in ,

សង្គ្រោះ​ជា​រៀង​រហូត

 

នៅពេល​ដែល​បុគ្គល​ម្នាក់​ទទួល​បាន​សេចក្តី​សង្គ្រោះ​ហើយ តើ​គាត់​នៅ​តែ​បាន​សង្គ្រោះ​រហូត​មែន​ឬ? បាទ! នៅ​ពេល​ដែល​បុគ្គល​ណា​ម្នាក់​បាន​ទទួល​ជឿ​ព្រះ​គ្រីស្ទ​ថា​ជា​ព្រះ​អង្គ​សង្គ្រោះ​របស់​ខ្លួន នោះ​ពួក​គាត់​ត្រូវ​បាន​នាំ​ចូល​មក​ក្នុង​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​ដែល​ធានា​សេចក្ដី​សង្គ្រោះ​របស់​គាត់​អស់​កល្ប​ជានិច្ច។ យើង​ខ្ញុំ​ចង់​លើក​ឡើង​ឲ្យ​ច្បាស់​ថា សេចក្ដី​សង្គ្រោះ​គឺ​លើស​ជាង​ការ​អធិស្ឋាន ឬ​ក៏ «ការ​សម្រេច​ចិត្ត» ទទួល​យក​ព្រះ​គ្រីស្ទ។ ការ​ទទួល​បាន​សេចក្ដី​សង្គ្រោះ​គឺ​ជា​សកម្មភាព​អធិបតេយ្យភាព​របស់​ព្រះ​ជាម្ចាស់​ក្នុង​ការ​ដែល​ព្រះ​អង្គ​សម្អាត​មនុស្ស​មាន​បាប​ដែល​មិន​អាច​កើត​ឡើង​វិញ​ជា​ថ្មី​ដោយ​ខ្លួន​ឯង​បាន ព្រះ​ជាម្ចាស់​ធ្វើ​ឲ្យ​គាត់​ថ្មី និង​ធ្វើ​ឲ្យ​ពួក​គាត់​កើត​ជា​ថ្មី​តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ (យ៉ូហាន ៣:៣; ទីតុស ៣:៥)។ នៅ​ពេល​ដែល​ការ​សង្គ្រោះ​កើត​ឡើង ព្រះ​ជាម្ចាស់​ប្រទាន​មនុស្ស​មាន​បាប​ឲ្យ​រួច​ពី​ទោស​នូវ​ដួង​ចិត្ត​ថ្មី និង​ដាក់​វិញ្ញាណ​ថ្មី​នៅ​ក្នុង​គាត់ (អេសេគាល ៣៦:២៦)។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​បណ្ដាល​ឲ្យ​បុគ្គល​ដែល​ទើប​តែ​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ដើរ​ក្នុង​ការ​ស្ដាប់​បង្គាប់​តាម​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ (អេសេគាល ៣៦:២៦-២៧; យ៉ាកុប ២:២៦)។ មាន​បទ​គម្ពីរ​ជា​ច្រើន​ក្នុង​ព្រះ​បន្ទូល​ដែល​ប្រកាស​នូវ​ចំណុច​ពិត​ដែល​ថា សេចក្ដី​សង្គ្រោះ​គឺ​ជា​សកម្មភាព​របស់​ព្រះ​ជាម្ចាស់ ហើយ​ក៏​មាន​ការ​ធានា​ដែរ៖

(ក) កណ្ឌគម្ពីរ រ៉ូម ៨:៣០ បាន​ចែង​ដូច​ត​ទៅ៖ «ឯ​ពួក​អ្នក​ដែល​ទ្រង់​បាន​តម្រូវ​ទុក​ជា​មុន នោះ​ទ្រង់​ក៏​ហៅ ហើយ​ពួក​អ្នក​ដែល​ទ្រង់​បាន​ហៅ នោះ​ទ្រង់​ក៏​រាប់​ទុក​ជា​សុចរិត ហើយ​ពួក​អ្នក​ដែល​ទ្រង់​បាន​រាប់​ជា​សុចរិត នោះ​ទ្រង់​ក៏​បាន​តម្កើង​ឡើង​ដែរ»។ ខគម្ពីរ​នេះ​កំពុង​តែ​ប្រាប់​យើង​ថា ពី​ពេល​ដែល​ព្រះ​ជាម្ចាស់​បាន​ជ្រើស​រើស​យើង នោះ​វា​ហាក់​បី​ដូច​ជា​ថា​យើង​ក៏​ទទួល​បាន​ការ​លើក​តម្កើង​ក្នុង​ព្រះ​វត្តមាន​របស់​ព្រះ​អង្គ​នៅ​ឯ​ស្ថាន​សួគ៌​រួច​ហើយ​ដែរ។ មិន​មាន​អ្វី​ដែល​អាច​មក​រារាំង​អ្នក​ជឿ​នៅ​ថ្ងៃ​ណា​មួយ​ពី​ការ​ទទួល​បាន​ការ​លើក​តម្កើង ពីព្រោះ​ព្រះ​ជាម្ចាស់​បាន​គ្រោង​ការ​នោះ​ទុក​រួច​ស្រេច​ទៅ​ហើយ​នៅ​ឯ​ស្ថាន​សួគ៌។ បន្ទាប់​ពី​ព្រះ​ជាម្ចាស់​បាន​រាប់​បុគ្គល​ណា​ម្នាក់​ថា ជា​សុចរិត​ហើយ នោះ​សេចក្ដី​សង្គ្រោះ​របស់​គាត់​ក៏​មាន​ការ​ធានា​ដែរ—គាត់​ទទួល​បាន​ការ​ធានា​ហាក់​បី​ដូច​ជា​ថា​គាត់​ក៏​ទទួល​បាន​ការ​លើក​តម្កើង​នៅ​ឯ​ស្ថាន​សួគ៌​រួច​ហើយ​ដែរ។

(ខ) នៅ​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ៨:៣៣-៣៤ សាវ័ក ប៉ុល បាន​សួរ​នូវ​សំណួរ​ដ៏​សំខាន់​ពីរ «តើ​អ្នក​ណា​នឹង​ចោទ​ប្ដឹង​ពី​ពួក​រើស​តាំង​របស់​ព្រះ​បាន ដ្បិត​គឺ​ជា​ព្រះ​ហើយ ដែល​ទ្រង់​រាប់​គេ​ជា​សុចរិត តើ​អ្នក​ណា​នឹង​កាត់​ទោស​គេ​បាន ដ្បិត​ព្រះ​គ្រីស្ទ​ទ្រង់​បាន​សុគត​ជំនួស​គេ​ហើយ តែ​ដែល​ថា ទ្រង់​រស់​ឡើង​វិញ នោះ​មាន​ទំនង​ជាង ទ្រង់​ក៏​គង់​នៅ​ខាង​ស្ដាំ​នៃ​ព្រះ ហើយ​ជា​អ្នក​អង្វរ​ជំនួស​យើង​រាល់​គ្នា​ដែរ»។ តើ​អ្នក​ណា​នឹង​ចោទ​ប្ដឹង​ពី​ពួក​រើស​តាំង​របស់​ព្រះ​? គ្មាន​អ្នក​ណា​ទេ ពីព្រោះ​ព្រះ​គ្រីស្ទ​គឺ​ជា​ជំនួយ​របស់​យើង។ តើ​អ្នក​ណា​នឹង​កាត់​ទោស​យើង? គ្មាន​អ្នក​ណា​ទេ ពីព្រោះ​ព្រះ​គ្រីស្ទ ដែល​ជា​ព្រះ​ដែល​បាន​សុគត​ជំនួស​យើង គឺ​ជា​អង្គ​ដែល​កាត់​ទោស​យើង។ យើង​មាន​ព្រះ​ដែល​ជា​អង្គ​ជំនួយ និង​ជា​អង្គ​កាត់​ទោស​យើង ដែល​ជា​ព្រះ​អង្គ​សង្គ្រោះ​របស់​យើង។

(គ) អ្នក​ជឿ​កើត​ជា​ថ្មី (ទទួល​បាន​នូវ​ការ​បង្កើត​ឡើង​វិញ) នៅ​ពេល​ដែល​ពួក​គាត់​ទទួល​ជឿ (យ៉ូហាន ៣:៣; ទីតុស ៣:៥)។ ដើម្បី​ឲ្យ​គ្រីស្ទ​បរិស័ទ​ណា​ម្នាក់​បាត់​បង់​សេចក្ដី​សង្គ្រោះ​របស់​គាត់​បាន គឺ​គាត់​ត្រូវ​តែ​បាត់​បង់​នូវ​ការ​បង្កើត​ឡើង​វិញ​សិន។ ព្រះ​គម្ពីរ​មិន​បាន​ផ្ដល់​នូវ​ភស្តុតាង​ដែល​ថា កំណើត​ថ្មី​នឹង​ត្រូវ​បាន​ទទួល​ការ​ដក​ចេញ​នោះ​ទេ។

(ឃ) ព្រះ​វិញ្ញាណ​បរិសុទ្ធ​គង់​នៅ​ក្នុង​អ្នក​ជឿ (យ៉ូហាន ១៤:១៧; រ៉ូម ៨:៩) ហើយ​ក៏​ធ្វើ​ពិធី​ជ្រមុជ​ទឹក​សម្រាប់​អ្នក​ជឿ​ទាំង​អស់​ឲ្យ​ចូល​ក្នុង​រូប​កាយ​របស់​ព្រះ​គ្រីស្ទ (១កូរិនថូស ១២:១៣)។ ដើម្បី​ឲ្យ​អ្នក​ជឿ​លែង​ទទួល​បាន​សេចក្ដី​សង្គ្រោះ នោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ត្រូវ​តែ «លែង​គង់​នៅ​ក្នុង» គាត់ ហើយ​ត្រូវ​ដក​ចេញ​ពី​រូប​កាយ​របស់​ព្រះ​គ្រីស្ទ​ផង​ដែរ។

(ង) កណ្ឌ​គម្ពីរ យ៉ូហាន ៣:១៥ បាន​លើក​ឡើង​ថា​អស់​អ្នក​ណា​ដែល​ជឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​នឹង «មាន​ជីវិត​អស់​កល្ប​ជានិច្ច»។ ប្រសិន​បើ​លោក​អ្នក​ជឿ​លើ​ព្រះ​គ្រីស្ទ​នៅ​ថ្ងៃ​នេះ ហើយ​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ប៉ុន្តែ​បាត់​បង់​វា​នៅ​ថ្ងៃ​ស្អែក នោះ​មាន​ន័យ​ថា វា​មិន​ទាន់ «អស់​ក៏​ជានិច្ច» នៅ​ឡើយ​ទេ។ ដែល​នេះ​មាន​ន័យ​ថា ប្រសិន​បើ​លោក​អ្នក​បាត់​បង់​សេចក្ដី​សង្គ្រោះ នោះ​សេចក្ដី​សន្យា​នានា​អំពី​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ក្នុង​ព្រះ​គម្ពីរ​គឺ​ជា​ការ​បង្រៀន​ខុស​ឆ្គង​ហើយ។

(ច) សេចក្ដី​សន្និដ្ឋាន​ក្នុង​ការ​វែក​ញែក៖ ព្រះ​បន្ទូល​បាន​បង្រៀន​ថា «ដ្បិត​ខ្ញុំ​ជឿ​ជាក់​ថា ទោះ​ស្លាប់ ឬ​រស់ ពួក​ទេវ​តា ឬ​អំណាច​អ្វី ការ​អ្វី​នៅ​ជាន់​នេះ ឬ​ទៅ​មុខ ឬ​ឥទ្ធិ​ឫទ្ធិ​អ្វី ទី​មាន​កម្ពស់ ទី​ជម្រៅ ឬ​របស់​អ្វី​ដែល​កើត​មក​ឯ​ទៀត​ក្ដី នោះ​ពុំ​អាច​នឹង​ពង្រាត់​យើង ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា​ទៅ​បាន​ឡើយ» (រ៉ូម ៨:៣៨-៣៩)។ សូម​ចង​ចាំ​ថា ព្រះ​អង្គ​ដែល​សង្គ្រោះ​លោក​អ្នក​ក៏​ជា​ព្រះ​អង្គ​ដែល​នឹង​រក្សា​លោក​អ្នក​ទុក​ផង​ដែរ។ ខណៈ​ពេល​ដែល​យើង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ម្ដង​ហើយ នោះ​យើង​ក៏​នឹង​មាន​សេចក្ដី​សង្គ្រោះ​នោះ​ជា​រៀង​រហូត​ដែរ។ សេចក្ដី​សង្គ្រោះ​របស់​យើង​គឺ​ពិត​ជា​មាន​ការ​ធានា​យ៉ាង​អស់​កល្ប​ជានិច្ច​មែន!

និពន្ធដោយ៖ GotQuestions
បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោក ឯក សត្យា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី GotQuestions ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ខ្ញុំជំពាក់នឹងព្រះយេស៊ូវគ្រីស្ទ

មិនស្រឡាញ់ព្រះអម្ចាស់យេស៊ូវ