in ,

ផែន​ការណ៍​ដ៏​ល្អ​អស្ចារ្យ​របស់​ព្រះ

សាវ័ក ប៉ុល បាន​យល់​ដឹង​អំពី​អ្វី​ម៉្យាង​ដែល​ជា​បញ្ហា​ប្រឈម។ ស្ថាន​ភាព​របស់​គាត់​នៅ​ក្នុង​បរិបទ​នៃ​សំបុត្រ​របស់​គាត់​ដែល​បាន​ផ្ញើ​ទៅ​កាន់​ក្រុម​ជំនុំ​នៅ​ទីក្រុង​ភីលីព​គឺ​ធ្ងន់ធ្ងរ​គ្រប់​គ្រាន់​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ការ​ភាន់​ច្រឡំ និង​ការ​ខក​ចិត្ត​ប្រសិន​បើ​មិន​បាន​សម្លឹង​មើល​តាម​ទស្សនៈ​នៃ​ជំនឿ បទ​គម្ពីរ​បាន​ប្រាប់​យើង​ថា​សាវ័ក ប៉ុល គឺ​ជា​មនុស្ស​ដែល​សកម្ម​ម្នាក់។ ការ​ធ្វើ​ដំណើរ​របស់​គាត់​គឺ​ទៀង​ទាត់ ការ​ងារ​របស់​គាត់​គឺ​មិន​ចេះ​អស់ ហើយ​ពេល​វេលា​របស់​គាត់​កាន់​តែ​តិច​ទៅ។ មិន​តែ​ប៉ុណ្ណោះ ពេល​គាត់​សរសេរ​សំបុត្រ​របស់​គាត់​ទៅ​កាន់​អ្នក​នៅ​ក្រុង​ភីលីព គឺ​ខ្លួន​គាត់​កំពុង​តែ​ជាប់​ចំណង។

ប្រាកដ​ណាស់​ថា​នេះ​បាន​ក្លាយ​ជា​កំហុស។ វា​ត្រូវ​តែ​អញ្ចឹង។ តើ​ព្រះ​មិន​ត្រូវ​ការ​ឲ្យ​គាត់​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទីក្រុង​ទាំង​ឡាយ ដើម្បី​ចែក​ចាយ​ដំណឹង​ល្អ​ទេ​ឬ​អី? ការ​នេះ​គឺ​ពិត​ជា​មិន​សម​ហេតុ​ផល​តាម​ទស្សនៈ​របស់​យើង​ជា​មនុស្ស​ឡើយ។ ប៉ុន្តែ ផែនការ​របស់​ព្រះ​គឺ​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ពេល​វេលា កាលៈទេសៈ និង​ក្នុង​តួនាទី​ដែល​បាន​បំពេញ ដោយ​សារ​អ្នក​ដែល​មិន​ទំនង​ជា​ប្រែ​ចិត្ត​ជឿ​សោះ​នៅ​សម័យ​នោះ ឥឡូវ​នេះ​បាន​ក្លាយ​ជា​ទស្សនិកជន​ដែល​ចាប់​ចិត្ត​វិញ។ ពិត​ណាស់ ផែនការ​របស់​ព្រះ​ជាម្ចាស់​ក្នុង​ការ​ពង្រីក​ដំណឹង​ល្អ​របស់​ទ្រង់​នៅ​ក្នុង​របៀប​ដែល​អ្នក​ជឿ​មិន​អាច​នឹក​ស្មាន​ដល់។ ដូច​ជា​សាវ័ក ប៉ុល បាន​សរសេរ​នៅ​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ៨:២៨ «តែ​យើង​ដឹង​ថា គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា សម្រាប់​សេចក្តី​ល្អ​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក តាម​ព្រះ​ដំរិះ​ទ្រង់»។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​បណ្ដាល​ឲ្យ​សាវ័ក ប៉ុល សរសេរ​ពាក្យ​ទាំង​នេះ​ចេញ​ពី​ដួង​ចិត្ត​ដែល​គាត់​មាន​បទពិសោធន៍​នឹង​សេចក្ដី​ពិត​នេះ​ផ្ទាល់​ខ្លួន​តែ​ម្តង។

មនុស្ស​ខ្លះ​ប្រហែល​ជា​គិត​ថា ស្ថានភាព​របស់​សាវ័ក ប៉ុល គឺ​ព្រះ​បាន​បោះ​បង់​ចោល​គាត់​ឲ្យ​នៅ​ដោយ​ឡែក​ក្នុង​កំឡុង​ពេល​ដែល​ត្រូវ​ពឹង​ផ្អែក​បំផុត និង​ដំណាក់​កាល​ដ៏​ខ្វះខាត​បំផុត​នៃ​យុគ​សម័យ​ក្រុម​ជំនុំ។ ព្រះ​យេស៊ូវ​បាន​យាង​ត្រឡប់​ទៅ​ឯ​ព្រះ​វរបិតា​វិញ ក្រុម​ជំនុំ​នៅ​ក្មេង​ខ្ចី ហើយ​លោក ប៉ុល ត្រូវ​បាន​ឃ្លាត​ឆ្ងាយ​ពី​កូន​ខាង​ឯ​ព្រលឹង​វិញ្ញាណ​របស់​គាត់​ទៀត។ តើ​ការ​នេះ​អាច​ជា​ចំណែក​នៃ​ផែនការ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ​បាន​ដោយ​របៀប​ណា?

ដោយ​បាន​បង្ហាញ​ថា ការ​ជាប់​គុក​របស់​គាត់​គឺ​ពិត​ជា​បាន​បម្រើ​ដល់​ការ​រីក​ចម្រើន​របស់​ដំណឹង​ល្អ (ភីលីព ១:១២) នោះ​សាវ័ក ប៉ុល ក៏​បាន​ពន្យល់​ដោយ​យក​ចិត្ត​ទុក​ដាក់​ថា​ការ​នេះ​គឺ​ជា​សេចក្តី​ពិត​ដោយ​របៀប​ណា។

អ្វី​ដែល​មើល​ទៅ​ហាក់​ដូច​ជា​ព្រឹត្តិការណ៍​ដែល​គួរ​ឲ្យ​ខ្លាច​សម្រាប់​ពួក​ជំនុំ​របស់​គាត់ បាន​ប្រែ​ជា​ព្រះ​ពរ​ដែល​បាន​រៀប​ចំ​ទុក​ជា​មុន​ទៅ​វិញ

សាវ័ក ប៉ុល និង​សមត្ថភាព​អធិប្បាយ​របស់​គាត់​គឺ​មិន​បាន​ក្លាយ​ជា​ឥត​ប្រយោជន៍​នោះ​ទេ ហើយ​ព្រះ​ក៏​មិន​បាន​សាង​កំហុស​ដែរ! សាវ័ក ប៉ុល នៅ​តែ​អាច​ផ្សាយ​ដំណឹង​ល្អ និង​ចែក​ចាយ​ព្រះ​បន្ទូល​ទោះ​បើ​គាត់​នៅ​ជាប់​ឃុំ​ក៏​ដោយ នេះ​ប្រៀប​បាន​ដូច​ជា​គ្រាប់​ពូជ​ដ៏​តូច​មួយ​ដែល​នៅ​តែ​អាច​លូត​លាស់​បាន ទោះ​បើ​ជា​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​ជញ្ជាំង​គុក​ក៏​ដោយ។

ព្រះ​ចៅ​អធិរាជ សេសារ អូគូស្ទ បាន​បង្កើត​ឲ្យ​មាន​កង​ការពារ​ព្រះ​បរម​រាជ​វាំង ហើយ​រក្សា​សន្តិភាព​នៅ​ក្នុង​ចក្រភព​រ៉ូម។ វា​គឺ​ជា​ទម្លាប់​ដែល​អ្នក​ទោស​ត្រូវ​បាន​ដាក់​ខ្នោះ​ដៃ​ជា​មួយ​ឆ្មាំ​គុក​នៅ​ក្នុង​ពេល​ដែល​ត្រូវ​ជាប់​ឃុំ​ឃាំង។ នេះ​គឺ ដើម្បី​ធានា​ថា​ការ​រត់​គេច ឬ​ឯកជន​ភាព​គឺ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​សាវ័ក ប៉ុល មិន​អាច​ដក​ខ្លួន​គាត់​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​អ្នក​យាម​ដែល​កំពុង​បំពេញ​ភារកិច្ច​របស់​ខ្លួន ហើយ​ទាំង​អ្នក​យាម​ក៏​មិន​មាន​ពេល​សម្រាក​ពី​សាវ័ក ប៉ុល ដែរ។ ជា​ការ​ពិត​ណាស់​សាវ័ក ប៉ុល តែង​តែ​មាន​ទស្សនិកជន​ជា​ឈ្លើយ​សឹក​នៅ​ពេល​គាត់​បន្ត​ចែក​ចាយ​ដំណឹង​ល្អ នៅ​ក្នុង​ខណៈ​ពេល​ដែល​គាត់​ជាប់​ឃុំ​ឃាំង។

មនុស្ស​ទាំង​នេះ​ដែល​ប្រហែល​ជា និង​មិន​ធ្លាប់​បាន​ឮ​អំពី​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​របស់​ព្រះ ពេល​នេះ​ពួក​គេ​បាន​ក្លាយ​ទៅ​ជា​ជួរ​មុខ និង​ជា​ចំណុច​ស្នូល​នៃ​ព័ន្ធ​កិច្ច​ថ្មី​របស់​សាវ័ក ប៉ុល។ មិន​យូរ​ប៉ុន្មាន ពួក​អ្នក​យាម​របស់​ព្រះ​ចៅ​អធិរាជ​បាន​ដឹង​ថា ការ​ជាប់​ចំណង​របស់​សាវ័ក ប៉ុល គឺ​ជា​លទ្ធ​មក​ពី​ការ​ប្រកាស​ដំណឹង​ល្អ​ដោយ​ចិត្ត​ឆេះ​ឆួល​របស់​គាត់។ ពួក​គេ​ជា​សាក្សី​ផ្ទាល់​ភ្នែក ហើយ​ប្រហែល​ជា​អ្នក​អាន​ដំបូង​នៃ​ព្រះ​បន្ទូល​ដែល​ព្រះ​បាន​បំផុស​គំនិត​នៅ​ពេល​ដែល​សាវ័ក ប៉ុល បាន​សរសេរ​សំបុត្រ​របស់​គាត់​ទៅ​កាន់​អ្នក​នៅ​ក្រុង​ភីលីព។ ដោយ​សារ​ពួក​គេ​នៅ​កៀក​ជា​មួយ​សាវ័ក ប៉ុល ចំងាយ​មិន​ដល់​កន្លះ​ម៉ែត្រ​បែប​នេះ​ហើយ ទើប​ពួក​គេ​អាច​ទទួល​បាន​ការ​បង្រៀន​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ។ ពួក​គេ​សុទ្ធតែ​អាច​ធ្វើ​ជាទី​បន្ទាល់​ពី​បទ​ពិសោធ​នៃ​ការ​ទទួល​បាន​ការ​សង្គ្រោះ​ដ៏​អស្ចារ្យ និង​មិន​នឹក​ស្មាន​ដល់​របស់​គេ។ ការ​ជាប់​ឃុំ និង​ការ​ជាប់​ច្រវាក់​មិន​បាន​បញ្ឈប់​សាវ័ក ប៉ុល ពី​ការ​ធ្វើ​តាម​ការ​ត្រាស់​ហៅ​របស់​គាត់​បាន​ឡើយ។

គ្មាន​ឧបសគ្គ​របស់​មនុស្ស​ណា​ម្នាក់​អាច​បញ្ឈប់​កិច្ចការ​របស់​ព្រះ​បាន​ឡើយ

សាវ័ក ប៉ុល បាន​ទទួល​យក​នូវ​អធិបតេយ្យ​ភាព​របស់​ព្រះ​ជាម្ចាស់​ហើយ​ស្វែង​រក​វិធី ដើម្បី​ធ្វើ​ជា​ឧបករណ៍​សម្រាប់​ព្រះ​ជាម្ចាស់។ គាត់​បាន​បង្កើត​ឲ្យ​មាន​ព័ន្ធ​កិច្ច​នៅ​ក្នុង​គុក​ហើយ​បន្ត​បេសកកម្ម​ដែល​បាន​ប្រទាន​មក​គាត់។ កាលៈទេសៈ​របស់​គាត់​គឺ​មិន​បាន​ប្រសើរ​អ្វី​ទេ ហើយ​អ្នក​ស្តាប់​របស់​គាត់​ក៏​មាន​តិច​ជាង​មុន​ដែរ ប៉ុន្តែ​ព្រះ​រាជសារ​ដែល​គាត់​ប្រកាស​គឺ​នៅ​តែ​ដដែល៖ ក្រៅ​ពី​ព្រះនាម​ព្រះ​យេស៊ូវ​គ្មាន​នាម​ណា​ដែល​ប្រទាន​សេចក្តី​សង្គ្រោះ​ឡើយ។

សាវ័ក ប៉ុល អាច​ការពារ​ខ្លួន​គាត់​នៅ​ក្នុង​គុក​បាន​តាមរយៈ​ការ​នៅ​ដោយ​ស្ងាត់​ស្ងៀម។ ទោះ​បី​ជា​យ៉ាង​ណា បន្ទាប់​ពី​អ្នក​ស្តាប់​របស់​គាត់​នៅ​ជិត​គ្រប់​គ្រាន់​ក្នុង​ការ​អាច ឮ​និង​ទទួល​ដំណឹង​ល្អ ពួក​គេ​ក៏​នៅ​កៀក​គ្រប់​គ្រាន់​ក្នុង​ការ​បដិសេធ​ដំណឹង​ល្អ​ដោយ​ផ្ទាល់​បាន​ដែរ ពេល​វេលា​នៅ​ក្នុង​គុក​របស់​សាវ័ក ប៉ុល គឺ​ពិត​ជា​ពិបាក ហើយ​គាត់​ប្រហែល​ជា​មាន​ការ​ធុញ​ទ្រាន់​នឹង​ស្លាក​ស្នាម​នៃ​បេសកកម្ម​ថ្មី និង​បេសកកម្ម​ពេញ​ដោយ​គ្រោះ​ថ្នាក់​របស់​គាត់។ ប៉ុន្តែ​គាត់​បន្ត​ជ្រើស​រើស​យក​ការ​ទុក​ចិត្ត​ព្រះ​ហើយ​បន្ត​ប្រកាស​ពី​ព្រះ​បន្ទូល​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ។

យើង​អាច​រៀន​បាន​ពី​របៀប​ដែល សាវ័ក ប៉ុល ឆ្លើយ​តប​ទៅ​នឹង​ឧបសគ្គ​នៅ​ក្នុង​គុក​របស់​គាត់។ ប្រហែល​ជា​លោក​អ្នក​ស្តាប់​របស់​អ្នក​នៅ​មាន​ចំនួន​តិច ឬ​ការ​ផ្សាយ​ដំណឹង​ល្អ​របស់​លោក​អ្នក​នៅ​មិន​ទាន់​អាច​ផ្សាយ​បាន​ឆ្ងាយ តាម​អ្វី​ដែល​លោក​អ្នក​ប្រាថ្នា។ សូម​គ្រាន់​តែ​ស្មោះត្រង់​ក្នុង​ការ​ប្រាប់​អ្នក​ដទៃ​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ។ ប្រហែល​ជា​មុខ​របរ​របស់​អ្នក​មិន​រីក​ចម្រើន​ដូច​ដែល​អ្នក​រំពឹង​ទុក។ សូម​បន្ត​ចង្អុល​បង្ហាញ​ពី​ព្រះ​យេស៊ូវ​ទៅ​កាន់​មនុស្ស​នៅ​ក្នុង​គ្រប់​ឱកាស​ទាំង​អស់។ ប្រហែល​ជា​អ្នក​បាក់​ទឹក​ចិត្ត​ដោយ​ព្រោះ​អ្នក​រស់​នៅ​ក្នុង​ផ្ទះ​ជាមួយ​អ្នក​ដែល​បដិសេធ​ដំណឹងល្អ​ជា​ខ្លាំង។

ព្រះ​ជាម្ចាស់​មិន​ដែល​ភ្លេច​រាស្ដ្រ​របស់​ទ្រង់​ឡើយ ហើយ​ទ្រង់​តែង​តែ​ធ្វើ​ការ

សាវ័ក ប៉ុល ត្រូវ​បាន​ផ្ដល់​ឲ្យ​នូវ​អ្នក​ស្តាប់​ដែល​ជា​អ្នក​ទោស បើ​មិន​ដូច្នោះ​ទេ​ប្រហែល​ជា​នឹង​មិន​បាន​ស្តាប់​ឡើយ។ អាច​ជា​ព្រះ​ជាម្ចាស់​ដែល​បាន​ដាក់​នរណា​ម្នាក់​យ៉ាង​ជាក់​លាក់​នៅ​ក្នុង​ជីវិត​របស់​អ្នក​សម្រាប់​គោល​បំណង​តែ​មួយ​គត់​គឺ​បាន​ឮ​ដំណឹង​ល្អ​តាមរយៈ​អ្នក។

ការ​ជាប់​គុក​របស់​សាវ័ក ប៉ុល បាន​ជះ​ឥទ្ធិ​ពល​ដល់​អ្នក​ដើរ​តាម​គាត់ ដោយ​ពួក​គេ​បាន​មាន​ភាព​ក្លាហាន​តាម​រយៈ​គំរូ​របស់​គាត់។ ការ​ចាប់​ខ្លួន​ដែល​មាន​បំណង​បំបិទ​មាត់ និង​បំភិត​បំភ័យ​បាន​ក្លាយ​ទៅ​ជា​ការ​ចម្រើន​កម្លាំង​ដល់​អ្នក​ជឿ​ជា​ច្រើន​ឲ្យ​ពង្រីក​ការ​ផ្សាយ​ដំណឹង​ល្អ​របស់​ពួក​គេ។ ជា​លទ្ធផល​នៃ​ការ​ជាប់​ឃុំ​ឃាំង​របស់​សាវ័ក ប៉ុល នោះ​ដំណឹង​ល្អ​បាន​រីក​សាយ​ភាយ​កាន់​តែ​ខ្លាំង​ឡើង។

គ្មាន​អ្វី​ត្រូវ​សង្ស័យ​ទេ សំបុត្រ​របស់​សាវ័ក ប៉ុល ត្រូវ​បាន​អាន​ជា​សាធារណៈ និង​ត្រូវ​បាន​ពួក​ជំនុំ​ក្រុង​ភីលីព​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង ព្រោះ​ពួក​គេ​ឃើញ​ថា ស្ថានភាព​របស់​សាវ័ក ប៉ុល មិន​បាន​ធ្វើ​ឲ្យ​ជំនឿ​របស់​គាត់​ធ្លាក់​ចុះ​ឡើយ។ ដោយ​ព្រោះ​តែ​សាវ័ក ប៉ុល មាន​ការ​ទុក​ចិត្ត​លើ​ព្រះ​ជាម្ចាស់​ដោយ​មិន​ងាក​រេ នោះ​អ្នក​ផ្សេង​ទៀត​កាន់​តែ​មាន​ភាព​ក្លាហាន​ឡើង​ដែរ។ ព្រះ​ជាម្ចាស់​មិន​គ្រាន់​តែ​ស្មោះ​ត្រង់​ចំពោះ​ព័ន្ធ​កិច្ច​របស់​សាវ័ក ប៉ុល ទេ ប៉ុន្តែ​ប្រើ​ប្រាស់​វា​ជា​ឧបករណ៍ ដើម្បី​សាង​សង់​ព័ន្ធ​កិច្ច​របស់​អ្នក​ផ្សេងៗ​ទៀត​ឡើង។

អស់​អ្នក​ដែល​ត្រូវ​បាន​ត្រាស់​ហៅ​ឲ្យ​ប្រកាស​ដំណឹង​ល្អ​ត្រូវ​តែ​មាន​ភាព​ក្លាហាន​ពិត​ដោយ​មិន​ភ័យ​ក្នុង​ការ​ប្រឈម​មុខ​នឹង​ការ​បៀតបៀន​ឡើយ

ទោះ​បើ​មើល​ទៅ តាម​ក្រសែ​ភ្នែក​របស់​លោកីយ៍​ស្ថាន​ភាព​របស់​សាវ័ក ប៉ុល បាន​ធ្លាក់​ចុះ​ក៏​ដោយ ក៏​នៅ​តែ​មាន​ព័ន្ធកិច្ច​ជា​ច្រើន​បាន​រីក​ចម្រើន​ដោយ​សារ​គាត់​ដែរ។ ប្រសិន​បើ​សាវ័ក ប៉ុល នៅ​តែ​អាច​ស្មោះ​ត្រង់​ក្នុង​ការ​បម្រើ​ព្រះ ទាំង​ក្នុង​ស្ថានភាព​ជាប់​ចំណង​របស់​គាត់​ក៏​ដោយ ក៏​អ្នក​ដើរ​តាម​គាត់​នៅ​អាច​ស្មោះ​ត្រង់​បម្រើ​ព្រះ​ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​មាន​សេរី​ភាព​ដែរ។ ប្រសិន​បើ​សាវ័ក ប៉ុល អាច​រក្សា​សេចក្តី​អំណរ​នៅ​ក្នុង​ការ​ពិបាក​នៃ​ការ​ជាប់​ចំណង នោះ​សេចក្តី​អំណរ​គឺ​ពិត​ជា​អាច​រក​បាន​ទោះ​បី​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។

នៅ​ក្នុង​កណ្ឌ​គម្ពីរ ភីលីព ១:៧ សាវ័ក ប៉ុល បាន​បង្ហាញ​ថា​ព្រះ​ទ្រង់​កំពុង​តែ​ធ្វើ​ការ​តាម​រយៈ​ការ​ការពារ និង​ការ​ប្រកាស​ដំណឹង​ល្អ។ ដំណឹង​ល្អ​ទទួល​បាន​ការ​ការពារ​នៅ​ពេល​ដែល​បាន​ផ្សព្វផ្សាយ​ទៅ​ដល់​អ្នក​មិន​ជឿ។ នៅ​ពេល​ដែល​ដំណឹង​ល្អ​កាន់​តែ​ត្រូវ​បាន​ប្រកាស​ឡើង​យ៉ាង​ខ្លាំង នោះ​វា​ជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ជឿ​មាន​ជំនឿ​កាន់​តែ​រឹងមាំ​ឡើង​ដែរ។ សាវ័ក ប៉ុល បាន​បង្ហាញ​ថា​តាម​រយៈ​ការ​ជាប់​ឃុំ​ឃាំង​របស់​គាត់​នោះ​ដំណឹង​ល្អ​នៅ​តែ​បន្ត​ធ្វើ​ការ ដោយ​ការ​លើក​ទឹក​ចិត្ត​ដល់​ពួក​អ្នក​ជឿ​ដែល​នៅ​ខាង​ក្រៅ​ក៏​ដូចជា​ផ្តល់​ក្តី​សង្ឃឹម​ដ៏​អស់​កល្ប​ជានិច្ច​ដល់​អស់​អ្នក​ដែល​នៅ​ខាង​ក្នុង​ដែរ។

វា​ពិត​ជា​អស្ចារ្យ​ណាស់​ក្នុង​ការ​គិត​ថា​អ្នក​យាម​ទាំង​នោះ​នឹង​ខក​ខាន​ការ​ស្តាប់​ឮ​ដំណឹង​ល្អ​ប្រសិន​បើ​គ្មាន​ការ​ជាប់​គុក​របស់​សាវ័ក ប៉ុល។ អ្នក​អាច​និយាយ​ថា​ចំណង​របស់​គាត់​គឺ​ជា​ការ​ធ្វើ​ឲ្យ​គាត់​មាន​សេរី​ភាព​ក្នុង​ការ​ចែក​ចាយ​ដំណឹង​ល្អ​ដល់​ពួក​ទាហាន​រ៉ូម បើ​មិន​ដូច្នោះ​ទេ​គឺ​មិន​មាន​ការ​ឈោង​ចាប់​ឡើយ។ ព្រះជាម្ចាស់​អាច​ប្រើ​គ្រប់​ស្ថាន​ភាព​ទាំង​អស់ ដើម្បី​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ព័ន្ធកិច្ច។

ចុះ​ជីវិត​របស់​លោក​អ្នក​វិញ? តើ​លោក​អ្នក​អាច​ស្មោះ​ត្រង់​នៅ​ក្នុង​របៀប​ណា​បាន នៅ​ក្នុង​ថ្ងៃ​នេះ? ប្រហែល​ជា​ឱកាស​របស់​លោក​អ្នក​តូច​ចង្អៀត ឬ​មិន​សម​ហេតុ​សម​ផល ប៉ុន្តែ​សូម​ដឹង​ថា​ព្រះ​ទ្រង់​ប្រើ​ប្រាស់​ជីវិត​អ្នក​នៅ​ក្នុង​របៀប​មួយ​លើស​ពី​ការ​យល់​ដឹង​របស់​លោក​អ្នក។ ដូច​គ្នា​ជាមួយ​សាវ័ក ប៉ុល ព្រះ​ជាម្ចាស់​នឹង​ប្រើ​លោក​អ្នក​ធ្វើ​ជា​ពន្លឺ​ដល់​អស់​អ្នក​ដែល​នៅ​ក្បែរ​អ្នក​បំផុត ទ្រង់​នឹង​ប្រើ​គំរូ​របស់​អ្នក ដើម្បី​ប្រទាន​ពរ​ដល់​អស់​អ្នក​ដែល​សំឡឹង​មើល​គំរូ​អ្នក។ ព្រះ​ជាម្ចាស់​តែង​តែ​មាន​ផែនការ​ដ៏​ល្អ​ឥត​ខ្ចោះ ហើយ​ទ្រង់​តែង​តែ​ធ្វើ​ការ​លើស​ពី អ្វី​ដែល​លោក​អ្នក​អាច​មើល​ឃើញ​ទៅ​ទៀត។ ខ្ញុំ​សង្ឃឹម​ថា លោក​អ្នក​នឹង​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត។

និពន្ធ​ដោយ៖ Michael Staton
បក​ប្រែ​ដោយ៖ លោក វេន ប៉ុក
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា,
លោក ហុង សម្ភស, លោក ង៉ែត វិទូ, កញ្ញា អ៊ួន រស្មី និង​លោក ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី tms.edu ដោយ​មាន​ការ​អនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ការ​មើល​ប្រធាន​បទ​ធំៗ​នៅ​ក្នុង​ព្រះ​គម្ពីរ ៖ កណ្ឌ​គម្ពីរ​យ៉ូស្វេ និង​កណ្ឌ​គម្ពីរ​​ពួក​ចៅហ្វាយ

តើ​ខ្ញុំ​អាច​ជ្រើស​រើស និង​រៀបចំ​កាល​វិភាគ​សម្រាប់​ទំនាក់​ទំនង​ក្នុង​ការ​បង្កើត​សិស្ស​ដោយ​របៀប​ណា