in ,

តង្វាយ​១ភាគ១០

5 Key Questions About Tithing 10%


ប្រមាណ​សប្ដាហ៍​មុន យើង​បាន​ស្រង់​មតិយោបល់​លើ​សំណួរ​ដ៏​សាមញ្ញ​មួយ​ទាក់ទង​នឹង​ការ​ថ្វាយ​តង្វាយ​ដោយ​សូម​ឲ្យ​បងប្អូន​បោះឆ្នោត។ បន្ទាប់ពី​បានឃើញ​លទ្ធផល យើង​ក៏​ទទួល​បានការ​លើកទឹកចិត្ត និង​ការ​បារម្ភ​ខ្លះៗ​ផង​ដែរ។ មើល​ទៅ ហាក់​បី​ដូចជា​ក្រុមជំនុំ​នា​ពេល​បច្ចុប្បន្ន​នេះ​នៅ​មាន​ការ​ជជែក​វែកញែក​គ្នា​យ៉ាង​ក្ដៅៗ​នៅឡើយ​ទេ​ទាក់ទង​នឹង​ការ​ថ្វាយ​តង្វាយ​១​ភាគ​១០។

សម្រាប់​ជា​ព័ត៌មាន​ដល់​លោកអ្នក ខាងក្រោម​នេះ​គឺ​ជា​រូបថត​នៃ​លទ្ធផល៖

តើ​ព្រះជាម្ចាស់​ពិត​ជា​បាន​បញ្ជា​ឲ្យ​យើង​ថ្វាយ​តង្វាយ​១0%​ចេញពី​ប្រាក់​ខែ​រាល់​ខែ​របស់​យើង​មែន​ឬ? ឬ​ក៏​ថា យើង​អាច​ថ្វាយ​តាម​តែ​អារម្មណ៍​យើង​នាំ​ឲ្យ​ថ្វាយ​បាន​ដែរ​ឬទេ? មាន​យោបល់​ជាច្រើន​ទាក់ទង​នឹង​ការ​ថ្វាយ ប៉ុន្តែ​តើ​ព្រះគម្ពីរ​មាន​លើកឡើង​យ៉ាងដូចម្ដេច​ខ្លះ​ទាក់ទង​នឹង​ចំណុច​ទាំងអស់​នោះ?

ជា​ការ​ស្អាង​ទឹកចិត្ត​ដល់​លោកអ្នក ខាង​ក្រោម​នេះ​គឺ​ជា​ការ​ល្បងល​ចេញ​ពី​ព្រះ​គម្ពីរ​ទាក់ទង​នឹង​ការ​ថ្វាយ​តង្វាយ​១ភាគ​១០ និង​ជា​គំរូ​នៃ​ការ​ឲ្យ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី៖

«ចុះ តើ​មនុស្ស​នឹង​កោង​យក​របស់​ព្រះ​ឬ ប៉ុន្តែ​ឯង​រាល់​គ្នា​បាន​កោង​យក​របស់​អញ​ហើយ រួច​បែរ​ជា​សួរ​ថា តើ​យើង​បាន​កោង​យក​របស់​ទ្រង់​ឯ​ណា គឺ​ក្នុង​តង្វាយ​១​ភាគ​ក្នុង​១០ ហើយ​ក្នុង​តង្វាយ​លើក​ចុះ​ឡើង​នោះ​ឯង ឯង​រាល់​គ្នា គឺ​មនុស្ស​នៅ​នគរ​នេះ​ទាំង​មូល ត្រូវ​បណ្ដាសា​ហើយ ដោយ​ព្រោះ​តែ​កោង​យក​របស់​អញ​យ៉ាង​ដូច្នេះ ចូរ​នាំ​យក​តង្វាយ​១​ភាគ​ក្នុង​១០​ទាំង​អស់ មក​ដាក់​ក្នុង​ឃ្លាំង​ចុះ ដើម្បី​ឲ្យ​មាន​ស្បៀង​អាហារ​នៅ​ក្នុង​ដំណាក់​នៃ​អញ ហើយ​ល្បង​ល​អញ​ឥឡូវ បើ​អញ​មិន​បើក​ទ្វារ​ស្ថានសួគ៌ ដើម្បី​ចាក់​ព្រះ​ពរ​មក​លើ​ឯង ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ នេះ​ហើយ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ» (ម៉ាឡាគី ៣:៨-១០)។

កណ្ឌគម្ពីរ ម៉ាឡាគី ៣:៨-១០ គឺ​ជា​ខគម្ពីរ​ដែល​គ្រូ​អធិប្បាយ​ជា​ច្រើន​ពេញ​និយម​យក​មក​ប្រើប្រាស់​ណាស់​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​ថ្វាយ​តង្វាយ។ ជា​ទូ​ទៅ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ គ្រូគង្វាល​ជាច្រើន​តែងតែ​អធិប្បាយ​យ៉ាង​ខ្លី​មួយ​ចេញពី​កណ្ឌគម្ពីរ​ម៉ាឡាគី​មុន​ពួក​គាត់​លើក​តង្វាយ។ យើង​ទំនង​អាច​នឹង​សូត្រ​ជាមួយ​គ្នា​បាន ព្រោះ​យើង​បាន​ឮ​វា​ជា​ច្រើន​លើក​ច្រើន​សារ​ក្នុង​ក្រុម​ជំនុំ មិន​ថា​និកាយ​ណា​ក៏​ដោយ ជា​ពិសេស​នៅ​ក្រុម​ជំនុំ​ដែល​អធិប្បាយ​ដំណឹងល្អ​ដែល​សន្យា​ភាព​ចម្រុងចម្រើន។

សេចក្ដី​អធិប្បាយ​នោះ​ទំនង​ជា​មាន​ការ​ចាប់ផ្ដើម​ដូច​នេះ៖

«ព្រឹក​នេះ​ខ្ញុំ​ចង់​និយាយ​ទៅ​កាន់​បងប្អូន​មុន​យើង​លើក​តង្វាយ។ សូម​បើក​ព្រះ​គម្ពីរ​របស់​បងប្អូន​ទៅ​ក្នុង​កណ្ឌគម្ពីរ​ម៉ាឡាគី​ជំពូក៣ ហើយ​សួរ​ខ្លួន​ឯង​ថា «តើ​ខ្ញុំ​កំពុង​កេង​ប្រវ័ញ្ច​ពី​ព្រះជាម្ចាស់​ឬ?» បើ​បងប្អូន​មិន​ថ្វាយ​តង្វាយ​១០%​ទេ នោះ​មាន​ន័យ​ថា បងប្អូន​កំពុង​កេង​ប្រវ័ញ្ច​ពី​ព្រះ​ហើយ។»

មិន​ថា​គ្រូ​ម្នាក់​នោះ​ចំណាយ​ពេល​១០​នាទី ឬ​ក៏​៣០​នាទី​នោះ​ទេ អ្វី​ដែល​គាត់​បាន​លើក​ឡើង​គឺ​ជា​ការ​អនុវត្ត​នៃ​បទ​គម្ពីរ​មួយ​ចេញ​ពី​ព្រះ​គម្ពីរ​ដែល​ព្រះ​ជាម្ចាស់​មាន​បន្ទូល​តាមរយៈ​ហោរា ម៉ាឡាគី ទៅ​កាន់​រាស្ត្រ​អ៊ីស្រាអែល​អំពី​ស្ថានភាព​ខាង​ឯ​ព្រលឹង​វិញ្ញាណ​របស់​ពួក​គេ​នៅ​គ្រា​នោះ។ ពេល​នោះ​ជា​ពេល​មុន​ព្រះ​មែស្ស៊ី​យាង​មក គឺ​ព្រះ​យេស៊ូវ។ ព្រះ​ជាម្ចាស់​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​រាស្ត្រ​របស់​ទ្រង់ ទាក់ទង​នឹង​យញ្ញ​បូជា​ដ៏​មិន​បរិសុទ្ធ​របស់​ពួក​គេ (១:៧) ការ​ដែល​ពួក​គេ​ប្រមាថ​ព្រះ​នាម​ទ្រង់ (១:១២) ពួក​សង្ឃ​ដ៏​ពុករលួយ​របស់​ពួក​គេ (២:៩) និង​ការ​មិន​ស្ដាប់​បង្គាប់​ដ៏​ពេញ​ទី​របស់​ពួក​គេ​នោះ​ទេ (៣:៨-១៥)។ នេះ​គឺ​ជា​អត្ថបទ​ទំនាយ​ដ៏​ល្អ​មួយ​សម្រាប់​អធិប្បាយ​ក្នុង​ក្រុម​ជំនុំ ហើយ​មាន​ចំណុច​ច្រើន​ណាស់​ដែល​យើង​អាច​រៀន​បាន​អំពី​សាសន៍​អ៊ីស្រាអែល លក្ខណសម្បត្តិ​របស់​ព្រះ​ជាម្ចាស់ និង​ការ​យាង​មក​របស់​ព្រះ​គ្រីស្ទ។

ប៉ុន្តែ វា​ជា​ការ​ដ៏​គួរ​ឲ្យ​សោកស្ដាយ​ណាស់ ដែល​គេ​តែងតែ​ប្រើប្រាស់​ខគម្ពីរ​នេះ ដើម្បី​ប្រាប់​ក្រុម​ជំនុំ​សព្វ​ថ្ងៃ​នេះ​ថា ពួក​គាត់​ត្រូវតែ​ថ្វាយ​១០% (១​ភាគ​១០) នៃ​ប្រាក់​ខែ​ពួក​គាត់ ព្រោះ​បើ​មិន​ដូច្នោះ​ទេ នោះ​មាន​ន័យ​ថា ពួក​គាត់​នឹង​ត្រូវ​បណ្ដាសា​ហើយ (ម៉ាឡាគី ៣:៩) ហើយ​ថា ដាច់ខាត ពួក​គាត់​ត្រូវតែ​យក​តង្វាយ​នោះ​មក​ដាក់​ក្នុង «ឃ្លាំង» (ម៉ាឡាគី ៣:១០)។ គេ​កាត់​ស្រាយ «ឃ្លាំង» ឲ្យ​មាន​ន័យ​ថា ក្រុមជំនុំ ឬ​ក៏​ក្នុង​ករណី​ខ្លះ​ថា គណនី​ធនាគារ​របស់​គ្រូ​គង្វាល​ផ្ទាល់​តែ​ម្ដង។

មាន​ការ​សន្មត​ជា​ច្រើន​ទាក់ទង​នឹង «ការ​ថ្វាយ​តង្វាយ​១​ភាគ​១០» ព្រោះ​ខ្វះ​ភាព​យល់​ដឹង ឬ​ក៏​មាន​ការ​បង្រៀន​ខុស​ចេញ​ពី​ព្រះ​គម្ពីរ។ មាន​អ្នក​ខ្លះ​ថា ការ​ថ្វាយ​តង្វាយ​១​ភាគ​១០​គឺ​ជា​បញ្ញត្តិ​ពី​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ដែល​ត្រូវ​បាន​លើក​មក​ប្រើប្រាស់​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ផង​ដែរ។ មាន​អ្នក​ខ្លះ​ទៀត​ថា វា​គ្រាន់​តែ​ជា​គោលការណ៍​ដ៏​ល្អ​មួយ​ប៉ុណ្ណោះ។ ហើយ​ស្រប​គ្នា​នេះ​ដែរ នៅ​មាន​អ្នក​ខ្លះ​ទៀត​លើក​ឡើង​តវ៉ា​ថា យើង​ត្រូវតែ​លើក​យក​សម័យ​កាល​នៃ​ក្រុម​ជំនុំ​ណា​មួយ​មក​ធ្វើ​ជា​គំរូ​នៃ​ការ​ថ្វាយ​តង្វាយ។ ជា​ចុង​ក្រោយ នៅ​មាន​អ្នក​ខ្លះ​ទៀត​ជឿ​យ៉ាង​សាមញ្ញ​ថា ពួក​គាត់​ត្រូវតែ​ថ្វាយ​១​ភាគ​១០ ព្រោះ​នោះ​ជា​អ្វី​ដែល​គេ​បាន​ប្រាប់​ឲ្យ​គាត់​ធ្វើ​តាំង​ពី​ដើម​មក​ម្ល៉េះ។

តោះ! ចូរ​យើង​នាំ​គ្នា​ឆ្លើយ​នូវ​សំណួរ​ដ៏​សំខាន់ៗ​ដោយ​រំពឹង​លើ​ព្រះ​គម្ពីរ មិន​មែន​លើ​ការ​សន្មត​នោះ​ទេ។ ការ​សិក្សា​ព្រះ​គម្ពីរ​ទំនង​នឹង​លើក​ចោល​នូវ​បន្ទុក​ដ៏​ធ្ងន់​មួយ​ដែល​លោកអ្នក​លី​លើ​ស្មា​ទាក់ទង​នឹង​ប្រធាន​បទ​មួយ​នេះ។

តើ​អ្វី​ទៅ​ជា «ការ​ថ្វាយ​តង្វាយ​១​ភាគ​១០»?

យើង​ឃើញ​ថា ការ​ថ្វាយ​តង្វាយ​គឺ​ជា​អ្វី​ដែល​ក្រឹត្យវិន័យ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​បាន​តាំង​ឲ្យ​មាន ហើយ​ក្នុង​ករណី​មួយ​ចំនួន មុន​មាន​ក្រឹត្យវិន័យ មាន​អ្នក​ខ្លះ​បាន​សច្ចា ឬ​ក៏​បាន​ថ្វាយ​តង្វាយ​១​ភាគ​១០ (លោកុប្បត្ដិ ១៤:២០; ២៨:២២)។ ការ​ថ្វាយ​មាន​រួម​បញ្ចូល​ភាគរយ​នៃ​សត្វ​ចិញ្ចឹម គ្រាប់​ធញ្ញជាតិ ឬ​ក៏​ផលផ្លែ​ផ្សេងៗ។ ពេល​ដែល​យើង​សិក្សា​ការ​ថ្វាយ​តង្វាយ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ នោះ​យើង​នឹង​ឃើញ​មូលដ្ឋាន​នៃ​សេចក្ដី​ពិត​មួយ​ចំនួន​ដែល​យើង​មិន​អាច​មើល​រំលង​បាន​ឡើយ៖

  • ចំនួន​តង្វាយ​សរុប​នឹង​មាន​លើស​ជាង​២០%​ពេល​ដែល​យើង​បូក​សរុប​តង្វាយ​ទាំង​អស់ (លេវីវិន័យ ២៧:៣០-៣២; និក្ខមនំ ១៨:២១, ២៤ និង​ចោទិយកថា ១៤:២២-២៧; ១៤:២៨-២៩)។
  • ព្រះ​ជាម្ចាស់​មិន​បាន​អនុញ្ញាត​ឲ្យ​ពួក​សង្ឃ​ធ្វើ​ជា​ម្ចាស់​ដី ឬ​ក៏​ទទួល​មរតក​នោះ​ទេ ដូច្នេះ​តង្វាយ​ក្លាយ​ជា​អ្វី​ដែល​ផ្គត់ផ្គង់​លើ​ការ​រស់នៅ និង​តម្រូវការ​របស់​ពួក​គាត់ (ជនគណនា ១៨:២៤)។
  • តង្វាយ​ដើរ​តួ​ដូច​ជា​ប្រព័ន្ធ​បង់​ពន្ធ ដើម្បី​ជួយ​ផ្គត់ផ្គង់​ដល់​អ្នក​ក្រីក្រ ពិធី​ជប់លៀង​ប្រចាំ​ឆ្នាំ និង​ការ​ធ្វើ​ឲ្យ​ពួក​សង្ឃ​គ្រប់គ្រង​អាច​ដំណើរ​ការ​ទៅ​មុខ​បាន (ចោទិយកថា ១៤:២២-២៩ និង​នេហេមា ១២:៤៤)។
  • ការ​ថ្វាយ​តង្វាយ​មិន​សូវ​ពាក់ព័ន្ធ​នឹង​លុយកាក់​ប៉ុន្មាន​ទេ លើក​លែង​ករណី​មួយ​ចំនួន (ចោទិយកថា ១៤:២៥)។
  • គេ​បាន​ចាត់​ទុក​ការ​មិន​ថ្វាយ​តង្វាយ​ថា​ជា​ការ​មិន​ស្ដាប់​បង្គាប់​ជា​ចំហ​ក្នុង​ព្រះ​នេត្រ​របស់​ព្រះ​ជាម្ចាស់ (ម៉ាឡាគី ៣:៩)
  • តង្វាយ (ផលផ្លែ និង​អ្វីៗ​ផ្សេង​ទៀត) គឺ​ត្រូវ​បាន​ទុក​នៅ​ក្នុង​ឃ្លាំង​ដ៏​ពិត​សម្រាប់​ការ​ចែកចាយ​ឲ្យ​បាន​ច្បាស់​លាស់ (១របាក្សត្រ ២៧:២៥-២៧)។
  • ព្រះ​ជាម្ចាស់​ចាត់​ទុក​ឃ្លាំង និង​ព្រះ​ដំណាក់​របស់​ទ្រង់​ថា​ខុស​គ្នា (ម៉ាឡាគី ៣:១០)។

ដោយ​យោង​តាម​អ្វី​ដែល​បាន​លើក​ឡើង​ខាង​លើ​នេះ ចូរ​យើង​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ចេញ​ពី​ព្រះ​គម្ពីរ​ដូច​ត​ទៅ៖

  • សាសន៍​អ៊ីស្រាអែល​បាន​ថ្វាយ​នូវ​ផលផ្លែ គ្រាប់​ធញ្ញជាតិ និង​សត្វ​ចិញ្ចឹម។
  • តង្វាយ​បាន​ផ្គត់ផ្គង់​ពួក​សង្ឃ ព្រោះ​ពួក​គាត់​មិន​មាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​អ្វី​ទេ។
  • ការ​ថ្វាយ​តង្វាយ​គឺ​លើស​១០%​ទៅ​ទៀត។
  • តង្វាយ​គឺ​ជា​ក្រឹត្យវិន័យ ដែល​មាន​លក្ខណៈ​ដូច​ជា​ការ​បង់​ពន្ធ​សម្រាប់​ការ​មើល​ថែ​សាសន៍​អ៊ីស្រាអែល។
  • ឃ្លាំង​មាន​ទី​កន្លែង​ដ៏​ជាក់លាក់​មែន មិន​មែន «ខាង​ឯ​វិញ្ញាណ» នោះ​ទេ ឬ​ក៏​សំដៅ​ទៅ​លើ​ព្រះ​វិហារ​ឡើយ។

តើ​សព្វ​ថ្ងៃ​នេះ​គេ​បាន​អនុវត្ត​នូវ​សេចក្ដី​បង្រៀន​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​យ៉ាង​ខុស​ឆ្គង​ដោយ​របៀប​ណា?

ទី១ ពេល​ណា​បុគ្គល​ណា​ម្នាក់​កាត់​ស្រាយ​ព្រះ​គម្ពីរ​មិន​ត្រឹមត្រូវ យើង​ត្រូវតែ​មាន​ការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​មិន​ឆាប់​សន្និដ្ឋាន​ដោយ​វាយ​ប្រហារ។ ពេល​ដែល​នរណា​ម្នាក់​កាត់​ស្រាយ​អ្វី​មួយ​ខុសឆ្គង នោះ​មិន​មែន​មាន​ន័យ​ថា គាត់​ជា​ទិដ្ឋិកជន​នោះ​ទេ ប៉ុន្តែ​ការ​ខុសឆ្គង​គឺ​ជា​រឿង​ដ៏​ធ្ងន់ធ្ងរ​ណាស់ ហើយ​ក៏​អាច​នាំ​អ្នក​ផ្សេង​ឲ្យ​ខុស​ឆ្គង​ផង​ដែរ—ដែល​តែ​ឯង​នោះ​ជា​ចំណុច​ភារកិច្ច​មួយ​ដោយ​ឡែក​ផ្សេង​ទៀត​ទេ​តើ។

ទី២ យើង​ត្រូវ​តែ​កំណត់​អំពី​អ្វី និង​អំពី​មូល​ហេតុ​ដែល​គេ​បង្រៀន។ តើ​ពួក​គេ​មាន​ទស្សនៈ​ជា​មូលដ្ឋាន​ខាង​ទេវវិទ្យា​មួយ​ណា​ខ្លះ​ដែល​បណ្ដាល​ឲ្យ​បញ្ចូល​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ទៅ​ក្នុង​សញ្ញា​ថ្មី? តើ​ពួក​គេ​មាន​ទម្លាប់​ដាក់​សេចក្ដី​បង្រៀន​របស់​ពួក​គេ​លើ «គោលការណ៍» ចេញ​ពី​ប្រវត្តិសាស្ត្រ និង​ការ​ស្រាវជ្រាវ​ផ្សេង​ទៀត​ដែល​មិន​ចេញ​ពី​ព្រះ​គម្ពីរ ជាជាង​ពឹង​លើ​ខគម្ពីរ និង​ការ​កាត់​ស្រាយ​ដ៏​ត្រឹមត្រូវ​ឬ? ឬ​ក៏​ថា ពួក​គេ​កំពុង​បង្វែរ​បទ​គម្ពីរ​ក្នុង​របៀប​ដែល​យើង​មើល​ឃើញ​យ៉ាង​ច្បាស់ ដើម្បី​បំពេញ​តម្រូវការ​ខាង​ឯ​ហិរញ្ញវត្ថុ​របស់​ពួក​គេ​ផ្ទាល់ និង​មាន​លំនាំ​នៃ​ការ​កេងប្រវ័ញ្ច​ក្នុង​ព័ន្ធកិច្ច? យើង​ត្រូវតែ​សួរ​សំណួរ​ដ៏​សំខាន់​ទាំង​នេះ​ពេល​យើង​ឃើញ​គេ​យក​បទ​គម្ពីរ​មក​អនុវត្ត​ក្នុង​របៀប​មិន​ត្រឹមត្រូវ។

ខាង​ក្រោម​នេះ​ជា​របៀប​មួយ​ចំនួន​ដែល​គេ​អនុវត្ត «ការ​ថ្វាយ​តង្វាយ​១​ភាគ​១០» យ៉ាង​ខុសឆ្គង​នៅ​នា​បច្ចុប្បន្នកាល​នេះ។ របៀប​ខ្លះ​ធ្ងន់ធ្ងរ​ជាង​របៀប​មួយ​ទៀត ប៉ុន្តែ​យើង​គួរ​កត់សម្គាល់​លើ​គ្រប់​ចំណុច៖

  • គេ​បង្រៀន​ថា «ឃ្លាំង» ក្នុង​កណ្ឌគម្ពីរ ម៉ាឡាគី ៣:១០ គឺ​ជា​ព្រះ​ដំណាក់​របស់​ព្រះ​ជាម្ចាស់—ក្រុមជំនុំ—ឬ​ក៏​ថា​ក្នុង​ករណី​ជា​ច្រើន ជា​គណនី​ធនាគារ​របស់​គ្រូ​គង្វាល​ផ្ទាល់។
  • ការ​បង្ខំ​ថា តង្វាយ​១០%​គឺ​ជា​ក្រឹត្យវិន័យ ខណៈពេល​ដែល​ពួក​គេ​មើល​រំលង​ក្រឹត្យវិន័យ​ផ្សេងៗ​ទៀត​អំពី​ការ​ថ្វាយ​តង្វាយ។
  • គេ​បាន​បង្រៀន​ពី​ការ​ថ្វាយ​តង្វាយ​ថា​ជា​បញ្ញត្តិ​សម្រាប់​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ទៅ​កាន់​សមាជិក​ក្រុម​ជំនុំ ហើយ​បាន​គំរាមកំហែង​ថា ពួក​គាត់​នឹង​ប្រឈមមុខ​នឹង​ការ​ថ្កោល​ទោស​ពី​ព្រះ​ជាម្ចាស់​បើ​ពួក​គាត់​មិន​ថ្វាយ​១០%​នៃ​ប្រាក់​ខែ​រាល់​ខែ​នោះ​ទេ។
  • ការ​ថ្វាយ​តង្វាយ​មាន​រួម​បញ្ចូល​ទាំង​ការ​តែងតាំង​ដ៏​ពិសេស​ដែល​អាច​បើក​ទម្លាក់​ព្រះ​ពរ​ដ៏​ពិសេស​ដូចជា៖ ការ​ឡើង​តំណែង​នៅ​កន្លែង​ធ្វើ​ការ រួច​ពី​បំណុល ឬ​ក៏​អាច​ឲ្យ​អស់​អ្នក​ពួកគាត់​ស្រឡាញ់​ទទួល​សេចក្ដី​សង្គ្រោះ។
  • ការ​ជៀសវាង​ពី​ដំបូន្មាន​របស់​សាវ័ក ប៉ុល ទាក់ទង​នឹង​ការ​ថ្វាយ ដើម្បី​ឲ្យ​ពួកគាត់​ត្រាប់តាម​ក្រឹត្យវិន័យ​ចេញពី​សញ្ញាចាស់។
  • គេ​សន្និដ្ឋាន​ថា យើង​ត្រូវ​តែ​បន្ត​ដាក់​តង្វាយ​១ភាគ​១០ ដោយសារ​ព្រះ​យេស៊ូវ​មិន​បាន​បញ្ជាក់​ថា​ឲ្យ​ផ្អាក​ធ្វើ​ទេ។

តើ​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​អំពី​ការ​ថ្វាយ​តង្វាយ​ដែរ​ឬ​ទេ?

មាន​ខគម្ពីរ​មួយ​ចំនួន​នៅ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី​បាន​លើក​ឡើង​អំពី​ការ​ថ្វាយ​តង្វាយ ប៉ុន្តែ​មិន​មាន​ខ​គម្ពីរ​ណា​បង្គាប់​បញ្ចា​ឲ្យ​ក្រុម​ជំនុំ​ថ្វាយ​តង្វាយ​១ភាគ​១០​នោះ​ទេ។ ដោយ​យោង​លើ​កណ្ឌគម្ពីរ ម៉ាថាយ ២៣:២៣ និង​លូកា ១១:៤២ មាន​អ្នក​ខ្លះ​នៅ​ទទូច​ថា ការ​ថ្វាយ​តង្វាយ​១ភាគ​១០​នៅ​ក្នុង​ក្រុម​ជំនុំ​នៅ​នា​ពេល​បច្ចុប្បន្ន​នេះ​ត្រូវ​នៅ​មាន​បន្ត​ទៀត ព្រោះ​ព្រះ​យេស៊ូវ​មិន​បាន​បញ្ជាក់​ឲ្យ​ផ្អាក​អំពី​ការ​ថ្វាយ​តង្វាយ​១ភាគ​១០​នោះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​នៅ​ក្នុង​កាលៈទេសៈ​មួយ​ចំនួន (ដែល​មាន​ដូចជា ការ​ស្ដី​ឲ្យ​ពួក​ផារិស៊ី​ក្នុង​កណ្ឌគម្ពីរ ម៉ាថាយ ២៣:២៣) គឺ​លម្អៀង​ទៅ​លើ​ការ​ហៅ​មនុស្ស​ទាំង​នោះ​ជា​អ្នក​ពុត​ត្បុត ជា​ជាង​បង្គាប់​បញ្ជា​ឲ្យ​ក្រុម​ជំនុំ​ថ្វាយ​តង្វាយ​១ភាគ​១០។ ពួក​ផារិស៊ី​ត្រាប់តាម​តែ​ចំណុច​មួយ​ចំនួន​នៃ​ក្រឹត្យ​វិន័យ ប៉ុន្តែ​ល្មើស​លើ​ក្រឹត្យវិន័យ​ផ្សេងៗ​ទៀត ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ពួកគេ​ជិះ​ជាន់​លើ​អ្នក​ដទៃ​ដោយ​ឲ្យ​ត្រាប់តាម​ក្រឹត្យវិន័យ​ខណៈពេល​ដែល​ខ្លួន​មិន​បាន​ត្រាប់តាម​នៅ​ឡើយ​ផង។ ដូច្នេះ យើង​មិន​អាច​កាត់​ស្រាយ​យ៉ាង​ត្រឹមត្រូវ​បាន​នោះ​ទេ ដោយ​សន្មត​ថា​ក្រុម​ជំនុំ​គួរ​តែ​បន្ត​ថ្វាយ​តង្វាយ​១ភាគ​១០​ដោយ​ផ្អែក​លើ​គំរូ​ពួក​ផារិស៊ី។

ការ​យក​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ​មក​ប្រកែក​ថា ត្រូវ​តែ​បន្ត​ក្នុង​ការ​ថ្វាយ​តង្វាយ​១ភាគ​១០​គឺ​ពិបាក​ណាស់ បើ​យើង​យល់​តាម​បរិបទ​ឲ្យ​ត្រឹមត្រូវ។

តើ​យើង​អាច​សន្មត​ថា ក្រុម​ជំនុំ​គួរ​ថ្វាយ​តង្វាយ​១ភាគ​១០​ដែរ​ឬ​ទេ?

ទំនង​មាន​អ្នក​ខ្លះ​ប្រកែក​ថា ក្រុម​ជំនុំ​ដំបូង​នៅ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បាន​ដឹង​រួច​ទៅ​ហើយ​អំពី​ការ​ថ្វាយ​តង្វាយ ពីព្រោះ​ពួកគាត់​ស្គាល់​ក្រឹត្យវិន័យ​ពួក​សាសន៍​យូដា ហើយ​ក៏​បាន​សន្មត​ថា ការ​ថ្វាយ​តង្វាយ​១ភាគ​១០​គឺ​ជា​រឿង​ធម្មតា។ ឬ​ក៏ យ៉ាង​ហោច​ណាស់ វា​គឺ​ជា​គោលការណ៍​មួយ​ដែល​ពួកគាត់​អាច​យក​មក​អនុវត្ត​សម្រាប់​ជា​ការ​ស្ដាប់​បង្គាប់​ដ៏​សំខាន់​មួយ។ ទោះ​បើ​យើង​មើល​រំលង​ចំណុច​ខុស​ឆ្គង​ដ៏​រាប់​មិន​អស់​នៃ​ការ​កាត់​ស្រាយ​មួយ​នេះ ដោយ​គ្រាន់តែ​មើល​ត្រួសៗ​ក៏​ដោយ នោះ​ក៏​យើង​នឹង​ឃើញ​ថា ក្រុម​ជំនុំ​ដំបូង​មិន​គ្រាន់តែ​មាន​តែ​សាសន៍​យូដា​តែ​ប៉ុណ្ណោះ​ទេ ហើយ​ការ​ស្ដាប់​បង្គាប់​ក្រឹត្យវិន័យ​ក៏​មិនមែន​ជា​ចំណុច​ផ្ដោត​នៃ​ក្រុម​ជំនុំ​ដែរ តែ​ពួកគាត់​ផ្ដោត​ទៅ​លើ​ព្រះ​គ្រីស្ទ​ទេ​តើ។ ក្រុម​ជំនុំ​បាន​ចាត់​ឲ្យ​សាវ័ក ប៉ុល ទៅ​ធ្វើ​ព័ន្ធកិច្ច​ជាមួយ​នឹង​សាសន៍​ដទៃ ហើយ​ក្រុម​ជំនុំ​ដំបូង​មាន​ពេញ​ទៅ​ដោយ​អ្នក​ជឿ​ជា​ច្រើន​ជា​សាសន៍​ដទៃ​ផង​ដែរ។ ប្រសិន​បើ​ការ​ថ្វាយ​តង្វាយ​១ភាគ​១០​គឺ​ជា​ក្រឹត្យវិន័យ​មួយ​ពី​សាសន៍​យូដា ដែល​ក្រុម​ជំនុំ​ត្រូវតែ​ត្រាប់តាម ចុះ​តើ​ហេតុអ្វី​បាន​ជា​សាវ័ក ប៉ុល មិន​បាន​បង្រៀន​អំពី​ការ​នោះ​ទៅ​កាន់​ក្រុម​ជំនុំ​កូរិនថូស? ក្រុម​ជំនុំ​កាឡាទី? ក្រុម​ជំនុំ​កូឡូស? ព្រះ​គម្ពីរ​សញ្ញាថ្មី​មិន​បាន​លើកឡើង​អំពី​ការ​ថ្វាយ​តង្វាយ​១ភាគ​១០​ទាល់តែ​សោះ មិន​ថា​ជា​បញ្ញត្តិ ឬ​ការ​បង្រៀន​ឲ្យ​ក្រុម​ជំនុំ​ត្រាប់តាម​នោះ​ទេ តែ​ទស្សនៈ​នៃ​ការ​ឲ្យ​ត្រូវ​បាន​បង្រៀន​ឡើង​យ៉ាង​ជាក់​ស្ដែង ដោយ​ពុំ​បាន​បង្រៀន​ពី​ការ​ថ្វាយ​តង្វាយ​១​ភាគ​១០ទេ។ អ្វី​ដែល​សាវ័ក ប៉ុល បង្រៀន​អំពី​ការ​ឲ្យ​គឺ​ទាក់ទង​ទៅ​នឹង​ការ​ពេញ​ដោយ​ព្រះ​គុណ ការ​ផ្ដោត​ទៅ​លើ​ការ​តាំង​សញ្ញាថ្មី និង​ការ​ផ្ដោត​លើ​ដំណឹង​ល្អ​ដែល​មាន​ការ​និពន្ធ​ជា​ថ្មី​ទាំង​ស្រុង​តែ​ម្ដង។

យើង​មិន​ស្ថិត​នៅ​ក្រោម​ក្រឹត្យវិន័យ​ទៀត​ឡើយ «ដ្បិត​បាប​មិន​ត្រូវ​មាន​អំណាច​លើ​អ្នក​រាល់​គ្នា​ទៀត​ឡើយ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្រោម​ក្រឹត្យវិន័យ គឺ​នៅ​ក្រោម​ព្រះ​គុណ​វិញ» (រ៉ូម ៦:១៤)។

សព្វ​ថ្ងៃ​នេះ តើ​យើង​គួរ​ឲ្យដោយ​របៀប​ណា​ទៅ​?

ប្រសិន​បើ​យើង​ផ្ដោត​លើ​ការ​បង្រៀន និង​ការ​ឲ្យ​លើ​បរិបទ​ដ៏​ត្រឹមត្រូវ​នៃ​អ្វី​ដែល​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ពិត​ជា​បាន​បង្រៀន​មែន នោះ​យើង​នឹង​ឃើញ​យ៉ាង​ច្បាស់​លាស់ ហើយ​មាន​សេរីភាព​ជា​មិន​ខាន។ មាន​ក្រុម​ជំនុំ​ជា​ច្រើន​មិន​បន្ធូរ «ការ​ថ្វាយ​តង្វាយ​១ភាគ​១០» ពី​សមាជិក​ខ្លួន​ទេ ព្រោះ​ពួក​គាត់​ខ្លាច​ថា នឹង​លែង​មាន​អ្នក​ថ្វាយ។ មួយ​វិញ​សោត​ទៀត ពួកគាត់​បាន​សន្មត​ថា ជាជាង​ថ្វាយ​ដោយ​សប្បុរស​តាម​ការ​ដឹកនាំ​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​សមាជិក​នឹង​ទំនង​ជា​បន្ថយ​ការ​ថ្វាយ ឬ​ក៏​ឈប់​ឲ្យ​ទាំង​ស្រុង​តែ​ម្ដង។ នេះ​គឺ​ជា​ទស្សនៈ​បែប​ទុទ្ទិដ្ឋិនិយម ដែល​ជា​ការ​គិត​លើ​គ្រីស្ទបរិស័ទ​ថា​ជា​មនុស្ស​អន់ និង​និន្នាការ​ការ​ស្ដាប់​បង្គាប់​ព្រះ​គម្ពីរ។ ហើយ​ទស្សនៈ​បែប​នោះ ក៏​ជា​ការ​ធ្វេសប្រហែស​ក្នុង​ការ​ចងចាំ​ថា ការ​ឲ្យ​ដោយ​សប្បុរស​គឺ​នៅ​ជា​ចំណុច​ដ៏​ធំ​មួយ​នៃ​ជីវិត​រស់នៅ​របស់​គ្រីស្ទបរិស័ទ។

នៅ​ពេល​ដែល​យើង​ទទួល​ការ​បង្រៀន​ដ៏​ត្រឹមត្រូវ តើ​វា​មិនមែន​ជា​ការ​ពិត​ដែរ​ឬ​អី ដែល​អ្នក​ជឿ​ដ៏​ពិត​នីមួយៗ ចង់​ប្រព្រឹត្ត​នូវ​អ្វី​ដែល​ត្រឹមត្រូវ​នៅ​មុខ​ព្រះភក្ត្រ​ព្រះ​ជាម្ចាស់? ប្រសិន​បើ​យើង​បង្រៀន ហើយ​ស្ដាប់​បង្គាប់​ព្រះ​គម្ពីរ​យ៉ាង​ត្រឹមត្រូវ តើ​ការ​ឲ្យ​នឹង​មិន​ចម្រើន​ឡើង​ទេ​ឬ​អី ខណៈពេល​ដែល​ព្រះ​ជាម្ចាស់​ប្រទាន​ពរ​សម្រាប់​ព័ន្ធកិច្ច​ដ៏​រុងរឿង​របស់​ទ្រង់? តើ​ការ​បំពេញ​តម្រូវ​ការ​នៃ​ពួក​បរិសុទ្ធ​នឹង​មិន​កើតឡើង​ទេ​ឬ​អី? តើ​ក្រុម​ជំនុំ​នឹង​មិន​លូតលាស់​ក្នុង​ការ​រួបរួម​ដោយ​ពេញ​ដោយ​អំណរ​ទេ​ឬ​អី? តើ​អ្នក​មាន​នឹង​មិន​រស់នៅ​ក្នុង​លក្ខណៈ​ជា​អ្នក​ឧបត្ថម្ភ ហើយ​អ្នក​ក្រ​នឹង​ថ្វាយ​ដោយ​មាន​ការ​លះបង់​ក្នុង​នាម​ជា​អ្នក​រួម​ចំណែក​ស្មើ​គ្នា​ក្នុង​ព្រះ​ភក្ត្រ​ព្រះ​ជាម្ចាស់​ទេ​ឬ​អី?

សូម​គិត​បែប​ដូច​នេះ៖ ការ​ថ្វាយ​១០%​ប្រហែល​ជា​ការ​ថ្វាយ​តិច​ពេក​ហើយ​ចំពោះ​សេដ្ឋី​ណា​ម្នាក់ ហើយ​ចំពោះ​ជន​ក្រីក្រ​វិញ ការ​ថ្វាយ​១០%​គឺ​ជា​ការ​លះបង់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ណាស់។ ប៉ុន្តែ ប្រសិន​បើ​បុគ្គល​ទាំង​ពីរ​នោះ​ឲ្យ​ក្នុង​របៀប​ដែល​ព្រះ​គម្ពីរ​សញ្ញាថ្មី​បាន​ណែនាំ នោះ​សេដ្ឋី​ម្នាក់​ទំនង​ជា​អាច​ឲ្យ​ដល់​៨០% ហើយ​នៅ​មាន​លុយ​សល់​ជា​ច្រើន​ដដែល ខណៈពេល​ដែល​ជន​ក្រីក្រ​ម្នាក់​អាច​ឲ្យ​២-៣% ដែល​នោះ​ជា​ការ​ឈាន​ដោយ​ជំនឿ​ចំពោះ​គាត់។ ព្រះ​ជាម្ចាស់​ទត​ឃើញ​ដួង​ចិត្ត និង​ការ​លះបង់​មិនមែន​ចំនួន​ថ្វាយ​នោះ​ទេ។ អ្នក​ខ្លះ​ទំនង​ជា​ចង់​ប្រើប្រាស់​១០% ជា​រង្វាស់ ឬ​ក៏​ថា ក្រុម​អ្នក​ដឹកនាំ​ណា​មួយ​ចង់​ប្ដេជ្ញា​ឲ្យ​ក្នុង​ចំនួន​ណាមួយ​ជាមួយ​គ្នា ដើម្បី​ផ្គត់ផ្គង់​ក្រុម​ជំនុំ។ នេះ​គឺ​ជា​ការ​ល្អ​ដែរ! ប៉ុន្តែ គ្មាន​របៀប​ណា​មួយ​ក្នុង​ចំណោម​របៀប​ខាង​លើ​នេះ​គឺ​ជា​ការ​បង្គាប់​បញ្ជា​ឲ្យ «ថ្វាយ​តង្វាយ​១​ភាគ​១០» នោះ​ទេ វា​គ្រាន់តែ​ជា​ការ​ប្ដេជ្ញា​ចិត្ត​តែ​ប៉ុណ្ណោះ។

យើង​គួរ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​ព្រះ​បន្ទូល​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​តាមរយៈ​សាវ័ក ប៉ុល ក្នុង​កណ្ឌគម្ពីរ​២កូរិនថូស​៨ និង​តាម​គំរូ​ក្រុម​ជំនុំ​ម៉ាសេដូន​ទាក់ទង​នឹង​ការ​ឲ្យ។ ជំនួស​ការ​បង្រៀន​ឲ្យ​ថ្វាយ​ដោយ​ពឹង​លើ​ក្រឹត្យវិន័យ​ទៅ​កាន់​ពួក​បរិសុទ្ធ​នៅ​ក្នុង​ក្រុម​ជំនុំ ចូរ​ឲ្យ​យើង​ទុកចិត្ត​លើ​ព្រះ​ដែល​បាន​និពន្ធ និង​រក្សា​ទុក​ព្រះ​បន្ទូល (អេសាយ ៤០:៨; ២ធីម៉ូថេ ៣:១៦-១៧) ឲ្យ​ព្រះ​អង្គ​ធ្វើ​ការ​យ៉ាង​អស្ចារ្យ​តាមរយៈ​សេចក្ដី​ពិត​ដ៏​ត្រឹមត្រូវ​របស់​ទ្រង់ ក្នុង​ការ​ឲ្យ​រាស្ត្រ​ទ្រង់​អនុវត្ត។

ដោយ​ពឹង​លើ​ការ​និពន្ធ​របស់​សាវ័ក ប៉ុល ដែល​មាន​ពីរ​ជំពូក​យ៉ាង​ច្បាស់លាស់​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញាថ្មី​ទាក់ទង​នឹង​ការ​ឲ្យ ដែល​យើង​គួរ​មើល​ដោយ​យក​ចិត្ត​ទុក​ដាក់ ខាង​ក្រោម​នេះ​គឺ​ជា​របៀប​ដប់​យ៉ាង​ដែល​យើង​គួរ​ឲ្យ​ទៅ​កាន់​ក្រុម​ជំនុំ​សព្វថ្ងៃ​នេះ។ មិនមែន​ជា​ការ​ថ្វាយ​តង្វាយ​១ភាគ​១០​ទេ…ប៉ុន្តែ​ជា​ការ​ឲ្យ៖

១. ជា​លទ្ធផល​នៃ​ព្រះ​គុណ​ព្រះ​ជាម្ចាស់ (២កូរិនថូស ៨:១)។
២. ក្នុង​គ្រា​លំបាក និង​ក្នុង​ពេល​ក្រីក្រ (២កូរិនថូស ៨:២ក, ២គ)។
៣. ដោយ​អំណរ​ជា​បរិបូរ (២កូរិនថូស ៨:២ខ; ៩:៧)។
៤. អាស្រ័យ​លើ​លទ្ធភាព មិនមែន​លើ​ការ​បង្គាប់​បញ្ជា​ដែល​មាន​កំណត់​ភាគរយ​នោះ​ទេ (២កូរិនថូស ៨:៣ក)។
៥. ដោយ​មាន​ការ​លះបង់ (២កូរិនថូស ៨:៣ខ)។
៦. ស្ម័គ្រ​ចិត្ត មិនមែន​បង្ខំ ឬ​ការ​ចាញ់​ឧបាយកល (២កូរិនថូស ៨:៣គ; ៩:៧)។
៧. ដោយ​មាន​ចិត្ត​ចង់​រួម​ចំណែក​ក្នុង​ព័ន្ធកិច្ច​ដំណឹង​ល្អ (២កូរិនថូស ៨:៤)។
៨. ចេញពី​ការ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​អម្ចាស់ (២កូរិនថូស ៨:៥ក)។
៩. ដោយ​សប្បុរស​តាម​ដែល​ព្រះ​អម្ចាស់​ផ្គត់ផ្គង់ (២កូរិនថូស ៩:៦)។
១០. ដោយ​ទុកចិត្ត​លើ​ព្រះ​ជាម្ចាស់​ក្នុង​ការ​ប្រទាន​នូវ​អ្វី​ដែល​លោកអ្នក​បាន​ឲ្យ ដើម្បី​ឲ្យ​លោកអ្នក​កាន់តែ​អាច​ឲ្យ​ថែម​ទៀត​បាន (២កូរិនថូស ៩:១០-១១)។

សេចក្ដី​បង្រៀន​របស់​សាវ័ក ប៉ុល នាំ​មក​នូវ​ការ​បន្ធូរ​ចិត្ត​យ៉ាង​ខ្លាំង ដ្បិត​សេចក្ដី​បង្រៀន​របស់​គាត់​នាំ​មក​នូវ​ចំណុច​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​សេចក្ដី​អធិប្បាយ​របស់​គ្រូ​គង្វាល​ជា​ច្រើន​ដែល​ពួកគាត់​ដក​ខគម្ពីរ​ខុស​បរិបទ ក្នុង​ព្រះ​គម្ពីរ​សញ្ញាចាស់​យក​មក​ឲ្យ​ក្រុម​ជំនុំ​អនុវត្ត​តាម​បំណង​ចិត្ត ដែល​ពួកគាត់​ចង់​ឲ្យ​ក្រុម​ជំនុំ​ធ្វើ។ ដូច​ដែល​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់​ដោះ​ចោល​នូវ​ភាព​ជាប់​ទោស​ចាស់​នៃ​ក្រឹត្យវិន័យ​ចោល ហើយ​ក៏​ចាក់​ព្រះ​គុណ​បង្ហូរ​លើ​ក្រុម​ជំនុំ​ថ្មី​ដូច្នោះ​ដែរ ព្រះ​គម្ពីរ​សញ្ញាថ្មី​ក៏​បាន​ណែនាំ​តាម​លក្ខណៈ​បែប​សេរី សប្បុរស និង​ផ្ដោត​ទៅ​លើ​ដំណឹង​ល្អ​ផង​ដែរ។ ការ​តម្រូវ​ឲ្យ​ក្រុម​ជំនុំ​អនុវត្ត​ការ​ថ្វាយ​តង្វាយ​១០% គឺ​មិន​មែន​គ្រាន់តែ​ជា​របៀប​នៃ​ការ​កាត់​ស្រាយ​ព្រះ​បន្ទូល​មិន​ស៊ី​គ្នា​នោះ​ទេ ប៉ុន្តែ​ការ​ធ្វើ​បែប​នោះ​ក៏​ជា​ការ​ដាក់​ដែន​កំណត់​ដ៏​តិច​តួច​ពេក—ពេល​ដែល​លោកអ្នក​គិត​អំពី​ការ​ដែល​ក្រុម​ជំនុំ​លើក​ទឹក​ចិត្ត​ឲ្យ​ថ្វាយ​ដោយ​សប្បុរស។ ការ​ឲ្យ​គឺ​មិន​ពាក់ព័ន្ធ​ទៅ​នឹង​ក្រឹត្យវិន័យ​នោះ​ទេ ប៉ុន្តែ​គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ដួងចិត្ត។ សមាជិក​ក្រុម​ជំនុំ​ម៉ាសេដូន​សុទ្ធតែ​ជា​អ្នក​ក្រីក្រ ប៉ុន្តែ​ពួក​គាត់​បាន​ឲ្យ​ហាក់​បី​ដូច​ខ្លួន​ជា​អ្នក​មាន​អញ្ចឹង។ ពួកគាត់​មិន​បាន​លុត​ដំ​ខ្លួន​ឯង​ក្នុង​ការ​ត្រាប់តាម​ក្រឹត្យវិន័យ​នោះ​ទេ ប៉ុន្តែ​គាត់​មាន​អំណរ​ក្នុង​អភ័យ​ឯកសិទ្ធិ​នៃ​ការ​រស់នៅ​ក្រោម​ការ​ដឹកនាំ​ពី​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់​វិញ។ នេះ​គឺ​ជា​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​នៃ​របៀប​ដែល​គ្រីស្ទ​បរិស័ទ​ឲ្យ​ក្នុង​សេចក្ដី​តាំង​សញ្ញាថ្មី។

ពេល​ដែល​យើង​មាន​ការ​យល់​ដឹង​ដ៏​ត្រឹមត្រូវ​លើ​បរិ​បទ ហើយ​បង្រៀន​ដោយ​ស្មោះត្រង់​ដោយ​មាន​ការ​ដឹង​ជាក់​ក្នុង​ចិត្ត នោះ​យើង​នឹង​ឃើញ​ថា ព្រះ​គម្ពីរ​បាន​ផ្ដល់​ដល់​យើង​នូវ​រាល់​អ្វីៗ​ដែល​យើង​ត្រូវការ ដើម្បី​ឲ្យ​យើង​គិត​ដោយ​មាន​ភាព​ស៊ី​សង្វាក់​គ្នា​នឹង​ព្រះ​គម្ពីរ និង​មាន​តុល្យភាព​ទាក់ទង​នឹង​ការ​ធ្វើ​ជា​អ្នក​ឲ្យ​ដោយ​សប្បុរស។

និពន្ធដោយ៖ លោកគ្រូ Costi-W-Hinn
បកប្រែដោយ៖ លោក ឈាង បូរ៉ា និង​លោក ទេព រ៉ូ
កែសម្រួលដោយ៖ លោក ជឿ ជីវិចន្ធា និង​លោក វ៉ែល ណាថាន
ដកស្រង់ខ្លះៗចេញពី www.forthegospel.org ដោយមានការអនុញ្ញាត។
ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
អំពី​អ្នក​និពន្ធ៖ លោកគ្រូ Costi W. Hinn ជា​គ្រូគង្វាល​រៀមច្បង​នៅ​ព្រះវិហារ Mission Bible នៅ Orange County រដ្ឋ​កាលីហ្វញ៉ា។ គាត់​មាន​ការ​ឆេះឆួល​ក្នុង​ការ​ពង្រឹង និង​បង្ហាត់​ឲ្យ​គ្រីស្ទបរិស័ទ​រស់នៅ​ដោយ​មាន​ភាព​ក្លាហាន​សម្រាប់​ព្រះយេស៊ូវគ្រីស្ទ។ ទាក់ទង​នឹង​ប្រវត្តិ និង​ជំនាញ​របស់​គាត់ គាត់​បង្រៀន​មនុស្សម្នា​នៅ​ជុំវិញ​ពិភពលោក​នេះ​អំពី​របៀប​នៃ​ការ​ដោះស្រាយ​ដំណឹងល្អ​ដែល​សន្យា​ភាព​ចម្រុងចម្រើន។ គាត់​មាន​ចំណែក​ក្នុង​ការ​ចូលរួម​និពន្ធ​សៀវភៅ Defining Deception ជាមួយនឹង​អ្នកនិពន្ធ​ម្នាក់ទៀត ហើយ​គាត់​ក៏បាន​និពន្ធ​សៀវភៅ God, Greed, and the (Prosperity) Gospel (Zondervan, ខែសីហា ឆ្នាំ២០១៩)។ ប៉ុស្តិ៍​ទូរទស្សន៍ CNN បាន​ចាក់​ផ្សាយ​អំពី​ការងារ​របស់​គាត់ ទស្សនាវដ្ដី Christianity Today និង​កន្លែង​បោះ​ពុម្ព​ផ្សេងៗ​ទៀត​ក៏បាន​ចាក់​ផ្សាយ​អំពី​ការងារ​របស់​គាត់​ផង​ដែរ។ លោកគ្រូ Costi បាន​បញ្ចប់​ការសិក្សា​របស់​គាត់​នៅ​ឯ​មហាវិទ្យាល័យ Dallas Baptist ហើយ​ឥឡូវនេះ​កំពុង​រៀន​បន្ត​យក​បណ្ឌិត​ពីរ​ទៀត​នៅ​ឯ​សាលា​ព្រះគម្ពីរ Midwestern Baptist Theological។ សព្វ​ថ្ងៃ​នេះ គាត់​ស្នាក់នៅ Irvine រដ្ឋ​កាលីហ្វញ៉ា ជាមួយនឹង​ប្រពន្ធ និង​កូន​៣​នាក់​របស់​គាត់។
លោកអ្នក​អាច​បង្កើត​ទំនាក់ទំនង​ជាមួយនឹង​គាត់​បាន​នៅ​លើ​បណ្ដាញ Twitter និង Facebook។
image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

0 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ឈើឆ្កាង​គឺ​ជា​អ្វី​ដែល​ធ្វើ​ឡើង​ដោយ​យើង

ក្រោម​ព្រះ​ហស្ត​ដ៏​ពូកែ​របស់​ព្រះ​