អត្ថន័យជាមូលដ្ឋាននៃពាក្យ ការកម្សាន្តសប្បាយ គឺមានន័យថា «ការជាប់»។ វាជាពាក្យដែលគេប្រើ ដើម្បីពិពណ៌នា អំពីការជាប់ចិត្តនឹងអ្វីមួយ។ ការកម្សាន្តគឺជាការដែលមនុស្សម្នាក់ជាប់ចិត្ត ឬជាប់អារម្មណ៍។ ហើយយើងថា ធម្មជាតិរបស់យើងគឺជាប់ចិត្តនឹងការអង្គុយមើលទូរទស្សន៍ ខ្លាំងជាងការបញ្ចេញពលកម្ម។ ការកម្សាន្តសប្បាយធ្វើឲ្យយើងជាប់ចិត្តដិតអារម្មណ៍។ ប៉ុន្តែ ការកម្សាន្តសប្បាយរហ័សទាន់ចិត្ត ដែលយើងអាចទទួលនៅពេលណាក៏បាន ដោយគ្រាន់តែយកម្រាមដៃចុចលើអេក្រង់ ក៏បាននាំឲ្យគេចោទជាសំណួរដ៏សំខាន់ថា យើងកំពុងតែជាប់ចិត្តនឹងអ្វីជាងគេ។ តើយើងនឹងមានការជាប់ចិត្តចំពោះព្រះ ខ្លាំងជាងរឿងហូលីវូឌឬទេ? ខាងក្រោមនេះជាសំណួររបស់ប្រិយមិត្តអ្នកអានម្នាក់ឈ្មោះ រ៉ូ។
«សួស្តី! លោកគ្រូ ខ្ញុំដឹងថា ខ្ញុំបានទូលសូមព្រះគ្រីស្ទ ឲ្យទទួលយកចិត្ត និងជីវិតរបស់ខ្ញុំហើយ។ ខ្ញុំក៏បានប្រែចិត្តចេញពីអំពើបាប ដោយអស់ពីចិត្តផងដែរ។ ខ្ញុំបានឈប់ធ្វើអំពើបាប ដោយស្ម័គ្រពីចិត្ត ហើយកំពុងខិតខំអស់ពីលទ្ធភាព ដើម្បីរស់នៅក្នុងជីវិតបរិសុទ្ធ។ ខ្ញុំសូមសួរលោកគ្រូ អំពីបំណងចិត្ត និងការស្កប់ចិត្តរបស់ខ្ញុំ ក្នុងការលត់ដំខាងឯវិញ្ញាណ និងការថ្វាយបង្គំ។ ខ្ញុំចូលចិត្តការកម្សាន្តសប្បាយ ខ្លាំងជាងការចំណាយពេលជាមួយព្រះ។ ខ្ញុំសូមចែកចាយការពិតនេះ ដោយស្មោះត្រង់។ ការចំណាយពេលជាមួយព្រះ គឺប្រៀបដូចជាការធ្វើពលកម្ម។ ការកម្សាន្តសប្បាយ គឺជាកន្លែងដែលខ្ញុំទៅរក ដើម្បីសម្រាកពីការងារមួយរយៈ។ ប៉ុន្តែ ខ្ញុំក៏មានការភ័យខ្លាចចំពោះវិញ្ញាណរបស់ខ្ញុំ ព្រោះអតីតកាលរបស់ខ្ញុំបានប្រាប់ខ្ញុំថា ខ្ញុំមិនបានប្រឹងប្រែងឲ្យបានល្មមគ្រប់គ្រាន់ ក្នុងការចំណាយពេលជាមួយព្រះ ហើយខ្ញុំនឹងមានការសោកស្តាយនៅពេលអនាគត។ តើការដែលខ្ញុំចូលចិត្តការកម្សាន្តសប្បាយ ខ្លាំងជាងការប្រកបស្និទ្ធស្នាលជាមួយព្រះ គ្រាន់តែជាបញ្ហានៃការដាក់វិន័យផ្ទាល់ខ្លួនឬ?»។
គ្មានរឿងអ្វីដែលសាមញ្ញនោះទេ។ សំណួរនេះពិតជាសំខាន់ណាស់ ហើយខ្ញុំរីករាយនឹងឆ្លើយសំណួរនេះ។ ទោះជាយ៉ាងណាក៏ដោយ យើងដឹងថា នៅចុងបញ្ចប់ យើងត្រូវតែដកពិសោធន៍ជាមួយនឹងការអស្ចារ្យ ដើម្បីអរសប្បាយក្នុងព្រះ ជាជាងអរសប្បាយក្នុងការកម្សាន្តក្នុងលោកីយ៍នេះតាមរយៈការកម្សាន្តសប្បាយដែរ។ យើងមិនអាចធ្វើអ្វីម្យ៉ាង ដើម្បីឲ្យការនេះកើតឡើងបានឡើយ។ វាជាអំណោយទានមកពីព្រះ។ តែព្រះទ្រង់បានប្រទានមកកាន់យើងនូវវិធី ដើម្បីទទួលអំណោយទាននោះ ដូចនេះខ្ញុំសូមឆ្លើយសំណួរនេះ ដូចតទៅ។
គ្រាន់តែជាការសម្រាកលម្ហែឬ?
រឿងមួយដែលខ្ញុំចង់និយាយនោះគឺថា ខ្ញុំដឹងថា មានមនុស្សមួយចំនួនដែលនឹងផ្តល់យោបល់ដល់លោក រ៉ូ ដោយគ្រាន់តែនិយាយថា «សូមស្តាប់ខ្ញុំសិន។ អ្នកនិយាយដូចមនុស្សក្រឹត្យវិន័យនិយម។ ចូរសម្រាក ហើយអរសប្បាយនឹងការកម្សាន្តសប្បាយ ដែលអ្នកមានអារម្មណ៍ថា វាហាក់ដូចជាគំរាមកំហែងមកលើភាពបរិសុទ្ធរបស់អ្នកអញ្ចឹង។ អ្នកមានភាពគ្រប់លក្ខណ៍ក្នុងព្រះយេស៊ូវ ព្រោះព្រះអង្គបានរាប់អ្នកជាសុចរិតហើយ។ ទោះអ្នកមើលរឿងអ្វី ឬអ្នកបានចំណាយពេលច្រើនប៉ុណ្ណា ក្នុងការមើលទូរទស្សន៍ ឬលេងវីដេអូហ្គេម ឬហ្វេសប៊ុក ឬយូធូបក្តី វាមិនមានបញ្ហាអ្វីទេ។ ចូរកុំតឹងរ៉ឹងចំពោះខ្លួនឯងពេក ចូរគ្រាន់តែអរសប្បាយនឹងសេរីភាព ដែលអ្នកមានក្នុងព្រះយេស៊ូវប៉ុណ្ណោះ»។
ការផ្ដល់យោបល់បែបនេះ មានបញ្ហា ព្រោះវាបានធ្វើឲ្យមនុស្សគិតថា ទំនាក់ទំនងរវាងការរាប់ជាសុចរិត និងការញែកជាបរិសុទ្ធ មានភាពផ្ទុយគ្នាទាំងស្រុង។ ព្រះយេស៊ូវ សាវ័កប៉ុល អ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរ និងអ្នកនិពន្ធកណ្ឌគម្ពីរសញ្ញាថ្មីដទៃទៀត បានពណ៌នាអំពីសេចក្តីពិតដ៏រុងរឿង ដែលថា ពេលដែលព្រះទ្រង់បានទទួលយកយើង គឺមានន័យថា ព្រះអង្គបានរាប់យើងជាសុចរិត ឬស្រឡាញ់យើង ដោយសារព្រះគុណព្រះអង្គ ដោយផ្អែកទៅលើព្រះគ្រីស្ទតែមួយអង្គ និងតាមរយៈជំនឿតែមួយគត់។ សេចក្តីពិតនេះបញ្ចេញអំណាចនៃភាពបរិសុទ្ធ ដែលយើងដកពិសោធន៍តាមរយៈសង្គ្រាមខាងឯវិញ្ញាណដ៏ធំមួយ ទាស់នឹងលោកីយ៍ សាច់ឈាម និងអារក្ស។
ខ្ញុំមិនយល់ឃើញថា ព្រះគម្ពីរសញ្ញាថ្មីធ្លាប់ប្រាប់យើង «ឲ្យធ្វើអ្វីៗដោយសេរី ដោយគ្មានការប្រុងប្រយ័ត្ន» នោះទេ។ តែព្រះគម្ពីរបានប្រាប់យើងឲ្យ «តយុទ្ធដល់ទីបញ្ចប់»។ ជាការពិតណាស់ ផ្នែកមួយនៃការតយុទ្ធនេះ គឺត្រូវអរសប្បាយ នៅក្រោមបន្ទុកស្រាល ហើយងាយរបស់ព្រះយេស៊ូវ។ ព្រះយេស៊ូវបានប្រាប់យើងឲ្យកាត់ដៃ ឬខ្វេះភ្នែកខ្លួនឯងចោល ជាជាងបណ្តោយខ្លួនឲ្យកម្សាន្តសប្បាយនឹងការត្រេកត្រអាល។ ព្រះអង្គមានបន្ទូលថា «អ្នកណាដែលស្រឡាញ់ឪពុក ឬម្តាយ ជាជាងខ្ញុំ នោះមិនគួរនឹងខ្ញុំទេ ហើយអ្នកណាដែលស្រឡាញ់កូនប្រុស ឬស្រី ជាជាងខ្ញុំ នោះក៏មិនគួរនឹងខ្ញុំដែរ» (ម៉ាថាយ ១០:៣៧)។ បើអ្នកមិនសម្លាប់កិច្ចការរបស់សាច់ឈាមទេ នោះមិនអាចរស់នៅខាងឯវិញ្ញាណបានឡើយ។ កណ្ឌគម្ពីរយ៉ូហានបានចែងថា«កុំឲ្យស្រឡាញ់លោកីយ៍ ឬរបស់អ្វីដែលនៅក្នុងលោកីយ៍នេះឲ្យសោះ បើអ្នកណាស្រឡាញ់លោកីយ៍ អ្នកនោះគ្មានសេចក្ដីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួនឡើយ» (១យ៉ូហាន ២:១៥)។
ពួកសេរីភាពនិយម ក្នុងសម័យបច្ចុប្បន្ន បានប្រើខួរក្បាលខ្លួនផ្ទុយពីព្រះគម្ពីរ ដើម្បីពណ៌នាថា គ្រីស្ទបរិស័ទអាចរស់នៅ ដោយសេរីភាព ព្រោះព្រះបានរាប់ពួកគេជាសុចរិតហើយ។ ពួកគេកំពុងនាំមនុស្សជាច្រើនឲ្យវង្វេង។ ខ្ញុំសូមអបអរលោក រ៉ូ ដែលបានយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ ចំពោះរឿងភាពបរិសុទ្ធផ្ទាល់ខ្លួន ហើយខ្ញុំសង្ឃឹមថា អ្នកនឹងមិនទទួលយកចម្លើយ សម្រាប់សំណួរនេះ ដោយឱបក្រសោបយកការបង្រៀនដែលផ្ទុយពីព្រះគម្ពីរនោះឡើយ។ វាមិនមែនជាដំណោះស្រាយដ៏ត្រឹមត្រូវទេ។
ការតយុទ្ធ ក្នុងការមើលឃើញ
តើយើងគួរធ្វើដូចម្ដេច? តើយើងគួរធ្វើដូចម្ដេច ពេលដែលយើងមានអារម្មណ៍ធុញទ្រាន់ ឬមិនពេញចិត្តនឹងការផ្ដោតទៅលើព្រះជាម្ចាស់ ព្រះគ្រីស្ទ និងព្រះវិញ្ញាណ និងព្រះរាជកិច្ចនៃការសង្គ្រោះរបស់ព្រះអង្គ ក្នុងលោកីយ៍នេះ? តើយើងគួរធ្វើដូចម្ដេច នៅពេលដែលការកម្សាន្តសប្បាយ នៅលើកញ្ចក់ទូរទស្សន៍ និងក្នុងខ្សែភាពយន្ត វីដេអូហ្គេម និងកីឡា មានលក្ខណៈគួរឲ្យទាក់ទាញ ឬមានភាពរំភើបរីករាយយ៉ាងខ្លាំង ពោលគឺគួរឲ្យចាប់អារម្មណ៍ជាងព្រះឆ្ងាយណាស់? តើយើងគួរតែធ្វើដូចម្ដេចទៅ?
បើអ្នកយល់ថា ការកម្សាន្តក្នុងលោកីយ៍មានលក្ខណៈគួរឲ្យទាក់ទាញជាង នោះអ្នកគួរតែញាប់ញ័រផង។ យើងប្រហែលជាគួរតែញាប់ញ័រផង។ ហើយមូលហេតុដែលយើងគួរតែញាប់ញ័រ គឺពីព្រោះការដែលមនុស្សចង់ជ្រើសរើសយកលោកីយ៍ គឺជាបញ្ហានៃពិភពលោកទាំងមូល។ មនុស្សខាងសាច់ឈាម មិនអាចទទួល ឬអរសប្បាយ ឬក៏ស្កប់ចិត្ត ឬមួយចាប់អារម្មណ៍ខ្លាំង ចំពោះសេចក្តីខាងឯព្រះវិញ្ញាណនោះឡើយ។ ព្រោះជាសេចក្តីល្ងង់ល្ងើដល់គេ (១កូរិនថូស ២:១៤)។ នេះជាលក្ខណៈសម្គាល់នៃមនុស្សខាងសាច់ឈាម។ ដូចនេះ ប្រសិនបើយើងមានអារម្មណ៍ដូចនេះ យើងគួរតែញាប់ញ័រ ព្រោះយើងកំពុងតែប្រព្រឹត្តដូចមនុស្សធម្មតាហើយ គឺមិនដូចកូនព្រះឡើយ។
មានអ្វីកំពុងតែរារាំងអ្នក (និងមនុស្សរាប់លាននាក់) មិនឲ្យមើលឃើញព្រះ និងផ្លូវរបស់ទ្រង់ ផ្អែកទៅលើសេចក្តីពិត ដែលថា ទ្រង់ជានរណា។ នៅក្នុងបទគម្ពីរ (២កូរិនថូស ៣:១៨) សាវ័ក ប៉ុល បានមានប្រសាសន៍ថា បើយើងឃើញព្រះអង្គ តាមសេចក្តីពិតដែលថា ទ្រង់ជានរណា នោះយើងក៏បាន «មើលសិរីល្អរបស់ព្រះអង្គ» ហើយយើងក៏នឹងបានផ្លាស់ប្រែ ដោយទទួលសិរីល្អថែមមួយកម្រិតទៀតដែរ។ មានអ្វីមួយកំពុងរារាំងអ្នក មិនឲ្យមើលឃើញ និងស្គាល់ព្រះ ដែលមានភាពស្រស់ស្អាត គួរឲ្យចាប់អារម្មណ៍ និងគួរឲ្យស្កប់ចិត្តទាំងស្រុង ក្នុងព្រះគ្រីស្ទ និងក្នុងការគ្រប់យ៉ាងដែលទ្រង់មានសម្រាប់យើង។ ក្នុងករណីរបស់អ្នក ខ្ញុំមិនដឹងថា ឧបសគ្គនោះជាអ្វីទេ។ តែនោះជាកន្លែងដែលយើងតយុទ្ធក្នុងសង្គ្រាម គឺសង្គ្រាម ដើម្បីឲ្យមើលឃើញបាន។ យើងចាំបាច់ត្រូវតែមើលឃើញ។
ខាងក្រោមនេះជា ការលើកទឹកចិត្តបីយ៉ាង ហើយព្រះអម្ចាស់ប្រហែលជានឹងប្រើការលើកទឹកចិត្តណាមួយ ក្នុងចំណោមការលើកទឹកចិត្តទាំងបីនេះ ក្នុងជីវិតអ្នក។
ចូរចែកចាយអំពីភាពស័ក្តិសមរបស់ព្រះ
ទី១ ចូរទូលសូមឲ្យព្រះអម្ចាស់នាំអ្នកទៅជួបមនុស្សម្នាក់ ដែលជាអ្នកមិនជឿ ជាអ្នកជឿថ្មី ឬជាគ្រីស្ទានដែលបានបែកចេញឆ្ងាយពីព្រះវិញ ដើម្បីឲ្យអ្នកអាចចែកចាយអស់ពីចិត្ត អំពីសេចក្តីពិតដែលចែងអំពីព្រះ ដែលពួកគេគួរតែដឹង ហើយនាំពួកគេងាកមករកព្រះ។ ស្តាប់មើលទៅ ការនេះហាក់ដូចជាផ្ទុយនឹងសភាវគតិរបស់អ្នក។ អ្នកមានអារម្មណ៍ថា ហាក់ដូចជាមិនចង់ធ្វើដូចនេះទេ។
ប៉ុន្តែ ខ្ញុំបានឃើញការនេះម្តងហើយម្តងទៀត ក្នុងជីវិតខ្ញុំ និងក្នុងទីបន្ទាល់របស់អ្នកដទៃ។ រនាំងក៏បានកើតមាន រវាងខ្ញុំ និងព្រះដែរ។ ពេលណាខ្ញុំធ្លាក់ចូលទៅក្នុងស្ថានភាពមួយ ដែលក្នុងនោះ សេចក្តីស្រឡាញ់ដែលខ្ញុំមានចំពោះព្រះ ត្រូវបានល្បងល ដោយសេចក្តីស្រឡាញ់ ដែលខ្ញុំមានចំពោះមនុស្ស និងបំណងចិត្តដែលខ្ញុំចង់ឲ្យពួកគេស្គាល់ព្រះ និងអរសប្បាយនឹងជីវិតអស់កល្ប។
រនាំងនោះ គឺផ្អែកទៅលើបទពិសោធន៍ដែលខ្ញុំមាន ក្នុងការស្គាល់សេចក្តីពិត និងភាពស្រស់ស្អាតរបស់ព្រះ។ ទោះអ្នកចង់ឬមិនចង់ក៏ដោយ ខ្ញុំសូមលើកទឹកចិត្តអ្នក ឲ្យទៅរកមនុស្សម្នាក់ ដែលមិនមែនជាអ្នកជឿ ដើម្បីប្រាប់ពួកគេឲ្យដឹងថា ព្រះយេស៊ូវស័ក្តិសមនឹងឲ្យពួកគេជឿយ៉ាងណា ហើយចាំមើលថា នឹងមានរឿងអ្វីកើតឡើង។
ចូរពិចារណាអំពីពេលសម្រាករបស់លោកអ្នក
ទី២ សូមគិតថា តើពេលសម្រាកប្រភេទណា ដែលអ្នកត្រូវការ ហើយការសម្រាកមានទម្រង់បែបណា ដែលបរិសុទ្ធ ហើយមិនប្រាសចាកពីភាពបរិសុទ្ធរបស់អ្នក។ ដោយមិនបាច់គិតច្រើន ខ្ញុំអាចស្មានដឹងថា អ្នកកំពុងតែយកការកម្សាន្តសប្បាយបែបលោកីយ៍ជាទីមួយ ដែលនាំឲ្យអ្នកមានការចរចារ ដោយព្រោះទស្សនៈបែបលោកីយ៍ ដែលជ្រួតជ្រាបពេញ ក្នុងការកម្សាន្តសប្បាយទាំងនោះ (និងភាពអសីលធម៌ដទៃទៀត ក្នុងនោះដែរ) កំពុងតែធ្វើឲ្យសម្បជញ្ញៈរបស់អ្នកខូចហើយ។
ព្រះទ្រង់សព្វព្រះទ័យឲ្យយើងមានពេលសម្រាក យើងមិនអាចមានភាពរឹងមាំគ្រប់ពេលនោះឡើយ។ ដូចនេះ សូមពិចារណា អំពីប្រភេទនៃពេលសម្រាកដែលបរិសុទ្ធ ហើយមិនប្រជែងខ្លាំង ជាមួយនឹងការអរសប្បាយដែលអ្នកមានក្នុងព្រះ។ ចូរឲ្យពេលសម្រាកនោះ ក្លាយជាពេលបង្ហាញចេញនូវការអរសប្បាយក្នុងព្រះ។
ចូរស្វែងរកសៀវភៅល្អៗ
នេះជាការលើកទឹកចិត្តចុងក្រោយ ហើយក៏ជាចំណុចសំខាន់ណាស់ដែរ។ សូមស្វែងរកសៀវភៅ របស់អ្នកនិពន្ធដែលបានស្លាប់ហើយ (អ្នកនិពន្ធឆ្នើមៗមួយចំនួន) ឬអ្នកនិពន្ធដែលនៅរស់ ដែលនិយាយ ឬសរសេរអំពីព្រះក្នុងនាមជាអ្នកដែលពិតជាបានភ្លក់រសជាតិ និងមើលឃើញថា ព្រះទ្រង់មានពេញដោយសិរីល្អ និងភាពស្រស់ស្អាត ហើយជាទីស្កប់ស្កល់ ហើយពួកគាត់បានសរសេរសៀវភៅនោះ តាមរបៀប ដែលធ្វើឲ្យអ្នកបានស្គាល់រសជាតិនោះ ពេលដែលអ្នកបានអានសៀវភៅពួកគាត់។
សព្វថ្ងៃនេះ ខ្ញុំកំពុងអានសៀវភៅដែលលោកគ្រូ ចន អូវិន (John Owen) បាននិពន្ធ មានចំណងជើងថា កាតព្វកិច្ចនៃការប្រុងប្រយ័ត្នខាងឯវិញ្ញាណ។ នោះជាអ្វីដែលលោកគ្រូ អូវិន បានធ្វើសម្រាប់ខ្ញុំ។ ខ្ញុំបានចំណាយពេលអានសៀវភៅរបស់លោកអូវិន នៅថ្ងៃអាទិត្យ។ ខ្ញុំមានពេលទំនេរច្រើន នៅពេលរសៀលថ្ងៃអាទិត្យ ដែលតាមធម្មតា ខ្ញុំមិនមានគម្រោងធ្វើអ្វីផ្សេង។ ដូចនេះ ខ្ញុំអង្គុយនៅលើសាឡុង ហើយខ្ញុំនឹងទទួលការបង្រៀនព្រះបន្ទូលព្រះពីលោកគ្រូ អូវិន។ សៀវភៅរបស់គាត់កំពុងជួយខ្ញុំ ឆ្លើយសំណួរដែលអ្នកបានលើកឡើង អំពីការកម្សាន្តសប្បាយ។
ពេលដែលខ្ញុំបានអានសៀវភៅគាត់ ខ្ញុំបានទទួលការក្រើនរម្លឹក អំពីអត្ថន័យពិតនៃការប្រុងប្រយ័ត្នខាងឯវិញ្ញាណ ដែលមានចែងក្នុងព្រះគម្ពីរ។ ខ្ញុំក៏បានដឹងថា ខ្ញុំមានភាពល្ងង់ខ្លៅប៉ុណ្ណា។ លោកគ្រូ អូវិន បានលើកយកខគម្ពីរមកប្រើ តាមរបៀបដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ហាក់ដូចជាមិនដែលបានអានខគម្ពីរទាំងនោះ។ បន្ទាប់មក ក្តីអំណររបស់ខ្ញុំក៏ចាប់ផ្ដើមកើតមាន។ បាទ ខ្ញុំដឹងច្បាស់ថា គាត់កំពុងនិយាយអំពីអ្វី។ប៉ុន្តែ វាជាសេចក្តីពិតពេញដោយសិរីល្អ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រស់ថ្លា។
ខ្ញុំសូមអធិស្ឋានថា អ្នកនឹងមិនបោះបង់ការតយុទ្ធនេះចោលទេ ហើយបានទៅដល់ទីបញ្ចប់នៃជីវិតរបស់អ្នក ដោយនិយាយជាមួយសាវ័កប៉ុលថា «ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានរត់ប្រណាំងជាស្រេច ខ្ញុំបានរក្សាជំនឿទៅហើយ» (២ធីម៉ូថេ ៤:៧)។
មតិយោបល់
Loading…