បុរសវ័យក្មេងម្នាក់បានសួរដូចតទៅ៖ «លោកគ្រូ តើវាជាអំពើបាបឬទេ ដែលខ្ញុំមានស្នេហាជាមួយនឹងអ្នកដែលមិនមែនជាគ្រីស្ទបរិស័ទ?»
មុនយើងខ្ញុំឆ្លើយថា ជាអំពើបាប ឬក៏មិនមែនជាអំពើបាប យើងខ្ញុំចង់សួរបុរសដែលកំពុងសួរទៅវិញថា «តើប្អូនគិតថាអ្វីទៅជាអំពើបាប?»
នៅក្នុងកណ្ឌគម្ពីរ រ៉ូម ៣:២៣ មានចែងថា «គ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ»។ ដូច្នេះ អំពើបាបគឺជាការខ្វះមិនដល់សិរីល្អនៃព្រះ។ តើនេះមានន័យយ៉ាងដូចម្ដេច? តើ «ការខ្វះមិនដល់សិរីល្អ» មានន័យយ៉ាងដូចម្ដេច?
ក្នុងភាសាក្រិកពាក្យ «ខ្វះមិនដល់» មានន័យថា «ការពុំមាន» ឬក៏ «ការខ្វះខាត»។ ដូច្នេះ ការប្រព្រឹត្តអំពើបាបគឺជាការពុំមានសិរីល្អរបស់ព្រះជាម្ចាស់។ តើការខ្វះមិនដល់មានន័យយ៉ាងដូចម្ដេច? ព្រះអង្គមិនបានបង្កើតយើងឲ្យមានលក្ខណៈល្អអស្ចារ្យដូចជាទ្រង់នោះទេ។ កណ្ឌគម្ពីរ រ៉ូម ១:២៣ ចែងថាមនុស្សមានបាប «បំផ្លាស់សិរីល្អនៃព្រះដែលមិនចេះខូច»។ នៅពេលដែលពួកគេបំផ្លាស់ នោះមានន័យថា ពួកគេខ្វះខាតហើយ។ នេះមានន័យថា នៅពេលដែលពួកគេសម្លឹងមើលសិរីល្អរបស់ព្រះជាម្ចាស់ ហើយពួកគេសម្លឹងមើលរូបផ្សេងៗ ទំនងមុខរបស់ខ្លួននៅក្នុងកញ្ចក់ ហើយពួកគេក៏មិនបានជ្រើសរើសយកព្រះជាម្ចាស់។ ដូច្នេះ ពួកគាត់ខ្វះព្រះ។
សូមគិតអំពីចំណង់ចំណូលចិត្តរបស់ខ្លួន
យើងខ្ញុំបានពណ៌នាអំពីអំពើបាបថា ជាការជ្រើសរើសយកអ្វីមួយផ្សេងទៀតក្រៅពីព្រះជាម្ចាស់។ អំពើបាបគឺជាអាកប្បកិរិយា សេចក្ដីប្រាថ្នា ទង្វើ និងពាក្យពេចន៍ដែលចេញពីខ្លួនយើង នៅពេលដែលយើងជ្រើសរើសយកអ្វីមួយផ្សេងទៀតលើព្រះជាម្ចាស់។ ការនេះកើតឡើងនៅពេលដែលយើងមិនយកព្រះជាម្ចាស់ធ្វើជាសេចក្ដីប្រាថ្នាដ៏ឧត្តុងឧត្តម និងជាទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភរបស់យើង។ នេះគឺជាអត្ថន័យនៃពាក្យអំពើបាបដែលមានក្នុងព្រះគម្ពីរ។
ឥឡូវ ចូរយើងនិយាយអំពីការចែចង់គ្នា។ តើអ្វីទៅជាការចែចង់ ឬក៏ជាការមានស្នេហា? តើការមានស្នេហារបស់លោកអ្នកមានន័យថា បុគ្គលម្នាក់ទៀតបានក្លាយជាអ្នកដែលមានតម្លៃចំពោះលោកអ្នកខ្លាំងជាងព្រះជាម្ចាស់មែនឬ? មែនឬ? បើមែន នោះខ្ញុំមិនខ្វល់ថា បុគ្គលនោះជាគ្រីស្ទបរិស័ទ ឬក៏មិនមែនជាគ្រីស្ទបរិស័ទនោះទេ។
លោកអ្នកទំនងជាអាចមានស្នេហាជាមួយនឹងគ្រីស្ទបរិស័ទ ហើយនៅពេលនេះក៏កំពុងតែនៅបន្តប្រព្រឹត្តអំពើបាបដែរ។ លោកអ្នកទំនងជាអាចមានស្នេហាជាមួយនឹងបុគ្គលណាម្នាក់ដែលមិនមែនជាគ្រីស្ទបរិស័ទ ហើយនៅពេលនេះក៏កំពុងតែនៅបន្តប្រព្រឹត្តអំពើបាប ពីព្រោះសេចក្ដីប្រាថ្នារបស់លោកអ្នក សេចក្ដីស្រឡាញ់របស់លោកអ្នក ឬក៏តម្រូវការរបស់លោកអ្នកសម្រាប់បុគ្គលម្នាក់នោះឆ្លុះបញ្ចាំងថា ព្រះជាម្ចាស់មិនមានកន្លែងក្នុងជីវិតរបស់លោកអ្នកដែលធំ ពេញដោយអំណាច ព្រះចេស្ដា ភាពស្កប់ស្កល់ និងភាពស្រស់ស្អាតក្នុងលក្ខណៈដែលព្រះអង្គគួរមានក្នុងជីវិតរបស់លោកអ្នក។
ប្រសិនបើលោកអ្នកមានតម្រូវការការសម្រាប់ដៃគូជីវិតខ្លាំងជាងតម្រូវការសម្រាប់ព្រះជាម្ចាស់ នោះមានន័យថាលោកអ្នកកំពុងតែប្រព្រឹត្តអំពើបាបហើយ។ វាមិនពាក់ព័ន្ធនឹងបុគ្គលដែលលោកអ្នកកំពុងតែចែចង់នោះទេ។ លោកអ្នកត្រូវត្រឡប់ក្រោយ ហើយយកព្រះជាម្ចាស់ធ្វើជាទ្រព្យសម្បត្តិរបស់ខ្លួន។
សូមពិចារណាអំពីគោលដៅរបស់ខ្លួន
ចម្លើយនេះទំនងច្រើនជាងអ្វីដែលបុរសវ័យក្មេងម្នាក់នេះកំពុងតែសួរចង់បានទៅទៀតហើយមើលទៅ។ នេះគឺជាអ្វីដែលលោកអ្នកទំនងជាចង់ដឹង។ ឧបមាថា ខ្លួនមិនមានបញ្ហានោះ។ លោកអ្នកមិនមែនកំពុងតែចង់បានបុគ្គលណាម្នាក់ផ្សេងទៀតក្រៅពីចង់បានព្រះជាម្ចាស់នោះទេ។ ដូច្នេះ តើវានៅតែជាអំពើបាបដែរឬទេក្នុងការដែលលោកអ្នកមានស្នេហាជាមួយនឹងអ្នកមិនជឿ?
ចម្លើយរបស់ខ្ញុំលើសំណួរហ្នឹងវាគឺថា «តើអ្វីទៅជាការមានស្នេហា ឬក៏ការចែចង់គ្នា?» តើលោកអ្នកកំពុងតែប្រើប្រាស់ពាក្យស្នេហា ឬក៏ការចែចង់គ្នាក្នុងអត្ថន័យអ្វី? បុរសវ័យក្មេងនោះទំនងជាឆ្លើយថា «ខ្ញុំមិនមានចំណាប់អារម្មណ៍ក្នុងការបង្ហាញនូវសេចក្ដីស្នេហានោះទេ។ ខ្ញុំគ្រាន់តែចង់ធ្វើជាស្មរបន្ទាល់នៃព្រះគុណរបស់ព្រះជាម្ចាស់ទៅកាន់នារីម្នាក់នេះ ដែលមិនមែនជាអ្នកជឿប៉ុណ្ណោះ ខណៈពេលដែលយើងទៅញ៉ាំភីហ្សា ដោយសង្ឃឹមថានឹងនាំឲ្យនាងទទួលជឿព្រះគ្រីស្ទដែរ»។ បើនិយាយម្យ៉ាងវិញទៀតទៅ នេះគឺគ្រាន់តែជាការផ្សាយដំណឹងល្អប៉ុណ្ណោះ មិនបានជាស្នេហានោះទេ។ បើដូច្នោះមែន នោះចម្លើយរបស់យើងខ្ញុំគឺថា «បាន! ទៅចុះ»។
ប៉ុន្តែ សូមប្រយ័ត្ន ពីព្រោះនៅពេលណាដែលបុរសម្នាក់ និងនារីម្នាក់ចំណាយពេលជាមួយនឹងគ្នា នោះអាចនឹងមានអ្វីលើសពីនោះផ្សេងទៀតដែលអាចកើតឡើងបាន ក្រៅពីការផ្សាយដំណឹងល្អ។ អាចមានរឿងអ្វីផ្សេងទៀតកើតឡើងបានដែលមានលក្ខណៈផ្ទាល់ខ្លួន និងស្និទ្ធស្នាលជាងនោះ ជាពិសេសនៅពេលដែលពួកគាត់កំពុងនិយាយគ្នាអំពីអ្វីដែលជ្រៅៗ។ យើងខ្ញុំធ្លាប់ឃើញរឿងនេះបានកើតឡើង ដូច្នេះយើងខ្ញុំចង់ហាមលោកអ្នកឲ្យមានការប្រុងប្រយ័ត្ន។
ប៉ុន្តែ ចុះប្រសិនបើបុរសវ័យក្មេងម្នាក់នោះឆ្លើយតបថា «តាមពិតទៅ ខ្ញុំមានចំណាប់អារម្មណ៍ជាមួយនឹងនារីម្នាក់នេះខ្លាំងណាស់។ ហើយចំពោះខ្ញុំ ការចែចង់គ្នាគឺជាផ្នែកមួយនៃការមានទំនាក់ទំនងនឹងនាំឲ្យមានស្នេហាដែលអាចនឹងមានជីវិតអាពាហ៍ពិពាហ៍»។ បើដូច្នោះ នោះយើងខ្ញុំនឹងឆ្លើយដូចតទៅ៖ «ប្រសិនបើប្អូនកំពុងតែធ្វើបែបនោះ ហើយប្រសិនបើប្អូនកំពុងតែចែចង់អ្នកមិនជឿដោយមានទស្សនៈក្នុងការចាប់ផ្ដើម ការលូតលាស់ និងការបង្កើតទំនាក់ទំនងស្នេហាឲ្យកាន់តែមានការស៊ីជម្រៅដែលអាចនាំឲ្យមានជីវិតអាពាហ៍ពិពាហ៍បាន នោះប្អូនក៏កំពុងតែធ្វើឲ្យសេចក្ដីស្រឡាញ់របស់ប្អូនសម្រាប់ព្រះគ្រីស្ទផលប៉ះពាល់អវិជ្ជមានដែរហើយ។ ប្អូនកំពុងតែប្រព្រឹត្តល្មើសនឹងអ្វីដែលព្រះគម្ពីរបានចែង ហើយក៏កំពុងតែធ្វើនូវអ្វីដែលខុសឆ្គងទៀតផង»។
នៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស ៧:៣៩ សាវ័ក ប៉ុល បានមានប្រសាសន៍ថាឲ្យរៀបការតែជាមួយនឹងអ្នក «ក្នុងព្រះអម្ចាស់»។ ប្រសិនបើគោលបំណងរបស់ប្អូនគឺលង់ស្នេហ៍ជាមួយ ឬក៏រៀបការជាមួយនឹងនារីដែលមិននៅក្នុងព្រះអម្ចាស់ នោះមានន័យថា ការមិនស្ដាប់បង្គាប់បទគម្ពីរគឺជាគោលដៅរបស់ប្អូនហើយ។ ប្រសិនបើប្អូនមានគោលដៅមិនស្ដាប់បង្គាប់តាមបទគម្ពីរនេះ នោះវាក៏ដូចជាថា ប្អូនក៏កំពុងតែមិនស្ដាប់បទគម្ពីរនេះរួចស្រេចទៅហើយ។
ហើយនៅក្នុងកណ្ឌគម្ពីរ ២កូរិនថូស ៦:១៤ ក៏បានចែងថា «កុំឲ្យទឹមនឹមស្រៀក ជា១នឹងមនុស្សមិនជឿឡើយ»។ ខគម្ពីរនេះក៏ទាក់ទងគ្នាជាមួយនឹងជីវិតអាពាហ៍ពិពាហ៍ដែរ។ មូលហេតុគឺដោយសារជីវិតអាពាហ៍ពិពាហ៍គឺជាប្រភេទមួយនៃការរួបរួមគ្នាដ៏ជ្រាលជ្រៅ។ ព្រះអង្គសព្វព្រះហឫទ័យឲ្យវាជាការរួបរួមគ្នាខាងឯព្រលឹងវិញ្ញាណក៏ដូចជាការរួបរួមគ្នាខាងឯរូបកាយដែរ។
មិនអាចមានការរួបរួមខាងឯព្រលឹងវិញ្ញាណដ៏ជ្រាលជ្រៅនោះទេ ប្រសិនបើបុគ្គលពីរនាក់មានទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភខុសៗគ្នា។ ចំពោះបុគ្គលម្នាក់គឺព្រះគ្រីស្ទ ហើយចំពោះបុគ្គលម្នាក់ទៀតគឺអ្វីដែលពាក់ព័ន្ធជាមួយនឹងលោកីយ៍។ ចាប់តាំងពីដើមនៃទំនាក់ទំនងនេះគឺថា មានការបែកគ្នាយ៉ាងជ្រាលជ្រៅបាត់រួចទៅហើយ។
ដូច្នេះ យើងខ្ញុំគិតថា មិនគួរឲ្យមានទំនាក់ទំនងស្នេហាដែលលើកទឹកចិត្តឲ្យទំនាក់ទំនងឈានដល់ការមានអាពាហ៍ពិពាហ៍ដែលមិនគួរមាននោះទេ។
ជីវិតអាពាហ៍ពិពាហ៍—និងការចែចង់គ្នា ដើម្បីឈានទៅដល់ចំណុចនោះ—មិនអាចក្លាយជារូបភាពដ៏ល្អដូចដែលព្រះជាម្ចាស់បានរចនាឡើងឡើយ ប្រសិនបើព្រះអង្គផ្ទាល់មិនមាននៅក្នុងការរួបរួមមួយនោះ។
មតិយោបល់
Loading…