សួស្តីមិត្តអ្នកស្ដាប់! សំណួរសម្រាប់ថ្ងៃនេះមានដូចតទៅ៖ «ហេតុអ្វីបានជាព្រះជ្រើសរើសពួកអ្នកល្ងង់ល្ងើនៃលោកីយ៍នេះ ហើយមិនរើសពួកអ្នកប្រាជ្ញ និងអ្នកខ្លាំងពូកែ។ ហេតុអ្វីមិនរើសអ្នកច្នៃប្រឌិតថ្មីដែលជាអ្នកមានបំផុត អ្នកមានទេពកោសល្យដែលឆ្លាតវៃបំផុត អ្នកដែលមានវោហារល្អបំផុត អត្តពលិកដែលល្អបំផុតនៅលើលោកនេះហើយនិងតារាភាពយន្តដែលល្បីល្បាញបំផុតដើម្បីផ្សព្វផ្សាយដំណឹងល្អរបស់ព្រះអង្គដល់ពិភពលោកទាំងមូល? ហេតុអ្វីបានជាព្រះសម្រេចជ្រើសរើស និងប្រើប្រាស់អ្នកទន់ខ្សោយសម្រាប់បេសកកម្មរបស់ព្រះអង្គទៅវិញ?»
សំណួរនេះបានមកពីអ្នកស្តាប់សេចក្តីអធិប្បាយម្នាក់ដែលមានឈ្មោះថា សុភី ដែលរស់នៅខេត្តកំពង់ចាម។ «ជំរាបសួរលោកគ្រូ ខ្ញុំបានថ្វាយជីវិតខ្ញុំ ដើម្បីមហាបេសកកម្ម ហើយមានបំណងចិត្តក្នុងការប្រកាសដំណឹងល្អទៅកាន់គ្រប់ប្រជាជាតិទាំងអស់។ កណ្ឌគម្ពីរ ១កូរិនថូស ១:២៧ បានចែងថា «ព្រះទ្រង់បានរើសពួកល្ងង់ល្ងើនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យអ្នកប្រាជ្ញមានសេចក្តីខ្មាសវិញ ទ្រង់បានរើសពួកកំសោយនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យពួកខ្លាំងពូកែមានសេចក្តីខ្មាស»។ នេះជាសំណួររបស់ខ្ញុំ៖ «ហេតុអ្វីបានជាព្រះអង្គមិនសង្គ្រោះពួកអ្នកឆ្លាតវៃទាំងអស់នៅលើលោកីយ៍នេះ ដើម្បីប្រកាសដំណឹងល្អទៅកាន់ពិភពលោកទាំងមូល? តើការនោះវានឹងមិនធ្វើឲ្យលឿនជាង ហើយមានឥទ្ធិពលជាងក្នុងការផ្សាយដំណឹងល្អ ជាជាងការជ្រើសរើសមនុស្សល្ងង់ល្ងើជាច្រើន ដើម្បីធ្វើការនេះទេឬអី?»។
សូមសរសើរតម្កើងព្រះជាម្ចាស់ដែលទ្រង់ជ្រើសរើសមនុស្សល្ងង់ល្ងើ។
ចម្លើយដំបូងដែលខ្ញុំចង់និយាយគឺថា ឥទ្ធិពលរបស់មនុស្សមានប្រាជ្ញាទាំងអស់នោះ—មនុស្សឆ្លាតទាំងអស់នោះ មនុស្សដែលមានចំណេះដឹងទាំងនោះ មនុស្សដែលមានអំណោយទានទាំងនោះ—ប្រហែលជាអាចធ្វើបានលឿនជាងមែន ហើយប្រហែលជាមានផ្នែកធំជាង នៅខាងក្រៅមែន ប៉ុន្តែវានឹងមិនមែនជាជំនឿគ្រីស្ទបរិស័ទទេ។ ប្រសិនបើព្រះរាជបុត្រានៃព្រះជាម្ចាស់បានយាងមកផែនដីជាអ្នកចម្បាំង ឬជាទស្សនៈវិទូ ដើម្បីជះឥទ្ធិពលដល់ពិភពលោកដោយអំណាច ហើយនិងប្រាជ្ញាប៉ិនប្រសព្វរបស់ទ្រង់ នោះឥទ្ធិពលនឹងបានលឿនជាង ហើយនិងមានការចាប់អារម្មណ៍ខ្លាំងជាងពីខាងក្រៅមែន ប៉ុន្តែវានឹងមិនមែនជាជំនឿគ្រីស្ទបរិស័ទទេ។
ឈើឆ្កាងជាស្នូលកណ្ដាល
យើងស្ទើរតែមិនអាចប៉ាន់ស្មានបានអំពីសារៈសំខាន់នៃការសម្រេចព្រះទ័យរបស់ព្រះជាម្ចាស់នៅស្ថានសួគ៌បានទេ—ពិតណាស់ តាំងពីមុនកំណើតលោកីយ៍មកថា—ព្រះទ្រង់នឹងសង្គ្រោះ ហើយផ្តល់ការកំណត់របស់មនុស្សតាមរយៈភាពកម្សោយ ហើយនិងការស្លាប់ដ៏អាក្រក់បំផុតដែលមិនអាចស្រមៃបាន៖ ការសុគតដោយការជាប់ឆ្កាងរបស់ព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រានៃព្រះ។ វាគឺជារឿងដែលគួរឲ្យអាម៉ាស់ វាជាការជំពប់ដួល វាជារឿងដែលល្ងីល្ងើបំផុត អាម៉ាស់បំផុត វាជាការប្រមាថមើលងាយខ្លាំងបំផុត ហើយនោះជារបៀបដែលយើងទទួលបានសេចក្តីសង្គ្រោះ។ នោះជារបៀបដែលដំណឹងល្អមានជ័យជម្នះ។
នៅក្នុងបីជំពូកដំបូងនៃសំបុត្ររបស់សាវ័ក ប៉ុល ទៅកាន់ក្រុមជំនុំកូរិនថូស គឺគាត់បានសរសេរឡើង ដើម្បីបញ្ជាក់ដល់ពួកជំនុំនៅទីនោះ—ហើយនិងមកកាន់យើងថា—ជំនឿគ្រីស្ទបរិស័ទគឺមិនមែនកំណត់ ឬពង្រីកដោយភាពល្អឥតខ្ចោះនៃវោហាររបស់មនុស្ស ឬភាពទាក់ទាញនៃប្រាជ្ញារបស់មនុស្សនោះឡើយ។ ការផ្ដោតលើទាំងពីរនោះគឺជាអំនួតរបស់អ្នកក្រុមជំនុំកូរិនថូស៖ អ្នកមានវោហារយ៉ាងល្អ ហើយនិងអ្នកប្រាជ្ញដ៏ឆ្នើម។ ហើយជាក់ស្ដែង ក្រុមជំនុំនៅក្រុងកូរិនថូសពិតជាមានការជាប់ចិត្តយ៉ាងខ្លាំងចំពោះកិច្ចការទាំងនេះណាស់។ ពួកគាត់បានអួតអាងដោយនិយាយថា «ខ្ញុំជាសិស្សសាវ័ក ប៉ុល» ឬ «ខ្ញុំជាសិស្សលោក អ័ប៉ូឡុស» ឬ «ខ្ញុំជាសិស្សលោក កេផាស» (១កូរិនថូស ១:១២)។
ពួកគាត់បានព្យាយាមស្វែងរកខ្ចីការអួត ខ្ចីភាពល្បីល្បាញ ខ្ចីការសរសើរតាមរយៈការឈរតម្រង់ជួរពីខាងក្រោយគ្រូដែលពួកគាត់គិតជាអ្នកដែលមានវោហារ និងអ្នកប្រាជ្ញដ៏ខ្លាំងបំផុត។ សាវ័ក ប៉ុល បានយកបីជំពូក ដើម្បីបង្ហាញថា នេះមិនមែនជាអត្ថន័យនៃជំនឿគ្រីស្ទបរិស័ទទេ ហើយក៏មិនមែនជារបៀបឆ្ពោះទៅមុខសម្រាប់ជំនឿគ្រីស្ទបរិស័ទដែរ។
បញ្ហាជាមួយប្រាជ្ញារបស់មនុស្ស
នៅពេលដែលសាវ័ក ប៉ុល បានឮថាអ្នកជំនុំនៅទីក្រុងកូរិនថូសនិយាយថា «ខ្ញុំជាសិស្សរបស់ប៉ុល» (១កូរិនថូស ១:១២) គាត់ក៏បានតបឡើងថា «តើប៉ុលត្រូវឆ្កាងជំនួសអ្នករាល់គ្នាឬអី?» (១កូរិនថូស ១:១២)។ គាត់មិននឹកស្មានថា ពួកគាត់បានផ្លាស់ប្ដូរព្រះរាជសារនៃការសុគតលើឈើឆ្កាងរបស់ព្រះគ្រីស្ទឲ្យទៅជាហេតុនៃការអួតអំពីទេពកោសល្យរបស់គាត់ទៅវិញ។ បន្ទាប់មក នៅក្នុងបីខបន្ទាប់ទៀតគាត់បានលើកឡើងថា «ព្រះគ្រីស្ទមិនបានចាត់ខ្ញុំ… ឲ្យមកផ្សាយដំណឹងល្អប៉ុណ្ណោះ តែមិនមែនដោយពាក្យឧត្ដុង្គឧត្ដមឡើយ ក្រែងឈើឆ្កាងនៃព្រះគ្រីស្ទទៅជាអសារឥតការវិញ» (១កូរិនថូស ១:១៧)។
បញ្ហាទាំងពីរនោះគឺជា៖ ភាពឧត្តុង្គឧត្តមរបស់មនុស្ស និងប្រាជ្ញារបស់មនុស្ស។ អ្នកមានវោហារ ចំណេះជ្រៅជ្រះ ភាពប៉ិនប្រសប់ក្នុងពាក្យសម្ដី ភាពមោះមុតនៃគំនិត—ទាំងនេះគឺជាចំណុចផ្ដោតយ៉ាងខ្លាំងបំផុតនៃការកោតសរសើរ និងអំនួតនៃអ្នកក្រុងកូរិនថូស។ ជាលទ្ធផលសាវ័ក ប៉ុល បាននិយាយថា «អ្នកមានវោហារ ហើយនិងអ្នកប្រាជ្ញដ៏ឧត្តុង្គឧត្តមប្រហែលជាអាចមានហ្វូងមនុស្សច្រើន ប្រហែលជាអាចទទួលការសាទរកាន់តែច្រើន និងប្រហែលជាអាចជះឥទ្ធិពលនៅទីសាធារណៈកាន់តែលឿនមែន ប៉ុន្តែវានឹងមិនមែនជាជំនឿគ្រីស្ទបរិស័ទទេ»។ តាមពិត វាអាចក្លាយជាការបដិសេធព្រះគ្រីស្ទ ហើយនិងការដកឈើឆ្កាងរបស់ព្រះគ្រីស្ទចេញ ពីព្រោះឈើឆ្កាងរបស់ព្រះគ្រីស្ទគឺជាទីបញ្ចប់នៃអំនួតនៅក្នុងការសម្រេចបានរបស់មនុស្ស។
វាមានន័យថា ជាការជំនួសអំនួតអួតអាងបែបនោះជាមួយការលើកតម្កើងព្រះគ្រីស្ទ ការទុកចិត្តដូចជាកូនក្មេងនៅក្នុងព្រះអង្គសង្គ្រោះ ពីព្រោះថាយើងពិតជាត្រូវការវាយ៉ាងខ្លាំង និងដោយសារយើងពេញដោយអំពើបាប។ ឈើឆ្កាងនៃព្រះគ្រីស្ទមិនមែនគ្រាន់តែជាការសុគតរបស់ព្រះគ្រីស្ទនោះទេ។ វាក៏ជាការស្លាប់របស់យើងដែរ។ ខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រីស្ទ គឺជាការជាប់ឆ្កាងខាងឯការសង្គ្រោះខ្លួនឯង ហើយនិងការលើកតម្កើងខ្លួនឯងដោយអំនួត។ បន្ទាប់មក នៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស ១:១៨ សាវ័ក ប៉ុល បានលើកឡើងថា «ដ្បិតដំណឹងពីឈើឆ្កាង នោះជាសេចក្តីចំកួតដល់អស់អ្នកដែលកំពុងតែវិនាស តែជាព្រះចេស្ដានៃព្រះដល់យើងរាល់គ្នាដែលកំពុងតែបានសង្គ្រោះវិញ»។
ប្រាជ្ញារបស់ព្រះ
បីខបន្ទាប់មកទៀត នៅក្នុងខដ៏អស្ចារ្យនោះ គាត់បានប្រាប់យើងអំពីមូលហេតុដែលប្រាជ្ញារបស់មនុស្ស ភាពឈ្លាសវៃរបស់មនុស្ស ហេតុផល និងអ្វីដែលយើងមានពីធម្មជាតិតែមួយមុខ គឺមិនអាចរកឃើញប្រាជ្ញាដ៏អស់កល្បនៅក្នុងព្រះជាម្ចាស់ ឬសេចក្តីសង្គ្រោះបានឡើយ។ នេះជាអ្វីដែលគាត់បានសរសេរ៖ «ដ្បិតដោយព្រោះព្រះទ្រង់បានសម្រេចតាមប្រាជ្ញានៃទ្រង់ថា [នោះគឺជាឃ្លាគន្លឹះ] មនុស្សលោកនឹងរកស្គាល់ព្រះដោយអាងប្រាជ្ញាខ្លួនមិនបានទេ បានជាទ្រង់សព្វព្រះហឫទ័យនឹងជួយសង្គ្រោះអស់លោកអ្នកដែលជឿ ដោយសារសេចក្តីល្ងីល្ងើវិញ គឺជាការប្រកាសដំណឹងល្អ»( ១កូរិនថូស ១:២១)។
ប្រាជ្ញារបស់ព្រះជាម្ចាស់បានសម្រេចថា ប្រាជ្ញារបស់មនុស្សមិនអាចជាផ្លូវនៃសេចក្តីសង្គ្រោះបានទេ។ ផ្ទុយទៅវិញ ជំនឿនៅក្នុងភាពល្ងង់ល្ងើនៃព្រះជាម្ចាស់ គឺជាផ្លូវនៃសេចក្តីសង្គ្រោះ។ «ដ្បិតសេចក្តីល្ងង់ល្ងើរបស់ព្រះ នោះមានប្រាជ្ញាលើសជាងមនុស្ស ហើយសេចក្តីកម្សោយរបស់ព្រះ ក៏មានកម្លាំងលើសជាងមនុស្សដែរ» (១កូរិនថូស ១:២៥)។ ចំណុចដែលចង់សង្កត់ធ្ងន់សម្រាប់មិត្តភក្ដិរបស់យើងកញ្ញា សុភី ដែលរស់នៅខេត្តកំពង់ចាមគឺថា វាមិនអាចកើតឡើងក្នុងរបៀបនោះបានទេ។
ភាពល្ងង់ល្ងើរបស់ព្រះមានប្រាជ្ញាជាងមនុស្ស ប៉ុន្តែវាមិនកើតឡើងក្នុងរបៀបនោះទេ។ វាមើលទៅអាចដូចជាភាពល្ងង់ល្ងើវិញ។ ភាពកម្សោយរបស់ព្រះអង្គគឺខ្លាំងក្លាជាងមនុស្ស ប៉ុន្តែវាមិនកើតក្នុងរបៀបនោះទេ។ វាមើលទៅអាចដូចជាភាពទន់ខ្សោយវិញ។ នោះហើយគឺជាជំនឿគ្រីស្ទបរិស័ទ។ នេះគឺជារបៀបដែលដំណឹងល្អរីកសាយភាយនៅក្នុងពិភពលោកនេះ។ សាវ័ក ប៉ុល លើកឡើងម្តងទៀតនៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស ២:១៖ «រីឯខ្ញុំ បងប្អូនអើយ កាលខ្ញុំបានមកឯអ្នករាល់គ្នា នោះមិនបានមកដោយប្រើវោហារ ឬប្រាជ្ញាដ៏ឧត្តម»។ ជាថ្មីម្តងទៀត៖ វោហារដ៏ឧត្តុង្គឧត្តម ភាពប៉ិនប្រសប់ ពាក្យពេចន៍ ឬសម្ដីដ៏គួរឲ្យចាប់អារម្មណ៍ ឬក៏ទស្សនៈវិជ្ជាដែលគួរឲ្យទាក់ទាញចិត្ត។
យុទ្ធសាស្ត្រនៃដំណឹងល្អរបស់ព្រះជាម្ចាស់
«ហេតុអ្វីសាវ័ក ប៉ុល?!»។ នោះជាអ្វីដែលកញ្ញា សុភី បានសួរ។ «ហេតុអ្វីបានជាមិនប្រើប្រាស់អ្នកមានវោហារ និងប្រាជ្ញាដ៏ឧត្តមរបស់មនុស្សអញ្ចឹង?»។ កណ្ឌគម្ពីរ ១កូរិនថូស ២:៥ បានផ្តល់ជាចម្លើយ៖ «ដើម្បីកុំឲ្យសេចក្តីជំនឿរបស់អ្នករាល់គ្នាបានតាំងនៅ ដោយប្រាជ្ញារបស់មនុស្សឡើយ គឺដោយព្រះចេស្តានៃព្រះវិញ»។ ឥឡូវនេះកញ្ញា សុភី ចាប់ផ្ដើមស្រង់កណ្ឌគម្ពីរ ១កូរិនថូស ១:២៧ ហើយសួរថា «ហេតុអ្វីបានជាព្រះអង្គមិនសង្គ្រោះពួកអ្នកឆ្លាតវៃទាំងអស់នៅលើលោកីយ៍នេះ ដើម្បីប្រកាសដំណឹងល្អទៅកាន់ពិភពលោកទាំងមូល? តើការនោះវានឹងមិនធ្វើឲ្យលឿនជាង ហើយមានឥទ្ធិពលជាងក្នុងការផ្សាយដំណឹងល្អ ជាជាងការជ្រើសរើសមនុស្សល្ងង់ល្ងើជាច្រើន ដើម្បីធ្វើការនេះទេឬអី?»។
សូមឲ្យយើងបានបញ្ចប់នៅកន្លែងដែលកញ្ញា សុភី បានចាប់ផ្ដើម ពីព្រោះកថាខណ្ឌនោះបានផ្តល់ចម្លើយពីរយ៉ាងច្បាស់មកកាន់សំណួរ «ហេតុអ្វីបានជាព្រះមិនធ្វើនៅក្នុងរបៀបបែបនោះ?» នេះជាអ្វីដែលសាវ័ក ប៉ុល បានលើកឡើង៖
«ឱបងប្អូនអើយ អ្នករាល់គ្នាឃើញថា ក្នុងពួកអ្នកដែលទ្រង់បានហៅ មិនសូវមានអ្នកប្រាជ្ញច្រើនខាងឯសាច់ឈាម ឬច្រើននាក់មានអំណាច និងច្រើននាក់ដែលមានត្រកូលខ្ពស់នោះទេ។ ព្រះទ្រង់បានរើសពួកល្ងង់ល្ងើនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យអ្នកប្រាជ្ញមានសេចក្តីខ្មាសវិញ ទ្រង់បានរើសពួកកម្សោយនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យពួកខ្លាំងពូកែ មានសេចក្តីខ្មាស។ ហើយទ្រង់បានរើសអ្នកទាបថោកនៅលោកីយ៍នេះ និងពួកអ្នកដែលគេមើលងាយ ព្រមទាំងរបស់ដែលគ្មានផង ដើម្បីនឹងលើកចោលរបស់ដែលមានចេញ»(១កូរិនថូស ១:២៦-២៨)។
នេះជាចម្លើយទីមួយរបស់គាត់៖ «ប្រយោជន៍កុំឲ្យមនុស្សណាបានអួតខ្លួន នៅចំពោះព្រះឡើយ» (១កូរិនថូស ១:២៩)។ ហើយគាត់បានបន្តទៀតថា៖ «តែដោយសារព្រះ នោះអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់បានតាំងឡើង ទុកជាប្រាជ្ញាដែលមកពីព្រះ ហើយជាសេចក្តីសុចរិត សេចក្តីបរិសុទ្ធ និងសេចក្តីប្រោសលោះដល់យើងផង»។ ហើយនេះជាចម្លើយទីពីររបស់គាត់៖ «ដើម្បីឲ្យបានត្រូវនឹងសេចក្តីដែលចែងទុកមកថា “អ្នកណាដែលអួត ត្រូវអួតតែពីព្រះអម្ចាស់ប៉ុណ្ណោះ”» (១កូរិនថូស ១:៣០-៣១)។
ដូច្នេះ ហេតុអ្វីបានជាមិនប្រកាសដំណឹងល្អនៅក្នុងគ្រប់ជាតិសាសន៍ឲ្យកាន់តែលឿន និងមានឥទ្ធិពលឲ្យកាន់តែខ្លាំងជាងមុនតាមរយៈអ្នកប្រាជ្ញ អ្នកមានអំណាច និងអ្នកខ្ពង់ខ្ពស់? ចម្លើយមានពីរ៖
១. ប្រយោជន៍កុំឲ្យមនុស្សណាបានអួតខ្លួន នៅចំពោះព្រះឡើយ
២. អ្នកណាដែលអួត ត្រូវអួតតែពីព្រះអម្ចាស់ប៉ុណ្ណោះ
គោលបំណងរបស់ព្រះក្នុងការផ្សាយដំណឹងល្អទៅកាន់ពិភពលោកទាំងមូល គឺដើម្បីដាក់ទីបញ្ចប់នៃអំនួតរបស់មនុស្ស ហើយដើម្បីធ្វើឲ្យព្រះយេស៊ូវក្លាយជាចំណុចស្នូលនៃការសរសើរតម្កើងរបស់មនុស្សវិញ។ របៀបរបស់ទ្រង់គឺមិនមែនជារបៀបរបស់យើងឡើយ។ យើងគឺគ្រាន់តែជាអ្នកទទួលយកប៉ុណ្ណោះ។ របៀបរបស់ទ្រង់គឺមិនមែនជារបៀបរបស់យើងឡើយ។ ការសុគតរបស់ព្រះគ្រីស្ទបានកំណត់អ្វីៗគ្រប់យ៉ាង។
ហេតុអ្វីបានជាព្រះអង្គមិនសង្គ្រោះពួកអ្នកឆ្លាតវៃទាំងអស់នៅលើលោកីយ៍នេះ ដើម្បីប្រកាសដំណឹងល្អទៅកាន់ពិភពលោកទាំងមូល? តើការនោះវានឹងមិនធ្វើឲ្យលឿនជាង ហើយមានឥទ្ធិពលជាងក្នុងការផ្សាយដំណឹងល្អ ជាជាងការជ្រើសរើសមនុស្សល្ងង់ល្ងើជាច្រើន ដើម្បីធ្វើការនេះទេឬអី…
មតិយោបល់
Loading…