ខាត ក៏​វា​នៅ​តែ​ទទួល​បរាជ័យ​តាម​រយៈ​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ​ដែរ។ ព្រះ​គម្ពីរ​បាន​បង្រៀន​ថា ព្រះ​គ្រីស្ទ​បាន​យក​សណ្ឋាន​ជា​មនុស្ស ដើម្បី «ព្រះ​អង្គ​ក៏​ទទួល​ចំណែក​ជា​សាច់​ឈាម​ដូច្នោះ​ដែរ ដោយ​ព្រះ​អង្គ​សុគត ដើម្បី​បំផ្លាញ​អា​នោះ​ដែល​មាន​អំណាច​លើ​សេចក្តី​ស្លាប់ គឺ​អារក្ស» (ហេព្រើរ ២:១៤)។ ការ​បំផ្លាញ​នេះ​គឺ​ជា​ការ​សម្រេច ទោះ​បើ​មិន​មែន​ជា​ការ​ចុង​ក្រោយ​ក៏​ដោយ ពីព្រោះ​ដោយ​សារ​ការ​ខ្ចាយ​ព្រះ​លោហិត​របស់​ព្រះ​គ្រីស្ទ​សម្រាប់​អំពើ​បាប​របស់​យើង នោះ​អារក្ស​សាតាំង​មិន​អាច​បំផ្លាញ​អស់​អ្នក​ណា​ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ទ​បាន​ឡើយ។ ហេតុ​ផល​គឺ​ថា​ការ​ចោទ​ប្រកាន់​របស់​វា​មិន​មាន​ប្រសិទ្ធ​ភាព​ទៀត​ឡើយ។ ការ​មិន​ទទួល​បាន​ការ​អត់​ទោស​ពី​អំពើ​បាប​គឺ​ជា​ការ​តែ​មួយ​គត់​ដែល​អាច​ដាក់​ទោស​យើង​ឲ្យ​វិនាស​ដ៏​នៅ​អស់​កល្ប​ជានិច្ច​បាន។ ប៉ុន្តែ ឈើ​ឆ្កាង​បាន​នាំ​មក​នូវ​ការ​អត់​ទោស​យ៉ាង​ពេញ​លេញ​រួច​ហើយ។ ដូច្នេះ អារក្ស​សាតាំង​អាច​បាន​ត្រឹម​តែ​សម្លាប់​យើង​ប៉ុណ្ណោះ ប៉ុន្តែ​មិន​អាច​ថ្កោល​ទោស​យើង​បាន​នោះ​ទេ។

១០. ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​គឺ​ជា​ប្រភព​នៃ​អំណរ​ដ៏​អស្ចារ្យ និង​នៅ​អស់​កល្ប​ជានិច្ច

យើង​បាន​ឃើញ​រួច​មក​ហើយ​នូវ​មូល​ហេតុ​យ៉ាង​តិច​ណាស់​ចំនួន៩យ៉ាង​ដែល​បាន​រៀប​រាប់​យ៉ាង​ដូច្នេះ។ ឥឡូវ​នេះ យើង​ឃើញ​ថា​នៅ​ក្នុង​ព្រះ​គម្ពីរ ព្រះ​ជាម្ចាស់​បាន​មាន​បន្ទូល​យ៉ាង​សាមញ្ញ​ដូច្នោះ​ដែរ។ បុគ្គល​ដែល​មាន​ប្រាជ្ញា និង​ចេះ​កោត​ខ្លាច​ព្រះ​គឺ​ជា​អ្នក​ដែល​បែរ​ចេញ​ពី​ដំបូន្មាន​របស់​មនុស្ស​អាក្រក់ និង​ការ​សន្យា​ទាំង​អស់​របស់​ពួក​គេ​ដែល​ខ្លួន​ពេញ​ចិត្ត ហើយ​រក​ឃើញ​ថា «អ្នក​នោះ​ត្រេក​អរ​តែ​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​វិញ ក៏​រំពឹង​គិត​ក្នុង​ក្រិត្យ​វិន័យ​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ​ដែរ អ្នក​នោះ​នឹង​ដូច​ជា​ដើម​ឈើ ដែល​ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​បង្កើត​ផល​តាម​រដូវ​កាល ហើយ​ស្លឹក​ក៏​មិន​ចេះ​ស្រពោន​ឡើយ ឯ​ការ​អ្វី​ដែល​អ្នក​នោះ​ធ្វើ នោះ​នឹង​ចម្រើន​ឡើង​ទាំង​អស់» (ទំនុកតម្កើង ១:២-៣)។ អ្នក​ដែល​ស្រឡាញ់​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ នឹង​សរសើរ​ពី​ភាព​វិសេស​វិសាល​របស់​ព្រះ​គម្ពីរ និង​ពី​ការ​ពេញ​ចិត្ត​នូវ​អ្វី​ដែល​ព្រះ​គម្ពីរ​ផ្ដល់​ជូន​ដែរ។ ពួក​គេ​ដឹង​ថា វា​មាន​តម្លៃ​លើស​ជាង​វត្ថុ​ដែល​មាន​តម្លៃ​បំផុត​នៅ​លើ​ផែន​ដី​នេះ​ទៀត​ផង លើស​ជាង​មាស ឬ​ប្រាក់ ហើយ​ក៏​ថា​រសជាតិ​របស់​ព្រះ​បន្ទូល​នៅ​លើ​អណ្ដាត​នៃ​គំនិត និង​ដួង​ចិត្ត នោះ​ផ្អែម​ជាង​ទឹក​ឃ្មុំ ហើយ​ភាព​សម្បូរ​បែប​របស់​ព្រះ​បន្ទូល​គឺ​ប្រៀប​ដូច​ជា​អាហារ​ដ៏​ល្អ​បំផុត។

ការ​សន្និដ្ឋាន​ដ៏​ល្អ​ចុង​ក្រោយ​មួយ​គឺ​ថា «ឱ​ទូល​បង្គំ​ស្រឡាញ់​ក្រិត្យ​វិន័យ​របស់​ទ្រង់​ណាស់​ហ្ន៎ ទូល​បង្គំ​រំពឹង​គិត​ពី​ក្រិត្យ​វិន័យ​នោះ​ជា​ដរាប​រាល់​ថ្ងៃ» (ទំនុកតម្កើង ១១៩:៩៧)។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោក លោក ខែម បូឡុង
កែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ​, លោក ខែម បូឡុង, លោកស្រី ឡូញ ស្រីរដ្ឋ, លោក ប៊ុន ធីម៉ូថេ,​ លោក ឯក សត្យា​ និងលោក ធីម៉ូថេ ឯក​
ដកស្រង់ និងកែសម្រួលចេញពី​ www.crossway.org ដោយមានការអនុញ្ញាត។
https://www.crossway.org/articles/10-benefits-of-reading-the-bible-part-1/
https://www.crossway.org/articles/10-benefits-of-reading-the-bible-part-2/

តើអ្នកចូលចិត្តអត្ថបទនេះទេ?

-1 Points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ភាព​ប្រាកដ​និយម​

ឡាសារដេកលក់