ប្រសិនបើលោកគ្រូ ចន ផាភ័រ និយាយបានយ៉ាងត្រឹមត្រូវ នោះពេលវេលាបែបហ្នឹងគឺជាបញ្ហាមែន «ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវការសេចក្ដីសង្គ្រោះជារៀងរាល់ព្រឹក។ ពេលខ្ញុំភ្ញាក់ពីគេង អារក្សអង្គុយនៅចំពីមុខខ្ញុំតែម្ដង។»
មូលហេតុដ៏ខុសឆ្គង៦យ៉ាងក្នុងការមើលទូរស័ព្ទរបស់លោកអ្នកនៅពេលព្រឹក
(និងរបៀបដ៏ល្អប្រសើរក្នុងការពុះពារទៅមុខ)
ព្វថ្ងៃនេះ យើងដាក់ទូរស័ព្ទតាមខ្លួនទៅទីកន្លែងណាដែលយើងទៅ—ដែលជាទូទៅគឺគ្រប់ទីកន្លែង។ ចំពោះអ្នកខ្លះការនេះមានន័យថា យើងថែមទាំងគេងជាមួយទូរស័ព្ទរបស់ខ្លួនទៀតផង។ នៅក្នុងបន្ទប់គេង ទូរស័ព្ទរបស់យើងគឺជាអ្វីមួយដែលដាស់យើង វាស់វែងពីរបៀបគេងរបស់យើង ហើយអ្នកដទៃក៏អាចទាក់ទងមកយើងបានក្នុងករណីដែលមានគ្រាអាសន្នណាមួយ។
អត្ថប្រយោជន៍ទាំងនោះគឺល្អប្រសើរណាស់។ ប៉ុន្តែ បញ្ហាក៏កើតមានឡើងនៅពេលដែលយើងអាចលូកដៃទៅទាញយកទូរស័ព្ទរបស់យើងនៅពេលណាក៏បាន ហើយឆែកអ៊ីមែល និងបណ្ដាញសង្គមផ្សេងៗខណៈពេលដែលយើងមិនទាន់បានភ្ញាក់ពីគេងស្រួលបួលនៅឡើយផង—មុនពេលដែលភ្នែករបស់យើងបានស្វាងពីគេង។
តាមពិតទៅ យើងមិនចាំបាច់មានតារាងបទបង្ហាញ ដើម្បីឲ្យដឹងថាយើងមានការរហ័សរហូនណាស់ក្នុងការមើលហ្វេសប៊ុក ហើយយឺតនឹងការចំណាយពេលជាមួយព្រះជាម្ចាស់ឡើយ។ ប្រសិនបើលោកគ្រូ ចន ផាភ័រ និយាយបានយ៉ាងត្រឹមត្រូវ នោះពេលវេលាបែបហ្នឹងគឺជាបញ្ហាមែន «ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវការសេចក្ដីសង្គ្រោះជារៀងរាល់ព្រឹក។ ពេលខ្ញុំភ្ញាក់ពីគេង អារក្សអង្គុយនៅចំពីមុខខ្ញុំតែម្ដង។»
នោះពិតជាចំណុចដ៏គួរឲ្យភ្ញាក់ផ្អើលមែនទែន ទាក់ទងទៅនឹងរបៀបដែលយើងនិយាយអំពីផលលំបាកនៃការរស់នៅជីវិតបែបជាគ្រីស្ទបរិស័ទប្រចាំថ្ងៃ។
យើងអាចនិយាយបានមួយបែបទៀតថា អ្វីដែលយើងផ្ដោតចិត្តលើមុនគេនៅពេលព្រឹក នោះនឹងក្លាយជាទ្រង់ទ្រាយពេញមួយថ្ងៃរបស់យើង។
តើហេតុអ្វីបានជាយើងតក់ក្រហល់ម៉្លេះក្នុងការឆែកអ៊ីមែល និងបណ្ដាញសង្គមផ្សេងៗទៀតនៅពេលព្រឹក ហើយមានការយឺតយ៉ាវក្នុងការចំណាយពេលជាក់លាក់ជាមួយនឹងព្រះជាម្ចាស់ក្នុងការអានព្រះបន្ទូលរបស់ទ្រង់ និងការអធិស្ឋានទៅវិញ? ហើយតើយើងអាចរកវិធីណាដ៏ល្អប្រសើរក្នុងការឈានទៅមុខក្នុងទំព័រនៃព្រះបន្ទូលបានដែរឬទេ?
យើងខ្ញុំបានសួរលោកគ្រូ ចន ផាភ័រ ហើយខាងក្រោមនេះគឺជាសំណេរដែលសរសេរចុះបែបសង្ខេបនូវចម្លើយរបស់គាត់៖
យើងខ្ញុំបានសួរគាត់ថា «តើហេតុអ្វីបានជាយើងមានការងាយយ៉ាងខ្លាំងម៉្លេះក្នុងការចុចទូរស័ព្ទមុនពេលដែលយើងធ្វើអ្វីផ្សេងទៀត មិនថាអ្វីក៏ដោយ?» ។ ចេញពីការវិភាគលើដួងចិត្តរបស់ខ្ញុំផ្ទាល់ និងសេចក្ដីល្បួង ខ្ញុំគិតឃើញមូលហេតុ៦យ៉ាង។
ចំពោះយើងខ្ញុំ មូលហេតុទាំង៦យ៉ាងនោះសុទ្ធតែមានឫសគល់ក្នុងអំពើបាប ជាជាងក្នុងចិត្តប្រាថ្នាចង់បម្រើអ្នកដទៃ និងការមានចំណងចិត្តនឹងព្រះជាម្ចាស់។ យើងខ្ញុំបានលើកឡើងបែបនោះ ព្រោះយើងខ្ញុំគិតថា មហាបេសកកម្មជួយរៀបរៀងរបៀបវារៈសម្រាប់ពេលព្រឹក ពេលថ្ងៃ និងពេលល្ងាចរបស់យើង។
យើងទាំងអស់គ្នាត្រូវតែស្រឡាញ់ព្រះជាម្ចាស់ឲ្យអស់ពីចិត្ត អស់ពីព្រលឹង អស់ពីគំនិត និងអស់ពីកម្លាំងពេលដែលយើងភ្ញាក់ពីគេងនៅពេលព្រឹក។ ហើយយើងត្រូវត្រៀមខ្លួនក្នុងការស្រឡាញ់អ្នកជិតខាងរបស់យើងដូចខ្លួនឯងផងដែរ (ម៉ាថាយ ២២:៣៧-៤០)។
កម្រមានណាស់ក្នុងចំណោមយើងដែលភ្ញាក់ឡើង ហើយព្រលឹងទាំងមូលរបស់យើងស្រឡាញ់ព្រះជាម្ចាស់ និងអ្នកដទៃទាំងស្រុងនោះ។ ការត្រៀមខ្លួនតម្រូវឲ្យមានការផ្ដោតជាថ្មី—បើនិយាយឲ្យពីរោះស្ដាប់ទៅ—គឺតាមរយៈព្រះបន្ទូល និងការអធិស្ឋាន។
ដូច្នេះហើយ ខាងក្រោមនេះគឺជាយោបល់៦យ៉ាងរបស់យើងខ្ញុំ ទាក់ទងនិងមូលហេតុដែលមនុស្សជាច្រើនមានការទាក់ទាញស្ទើរតែញៀននៅក្នុងការឆែកមើលទូរស័ព្ទដៃរបស់ខ្លួន នៅពេលភ្ញាក់ពីគេងព្រឹកឡើង។ ខ្ញុំហៅយោបល់៣យ៉ាងដំបូងថា ចំណងចិត្តក្ដៅៗ។ ខ្ញុំហៅយោបល់៣យ៉ាងទីពីរថា ចំណងចិត្តគេចចេញ។
មូលហេតុទី១៖ ចំណង់ចិត្តថ្មីៗ
ជាទូទៅ យើងម្នាក់ៗចង់ដឹងចង់ឮនូវអ្វីៗដែលថ្មីនៅលើភពផែនដីយើងនេះ ហើយនៅក្នុងចំណោមមិត្តភក្ដិរបស់យើងដូចគ្នា។ តើមានអ្វីបានកើតឡើងនៅចុងក្រោយបង្អស់ ដែលយើងបានឃើញលើផែនដីនេះ? ក្នុងចំណោមយើងភាគច្រើន យើងចូលចិត្តធ្វើជាអ្នកដឹងហេតុការណ៍អ្វីមួយមុនគេ ដើម្បីកុំឲ្យយើងចាំបាច់យកចិត្តទុកដាក់ក្នុងការស្ដាប់អ្នកដទៃ ដោយឲ្យគេដែលឆ្លាតជាងយើង ពូកែជាងយើងមកប្រាប់យើងនូវអ្វីដែលយើងបានដឹងរួចទៅហើយនោះទេ។
ទំនង ដើម្បីឲ្យយើងអាចឆក់ឱកាសក្នុងការមានតួនាទីជាអ្នកផ្ដល់ព័ត៌មាន ជាជាងឲ្យយើងធ្វើជាអ្នកមិនតាមដានព័ត៌មានទាន់ហេតុការណ៍ ដែលការនោះបានធ្វើឲ្យយើងក្លាយជាអ្នកត្រូវទទួលព័ត៌មានពីអ្នកផ្សេងទៀតអំពីហេតុការណ៍ដែលបានកើតឡើង ពីព្រោះបើពួកគេពិតជាឆ្លាតមែន នោះពួកគេនឹងចូលទៅមើលបណ្ដាញសង្គមមុនយើងហើយ។
មូលហេតុទី២៖ ចំណង់ចិត្តលើខ្លួនឯង
តើមានគេបាននិយាយអ្វីខ្លះអំពីយើងនៅវេលាចុងក្រោយគេដែលយើងបានឆែកមើល? តើនរណាខ្លះបានកត់សម្គាល់មកលើយើង? តើនរណាខ្លះបានស៊ែរ status របស់យើង? តើនរណាខ្លះបានសរសេរសំដៅមកលើយើង ចុច like ឬក៏បានតាមដានជីវិតរបស់យើងតាមរយៈខមិន (comment)? ដោយសារការធ្លាក់ក្នុងអំពើបាប នោះយើងក៏មានចំណងចិត្តដោយគ្រប់គ្រង់ខ្លួនឯងមិនបាន ទាក់ទងនឹងការគិតតែពីខ្លួនឯង។ អ្នកខ្លះក្នុងចំណោមយើងភាគច្រើនគឺខ្សោយល្មម ត្រូវរបួសល្មម ងាយប្រេះស្រាំល្មម អត់មានសុវត្ថិភាពល្មមរួចទៅហើយ ដូច្នេះហើយបើមានគេនិយាយអំពីយើង នោះវាធ្វើឲ្យយើងមានអារម្មណ៍ល្អ។ វាហាក់បីដូចជាមានរណាម្នាក់មកថើបយើងអញ្ចឹង។
មូលហេតុទី៣៖ ចំណង់ចិត្តកំសាន្តអារម្មណ៍
នៅលើបណ្ដាញសង្គមអ៊ីនធឺណិតមានការកំសាន្តឥតឈប់ឈរដែលមានដូចជា៖ រឿងប្លែកៗ គួរឲ្យចាប់អារម្មណ៍ អស្ចារ្យ ភ្ញាក់ផ្អើល គួរឲ្យទាក់ទាញ រូបភាពស្អាតៗ សម្រង់សម្ដីល្អៗ វីដេអូ រឿងភាគ និងកំណត់បណ្ដាញតំណឥតល្ហែ។ អ្នកខ្លះក្នុងចំណោមយើងភាគច្រើនស្ទើរតែញៀននឹងតម្រូវការនៃការមើលអ្វីមួយដែលមើលទៅគួរឲ្យញាក់សាច់ ស្ទើរតែមិនគួរឲ្យជឿ ហើយចម្លែកមែនទែន។
ហេតុដូច្នេះ មានចំណង់ចិត្តយ៉ាងហោចណាស់បីយ៉ាង ដែលធ្វើការក្នុងយើងនៅរាល់ពេលព្រឹក ហើយបណ្ដាលឲ្យយើងចង់បំពេញការញៀនទាំងនោះតាមរយៈទូរស័ព្ទដៃរបស់យើង។
ហើយយ៉ាងហោចណាស់ក៏មានចំណង់ចិត្តគេចចេញបីយ៉ាងផងដែរ។ បើនិយាយម្យ៉ាងវិញទៀត ចំណង់ចិត្តទាំងនោះគឺមិនមែនជាសេចក្ដីប៉ងប្រាថ្នាបែបវិជ្ជមានលើអ្វីមួយឡើយ ប៉ុន្តែទាំងនោះគឺជាអ្វីម៉្យាងដែលយើងគ្រាន់តែចង់គេចចេញក្នុងជីវិតយើង ដើម្បីឲ្យធ្វើអ្វីផ្សេងៗទៀតជំនួសវា។
មូលហេតុទី៤៖ ចំណង់ចិត្តគេចចេញពីភាពអផ្សុក
ពេលយើងភ្ញាក់ពីគេងព្រឹកឡើង មើលទៅថ្ងៃហ្នឹងគួរឲ្យធុញទ្រាន់ណាស់ គ្មានអ្វីគួរឲ្យរំភើបសប្បាយនឹងកើតឡើងទាល់តែសោះ ដែលការទាំងនោះមិនចង់ឲ្យយើងក្រោកចេញពីគ្រែ។ អញ្ចឹងហើយបានជាយើងស្អប់ភាពទទេសូន្យឈឹងណាស់។ ប្រសិនបើគ្មានអ្វីសំខាន់ វិជ្ជមាន ឬក៏ក្ដីសង្ឃឹមនៅពីមុខយើងក្នុងការបំពេញនូវចន្លោះប្រហោងនៃក្ដីសង្ឃឹមក្នុងជីវិតយើង នោះយើងនឹងប្រើប្រាស់ទូរស័ព្ទដៃក្នុងការគេចវេស ដើម្បីឈានចេញពីភាពអផ្សុកទាំងនោះ។
មូលហេតុទី៥៖ ចំណង់ចិត្តគេចចេញពីទំនួលខុសត្រូវ
យើងម្នាក់ៗសុទ្ធតែមានទំនួលខុសត្រូវ ដែលមានដូចតទៅនេះ៖ ជាឪពុក ជាម្ដាយ ជាចៅហ្វាយនាយ ជាបុគ្គលិក។ល។ ជារៀងរាល់ថ្ងៃ យើងប្រឈមមុខនឹងបន្ទុកដ៏ធ្ងន់ធ្ងរជាច្រើន។ យើងជាអ្នកទទួលរ៉ាប់រងនូវទំនួលខុសត្រូវទាំងនោះ។ យើងជាអ្នកចាត់ចែងទាក់ទងនឹងកូនចៅ ផ្ទះសម្បែង យានជំនិះ ការចាយវាយជាដើម និងទំនួលខុសត្រូវជាច្រើនផ្សេងៗទៀតផងដែរ។ ជីវិតគឺពោរពេញទៅដោយទំនួលខុសត្រូវជាច្រើន ពេលខ្លះយើងមានអារម្មណ៍ថា វាហួសហេតុពេកហើយ ហេតុដូចនេះហើយបានជាយើងបន្តដេកដោយមានភាពភ័យខ្លាច—ទំនងថែមទាំងអាក់អន់ស្រពន់ចិត្តទៀតផង—ទៅកាន់អស់អ្នកដែលដាក់សម្ពាធខ្លាំងពេកមកលើយើង។ ថ្ងៃនេះគ្មានអ្វីទាក់ទាញចំណាប់អារម្មណ៍យើងទេ អញ្ចឹងហើយបានជាយើងជ្រើសរើសការគេចចេញពីទំនួលខុសត្រូវប្រាំទៅដប់នាទីទៀតសិន។ ហើយទូរស័ព្ទដៃយើងក៏ជួយអូសក្រឡាពេលវេលាសម្រាប់យើងដែរ។
មូលហេតុទី៦ ៖ ចំណង់ចិត្តគេចចេញពីទុក្ខលំបាក
លោកអ្នកទំនងជាកំពុងស្ថិតក្នុងកាលៈទេសៈនៃជីវិតដែលថា អ្វីដែលលោកអ្នកជួបប្រទះពេលដែលលោកអ្នកងើបពីដំណេកគឺមិនមែនគ្រាន់តែមកពីលោកអ្នកអផ្សុក ឬក៏មិនមែនគ្រាន់តែមិនមានទំនួលខុសត្រូវនោះទេ ប៉ុន្តែដោយសារមានជម្លោះដ៏ធំខាងឯទំនាក់ទំនង ឬក៏បញ្ហាជំងឺ មានជនពិការក្នុងផ្ទះ មិត្តភក្ដិដែលឈ្លោះទាស់ទែងនឹងលោកអ្នក ឬក៏ការឈឺចាប់ក្នុងខ្លួនរបស់លោកអ្នកផ្ទាល់ តាមសន្លាក់ដៃជើង ហើយលោកអ្នកស្ទើរតែងើបចេញពីគ្រែមិនរួច ពីព្រោះវាឈឺចុកចាប់ខ្លាំងពេកនៅពេលព្រឹក។ ហេតុដូច្នេះហើយបានជាលោកអ្នកមានការងាយស្រួលណាស់ក្នុងការបន្តសម្ងំនៅលើគ្រែបន្តិចទៀតទៅ។ ហើយទូរស័ព្ទយើង វាជួយឲ្យយើងអាចគេចវេសបានបន្តិចទៀត។
ការគិតអំពីផ្លូវផ្ទុយ
សរុបសេចក្ដីទៅ ទាំងនោះគឺជាសេចក្ដីសន្និដ្ឋានប្រាំមួយយ៉ាងរបស់យើងខ្ញុំអំពីមូលហេតុដែលយើងមួយចំនួនតែងតែមានចិត្តញៀនក្នុងការមើលទូរស័ព្ទរបស់យើងពេលយើងភ្ញាក់ពីគេងនៅពេលព្រឹក៖ ចំណងចិត្តក្ដៅៗ និងចំណងចិត្តគេចចេញ។
ប៉ុន្តែ សូមគិតអំពីចំណុចនេះ៖ ឧទាហរណ៍ថាលោកអ្នកបានបើកទូរស័ព្ទខ្លួនភ្លាមនៅពេលព្រឹក ចុះបើលោកអ្នកជាបុគ្គលដំបូងក្នុងព័ត៌មានដ៏អាក្រក់ ចុះបើក្នុងការស្វែងរកចំណង់ចិត្តតម្កើងខ្លួនឯង លោកអ្នកបែរជាត្រូវគេបន្ទាបចុះ ហើយមានគេស្អប់លោកអ្នកយ៉ាងខ្លាំងក្នុងរយៈពេលតែមួយយប់ តើលោកអ្នកគិតយ៉ាងម៉េចវិញ? ឬក៏ថា ចុះបើលោកអ្នកបានចំណាយពេលប្រាំនាទីនៅពេលព្រឹកដោយកម្សាន្តចិត្តខ្លួន ជាជាងប្រឈមមុខនឹងទំនួលខុសត្រូវដែលលោកអ្នកមាននៅថ្ងៃនោះ ហើយលោកអ្នកឃើញថា បន្ទាប់ពីបានចំណាយពេលប្រាំនាទីនោះមក គឺមានមនុស្សម្នាជាច្រើននាក់អូសទម្លាក់លោកអ្នកក្នុងរបៀបដ៏កំប្លែងៗ មើលងាយមើលថោក អត់ខួរ។ល។ តើលោកអ្នកនឹងគិតយ៉ាងដូចម្ដេចទៅ?
តើលោកអ្នកពេញចិត្តដែរឬទេ?
ហើយចុះបើលោកអ្នកបានចំណាយពេលប្រាំនាទីក្នុងការគេចចេញពីភាពអផ្សុក ទំនួលខុសត្រូវ និងភាពលំបាកនៅថ្ងៃនោះដោយគ្រាន់តែយល់ឃើញថា ចេញពីការចំណាយពេលប្រាំនាទីនៃការគេចចេញនោះ លោកអ្នកក៏កាន់តែមិនអាចប្រឈមមុខនឹងធាតុពិតនៃថ្ងៃនោះខាងឯព្រលឹងវិញ្ញាណ សីលធម៌ និងអារម្មណ៍ តើលោកអ្នកនិងធ្វើយ៉ាងម៉េចវិញ?
តើលោកអ្នកពេញចិត្តឬទេ?
អ្វីដែលយើងចង់ឲ្យកើតមានឡើងម្ដងហើយម្ដងទៀតនៅពេលព្រឹកនោះគឺ មានពេញទៅដោយព្រះវិញ្ញាណបរិសុទ្ធ។ យើងចង់បាននូវអ្វីដែលនឹងប្រទានភាពឆេះឆួលសម្រាប់សិរីល្អរបស់ព្រះគ្រីស្ទនៅថ្ងៃហ្នឹង។ យើងចង់ទទួលបានកម្លាំងក្នុងការប្រឈមមុខនឹងអ្វីដែលថ្ងៃនោះមានសម្រាប់យើង។ យើងចង់បាននូវអ្វីដែលផ្ដល់អំណរនៃការលើកទឹកចិត្តដល់យើងក្នុងការមានចិត្តព្យាយាមរាប់អ្នកដទៃថាល្អជាងខ្លួន ហើយសង្វាតដេញតាមភាពពិតដ៏អស្ចារ្យ ដូចដែលព្រះយេស៊ូវបានមានបន្ទូលថា ការនោះកើតឡើងតាមរយៈការដែលយើងធ្វើជាអ្នកបម្រើមនុស្សទាំងអស់ (ម៉ាថាយ ២០:២៦-២៨)។ នោះឯងគឺជាសេចក្ដីប្រាថ្នាដ៏ពិតរបស់យើងនៅពេលព្រឹក។
យើងត្រូវការពេលវេលាពេលព្រឹករបស់យើង
ក្នុងចំណោមយើងគឺមានគ្នាតិចណាស់ដែលងើបឡើងដោយមានកម្លាំងក្នុងការធ្វើនូវរាល់ចំណុចល្អៗទាំងអស់នោះ។ ដូច្នេះ យើងខ្ញុំគិតថា ផ្លូវថ្មីសម្រាប់ពេលព្រឹកគឺមានចែងក្នុងកណ្ឌគម្ពីរទំនុកតម្កើង។
«ឱព្រះយេហូវ៉ាអើយ នៅពេលព្រឹក ទ្រង់នឹងឮសំឡេងរបស់ទូលបង្គំ គឺនៅពេលព្រឹក ទូលបង្គំនឹងទូលដល់ទ្រង់ ដោយលំដាប់ ព្រមទាំងរក្សាពេលចាំយាមផង» (ទំនុកតម្កើង ៥:៣)។
ពេលដែលលោកអ្នកក្រោកពីគេងនៅពេលព្រឹក ខណៈពេលដែលលោកអ្នកកំពុងនៅដេកលើខ្នើយនៅឡើយ សូមឲ្យអ្វីដែលលោកអ្នកនិយាយចេញពីមាត់មុនគេបង្អស់គឺជាការស្រែកយំទៅកាន់ព្រះជាម្ចាស់៖ «ទូលបង្គំស្រឡាញ់ព្រះអង្គ។ ទូលបង្គំត្រូវការព្រះអង្គ។ សូមជួយទូលបង្គំ!»។ នោះគឺជាសម្រែកដំបូងចេញពីបបូរមាត់របស់យើងខ្ញុំនៅពេលព្រឹក។ «ថ្ងៃនេះ ទូលបង្គំត្រូវការទ្រង់ជាថ្មីម្ដងទៀត!»។ បន្ទាប់មក ចូរត្រៀមការលះបង់ និងការរង់ចាំ។ ហើយយើងខ្ញុំគិតថា រូបកាយយើងខ្ញុំគឺជាការលះបង់នោះ ហើយយើងខ្ញុំថ្វាយចំណាប់អារម្មណ៍របស់យើងខ្ញុំទៅកាន់ព្រះអង្គទាំងស្រុង។
តើយើងខ្ញុំរង់ចាំឲ្យព្រះអង្គយាងមក ដើម្បីឲ្យធ្វើអ្វី? យើងខ្ញុំកំពុងរងចាំអ្វី?
«សូមឲ្យទូលបង្គំបានឮសេចក្ដីសប្បុរសរបស់ទ្រង់ នៅពេលព្រឹក ដ្បិតទូលបង្គំទុកចិត្តនឹងទ្រង់ សូមឲ្យទូលបង្គំបានស្គាល់ផ្លូវដែលគួរដើរ ពីព្រោះទូលបង្គំបានលើកព្រលឹងទៅរកទ្រង់» (ទំនុកតម្កើង ១៤៣:៨)។
យើងខ្ញុំរង់ចាំសេចក្ដីសប្បុរសរបស់ទ្រង់ ហើយយើងខ្ញុំធ្វើបែបនោះតាមរយៈការមើលព្រះបន្ទូលរបស់ព្រះអង្គ។
«ឱ! សូមចំអែតយើងខ្ញុំ ដោយសេចក្ដីសប្បុរសនៃទ្រង់ នៅពេលព្រឹក ដើម្បីឲ្យយើងខ្ញុំបានរីករាយឡើង ហើយមានសេចក្ដីអំណររហូតដល់អស់១ជីវិត» (ទំនុកតម្កើង ៩០:១៤)។
យើងរង់ចាំក្នុងព្រះបន្ទូលដែលព្រះអង្គបានបណ្ដាលឲ្យតែងក្នុងការដែលទ្រង់បើកសម្ដែងសេចក្ដីសប្បុរសរបស់ទ្រង់ និងការដឹកនាំសម្រាប់ជីវិតរបស់យើង ដោយរួមមានទាំងការធ្វើឲ្យព្រលឹងរបស់យើងស្កប់ចិត្ត ព្រោះព្រះអង្គល្អ ហើយទ្រង់មើលថែយើង។
«ទូលបង្គំភ្ញាក់មុនអស់ទាំងយាមយប់ ហើយបើកភ្នែក ដើម្បីរំពឹងគិតពីព្រះបន្ទូលទ្រង់» (ទំនុកតម្កើង ១១៩:១៤៨)។
«ឱ! ព្រះអង្គអើយ! ព្រះតម្រិះរបស់ទ្រង់មានតម្លៃវិសេសដល់ទូលបង្គំណាស់ហ្ន៎ ក៏មានចំនួនច្រើនណាស់ផង។ បើសិនជាទូលបង្គំនឹងខំរាប់ចំនួន នោះមានច្រើនជាងគ្រាប់ខ្សាច់ទៅទៀត កាលណាទូលបង្គំភ្ញាក់ឡើង នោះទូលបង្គំនៅជាមួយនឹងទ្រង់នៅឡើយ» (ទំនុកតម្កើង ១៣៩:១៧-១៨)។
មុនលោកអ្នកចូលគេងយប់នេះ សូមធ្វើការសម្រេចចិត្តមួយចំនួន និងសូមរៀបចំផែនការមួយចំនួនក្នុងការដកខ្លួនចេញពីចំណង់ចិត្តញៀន និងទម្លាប់នៃការគេចចេញ ដែលការទាំងនោះបាន ក៏ដូចជាកំពុងបំផ្លាញនូវកម្លាំងដែលលោកអ្នកអាចនឹងមាននៅពេលព្រឹក។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

ព្រះយេស៊ូវ ពួកសាវ័ក និងពួកសិស្សរបស់ទ្រង់ ពួកគេទាំងអស់បានសួរបណ្តាជននូវសំណួរជាក់លាក់។ ឥឡូវនេះ ប្រហែលជាពួកយើងគួរពិចារណាប្រើសំណួរដូចគ្នាទាំងនេះ សម្រាប់ក្រុមតូចរបស់យើងទាំងអស់។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។