in

ចំណុច​៣​យ៉ាង​មិន​គួរ​ធ្វើ​

ពេល​បញ្ចប់​ការ​អធិប្បាយ​គឺជា​ពេល​វេលា​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​គ្រូ​អធិប្បាយ។ គាត់​ទើប​តែ​បាន​ចំណាយ​ពេល ៣០​-៤៥ នាទី​ក្នុង​ការ​កាត់​ស្រាយ​ព្រះ​បន្ទូល​យ៉ាង​លម្អិត ដោយ​ចែក​ចាយ​ពី​ការ​សិក្សា និង​ភាព​ឆេះ​ឆួល​របស់​គាត់​ទៅ​កាន់​ក្រុម​ជំនុំ។ ការ​ដែល​គាត់​បាន​ចំណាយ​ពេល ១០-២០ ម៉ោង​ក្នុង​ការ​រៀប​ចំ​សេចក្ដី​អធិប្បាយ ឥឡូវ​បាន​ក្លាយ​ទៅ​ជា​ប្រវត្តិសាស្ត្រ​បុរាណ ហើយ​ឥឡូវ​គាត់​ក៏​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ភាគ​ច្រើន គាត់​ទំនង​ជា​អស់​កម្លាំង—ខាង​អារម្មណ៍ ខាង​ព្រលឹង​វិញ្ញាណ និង​ខាង​ឯ​សាច់​ឈាម។

ខ្ញុំ​ក៏​ធ្លាប់​មាន​បទ​ពិសោធន៍​ដូច​នេះ​ដែរ។ ហើយ​កន្លង​ប៉ុន្មាន​៣០​ឆ្នាំ​មក​នេះ ខ្ញុំ​ក៏​រៀន​បាន​មេ​រៀន​ដ៏​មាន​តម្លៃ​មួយ​ចំនួន​អំពី​អ្វី​ដែល​ខ្ញុំ​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ​បន្ទាប់​ពី​អធិប្បាយ។ ខាង​ក្រោម​នេះ​គឺ​ជា​មេ​រៀន​គន្លឹះ ៣ យ៉ាង៖

១. កុំ​បន្ត​ឈប់​ចាំ​យាម

ការ​អធិប្បាយ​តែង​តែ​ឈ្លោះ​ប្រកែក​គ្នា​ជា​មួយ​នឹង​ខ្មាំង​សត្រូវ​ជា​រៀង​រាល់​អាទិត្យ។ «ដោយ​សារ​សេចក្តី​ល្ងីល្ងើ​ដែល​យើង​ប្រកាស» សាវ័ក ប៉ុល ក៏​បាន​សង្កេត​ឃើញ​ថា «ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​សង្គ្រោះ​អស់​អ្នក​ដែល​ជឿ» (១កូរិនថូស ១:២១)។ នេះ​មាន​ន័យ​ថា ព្រះ​អង្គ​បាន​សង្គ្រោះ​មនុស្ស​មាន​បាប​ចេញ​ពី «មេ​គ្រប់​គ្រង​រាជ្យ​លើ​អាកាស ជា​វិញ្ញាណ​ដែល​សព្វ​ថ្ងៃ​នេះ កំពុង​ត្រួត​ត្រា​អស់​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់» (អេភេសូរ ២:២)។ ព្រះ​ជាម្ចាស់​ប្រើ​ប្រាស់​ការ​អធិប្បាយ​ជា​របៀប​បំផ្លាស់​បំប្រែ​មនុស្ស—ដើម្បី​ដក​ពួក​គាត់​ចេញ​ពី​ការ​គ្រប់​គ្រង​របស់​ពួក​ខ្មាំង​សត្រូវ។

សាតាំង​មាន​យោបល់​អំពី​ការ​ប្រកាស​ដំណឹង​ល្អ៖ ដាច់​ខាត! ត្រូវ​តែ​បញ្ឈប់​វា​ចោល។ ចូរ​កុំ​ច្រឡំ​ដោយ​សន្មត​ថា តាម​រយៈ​ការ​ចែក​ចាយ​សេចក្ដី​អធិប្បាយ​មាន​ន័យ​ថា​លោក​អ្នក​ត្រូវ​បាន​ដក​ចេញ​ពី​ទី​លាន​ចម្បាំង​របស់​វា​ឲ្យ​សោះ។ ការ​រៀប​ចំ​សេចក្ដី​អធិប្បាយ—អម​ជា​មួយ​នឹង​ការ​សិក្សា ការ​សញ្ជឹង​គិត និង​ការ​អធិស្ឋាន—មាន​អត្ថ​ប្រយោជន៍​ជា​ការ​ការ​ពារ។ ប៉ុន្តែ ជា​ទូ​ទៅ បន្ទាប់​ពី​អធិប្បាយ​ហើយ នោះ​លោក​អ្នក​តែង​តែ​អស់​កម្លាំង​យ៉ាង​ខ្លាំង ដែល​នេះ​មាន​ន័យ​ថា លោក​អ្នក​ងាយ​នឹង​រង​គ្រោះ​ពី​ការ​វាយ​ប្រហារ​របស់​វា។

សាច់​ឈាម​របស់​លោក​អ្នក​ក៏​កំពុង​តែ​ធ្វើ​ការ​ដែរ។ ការ​អធិប្បាយ​អាច​បង្ក​ឲ្យ​មាន​ចលាចល​នៃ​សេចក្ដី​ល្បួង។ ដៃ​ម្ខាង​អាច​ផ្ដោត​លើ​អំនួត​អំពី​របៀប​ដែល​ព្រះ​ជាម្ចាស់​កំពុង​តែ​ប្រើ​ប្រាស់​លោក​អ្នក ហើយ​ដៃ​ម្ខាង​ទៀត​អាច​ផ្ដោត​លើ​ការ​ថ្កោល​ទោស​អំពី​របៀប​ដែល​ព្រះ​អង្គ​មិន​បាន​ប្រើ​ប្រាស់​លោក​អ្នក។ ហើយ​ក៏​មាន​ការ​អធិប្បាយ​ផ្ទាល់ ដែល​លោក​អ្នក​បាន​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ជា​ច្រើន​ដោយ​ដឹង​ថា «អ្នក​ណា​ដែល​និយាយ​ច្រើន នោះ​មិន​ខាន​នឹង​មាន​បាប​ឡើយ» (សុភាសិត ១០:១៩)។

នៅ​ពេល​ដែល​យើង​អធិប្បាយ នោះ​យើង​តែង​តែ​មាន​កំហុស​ខុស​ឆ្គង។ ប្រសិន​បើ​លោក​អ្នក​ធ្លាប់​បាន​អធិប្បាយ​អស់​មួយ​រយៈ នោះ​លោក​អ្នក​នឹង​ឃើញ​ថា រាល់​សេចក្ដី​អធិប្បាយ​តែង​តែ​មាន​កំហុស​ខុស​ឆ្គង​ខ្លះៗ។ ភាព​ទន់​ខ្សោយ​ទាំង​នោះ​តែង​តែ​មាន​ភាព​ស្និទ្ធស្នាល​យ៉ាង​ខ្លាំង​នៅ​រសៀល​ថ្ងៃ​អាទិត្យ​ដោយ​មក​គោះ​ទ្វារ​ផ្ទះ​លោក​អ្នក ដើម្បី​ចង់​ចូល​លេង។ កុំ​បើក​ទ្វារ​ឲ្យ​សោះ។ ពួក​វា​នឹង​អុក​ឡុក​ផ្ទះ​របស់​លោក​អ្នក រំខាន​សន្តិភាព​របស់​លោក​អ្នក ហើយ​វាយ​បំបាក់​ទៅ​លើ​សេចក្ដី​អធិប្បាយ​របស់​លោក​អ្នក​យ៉ាង​ចំៗ​នៅ​ពី​មុខ​របស់​លោក​អ្នក​តែ​ម្ដង។ លោក​អ្នក​នឹង​មាន​អារម្មណ៍​ភ្លីភ្លើ។ មាន​អារម្មណ៍​ថា​ទទួល​ការ​ថ្កោល​ទោស។ ហាក់​បី​ដូច​ជា​ថា សេចក្ដី​អធិប្បាយ​ទាំង​មូល​របស់​លោក​អ្នក​បាន​ខូច​ខាត។

ពិត​ណាស់! មាន​ពេល​វេលា និង​កន្លែង​សម្រាប់​គ្រប់​កាលៈទេសៈ​នៅ​ក្រោម​ព្រះ​អាទិត្យ​នេះ។ ប៉ុន្តែ ការ​វាយ​តម្លៃ​លើ​សេចក្ដី​អធិប្បាយ​របស់​លោក​អ្នក​ភ្លាមៗ​បន្ទាប់​ពី​លោក​អ្នក​ទើប​តែ​អធិប្បាយ​នឹង​ធ្វើ​ឲ្យ​លោក​អ្នក​ស្អប់​សេចក្ដី​អធិប្បាយ​របស់​លោក​អ្នក​ជា​មិន​ខាន។

បន្ទាប់​ពី​អធិប្បាយ ដាច់​ខាត! លោក​អ្នក​ត្រូវ​តែ​ត្រៀម​ខ្លួន​ជា​ស្រេច​ពី​ការ​វាយ​លុក​ពី​សាច់​ឈាម និង​អារក្ស​សាតាំង។ ដូច​ដែល​ទាហាន​ត្រៀម​ខ្លួន​ពី​ការ​វាយ​លុក​ពី​ខ្មាំង​សត្រូវ នោះ​លោក​អ្នក​ក៏​ត្រូវ​តែ​ត្រៀម​ខ្លួន​ពី​ការ​វាយ​លុក​នោះ​ផង​ដែរ។

មុន ខណៈ​ពេល​ដែល​កំពុង និង​បន្ទាប់​ពី​ទទួល​ការ​វាយ​លុក​ហើយ ចូរ​រត់​ទៅ​រក​ដំណឹង​ល្អ​ចុះ។ សូម​ចង​ចាំ​ថា ការ​អធិប្បាយ​គឺ​អំពី​អំណាច​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ មិន​មែន​ពាក្យ​ពេចន៍​របស់​លោក​អ្នក​ទេ។ គ្មាន​ការ​អធិប្បាយ​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​ពិភព​លោក​នេះ​ដែល​អាក្រក់​ដល់​ថ្នាក់​ថា វា​បាន​ដក​ហូត​នូវ​អំណាច​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ចេញ​ឡើយ។ ព្រះ​អម្ចាស់​ធំ​ឧត្តម​ល្មម​ក្នុង​ការ​អនុញ្ញាត​ឲ្យ​មនុស្ស​យើង​ចង​ចាំ​នូវ​ព្រះ​បន្ទូល​ដ៏​នៅ​អស់​កល្ប​ជា​និច្ច​របស់​ទ្រង់ ហើយ​ភ្លេច​ពាក្យ​ពេចន៍​ភ្លីភ្លើ​របស់​លោក​អ្នក​ចោល។ តើ​លោក​អ្នក​ពិត​ជា​គិត​ថា ព្រះ​ហឫទ័យ​នៃ​គោល​បំណង​របស់​ព្រះ​ជាម្ចាស់​ស្ថិត​លើ​លក្ខណ​សម្បត្តិ​នៃ​ការ​អធិប្បាយ​របស់​ខ្លួន​មែន​ឬ? ប្រាកដ​ណាស់! នោះ​មិន​មែន​ជា​អ្វី​ដែល​លោកអ្នក​ប្រកាស​ឡើយ។ ដូច្នេះ រសៀល​នៃ​ថ្ងៃ​អាទិត្យ​គឺ​ជា​ពេល​វេលា​ដែល​លោក​អ្នក​ត្រូវ​តែ​អនុវត្ត។

បន្ទាប់​ពី​លោក​អ្នក​បាន​អធិប្បាយ ចូរ​ត្រៀម​ខ្លួន​ពី​ការ​វាយ​លុក​ដោយ​ចង​ចាំ​ថា ព្រះ​ជាម្ចាស់​ធំ​ឧត្តម​ជាង​កំហុស​ខុស​ឆ្គង​របស់​លោក​អ្នក។

. ចូរ​កុំ​ស្ដាប់​ខ្លួន​ឯង

ខណៈ​ពេល​ដែល​លោក​អ្នក​កំពុង​តែ​ទទួល​ការ​វាយ​លុក នោះ​ព្រលឹង​របស់​លោក​អ្នក​នឹង​ស្រែក​យ៉ាង​ឮៗ។ គំនិត​នៃ​ការ​ស្ដី​បន្ទោស​នឹង​មក​គោះ​លើ​ទ្វារ​នៃ​គំនិត​របស់​លោក​អ្នក ទាម​ទារ​ឲ្យ​លោក​អ្នក​ផ្ដល់​អារម្មណ៍​លើ​វា។ ឬ​ក៏​ទំនង​ជា​គំនិត​ដែល​ផ្ដល់​មោទនភាព​បែប​អួត​បំប៉ោង​លើ​ខ្លួន គំនិត​ដែល​គិត​ខ្ពស់​ពេក​អំពី​ខ្លួន​ឯង ហើយ​លោក​អ្នក​ក៏​ឃើញ​ថា​ខ្លួន​ឯង «ខ្ពស់​លើស​ជាង​គំនិត​ដែល​គួរ​គប្បី​ឲ្យ​គិត​នោះ​ឡើយ» (រ៉ូម ១២:៣)។ ក្នុង​ពេល​វេលា​នោះ ដាច់​ខាត! លោក​អ្នក​ត្រូវ​តែ​ធ្វើ​ឲ្យ​ព្រលឹង​ខ្លួន​នៅ​ស្ងៀម​ស្ងាត់។

ចូរ​ធ្វើ​ឲ្យ​ព្រលឹង​ខ្លួន​នៅ​ស្ងៀម​ស្ងាត់​ដោយ​ជឿ​ទុក​ចិត្ត​ថា ព្រះ​អម្ចាស់​មាន​លទ្ធផល​នៃ​សេចក្ដី​អធិប្បាយ​របស់​លោក​អ្នក។ ចូរ​ធ្វើ​ឲ្យ​ព្រលឹង​ខ្លួន​នៅ​ស្ងៀម​ស្ងាត់​ដោយ​នាំ​ឲ្យ​គំនិត​របស់​លោក​អ្នក​សម្លឹង​មើល​ទៅ​ឯ​ព្រះ​ជាម្ចាស់ មិន​មែន​លើស​កម្ម​ភាព​របស់​លោក​អ្នក​ទេ។ ប្រសិន​បើ​លោក​អ្នក​មាន​អំនួត ចូរ​ចង​ចាំ​ថា​សេចក្ដី​អធិប្បាយ​របស់​លោក​អ្នក​នឹង​គ្មាន​អត្ថន័យ​ទេ លុះ​ត្រា​តែ​ព្រះ​ជាម្ចាស់​ជ្រើស​រើស​ប្រើ​ប្រាស់​វា​ឲ្យ​មាន​ឥទ្ធិពល។ ប្រសិន​បើ​លោក​អ្នក​មាន​អារម្មណ៍​ថ្កោល​ទោស​លើ​ខ្លួន​ឯង ចូរ​ចង​ចាំ​ថា​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​មិន​ត្រឡប់​មក​រក​ទ្រង់​វិញ​ដោយ​មិន​បាន​សម្រេច​អ្វី​ឡើយ (អេសាយ ៥៥:១១)។ សេចក្ដី​អធិប្បាយ​របស់​លោក​អ្នក​នឹង​សម្រេច​បាន​នូវ​អ្វីៗ​ដែល​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ចង់​ឲ្យ​វាស​ម្រេច​បាន​យ៉ាង​ចំៗ។ ជា​សំណាងល្អ​មែន! លោក​អ្នក​មិន​អាច​បញ្ឈប់​ផែន​ការ​ដ៏​ល្អ​របស់​ទ្រង់​បាន​ទេ។

ឱ​បង​ប្អូន​អើយ! ដាច់​ខាត លោក​អ្នក​ត្រូវ​តែ​មិន​រវីរវល់​នឹង​ការ​វាយ​លុក​ដែល​លោក​អ្នក​កំពុង​តែ​ដក​បទ​ពិសោធន៍​ជា​មួយ​ហើយ​នាំ​ឲ្យ​គំនិត​របស់​លោក​អ្នក​សម្លឹង​មើល​ទៅ​ឯ​អ្វីៗ​ដែល​ខ្ពស់​ជាង​នោះ​វិញ (ភីលីព ៤:៨)។ ប្រឹក្សា​ដ៏​ល្អ​បំផុត​សម្រាប់​គ្រូ​អធិប្បាយ​ដែល​កំពុង​តែ​ធ្វើ​ដំណើរ​ពី​ព្រះ​វិហារ​ទៅ​ផ្ទះ​វិញ​គឺ៖ «ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា អញ​ជា​ព្រះ» (ទំនុកតម្កើង ៤៦:១០)។ ការ​ធ្វើ​បែប​នេះ​នឹង​នាំ​ឲ្យ​ការ​រិះគន់ និង​ការ​កោត​សរសើរ​នៅ​កន្លែង​ដ៏​ត្រឹម​ត្រូវ​របស់​វា​បាន។

បន្ទាប់​ពី​លោក​អ្នក​បាន​ថ្វាយ​សេចក្ដី​អធិប្បាយ​របស់​លោក​អ្នក​ទៅ​កាន់​ព្រះ​ជាម្ចាស់​ហើយ ចូរ​នាំ​ឲ្យ​គំនិត​របស់​លោក​អ្នក​មាន​ការ​សម្រាក​ចុះ។ ចូរ​បំបែក​អារម្មណ៍​របស់​ខ្លួន​ឯង។ ខ្ញុំ​ត្រូវ​ការ​យ៉ាង​តិច​ណាស់ ២-៣ ម៉ោង​ក្នុង​ការ​សម្រាក​បន្ទាប់​ពី​ការ​អធិប្បាយ។ ខ្ញុំ​ចំណាយ​ពេល​វេលា​នោះ​អាន​សៀវភៅ មើល​ទូរទស្សន៍ ឬ​ក៏​គេង។ កាល​កូនៗ​របស់​ខ្ញុំ​នៅ​ក្មេង​នៅ​ឡើយ ខ្ញុំ​តែង​តែ​ទៅ​លេង​អ្វី​មួយ​ជា​មួយ​នឹង​ពួក​គាត់ ដើម្បី​បង្វែរ​ចំណាប់​អារម្មណ៍ និង​ចម្រើន​កម្លាំង​របស់​ខ្លួន​ឡើង​វិញ។

មាន​គេ​ធ្លាប់​លើក​ឡើង​ថា ការ​អធិប្បាយ​គឺ​ស្មើ​ទៅ​នឹង​ការ​ធ្វើ​ការ​នឿយ​ហត់​អស់​រយៈពេល ៨ ម៉ោង។ ខ្ញុំ​មិន​ដឹង​ថា វា​ពិត​ប៉ុណ្ណា​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ដូច​នោះ​មែន​ដែរ។ គោល​បំណង​គឺ​ឲ្យ​លោក​អ្នក​មើល​ថែ​រូប​កាយ និង​ព្រលឹង​របស់​ខ្លួន ដើម្បី​ឲ្យ​លោក​អ្នក​មាន​កម្លាំង ហើយ​និង​ចាប់​ផ្ដើម​រៀប​ចំ​សម្រាប់​ការ​អធិប្បាយ​បន្ទាប់​ទៀត​បាន។

. កុំ​សួរ​នាំ​រក

ដោយ​សារ​ការ​អធិប្បាយ​បង្កើត​ឲ្យ​មាន​ទាំង​ការ​ស្ដី​បន្ទោស និង​ការ​កោត​សរសើរ នោះ​លោក​អ្នក​នឹង​មាន​បំណង​ចិត្ត​ចង់​សួរ​នាំ​រក​ការ​សរសើរ។ លោក​អ្នក​នឹង​ទំនង​ជា​សួរ​សំណួរ​ដែល​ត្រូវ​បាន​រចនា​ឡើង ដើម្បី​ទាញ​យក​ការ​រិះគន់​វិជ្ជមាន—ប្រភេទ​រិះ​គន់​ដែល​លើក​មោទនភាព​របស់​ខ្លួន។ ខ្ញុំ​ក៏​ធ្លាប់​បាន​ធ្វើ​បែប​នោះ​ជា​ច្រើន​លើក​ច្រើន​សារ​ដែរ។ មាន​ចំណុច​ជា​ច្រើន​ដែល​គ្មាន​តម្លៃ​ខ្លាំង​ជាង​ការ​ទទូច​សុំ​រក​ការ​កោត​សរសើរ។ លើក​លែង​តែ​ពេល​ដែល​លោក​អ្នក​ទំនង​ជា​កំពុង​សួរ​រក​ការ​កោត​សរសើរ​លោក​អ្នក​បែរ​ជា​ទទួល​បាន​ការ​រិះ​គន់​យ៉ាង​គួរ​ឲ្យ​បាក់​មុខ—នេះ​គឺ​ជា​ការ​រម្លឹក​ដ៏​មាន​ប្រយោជន៍​ត្រង់​ថា៖ ពេល​ដែល​លោក​អ្នក​សួរ​រក នោះ​លោក​អ្នក​នឹង​មិន​ដឹង​ថា​នឹង​ទទួល​បាន​អ្វី​ទេ។

បញ្ហា​ដ៏​ធំ​ពី​ក្រោយ​ការ​សួរ​រក​តាម​ពិត​ទៅ​គឺ​ថា ភាគ​ច្រើន យើង​ផ្ដោត​ខ្លាំង​ពេក​ទៅ​លើ​របៀប​នៃ​ការ​ចែក​ចាយ។ យើង​ចង់​ដឹង​ថា តើ​គេ​ឃើញ​យើង​យ៉ាង​ដូច​ម្ដេច។ របៀប​នៃ «ការ​មាន​អារម្មណ៍» ហាក់​បី​ដូច​ជា​ថា តាម​ពិត​ទៅ​នោះ​គឺជា​អ្វី​ដែល​ព្រះ​ជាម្ចាស់​វាស់​វែង ឬ​ក៏​ថា​នឹង​ធ្វើ។ យើង​មាន​អារម្មណ៍​ដោយ​មាន​តម្រូវ​ការ​ចង់​លើក​ខ្លួន​ឯង​ឲ្យ​ខ្ពស់​តាម​រយៈ​ការ​ទទួល​យក និង​ការ​សរសើរ​ពី​អ្នក​ដទៃ ជា​ជាង​ការ​ទុក​ចិត្ត​ខ្លួន​ឯង​ទៅ​លើ​ព្រះ​អង្គ។

វា​គឺ​ជា​ការ​ល្អ​ក្នុង​ការ​ចង​ចាំ​ថា គ្រូ​អធិប្បាយ​ជា​ច្រើន​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ក្នុង​មួយ​ខែ​ច្រើន​ជាង​ពួក​អ្នក​អាជីព​ក្នុង​មួយ​ទសវត្ស។ កុំ​សួរ​នាំ​រក។ ហើយ​ប្រសិន​បើ​មាន​អ្នក​ណា​កោត​សរសើរ​លោក​អ្នក ចូរ​ថ្វាយ​សិរី​ល្អ​ទៅ​កាន់​ព្រះ​ជាម្ចាស់​វិញ។

ហើយ​សម្រាប់​ជា​ប្រយោជន៍ ចូរ​កុំ​ស្ដាប់​ការ​អធិប្បាយ​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក​ឡើយ។ នេះ​គឺ​ជា​មូល​ហេតុ៖ លោក​អ្នក​នឹង​ឈរ​លើ​គំនិត​ខ្លួន​ឯង​ដោយ​គ្មាន​សង្ឃឹម ពេល​ទាក់​ទង​ជា​មួយ​នឹង​ការ​វាយ​តម្លៃ​លើ​ខ្លួន​ឯង។ លោក​អ្នក​បាន​ចម្លើយ​អស់​រយៈ​ពេល ១៥-២០ ម៉ោង​ក្នុង​ការ​រៀប​ចំ ដែល​នេះ​មាន​ន័យ​ថា លោក​អ្នក​ក៏​បាន​ទុក​ពេល​វេលា​នោះ​ចោល​នៅ​ក្នុង​បន្ទប់​នៃ​ការ​រៀប​ចំ​ជា​ច្រើន​ថ្ងៃ​ហើយ​ដែរ។ ប្រសិន​បើ​លោក​អ្នក​ពិត​ជា​ចង់​ទទួល​បាន​ជំនួយ​មែន ចូរ​ជ្រើស​រើស​គ្រូ​អធិប្បាយ​មួយ​ចំនួន​ដែល​មាន​បទ​ពិសោធន៍ និង​សមាជិក​ក្រុម​ជំនុំ​មួយ​ចំនួន​ដែល​មិន​ចង់​អែបអប​លោក​អ្នក ដើម្បី​ឲ្យ​លោក​អ្នក​ពេញ​ចិត្ត​ពួក​គាត់ ហើយ​សូម​ឲ្យ​ពួក​គាត់​ជួយ​ផ្ដល់​ការ​រិះ​គន់​បែប​ស្ថាបនា​ចុះ។ បន្ទាប់​មក ចូរ​អរគុណ​ដល់​ពួក​គាត់​ដែល​បាន​ផ្ដល់​ការរិះគន់​ទាំង​នោះ មិន​ថា​ពួក​គាត់​បាន​និយាយ​អ្វី​ក៏​ដោយ។

ការ​មិន​ពេញ​ចិត្ត​របស់​លោក​គ្រូ ស្ពើរជិន (Spurgeon)

គេ​បាន​ចាត់​ទុក​លោក​គ្រូ ស្សាលស៍ ស្ពើរជិន (Charles Spurgeon) ថា​ជា​គ្រូ​អធិប្បាយ​ដ៏​ល្អ​បំផុត​ក្នុង​អំឡុង​ពេល ៣០០ ឆ្នាំ​នេះ។ គាត់​ធ្លាប់​បាន​លើក​ឡើង​ថា «មាន​ពេល​វេលា​បាន​កន្លង​ផុត​ជា​យូរ​ណាស់​ហើយ​ដែល​ខ្ញុំ​បាន​អធិប្បាយ ហើយ​មាន​ការ​ស្កប់​ចិត្ត​ជា​មួយ​នឹង​វា។ តាម​ពិត​ទៅ ខ្ញុំ​មិន​ចាំ​ថា​ធ្លាប់​មាន​សោះ»។

សូម​គិត​ទៅ​មើល​គេ​ហៅ​ថា​គាត់​ជា «បិតា​នៃ​គ្រូ​អធិប្បាយ»។

ប្រសិន​បើ​លោក​គ្រូ ស្ពើរជិន មិន​ដែល​មាន​ការ​ស្កប់​ចិត្ត​ជា​មួយ​នឹង​សេចក្ដី​អធិប្បាយ​របស់​គាត់​ផង នោះ​វា​ជា​រឿង​ត្រឹម​ត្រូវ​ទេ​ដែល​ថា មនុស្ស​សាមញ្ញ​ដូច​ជា​លោក​អ្នក ហើយ​និង​ខ្ញុំ​ក៏​នឹង​ឃើញ​ថា​យើង​ក៏​ឈរ​នៅ​ក្នុង​ទី​តាំង​ដូច​គ្នា​ដែរ។

តោះ! ចូរ​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ពេល​វេលា​ដូចៗ​នោះ។

និពន្ធដោយ៖ អ្នកគ្រូ Dave Harvey
បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក នាង និត, លោក ប៊ុន ធីម៉ូថេ និងលោកស្រី ពុុល រដ្ថា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ព្រះ​នៃ​ខ្ញុំ​ទ្រង់​នឹង​ស្ដាប់​ខ្ញុំ

វា​ផ្ដល់​កិត្តិយស​ដល់​ទូល​បង្គំ​