in

ជ្រមុជ​ដោយ​ព្រះ​វិញ្ញាណ

បីម៉ោង​បាន​កន្លង​ផុត​ហើយ បន្ទាប់​ពី​កម្មវិធី​បាន​ចាប់​ផ្ដើម ហើយ​ខ្ញុំ​ក៏​ពិត​ជា​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា ព្រះ​វត្តមាន​របស់​ព្រះ​ជាម្ចាស់​កំពុង​តែ​គង់នៅ​ក្នុង​អាគារ​នេះ​ដែរ។ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​ឈរ​ជិត​មិត្តភក្ដិ​របស់​ខ្ញុំ នោះ​សាច់​ភ្លេង​ក៏​ចាប់​ផ្ដើម​ឮខ្លាំង​ឡើងៗ។ ពន្លឺ​ភ្លើង​ក៏​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា គ្រប់​អ្វីៗ​មាន​ភាព​ស្និទ្ធស្នាល​នឹង​គ្នា ហើយ​ក៏​មាន​ផ្សែង​បាញ់​បន្តិច​បន្តួច​នៅ​ក្នុង​បន្ទប់​ដែរ។ សំឡេង​អ្នក​ដឹក​នាំ​ចម្រៀង​ពិត​ជា​ពីរោះ​ណាស់—ក្រុម​ចម្រៀង​នេះ​ក៏​ពិត​ជា​បាន​ទទួល​ការ​ចាក់​ប្រេង​តាំង​មែន​ដែរ។ សំឡេង​នៅ​ជុំ​វិញ​ខ្ញុំ​ក៏​ច្រៀង​ស្រប​គ្នា ហើយ​ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា​កំពុង​តែ​ចាប់​ផ្ដើម​លង់​ចូល​ក្នុង​ចង្វាក់​ភ្លេង​យ៉ាង​ស្លុង ខណៈ​ពេល​ដែល​ខ្ញុំ​ឈរ​យោក​ខ្លួន​ទៅ​មកៗ​ជា​មួយ​នឹង​បទ​ចម្រៀង។ គ្រូ​គង្វាល​បាន​បន្ត​ប្រាប់​យើង​ម្ដង​ហើយ​ម្ដង​ទៀត​ថា ក្នុង​កិច្ច​ជួប​ព្រះ​ជាម្ចាស់​នេះ ឲ្យ​យើង​រំពឹង​ជួប​ទ្រង់ ហើយ​ថា​ព្រះ​ជាម្ចាស់​នឹង​ប៉ះពាល់​យើង​ទាំង​អស់​គ្នា​ក្នុង​របៀប​ដ៏​ពិសេស​ណា​មួយ​ជា​មិន​ខាន។ តើ​នេះ​អាច​ជា​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​នានា​របស់​ខ្ញុំ​ក្នុង​ជីវិត​នេះ​មែន​ឬ? ខ្ញុំ​បាន​ឆ្លង​កាត់​ការ​ខូច​ចិត្ត និង​គ្រោះ​ថ្នាក់​ជា​ច្រើន។ ខ្ញុំ​ហត់​នឹង​ស្ដាប់​ការ​ដែល​គេ​ប្រាប់​ថា ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ និង​ការ​អធិស្ឋាន​គឺ​ល្មម​គ្រប់​គ្រាន់​ហើយ។ នេះ​ប្រហែល​ជា​រឿង​ពិត​ហើយ—ទំនង​នេះ​គឺ​ជា​កិច្ច​ជួប​ព្រះ​ជាម្ចាស់​ដែល​ខ្ញុំ​ត្រូវ​ការ​ហើយ​ក៏​ថា​បាន។ រំពេច​នោះ គ្រូ​គង្វាល​ក៏​មក​កាត់​ការ​ច្រៀង ហើយ​ស្រែក​ថា «ព្រះ​យេស៊ូវ​យាង​មក​ដល់​ហើយ! លោក​អ្នក​គឺ​ជា​អ្នក​ទទួល​បាន​ការ​ចាក់​ប្រេង​តាំង! ប្រសិន​បើ​លោក​អ្នក​ចង់​ទទួល​បាន​ការ​ប៉ះពាល់​ជា​ថ្មី​ពី​ព្រះ​ជាម្ចាស់ សូម​អញ្ជើញ​មក​ខាង​មុខ​ឆាក​ឥឡូវ​នេះ​ភ្លាម!» ខ្ញុំ​ក៏​បែរ​ទៅ​មើល​មិត្តភក្ដិ​របស់​ខ្ញុំ​យ៉ាង​លឿន ហើយ​សួរ​គាត់​ថា «តើ​ឯង​ទៅ​ទេ?! នេះ​គឺ​ជា​ពេល​វេលា​យើង​ហើយ!» គាត់​ក៏​គ្រញែង​ស្មា​ដោយ​មាន​ការ​ភ័យ​ខ្លាច ហើយ​នៅ​ត្រឹង​មួយ​កន្លែង។ ខ្ញុំ​គិត​ថា​គាត់​នៅ​បន្ត​មាន​ការ​សង្ស័យ​អំពី​រឿង​ដូច​នេះ—ព្រោះ​គាត់​មក​ពី​និកាយ​បាទីស្ទ។ អើ បើ​អញ្ចឹង ខ្ញុំ​ក៏​បាន​គិត​ថា វា​គឺ​ជា​ការ​ខាត​បង់​របស់​គាត់។ មនុស្ស​ជា​ច្រើន​ក៏​បាន​រត់​ចូល​ក្នុង​ផ្លូវ​ដើរ​នៅ​តាម​ចន្លោះ​ជួរ​កៅអី ខណៈ​ពេល​ដែល​ពួក​គាត់ ក៏​ដូច​ជា​ខ្ញុំ ប្រញាប់​ប្រញាល់​យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​ទៅ​ដល់​ខាង​មុខ​ឆាក។ ខណៈ​ពេល​ដែល​ខ្ញុំ​ជិត​ទៅ​ដល់​ខាង​មុខ​ឆាក ខ្ញុំ​ក៏​ចាប់​ផ្ដើម​មាន​អាដ្រេណាលីន (adrenaline) នៅ​ក្នុង​សរសៃ​របស់​ខ្ញុំ ហើយ​មិន​យូរ​មិន​ឆាប់​ក៏​បាន​ទៅ​ដល់​កន្លែង​មួយ​ដែល​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​គ្រូ​គង្វាល​ដែរ។ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​សម្លឹង​មើល​គាត់ នោះ​ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា ព្រះ​ជាម្ចាស់​កំពុង​តែ​ប្រាប់​គាត់​អំពី​បុគ្គល​ដែល​គាត់​គួរ​ទៅ​ដាក់​ដៃ​ពី​លើ។ ភ្នែក​របស់​គាត់​បាន​ពិនិត្យ​មើល​យ៉ាង​ឆាប់​រហ័ស​លើ​មនុស្ស​ជា​ច្រើន​ដែល​មាន​វ័យ​ក្មេង​ជា​ច្រើន​នៅ​ក្រោម​ឆាក​របស់​គាត់។ បន្ទាប់​មក ពេល​វេលា​របស់​​ខ្ញុំ​ក៏​បាន​មក​ដល់។ គាត់​បាន​ប្រាប់​លេខា​ម្នាក់​របស់​គាត់ «ទៅ​នាំ​ក្មេង​ស្រី​ម្នាក់​នោះ​ឡើង​មក​លើ​ឆាក​នេះ​ភ្លាម! អំណាច​ព្រះ​ជាម្ចាស់​មាន​ពេញ​លើ​នាង!» ខ្ញុំ​មាន​អារម្មណ៍​យ៉ាង​ពិសេស​ដែល​គាត់​បាន​ជ្រើស​រើស​យក​ខ្ញុំ វា​បាន​បណ្ដាល​ឲ្យ​ខ្ញុំ​យំ​ដោយ​មិន​អាច​ទប់​អារម្មណ៍​ខ្លួន​ឯង​បាន។ គេ​ក៏​បាន​ទាញ​ខ្ញុំ​ឡើង​លើ​ឆាក ហើយ​វា​ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​កំពុង​តែ​ឈរ​នៅ​ក្នុង​ទី​ដ៏​បរិសុទ្ធ​បំផុត។ ដៃ​របស់​ខ្ញុំ​កំពុង​តែ​ញ័រ​ដោយ​សារ​ភ័យ​ពេក ខ្ញុំ​យំ​អណ្ដឺតអណ្ដក ហើយ​ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា​ពួក​អ្នក​ចាប់​ក៏​កំពុង​តែ​ត្រៀម​ខ្លួន​ដែរ។ បន្ទាប់​មក គាត់​ក៏​បាន​ស្រែក​ថា «ភ្លើង​នៃ​ព្រះ​វិញ្ញាណ!!! ហូរ​មក​លើ​នាង…»។ អារម្មណ៍​នៅ​ពេល​នោះ​វា​ច្រើន​លើស​លប់​ពេក​ក្នុង​ការ​ឲ្យ​ខ្ញុំ​យល់​បាន ខណៈ​ពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា មាន​អ្វី​មួយ​មក​ចាប់​ទាញ​ខ្លួន​របស់​ខ្ញុំ។ ខ្ញុំ​ក៏​បាន​បោះ​បង់​ចោល​ការ​គិត​គូរ​ទាំង​អស់ ហើយ​ក៏​ត្រូវ​បាន​គេ​ផ្ដួល​យ៉ាង​ខ្លាំង​ឲ្យ​ដួល​ទៅ​លើ​ដី។ ខ្លួន​របស់​ខ្ញុំ​ក៏​បាន​ញាក់​ប្រកាច់ប្រកិន ខណៈ​ពេល​ដែល​ខ្ញុំ​ដេក​នៅ​លើ​ឆាក ហើយ​ខ្ញុំ​ក៏​បាន​ចាប់​ផ្ដើម​ស្រែក​នូវ​សំឡេង​ដែល​ខ្ញុំ​មិន​ដែល​ធ្លាប់​ស្រែក​ពី​មុនៗ។ ខ្ញុំ​ក៏​ចាប់​ផ្ដើម​ឮ ហើយ​មាន​អារម្មណ៍​ថា​អ្នក​ផ្សេង​ក៏​បាន​ចាប់​ផ្ដើម​ដួល​នៅ​ជុំវិញ​ខ្ញុំ ហើយ​និង​នៅ​លើ​ខ្ញុំ​ដែរ។ អ្នក​ខ្លះ​បាន​ចាប់​ផ្ដើម​សើច​ក្នុង​លក្ខណៈ​តក់​ស្លុត អ្នក​ខ្លះ​ទៀត​បាន​ប៉ះ​ខ្ញុំ ហើយ​ថ្ងូរ​យ៉ាង​ខ្លាំង ហើយ​អ្នក​ខ្លះ​ទៀត​ក៏​បាន​ស្រែក​បណ្តើរ លូន​វារ​បណ្តើរ។ ខ្ញុំ​បាន​ធ្លាប់​ឮ​ពី​គ្រីស្ទ​បរិស័ទ​មួយ​ចំនួន​ថា បទ​ពិសោធន៍​បែប​នេះ​គឺ​មក​ពី​អារក្ស​ផ្ទាល់ ខណៈ​ពេល​ដែល​អ្នកខ្លះ​ទៀត​ថា នេះ​គឺជា​សភាព​ត្រូវ​គេ​សណ្ដំ។ បើ​និយាយ​ឲ្យ​ស្មោះ​ត្រង់​ទៅ ខ្ញុំ​មិន​ធ្លាប់​ឃើញ​ការ​នេះ​នៅ​ក្នុង​ព្រះ​គម្ពីរ​ទេ ហើយ​ក៏​មិន​ដឹង​ថា​តើ​វា​ពិត​ជា​អ្វី​ដែរ…ប៉ុន្តែ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា ការ​នេះ​ហាក់​បី​ដូច​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​អញ្ចឹង…

ការ​ពណ៌នា​អំពី​អ្វី​ដែល​លោក​អ្នក​ទើប​តែ​អាន​ក៏​កំពុង​តែ​កើត​ឡើង​នៅ​ពាសពេញ​ផែន​ដី​ស្ទើរ​តែ​រាល់​អាទិត្យ​ចំពោះ​មនុស្ស​រាប់​ពាន់​នាក់​នៅ​ក្នុង​ក្រុម​ជំនុំ​និកាយ​ការីស្មាទិក (charismatic churches) ឬ​កម្ម​វិធី​ប្រោស​ជំងឺ​បែប​ទ្រង់​ទ្រាយ​ធំ ក្រុម​តូច​យុវជន ការ​បោះ​ជំ​រំ​ក្មេងៗ ផុស​ផុល​និយម​លើក​ទី៣ (Third Wave revivals) និង​សិក្ខា​សាលា​មួយ​ចំនួន។ គ្រីស្ទ​បរិស័ទ​អភិរក្ស​និយម​ជា​ច្រើន​នាក់​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ក្នុង​ការ​អនុញ្ញាត​ឲ្យ​កូនៗ​របស់​ខ្លួន​ទៅ​ចូល​រួម​កម្ម​វិធី​ណា​មួយ​ដូច​ខាង​លើ​នេះ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​សួរ​ពួក​គាត់​ថា​តើ​អ្វី​ទៅ​ជា​បញ្ហា​ពិត នោះ​ពួក​គាត់​ជា​ច្រើន​នាក់​មិន​អាច​ពន្យល់​អំពី​វា​បាន​ទេ ប៉ុន្តែ​គ្រាន់​តែ​លើក​ឡើង​ថា «វា​មិន​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ» ឬ​ក៏​ថា «វា​មិន​មែន​មក​ពី​ព្រះ​ជាម្ចាស់​ឡើយ»។

យើង​ត្រូវ​ការ​ចម្លើយ​ល្អ​ប្រសើរ​ជាង​នោះ​ទៅ​ទៀត។

ដូច្នេះ តើ​បុគ្គល​ណា​ម្នាក់​កំពុង​មាន​ន័យ​ដ៏​ពិត​យ៉ាង​ដូច​ម្ដេច​នៅ​ពេល​ដែល​គាត់​លើក​ឡើង​ថា «ខ្ញុំ​បាន​ជ្រមុជ​ដោយ​ព្រះ​វិញ្ញាណ!»? ឃ្លា​នេះ​ពណ៌នា​អំពី​អ្វី​ដែល​មនុស្ស​ជា​ច្រើន​នាក់​ជឿ​ថា​ជា​ការ​ប៉ះ​ពី​ព្រះ​ជាម្ចាស់​ដែល​បណ្ដាល​ឲ្យ​ពួក​គាត់​ដួល​ចុះ​លើ​ដី—បើ​និយាយ​ឲ្យ​ចំៗ​ទៅ។ អស់​អ្នក​ដែល​ការពារ​យ៉ាង​ក្លៀវក្លា​នូវ​ការ​អនុវត្ត​នេះ​អះអាង​ថា​ជា​ការ​បើក​សម្ដែង​នូវ​ព្រះ​វត្តមាន​របស់​ព្រះ​ជាម្ចាស់​នៅ​ក្នុង​កម្ម​វិធី​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ដួល​ចុះ។ យោង​តាម​ពួក​គាត់ ជា​ទូ​ទៅ អំណាច​របស់​ព្រះ​ជាម្ចាស់ «ត្រូវ​បាន​ចែក» ទៅ​កាន់​មនុស្ស​ដែល​គ្រូ​គង្វាល​បាន​ដាក់​ដៃ​លើ​ពួក​គាត់ ផ្លុំ​ខ្យល់​ដង្ហើម​របស់​គាត់​លើ​ពួក​គាត់ គ្រវី​ដៃ​លើ​ពួក​គាត់ គ្រវី​អាវ​ក្រៅ​របស់​គាត់ ឬ​ក៏​ស្រែក​ដោយ​ប្រើ​ប្រាស់​ឃ្លា​ដូច​ជា «ភ្លើង! ធ្លាក់​មក។» ឬ​ក៏ «ទទួល​ការ​ប៉ះ​ពាល់!»។ កាយវិការ​ទាំង​នេះ​បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​ដួល​គ្រប់​ទិសទី។ ពេល​ខ្លះ ព្រឹត្តិ​ការណ៍​នេះ​ក៏​បាន​កើត​ឡើង​នៅ​ពេល​ដែល​អ្នក​ដឹក​នាំ​ការ​ថ្វាយ​បង្គំ​ច្រៀង​បទ​ណា​មួយ ឬ​ក៏​ពីព្រោះ​មនុស្សម្នា​មាន​អារម្មណ៍​រំភើប​ពេក​នៅ​ក្នុង​ផ្នែក​ណា​មួយ​នៃ​កម្ម​វិធី។ ជា​ទូ​ទៅ អស់​អ្នក​ដែល​ទទួល​ការ​ជ្រមុជ​ដោយ​ព្រះ​វិញ្ញាណ​នឹង​បង្ហាញ​ការ​នោះ​តាម​រយៈ​ការ​ដែល​គាត់​ដួល​នៅ​លើ​ដី​ដោយ​បញ្ចេញ​សំឡេង​សត្វ លូន​វារ លាន​អណ្ដាត ញ័រ ប្រកាច់ យំ សើច និង​បង្ហាញ​ភាព​សប្បាយ​ភ្លើត​ភ្លើន​ក្នុង​ភាព​អណ្ដែតអណ្ដូង។ អ្នក​ខ្លះ​លើក​ឡើង​ថា ពួក​គាត់​មាន​អារម្មណ៍​ដូច​ជា​មាន​អគ្គិសនី​ឆ្លង​កាត់​តាម​រយៈ​គាត់​នៅ​ពេល​ដែល​គ្រូ​គង្វាល​ប៉ះ​គាត់ អ្នក​ខ្លះ​មាន​អារម្មណ៍​កក់​ក្ដៅ ខណៈ​ពេល​ដែល​មាន​អ្នក​ខ្លះ​មិន​មាន​សមត្ថភាព​ក្នុង​ការ​ងើប​ឈរ​ឡើង​វិញ​ដោយ​កម្លាំង​របស់​ខ្លួន​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង​ក្រោយ​មក​ទៀត។ ទាំង​អស់​នេះ គេ​ជឿ​ថា គឺ​ជា​ព័ន្ធកិច្ច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ខណៈ​ពេល​ដែល​ព្រះ​អង្គ​ផ្ដល់​កម្លាំង​ថ្មី និង​បង្កើត​ឡើង​ជា​ថ្មី​ខាង​ឯ​ព្រលឹង​វិញ្ញាណ​ចំពោះ​មនុស្ស​ដែល​បាក់​បែក និង​គ្មាន​គុណភាព។ ដោយ​មាន​អ្នក​ប្រកាន់​ខ្ជាប់​ខាង​និកាយ​ការីស្មាទិក​ប្រមាណ​ជា ៥០០ លាន​នាក់ និង​ប្រមាណ​ជា ១.៥ ពាន់​លាន​នាក់​ដែល​ប្រកាន់​ខ្ជាប់​តាម​សាសនា​ហិណ្ឌូ (ការ​ត្រាស់​ដឹង​ខាង​ឯ​គុនដាលីនី (Kundalini Awakening)) កំពុង​តែ​អនុវត្ត​ការ​ជ្រមុជ​ក្នុង​វិញ្ញាណ នោះ​វា​មិន​មែន​ជា​ការ​បំផ្លើស​នោះ​ទេ​ក្នុង​ការ​លើក​ឡើង​ថា​យ៉ាង​ហោច​ណាស់ ២/៧ នៃ​ពិភព​លោក​ទាំង​មូល​មាន​ជំនឿ​ដែល​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​ដួល ឬ​ក៏​ការ​ញ័រ​ក្រោម​អំណាច​ណា​មួយ​នៃ​វិញ្ញាណ។ នេះ​មិន​មែន​ជា​អាកប្ប​កិរិយា​តិច​តួច​នោះ​ទេ។ ឥឡូវ​នេះ វា​គឺ​ជា​ការ​ឆាបឆេះ​យ៉ាង​ខ្លាំង​ខាង​ឯ​វិញ្ញាណ ហើយ​គេ​ក៏​បាន​រាប់​វា​ថា​ជា​រឿង​ធម្មតា​ជា​ទូ​ទៅ​រួច​បាត់​ទៅ​ហើយ—ក្នុង​គ្រប់​ទី​កន្លែង។

ប៉ុន្តែ តើ​ព្រះ​គម្ពីរ​មាន​ភស្តុតាង​ក្នុង​ការ​បង្ហាញ​ថា សកម្ម​ភាព​បែប​នេះ​គឺ​ជា​សកម្ម​ភាព​ទូ​ទៅ​តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែល​នាំ​ឲ្យ​មនុស្សម្នា​ញ័រ លាន​អណ្ដាត សើច ព្រុស លូន​វា ឬ​ក៏​ប្រកាច់​ក្នុង​ក្រុមជំនុំ​ដែរ​ឬ​ទេ? នៅ​ពេល​ដែល​ព្រះ​ជាម្ចាស់​មាន​សកម្ម​ភាព​ជា​មួយ​នឹង​មនុស្ស​នៅ​ក្នុង​ព្រះ​គម្ពីរ តើ​ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ឆក់​ក្នុង​លក្ខណៈ​ហាក់​បី​ដូច​ជា​ថា ពួក​គេ​កំពុង​តែ​ស្រវឹង​ដោយ​មាន​ការ​និយាយ​ស្ដី​មិន​ច្បាស់​លាស់ ហើយ​ថែម​ទាំង​មិន​អាច​គ្រប់​គ្រង​លើ​ខ្លួន​ឯង​បាន​ដែរ​ឬ​ទេ? តើ​គ្រូ​អធិប្បាយ (តាម​រយៈ​ការ​ស្រែក​ថា «ភ្លើង!») ពិត​ជា​អាច​ធ្វើ​ឲ្យ​ស្ថាន​សួគ៌​វាយ​លុក​លើ​ជីវិត​របស់​លោក​អ្នក​លើ​ផែន​ដី​នេះ​បាន​មែន​ឬ? តើ​អាច​ទៅ​រួច​ដែរ​ឬ​ទេ​នៅ​ពេល​ដែល​បទ​ពិសោធន៍​ខាង​និកាយ​ការីស្មាទិក​មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​ការ​បង្ហាញ​ក្នុង​សាសនា​ហិណ្ឌូ​ត្រង់​ថា វា​គឺ​ជា​ផ្នែក​មួយ​មក​ពី​អារក្ស?

របៀប​ដ៏​ល្អ​បំផុត​ក្នុង​ការ​យល់​អំពី​ការ​អនុវត្ត​របស់​និកាយ​ការីស្មាទិក​នៃ​ការ​ជ្រមុជ​ដោយ​ព្រះ​វិញ្ញាណ​គឺ​ឲ្យ​យល់​អំពី​ជំហរ​របស់​អ្នក​ដែល​ពួក​គាត់​គាំទ្រ និង​អនុវត្ត​តាម។

តើ​អ្នក​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​បំផុត​ប្រកាស​យ៉ាង​ដូច​ម្ដេច​អំពី «ការ​ជ្រមុជ​ដោយ​ព្រះ​វិញ្ញាណ»?

ទី១ មាន​ការ​ប្រកាស​ខុសៗ​គ្នា​មួយ​ចំនួន​អាស្រ័យ​ទៅ​លើ​ក្រុម​ការីស្មាទិក​ណា​មួយ​កំពុង​តែ​ពន្យល់? តាម​ពិត​ទៅ គ្រាន់​តែ​តាម​រយៈ​ចំណុច​មួយ​នេះ​ក៏​បង្ហាញ​ជា​ភស្តុតាង​ថា មាន​ការ​ភាន់​ច្រឡំ​គ្នា​ច្រើន​ណាស់​ទាក់​ទង​នឹង​ការ​អនុវត្ត​មួយ​នេះ។

ខាង​ក្រោម​នេះ​គឺ​ជា​ការ​ប្រកាស​មួយ​ចំនួន​របស់​ក្រុម​ការីស្មាទិក៖

  • បទ​ពិសោធន៍​នៃ​ការ​ជ្រមុជ​ដោយ​វិញ្ញាណ​គឺ​ជា​លទ្ធផល​នៃ​ការ​បើក​បង្ហាញ​អំពី​ព្រះ​វត្តមាន​របស់​ព្រះ​វរបិតា។
  • ព្រះ​យេស៊ូវ​គឺ​ជា​អង្គ​ដែល​កំពុង​តែ​ជ្រមុជ។
  • ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺ​ជា​ថាមពល​ដែល​មិន​អាច​បញ្ឈប់​បាន។
  • នៅ​ពេល​ដែល​ព្រះ​អង្គ​ប៉ះពាល់​មនុស្ស​ណា​ម្នាក់​នោះ​គាត់​នឹង​ដួល។
  • បុគ្គល​ដែល «ខ្វះ​អំណោយ​ទាន» ត្រូវ​តែ​ទទួល​ការ​ជ្រមុជ​ដោយ​វិញ្ញាណ ដើម្បី​ឲ្យ​ពេញ​ទៅ​ដោយ​ព្រះ​វិញ្ញាណ។
  • នៅ​ពេល​ដែល​ព្រះ​ជាម្ចាស់​ប៉ះ​ពាល់​សាច់​ឈាម​របស់​មនុស្ស នោះ​នឹង​មាន​អ្វី​មួយ​កើត​ឡើង​ជា​មិន​ខាន។
  • នៅ​ពេល​ដែល​ស្ថានសួគ៌​ប៉ះ​ពាល់​ផែន​ដី នោះ​របស់​មួយ​ចំនួន​ញាប់ញ័រ។
  • អំណាច​របស់​ព្រះ​ជាម្ចាស់​ធ្វើ​ឲ្យ​រំភើប​ជា​ខ្លាំង នៅ​ពេល​ដែល​អំណាច​នោះ​មាន​ការ​បើក​បង្ហាញ នោះ​មនុស្ស​នឹង​ដួល។

ដើម្បី​ជា​ការ​គាំទ្រ​ការ​ប្រកាស​ទូទៅ និង​ការ​ពន្យល់​ទាំង​នេះ ក្រុម​ដែល​មាន​ការ​ឆេះ​ឆួល​លើ​សេចក្ដី​បង្រៀន​របស់​និកាយ​ការីស្មាទិក​ប្រើ​ប្រាស់​ខ​គម្ពីរ​ជាក់​លាក់​មួយ​ចំនួន​ជា​ភស្តុតាង​ក្នុង​ការ​ជ្រមុជ​មួយ​ដោយ​ព្រះ​វិញ្ញាណ។ គ្រីស្ទ​បរិស័ទ​ដែល​មិន​សូវ​ចេះ​ព្រះ​គម្ពីរ​នឹង​មិន​អាច​កត់​សម្គាល់​លើ​ការ​ខំ​កាត់​ស្រាយ​ដែល​ពួក​គាត់​យក​មក​ប្រើ​ប្រាស់​បាន​ទេ។ ប៉ុន្តែ នៅ​ពេល​ដែល​យើង​សិក្សា​អំពី​អ្វី​ដែល​ព្រះ​គម្ពីរ​ពិត​ជា​កំពុង​តែ​លើក​ឡើង នោះ​រឿង​ខុស​ឆ្គង​ក្រោយ​ការ​ជ្រមុជ​ក្នុង​វិញ្ញាណ​នឹង​ទទួល​ការ​បង្ក្រាប​ដោយ​ព្រះ​គម្ពីរ​ជា​មិន​ខាន។

រឿង​ខុស​ឆ្គង#១៖ វា​បាន​កើត​ឡើង​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់

«លុះ​ពួក​សង្ឃ​បាន​ចេញពី​ទី​បរិសុទ្ធ​មក​វិញ នោះ​ពពក​ក៏​មក​ពេញ​ក្នុង​ព្រះ​វិហារ​នៃ​ព្រះ​យេហូវ៉ា ដល់​ម្ល៉េះ​បាន​ជា​ពួក​សង្ឃ​ឈរ​ធ្វើ​ការងារ​ពុំ​បាន ដោយ​ព្រោះ​ពពក​នោះ ដ្បិត​សិរី​ល្អ​នៃ​ព្រះ​យេហូវ៉ា​បាន​នៅ​ពេញ​ក្នុង​ព្រះ​វិហារ​នៃ​ព្រះ​អង្គ​ហើយ» (១ពង្សាវតាក្សត្រ ៨:១០-១១)។

បរិបទ​នៃ​ខគម្ពីរ​មួយ​នេះ​គឺ​ជា​ការ​បញ្ចប់​ការ​សាង​សង់​ព្រះ​វិហារ​របស់​ស្ដេច សាឡូម៉ូន ដែល​សិរី​ល្អ​របស់​ព្រះ​ជាម្ចាស់​បាន​មាន​ការ​សម្ដែង​ឡើង​ផ្ទាល់​ក្នុង​ការ​យាង​ចុះ​មក។ ព្រះ​វត្តមាន​របស់​ព្រះ​ជាម្ចាស់​ក៏​បាន​គង់​នៅ​ក្នុង​ព្រះ​វិហារ​ដូច​ដែល​មាន​ជា​ទៀង​ទាត់​ក្នុង​ព្រះ​គម្ពីរ​សញ្ញាចាស់។ បទ​ពិសោធន៍​ស្រដៀង​ហ្នឹង​ក៏​បាន​កើត​ឡើង​នៅ​ក្នុង​កណ្ឌ​គម្ពីរ និក្ខមនំ ៤០:៣៤-៣៨ ចំពោះ​លោក ម៉ូសេ នៅ​ពេល​ដែល​គាត់​មិន​អាច​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ដោយ​សារ​សិរី​ល្អ​របស់​ព្រះ​អម្ចាស់​ដែរ។

ការ​បក​អាក្រាត៖ សិរី​ល្អ​របស់​ព្រះ​ជាម្ចាស់​បាន​ចុះ​មក​គង់​លើ​ព្រះ​វិហារ ដើម្បី​បង្ហាញ​អំពី​ការ​គង់​នៅ​របស់​ទ្រង់​ក្នុង​ព្រះ​វិហារ។ ពួក​សង្ឃ​មិន​អាច​បន្ត​ឈរ​ធ្វើ​ព័ន្ធកិច្ច (១ពង្សាវតាក្សត្រ ៨:១០-១១; ២របាក្សត្រ ៥:១៣) ហើយ​លោក ម៉ូសេ ក៏​មិន​អាច​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ពីព្រោះ​ពពក​នៃ​សិរី​ល្អ​បាន​បំពេញ​កន្លែង​នោះ—មិន​មែន​មក​ពី​ពួក​គាត់​ដេក​លើ​ឥដ្ឋ​នោះ​ទេ។ មើល​ទៅ​គ្មាន​អ្វី​ពាក់​ព័ន្ធ​គ្នា​ទាល់​តែ​សោះ​ក្នុង​ការ​ជ្រមុជ​ដោយ​វិញ្ញាណ​សព្វ​ថ្ងៃ​នេះ​ដែល​បង្ហាញ​ជា​ភស្តុតាង​សម្រាប់​ជា​ការ​អនុវត្ត។ ព្រះ​វត្តមាន​របស់​ព្រះ​ជាម្ចាស់​មិន​ដែល​ជ្រមុជ​មនុស្ស​ដោយ​វិញ្ញាណ សូម្បី​តែ​ម្ដង​ក៏​គ្មាន​ផង ព្រះ​អង្គ​មិន​ដែល​ធ្វើ​ឲ្យ​បុគ្គល​ណា​ម្នាក់​ដួល​ដោយ​តក់​ស្លុត ដោយ​ចាប់​ផ្ដើម​សើច​ជា​លក្ខណៈ​បរិសុទ្ធ ឬ​ក៏​បញ្ចេញ​សំឡេង​ចម្លែកៗ​នោះ​ទេ។ មិន​មាន​អ្វី​ដែល​ព្រះ​គម្ពីរ​សញ្ញា​ចាស់​បាន​លើក​ឡើង​អំពី​ព្រះ​វត្តមាន​របស់​ព្រះ​ជាម្ចាស់ ឬ​ក៏​បទ​ពិសោធន៍​នានា​នៅ​ឯ​ព្រះ​វិហារ​ដែល​មាន​ការ​ពាក់​ព័ន្ធ​ជា​មួយ​នឹង​ការ​អនុវត្ត​នៃ​ការ​ជ្រមុជ​ដោយ​វិញ្ញាណ​នៅ​សព្វ​ថ្ងៃ​នេះ​នោះ​ទេ។

ទោះ​បី​ជា​ការ​កាត់​ស្រាយ​នេះ​ជា​ការ​កាត់​ស្រាយ​ដ៏​ខុស​ឆ្គង​យ៉ាង​ពេញ​ទី​ក៏​ដោយ ហើយ​ប្រសិន​បើ​ក្រុម​ដែល​មាន​ការ​ឆេះ​ឆួល​លើ​សេចក្ដី​បង្រៀន​របស់​និកាយ​ការីស្មាទិក​បន្ត​ទទូច​ចង់​ប្រើ​ប្រាស់​ខ​គម្ពីរ​ទាំង​នេះ​ជា​ភស្តុតាង​សម្រាប់​ជា​អំពើ​បំផ្លិច​បំផ្លាញ​របស់​ខ្លួន នោះ​តើ​ពូក​គេ​ត្រូវ​តែ​ពន្យល់​អំពី​របៀប​ដែល​ពួក​សង្ឃ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​មិន​អាច​ឈរ ឬ​បម្រើ​នៅ​ក្នុង​ការ​បើក​សម្ដែង​នៃ​ព្រះ​វត្តមាន​របស់​ព្រះ​អម្ចាស់ ខណៈ​ពេល​ដែល​គ្រូៗ​អធិប្បាយ​សព្វ​ថ្ងៃ​នេះ អ្នក​ចាប់ អ្នក​លេង​អកហ្គ៍ អ្នក​ច្រៀង និង​អ្នក​ចូល​រួម​ផ្សេងៗ​ទៀត​អាច​ឈរ ទះដៃ ទៅ​ប្រើ​បន្ទប់​ទឹក ហើយ​ថត​អំពើ​បំផ្លិច​បំផ្លាញ​ជា​មួយ​នឹង​ទូរស័ព្ទ​ដៃ​ផ្ទាល់​ខ្លួន ខណៈ​ពេល​ដែល​មាន​តែ​អស់​អ្នក​ដែល​ទទួល​បាន​ការ​ប៉ះ​ពាល់​ប៉ុណ្ណោះ​ទើប​ទទួល​ការ​ជ្រមុជ​ដោយ​វិញ្ញាណ?

ប្រសិន​បើ​សិរី​ល្អ​របស់​ព្រះ​ជាម្ចាស់​មាន​ការ​បើក​បង្ហាញ​យ៉ាង​ស្ដែងៗ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ថត​សម្រាប់​ចែក​ចាយ​នៅ​លើ YouTube បាន​នោះ​ទេ។ គ្រប់​គ្នា​នឹង​ត្រូវ​ក្រាប​មុខ​ចុះ​ក្រោម។

ខ​គម្ពីរ​មួយ​ចំនួន​ទៀត​ដែល​ពួក​គេ​ប្រើ​ប្រាស់​ក្នុង​របៀប​ខុស​ឆ្គង​ដូច​ដែល​បាន​លើក​ឡើង​ខាង​លើ​មាន​ដូច​ត​ទៅ៖

លោកុប្បត្ដិ ១៥:១២—លោក អាប់រ៉ាម ក៏​ដេក​លក់​យន់​ទៅ។

និក្ខមនំ ១៩:១៨—ភ្នំ​ស៊ី​ណាយ​ក៏​ហុយ​ផ្សែង​ឡើង​ពេញ​ទាំង​អស់ ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​យាង​ចុះ​មក​លើ​ភ្នំ​គង់។

១សាំយូអែល ១៦:១៣—ព្រះ​វិញ្ញាណ​នៃ​ព្រះ​យេហូវ៉ា​ក៏​សណ្ឋិត​លើ ដាវីឌ ស្រេច។

ពួក​ចៅហ្វាយ ៦:៣៤—ព្រះ​វិញ្ញាណ​នៃ​ព្រះ​យេហូវ៉ា ទ្រង់​យាង​មក​សណ្ឋិត​លើ គេឌាន។

មិន​មាន​ទេវវិទូ​លើ​ផែនដី​នេះ​ដែល​អាច​ពិត​ជា​ធ្វើ​ឲ្យ​ខ​គម្ពីរ​ទាំង​នេះ​មាន​ន័យ​ថា ជា​ការ​ជ្រមុជ​ដោយ​វិញ្ញាណ បើ​យោង​តាម​ព្រះ​គម្ពីរ។ តើ​ព្រះ​ជាម្ចាស់​បាន​ធ្វើ​ការ​ក្នុង​របៀប​ដ៏​មាន​ពេញ​ទៅ​ដោយ​អំណាច​ព្រះ​ចេស្ដា​ក្នុង​ព្រះ​គម្ពីរ ហើយ​តើ​ព្រះ​អង្គ​នៅ​បន្ត​ធ្វើ​ការ​បែប​នោះ​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ​ឬ​ទេ? នៅ! តើ​មាន​ពេល​ណា​មួយ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ដែល​ព្រះ​អង្គ «ជ្រមុជ​នរណា​ម្នាក់​ដោយ​វិញ្ញាណ» ឬ​ក៏​ប្រាប់​ហោរា​ណា​ម្នាក់​ឲ្យ​ដុត​ភ្លើង ឬ​ក៏​រុញ​ឲ្យ​មនុស្ស​ដួល​គរ​លើ​គ្នា​ដែរ​ឬ​ទេ? ទេ!

រឿង​ខុស​ឆ្គង#១៖ វា​ក៏​បាន​កើត​ឡើង​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ដែរ

«គេ​ទូល​ឆ្លើយ​ថា “រក​យេស៊ូវ ជា​អ្នក​ស្រុក​ណាសារ៉ែត” ព្រះ​យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា “គឺ​​ខ្ញុំ​នេះ​ហើយ” ឯ​យូដា​ស​ដែល​បញ្ជូន​ទ្រង់ ក៏​ឈរ​នៅ​ជា​មួយ​នឹង​គេ​ដែរ» (យ៉ូហាន ១៨:៥-៦)

ព្រះ​យេស៊ូវ​ដែល​ជា​ព្រះ​រាជបុត្រា​របស់​ព្រះ​ជាម្ចាស់​ឈរ​មុខ​ទល់​មុខ​ជា​មួយ​នឹង​អ្នក​ក្បត់ និង​ហ្វូង​ទ័ព​ទាហាន​កុះករ នឹង​ពួក​សម្ដេច​សង្ឃ ហើយ​ក៏​អាច​ធ្វើ​ឲ្យ​ពួក​គេ​ដួល​លើ​ដី​ដោយ​គ្រាន់​តែ​ប្រកាស​អំពី​លក្ខណៈ​របស់​ទ្រង់។ នេះ​គឺ​ជា​ទី​សម្គាល់​ដ៏​មហិមា​នៃ​អំណាច និង​ឫទ្ធី​បារមី​ដែល​ព្រះ​គ្រីស្ទ​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​លាស់​អំពី​អធិបតេយ្យ​ភាព​នៃ​ភាព​ជា​ព្រះ​របស់​ទ្រង់​លើ​អស់​អ្នក​ដែល​ព្រះ​អង្គ​អនុញ្ញាត​ឲ្យ​ធ្វើ​គត់​ទ្រង់។ មិន​មាន​ពេល​ណា​មួយ​សោះ​ដែល​កូន​ចៀម​នៃ​ព្រះ​មិន​មែន​ជា​ព្រះ ១០០% ហើយ​ក៏​មិន​មាន​ពេល​ណា​មួយ​ដែល​ទ្រង់​មិន​មាន​ការ​គ្រប់​គ្រង​លើ​រូប​អង្គ​ទ្រង់​ផង​ដែរ។

ការ​បក​អាក្រាត៖ នៅ​ពេល​ដែល​យើង​ពិនិត្យ​មើល​អំពី​របៀប​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​នោះ​ដួល​ទៅ​លើ​ដី នោះ​មាន​ចំណុច​មួយ​ចំនួន​ដែល​យើង​មិន​អាច​មើល​រំលង​បាន​ឡើយ៖ (១) ពួក​គេ​ជា​ខ្មាំង​សត្រូវ​របស់​ទ្រង់ (២) ព្រះ​អង្គ​មិន​បាន​ចែក​រំលែក​ការ​ជ្រើស​តាំង​របស់​ទ្រង់​លើ​ពួក​គេ​ទេ (៣) ពួក​គេ​មិន​មាន​ការ​ជួប​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​ក្នុង​លក្ខណៈ​ងាយ​ស្រួល​នោះ​ទេ (៤) ពួក​គេ​មិន​បាន​បង្ហាញ​អំពី​ការ​ព្រូស ការ​ញ័រ ការ​ប្រកាច់ ឬ​ក៏​ការ​យំ​សោក​នោះ​ទេ (៥) ពួក​គេ​ក៏​មិន​មាន​ការ​ពេញ​ដោយ​ព្រះ​វិញ្ញាណ​ដែរ (៦) ពួក​គេ​ក៏​មិន​បាន​ទទួល​ការ​ប្រោស​ឲ្យ​ជា​ខណៈ​ពេល​ដែល​កំពុង​តែ​ដេក​លើ​ដី​ដែរ (៧) ពួក​គេ​បាន​បន្ត​ចាប់​ទ្រង់។ ព្រឹត្តិការណ៍​នានា​នៅ​ក្នុង​ខគម្ពីរ​នេះ​មិន​អាច​មាន​ការ​បែក​បាក់​គ្នា​ពី​ការ​អនុវត្ត​ក្នុង​ខគម្ពីរ​នេះ​បាន​ទេ។ អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ និង​របៀប​នៃ​ការ​ឆ្លើយ​តប​របស់​ហ្វូង​មនុស្ស​មិន​មាន​ការ​គាំទ្រ​លើ​ការ​អនុវត្ត​នៅ​សព្វ​ថ្ងៃ​នេះ​ទេ។

ខ​គម្ពីរ​មួយ​ចំនួន​ទៀត​ក្នុង​ព្រះ​គម្ពីរ​សញ្ញាថ្មី​ដែល​ពួក​គេ​ប្រើ​ប្រាស់​ក្នុង​របៀប​ខុស​ឆ្គង​ដែល​បាន​លើក​ឡើង​ដូច​ខាង​លើ​មាន​ដូច​ត​ទៅ៖

កិច្ចការ ៨:១៧—អ្នក​ទាំង​២​ក៏​ដាក់​ដៃ​លើ​គេ ហើយ​គេ​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែរ។

កិច្ចការ ១៩:១២—កន្សែង​ឬ​ក្រមា ពី​ខ្លួន​គាត់ ទៅ​ដាក់​លើ​មនុស្ស​មាន​ជំងឺ នោះ​គេ​ក៏​បាន​ជា។

កិច្ចការ ២៦:១៣-១៤—ពន្លឺ​បាន​ធ្វើ​ឲ្យ​សាវ័ក ប៉ុល ធ្លាក់​ពី​សេះ។

វិវរណៈ ១:១៧—សាវ័ក យ៉ូហាន ដួល​នៅ​ទៀប​ព្រះ​បាទ​ទ្រង់​ដូច​ជា​ស្លាប់ តែ​ទ្រង់​ដាក់​ព្រះ​ហស្ត​ស្ដាំ​លើ​ខ្ញុំ ដោយ​បន្ទូល​ថា «កុំ​ខ្លាច​អ្វី​ឡើយ»។

សព្វ​ថ្ងៃ​នេះ ការ​ប្រើ​ប្រាស់​ឧទាហរណ៍​ទាំង​នេះ​អំពី​អំណាច​របស់​ព្រះ​ជាម្ចាស់​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ជា​ភស្តុតាង ដើម្បី​គាំទ្រ​ការ​អនុវត្ត​ជា​ទូ​ទៅ​នៃ​ការ​ជ្រមុជ​មនុស្ស​ដោយ​ព្រះ​វិញ្ញាណ​គឺ​មិន​អាច​ទៅ​រួច​បាន​ទេ—វា​គឺ​ជា​ការ​កាត់​ស្រាយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​គ្រោះ​ថ្នាក់។

តើ​ព្រះ​គម្ពីរ​បាន​លើក​ឡើង​យ៉ាង​ដូច​ម្ដេច​អំពី «ការ​ជ្រមុជ​ដោយ​វិញ្ញាណ»?

តាម​ពិត​ទៅ មិន​មាន​ខ​គម្ពីរ​ណា​នៅ​ក្នុង​ព្រះ​គម្ពីរ​នោះ​ទេ​ដែល​គាំទ្រ​ការ​អនុវត្ត​នៃ​ការ​ជ្រមុជ​មនុស្ស​ក្នុង​វិញ្ញាណ និង​ការ​ជ្រមុជ​ដោយ​វិញ្ញាណ ហើយ​ថែម​ទាំង​មិន​មាន​ឃ្លា​បែប​នោះ​ប្រើ​ប្រាស់​នៅ​ក្នុង​ព្រះ​គម្ពីរ​ទៀត​ផង។ អ្នក​ខ្លះ​នឹង​វែក​ញែក​ថា មិន​មាន​ពាក្យ «ព្រះ​ត្រៃ​ឯក» នៅ​ក្នុង​ព្រះ​គម្ពីរ​ទេ ប៉ុន្តែ​យើង​ជឿ​លើ​ព្រះ​ត្រៃ​ឯក។ នេះ​មិន​មែន​ជា​ការ​វែកញែក​ដ៏​ល្អ​មួយ​នោះ​ទេ ដោយ​សារ​គោល​ជំនឿ​នៃ​ព្រះ​ត្រៃ​ឯក​មាន​ការ​លើក​ឡើង​យ៉ាង​ច្បាស់​លាស់​ម្ដង​ហើយ​ម្ដង​ទៀត​នៅ​ក្នុង​ព្រះ​គម្ពីរ​ដែល​ពណ៌នា​អំពី​ព្រះ​វរបិតា ព្រះ​រាជបុត្រា និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​យើង​យក​មក​អនុវត្ត​តាម​ដែល​ព្រះ​គម្ពីរ​បង្រៀន។ ពាក្យ​ពេចន៍​គឺ​មិន​មែន​ជា​បញ្ហា​នៃ​ការ​ប្ដេជ្ញា​អំពី​ភស្តុតាង​ចេញ​ពី​ព្រះ​គម្ពីរ​សម្រាប់​ការ​ជ្រមុជ​ដោយ​ព្រះ​វិញ្ញាណ​នោះ​ទេ—តែ​ការ​ស្វែង​រក​ភស្តុតាង​គឺ​ជា​បញ្ហា។

សូម្បី​តែ​ជំពូក​ដែល​គេ​ស្គាល់​ជា​ទូ​ទៅ​លើ​អំណោយ​ទាន​ផ្សេង​ទៀត​នៃ​ព្រះ​វិញ្ញាណ (១កូរិនថូស ១២-១៤) ក៏​មិន​បាន​លើក​ឡើង​អំពី​ការ​អនុវត្ត ឬ​ក៏​ផ្ដល់​ជា​ការ​គាំទ្រ​ដែរ។ តាម​ពិត​ទៅ​សាវ័ក ប៉ុល ធ្វើ​ច្រើន​ទៀត​ក្នុង​ការ​បន្ថយ​ភាព​វឹកវរ​នៃ​ក្រុម​ជំនុំ​កូរិនថូស​ជា​ជាង​ឲ្យ​កាន់​តែ​មាន​ការ​ដុត​បំផ្លិចបំផ្លាញ​ដែល​នឹង​នាំ​ឲ្យ​មាន​ភាព​ច្របូក​ច្របល់​នៅ​ក្នុង​ក្រុម​ជំនុំ​បន្ថែម​ទៀត។

បន្ទុក​នៃ​ការ​រក​ភស្តុតាង ដើម្បី​ធ្វើ​ឲ្យ​ការ​នេះ​ត្រឹម​ត្រូវ​តាម​ច្បាប់​នៃ​ការ​អនុវត្ត​ដែល​មិន​មាន​ភាព​ស៊ី​គ្នា​ជា​មួយ​នឹង​ព្រះ​គម្ពីរ​ទាំង​ស្រុង ជា​ចុង​ក្រោយ​ស្ថិត​នៅ​ជា​មួយ​នឹង​អស់​អ្នក​ដែល​គួរ​ឲ្យ​អាណិតអាសូរ​ក្នុង​ការ​ជ្រមុជ​ដោយ​ព្រះ​វិញ្ញាណ។

តើ​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ដែល​មនុស្ស​កំពុង​តែ​ស្ថិត​ក្នុង «ការ​ជ្រមុជ​ដោយ​ព្រះ​វិញ្ញាណ​សព្វ​ថ្ងៃ​នេះ»?

ដោយ​សារ​យើង​អាច​សន្និដ្ឋាន​ថា មិន​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ​បាន នោះ​ប្រាកដ​ណាស់​នៅ​មាន​ចំណុច​ផ្សេងៗ​ទៀត​កំពុង​តែ​ដំណើរ​ការ។ ដោយ​ខ្ញុំ​បាន​ចំណាយ​ពេល​ផ្ទាល់​អស់​រយៈពេល ២៦ ឆ្នាំ​ក្នុង​បទ​ពិសោធន៍​នេះ ឬ​ក៏​មាន​ចំណែក​ជា​មួយ​នឹង​មនុស្ស​រាប់​ពាន់​នាក់​នៃ «ការ​ជ្រមុជ» យើង​ខ្ញុំ​បាន​រក​ឃើញ​នូវ​សេចក្ដី​សន្និដ្ឋាន ៥ យ៉ាង​ដែល​បញ្ជាក់​អំពី​អ្វី​ដែល​កំពុង​តែ​កើត​ឡើង​នៅ​ជុំ​វិញ​ផែន​ដី​នេះ​នៅ​ពេល​ដែល​មនុស្ស​ដួល​ក្រោម «អំណាច» នេះ។

ទី១ គេ​គិត​ថា ពួក​គេ​ត្រូវ​តែ​ដួល—សម្ពាធ​ពី​មិត្តភក្ដិ​នៅ​កម្ម​វិធី​បែប​នេះ​គឺ​ខ្លាំង​ណាស់។ មិន​មាន​អ្នក​ណា​ចង់​ឲ្យ​គេ​មើល​ថា​ខ្លួន​អាក្រក់ ឬ​ក៏​ចង់​ធ្វើ​ឲ្យ​គ្រូ​អធិប្បាយ​មើល​ទៅ​គួរ​ឲ្យ​អាក្រក់​នោះ​ទេ។ ជា​ទូ​ទៅ គេ​ជឿ​ថា មាន​អ្វី​មួយ​មិន​ប្រក្រតី​ជា​មួយ​នឹង​លោក​អ្នក​ហើយ ប្រសិន​បើ​លោក​អ្នក​មិន «ទទួល» ព្រះ​វត្តមាន​របស់​ព្រះ​ជាម្ចាស់ ហើយ​មិន​មាន​ការ​បង្ហាញ​ក្នុង​របៀប​ណា​មួយ ដូច្នេះ​សម្ពាធ​ពី​មិត្តភក្ដិ​មាន​ការ​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្នុង​ការ​ដួល​ដែរ។ គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ ក្មេងៗ​ក៏​ទទួល​បាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្ខំ​ឲ្យ​មាន​អាកប្ប​កិរិយា​ដូច​នោះ ខណៈ​ពេល​ដែល​ពួក​គាត់​ព្យាយាម​ផ្គាប់​ចិត្ត ហើយ​មិន​យូរ​មិន​ឆាប់​ក៏​ទទួល​បាន​ការ​លាង​ខួរ​ក្បាល​ទាំង​ស្រុង​ចូល​ក្នុង​រចនាសម្ព័ន្ធ​នោះ។ ក្នុង​ករណី​ជា​ច្រើន នៅ​ពេល​ដែល​មនុស្ស​ឃើញ​អ្នក​ដទៃ​ទៀត​ដួល នោះ​ពួក​គាត់​ក៏​ផ្ដួល​ខ្លួន​ឯង​តាម​គេ​ផង​ដែរ។ ជា​ចុង​ក្រោយ វា​ជា​រឿង​ធម្មតា​ទេ​ដែល​អស់​អ្នក​ដែល​កំពុង​តែ​ស្វែង​រក ដែល​មក​ចូល​រួម​ក្នុង​កម្ម​វិធី​ទាំង​អស់​នេះ គិត​ថា​ខ្លួន​ត្រូវ​តែ​ដួល ដើម្បី​ឲ្យ​ទទួល​បាន​នូវ​បទ​ពិសោធន៍​ដែល​គ្រូ​អធិប្បាយ​បាន​សន្យា។

ទី២ មាន​គេ​ប្រាប់​ថា ពួក​គេ​នឹង​ដួល​ចុះ—អំណាច​នៃ​សំណើ និង​សភាព​ត្រូវ​ថ្នាំ​សណ្ដំ​គឺ​ពិត​ណាស់។ ឯកសារ​ដូច​ជា «ការ​លក់​ការ​អស្ចារ្យ» បាន​បង្ហាញ​យ៉ាង​ច្បាស់​លាស់​ថា​អំណាច​នៃ​សំណើ និង​សភាព​ត្រូវ​ថ្នាំ​សណ្ដំ​អាច​ធ្វើ​ឲ្យ​ជន​ចម្លែក​ណា​ម្នាក់​ធ្វើ​នូវ​អ្វី​ដែល​អ្នក​ដាក់​ថ្នាំ​សណ្ដំ​បញ្ជា​ឲ្យ​ធ្វើ​បាន។ ចំពោះ​អ្នក​ដែល​យល់​អំពី​ចិត្ត​សាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម នេះ​មិន​មែន​ជា​អ្វី​ថ្មី​ទេ ប៉ុន្តែ​នៅ​មាន​គ្រីស្ទ​បរិស័ទ​ជា​ច្រើន​នាក់​មិន​ទាន់​ដឹង​ថា អ្នក​ជ្រុល​និយម​ជា​ច្រើន​នាក់​ខាង​និកាយ​ការីស្មាទិក ដែល​ជ្រមុជ​មនុស្ស​ដោយ​វិញ្ញាណ គឺ​ជា​អ្នក​ជំនាញ​ខាង​ការ​សណ្ដំ និង​ការ​ក្លែង​បន្លំ។ ការ​ចំណាយ​ពេល​បី​ម៉ោង​ក្នុង​ការ​ស្ដាប់​បទ​ចម្រៀង​ដែល​ទាក់​ទាញ​ចំណាប់​អារម្មណ៍ និង​គួរ​ឲ្យ​ស្រទន់ រួម​ជា​មួយ​នឹង​ការ​លើក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ថា «ព្រះ​យេស៊ូវ​នៅ​ទី​នេះ! ព្រះ​អង្គ​នឹង​ប៉ះ​ពាល់​លោក​អ្នក។ លោក​អ្នក​នឹង​ទទួល​បាន​នូវ​អ្វី​មួយ​ដែល​លោក​អ្នក​មិន​ធ្លាប់​ទទួល​បាន​ពី​មុន! គ្រាន់​តែ​ទទួល​យក​ចុះ!» នឹង​នាំ​ឲ្យ​មនុស្ស​ចូល​ក្នុង​ប៉ះ​ពាល់​ចិត្ត​ជា​មិន​ខាន។ បន្ទាប់​មក គឺ​ពួក​គេ​ក៏​ទុំ​ល្មម​បេះ​ហើយ។ សភាព​នៃ​ការ​ត្រូវ​សណ្ដំ​ក៏​ទទួល​បាន​ការ​បើក​បង្ហាញ​ជា​ភស្តុតាង​នៃ​ការ​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ចូល​សភាព​អណ្ដែតអណ្ដូង—ដែល​ជា​រឿង​សាមញ្ញ​ក្នុង​កម្ម​វិធី​ទាំង​នេះ។

ទី៣ ពួក​គេ​ចង់​ដួល​ចុះ—ការ​គោរព​គឺ​ជា​ចំណុច​ដ៏​សំខាន់​ក្នុង​ផុស​ផុល​និយម​លើក​ទី៣ (Third Wave), N.A.R. និង​ក្នុង​ចំណោម​អ្នក​ជ្រុល​និយម​ជា​ច្រើន​នាក់​ខាង​និកាយ​ការីស្មាទិក។ ការ​បង្រៀន​ឲ្យ​គោរព​អ្នក​ដឹក​នាំ​ក្នុង​លក្ខណៈ​ដូច​ជា​ការ​កោត​ខ្លាច​ព្រះ​ជាម្ចាស់ ពីព្រោះ​អ្នក​ដឹក​នាំ​ស្ថិត​នៅ​ឋានៈ​ស្មើ​នឹង​ព្រះ​ជាម្ចាស់​ដែរ។ អ្នក​ដែល​ធ្លាប់​ដើរ​តាម​ចលនា​នេះ​បាន​សារភាព​ថា ពួក​គាត់​ចង់​ទទួល​បាន​បទ​ពិសោធន៍​យ៉ាង​ជ្រាលជ្រៅ​ថែម​ទៀត​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់ ហើយ​ក៏​ចង់​ទទួល​បាន​ការ​ចាក់​ប្រេង​តាំង​ដែល​អ្នក​ដឹក​នាំ​បាន​សន្យា​ផង​ដែរ—ដូច្នេះ ពួក​គាត់​ក៏​បាន​សម្រេច​ចិត្ត​ដួល​ដែរ ដោយ​សង្ឃឹម​ថា​នឹង​ទទួល​បាន​បទ​ពិសោធន៍​ខាង​ឯ​ព្រលឹង​វិញ្ញាណ។ ជា​រឿយៗ ការ​នេះ​នាំ​ឲ្យ​មាន​ការ​យំ ការ​អធិស្ឋាន និង​ការ​ឆ្លើយ​តប​ដែល​ពោរ​ពេញ​ទៅ​ដោយ​អារម្មណ៍​បន្ទាប់​ពី​គ្រូ​គង្វាល​បាន​ដាក់​ដៃ​លើ​ពួក​គាត់។

ទី៤ ពួក​គេ​កំពុង​តែ​ធ្វើ​ពុត—យើង​ខ្ញុំ​ផ្ទាល់​ធ្លាប់​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​មិត្តភក្ដិ ក្រុម​គ្រួសារ និង​អ្នក​ដើរ​តាម​ដែល​សារភាព​ថា​ខ្លួន​បាន​ធ្វើ​ពុត។ តាម​រយៈ​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់ អស់​អ្នក​ណា​ដែល​មិន​បាន​ធំ​ធាត់​ឡើង​ក្នុង​ភាព​ច្របូកច្របល់​នៃ​និកាយ​ការីស្មាទិក​មិន​ដឹង​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​លោក​អ្នក​បាន​ធំធាត់​ឡើង​ក្នុង​កម្ម​វិធី​នៃ​ការ​ចាក់​ប្រេង​តាំង​ដ៏​ពិសេស​រាល់​អាទិត្យ​ដែល​យ៉ាង​ហោច​ណាស់​មាន​រយៈ​ពេល​ទៅ​ដល់ ៤ ម៉ោង—នោះ​លោក​អ្នក​នឹង​គ្រាន់​តែ​ចាប់​ផ្ដើម​ដួល ដើម្បី​ឲ្យ​កម្ម​វិធី​ឈាន​ដល់​ការ​បញ្ចប់​បាន។ យើង​ខ្ញុំ​ធ្លាប់​សួរ​បុគ្គល​ម្នាក់​ទៀត​ដែល​ស្និទ្ធ​ស្នាល​ជា​មួយ​នឹង​យើង​ខ្ញុំ​អំពី​មូល​ហេតុ​ដែល​ពួក​គាត់​បាន​បោក​ខ្លួន ហើយ​បង្ហាញ​សកម្ម​ភាព​ហាក់​បី​ដូច​ជា​ថា​ខ្លួន​ឯង​ឆ្កួត​នៅ​លើ​ឆាក ហើយ​គាត់​បាន​ឆ្លើយ​តប​ដូច​ត​ទៅ៖ «ឯង​គិត​ទៅ​មើល យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​គាត់​មើល​ទៅ​ថា​ជា​មនុស្ស​ល្អ ហើយ​ឲ្យ​វា​ឆាប់​ចប់​ដែរ»។ សូម​កុំ​ឲ្យ​ភាន់​ច្រលំ​ឡើយ ពួក​គេ​បាន​ធ្វើ​ពុត​ទេ។

ទី៥ វា​ពាក់​ព័ន្ធ​ជា​មួយ​នឹង​អារក្ស—ក្នុង​ករណី​ជា​ច្រើន​នៅ​ពេល​ដែល​មាន​គ្រូ​ខុស​ឆ្គង​ចូល​រួម ការ​ជ្រមុជ​ក្នុង​វិញ្ញាណ​សព្វ​ថ្ងៃ​នេះ​មាន​សភាព​ដូច​គ្នា​ទៅ​នឹង​ករណី​ដែល​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ​ដែល​បុគ្គល​ណា​ម្នាក់​កំពុង​តែ​មាន​បទ​ពិសោធន៍​នៃ​ការ​ដែល​អារក្ស​ចូល ឬ​ក៏​មាន​លក្ខណៈ​ដូច​ជា​ខ្មោច (ម៉ាកុស ៩:១៧-១៨)។ ការ​ខ្ញាំ​ចាប់ ផ្ដួល​ទៅ​លើ​ដី នឹង​ការ​ប្រកាច់​គឺ​ជា​ចំណុច​ទាំង​អស់​ដែល​អារក្ស​ចូល​ដែល​មនុស្ស​បាន​ទទួល​បទ​ពិសោធន៍​នៅ​ក្នុង​ព្រះ​គម្ពីរ។ នេះ​មិន​មែន​ជា​ប្រយោគ​ទូ​ទៅ​នៃ​ការ​លើក​ឡើង​ថា រាល់​គ្រប់​ការ​ជ្រមុជ​ក្នុង​វិញ្ញាណ​ទាំង​អស់​ដែល​មាន​អនុវត្ត​ឡើង​សព្វ​ថ្ងៃ​នេះ​សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​អារក្ស​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ការ​លើក​ឡើង​ថា ប្រសិន​បើ​មិន​មាន​ចំណុច​ទាំង​បួន​ខាង​លើ​ទេ នោះ​លោក​អ្នក​អាច​សន្មត​ថា វា​មិន​មែន​ជា​អាកប្ប​កិរិយា​ដែល​គ្មាន​ទោស​ពី​ពួក​ការីស្មាទិក​ឡើយ។ មាន​អ្នក​ខ្លះ​ទំនង​ជា​នឹង​ស្គាល់​ថា តើ​ឲ្យ​បុគ្គល​ណា​ម្នាក់​អាច​ហ៊ាន​លើក​ឡើង​ថា អាកប្ប​កិរិយា​នេះ​ពាក់​ព័ន្ធ​នឹង​អារក្ស​បាន​ដោយ​របៀប​ណា ប៉ុន្តែ​បង​ប្អូន​អើយ​សូម​គ្រាន់​តែ​គិត​ពីរ​បី​វិនាទី​សិន​ទៅ។ តើ​គ្រូ​ខុស​ឆ្គង​ដែល​កំពុង​តែ​បង្រៀន​ដំណឹង​ល្អ​ខុស​ឆ្គង ដែល​អារក្ស​កំពុង​តែ​ប្រើ​ប្រាស់ (២កូរិនថូស ១១:១៣-១៥) អាច​ដាក់​ដៃ​លើ​គ្រីស្ទ​បរិស័ទ​ក្លែង​ក្លាយ (ឬ​ក៏​អ្នក​ណា​ក៏​បាន) ហើយ​អាច​បណ្ដាល​ឲ្យ​គាត់​ទទួល​បទ​ពិសោធន៍​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដ៏​ពិត​បាន​ដែរ​ឬ​ទេ។ មិន​អាច​ទេ។ វា​ជា​មនុស្ស​ក្លែង​ខ្លួន—ជា​វិញ្ញាណ​អារក្ស។

ក្នុង​ករណី​ដ៏​ល្អ​បំផុត មនុស្ស​ដែល​មាន​ចេតនា​ល្អ​គឺ​កំពុង​តែ​ស្វែង​រក​ការ​ជួប​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​ក្នុង​របៀប​ខុស​ឆ្គង​តាម​រយៈ​យាន​ខុស​ឆ្គង ហើយ​ក៏​នឹង​មាន​ភាព​ច្របូកច្របល់ និង​ការ​ស្រងាក​ចិត្ត​ជា​លទ្ធផល​ជា​មិន​ខាន។ ហើយ​ក្នុង​ករណី​ដ៏​អាក្រក់​បំផុត អស់​អ្នក​ដែល​មាន​តម្រូវ​ការ​យ៉ាង​ខ្លាំង និង​អ្នក​ដែល​បាន​ធ្លាក់​ចេញ​ពី​ជំនឿ​ពិត​គឺ​សុទ្ធ​តែ​កំពុង​តែ​ស្ថិត​ក្រោម​ការ​ត្រូវ​សណ្ដំ អំណាច​នៃ​សំណើ ឥទ្ធិពល​ពី​អារក្ស ឬ​ក៏​វិញ្ញាណ​ក្លែង​ក្លាយ​ដែល​ពួក​គេ​ជឿ​ថា​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ។

ប្រសិន​បើ​វា​មិន​មាន​ភាព​ស៊ី​គ្នា​ជា​មួយ​នឹង​ព្រះ​គម្ពីរ ហើយ​មិន​មាន​ចែង​នៅ​ក្នុង​ព្រះ​គម្ពីរ ឬ​ក៏​មិន​មាន​ការ​គាំទ្រ​ដ៏​ពិត​តាម​រយៈ​ការ​កាត់​ស្រាយ​ព្រះ​គម្ពីរ​ក្នុង​លក្ខណៈ​ដ៏​ត្រឹម​ត្រូវ នោះ​លោក​អ្នក​មិន​ខកខាន​អ្វី​ឡើយ។ យើង​អាច​ចូល​ទៅ​កាន់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​តាម​រយៈ​អំណាច​នៃ​ដំណឹង​ល្អ ហើយ​ព្រះ​អង្គ​គង់​នៅ ដើម្បី​ថ្វាយ​សិរី​ល្អ​ទៅ​កាន់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ មិន​មែន​ដើម្បី​ជា​ការ​សម្ដែង​នោះ​ទេ (យ៉ូហាន ១៦:១៤-១៥)។ ប្រសិន​បើ​មនុស្ស​ចុះ​ចាញ់​ចំពោះ​ព្រះ​គ្រីស្ទ ឱបក្រសោប​នូវ​ព័ន្ធ​កិច្ច​ពិត​របស់​ព្រះ​វិញ្ញាណ​ក្នុង​ជីវិត​របស់​ខ្លួន ហើយ​ចុះ​ចូល​ចំពោះ​ព្រះ​គម្ពីរ​ថា​គ្រប់​គ្រាន់ ហើយ​ជា​ការ​បើក​សម្ដែង​ចុង​ក្រោយ នោះ​ការ​ជ្រមុជ​ក្នុង​ព្រះ​វិញ្ញាណ​នឹង​ហួស​សម័យ​ជា​មិន​ខាន។

មិន​ថា​បុគ្គល​ណា​មាន​ជំហរ​យ៉ាង​ដូច​ម្ដេច​លើ​អំណោយ​ទាន​ខាង​ឯ​ព្រលឹង​វិញ្ញាណ​សព្វ​ថ្ងៃ​នេះ​ក៏​ដោយ ក៏​គ្រីស្ទ​បរិស័ទ​ទាំង​អស់​ដែល​ចេះ​វែកញែក​នឹង​អាច​លើក​ឡើង​ដោយ​មាន​ទំនុក​ចិត្ត​ថា «ខ្ញុំ​នឹង​រំលង» ពេល​ទាក់​ទង​ជា​មួយ​នឹង​ការ​ជ្រមុជ​ដោយ​វិញ្ញាណ។

និពន្ធដោយ៖ លោកគ្រូ Costi W. Hinn
បកប្រែដោយលោកគ្រូ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, និងលោក ឯក សត្យា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.forthegospel.org ដោយមានការអនុញ្ញាត។
លោកគ្រូ Costi W. Hinn ជា​គ្រូគង្វាល​រៀមច្បង​នៅ​ព្រះវិហារ Mission Bible នៅ Orange County រដ្ឋ​កាលីហ្វញ៉ា។ គាត់​មាន​ការ​ឆេះឆួល​ក្នុង​ការ​ពង្រឹង និង​បង្ហាត់​ឲ្យ​គ្រីស្ទបរិស័ទ​រស់នៅ​ដោយ​មាន​ភាព​ក្លាហាន​សម្រាប់​ព្រះយេស៊ូវគ្រីស្ទ។ ទាក់ទង​នឹង​ប្រវត្តិ និង​ជំនាញ​របស់​គាត់ គាត់​បង្រៀន​មនុស្សម្នា​នៅ​ជុំវិញ​ពិភពលោក​នេះ​អំពី​របៀប​នៃ​ការ​ដោះស្រាយ​ដំណឹងល្អ​ដែល​សន្យា​ភាព​ចម្រុងចម្រើន។ គាត់​មាន​ចំណែក​ក្នុង​ការ​ចូលរួម​និពន្ធ​សៀវភៅ Defining Deception ជាមួយនឹង​អ្នកនិពន្ធ​ម្នាក់ទៀត ហើយ​គាត់​ក៏បាន​និពន្ធ​សៀវភៅ God, Greed, and the (Prosperity) Gospel (Zondervan, ខែសីហា ឆ្នាំ២០១៩)។ ប៉ុស្តិ៍​ទូរទស្សន៍ CNN បាន​ចាក់​ផ្សាយ​អំពី​ការងារ​របស់​គាត់ ទស្សនាវដ្ដី Christianity Today និង​កន្លែង​បោះ​ពុម្ព​ផ្សេងៗ​ទៀត​ក៏បាន​ចាក់​ផ្សាយ​អំពី​ការងារ​របស់​គាត់​ផង​ដែរ។ លោកគ្រូ Costi បាន​បញ្ចប់​ការសិក្សា​របស់​គាត់​នៅ​ឯ​មហាវិទ្យាល័យ Dallas Baptist ហើយ​ឥឡូវនេះ​កំពុង​រៀន​បន្ត​យក​បណ្ឌិត​ពីរ​ទៀត​នៅ​ឯ​សាលា​ព្រះគម្ពីរ Midwestern Baptist Theological។ សព្វ​ថ្ងៃ​នេះ គាត់​ស្នាក់នៅ Irvine រដ្ឋ​កាលីហ្វញ៉ា ជាមួយនឹង​ប្រពន្ធ និង​កូន​៣​នាក់​របស់​គាត់។
លោកអ្នក​អាច​បង្កើត​ទំនាក់ទំនង​ជាមួយនឹង​គាត់​បាន​នៅ​លើ​បណ្ដាញ Twitter និង Facebook។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

មនុស្ស​ល្ងី‌ល្ងើ រមែង​ឃើញ​ផ្លូវ​របស់​ខ្លួន

សូមបោះបង់ចោលភាពកំជិល