ប្រសិនបើខ្ញុំអានព្រះគម្ពីរ ប៉ុន្តែមិនមានអារម្មណ៍អ្វីសោះក្នុងការស្រឡាញ់ ដែលស៊ីគ្នាជាមួយនឹងតម្លៃ ភាពស្រស់ស្អាត និងអំណរដែលពាក្យពេចន៍ទាំងនេះគួរនាំឲ្យមានមកកាន់ខ្ញុំ តើមានអ្វីដែលខ្ញុំគួរធ្វើបន្ទាប់ពីការអានដែរឬទេ? ឬក៏ថា ខ្ញុំគ្រាន់តែត្រូវរងចាំ ហើយឲ្យបទពិសោធន៍ហ្នឹងកើតឡើងចំពោះខ្ញុំនៅឯអនាគត? សូមលោកគ្រូជួយឆ្លើយ។
ខ្ញុំសប្បាយចិត្តណាស់ដែលមានគេសួរសំណួរដូចនេះ ពីព្រោះនោះគឺជាអ្វីដែលខ្ញុំបានគិតថ្មីៗនេះ។ ខ្ញុំបានសញ្ជឹងគិតលើកណ្ឌគម្ពីរសុភាសិត ហើយខ្ញុំគិតថា ជំពូកដែលខ្ញុំកំពុងតែគិតលើ គឺអ្នកនិពន្ធបានលើកឡើង ដើម្បីជួយឆ្លើយសំណួរនេះ។
ខ្ញុំបានសញ្ជឹងគិតលើកណ្ឌគម្ពីរ (សុភាសិត ២២:១៧-២៤:២២)។ ប្រសិនបើលោកអ្នកអានកណ្ឌគម្ពីរ (សុភាសិត ២២:២០) ដែលបានចែងថា «អញបានកំណត់ទុកសេចក្ដីដ៏វិសេសសម្រាប់ឯង គឺជាសេចក្ដីទូន្មាន ហើយនិងតម្រិះមិនមែនឬ»។ គេបានផ្គុំសេចក្ដីទូន្មាន ៣០ដងនេះជាក្រុម។ នៅពេលដែលមានប្រធានបទថ្មី នោះសេចក្ដីទូន្មានថ្មី ហើយនៅក្នុងប៉ុន្មានខនេះមាន ៣០នៃសេចក្ដីទូន្មាននោះ។ ខ១៧គឺជាកន្លែងដែលសេចក្ដីទូន្មាននេះបានចាប់ផ្ដើម ហើយខនោះមានចែងដូចតទៅ៖ «ចូរផ្ទៀងត្រចៀក ស្តាប់ពាក្យសម្ដីនៃមនុស្សដែលមានប្រាជ្ញា» ភាគច្រើនគេហៅខគម្ពីរដូចនេះថា «ពាក្យសម្ដីរបស់មនុស្សដែលមានប្រាជ្ញា»។
ហេតុអ្វីបានជាខ្ញុំគិតថា ទំនងពីរទៅបីខដំបូង ឬក៏ក្នុងវគ្គថ្មីនៃសេចក្ដីទូន្មានទាំង៣០នេះ គឺត្រូវបានសរសេរឡើងដើម្បីឆ្លើយសំណួរនេះ៖ តើយើងអាចឮពាក្យពេចន៍ទាំងនេះដោយរបៀបណា ហើយថាតើយើងអាចមានអារម្មណ៍ក្នុងការឲ្យតម្លៃបានដោយរបៀបណា?
ផ្ទៀងចូល
សូមអានកណ្ឌគម្ពីរ (សុភាសិត ២២:១៧-១៨) ជាមួយខ្ញុំ៖
«ចូរផ្ទៀងត្រចៀក ស្តាប់ពាក្យសម្ដីនៃមនុស្សដែលមានប្រាជ្ញា
ហើយផ្ចង់ចិត្តចំពោះតម្រិះរបស់អញចុះ
ដ្បិតបើឯងរក្សាទុកសេចក្ដីនោះនៅក្នុងខ្លួន នោះសប្បាយហើយ
គឺបើសេចក្ដីនោះស្ថិតនៅជាប់នឹងបបូរមាត់ឯង»។
សូមកត់សម្គាល់លើចំណុចពីរយ៉ាង។ ប្រយោគដំបូងបានចែងថា៖ «ចូរផ្ទៀងត្រចៀក ស្តាប់ពាក្យសម្ដីនៃមនុស្សដែលមានប្រាជ្ញា»។ ច្បាស់ណាស់ ចំណុចនេះគឺថា មានពាក្យពេចន៍ដែលកំពុងតែលើកឡើង ហើយលោកអ្នកក៏គួរតែ ផ្ទៀងចូល និងផ្ទៀងត្រចៀកស្ដាប់។ និយាយឲ្យចំទៅ៖ ប្រសិនបើយើងមិនអាចស្ដាប់ឮ តើយើងធ្វើអ្វីនៅពេលដែលលោកអ្នកមិនឮ? គឺលោកអ្នកផ្ទៀងត្រចៀកស្ដាប់។ យើងងាកចូល ដើម្បីផ្ទៀងស្ដាប់បន្ថែម។
ប៉ុន្តែ យើងក៏ធ្វើបែបនោះជាមួយនឹងចំណាប់អារម្មណ៍របស់យើងផងដែរ។ ប្រសិនបើលោកអ្នកកំពុងតែអានពាក្យពេចន៍ ឬក៏លោកអ្នកកំពុងតែឮពាក្យសម្ដី ហើយកំពុងតែមានពាក្យហោះឆ្លងកាត់លោកអ្នក នោះអ្នកនិពន្ធកំពុងតែមានប្រសាសន៍ថា «កុំឲ្យវាគ្រាន់តែហោះកាត់។ កុំឲ្យវាឆ្លងឲ្យសោះ។ ចូរផ្ទៀងដោយយកចិត្តទុកដាក់ មានការប្រុងប្រយ័ត្ន ការផ្ដោតអារម្មណ៍លើពាក្យពេចន៍ទាំងនោះ ពីព្រោះពាក្យពេចន៍ទាំងនោះនឹងបង្កើតចំណេះដឹងនៅក្នុងខួរក្បាលរបស់លោកអ្នក»។
ភ្ញាក់ឡើង
ឃ្លាបន្ទាប់លើកឡើងថា «ហើយផ្ចង់ចិត្តចំពោះតម្រិះរបស់អញចុះ»។ ដូច្នេះ ចំណេះដឹងគឺជាអ្វីដែលលេចជារូបរាងឡើងក្នុងខួរក្បាលនូវគំនិតខ្លះ—ការណែនាំអំពីអ្វីមួយដែលមានតម្លៃ សំខាន់ ឬក៏ពេញដោយប្រាជ្ញា ដែលគាត់នឹងលើកឡើងមកនិយាយ—ដែលកំពុងតែមានតាមរយៈពាក្យពេចន៍ ដែលចូលត្រចៀករបស់លោកអ្នក ហើយបង្កើតឲ្យមានចំណេះដឹង។
ហើយនេះគឺជាឥទ្ធិពល៖ «នោះសប្បាយហើយ»។ ហើយខ្ញុំយល់ថា បេះដូងគឺជាសរីរាង្គនៃការអរសប្បាយ។ ហើយនោះគឺជាសំណួរ ត្រូវអត់? តែខ្ញុំអាចមានបទពិសោធន៍នៃការអរសប្បាយក្នុងរបៀបឲ្យតម្លៃ រាប់ជាទ្រព្យ ស្រឡាញ់ ឱបក្រសោប និងទទួលបានការស្កប់ចិត្តក្នុងអ្វីដែលខ្ញុំយល់ឃើញតាមរយៈពាក្យពេចន៍បានដោយរបៀបណា? ហើយអ្នកនិពន្ធបានលើកឡើងថា របៀបដែលលោកអ្នកអាចធ្វើការនោះបានគឺតាមរយៈការអនុវត្តនៅក្នុងចិត្ត។
ឥឡូវ ខ្ញុំនឹងពន្យល់បន្ថែមទៀតអំពីអត្ថន័យនេះ។ ប៉ុន្តែ សូមដឹងថា អ្នកនិពន្ធនេះ ជាអ្នកនិពន្ធដែលព្រះវិញ្ញាណបានបណ្ដាលឲ្យតែង គឺគាត់កំពុងតែឆ្លើយលើសំណួរនេះថា «បាទ»។ តើមានអ្វីដែលលោកអ្នកអាចធ្វើ ដើម្បីបញ្ជូនអ្វីដែលត្រចៀកកំពុងតែផ្ទៀងស្ដាប់ពាក្យពេចន៍ និងខួរក្បាលដែលកំពុងតែបង្កើតចំណេះដឹងឲ្យក្លាយជាបទពិសោធន៍នៅក្នុងចិត្ត ដែលមាននៅអំណរនៃអ្វីដែលមាននៅក្នុងពាក្យពេចន៍នោះ? តើមានអ្វីដែលលោកអ្នកអាចធ្វើបានទេ? ហើយចម្លើយរបស់គាត់គឺថា «មាន»។ ហើយពាក្យពេចន៍ដែលគាត់បានប្រើប្រាស់គឺថាឲ្យលោកអ្នក «យកចិត្តអនុវត្តនូវអ្វីដែលត្រចៀកបានឮ និងចំណេះដឹងដែលកំពុងតែចេញជារូបរាងនៅក្នុងខួរក្បាលរបស់លោកអ្នក»។
តើការនេះមានន័យយ៉ាងដូចម្ដេច? ពាក្យ «ផ្ចង់ចិត្ត» ក្នុងភាសាហេប្រឺ «បាលីបឆា ថាសិត» (Balibbcha tashit) មានអត្ថន័យចំៗថា «ដាក់» «ដាំ» «បណ្តាលឲ្យ» «ជំរុញ» «បញ្ឈរ» ឬក៏ «តាំង»។ ដូច្នេះ លោកអ្នកយកចិត្តជំរុញវា។ លោកអ្នកតាំងវាជាមួយនឹងអ្វីដែលភ្នែកលោកអ្នកបានឃើញ ឬឮដោយត្រចៀក។ លោកអ្នករុញច្រមុះនៃបេះដូងឲ្យចូលទៅក្នុងភាពស្រស់ស្អាតនៃចំណេះដឹង។
ប្រសិនបើបេះដូងរបស់លោកអ្នកមិនមានអារម្មណ៍អ្វីសោះ នោះលោកអ្នកអាចនិយាយទៅកាន់បេះដូងថា «ឱបេះដូងអើយ សូមភ្ញាក់ឡើង»។ ហើយបន្ទាប់មក លោកអ្នកយកចិត្តអនុវត្ត។ លោកអ្នកបណ្ដាលឲ្យវាអនុវត្ត។ លោកអ្នកដាក់វាចូលទៅក្នុងចំណេះដឹង។ លោកអ្នកជំរុញវាចូល។ ពិតណាស់ មានអ្វីដែលលោកអ្នកអាចធ្វើបានមែន។
បន្តភ្លក់ និងមើលទៀត
នេះគឺជាការប្រៀបធៀប។ ឧបមាថាលោកអ្នកចង់ភ្លក់សាច់គោអាំង។ លោកអ្នកអាចឮសម្លេងស៊ឺៗពីខ្លាញ់ស្រក់លើបន្ទះអាំងចូលភ្លើង។ ដូច្នេះ លោកអ្នកក៏ចេញទៅក្រៅ ហើយបន្ទាប់មកភ្នែករបស់លោកអ្នកក៏ឃើញខ្លាញ់ស្រក់ពីបន្ទះអាំងចូលភ្លើង ឮសម្លេងស៊ឺៗ។ ហើយប្រសិនបើលោកអ្នកអាចទៅដល់ជិតល្មម នោះច្រមុះលោកអ្នកក៏នឹងទំនងជាអាចហិតក្លិនខ្លាញ់ស្រក់លើបន្ទះអាំងចូលភ្លើង ឮសម្លេងស៊ឺៗដែរ ប៉ុន្តែលោកអ្នកក៏នៅមិនទាន់បានភ្លក់រសជាតិសាច់គោអាំងនោះនៅក្នុងមាត់នៅឡើយទេ។
តើមានអ្វីដែលលោកអ្នកនៅអាចធ្វើបានដែរឬទេ? នេះគឺជាសំណួរ។ នេះគឺជាចំណុចស្នូលនៃសំណួរពីខាងលើ។ តើមានអ្វីដែលលោកអ្នកនៅអាចធ្វើបានជាមួយនឹង «សាច់គោអាំងរបស់ព្រះជាម្ចាស់» ជាមួយនឹង «សាច់គោអាំងរបស់ព្រះគ្រីស្ទ» ជាមួយនឹង «សាច់គោអាំងនៃសេចក្ដីសង្គ្រោះ» ជាមួយនឹង «សាច់គោអាំងនៃព្រះបន្ទូលរបស់ព្រះ»—ព្រះបន្ទូលរបស់ព្រះអាទិករដែលគ្មានព្រំដែន? តើមានអ្វីដែលលោកអ្នកអាចធ្វើបាន ដើម្បីភ្លក់រសជាតិនោះដែរឬទេ?
លោកអ្នកដឹងចម្លើយហើយ៖ យកកាំបិតមកកាត់មួយដុំ ដាក់ចូលក្នុងមាត់ ទំពារហើយទំពារទៀត ហើយបន្ទាប់មកលេប នោះលោកអ្នកនឹងស្គាល់រសជាតិជាមិនខាន។ ដូច្នេះ លោកអ្នកនិយាយទៅកាន់បេះដូងថា «ឱបេះដូងអើយសូមញ៉ាំ! ឱបេះដូងអើយសូមញ៉ាំចុះ!»។
សូមអនុញ្ញាតឲ្យខ្ញុំលើកឡើងនូវឧទាហរណ៍មួយចំនួនទៀត។ ខ្ញុំកំពុងតែដើរទៅព្រះវិហារ។ ពេលនោះគឺជារដូវចម្រូត។ កាលនេះបានកើតឡើងប្រមាណជាពីរអាទិត្យមុន។ ដើមស្រូវ និងគួរស្រូវនៅជុំវិញផ្ទះអ្នកជិតខាងរបស់ខ្ញុំមានពណ៌លឿងក្រហមឆ្អៅ ដែលមិនគួរឲ្យជឿសោះ ហើយព្រះអាទិត្យក៏កំពុងតែរះលើវាដែរ ហើយកាលនោះហួសរដូវចម្រូតបន្តិច—ខ្យល់ក៏បក់រវេចៗលើសធម្មតាដែរ។ គួរស្រូវកំពុងតែបក់ចុះបក់ឡើងភ្លឹបភ្លែតៗ ហើយវាពិតជាស្រស់ស្អាតមែន។
ប៉ុន្តែ កាលនោះខ្ញុំកំពុងតែដើរទៅព្រះវិហារ ដើម្បីចូលរួមការប្រជុំអធិស្ឋាន ហើយក៏មិនបានចាប់អារម្មណ៍អ្វីដែរ។ ភ្នែករបស់ខ្ញុំកំពុងតែឃើញព្រឹត្តិការណ៍នោះ ប៉ុន្តែខ្ញុំក៏មិនបានឃើញវាដែរ។ តើមានអ្វីបានកើតឡើង? គឺខ្ញុំបានបង្អង់ឈប់សិន។ ព្រះគុណរបស់ព្រះជាម្ចាស់បានបង្អង់ឲ្យខ្ញុំឈប់។ ឯកសារនេះក៏បានបណ្ដាលឲ្យខ្ញុំ និងលោកអ្នកបង្អង់ឈប់សិនដែរ។ លោកអ្នកក៏បានមើល ឬក៏ស្រមៃឃើញព្រឹត្តិការណ៍នេះម្ដងហើយម្ដងទៀត។ លោកអ្នកផ្ទៀងចូល ហើយនិយាយថា «ឱបេះដូងអើយ នោះគឺជាពណ៌លឿងទុំ។ នោះគឺជាពណ៌លឿង។ វាធ្លាប់មានពណ៌បៃតង ហើយឥឡូវនេះវាមានពណ៌លឿង ពណ៌លឿងទុំដូចមាស ហើយព្រះអាទិត្យក៏កំពុងតែធ្វើឲ្យវាមានពណ៌ចែងចាំងផងដែរ។ ហើយវាក៏កំពុងតែរេទៅមកតាមទំនោរខ្យល់បក់ ហើយព្រះជាម្ចាស់កំពុងតែព្យាយាមទាក់ទាញចំណាប់អារម្មណ៍របស់លោកអ្នក គឺព្រះអង្គកំពុងតែមានបន្ទូលថា “សិរីល្អរបស់ព្រះជាម្ចាស់កំពុងតែចែងចាំងនៅទីនេះ”។ ឱបេះដូងអើយ សូមមើល»។ ហើយលោកអ្នកយកច្រមុះនៃបេះដូងរបស់លោកអ្នកឲ្យចូលកៀកគួរស្រូវនោះ។
ហើយពេលខ្ញុំបានត្រឡប់មកផ្ទះវិញពីរបីថ្ងៃក្រោយមក ខ្ញុំក៏បានឃើញព្រឹត្តិការណ៍ដូចនេះពីរបីដងទៀត គឺវាពិតជាស្រស់ស្អាតណាស់ នៅពេលដែលខ្ញុំមើលវាលស្រែទាំងនោះ ខ្ញុំក៏បាននិយាយថា «ស្អាតណាស់ៗ»។ ហើយខ្ញុំក៏បានចំណាយពេលដើរនៅក្នុងវាលស្រែនោះ ហើយអោនចុះ សម្លឹងមើលគួរស្រូវ។ ហើយខ្ញុំក៏បានដើរចេញឲ្យរាងឆ្ងាយ បន្ទាប់មកក៏ក្រឡេកមើលវាពីរបីដងទៀតដែរ។ ហើយខ្ញុំក៏បានទាញយកទូរស័ព្ទ ដើម្បីព្យាយាមថតរូបពីជ្រុងខុសៗគ្នា។ ហើយខ្ញុំក៏ថែមទាំងបានមើលវាលស្រែនោះ ចេញពីជ្រុងខាងក្រោយផ្ទះអ្នកជិតខាងខ្ញុំដែរ។
សូមផ្ទៀងចិត្ត
នេះគឺជាការជំរុញចិត្តយើងឲ្យមើលឃើញការបើកសម្ដែងដ៏ស្រស់ស្អាតតាមរយៈធម្មជាតិ។ លោកអ្នកក៏ត្រូវធ្វើដូចនោះជាមួយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ ឧបមាថាគេបានឲ្យគ្រាប់ពេជ្រមួយគ្រាប់មកលោកអ្នក។ លោកអ្នកបានឃើញគ្រាប់ពេជ្រនោះ ប៉ុន្តែលោកអ្នកក៏មិនបានឃើញគ្រាប់ពេជ្រនោះដែរ ដូច្នេះលោកអ្នកត្រូវតែនិយាយទៅកាន់បេះដូងថា «ឱបេះដូងអើយ សូមបង្វិលមើលគ្រាប់ពេជ្រនេះ។ សូមមើលគ្រាប់ពេជ្រពីចំហៀងខាងនេះ និងចំហៀងខាងនោះចុះ»។
ហើយនៅពេលដែលបុគ្គលដែលបានកើតជាថ្មីមើលផ្នែកទី២នៃកណ្ឌគម្ពីរ (សុភាសិត ២២:១៧)—«ហើយផ្ចង់ចិត្តចំពោះតម្រិះរបស់អញចុះ» គឺ «ផ្ចង់ចិត្តឯង ហើយផ្ចង់ចិត្តទៀត»—នោះមិនមានអ្វីដែលលោកអ្នកអាចធ្វើបាន ក្រៅពីការអធិស្ឋានទេ។ នៅពេលដែលលោកអ្នកកំពុងតែអធិប្បាយទៅកាន់បេះដូងរបស់អ្នក ហើយកំពុងតែនិយាយទៅកាន់បេះដូងរបស់លោកអ្នកថា «ឱបេះដូងអើយ សូមក្រោកឡើង សូមភ្ញាក់ឡើង។ ឱបេះដូងអើយ សូមមើលការនេះ។ ឱបេះដូងអើយ សូមស្គាល់អារម្មណ៍នេះ។ នេះពិតជាស្អាតណាស់។ ឱបេះដូងអើយ សូមភ្ញាក់ឡើង»។ នេះមានន័យថា លោកអ្នកកំពុងតែអធិស្ឋាន។ លោកអ្នកមិនគ្រាន់តែកំពុងនិយាយទៅកាន់បេះដូងទៀតទេ—ទោះបីលោកអ្នកកំពុងតែនិយាយសំដៅទៅកាន់បេះដូងមែន ពីព្រោះនោះគឺជាអ្វីដែលខគម្ពីរកំពុងតែប្រាប់ឲ្យលោកអ្នកធ្វើ៖ ចូលផ្ទៀងចិត្តឯងចុះ។ ប៉ុន្តែ លោកអ្នកក៏កំពុងតែអធិស្ឋានថា «ឱព្រះជាម្ចាស់អើយ សូមជួយទូលបង្គំផង។ សូមបើកភ្នែកទូលបង្គំ»។
ប្រសិនបើលោកអ្នកកំពុងតែអាន ឬក៏ស្ដាប់អត្ថបទនេះ ហើយលោកអ្នកលើកឡើងថា «ខ្ញុំបានព្យាយាមធ្វើដូច្នោះហើយ ប៉ុន្តែវាមិនបានដំណើរការសម្រាប់ខ្ញុំសោះ» ឬក៏ថា «ខ្ញុំទាំងមិនដឹងថា លោកគ្រូកំពុងតែលើកឡើងអំពីអ្វីផង» ដូច្នេះ សូមអនុញ្ញាតឲ្យខ្ញុំលើកទឹកចិត្ត និងទូលអង្វរចំពោះលោកអ្នកសិនបានទេ? លោកអ្នកទំនងជាមិនដឹងអ្វីទាល់តែសោះទាក់ទងនឹងចំណុចនេះ ហាក់បីដូចជាកូនក្មេងម្នាក់ដែលមិនដឹងអំពីរឿងរបស់មនុស្សធំ ដូចជាទាក់ទងទៅនឹងការរួមដំណេក។ ដូច្នេះ លោកអ្នកជ្រើសរើសយកការប្រៀបប្រដូចមួយផ្សេងទៀត។ លោកអ្នកទំនងជាមិនដឹងអ្វីទាល់តែសោះ ដែលនេះមានន័យថា លោកអ្នកត្រូវការអនុវត្ត។ ខ្ញុំសូមអង្វរ៖ កុំទាន់បោះបង់ការព្យាយាមចោលឡើយ។ សូមកុំទាន់និយាយថា ខ្លួនមិនអាចមានសមត្ថភាពធ្វើការនេះ ដើម្បីឲ្យស្គាល់ភាពស្រស់ស្អាតនៃចំណេះដឹងរបស់ព្រះជាម្ចាស់ នៅក្នុងព្រះគម្ពីរ និងចំណេះដឹងនៃរបៀបរបស់ទ្រង់ឡើយ។ ខគម្ពីរនេះគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅកាន់លោកអ្នក។ ចូរផ្ទៀងចិត្តអនុវត្តចុះ។
ប្រសិនបើខ្ញុំអានព្រះគម្ពីរ ប៉ុន្តែមិនមានអារម្មណ៍អ្វីសោះក្នុងការស្រឡាញ់ ដែលស៊ីគ្នាជាមួយនឹងតម្លៃ ភាពស្រស់ស្អាត និងអំណរដែលពាក្យពេចន៍ទាំងនេះគួរនាំឲ្យមានមកកាន់ខ្ញុំ តើមានអ្វីដែលខ្ញុំគួរធ្វើបន្ទាប់ពីការអានដែរឬទេ…
មតិយោបល់
Loading…