នៅក្នុងក្រុមជំនុំរបស់យើងខ្ញុំមានមនុស្សជាច្រើននាក់ដែលស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរ ដែលកំពុងបន្តក្នុង និងប្រឈមជាមួយជំងឺដែលអាចនាំឲ្យពួកគាត់បាត់បង់ជីវិតទៀតផង។
ព្រះជាម្ចាស់មិនគ្រាន់តែនាំយើងឆ្លងកាត់ការរងទុក្ខតែប៉ុណ្ណោះនោះទេ ប៉ុន្តែទ្រង់ក៏ប្រើប្រាស់ការរងទុក្ខក្នុងយើងផងដែរ។ ប៉ុន្តែ ចុះប្រសិនបើការព្យាបាលកើតឡើង? ឬក៏ប្រសិនបើវាមិនដែលកើតឡើងសោះនៅក្នុងជីវិតនេះ? តើសេចក្ដីសង្ឃឹមរបស់យើងរសាយ ធូរស្បើយ និងការព្យាបាលគឺសម្រាប់នៅលើផែនដីនេះមែនឬ? ទេ! គឺលើសពីការព្យាបាលនេះទៅទៀត សេចក្ដីសង្ឃឹមរបស់យើងគឺនៅក្នុងព្រះជាម្ចាស់ផ្ទាល់ ហើយមាននៅក្នុងទ្រង់តែមួយអង្គគត់។
ភាពឥតប្រយោជន៍នៅជុំវិញយើង
«ខ្ញុំយល់ឃើញថា ទុក្ខលំបាកនៅពេលបច្ចុប្បន្ននេះ មិនអាចប្រៀបផ្ទឹមនឹងសិរីល្អ ដែលត្រូវបើកសម្ដែងឲ្យយើងឃើញបានឡើយ។ ដ្បិតអ្វីៗសព្វសារពើដែលព្រះបង្កើតមក កំពុងអន្ទះអន្ទែង រងចាំពួកកូនរបស់ព្រះលេចមក ព្រោះអ្វីៗសព្វសារពើដែលព្រះបង្កើតមក បែរទៅជាឥតប្រយោជន៍…យើងដឹងថា អ្វីៗសព្វសារពើទាំងអស់ដែលព្រះបង្កើតមក កំពុងស្រែកថ្ងូរទាំងឈឺចាប់ដូចស្ត្រីហៀបសម្រាលកូន រហូតមកទល់ពេលនេះ» (រ៉ូម ៨:១៨-២២ គកស)។
ខគម្ពីរខាងលើនេះចាប់ផ្ដើម និងបញ្ចប់ដោយការរងទុក្ខ។ យើងដឹងតាមរយៈព្រះគម្ពីរ និងតាមរយៈបទពិសោធន៍ ដែលថាមានបទពិសោធន៍ក្នុងការរងទុក្ខយ៉ាងខ្លាំងនៃការឈឺចាប់សម្រាប់យើងនៅក្នុងជីវិតនេះ។ ហើយយើងក៏បានដឹងផងដែរថា ដោយសារតែអំពើបាប ការបាក់បែកជាច្រើនទៀតដែលយើងបានជួបប្រទះដោយផ្ទាល់គឺទាក់ទងគ្នាជាមួយនឹងផែនដីដែលបាក់បែក ដែលយើងកំពុងរស់នៅនេះ—គឺព្រះជាម្ចាស់បានដាក់បណ្ដាសា។
ផែនដីដែលយើងហៅថាជាផ្ទះត្រូវបាន «បែរទៅជាឥតប្រយោជន៍»។ វាស្ថិតក្នុង «ចំណងនៃសេចក្តីពុករលួយ»។ វាត្រូវបាន «ស្រែកថ្ងូរទាំងឈឺចាប់ដូចស្ត្រីហៀបសម្រាលកូន»។ មានការរញ្ជួយដី រលកយក្សស៊ូណាមិ ខ្យល់គួច ហើយព្យុះសង្ឃរាដែលបំផ្លាញផែនដីរបស់យើង។ ហើយក៏មានបញ្ហាតូចតាចជាងនេះដែរ ប៉ុន្តែក៏ជាបញ្ហាដែលអាក្រក់ដូចគ្នា ដែលមានដូចជា ភាពពិបាកក្នុងការដាំដុះ ទឹកលិច និងគ្រោះរាំងស្ងួតជាដើម។ នៅក្នុងភូមិរបស់លោកអ្នក ទូទាំងប្រទេសរបស់យើង ហើយនៅជុំវិញពិភពលោក ផែនដីដែលយើងរស់នៅនេះគឺពោរពេញទៅដោយការបាក់បែក ហើយក៏ឥតប្រយោជន៍ក្នុងគ្រប់របៀបទាំងអស់។
ភាពឥតប្រយោជន៍នៅក្នុងយើង
«ហើយមិនត្រឹមតែប៉ុណ្ណោះ សូម្បីតែខ្លួនយើងផ្ទាល់ដែលមានផលដំបូងរបស់ព្រះវិញ្ញាណ ក៏ថ្ងូរក្នុងខ្លួនដែរ ទាំងរងចាំការទទួលជាកូន គឺជាការប្រោសលោះរូបកាយរបស់យើង» (រ៉ូម ៨:២៣ គកស)។
វាមិនមែនត្រឹមតែការបង្កើតទេដែលថ្ងូរក្នុងភាពឥតប្រយោជន៍ ប៉ុន្តែក្នុងភាពជាមនុស្សដែរ—គឺយើង—ទោះបើជាគ្រីស្ទបរិស័ទក៏ដោយ។ សូម្បីតែអ្នកដែលរួចផុតពីការថ្កោលទោសក៏ដោយ (រ៉ូម ៨:១-៤) ហើយមានព្រះវិញ្ញាណនៃព្រះកំពុងគង់នៅក្នុងពួកគេ ក៏ពួកគេកំពុងថ្ងូរក្នុងភាពឈឺចាប់ ការរងទុក្ខ និងការយល់ច្រឡំផងដែរ។ ហេតុអ្វី?
ពីព្រោះសូម្បីតែអ្នកដែលបានដាក់ជំនឿក្នុងព្រះគ្រីស្ទក៏ដោយ ក៏ត្រូវតែរស់នៅក្នុងរូបកាយដែលខូច ទាំងត្រូវបានពរពោះនៅក្នុងអំពើបាបទៀតផង (ទំនុកតម្កើង ៥១:១)។ ព្រះជាម្ចាស់បានត្រាស់ហៅយើងឲ្យ «សម្លាប់អំពើរបស់រូបកាយដោយសារព្រះវិញ្ញាណ» (រ៉ូម ៨:១៣) ដែលនេះមានន័យថា រូបកាយរបស់យើងនឹងនៅតែប្រាថ្នាចង់បានអំពើបាប ទោះបើបន្ទាប់ពីយើងបានកើតជាថ្មីក្នុងព្រះគ្រីស្ទហើយក៏ដោយ។ សាវ័ក ប៉ុល ថែមទាំងបានលើកឡើងទៀតថា រូបកាយទាំងនេះបានស្លាប់ហើយ (រ៉ូម ៨:១០-១១)។ ហើយមិនត្រឹមតែនៅមានអំពើបាបនៅក្នុងយើងប៉ុណ្ណោះទេ ប៉ុន្តែក៏នៅមានការរងទុក្ខខាងរូបកាយគ្រប់បែបយ៉ាងដែរ។ មានការឈឺចាប់រ៉ាំរ៉ៃ ជំងឺប្រព័ន្ធការពារ ពិការភាពដ៏ធ្ងន់ធ្ងរ ជំងឺមហារីក និងជំងឺនានានៅចន្លោះជំងឺទាំងនោះ។ រូបកាយរបស់យើងគឺ «កំពុងតែពុករលួយទៅ» (២កូរិថូស ៤:១៦)។
រូបភាពដែលយើងទទួលបានគឺមិនគ្រាន់តែជារូបភាពមួយដែលថា របស់សព្វសារពើគឺឥតប្រយោជន៍ ហើយថ្ងូរដោយឈឺចាប់ប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ដូចគ្នាដែរ—យើងថ្ងូរដោយសារអំពើបាប និងដោយសារការរងទុក្ខ។ នៅកន្លែងដែលឥតប្រយោជន៍ជាមួយនឹងមនុស្សដែលឥតប្រយោជន៍។ អ្វីៗមិនដូចជាអ្វីដែលវាគួរមានលក្ខណៈបែបនោះទេ។
បានជាសះស្បើយនៅថ្ងៃនេះ តែបាត់ទៅវិញនៅថ្ងៃស្អែក
ជាញឹកញាប់ យើងខ្ញុំអធិស្ឋានសម្រាប់សមាជិកក្រុមជំនុំរបស់យើងទាក់ទងជាមួយនឹងបញ្ហាសុខភាពថាឲ្យពួកគាត់បានជា។ សាវ័ក ប៉ុល បានទូលសុំចំនួនបីដង ក្នុងការឲ្យព្រះជាម្ចាស់ដកនូវបន្លាចេញពីក្នុងសាច់ឈាមរបស់គាត់ (២កូរិថូស ១២:៧-១០)។ នៅក្នុងកណ្ឌគម្ពីរយ៉ាកុប ក្រុមជំនុំបានអញ្ជើញពួកចាស់ទុំ ដើម្បីឲ្យមកព្យាបាលមនុស្សដែលឈឺ (យ៉ាកុប ៥:១៤-១៥)។ វាជាការដែលត្រឹមត្រូវណាស់ក្នុងការអធិស្ឋានសុំឲ្យព្រះជាម្ចាស់ដករោគសញ្ញានៃបណ្ដាសាទាំងនេះចេញ។ ហើយជាច្រើនលើកច្រើនសារ យើងឃើញថាមានការឈឺចាប់ដែលមិនបានចាកចេញសោះ។ ហើយការព្យាបាលក៏មិនបានកើតឡើងដែរ។
យើងមានអំណរនៅពេលដែលព្រះជាម្ចាស់ព្យាបាលជំងឺមហារីកក្នុងដំណាក់កាលចុងក្រោយ ឬជួយបន្ធូរការឈឺចាប់រ៉ាំរ៉ៃជាប្រចាំថ្ងៃរបស់អ្នកណាម្នាក់ ទោះបើតាមរយៈការអស្ចារ្យ វេជ្ជបណ្ឌិត ឬតាមរយៈការទាំងពីរនេះ។
បណ្ដាសាបានចាញ់ក្នុងការប្រយុទ្ធមួយទៀត ហើយព្រះជាម្ចាស់បានបង្ហាញសេចក្ដីសប្បុរសរបស់ទ្រង់នៅក្នុងរបៀបដែលផ្អែមល្ហែមហើយមានន័យនៅក្នុងជីវិតនៃកូនណាម្នាក់របស់ទ្រង់។ ប៉ុន្តែ ទោះបើកាអស្ចារ្យនោះខ្លាំងបំផុតប៉ុណ្ណាក៏ដោយ ក៏វាគ្រាន់តែជាការបណ្ដោះអាសន្ន និងបន្ធូរបន្ថយបានតែមួយរយៈប៉ុណ្ណោះ។ ទោះបើមានមនុស្សណាម្នាក់ត្រូវបានព្យាបាលជាសះស្បើយពីជំងឺរ៉ាំរ៉ៃជាច្រើនឆ្នាំ ឬទោះបើមានអ្នកជំងឺមហារីកដល់ដំណាក់កាលចុងក្រោយបានមើលជាសាច់ដុះរបស់គាត់ ឬទោះបើអ្នកណាម្នាក់ពិការធ្ងន់ធ្ងរហើយមានភាពប្រសើរឡើងដោយមិនបានរំពឹងទុកក៏ដោយ ក៏ក្ដីសង្ឃឹមរបស់យើងមានលើសពីការព្យាបាលនៅក្នុងជីវិតនេះទៅទៀត។
ពិតណាស់! យើងសរសើរតម្កើងព្រះជាម្ចាស់សម្រាប់អំណោយដ៏ល្អៗទាំងអស់នេះ ប៉ុន្តែយើងត្រូវតែទទួលស្គាល់ថា ទាំងអស់នេះមិនមែនជាគោលដៅ ឬជាក្ដីសង្ឃឹមចុងក្រោយនោះទេ។ តាមពិតទៅ ទោះបើអ្នកឈឺដោយជំងឺមហារីក ឬក៏អ្នកពិការបានទទួលការព្យាបាលហើយក៏ដោយ ក៏ពួកគេនៅតែបន្តរស់នៅក្នុងផ្ទះដែលឥតប្រយោជន៍ជាមួយនឹងរូបកាយដែលឥតប្រយោជន៍ដូចគ្នាដដែល។ មនុស្សដែលមានសុខភាពល្អបំផុតនៅលើផែនដីនេះ គឺជាមនុស្សដែលរស់នៅកន្លែងដែលគ្រោះមហន្តរាយអាចកើតឡើងបាន ឬក៏ជាកន្លែងដែលរាងកាយរបស់គាត់អាចងាយនឹងធ្លាក់ខ្លួនឈឺនៅពេលណាក៏បាន។
ភាពឥតប្រយោជន៍នៅពីក្រោយយើង
ការពិតទាំងអស់នេះហើយគឺជាមូលហេតុយ៉ាងសំខាន់ក្នុងការស្វែងរកសេចក្ដីសង្ឃឹមរបស់យើងនៅក្នុងព្រះយេស៊ូវគ្រីស្ទផ្ទាល់ ជាជាងក្នុងការព្យាបាល ឬចេញពីកាលៈទេសៈណាមួយ ទោះបើវាល្អប៉ុណ្ណាក៏ដោយ។
«ហើយមិនត្រឹមតែប៉ុណ្ណោះ សូម្បីតែខ្លួនយើងផ្ទាល់ដែលមានផលដំបូងរបស់ព្រះវិញ្ញាណ ក៏ថ្ងូរក្នុងខ្លួនដែរ ទាំងរង់ចាំការទទួលជាកូន គឺជាការប្រោសលោះរូបកាយរបស់យើង ដ្បិតយើងបានសង្គ្រោះដោយសង្ឃឹម តែសង្ឃឹមដែលមើលឃើញ នោះមិនហៅថាសង្ឃឹមទេ ដ្បិតអ្វីដែលមើលឃើញហើយ តើសង្ឃឹមធ្វើអ្វីទៀត?» (រ៉ូម ៨:២៣-២៤ គកស)។
ការក្លាយទៅជាកូនចិញ្ចឹមនៅក្នុងគ្រួសាររបស់ព្រះជាម្ចាស់មានន័យថា យើងទទួលបានសេចក្ដីសង្គ្រោះក្នុងសេចក្ដីសង្ឃឹមនៃការប្រោសលោះសម្រាប់រូបកាយយើង។ វាពិតជាអស្ចារ្យមែនដែលយើងមិនស្ថិតនៅក្រោមការថ្កោលទោសសម្រាប់អំពើបាបរបស់យើងទៀត (រ៉ូម ៨:១-៤)។ ហើយវាក៏ជាការដ៏អស្ចារ្យដែរដែលយើងបានទទួលបានសេចក្ដីសុចរិតរបស់ព្រះគ្រីស្ទទុកជារបស់ខ្លួនវិញ (២កូរិនថូស ៥:២១)។ ពិតជាអស្ចារ្យណាស់ដែលការពិតគឺថានៅថ្ងៃមួយសូម្បីតែរូបកាយរបស់យើងក៏នឹងបានប្រោសលោះដែរ។ សូម្បីតែរូបកាយដែលបាក់បែក ឥតប្រយោជន៍ក៏នឹងមានសេរីភាពចេញពីអំពើបាប និងការរងទុក្ខ ដើម្បីបំពេញយ៉ាងពេញទីនូវអ្វីដែលព្រះជាម្ចាស់បានបង្កើតយើងមកឲ្យធ្វើ៖ ថ្វាយបង្គំព្រះយេស៊ូវគ្រីស្ទ។
នេះគឺជាការសន្យាដែលធ្វើឲ្យកណ្ឌគម្ពីរ រ៉ូម ៨:១៨ អាចកើតឡើងបានសម្រាប់អស់អ្នកដែលស្ថិតនៅក្នុងភាពឈឺចាប់៖ «ទុក្ខលំបាកនៅពេលបច្ចុប្បន្ននេះ មិនអាចប្រៀបផ្ទឹមនឹងសិរីល្អ ដែលត្រូវបើកសម្ដែងឲ្យយើងឃើញបានឡើយ» (គកស)។ នេះគឺជាមូលហេតុដែលក្ដីសង្ឃឹមចុងក្រោយរបស់យើងមិនស្ថិតនៅលើការព្យាបាលរូបកាយរបស់យើងឥឡូវនេះទេ ប៉ុន្តែនៅក្នុងការប្រោសលោះរូបកាយរបស់យើងនៅឯអនាគតវិញ។
អត្ថន័យនៃការឈឺចាប់របស់យើង
ប្រសិនបើលោកអ្នកកំពុងរងទុក្ខ ចូរចងចាំថា នៅថ្ងៃមួយគ្រប់ទាំងតំណក់ទឹកភ្នែកនឹងត្រូវបានជូតចេញហើយលោកអ្នកនឹងនៅជាមួយព្រះយេស៊ូវយ៉ាងអស់កល្បជានិច្ច។ ព្រះជាម្ចាស់កំពុងធ្វើនូវគ្រប់ការទាំងអស់ឲ្យថ្មីឡើងវិញ ដើម្បីឲ្យថ្ងៃដែលនឹងត្រូវមកដល់នោះ គឺនៅពេលដែលយើងនឹងថ្វាយបង្គំព្រះយេស៊ូវដោយមានរូបកាយដែលបានប្រោសលោះ ក្នុងការបង្កើតដែលបានទទួលការប្រោសលោះ—គឺទទួលបានសេរីភាពយ៉ាងពេញទីក្នុងការផ្ដោតកម្លាំងរបស់យើងទាំងអស់លើការមានអំណរ និងការសរសើរតម្កើងថ្វាយសិរីល្អទៅកាន់ព្រះជាម្ចាស់របស់យើង។ មិនថាលោកអ្នកមានសុខភាពល្អ ឬក៏អត់នៅក្នុងជីវិតនេះ នោះលោកអ្នកនឹងដកបទពិសោធន៍—ដោយញាណរបស់លោកអ្នកទទួលបានការព្យាបាលឲ្យជាសះស្បើយ—ពីភាពពេញលេញនៃសម្រស់របស់កូនចៀមដែលត្រូវបានសម្លាប់សម្រាប់លោកអ្នក។
នៅទីបំផុត យើងនឹងមិនស្វែងរកបានអំណររបស់យើងនៅក្នុងការឈឺចាប់ដោយមានសេរីភាពនោះទេ—គ្មានការឈឺចាប់ ឬមានរោគពេលវិនិច្ឆ័យរកដែរ។ ទាំងនៅក្នុងជីវិតនេះ និងនៅពេលស្លាប់ យើងស្វែងរកសេចក្ដីសង្ឃឹម និងសេចក្ដីអំណរដោយដឹងថា មានថ្ងៃមួយនឹងមកដល់គឺនៅពេលដែលយើងនឹងមិនឃើញព្រះយេស៊ូវដោយរូបភាពស្រអាប់ទៀតទេ—ប៉ុន្តែមុខទល់នឹងមុខវិញ—មិននៅក្នុងភាពឥតប្រយោជន៍ទៀតឡើយ ប៉ុន្តែនៅក្នុងសេរីភាព និងភាពពេញលេញវិញ។
មតិយោបល់
Loading…