in

ការ​ទប់​កំហឹង​ទាស់​នឹង​កូន

7 Tips for Keeping Your Cool When Your Kids Misbehave

ភ្នំ​ភ្លើង​ផ្ទុះ

តើ​លោក​អ្នក​ធ្លាប់​យល់​អារម្មណ៍​របស់​ឪពុក​ម្ដាយ​ដែល​ធ្លាប់​និយាយ ឬ​ក៏​ធ្វើ​អ្វី​មួយ​ដែល​ជា​ទូ​ទៅ​ពួក​គាត់​មិន​លើក​ទឹក​ចិត្ត​ឲ្យ​យើង​ធ្វើ​ដែរ​ឬ​ទេ? ជា​ថ្មី​ម្ដង​ទៀត នៅ​ក្នុង​​ខណៈ​ពេល​កូន​នោះ​មាន​អាកប្ប​កិរិយា​មិន​សមរម្យ​ម្តង​ហើយ​ម្តង​ទៀត ហើយ​ភ្លាមៗ​នោះ​ចេញ​ពី​ជម្រៅ​ចិត្ត​ណា​មួយ​ក្នុង​លោក​អ្នក​ក៏​ស្រាប់​តែ​ភ្នំ​ភ្លើង​ផ្ទុះ​តែ​ម្ដង។ វា​មិន​ល្អ​មើល​ទេ។

ក្រោម​ផ្ទៃ​លើ​នៃ​ភ្នំភ្លើង

លោក​អ្នក​បាន​ច្រឡោត​ជាថ្មី​ម្ដង​ទៀត។ លោក​អ្នក​ក៏​ទទួល​ស្គាល់។ លោក​អ្នក​បាន​លន់​តួ​កំហុស​ខ្លួន​ទៅ​កាន់​អស់​អ្នក​ដែល​មាន​ចំណែក។ លោក​អ្នក​សុំ​ទោស​ពួក​គាត់ ហើយ​ក៏​សូម​ឲ្យ​ពួក​គាត់​អត់​ទោស។ ហើយ​លោក​អ្នក​បាន​សម្រេច​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ថា​នឹង​មិន​ធ្វើ​ដូច​របៀប​នោះ​ម្ដង​ទៀត​នោះ​ទេ ពោល​គឺ​នឹង​មិន​ធ្វើ​ការ​នោះ​ទៀត​ឡើយ។ ប៉ុន្តែ នោះ​ឯង​ជា​បញ្ហា។ ការ​សម្រេច​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់​របស់​លោក​អ្នក​ដោយ​ខ្លួន​ឯង​នឹង​បរាជ័យ​ជាថ្មី​ម្ដង​ទៀត​ជា​មិន​ខាន។ យើង​ត្រូវ​ការ​ជំនួយ​ពី​ព្រះ​ជាម្ចាស់ ដើម្បី​ជួយ​ឲ្យ​យើង​អាច​មាន​ការ​ផ្លាស់​ប្រែ​ទៅ​បាន។ ការ​យក​ឈ្នះ​លើ​កំហឹង​តម្រូវ​ឲ្យ​មាន​អ្វី​មួយ​ផ្សេង​ទៀត​លើស​ពី​អ្វី​ដែល​មនុស្ស​យើង​អាច​ធ្វើ​បាន គឺ​តម្រូវ​ឲ្យ​មាន​ជំនួយ​ពី​ព្រះ​ជាម្ចាស់​ទាំង​ស្រុង។ ដំណឹង​ល្អ​គឺ​ត្រង់​ថា ព្រះយេស៊ូវ​បាន​យាង​មក ដើម្បី​ធ្វើ​ឲ្យ​ផ្លូវ​នោះ​អាច​ទៅ​រួច​បាន​សម្រាប់​មនុស្ស​គ្រប់ៗ​គ្នា ដែល​មាន​រួម​ទាំង​ឪពុក​ម្ដាយ​ដែល​ឆាប់​ងាយ​នឹង​ខឹង ពោល​គឺ​ដើម្បី​ឲ្យ​មាន​មនុស្ស​ទាំង​អស់​ទទួល​បាន​ការ​បំផ្លាស់​បំប្រែ​ដែល​ចេញពី​ការ​នោះ​ពួក​គាត់​ចេះ​ចុះ​ចូល​សេចក្ដី​រំពឹង​របស់​ខ្លួន​ទៅ​កាន់​ព្រះ​ជាម្ចាស់​ក្នុង​ការ​បម្រើ​អ្នក​ដទៃ និយាយ​ឲ្យ​ចំៗ​ទៅ​គឺ​ការ​បម្រើ​កូនៗ​របស់​ខ្លួន។

នៅ​ពេល​ដែល​ឪពុក​ម្ដាយ​ជ្រើស​រើស​ប្រើ​ប្រាស់​សំឡេង​ខ្លាំងៗ​ទៅ​កាន់​កូន ដោយ​ជេរ​បញ្ចោរ​កូនៗ ហៅ​ឈ្មោះ​កូនៗ​មិនល្អ (ឧទាហរណ៍៖ អា​ប្រកាច់ អា​ល្មើស​គុណ) ដោយ​សារ​វា​ឈ្លោះ​ប្រកែក​ពី​រឿង​កំប៉ិក​កំប៉ុក ដោយ​ធ្វើ​ភ្នែក​ស្លើ (បញ្ឈរ​ភ្នែក​បែប​ឌឺ) ស្រែក​យ៉ាង​ក្ដៅ​ក្រហាយ​ថា «អញ​ទប់​លែង​បាន​ទៀត​ហើយ» ដែល​កើត​ចេញ​ក្នុង​មួយ​សន្ទុះ ហើយ​ផ្ទុះ​ឡើង​ចំពោះ​សាច់​រឿង​ដ៏​តូច​តាច ការ​នេះ​មាន​ន័យ​ថា ទំនាក់​ទំនង​គ្រប់ៗ​គ្នា​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​គ្នា​នោះ​នឹង​ងាយ​មាន​ការ​ប្រេះ​ស្រាំ​ហើយ។

កាល​ពី​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ធ្លាប់​រស់​នៅ​កន្លែង​ចិញ្ចឹម​គោ​យក​ទឹក​ដោះ​អស់​ប្រមាណ​ពីរ​បី​ឆ្នាំ​ដែរ។ យើង​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​លើស​ពី​ធម្មតា​រាល់​ពេល​ណាៗ​ដែល​យើង​ទៅ​ក្បែរ​កន្លែង​បូម​ទឹក​ដោះ​គោ ដ្បិត​យើង​មិន​ដែល​ដឹង​ថា​តើ​សត្វ​គោ​នោះ​នឹង​ធាក់​យើង​ពេល​ណា​នោះ​ទេ ឬ​ក៏​ថា​តើ​វា​នឹង​បក់​កន្ទុយ​ត្រូវ​យើង​ពេល​ណា​នោះ​ដែរ។ កូនៗ​ដែល​រស់​នៅ​ជា​មួយ​ឪពុក​ម្ដាយ​ដែល​មាន​បញ្ហា​ខាង​ឯ​កំហឹង​ក៏​មាន​រឿង​ដូច​នេះ​ដែរ៖ មិន​អាច​សម្រួល​អារម្មណ៍​បាន​ទេ ប៉ុន្តែ​ត្រូវ​តែ​ចាំ​យាម​រហូត។ ប្រសិន​បើ​យើង​មិន​ប្រព្រឹត្ត​នូវ​អ្វី​ដែល​យើង​ថា​នឹង​ធ្វើ (ការ​គោរព និង​ឲ្យ​តម្លៃ​ដល់​អ្នក​ដទៃ) នោះ​ការ​ធ្វើ​ពុត​របស់​យើង​នឹង​បាន​បំផ្លាញ​ទំនាក់​ទំនង ការ​គោរព ភាព​ស្និទ្ធ​ស្នាល និង​ការ​មាន​បរិយាកាស​ដ៏​កក់​ក្ដៅ​នៅ​ក្នុង​ផ្ទះ​យើង​នោះ​ជា​មិន​ខាន។

ទោះ​បើ​ថា​រាល់​គ្រប់​កំហឹង​គឺ​មិន​មែន​ជា​ការ​ខុស​ឆ្គង​ក៏​ដោយ ក៏​ត្រង់​នេះ​យើង​អាច​និយាយ​អំពី​ការ​ច្រឡោត​ដែល​ហួស​ហេតុ​ពេក ហើយ​ដែល​កើត​ឡើង​ក្នុង​គោល​បំណង​មិន​ល្អ ដែល​ការ​នោះ​មិន​ថ្វាយ​ព្រះ​កិត្តិយស​ទៅ​កាន់​ព្រះ​ជាម្ចាស់​ក្នុង​ពី​របៀប៖ ១) ការ​ជំរុញ​ចិត្ត​មិន​សមរម្យ (សេចក្ដី​រំពឹង​ដែល​កើត​ឡើង​ចេញ​ពី​ខ្លួន​ឯង) ហើយ ២) ការ​ឆ្លើយ​តប​នៅ​ខាង​ក្រៅ (ការ​ផ្ទុះ​សេ ការ​សង្កៀត​ធ្មេញ ការ​ដំ​ឡើង​សរសៃ​ក ការ​ជេរ​បញ្ចោរ​បន្ទាប​បន្ថោក​ប្រមាថ)។ កម្រ​មាន​ណាស់​ដែល​ថា កំហឹង​របស់​យើង​បាន​បើក​សម្ដែង​អំពី​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់។

ប្រាកដ​ណាស់​ដែល​ថា​កូនៗ​របស់​លោក​អ្នក​ទំនង​នឹង​ល្បង​ល​កា​អត់ធ្មត់​របស់​លោក​អ្នក ប៉ុន្តែ​មិន​ដែល​មាន​ការ​អត់​ធ្មត់​ដែល​គ្មាន​ការ​ល្បង​ល​នោះ​ទេ។ នៅ​ឯ​ឈើ​ឆ្កាង​ពេល​ដែល​គេ​កំពុង​តែ​មិន​បាន​យល់​យ៉ាង​ត្រឹម​ត្រូវ​អំពី​ព្រះ​យេស៊ូវ បាន​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​ចំពោះ​ព្រះអង្គ និង​កំពុង​តែ​ធ្វើ​បាប​ទ្រង់ ព្រះ​អង្គ​មិន​បាន​ផ្ទុះ​ព្រះ​ទ័យ​ដោយ​មាន​កំហឹង​នោះ​ទេ ប៉ុន្តែ​ទ្រង់​នៅ​បន្ត​បង្ហាញ​នូវ​ការ​គ្រប់​គ្រង​ចិត្ត​ដែល​ទទួល​ជំនួយ​ពី​ព្រះ​វិញ្ញាណ ដែល​យើង​ក៏​អាច​មាន​ជំនួយ​នោះ​ឥឡូវ​នេះ​ដូច​ទ្រង់​ផង​ដែរ។

កំហឹង​មិន​ចេះ​តែ​កើត​ឡើង​តែ​ឯងៗ​នោះ​ទេ លើក​លែង​តែ​ទាក់​ទង​នឹង​សរសៃ​ប្រសាទ នឹង​បញ្ហា​ខាង​ឯ​រូប​កាយ ជា​ទូ​ទៅ​កំហឹង​គឺជា​លទ្ធផល​នៃ​សេចក្ដី​រំពឹង​ទុក។ មាន​អ្វី​កំពុង​កើត​ឡើង​ដែល​លោក​អ្នក​មិន​បាន​រំពឹង​ទុក​ជា​មុន ឬ​ក៏​ថា​ការ​រំពឹង​ទុក​របស់​លោក​អ្នក​មិន​បាន​កើត​ឡើង។ ការ​រំពឹង៖ អ្វី​មួយ​មិន​បាន​កើត​ឡើង​ក្នុង​ពេល​វេលា​ដែល​លោក​អ្នក​ចង់​ឲ្យ​វា​កើត ឬ​ក៏​ថា​វា​មិន​បាន​កើត​ឡើង​ក្នុង​កម្រិត​ដ៏​ល្អ​ដែល​លោក​អ្នក​រំពឹង​ចង់​ឲ្យ​វា​កើត​ឡើង​នោះ​ទេ។ តើ​លោក​អ្នក​ចង់​បាន​អ្វី​ក្នុង​ឱកាស​នោះ? តើ​លោក​អ្នក​ជឿ​លើ​អ្វី​ខ្លះ​ដែល​លោក​អ្នក​យក​មក​ប្រើ​ប្រាស់​ធ្វើ​ជា​លេស​ដែល​បណ្ដាល​ឲ្យ​លោក​អ្នក​ច្រឡោត​ខ្លាំង​ពេក?

គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​ឲ្យ​លោក​អ្នក​ខឹង​បាន​ឡើយ? ពួក​គាត់​គ្រាន់​តែ​អាច​បើក​បង្ហាញ​នូវ​សេចក្ដី​រំពឹង​ដែល​លោក​អ្នក​មាន​រួច​ស្រាប់​ទៅ​ហើយ​ទេ។ យើង​មិន​គួរ​ចិញ្ចឹម​កូនៗ​យើង​ដោយ​រំពឹង​លើ​អាកប្ប​កិរិយា​របស់​ពួក​គាត់​នោះ​ឡើយ ប៉ុន្តែ​លើ​ការ​កាត់​ស្រាយ​របស់​យើង​ដែល​ទាក់​ទង​ទៅ​នឹង​អាកប្ប​កិរិយា​របស់​ពួក​គាត់​វិញ​ទេ​តើ ហើយ​ការ​កាត់​ស្រាយ​របស់​យើង​គឺ​សុទ្ធ​តែ​កើត​ចេញពី​សេចក្ដី​រំពឹង​ទុក​របស់​យើង។ គោល​បំណង​ចម្បង​គឺ​មិន​ទាក់​ទង​នឹង​ការ​ដែល​លោក​អ្នក​ទប់​កំហឹង​របស់​ខ្លួន​ទេ ក្នុង​ករណី​ដែល​ថា​លោក​អ្នក​មិន​ចេះ​ខឹង​នោះ​ឡើយ លោក​អ្នក​អាច​ហៅ​ការ​នោះ​ថា​បេសកកម្ម​បាន​សម្រេច​ក៏​អាច​ថា​បាន ប៉ុន្តែ​ចំណុច​ចម្បង​គឺថា​លោក​អ្នក​បាន​តាំង​ព្រះ​គ្រីស្ទ​លើ​សេចក្ដី​រំពឹង​របស់​ខ្លួន​ដែរ​ឬ​ទេ។

កំហឹង​បើក​សម្ដែង​ឲ្យ​ឃើញ​បេះ​ដូង

«ឯ​មនុស្ស​ល្អ គេ​ក៏​យក​សេចក្ដី​ល្អ ពី​កំណប់​ល្អ ដែល​កប់​ទុក​ក្នុង​ចិត្ត​គេ ហើយ​មនុស្ស​អាក្រក់​ក៏​យក​សេចក្ដី​អាក្រក់ ចេញ​ពី​កំណប់​អាក្រក់ ក្នុង​ចិត្ត​ខ្លួន​ដែរ ដ្បិត​មាត់​គេ​ពោល​បញ្ចេញ​សេចក្ដី​បរិបូរ​ដែល​នៅ​ក្នុង​ចិត្ត​ជានិច្ច» (លូកា ៦:៤៥)។

ក្នុង​កន្លែង​ណា​មួយ​នៃ​បេះ​ដូង​យើង​គឺ​មាន​ព្រះ​ក្លែង​ក្លាយ​យ៉ាង​មោះមុត

ការ​ផ្ទុះ​កំហឹង​បើក​សម្ដែង​អំពី​អំនួត​ដែល​មាន​នៅ​ក្នុង​លោក​អ្នក។ កំហឹង​ដែល​ជំទាស់​នឹង​ការ​ឲ្យ​តម្លៃ​របស់​អ្នក​ផ្សេង​ដោយ​លើក​ឡើង​ថា «តើ​ឯង​គិត​ថា​ខ្លួន​ជា​អា​ណា​ដែល​ហ៊ាន​មក​ហាក់​បី​ដូច​ជា​មើល​ស្រាល​ថា​អញ​ជា​អ្នក​ណា​អញ្ចឹង!»។

ការ​ភ្ញាក់​ដឹង​ខ្លួន​អំពី​កំហឹង​របស់​យើង​ក៏​អាច​ជា​ការ​ភ្ញាក់​ខ្លួន​ដឹង​អំពី​តម្រូវ​ការ​ដែល​យើង​មាន​សម្រាប់​ព្រះគ្រីស្ទ​ផង​ដែរ ដែល​ព្រះអង្គ​បាន​សង្គ្រោះ​យើង។

ការ​បង្កើត​ផល​ផ្លែ​ចេញពី​សំណល់​ភ្នំភ្លើង

១) រៀប​គម្រោង​មុន​ពេល​កំណត់

លោក​អ្នក​ត្រូវ​តែ​ចេះ​ទប់​កំហឹង​មុន​មាន​ការ​អ្វី​មួយ​កើត​ឡើង ដែល​ការ​នោះ​នឹង​បណ្ដាល​ឲ្យ​លោក​អ្នក​ខឹង​ទៅ​ទៀត។ ពេល​វេលា​ដោះ​ស្រាយ​កំហឹង​របស់​លោក​អ្នក​គឺ​មិន​មែន​ពេល​ដែល​វា​បាន​កើត​ឡើង​រួច​បាត់​ទៅ​ហើយ​នោះ​ទេ។ ចូរ​យក​សេចក្ដី​រំពឹង​របស់​លោក​អ្នក​ចុះ​ចូល​ទៅ​នឹង​ព្រះ​ជាម្ចាស់ ហើយ​ចូរ​ស្លាប់​ខាង​ឯ​ខ្លួន​ឯង​មុន​ពេល​ដែល​កំហឹង​របស់​លោក​អ្នក​បាន​កើត​ឡើង​ចុះ។ វា​ជា​ការ​ល្អ​ទេ​ដែល​យើង​មាន​សេចក្ដី​រំពឹង​ខ្ពស់ៗ ប៉ុន្តែ​ចូរ​កុំ​ឲ្យ​វា​ក្លាយ​ទៅ​ជា​ព្រះ​របស់​ខ្លួន​ឡើយ ព្រោះ​បើ​មិន​ដូច្នោះ​ទេ​នោះ​វា​នឹង​ក្លាយ​ជា​ម្ចាស់​របស់​លោក​អ្នក​ជា​មិន​ខាន។ ចូរ​កុំ​ឲ្យ​ស្តង់ដារ​បាន​ក្លាយ​ទៅ​ជា​ការ​ទាម​ទារ​ដែល​មិន​សម​ហេតុ​សមផល​ឲ្យ​សោះ។ ឧទាហរណ៍៖ វា​ជា​ការ​សមហេតុ​សមផល​ទេ​ក្នុង​ការ​ដែល​យើង​ព្យាយាម​បង្កើត​ឲ្យ​មាន​ស្តង់ដារ​កុំ​ឲ្យ​ញ៉ាំ​បាយ​កំពប់ និង​ការ​បង្រៀន​កូនៗ​យើង​ឲ្យ​មាន​ចំណែក​ក្នុង​ការ​បំពេញ​ស្តង់ដារ​មួយ​នេះ​ដែរ។ ប៉ុន្តែ ចូរ​កុំ​រំពឹង​ថា ស្តង់ដារ​នោះ​នឹង​កើត​ឡើង​យ៉ាង​ល្អ​ឥត​ខ្ចោះ​ឡើយ។ ទាក់​ទង​នឹង​ការ​បង្រៀន​កូនៗ ស្តង់ដារ​មួយ​នោះ​នឹង​ប្រាកដ​ជា​ជួប​ប្រទះ​បរាជ័យ​ជា​មិន​ខាន។ ចូរ​រំពឹង​ថា កូនៗ​នឹង​ញ៉ាំ​បាយ​កំពប់ ហើយ​ក៏​កុំ​ឲ្យ​មាន​អារម្មណ៍​មួរ​ម៉ៅ​រហូត​ដល់​វា​ផ្ទុះ​សេ​កាន់​តែ​ខ្លាំង​ពេក​នោះ​ដែរ ពេល​ដែល​ការ​នោះ​បាន​កើត​ឡើង។

២) ចូរ​ទទួល​ស្គាល់​បន្ទុះ​របស់​ខ្លួន

ចូរ​លន់​តួ និង​កែ​ប្រែ​ចំណុច​នេះ​ទៅ​កាន់​កូន ដៃ​គូ​ជីវិត (នេះ​ជា​ការ​ផ្ដល់​ក្ដី​សង្ឃឹម) អ្នក​ដឹក​នាំ​ក្រុម​តូច​របស់​លោក​អ្នក ឬ​ក៏​គ្រូ​គង្វាល​ប្រសិន​បើ​ការ​នេះ​ចេះ​តែ​កើត​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត។ យើង​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​បន្ទុះ​របស់​យើង។ ចូរ​កុំ​រក​លេស​ឲ្យ​សោះ។ ចូរ​កុំ​ទុក​ចិត្ត​លើ​ការ​វិនិច្ឆ័យ​របស់​ខ្លួន​ឡើយ ទាក់​ទង​ទៅ​នឹង​ចម្លើយ​ថា​តើ​កំហឹង​របស់​លោក​អ្នក​កើត​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ឬក៏​អត់​ទៅ​ជា​ទំលាប់ តែ​ចូរ​សួរ​នាំ​អស់​អ្នក​ដែល​នៅ​ជុំវិញ​លោក​អ្នក៖ ដៃ​គូ​ជីវិត និង​កូនៗ​របស់​លោក​អ្នក។ ការ​លន់​តួ​កំហុស​បាន​ស្ដារ​នូវ​កម្រិត​អ្វី​មួយ​ដែល​បាន​បាត់​បង់​ក្នុង​បន្ទុះ​ភ្នំ​ភ្លើង​នៃ​កំហឹង។

៣) ចូរ​ឈប់​សិន

ចូរ​ថយ​ក្រោយ ហើយ​ដក​ដង្ហើម​ឲ្យ​ធំ។ ចូរ​ប្រមូល​ផ្ដុំ​គំនិត។ ចូរ​ចងចាំ​ថា​ពួក​គាត់​ជា​ក្មេងៗ ហើយ​លោក​អ្នក​ជា​មនុស្ស​ចាស់ៗ។ ប្រាំ​ឆ្នាំ​ទៅ​មុខ​ទៀត តើ​លោក​អ្នក​នឹង​ពិត​ជា​នៅ​ខ្វាយ​ខ្វល់​អំពី​បាយ​កំពប់​មែន​ឬ?

៤) ចូរ​ចូល​ទៅ​កាន់​ព្រះ​ជាម្ចាស់

ចូរ​ទូល​សូម​ព្រះ​ជាម្ចាស់​ឲ្យ​ជួយ​លោក​អ្នក។ ការ​បន្ទាប​ខ្លួន​នាំ​ឲ្យ​មាន​ភាព​ស្រស់​ស្អាត​ក្នុង​កាលៈទេសៈ​ដ៏​អាក្រក់​អាក្រី​ដែល​បាន​កើត​ឡើង។ ចូរ​ទូល​សូម​ឲ្យ​ទ្រង់​បំពេញ​លោក​អ្នក​ដោយ​ព្រះ​វិញ្ញាណ​របស់​ព្រះ​អង្គ ដ្បិត​ព្រះ​វិញ្ញាណ​របស់​ព្រះ​អង្គ​បង្កើត​ឲ្យ​មាន​ផល​ផ្លែ​នៃ​សន្តិភាព ការ​អត់​ធ្មត់ ចិត្ត​សប្បុរស សុភាព​រាប​សា និង​ការ​ចេះ​គ្រប់​គ្រង​ចិត្ត។

៥) ចូរ​សើច​ជា​មួយ​គ្នា

ក្នុង​ពេល​វេលា​ដ៏​ត្រឹម​ត្រូវ ចូរ​ប្រើ​ប្រាស់​សំណើច និង​ការ​សើច​ដែល​គួរ​ឲ្យ​រីក​រាយ​ចេញ​ពី​ទស្សនៈ​របស់​អ្នក​ផ្សេង។

៦) ចូរ​ក្រេប​ជញ្ជក់​ព្រះ​គម្ពីរ

«ដូច្នេះ បង​ប្អូន​ស្ងួន​ភ្ងា​អើយ ចូរ​ឲ្យ​គ្រប់​គ្នា​បាន​ឆាប់​នឹង​ស្ដាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ ដ្បិត​កំហឹង​របស់​មនុស្ស មិន​ដែល​សម្រេច​តាម​សេចក្ដី​សុចរិត​របស់​ព្រះ​ទេ» (យ៉ាកុប ១:១៩-២០)។

«អ្នក​ណា​ដែល​យឺត​នឹង​ខឹង នោះ​វិសេស​ជាង​អ្នក​ដែល​មាន​កម្លាំង​ខ្លាំង ហើយ​អ្នក​ណា​ដែល​ឈ្នះ​ចិត្ត​ខ្លួន ក៏​វិសេស​ជាង​អ្នក​ដែល​ឈ្នះ​យក​បាន​ទីក្រុង​ទៅ​ទៀត» (សុភាសិត ១៦:៣២)។

«ពួក​ល្ងីល្ងើ សម្ដែង​ចេញ​អស់​ទាំង​កំហឹង​របស់​ខ្លួន តែ​មនុស្ស​មាន​ប្រាជ្ញា​គេ​ទប់​ចិត្ត ហើយ​រំងាប់​ចេញ​វិញ» (សុភាសិត ២៩:១១)។

«តែ​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ​នោះ​មុន​ដំបូង​ហៅ​ថា​បរិសុទ្ធ រួច​មក​មាន​មេត្រី​ចិត្ត សេចក្ដី​សំឡូត ចិត្ត​ទន់​ក៏​ពេញ​ដោយ​សេចក្ដី​មេត្តា​ករុណា នឹង​ផល​ល្អ ឥត​រើស​មុខ ហើយ​ឥត​ពុត​មាយា​ផង រី​ឯ​ផល​នៃ​សេចក្ដី​សុចរិត​ ​នោះ​បាន​ព្រោះ​ចុះ​ដោយ​សេចក្ដី​មេត្រី សម្រាប់​ពួក​អ្នក​ដែល​រក​សេចក្ដី​មេត្រី​នោះ​ឯង» (យ៉ាកុប ៣:១៧-១៨)។

៧) ចូរ​អរ​ព្រះ​គុណ

ការ​ចេះ​ថ្លែង​អំណរ​គុណ និង​ការ​នៅ​មាន​កំហឹង​ស្រប​ពេល​តែ​មួយ​មិន​អាច​ទៅ​រួច​បាន​ទេ។ ចូរ​អរ​ព្រះ​គុណ​ព្រះ​ជាម្ចាស់​ទាក់​ទង​នឹង​ឱកាស​នេះ​ដែល​នាំ​ឲ្យ​លោក​អ្នក​ឆ្ពោះ​ទៅ​មុខ​ថែម​ទៀត​ទាក់​ទង​នឹង​ការ​ញែក​ជា​បរិសុទ្ធ។

និពន្ធដោយ៖ លោកគ្រូ Sam Crabtree
បកប្រែដោយ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖លោក ទេព រ៉ូ, លោក ខែម បូឡុង និងលោកស្រី ឡូញ ស្រីរដ្ឋ
ដកស្រង់ខ្លះៗចេញពី www.crossway.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

វេទនា​ដល់​ពួក​អ្នក

កណ្ឌ​ទាំង​៦៦