in

​គ្រីស្ទ​បរិស័ទ & ជំងឺ​កូរ៉ូណា

The Christian & The Coronavirus

​   ​​
ថ្មីៗ​នេះ មាន​គ្រូ​ពេទ្យ​ម្នាក់​ពី​សាលា​វេជ្ជសាស្ត្រ​ហាវ៉ាដ (Harvard Medical School) បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម twitter ថា ជំងឺ​កូរ៉ូណា​គឺ​ជា «កម្រិត​ជំងឺ​រាតត្បាត​អាច​ឆ្លង​យ៉ាង​ឆាប់​រហ័ស​ដូច​គ្រាប់​បែក​នុយក្លេអ៊ែរ​ផ្ទុះ​អញ្ចឹង» (“thermonuclear pandemic level bad”) ហើយ​គេ​បាន​ចែក​រំលែក​ការ​បង្ហោះ​របស់​គាត់​ច្រើន​ជាង ១៦០០០ ដង​ទៅ​ទៀត!

ប៉ុន្តែ តើ​ការ​អះអាង​របស់​គាត់​មាន​មូលដ្ឋាន​លើ​ភស្តុតាង​ដែរ​ឬ​ទេ? គ្រប់​អ្វីៗ​គឺ​ស៊ី​សង​គ្នា​ទៅ​លើ​ការ​សន្មត R0 នៃ​ជំងឺ។ R0 (“R naught”) គឺជា​សញ្ញា​មួយ​ផ្នែក​គណិតវិទ្យា ដែល​ទាក់​ទង​ត្រង់​ថា តើ​ជំងឺ​នោះ​អាច​មាន​ការ​ឆ្លង​ដល់​កម្រិត​ណាល។ គេ​បាន​សន្មត​ថា កម្រិត​ជំងឺ​រាតត្បាត​អាច​រាលដាល​ក្នុង​ចន្លោះ R0 ១.៤-៣.៨។ ប៉ុន្តែ ឥឡូវ​នេះ ដោយ​សារ​យើង​មាន​ព័ត៌មាន​ថ្មី​បន្ថែម ការ​សន្មត​នៃ ៣.៨ ត្រូវ​បាន​ធ្លាក់​ចុះ​ដល់ ២.៥ វិញ។

សរុប​សេចក្ដី​ទៅ តើ​អ្នក​ណា​ខុស អ្នក​ណា​ត្រូវ? តើ​ជំងឺ​កូរ៉ូណា​នេះ​អាក្រក់​ដូច​ដែល​គេ​បាន​លើក​ឡើង​មែន​ឬ? តាម​ពិត​ទៅ ជា​ចំណុច​ដំបូង ការ​សន្មត R0 នៃ​ជំងឺ​នេះ​មិន​ប្រាប់​យើង​ថា វា​អាក្រក់​ប៉ុណ្ណា​នោះ​ទេ គឺ​គ្រាន់​តែ​ប្រាប់​យើង​ថា​តើ​វា​អាច​ឆ្លង​ដល់​កម្រិត​ណា​តែ​ប៉ុណ្ណោះ។ មាន​ជំងឺ​ជា​ច្រើន​ដែល​អាច​ឆ្លង​ដូច​ជំងឺ​ថ្មី​នេះ​ដែរ ហើយ​ខ្លះ​ក៏​ឆ្លង​លើស​នេះ​ទៅ​ទៀត។ ជំងឺ​ផ្ដាស​សាយ​ជា​ប្រចាំ​ឆ្នាំ​មាន R0 ១.៣ ហើយ​មនុស្ស​រាប់​លាន​នាក់​ផ្ដាស​សាយ​រាល់​ឆ្នាំ។ ជំងឺ​សារស៍ (SARS) មាន​កម្រិត R0 ២-៥ ហើយ​បាន​រាល​ដាល​ឆ្លង​ដល់​មនុស្ស​ប្រមាណ​តែ ៨០០០ នាក់​តែ​ប៉ុណ្ណោះ។ តួ​លេខ R0 គឺ​ជា​ការ​សន្មត​ថា​ជំងឺ​នោះ​អាច​ឆ្លង​ដល់​កម្រិត​ណា​តែ​ប៉ុណ្ណោះ។ វា​មិន​ប្រាប់​យើង​ថា តើ​ជំងឺ​នោះ​អាច​រាលដាល​លឿន​ប៉ុណ្ណា​នោះ​ទេ។ តាម​ពិត​ទៅ​ជំងឺ​កញ្ជ្រិល (Measles) មាន​កម្រិត R0 ១២-១៦!

លោក​ស្រី ម៉ៃយា ម៉ាជូមឌឺ (Maia Majumder) ពី​សាលា​វេជ្ជសាស្ត្រ​ហាវ៉ាដ (Harvard Medical School) បាន​លើកឡើង​ថា៖ «យើង​បាន​គិតខុស​ដោយ​គិត​ថា ការ​មាន​កម្រិត R0 ខ្ពស់ នោះ​មាន​ន័យ​ថា យើង​នឹង​មិន​អាច​គេច​ផុត​រួច​ជៀស​ចេញ​ពី​ការ​មាន​ជំងឺ​រាតត្បាត​នេះ ដែល​តាម​ពិត​ទៅ វា​មិន​មែន​មាន​ន័យ​ដូច​នោះ​ទេ។»

កម្រិត R0 ក៏​មិន​បាន​ប្រាប់​យើង​ថា តើ​នឹង​មាន​មនុស្ស​ប៉ុន្មាន​នាក់ និង​ស្លាប់​ពី​ជំងឺ​នេះ​ដែរ។ វា​គ្រាន់​តែ​សន្មត​អំពី​របៀប​នៃ​ការ​ដែល​ជំងឺ​នោះ​អាច​រាលដាល​ក្នុង​ល្បឿន​ប៉ុណ្ណា​តែ​ប៉ុណ្ណោះ។ បច្ចុប្បន្ន​នេះ ជំងឺ​កូរ៉ូណា​ថ្មី​នេះ​មាន​អត្រា​មរណភាព​ស្លាប់​តែ​ប្រមាណ ២% ភាគរយ​តែ​ប៉ុណ្ណោះ។ តួ​លេខ​នេះ​មិន​ទាំង​ជិត​ដល់​អត្រា​មរណភាព​នៃ​ការ​ស្លាប់​នៃ ១០ % ដែល​កើត​ចេញពី​ជំងឺ​សារស៍ (SARS) ឬ​ក៏​ជំងឺ​ម៉ារស៍ (MERS ដែល​ជា​ជំងឺ​មួយ​ទៀត​ស្រដៀង​នឹង​ជំងឺ​កូរ៉ូណា​ដែល​បាន​កើត​ឡើង​នៅ​ឆ្នាំ ២០១២) ដែល​មាន​អត្រា​មរណភាព​ដល់ ៣៤%។

ដូច្នេះ តើ​វា​ជា​ការ​ល្អ​ទេ​ដែល​យើង​មាន​ការ​ប្រុង​ប្រយ័ត្ន ដោយ​លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់​ជាង​រាល់​ដង? ជា​ការ​ល្អ។ ប៉ុន្តែ តើ​យើង​ចាំ​បាច់​ត្រូវ​ភ័យ​ខ្លាច​មែន​ឬ? ទេ! កុំ​ចេះ​តែ​ជឿ​នូវ​រាល់​អ្វីៗ​ដែល​លោក​អ្នក​អាន ឬ​ក៏​ឃើញ​គេ​បង្ហោះ​ឲ្យ​សោះ។ ចូរ​រក​មើល​ភស្តុតាង។ ចូរ​ប្រាកដ​ថា​ឯកសារ​ដែល​លោក​អ្នក​កំពុង​តែ​អាន​មាន​លើក​ឡើង​នូវ​ព័ត៌មាន​ចេញ​ពី​ប្រភព​ដែល​អាច​ជឿ​ទុកចិត្ត​បាន។

ហើយ​លើស​ពី​នោះ​ទៅ​ទៀត ក្នុង​នាម​យើង​ជា​គ្រីស្ទ​បរិស័ទ យើង​មិន​ចាំ​បាច់​ភ័យ​ខ្លាច​ទេ ប៉ុន្តែ​ប្រើ​ប្រាស់​ឱកាស​នេះ​ទុក​ជា​ការ​ជឿ​ទុក​ចិត្ត​លើ​ព្រះ​អម្ចាស់ ក្នុង​របៀប​ដ៏​ជ្រាល​ជ្រៅ​ជាង​មុន! ហើយ​អធិស្ឋាន​សូម​ឲ្យ​មាន​ឱកាស ដើម្បី​នឹង​ប្រកាស​ដំណឹង​ល្អ​ជា​មួយ​នឹង​ក្រុម​គ្រួសារ មិត្តភក្ដិ និង​អ្នក​ជិត​ខាង​យើង ខណៈ​ពេល​ដែល​លោក​អ្នក​មាន​សន្តិភាព​ដែល​កើត​ចេញ​ពី​ការ​ទុក​ចិត្ត​លើ​ព្រះ​អម្ចាស់ ដោយ​សារ​លោក​អ្នក​បាន​ផ្ញើ​ជីវិត​ផ្ទាល់​ខ្លួន និង​ជីវិត​របស់​អស់​អ្នក​ដែល​លោក​អ្នក​ស្រឡាញ់​ដល់​ព្រះ​អង្គ។

ចូរ​យើង​រម្លឹក​គំនិត​យើង​ជា​ថ្មី​ជា​មួយ​នឹង​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ ដើម្បី​ឲ្យ​ពេល​វេលា​ដូច​នេះ មិន​ឲ្យ​យើង​ធ្លាក់​ក្នុង​សេចក្ដី​ល្បួង​នៃ​ការ​ភ័យ​ខ្លាច ប៉ុន្តែ​ឲ្យ​យើង​ជឿ​ទុក​ចិត្ត​លើ​ព្រះ​ជាម្ចាស់​ដ៏​ពេញ​ដោយ​ឥទ្ធិ​ឫទ្ធិ​ចេស្ដា​ទៅ​វិញ​ចុះ៖

«ព្រះ​យេហូវ៉ា​ជា​ពន្លឺ និង​ជា​ព្រះ​សង្គ្រោះ​ខ្ញុំ តើ​ខ្ញុំ​នឹង​ខ្លាច​អ្នក​ណា? ព្រះ​យេហូវ៉ា​ជាទី​ជម្រក​យ៉ាង​មាំ​នៃ​ជីវិត​ខ្ញុំ តើ​ខ្ញុំ​ញញើត​នឹង​អ្នកណា?» (ទំនុក​តម្កើង ២៧:១)។

«ដ្បិត​ព្រះ​ទ្រង់​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ ដែល​តែង​តែ​ខ្លាច​ឡើយ គឺ​ឲ្យ​មាន​វិញ្ញាណ​ដ៏​មាន​អំណាច សេចក្ដី​ស្រឡាញ់ នឹង​ប្រាជ្ញា​នឹង​ធឹង​វិញ» (២ធីម៉ូថេ ១:៧)។

ហើយ​ចូរ​ឲ្យ​យើង​សម្លឹង​មើល​ទៅ​ឯ​ថ្ងៃ​ដែល​ព្រះ​យេស៊ូវ​នឹង​ធ្វើ​នៅ​រាល់​គ្រប់​អ្វី​ឲ្យ​ថ្មី​សារ​ឡើង​វិញ ហើយ​នឹង​លែង​មាន​សេចក្ដី​ស្លាប់ និង​ជំងឺ​ឈឺ​ស្កាត់​ទៀត​ដែរ!

«ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោក​សង្រេង ឬ​សេចក្ដី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ» (វិវរណៈ ២១:៤)។

និពន្ធ​ដោយ៖ លោក​គ្រូ វែល ណាថាន
បកប្រែដោយ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, និងលោក ខែម បូឡុង

តើអ្នកចូលចិត្តអត្ថបទនេះទេ?

31 points
Upvote Downvote

មតិយោបល់

Leave a Reply

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

​សេចក្តី​ស្លាប់

ទឹក​ភ្លៀង​ជ្រាប​