in ,

ពេល​បារម្ភ

ប្រា​ជ្ញា​ពី​លោក​គ្រូ ដាវិឌ ផូលីសិន (David Powlison) ដែល​ជា​អ្នក​ប្រឹក្សា​ម្នាក់​ដែល​លោក​អ្នក​អាច​ត្រាប់​តាម​ជា​ប្រចាំ​ថ្ងៃ​ដែល​ទាក់​ទង​ទៅ​នឹង​ការ​បារម្ភ​ជា​ច្រើន។

តើ​លោក​អ្នក​ចង់​ឮ​ពី​ការ​ពណ៌នា​ដ៏​ល្អ​មួយ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ពេល​បារម្ភ​ដែរ​ឬ​ទេ?

«បើ​អ្នក​ណា​ដែល​មិន​ចេះ​គ្រប់​គ្រង​លើ​ចិត្ត​របស់​ខ្លួន
នោះ​ធៀប​ដូច​ជា​ទី​ក្រុង​ដែល​រលំ ហើយ​ឥត​មាន​កំផែង។»

សម្រង់​សម្ដី​នេះ​គឺ​ដក​ចេញ​ពី​កណ្ឌ​គម្ពីរ សុភាសិត ២៥:២៨។ តើ​លោក​អ្នក​អាច​គ្រប់​គ្រង​លើ​ខ្លួន​ឯង​បាន​ដោយ​របៀប​ណា ពេល​ពួក​បាតុកម្ម​ពាសពេញ​ផ្លូវ​នៃ​គំនិត​របស់​ខ្លួន? ការ​វាយ​ប្រហារ​ពី​ពួក​ភេរវជន ក្រុម​ជើង​កាង​នៃ​ពួក​ឧក្រិដ្ឋ​ជន ពួក​ភេរវកម្ម​គ្រាប់​បែក ទី​ក្រុង​ទទួលការ​វាយ​លុក ភ្លើង​ឆេះ​គ្រប់​ទី​កន្លែង មាន​សត្វ​តោ​រត់​តាម​ផ្លូវ និង​ភាព​វឹកវរ។ គំនិត​របស់​លោក​អ្នក​បាត់​បង់​ការ​គ្រប់​គ្រង។ ការ​ភ័យ​ខ្លាច និង​ការ​បារម្ភ​ក៏​មក​គ្រប់​គ្រង។ គ្មាន​អ្វី​មាន​ប្រសិទ្ធភាព ឬ​ក៏​នៅ​ប្រាកដ​ប្រជា​ឡើយ។

ការ​បារម្ភ​គឺ​ជា​បទ​ពិសោធន៍​មួយ​ដែល​មនុស្ស​គ្រប់​រូប​ជួប​ប្រទះ ហើយ​លោក​អ្នក​ត្រូវ​តែ​ប្រឈម​មុខ​ជា​មួយ​វា​ដោយ​មាន​ផែន​ការ។ សូម​កត់​សម្គាល់​ថា នេះ​មិន​មែន​ជា​រូប​មន្ត​ឡើយ។ នៅ​ពេល [ដែល​គ្រូ​បាល់​ទាត់​អាជីព​ចូល​ទីលាន​ប្រកួត] គាត់​មិន​ដឹង​ថា​មាន​ចំណុច​ណា​មួយ​នឹង​កើត​ឡើង​បន្ទាប់​ពី​គេ​ផ្លុំ​កញ្ចែ ដើម្បី​ចាប់​ផ្ដើម​ទេ។ គាត់​មិន​ដឹង​ថា​អ្នក​ណា​នឹង​យក​បាល់​បាន​មុន​រហូត​ទាល់​តែ​គេ​បាន​បោះ​កាក់​សិន។ ប៉ុន្តែ មិន​មែន​មាន​ន័យ​ថា គាត់​មិន​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​នោះ​ទេ។ គាត់​ចូល​ទៅ​ដោយ​មាន​យុទ្ធសាស្ត្រ​ប្រកួត ការ​ណែ​នាំ​ជា​មូល​ដ្ឋាន​សម្រាប់​ការ​ប្រកួត​ដែល​នឹង​កើត​ឡើង។

ខ្ញុំ​ចង់​ផ្ដល់​ជូន​លោក​អ្នក​នូវ​ចំណុច​៦​យ៉ាង ដែល​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ប្រកួត​សម្រាប់​ពេល​ដែល​លោក​អ្នក​ចាប់​ផ្ដើម​បារម្ភ និង​ការ​ដិត​ជាប់​ក្នុង​អារម្មណ៍។

១. ឈ្មោះ

ជា​ដំបូង សូម​ដាក់​ឈ្មោះ​លើ​សម្ពាធ។ លោក​អ្នក​តែង​តែ​បារម្ភ​អំពី​ចំណុច​ណា​មួយ។ តើ​មាន​រឿង​អ្វី​ដែល​តែង​តែ​មក​ថ្ពក់​លោក​អ្នក? តើ​លោក​អ្នក​ចូល​ចិត្ត​បារម្ភ​អំពី​អ្វី? តើ​លោក​អ្នក​មាន «មូល​ហេតុ​ល្អៗ» អ្វី​ទាក់​ទង​នឹង​ការ​បារម្ភ?

ទង្វើ​នៃ​ការ​ដាក់​ឈ្មោះ​លើ​វា​ជា​ទូ​ទៅ​ក៏​អាច​ជួយ​បាន​ដែរ។ ក្នុង​បទ​ពិសោធន៍​នៃ​ការ​បារម្ភ វា​ហាក់​បី​ដូច​ជា​រឿង​រាប់​លាន​អញ្ចឹង។ វា​ដូច​ជា​លោក​អ្នក​លេង​កង់​បង្វិល វិល​ទៅ​វិល​មក​ហើយ​វា​ក៏​នៅ​តែ​វិល​ទៅ​វិល​មក​ជា​ច្រើន​ដដែលៗ។ ប៉ុន្តែ តាម​ពិត​ទៅ លោក​អ្នក​គ្រាន់​តែ​លេង​កង់​បង្វិល​តែ ៦យ៉ាង​ប៉ុណ្ណោះ—ឬ​ក៏​ថា​ដិត​ជាប់​ក្នុង​រឿង​តែ​មួយ​ប៉ុណ្ណោះ។ វា​នឹង​ជា​ជំនួយ​ដល់​លោក​អ្នក​ក្នុង​ការ​ដាក់​ឈ្មោះ​លើ​រឿង​មួយ​នោះ ឬ​ក៏​រឿង​ទាំង ៦យ៉ាង​នោះ ដែល​វិល​ទៅ​វិល​មក។ ការ​ព្រួយ​បារម្ភ​គឺ​ជា​អារម្មណ៍​ដែល​មិន​មាន​ទី​បញ្ចប់ និង​ព្រំដែន—ប៉ុន្តែ​វា​មាន​ព្រំ​ដែន ហើយ​ក៏​ជា​រឿង​ចំៗ​ដែរ។

២. អត្ត​សញ្ញាណ

ទី២ សូម​បញ្ជាក់​អំពី​របៀប​ដែល​លោក​អ្នក​ចែក​ចាយ​ការ​បារម្ភ។ សូម​កត់​ចំណាំ​សញ្ញា​សម្គាល់។ តើ​ការ​បារម្ភ​កើត​ឡើង​ដោយ​របៀប​ណា​ក្នុង​ជីវិត​របស់​លោក​អ្នក?

សម្រាប់​មនុស្ស​មួយ​ចំនួន វា​គឺ​ជា​ការ​មាន​អារម្មណ៍​អួល​ដើម​ក ឬ​ក៏​ការ​មិន​ស្រួល​ចិត្ត​បែប​មិន​ច្បាស់​លាស់។ វា​គឺ​ជា​ជំហាន​ដ៏​ធំ​មួយ​ឆ្ពោះ​ទៅ​មុខ នៅ​ពេល​ដែល​លោក​អ្នក​ក្រោក​ឡើង ហើយ​និយាយ​ថា៖ «មើល៍! ភ្លើង​ពណ៌​ក្រហម​នៅ​លើ​ផ្ទាំង​ប៉ាណ្ណូ!»។ ជា​ជាង​គ្រាន់​តែ​បណ្ដោយ​ខ្លួន​ទៅ​តាម​ការ​បារម្ភ លោក​អ្នក​អាច​ដាក់​ឈ្មោះ​លើ​វា​បាន។

សម្រាប់​មនុស្ស​មួយ​ចំនួន​ទៀត វា​គឺ​ជា​ការ​កើត​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ដោយ​មាន​គំនិត​ដិត​ជាប់​ក្នុង​អារម្មណ៍៖ «មើល៍! ឥឡូវ​នេះ​គឺ​ជា​លើក​ទី​បួន​ហើយ​ដែល​ខ្ញុំ​បាន​អនុញ្ញាត​ឲ្យ​រឿង​នេះ​កើត​ឡើង​ក្នុង​គំនិត​របស់​ខ្ញុំ»។

ចំពោះ​មនុស្ស​មួយ​ចំនួន​ទៀត កំហឹង​គឺ​ជា​សញ្ញា​សម្គាល់។ ពួក​គេ​មាន​ការ​ក្ដៅ​ក្រហាយ ប៉ុន្តែ​នៅ​ពេល​ដែល​ពួក​គេ​គិត​ត្រឡប់​ក្រោយ​វិញ នោះ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា «ខ្ញុំ​បាន​មាន​អារម្មណ៍​ភ័យ​ខ្លាច និង​បារម្ភ​អំពី​រឿង​ណា​មួយ»។

សម្រាប់​មនុស្ស​មួយ​ចំនួន​ទៀត ការ​បារម្ភ​លេច​ឡើង​ក្នុង​រូប​រាង​កាយ​ពួក​គេ (ឧទាហរណ៍៖ ការ​ឈឺ​ក្បាល​យ៉ាង​ខ្លាំង) ឬ​ក៏​ក្នុង​ការ​ព្យាបាល​ដ៏​ថោក​ទាប​ដែល​កើត​ចេញ​ពី​អំពើ​បាប ដើម្បី​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​ប្រសើរ (ឧទាហរណ៍៖ ការ​ញ៉ាំ​ការ៉េមកី​លើស​កំណត់ ឬ​ក៏​ការ​ចុះ​ចាញ់​ក្រោម​ការ​ប្រាថ្នា​ចង់​ផឹក​ស្រា​ដែល​មាន​ជាតិ​អាកុល​ខ្លាំងៗ)។ សូម​កត់​ចំណាំ​សញ្ញា​សម្គាល់​នោះ។ តើ​ចំណុច​ទាំង​អស់​នោះ​អាច​ក្លាយ​ជា​ចំណុច​សម្គាល់​បាន​ដោយ​របៀប​ណា​ចំពោះ​លោក​អ្នក? «ខ្ញុំ​កំពុង​តែ​ចាញ់​វា។ ខ្ញុំ​ក៏​កំពុង​តែ​ភ្លេច​ព្រះ​ជាម្ចាស់ ហើយ​ពន្លឺ​ភ្លើង​ពិល​របស់​ខ្ញុំ​ក៏​កាន់​តែ​ងងឹត​ទៅៗ​ដែរ»។

៣. សួរ

ទី៣ ចូរ​សួរ​ខ្លួន​ឯង​ថា «ហេតុ​អ្វី​បាន​ជា​ខ្ញុំ​បារម្ភ​អញ្ចឹង?»។

ការ​បារម្ភ​តែង​តែ​មាន​តក្ក​នៅ​ខាង​ក្នុង​វា។ អ្នក​បារម្ភ​គឺ​ជា «មនុស្ស​មាន​ជំនឿ​តិច» (ម៉ាថាយ ៨:២៦)។ ប្រសិន​បើ​ខ្ញុំ​បាន​ភ្លេច​ព្រះ​ជាម្ចាស់ តើ​នរណា ឬ​ក៏​អ្វី​បាន​បណ្ដេញ​ទ្រង់​ចេញ​ពី​គំនិត​របស់​ខ្ញុំ ហើយ​បាន​ចាប់​ផ្ដើម​ត្រួត​ត្រា​ជំនួស​កន្លែង​ទ្រង់? ចូរ​បញ្ជាក់​អត្តសញ្ញាណ​នៃ​អ្នក​ប្លន់​នោះ។ អ្នក​បារម្ភ​បាន​ធ្លាក់​ចូល​ចំណុច​បន្ទាប់​បន្សំ​ណា​មួយ​នៃ​រាល់ «សេចក្តី​លោភ» (លូកា ១២:១៥)។ តើ​ខ្ញុំ​ចង់​បាន​អ្វី ត្រូវ​ការ​អ្វី ឃ្លាន​អ្វី ទាម​ទារ​អ្វី ឬ​ក៏​ចង់​បំពេញ​ភាព​ត្រេក​ត្រអាល​មួយ​ណា? ឬ​ក៏​ដោយ​សារ​យើង​បារម្ភ​ថា​នឹង​បាត់​បង់​អ្វី​ៗដែល​យើង​កំពុង​តែ​ស្រេក​ឃ្លាន តើ​ខ្ញុំ​កំពុង​ខ្លាច​ថា​នឹង​បាត់​បង់​អ្វី ឬ​ក៏​ថា​នឹង​មិន​ដែល​ទទួល​បាន​អ្វី​ទៅ? សូម​កត់​ចំណាំ​ភាព​ត្រេក​ត្រអាល​ជាក់​លាក់​ខាង​ឯ​សាច់​ឈាម​ចុះ។ អ្នក​បារម្ភ «ចង់​ស្វែង​រក» អំណោយ​ទាន​ជា​ជាង​អង្គ​ដែល​ប្រទាន។ ពួក​គេ​ដាក់​ទ្រព្យ​សម្បត្តិ​ក្នុង​ទី​កន្លែង​ខុស​ឆ្គង។ តើ​ខ្ញុំ​តែង​តែ​គិត​អំពី​អ្វី ដែល​ការ​នោះ​នាំ​ឲ្យ​ខ្ញុំ​សង្វាត​ដេញ​តាម​វា​យ៉ាង​អស់​ពី​ចិត្ត? ចូរ​កត់​ចំណាំ​អំពី​អ្វី​ដែល​លោក​អ្នក​ចង់​បាន​ចុះ។

៤. ស្ដាប់

ទី៤ តើ​ព្រះ​យេស៊ូវ​បាន​ប្រទាន​មូល​ហេតុ​ដ៏​ល្អ​ប្រសើរ​មួយ​ណា​ដល់​លោក​អ្នក ដើម្បី​កុំ​ឲ្យ​លោក​អ្នក​បារម្ភ? តើ​អ្វី​ទៅ​ជា​សេចក្ដី​សន្យា​ទាំង​នោះ​ដែល​យើង​ទើប​តែ​បាន​និយាយ​អំពី​វា? សូម​ត្រឡប់​ក្រោយ​វិញ ហើយ​ជ្រើស​រើស​យក​មួយ ដើម្បី​ដាក់​ក្នុង​ចិត្ត​របស់​លោក​អ្នក។

ខ្ញុំ​បាន​រាយ​ចុះ​៧​សម្រាប់​លោក​អ្នក។ ចំណុច​៧​យ៉ាង​ដែល​ព្រះ​យេស៊ូវ​បាន​ធានា​អំពី​របៀប​ដែល​ព្រះ​ជាម្ចាស់​ដំណើរ​ការ​ចក្រវាល​របស់​ទ្រង់។ យើង​បាន​លើកឡើង​ចំណុច​ទី៦ «ព្រះ​ជាម្ចាស់​គឺ​ជា​ព្រះ​វរបិតា​របស់​លោក​អ្នក» ពីព្រោះ​វា​គឺ​ជា​មូល​ហេតុ​ដ៏​ល្អ​បំផុត​ក្នុង​ចំណោម​មូល​ហេតុ​ដ៏​ប្រសើរ​ទាំង​នោះ។ ប៉ុន្តែ ទាំង​អស់​គឺ​ជា​មូល​ហេតុ​ដ៏​ល្អៗ។ នេះ​ហើយ​គឺ​ជា​មូល​ហេតុ​ដែល​ព្រះ​យេស៊ូវ​បាន​លើក​ឡើង​អំពី​ពួក​វា។ យើង​គឺ​ជា​មនុស្ស​ធម្មតា។ វា​គឺ​ជា​រឿង​ពិបាក​ក្នុង​ការ​ចង​ចាំ​ចំណុច​ទាំង​៧​យ៉ាង​នោះ​ក្នុង​ពេល​តែ​មួយ ដូច្នេះ​សូម​ជ្រើស​រើស​យក​តែ​មួយ​បាន​ហើយ។ សម្រាប់​ខ្ញុំ មួយ​ខែ​កន្លង​មក​នេះ ចំណុច​ដែល​ជា​ជំនួយ​សម្រាប់​ខ្ញុំ​គឺ «ប្រសិន​បើ​ព្រះ​ជាម្ចាស់​ផ្គត់​ផ្គង់​សត្វ​ចាប តើ​ទ្រង់​បាន​ផ្គត់​ផ្គង់​ខ្ញុំ​ដែរ​មែន​ឬ»។ វា​ធ្វើ​ឲ្យ​ខ្ញុំ​សើច បើ​គ្រាន់​តែ​គិត​អំពី​វា ហើយ​ការ​បារម្ភ​មិន​អាច​កើត​ឡើង​ស្រប​គ្នា​ជា​មួយ​នឹង​ចិត្ត​ដែល​ពោរពេញ​ទៅ​ដោយ​សំណើច​បាន​ឡើយ! សត្វ​ចាប​ទាំង​នោះ​បាន​ទាញ​យក​សេចក្ដី​ល្បួង​ជា​ច្រើន​នៃ​ការ​បារម្ភ។ វា​ជួយ​ខ្ញុំ​ច្រើន​ណាស់។ សូម​យក​សេចក្ដី​សន្យា​មួយ ហើយ​ប្រើ​ប្រាស់​វា​ចុះ។

៥. និយាយ

ទី៥ ចូរ​ទៅ​ព្រះ​វរបិតា​របស់​លោក​អ្នក។ ហើយ​និយាយ​ទៅ​កាន់​ព្រះ​អង្គ។

វា​មិន​មែន​ហាក់​បី​ដូច​ជា​ថា​ព្រះ​វរបិតា​របស់​លោក​អ្នក​មិន​យក​ចិត្ត​ទុក​ដាក់​អំពី​អ្វី​ដែល​លោក​អ្នក​បារម្ភ​នោះ​ទេ៖ មិត្តភក្ដិ​របស់​លោក​អ្នក សុខ​ភាព​របស់​លោក​អ្នក លុយ​កាក់​របស់​លោក​អ្នក កូន​ចៅ​របស់​លោក​អ្នក។ល។ ព្រះ​វរបិតា​របស់​លោក​អ្នក​ជ្រាប​អំពីអ្វី​ដែល​លោក​អ្នក​ត្រូវ​ការ។ លោក​អ្នក​អាច​ចូល​ទៅ​កាន់​ព្រះ​អង្គ​ដោយ​នាំ​យក​នូវ​អ្វី​ដែល​លោក​អ្នក​បារម្ភ។ សូម​ផ្ទេរ​ទុក្ខ​កង្វល់​របស់​លោក​អ្នក​ទៅ​កាន់​ទ្រង់ ពីព្រោះ​ទ្រង់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​លោក​អ្នក។ លោក​អ្នក​ត្រូវ​តែ​ផ្ទេរ​ទុក្ខ​កង្វល់​របស់​លោក​អ្នក​ជា​មួយ​នឹង​ទ្រង់។ ពួក​វា​តែង​តែ​នៅ​ក្រៅ​ការ​គ្រប់​គ្រង​របស់​លោក​អ្នក!

  • តើ​កូន​ចៅ​របស់​លោក​អ្នក​នឹង​មាន​លក្ខណៈ​យ៉ាង​ដូច​ម្ដេច?
  • តើ​លោក​អ្នក​នឹង​កើត​ជំងឺ​ភ្លេចភ្លាំង​មែន​ឬ?
  • តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​សេដ្ឋកិច្ច?
  • តើ​លោក​អ្នក​នឹង​រៀប​ការ​ដែរ​ឬ​ទេ?
  • តើ​នឹង​មាន​ជំងឺ​បូស​កើត​ឡើង​ដែរ​ឬ​ទេ?
  • តើ​ឪពុក​របស់​លោក​អ្នក​នឹង​ទទួល​ជឿ​លើ​ព្រះ​អម្ចាស់​ដែរ​ឬ​ទេ?
  • តើ​លោក​អ្នក​នឹង​មាន​លុយ​សម្រាប់​បង់​ការ​ចំណាយ​ខែ​ក្រោយ​ដែរ​ឬ​ទេ?

លោកអ្នក​មាន​មូល​ហេតុ​ល្អៗ​ទាក់​ទង​នឹង​ការ​បារម្ភ​លើ​ចំណុច​ទាំង​អស់​នេះ ប៉ុន្តែ​លោក​អ្នក​នៅ​មាន​មូល​ហេតុ​ល្អ​ប្រសើរ​ជាង​នេះ​ទៅ​ទៀត​ក្នុង​ការ​យក​វា​ទៅ​កាន់​អង្គ​ដែល​ស្រឡាញ់​លោក​អ្នក​បាន។ ដូច​ជា​ទារក​ម្នាក់​ដែល​អ្នក​ម្ដាយ​ឲ្យ​ដើរ​តាម​ពី​ក្រោយ​គាត់ ដូច្នេះ​សូម្បី​តែ​ចំណុច​បញ្ចប់​ដ៏​ជ្រៅ​នៃ​ជីវិត​ក៏​មាន​សុវត្ថិភាព​ផង​ដែរ។

៦. ឲ្យ

ជា​ចុង​ក្រោយ ចូរ​ឲ្យ។ ប្រព្រឹត្ត ឬ​ក៏​និយាយ​អ្វី​មួយ​ដែល​មាន​ប្រយោជន៍។ យក​ចិត្ត​ទុក​ដាក់​លើ​បុគ្គល​ណា​ម្នាក់។ សូម​ផ្គត់​ផ្គង់ ដើម្បី​បំពេញ​តម្រូវ​ការ​មនុស្ស។

ក្នុង​កន្លែង​ដ៏​ងងឹត​មួយ ពេល​ពិភព​លោក​នេះ​មាន​ការ​ច្របូក​ច្របល់​យ៉ាង​ខ្លាំង ពេល​មាន​ពួក​បាតុកម្ម​លើ​ផ្លូវ ពេល​ជីវិត​មាន​ការ​លំបាក​យ៉ាង​ខ្លាំង គឺ​តែង​តែ​មាន​រឿង​ដ៏​ត្រឹម​ត្រូវ​ក្នុង​ការ​ប្រព្រឹត្តិ។ គឺ​តែង​តែ​មាន​របៀប​ណា​មួយ​ដែល​លោក​អ្នក​អាច​ប្រគល់​ជីវិត​របស់​លោក​អ្នក​ចំពោះ [ក្នុង​ការ​ជួយ]។ ពេល​មើល​ទៅ វា​ហាក់​បី​ដូច​ជា​បញ្ហា​ធំ​ធេង​ណាស់។ លោក​អ្នក​អាច​បារម្ភ បារម្ភ បារម្ភ បារម្ភ។ ប៉ុន្តែ អ្វី​ដែល​ព្រះ​អង្គ​បាន​ត្រាស់​ហៅ​ឲ្យ​លោក​អ្នក​ធ្វើ​គឺ​តូច គឺ​តូច​ខ្លាំង​មែន​ទែន។ តែង​តែ​មាន​អ្វី​មួយ​ដែល​លោក​អ្នក​អាច​ប្រគល់​ជីវិត​របស់​លោក​អ្នក​ចំពោះ [ក្នុង​ការ​ជួយ] និង​របៀប​ណា​មួយ​ដែល​លោក​អ្នក​អាច​ផ្គត់​ផ្គង់​ឲ្យ​បាន។ ព្រះ​យេស៊ូវ​បាន​លើក​ឡើង​បន្ថែម​ទៀត​អំពី​ចំណុច​នេះ​ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ ៦ ដែល​ជា​ខ​គម្ពីរ​ស៊ី​គ្នា​ចំពោះ​យើង៖ «ថ្ងៃ​ស្អែក​នឹង​មាន​រឿង​ខ្វល់​ខ្វាយ​របស់​ថ្ងៃ​នោះ រឿង​របស់​ថ្ងៃ​ណា ល្មម​សម្រាប់​ថ្ងៃ​នោះ​ហើយ»។ សូម​ខ្វល់​ខ្វាយ​តែ​អំពី​បញ្ហា​សម្រាប់​ថ្ងៃ​នេះ​បាន​ហើយ។ សូម​គិត​អំពី​តែ​ភារកិច្ច​សម្រាប់​ថ្ងៃ​នេះ​បាន​ហើយ។ ចូរ​ថ្វាយ​ភាព​មិន​ប្រាកដ​ប្រជា​នៃ​ថ្ងៃ​ស្អែក​ទៅ​កាន់​ព្រះ​វរបិតា​របស់​លោក​អ្នក​ចុះ។

និពន្ធ​ដោយ៖ លោក​គ្រូ Justin Taylor
បក​ប្រែ​ដោយ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក​ស្រី ពូល រដ្ឋា និង​លោក ប៊ុន ធីម៉ូថេ
ដក​ស្រង់ និង​កែ​សម្រួល​ចេញពី thegospelcoalition.org ដោយ​មាន​ការ​អនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ព្រះហស្តស្តាំក៏ឱបខ្ញុំ

ចូរនៅបន្តប្រកាសចុះ