ទស្សនាវដ្ដី Time (មានន័យថា «ពេលវេលា») បានបោះពុម្ពផ្សាយឯកសារមួយនិពន្ធដោយលោកគ្រូ N.T. Wright (អិន. ធី. រ៉ាថ) ដែលជាគ្រូបង្រៀនដ៏ល្បីម្នាក់ ហើយក៏បាននិពន្ធសៀវភៅប្រមាណជាង ៧០ ក្បាលផង។ ចំណងជើងឯកសារនោះជាភាសាអង់គ្លេសគឺ៖ “Christianity Offers No Answers About the Coronavirus. It’s Not Supposed To” (ដែលមានន័យក្នុងភាសាខ្មែរថា «គ្រីស្ទសាសនាមិនបានផ្ដល់ចម្លើយអំពីជំងឺកូរ៉ូណាទេ។ វាមិនចាំបាច់ផ្ដល់ទេ។»)។ ខ្ញុំនឹងសារភាព៖ ខ្ញុំគិតថាឯកសារនោះល្អប្រសើរជាជាងចំណងជើងរបស់វាទៀត ដែលខ្ញុំឃើញថាវាគួរឲ្យភ័យតក់ស្លុត ហើយខុសទាំងស្រុងទៀតផង។ លោកគ្រូ រ៉ាថ បានលើកឡើងនូវចំណុចមួយ ឬពីរដែលសាកសមនឹងលើកដូចជាការកាន់ទុក្ខជាដើម។ ខ្ញុំក៏មានបញ្ហាជាមួយនឹងចំណុចមួយចំនួនទៀតដែរលោកគ្រូ រ៉ាថ បានលើកឡើង។ ហើយខ្ញុំក៏កាន់តែមានបញ្ហាលើសហ្នឹងថែមទៀតទាក់ទងនឹងចំណុចដែលគាត់មិនបានលើកឡើង។
ចូរពិចារណាចំណុចខាងក្រោមនេះថាជាការដែលខ្ញុំព្យាយាមកែតម្រងយ៉ាងត្រួសៗ។
តើមានសំណួរណាខ្លះដែលព្រះគម្ពីរពិតជាបានផ្ដល់ចម្លើយមែន?
«តើហេតុអ្វីបានជាមានវីរុសកូវីដ-១៩?» ពីព្រោះវាជាព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងការឲ្យវាកើតមាន (ទំនុកតម្កើង ១១៥:៣; អេភេសូរ ១:១១)។ តាមពិតទៅ នៅមានចំណុចជាច្រើនទៀតដែលយើងអាចលើកឡើងអំពីចំណុចមួយនេះ។
«តើហេតុអ្វីបានជាព្រះជាម្ចាស់បង្កើតក្នុងលក្ខណៈដែលមានគុណវិបត្តិដូចថាឲ្យមានវីរុសកូវីដ-១៩ ដែលជាជំងឺដ៏អាក្រក់អញ្ចឹង?» ព្រះអង្គមិនបានធ្វើការនេះនោះទេ។ របស់សព្វសារពើដែលព្រះអង្គបានបង្កើតមកគឺសុទ្ធតែល្អ (លោកុប្បត្ដិ ១:៤) ល្អ (ខ១០) ល្អ (ខ១០) ល្អ (ខ១២) ល្អ (ខ១៨) ល្អ (ខ២១) ល្អ (ខ២៥)—តាមពិតទៅ ល្អប្រពៃ (ខ៣១)។ គ្មានសេចក្ដីស្លាប់ក្នុងវាទេ (រ៉ូម ៥:១២)។
«ខ្ញុំមិនជឿទេ»។ ខ្ញុំយល់។ តាមពិតទៅ ឥឡូវលោកអ្នកបានឆ្លើយយ៉ាងច្រើនលើសំណួរទីមួយរបស់ខ្លួនហើយ។
«ខ្ញុំ…ចាំសិន អីគេ?» លោកអ្នកបានបង្ហាញអំពីមូលហេតុជាច្រើនដែលមានវីរុសកូវីដ-១៩។
«ដោយរបៀបណាទៅ?» ខ្ញុំទើបតែបង្ហាញតែបន្តិចសោះនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយការឆ្លើយតបភ្លាមៗរបស់លោកអ្នកគឺបដិសេធវា។ នោះឯងជាមូលហេតុដែលមានវីរុសកូវីដ-១៩ នឹងសេចក្ដីស្លាប់ទាំងអស់ ក៏ដូចជាទុក្ខសោកលើផែនដីនេះ។
«អីគេ? ខ្ញុំមិនជឿទេ! វាមិនសមហេតុសមផលសោះចំពោះខ្ញុំ»។ នេះឯងជាចំណុចរបស់ខ្ញុំ។ លោកអ្នកបាននឹកស្រមៃថាខ្លួន ដោយយោងលើលក្ខណៈសម្បត្តិនៃមូលហេតុរបស់ខ្លួន និងគំនិតសីលធម៌ឯកជនរបស់ខ្លួន ស័ក្ដិសមក្នុងការកាត់ក្ដីលើព្រះប្រាជ្ញាញាណចំៗដ៏គ្មានព្រំដែន និងសេចក្ដីសប្បុរសរបស់ព្រះជាម្ចាស់ (សុភាសិត ១:៧ខ; ១៨:២)។ នេះហើយជាអ្វីដែលបង្វែរសុភមង្គលឲ្យទៅជាអ្វីដែលអាក្រក់វិញ។
«តើអ្នកកំពុងតែនិយាយអំពីអីគេហ្នឹង?» ព្រះជាម្ចាស់បានបង្កើតលោក អ័ដាម ដែលជាឪពុកដំបូងរបស់យើងក្នុងលក្ខណៈដ៏បរិសុទ្ធ ហើយមិនអាក្រក់ ព្រមទាំងបានដាក់គាត់ឲ្យរស់នៅក្នុងកន្លែង «ដ៏ល្អប្រពៃ» តែគាត់បែរជាជ្រើសរើសប្រើប្រាស់ហេតុផល និងអំពើសីលធម៌របស់ខ្លួន ដើម្បីទាស់ប្រឆាំងនឹងព្រះជាម្ចាស់។ ព្រះជាម្ចាស់បានព្រមានលោក អ័ដាម ថាអំពើបែបនោះនឹងនាំឲ្យគាត់មានសេចក្ដីស្លាប់។ គាត់នៅតែបន្តធ្វើ។ ដូចដែលលោកអ្នកទើបតែបានធ្វើ។ លោកអ្នកអាចអានអំពីចំណុចទាំងអស់នេះនៅក្នុងកណ្ឌគម្ពីរលោកុប្បត្ដិជំពូក១-៣។ នៅពេលដែលលោក អ័ដាម បះបោរទាស់ប្រឆាំងនឹងព្រះអាទិករដ៏ល្អឥតខ្ចោះរបស់គាត់ គឺគាត់បានប្រព្រឹត្តឡើងក្នុងនាមជាអ្នកតំណាងដល់យើង។ គាត់បាននាំឲ្យមានសេចក្ដីស្លាប់ និងការខូចខាតមកកាន់ផែនដីនេះ។
«ខ្ញុំមិនជឿទេ»។ តាមពិតទៅ លោកអ្នកមានលក្ខណៈដូចជាឪពុករបស់ខ្លួន ពិតអត់? យើងទាំងពីរគឺដូចនោះ។ ខ្ញុំគឺដូចទាំងស្រុងតែម្ដង។ ប៉ុន្តែ ទោះបើលោកអ្នកចូលចិត្ត ឬក៏មិនចូលចិត្ត នោះហើយគឺជាចម្លើយទៅលើសំណួរដំបូងរបស់លោកអ្នក។ រាល់សេចក្ដីស្លាប់ទាំងអស់នៅលើផែនដីនេះគឺដោយសារវាជាការថ្កោលទោសដ៏យុត្តិធម៌របស់ព្រះជាម្ចាស់ទៅលើអំពើបាប—ពោលគឺលើអំពើបាបរបស់លោក អ័ដាម។ នៅពេលដែលយើងបដិសេធព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនថាទ្រង់មានពេញទៅដោយសេចក្ដីសប្បុរស និងការអត់ធ្មត់ខ្លាំងប៉ុណ្ណាក៏ដោយ គឺយើងកំពុងតែបង្ហាញនូវចំណុចបីយ៉ាង។ យើងកំពុងតែបង្ហាញអំពី (១) ភាពដូចគ្នានៅក្នុងគ្រួសារ (២) ការថ្កោលទោសដ៏យុត្តិធម៌របស់ព្រះជាម្ចាស់ និង (៣) ការវិនិច្ឆ័យដ៏ជាក់លាក់របស់យើងជាមួយនឹងការកាត់ទោសរបស់ព្រះជាម្ចាស់ (រ៉ូម ២:៤-៨; ៥:១២)។
«តើលោកកំពុងតែលើកឡើងថា គ្មានក្ដីសង្ឃឹមទេសម្រាប់យើងមែនឬ?» ទេ! មិនដូច្នោះទេ។ ឥឡូវ គឺខ្ញុំកំពុងលើកឡើងថា គ្មានក្តីសង្ឃឹមណានៅលើដងវិថីដែលខ្ញុំបានធ្វើដំណើរលើ ហើយលោកអ្នកក៏កំពុងតែបានធ្វើដំណើរលើផងដែរ—ការប្រព្រឹត្តនូវព្រឹត្តិការណ៍ដំបូងនៃការបះបោរទាស់ប្រឆាំង និងការសោយរាជ្យដោយខ្លួនឯងម្ដងហើយម្ដងទៀត ឥតឈប់ឈរ។ វិថីនោះគ្មានសង្ឃឹមទេ។ ប៉ុន្តែ នៅមានសង្ឃឹម!
«ក្ដីសង្ឃឹមអ្វី?» ក្ដីសង្ឃឹមនេះគឺអំពីព្រះយេស៊ូវគ្រីស្ទទាំងស្រុង។ ដូចដែលបុរសម្នាក់បាននាំមកនូវសេចក្ដីស្លាប់ និងការខូចខាតមកកាន់ផែនដីនេះ នោះបុរសម្នាក់ទៀតក៏នឹងនាំមកនូវជីវិតដ៏នៅអស់កល្បជានិច្ចមកកាន់ផែនដីនេះ ហើយថ្ងៃមួយព្រះអង្គនឹងបង្កើតសារជាថ្មី ក៏ដូចជាស្ដារឡើងវិញនូវរបស់សព្វសារពើទាំងអស់ផង។
ព្រះវរបិតាស្រឡាញ់លោកីយ៍នេះដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រារបស់ទ្រង់ឲ្យមកប្រសូតជាមនុស្ស រស់នៅយ៉ាងសុចរិតដ៏ល្អឥតខ្ចោះក្នុងលោកីយ៍ដែលមានពេញទៅដោយអំពើបាប ហើយបានសងការកាត់ទោសដ៏យុត្តិធម៌របស់ព្រះជាម្ចាស់លើអំពើបាបតាមរយៈការសុគតរបស់ទ្រង់។ ព្រះអង្គបានសុគត បានត្រូវគេបញ្ចុះនៅក្នុងផ្នូរ ហើយមានព្រះជន្មរស់ឡើងវិញ ហើយក៏បានយាងទៅគង់នៅខាងស្ដាំព្រះហស្ដនៃព្រះវរបិតារបស់ទ្រង់។ ឥឡូវនេះ ចំពោះអស់អ្នកណាដែលកែប្រែពីអំពើអាក្រក់នៃការព្យាយាមធ្វើជាព្រះ ហើយទទួលជឿលើព្រះយេស៊ូវគ្រីស្ទ ដូចដែលមានចែងនៅក្នុងព្រះគម្ពីរតែមួយគត់ នោះគាត់នឹងទទួលបានការអត់ទោស និងការផ្សះផ្សាគ្នាជាមួយនឹងព្រះជាម្ចាស់ (រ៉ូម ៣:១៩-២៦)។
«ចុះចំណែកឯវីរុសកូវីដ-១៩ និងរាល់អ្វីផ្សេងទៀតវិញ?» ថ្ងៃមួយ ព្រះយេស៊ូវនឹងយាងត្រឡប់មកវិញ ហើយបង្កើតរបស់សព្វសារពើជាថ្មីម្ដងទៀត ដែលនឹងទទួលបានសិរីភាពចេញពីទុក្ខសោកទាំងអស់ និងឥទ្ធិពលនៃអំពើបាប ពោលគឺពេញដោយសិរីរុងរឿងជាងមុនទៅទៀត។ អស់អ្នកដែលទទួលជឿលើទ្រង់នឹងទទួលបានការរស់ពីស្លាប់ឡើងវិញខាងឯរូបកាយ ហើយក៏នៅមានចំណែកក្នុងការបង្កើតថ្មីមួយនេះដែរ (រ៉ូម ៨:១៨-២៥)។ នៅទីបញ្ចប់ នឹងគ្មានសេចក្ដីស្លាប់ ការខូចខាត ជំងឺរាតត្បាត និងវីរុសកូវីដ-១៩ទៀតទេ។
«តើអ្នកគិតថា វីរុសកូវីដ-១៩គឺជាសញ្ញាសម្គាល់ពីព្រះជាម្ចាស់?» ខ្ញុំគិតថា ឥឡូវនេះរាល់គ្រប់អ្វីគឺជាទីសម្គាល់ពីព្រះជាម្ចាស់។ ការដែលលោកអ្នកមានសុខភាពល្អរហូតមកដល់ថ្ងៃនេះគឺជាទីសម្គាល់ពីព្រះជាម្ចាស់។ សមត្ថភាពដែលលោកអ្នកមានក្នុងការស្ដាប់ ឬនូវអ្វីដែលខ្ញុំកំពុងតែលើកឡើងគឺជាទីសម្គាល់ពីព្រះជាម្ចាស់។ ជំងឺរាតត្បាតមួយនេះគឺជាទីសម្គាល់ពីព្រះជាម្ចាស់។ ទីសម្គាល់លើកឡើងថា «បើអ្នករាល់គ្នាមិនប្រែចិត្ត នោះនឹងត្រូវវិនាស» (លូកា ១៣:១-៥; រ៉ូម ១:១៨-៣២; ២:៤ គកស)។
«ទាំងនេះច្រើនណាស់។ ប៉ុន្តែ ខ្ញុំឮទស្សនវិទូមួយចំនួនលើកឡើងថា គ្រីស្ទសាសនាមិនមានចម្លើយទេ»។ បាទ ខ្ញុំក៏ឮដែរ ចម្លែកណាស់ មែនទេ?
នេះគ្រាន់តែជាការកេះបន្តិចលើផ្ទៃមុខប៉ុណ្ណោះ។ សូមអានព្រះគម្ពីរ នោះលោកអ្នកនឹងរៀនបានចំណុចជាច្រើនទៀត។ ហើយក៏មានសៀវភៅច្រើនទៀតដែលពន្យល់អំពីអ្វីដែលព្រះគម្ពីរបង្រៀនដែរ។ មួយមានចំណងជើងជាភាសាអង់គ្លេស “The World Tilting Gospel”។
មតិយោបល់
Loading…