in ,

ការ​អធិស្ឋាន​នៅ​ទី​សាធារណៈ

«តើ​ខ្ញុំ​អាច​សុំ​មនុស្ស​៣នាក់ ឲ្យ​អធិស្ឋាន​បាន​ទេ?» គ្រប់គ្នាក៏ស្ងៀមស្ងាត់!។ តើ​មាន​ពេល​ណា​ដែល​ចម្លែក​ជាង​៩.៣វិនាទី​​នេះ​ទេ? អ្នក​យល់​អំពី​អ្វី​ដែល​ខ្ញុំ​និយាយ មែន​អត់? តើ​មាន​នរណា​ម្នាក់​មាន​សំណូម​ពរ​អធិស្ឋាន​ដែរ​ឬទេ? ច្បាស់​ណាស់​ប្រហែល​ជា​មាន ក្នុង​ចំណោម​យើងទាំង៣៥នាក់នៅទីនេះ ប៉ុន្តែ​នៅ​តែ​មាន​ភាព​ស្ងៀម​ស្ងាត់។ បន្ទាប់​មក​ក៏​មាន​មនុស្ស​៣នាក់​ដដែល ដែល​ស្ម័គ្រ​ចិត្ត​ឬ​ក៏​ត្រូវ​បាន« ស្ម័គ្រ​ចុច»។

កន្លែង​មួយ​ដែល​ខ្ញុំ​ចូល​ចិត្ត​បំផុត​នៅ​លើ​ផែន​ដី​នេះ​គឺ​ជញ្ជាំង​ខាង​លិច (Western Wall) ឬ​ពេល​ខ្លះ​ត្រូវ​បាន​ហៅ​ថា «ជញ្ជាំង​នៃ​ការ​ទ្រហោ​យំ» នៅ​ក្រុង​យេរូសាឡឹម នៅ​ប្រទេស​អ៊‌ីស្រាអែល។ វា​គឺ​ជា​កន្លែង​ដែល​ជិត​បំផុត​ទៅ​នឹង​ភ្នំ​នៃ​ព្រះ​វិហារ (Temple Mount) ដែល​មាន​នៅ​សព្វ​ថ្ងៃ​នេះ​សម្រាប់​ពួក​យូដា​ដែល​គោរព​ប្រតិបត្តិ​សាសនា​យូដា។ នៅ​ផ្នែក​ខាង​ស្ដាំ លោក​អ្នក​នឹង​ឃើញ​ក្រុម​ស្ត្រី​ដែល​មាន​ស្បៃ​គ្រប​សក់ យោល​ខ្លួន​យ៉ាង​ស្ងៀម​ស្ងាត់ ដោយ​ដាក់​ដៃ ឬ​ថ្ងាស​ផ្អែក​លើ​ជញ្ជាំង​ថ្ម​ហេរ៉ូឌ​យ៉ាង​ធំ (Herodian Wall)។ នៅ​ផ្នែក​ខាង​ឆ្វេង មាន​ក្រុម​បុរស អ្នក​ខ្លះ​បាន​ពាក់​មួក​ស្បែក​សត្វ និង​ឈុត​កីឡា​ពី​សម័យ​សតវត្សរ៍​ទី​១៧ ដោយ​ជួប​ជុំ​គ្នា​នៅ​ជុំវិញ​តុ​ដែល​មាន​ក្រាំង​គម្ពីរ​តូរ៉ា​ពី​លើ។ ពួក​គេ​បាន​សូត្រ​ពាក្យ​អធិស្ឋាន អាន​ពី​គម្ពីរ​តូរ៉ា លើក​ទឹក​ចិត្ត​ពី​បា មីត្សវ៉ា (Bar Mitzvah)។ អ្នក​ខ្លះ​ផ្អែក​ខ្លួន​ទៅ​ជញ្ជាំង​ដោយ​យំសោក។ អ្នក​ខ្លះ​ទៀត​ឈ​ជុំ​វិញ​ដោយ​មិន​មាន​ភាព​សុខ​ស្រួល​ដោយ​កាន់​ក្រដាស​ក្រាំង​របស់​ខ្លួន។ អ្នក​ទូល​អង្វរ​ខ្លះ​បាន​រម្លឹក​លោក​អ្នក​អំពី​ពួក​ផារិស៊ី ដែល​គិត​ថា​ខ្លួន​សុចរិត៖ «ព្រះ​អម្ចាស់​អើយ ទូល​បង្គំ​អរ​ព្រះ​គុណ​ទ្រង់ ដែល​ទូលបង្គំ​មិន​ដូច​ជា​មនុស្ស​ឯ​ទៀត…»។ អ្នក​ខ្លះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​អ្នក​ទារពន្ធ​ដែល​បាន​លន់​តួ​បាប៖ «ព្រះ​អម្ចាស់​អើយ​សូម​ប្រោស​មេត្តា​ដល់​ទូល​បង្គំ​ជា​មនុស្ស​មាន​បាប​ផង»។

ជញ្ជាំង​ខាង​លិច​គឺ​ជា​កន្លែង​អធិស្ឋាន​ជា​សាធារណៈ ជា​ក្រុម និង​ជា​លក្ខណៈ​ផ្ទាល់​ខ្លួន។ គឺ​ជា​កន្លែង​ដែល​ដូច​ជា​គ្មាន​កន្លែង​ដូច​ហ្នឹង​សោះ។

យើង​នៅ​ក្នុង​ក្រុម​ជំនុំ​សព្វ​ថ្ងៃ​នេះ មិន​មាន​ទី​កន្លែង​ដែល​ភ្ជាប់​ទៅ​នឹង​ព្រះ​វិហារ​នៃ​ព្រះ​បែប​ដូច្នេះ​ទេ ផ្ទុយ​ទៅ​វិញ​យើង​គឺ​ជា​ព្រះ​វិហារ​នៃ​ព្រះ ជា​រូប​កាយ​នៃ​ព្រះ​គ្រីស្ទ គឺ​ជា​គ្រួសារ​នៃ​សេចក្ដី​ជំនឿ។ តើ​យើង​គួរ​គិត​ពិចារណា​អំពី​ឱកាស​នៃ​ការ​អធិស្ឋាន​ជា​សាធារណៈ​ដោយ​របៀប​ណា? មិន​ថា​លោក​អ្នក​ជា​មួយ​ក្រុម​តូច​របស់​លោក​អ្នក ជួប​ជុំ​នៅ​ក្នុង​ក្រុម​ជំនុំ ឬ​ក៏​សូម្បី​តែ​ពេល​វេលា​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​ក្នុង​គ្រួសារ​លោក​អ្នក ហេតុ​អ្វី​បាន​ជា​ពេល​ខ្លះ​វា​មិន​មាន​ភាព​សុខ​ស្រួល​សោះ? តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​មនុស្ស​យើង​ទម្លាក់​ភ្នែក ហើយ​មាន​សេចក្ដី​ខ្មាស​អៀន? តើ​អ្វី​ខ្លះ​ដែល​អាច​ជួយ​យើង​នៅ​ពេល​ដែល​យើង​គិត​អំពី​ពេល​វេលា​ដ៏​សាមញ្ញ​ដូច​នេះ?

ប្រហែល​ជា​យើង​គិត​ថា​ការ​អធិស្ឋាន​ជា​សាធារណៈ គឺ​ជា​ការ​បង្ហាញ​ពី​សេចក្ដី​អំនួត ដែល​មិន​ត្រឹម​ត្រូវ។ ឬ​ក៏​ប្រហែល​ជា​យើង​មាន​ការ​ភ័យ​ខ្លាច​អំពី​អ្វី​ដែល​អ្នក​ដទៃ​គិត​មក​លើ​យើង។ ប្រហែល​ជា​ស្ត្រី​មិន​មាន​ទំនុក​ចិត្ត​ថា ពួក​គេ​គួរ​អធិស្ឋាន ឬ​អត់? (ឱ​ស្ត្រី​អើយ មិន​អី​ទេ​សាវ័ក ប៉ុល បាន​ទាំង​ឲ្យ​នូវ​សេចក្ដី​ណែនាំ​ឲ្យ​យើង​អធិស្ឋាន​ថែម​ទៀត​ផង)។

ទោះ​បី​ជា​បញ្ហា​អ្វី​ក៏​ដោយ នេះ​គឺ​ជា​គំនិត​មួយ​ចំនួន​អំពី​ការ​អធិស្ឋាន​ជា​ក្រុម ដែល​ប្រហែល​ជា​អាច​ជួយ​យើង។

នៅ​ពេល​យើង​អធិស្ឋាន​នៅ​ទី​សាធារណៈ យើង​បង្ហាញ៖

ជំនឿ៖ ការ​អធិស្ឋាន​គឺ​ជា​ការ​បង្ហាញ​អំពី​ការ​ទុក​ចិត្ត​លើ​ព្រះ​ដែល​ស្ដាប់​ឮ ស្រឡាញ់ ហើយ​ឆ្លើយ​តប​សំណូម​ពរ​របស់​យើង។ ការ​អធិស្ឋាន​ឮៗ​ជា​មួយ​អ្នក​ដទៃ​ផ្សេង​ទៀត គឺ​ជា​ការ​ប្រកាស​អំពី​អ្វី​ដែល​កើត​ឡើង គឺ​លោក​អ្នក​មាន​ឱកាស​ក្នុង​ការ​និយាយ​ទៅ​កាន់​ព្រះ​នៃ​ចក្រវាល​ទាំង​មូល​អំពី​អ្វី​ដែល​ជា​កង្វល់​របស់​ខ្លួន។

«ចូរ​អរ​សប្បាយ ក្នុង​ព្រះ​អម្ចាស់​ជានិច្ច ខ្ញុំ​ប្រាប់​ម្ដង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង ចូរ​សំដែង​ឲ្យ​មនុស្ស​ទាំង​អស់ បាន​ស្គាល់​សេចក្ដី​សំឡូត​របស់​អ្នក​រាល់​គ្នា​ចុះ ព្រោះ​ព្រះ​អម្ចាស់​ទ្រង់​ជិត​ដល់​ហើយ កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្ដី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្ដី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះ​គុណ​ផង យ៉ាង​នោះ សេចក្ដី​សុខ​សាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត និង​ជួយ​ការពារ​ចិត្ត ហើយ​និង​គំនិត​របស់​អ្នក​រាល់​គ្នា​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ» (ភីលីព ៤:៤-៧)។

ការ​បន្ទាប​ខ្លួន៖ ការ​អធិស្ឋាន ជា​ពិសេស​នៅ​ទី​សាធារណៈ គឺ​ជា​ការ​ទទួល​ស្គាល់​អំពី​ភាព​មិន​សុខ​ស្រួល​នៃ​តម្រូវ​ការ និង​ការ​ពឹង​ផ្អែក។ ជា​ញឹក​ញយ យើង​មិន​មាន​គំនិត​អំពី​អ្វី​ដែល​ត្រូវ​អធិស្ឋាន​ឡើយ ប៉ុន្តែ​ពិត​ជា​មិន​ធម្មតា​មែន ព្រះ​ជាម្ចាស់​ដ៏​អស្ចារ្យ​របស់​យើង​បាន​អញ្ជើញ​យើង​ឲ្យ​មក​ឯ​ទ្រង់ ហើយ​បន្ទាប់​មក​ទ្រង់​ក៏​ប្រទាន​នូវ​ព្រះ​គុណ​យ៉ាង​អស្ចារ្យ​មក​កាន់​ពាក្យ​សម្ដី​រដិប​រដុប​របស់​យើង។

«អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សម្រាក​ដល់​ព្រលឹង» (ម៉ាថាយ ១១:២៨-២៩)។

«ព្រះ​វិញ្ញាណ​ទ្រង់​ក៏​ជួយ​សេចក្ដី​កម្សោយ​របស់​យើង​បែប​ដូច្នោះ​ដែរ ដ្បិត​យើង​មិន​ដឹង​ជា​គួរ​អធិស្ឋាន​សូម​អ្វី​ទេ តែ​ព្រះ​វិញ្ញាណ​ទ្រង់​ជួយ​អង្វរ​ជំនួស​យើង ដោយ​ដំ​ងូរ​ដែល​រក​ថ្លែង​ពុំ​បាន​វិញ» (រ៉ូម ៨:២៦)។

«តើ​អ្នក​ណា​នឹង​កាត់​ទោស​គេ​បាន ដ្បិត​ព្រះ​គ្រីស្ទ​ទ្រង់​បាន​សុគត​ជំនួស​គេ​ហើយ តែ​ដែល​ថា ទ្រង់​រស់​ឡើង​វិញ នោះ​មាន​ទំនង​ជាង​ទ្រង់​ក៏​គង់​នៅ​ខាង​ស្កាំ​នៃ​ព្រះ ហើយ​ជា​អ្នក​អង្វរ​ជំនួស​យើង​រាល់​គ្នា​ដែរ» (រ៉ូម ៨:៣៤)។

ការ​ស្ដាប់​បង្គាប់៖ ការ​អធិស្ឋាន​សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ជា​ការ​ដើរ​តាម​យ៉ាង​ជិត​ដិត ក្នុង​គំរូ និង​ការ​បង្គាប់​នៃ​អត្ថបទ​ព្រះ​គម្ពីរ។ ព្រះ​យេស៊ូវ​បាន​បង្រៀន​ពួក​សាវ័ក​ឲ្យ​ចេះ​អធិស្ឋាន ហើយ​ជា​ញឹក​ញយ​ទ្រង់​ក៏​បាន​ទត​ព្រះ​នេត្រ​ឡើង ដើម្បី​អរ​ព្រះ​គុណ​ដល់​ព្រះ​វរបិតា​សម្រាប់​កិច្ចការ និង​ការ​ផ្គត់​ផ្គង់​របស់​ទ្រង់។ ​ស្ទើរ​តែ​ក្នុង​គ្រប់​សំបុត្រ​របស់​សាវ័ក ប៉ុល គាត់​ក៏​បាន​ចាប់​ផ្ដើម​ដោយ​រម្លឹក​មិត្ត​អ្នក​អាន​របស់​គាត់​ថា គាត់ និង​គូកន​របស់​គាត់​កំពុង​បាន​នឹង​អធិស្ឋាន​សម្រាប់​ពួក​គេ​ដែរ។ ព្រះ​គម្ពីរ​បាន​បង្គាប់​ឲ្យ​យើង​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

«នៅ​វេលា​នោះ​ឯង ព្រះ​យេស៊ូវ​ទ្រង់​កំពុង​តែ​រីករាយ​ដោយ​ព្រះ​វិញ្ញាណ ក៏​មាន​ព្រះ​បន្ទូល​ថា ឱ​ព្រះវរបិតា ជា​ព្រះ​អម្ចាស់​នៃ​ស្ថានសួគ៌ និង​ផែន​ដី​អើយ ទូលបង្គំ​សរសើរ​ដល់​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​លាក់​សេចក្ដី​ទាំង​នេះ​នឹង​ពួក​អ្នក​ប្រាជ្ញ ហើយ​និង​ពួក​ឈ្លាសវៃ តែ​បាន​សំដែង​ឲ្យ​ពួក​កូន​ក្មេង​យល់​វិញ អើ ព្រះវរបិតា​អើយ ដ្បិត​ទ្រង់​បាន​សព្វ​ព្រះហឫទ័យ​យ៉ាង​ដូច្នោះ» (លូកា ១០:២១)។

«ហេតុ​នោះ ចាប់​តាំង​ពី​ថ្ងៃ ដែល​យើង​ខ្ញុំ​ឮ​និយាយ នោះ​យើង​ខ្ញុំ​ក៏​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា​ឥត​ឈប់​ឈរ ហើយ​ទូល​សូម ឲ្យ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ព្រះហឫទ័យ​ទ្រង់​សព្វ​គ្រប់…» (កូឡូស ១:៩)។

ការ​ទទួល​បន្ទុក៖ ការ​អធិស្ឋាន​សម្រាប់​អ្នក​ដទៃ គឺ​ជា​ការ​បង្ហាញ​អំពី​ការ​ទទួល​យក​បន្ទុក​ទៅ​ចំពោះ​ព្រះ​នៃ​ការ​កម្សាន្ត​ចិត្ត​គ្រប់​ទុក្ខ​លំបាក។ នៅ​ពេល​ដែល​យើង​នៅ​ជួប​ជុំ​គ្នា ការ​អធិស្ឋាន​សម្រាប់​គ្នា គឺ​ជា​របៀប​មួយ​នៃ​ការ​អនុវត្ត​ពី​ការ​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​ដល់​បង​ប្អូន​ប្រុស​ស្រី​របស់​យើង។ ខ្ញុំ​តែង​តែ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត នៅ​ពេល​ដែល​នរណា​ម្នាក់​និយាយ​មក​កាន់​ខ្ញុំ​ថា «តើ​ខ្ញុំ​អាច​អធិស្ឋាន​សម្រាប់​អ្នក​ឥឡូវ​នេះ​បាន​ទេ?»

«ហើយ​ត្រូវ​ឲ្យ​យើង​ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​នឹង​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង ឥត​លែង​ប្រជុំ​គ្នា ដូច​ជា​អ្នក​ខ្លះ​ធ្លាប់​នោះ​ឡើយ ត្រូវ​ឲ្យ​កំឡា​ចិត្ត​គ្នា​វិញ ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ផង តាម​ដែល​ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ» (ហេព្រើរ ១០:២៤-២៥)។

តើ​មាន​ការ​អនុវត្ត​អ្វី​ខ្លះ ដើម្បី​ជួយ​យើង​សម្រាប់​ពេល​វេលា​ដូច​នេះ? ដូច​ជា​ទាហាន​យ៉ាង​ល្អ គឺ​យើង​ត្រូវ​ត្រៀម​ខ្លួន!

រៀប​ចំ​អ្នក​ដទៃ​ទៀត៖ ប្រសិន​បើ​លោក​អ្នក​ជា​អ្នក​ដឹក​នាំ​ដែល​សុំ​អ្នក​ស្ម័គ្រ​ចិត្ត តើ​អ្នក​អាច​សុំ​មនុស្ស​ពីរ​ឬ​បី​នាក់ ដើម្បី​ឲ្យ​ពួក​គាត់​អធិស្ឋាន​បាន​ទេ? ជួយ​ផ្ដើម​ដំណើរ​ការ ប្រសិន​បើ​លោក​អ្នក​អាច​ធ្វើ​បាន។ នៅ​ក្នុង​របៀប​នោះ អ្នក​អធិស្ឋាន​នឹង​បាន​ត្រៀម​ខ្លួន ហើយ​គិត​ទុក​ជា​មុន​អំពី​អ្វី​ដែល​ពួក​គាត់​ត្រូវ​សុំ។ អ្នក​ដឹក​នាំ​ក៏​ប្រហែល​ជា​អាច​ទទួល​បាន​ឱកាស​ក្នុង​បណ្ដុះ​បណ្ដាល​នរណា​ម្នាក់​តាមរយៈ​ភាព​ភ័យ​ខ្លាច ឬ​ភាព​ព្រងើយ​កន្តើយ​របស់​ពួក​គេ​នៅ​ក្នុង​ដំណើរ​ការ​នេះ។ លោក​អ្នក​នៅ​តែ​អាច​បន្ត​អញ្ជើញ​អ្នក​ផ្សេង​ទៀត​ឲ្យ​ចូល​រួម នៅ​ពេល​ក្រោយ​ទៀត​បាន​ដែរ។

រៀប​ចំ​ខ្លួន​ឯង៖ តើ​មាន​របៀប​ណា​ខ្លះ​ដែល​លោក​អ្នក​នឹង​ត្រៀម​ខ្លួន​នៅ​ពេល​មាន​សំណូម​ពរ​អធិស្ឋាន​នៅ​ពេល​ក្រោយ? សូម​ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សំណើ សូម​កត់​ត្រា​ចំណាំ ដើម្បី​ឲ្យ​លោក​អ្នក​អាច​ស្គាល់​ឈ្មោះ​របស់​មនុស្ស និង​ស្ថានភាព។ មិន​ដឹង​ថា​ត្រូវ​និយាយ​អ្វី? សូម​បើក​ព្រះ​គម្ពីរ​របស់​អ្នក ហើយ​ត្រៀម​ខ្លួន​អធិស្ឋាន​តាម​រយៈ​ខ​គម្ពីរ​ណា​មួយ ជា​តំណាង​ឲ្យ​មនុស្ស​ផ្សេង​ទៀត។ កណ្ឌ​គម្ពីរ អេភេសូរ ជំពូក១ គឺ​ជា​គំរូ​ដ៏​ល្អ​សម្រាប់​ការ​អធិស្ឋាន​សម្រាប់​តម្រូវ​ការ​ខាង​ឯ​វិញ្ញាណ ហើយ​និង​ការ​លើក​ទឹក​ចិត្ត។ កណ្ឌ​គម្ពីរ ទំនុក​តម្កើង ជំពូក២៣ ជួយ​យើង​សម្រាប់​សេចក្ដី​អធិស្ឋាន​ឲ្យ​តម្រូវ​ការ​ខាង​ផ្នែក​វិទ្យាសាស្ត្រ ឬ​សេចក្ដី​ស្លាប់​នៅ​ក្នុង​គ្រួសារ។

«ហេតុ​នោះ ចាប់​តាំង​ពី​ថ្ងៃ​ដែល​យើង​ខ្ញុំ​ឮ​និយាយ នោះ​យើង​ខ្ញុំ​ក៏​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា​ឥត​ឈប់​ឈរ ហើយ​ទូល​សូម ឲ្យ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ព្រះហឫទ័យ​ទ្រង់​សព្វ​គ្រប់ ដោយ​គ្រប់​ទាំង​ប្រាជ្ញា និង​ចំណេះ​ខាង​វិញ្ញាណ ដើម្បី​ឲ្យ​បាន​ដើរ​បែប​គួរ​នឹង​ព្រះ​អម្ចាស់ ទាំង​គាប់​ចិត្ត​ដល់​មនុស្ស​ទាំង​អស់ ឲ្យ​បាន​បង្កើត​ផល​ក្នុង​គ្រប់​ទាំង​ការ​ល្អ ហើយ​ឲ្យ​ស្គាល់​ព្រះ​កាន់​តែ​ច្បាស់​ឡើង ដោយ​បាន​គ្រប់​ទាំង​ព្រះ​ចេស្ដា​ចំរើន​កម្លាំង តាម​ឫទ្ធិ​បារមី​ដ៏​ឧត្ដម​របស់​ទ្រង់ ដើម្បី​ឲ្យ​បាន​ចេះ​ទ្រាំ​ទ្រ ហើយ​អត់​ធន់​គ្រប់​យ៉ាង​ដោយ​អំណរ ព្រម​ទាំង​អរ​ព្រះ​គុណ ដល់​ព្រះវរបិតា ដែល​ទ្រង់​បាន​ប្រោស​ឲ្យ​យើង​បាន​គួរ នឹង​ទទួល​ចំណែក​កេរ្តិ៍​អាករ​ក្នុង​ពួក​បរិសុទ្ធ​នៅ​ទី​ភ្លឺ​ផង ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រួច​ពី​អំណាច​នៃ​សេចក្ដី​ងងឹត ហើយ​ផ្លាស់​យើង​មក​ក្នុង​នគរ​របស់​ព្រះ​រាជ​បុត្រា​ស្ងួនភ្ងា​នៃ​ទ្រង់ យើង​រាល់​គ្នា​មាន​សេចក្ដី​ប្រោស​លោះ​ក្នុង​ព្រះ​រាជ​បុត្រា​នោះ គឺ​ជា​សេចក្ដី​ផ្ដាច់​បាប ដោយ​សារ​ព្រះ​លោហិត​ទ្រង់» (កូឡូស ១:៩-១៤)។

និពន្ធ​ដោយ៖ Lisa LaGeorge
បក​ប្រែ​ដោយ៖ លោក វេន ប៉ុក
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, កញ្ញា ហុង រស្មី, លោក ឈាង បូរ៉ា និង​លោក សឹម រក្សា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.lisalageorge.com ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ការ​ថែ​រក្សា​ព្រលឹង​សម្រាប់​អ្នក​ម្តាយ​វ័យ​ក្មេង​ដែល​នឿយហត់

ចំណុច​អនុវត្ត! តើ​ខ្ញុំ​អាច​បង្កើត​សិស្ស​ដែល​ជា​គ្រីស្ទ​បរិស័ទ​ផ្សេង​ទៀត​បាន​យ៉ាង​ដូច​ម្ដេច?