in , , , ,

លោក​អ្នក​រៀប​ចំ​មេរៀន​អធិប្បាយ​យ៉ាង​មិច​ក៏​មិន​ចប់​ដែរ

ខណៈ​ពេល​យើង​កំពុង​បើក​បរ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ប្រពន្ធ​របស់ខ្ញុំ​បាន​សួរ​ថា «តើ​មេរៀន​អធិប្បាយ​របស់​បង​យ៉ាង​មិច​ហើយ?» ព្រោះ​អី​ខ្ញុំ​ត្រូវ​ដល់​វេន​អធិប្បាយ​នៅ​ថ្ងៃ​អាទិត្យ​បន្ទាប់។ ខ្ញុំ​បាន​ឆ្លើយ​ថា «ហើយ​ប្រហែល ៩៥%»
ទោះ​បី​ជា​ខ្ញុំ​បាន​ចំណាយ​ពេល​ជិត​១០​ម៉ោង ឬ​ច្រើន​ជាង​នេះ​ក៏​ដោយ ដើម្បី​រៀប​ចំ។ តាម​ពិត​ទៅ ពេល​ខ្ញុំ​រៀប​ចំ​បាន​៩៥% នោះ​មាន​ន័យ…ខ្ញុំ​ដូច​រៀប​ចំ​ហើយ​ទាំង​ស្រុង​អញ្ចឹង—ព្រោះ​ខ្ញុំ​រៀប​ចំ​មេរៀន​អធិប្បាយ​យ៉ាង​មិច
​ក៏​មិន​ចេះ​ចប់​ដែរ។

នៅ​ពេល​ដែល​លោក​គ្រូ អរ. ស៊ី. ស្ព្រោល (R.C. Sproul) បាន​និយាយ​អំពី​ភាព​មិន​អាច​ធ្វើ​ឲ្យ​ព្រះ​គាប់​ព្រះ​ទ័យ​ទាល់​តែ​សោះ​បាន លោក​បាន​ពន្យល់​ពី​ភាព​ខុស​គ្នា​រវាង​ភាព​មិន​អាច «ទាំង​ស្រុង»។ ភាព​មិន​អាច​ធ្វើ​ឲ្យ​ព្រះ​គាប់​ព្រះ​ទ័យ​ទាល់​តែ​សោះ​មាន​ន័យ​ថា អំពើ​បាប​បាន​ធ្វើ​ឲ្យ​ខូច​ដល់​គ្រប់​ផ្នែក​ទាំង​អស់​នៃ​បុគ្គល​ម្នាក់ៗ។ ទោះ​បើ​វា​អាក្រក់​យ៉ាង​ហ្នឹង​ក៏​ដោយ​ក៏​វា​នៅ​អាច​កាន់​តែ​អាក្រក់​ជាង​ហ្នឹង​ទៅ​ទៀត។ យើង​មាន​ពេញ​ដោយ​អំពី​បាប ប៉ុន្តែ
​មិន​ពេញ​ដោយ​អំពី​បាប​ដូច​ដែល​យើង​សម​នឹង​មាន​នោះ​ទេ៖ ពោល​គឺ​វា​តែង​តែ​នៅ​មាន​ការ​អាក្រក់​ជា​ច្រើន​ទៀត​ដែល​យើង​អាច​នៅ​ធ្វើ​បាន​ទៀត។ ស្រដៀង​គ្នា​នេះ​ដែរ នៅ​ពេល​ដែល​ខ្ញុំ​និយាយ​ថា «លោក​អ្នក​រៀប​ចំ​មេរៀន​អធិប្បាយ​របស់​លោក​អ្នក​យ៉ាង​មិច​ក៏​មិន​ចប់​ដែរ» ខ្ញុំ​មិន​បាន​និយាយ​ថា គ្រូ​អធិប្បាយ​មិន​អាច​អធិប្បាយ​មេរៀន​របស់​ពួក​គាត់ ដែល​ពួក​គាត់​បាន​រៀប​ចំ​រួច​ហើយ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អ្វី​ដែល​ខ្ញុំ​កំពុង​និយាយ​គឺ​ថា មេរៀន​អធិប្បាយ​របស់​លោក​អ្នក មិន​សុទ្ធ​តែ​រៀប​ចំ ដូច​ដែល​ចង់​បាន​នោះ​ទេ។ ព្រោះ​វា​តែង​តែ​នៅ​មាន​ការ​ថែម​ថយ ដែល​អាច​ថែម​ថយ​ទៀត​បាន។

ប្រសិន​បើ​នៅ​មាន​ការ​រៀប​ចំ​មេរៀន​អធិប្បាយ​ដែល​អាច​ថែម​ថយ​ទៀត​បាន តើ​លោក​អ្នក​គួរ​ថែម​ថយ​ទៀត​ទេ? ទេ។

នៅ​ក្នុង​សៀវភៅ​មួយ ដែល​មាន​ចំណងជើង​ថា «អ្នក​រៀប​ចំ​គ្រង» (Outliers) លោក ម៉ាលខម ហ្គ្លាដវែល (Malcolm Gladwell) បាន​សរសេរ​អំពី​មូល​ហេតុ​ដែល​មនុស្ស​មួយ​ចំនួន​សរសេរ​លម្អិត ហើយ​មនុស្ស​មួយ​ចំនួន​ទៀត​មិន​សរសេរ​លម្អិត។ លោក ហ្គ្លាដវែល មាន​ប្រសាសន៍​ថា ទេពកោសល្យ ជី.ភី.អេ. (GPA) និង​ពិន្ទុ​ប្រឡង​ល្អ​មាន​កំណត់។ លោក​អ្នក​ត្រូវ​ការ​វា ដើម្បី​ឲ្យ​ជោគជ័យ។ លោក​អ្នក​មិន​អាច​ចូល​រៀន​នៅ​មហាវិទ្យាល័យ ហាវើដ (Harvard) ដោយ​មាន​ជី.ភី.អេ. ២.៥ បាន​ទេ។ ប៉ុន្តែ បន្ទាប់​ពី​ពេល​លោក​អ្នក​ទទួល​បាន​ជី.ភី.អេ. ៣.៨ ហើយ នោះ​ពិន្ទុ​ដែល​លើស​ពី​ហ្នឹង គេ​លេង​ត្រូវ​ការ​ទៀត​ហើយ។ ជី.ភី.អេ. ចន្លោះ​ពី ៣.៩ ដល់ ៣.៩៥ (GPA) គឺ​វា​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ។ ជំនួស​ឲ្យ​ការ​ព្យាយាម​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​លោក​អ្នក​ធ្វើ​ឲ្យ​ល្អ​បំផុត យោង​តាម​សម្ដី​របស់​លោក ហ្គ្លាដវែល វា​ក៏​ត្រូវ​មាន «កម្រិត​កំណត់» ជាក់​លាក់​មួយ (នេះ​ជា​ពាក្យ​គន្លឹះ) ដែល​ចាំ​បាច់​ត្រូវ​បំពេញ​ដែរ។ បន្ទាប់​ពី​លោក​អ្នក​បាន​បំពេញ​តាម​កម្រិត​កំណត់​រួច​ហើយ នោះ​ភាព​ជោគជ័យ ឬ​ភាព​បរាជ័យ​របស់​លោក​អ្នក​នឹង​ត្រូវ​បាន​កំណត់​ដោយ​កត្តា​ផ្សេងៗ ដែល​ភាគ​ច្រើន​ជា​កត្តា​ដែល​លោក​អ្នក​មិន​អាច​គ្រប់​គ្រង​លើ​បាន ដូច​ជា​ហ្សេន ការ​អប់រំ​ថែទាំ​ខ្លួន​កាល​ពី​ក្មេង ទី​កន្លែង​ដែល​លោក​អ្នក​រស់​នៅ ឬ​ក៏​មនុស្ស​ដែល​លោក​អ្នក​ស្គាល់​ជា​ដើម។

ខ្ញុំ​គិត​ថា ការ​មាន​គំនិត​ដូច​គ្នា​នេះ​ក៏​យើង​អាច​យក​ទៅ​អនុវត្ត​ចំពោះ​ការ​រៀប​ចំ​មេរៀន​អធិប្បាយ​បាន។ បន្ទាប់​ពី​ពេល​ដែល​លោក​អ្នក​រៀប​ចំ​ដល់​កម្រិត​កំណត់​ជាក់​លាក់​ណា​មួយ​ហើយ (មាន​តែ​លោក​អ្នក​ទេ​ដែល​អាច​កំណត់​ថា អ្វី​ដែល​ជា​កម្រិត​កំណត់​របស់​លោក​អ្នក​ហើយ​ថា តើ​កម្រិត​កំណត់​នោះ​ដល់​ត្រឹម​ណា​បាន) នោះ​មេរៀន​អធិប្បាយ​របស់​លោក​អ្នក​នឹង​ដល់​គោលដៅ។ វា​គឺ​តែ​ប៉ុណ្ណឹង។ ឈប់​រៀប​ចំ​វា​ទៀត​ទៅ។ ឈប់​មើល​ទៀត​ទៅ។ ប្រសិន​បើ​លោក​អ្នក​ពិត​ជា​ចង់​ថែម​ថយ​ទៀត​មែន សូម​យក​ពេល​នោះ​សម្រាប់​អធិស្ឋាន និង​ត្រៀម​ខ្លួន​ចាំ​តែ​អធិប្បាយ​វិញ​ទៅ នោះ​ល្អ​ជាង។ ប៉ុន្តែ ចូរ​ទុក​កុំព្យូទ័រ​ឲ្យ​ឆ្ងាយ​ចុះ។ ការ​សរសេរ​ថែម​ថយ​មួយ ឬ​ពីរ​កថា​ខណ្ឌ​ទៀត​លើ​មេរៀន​អធិប្បាយ​របស់​លោក​អ្នក បន្ទាប់​ពី​លោក​អ្នក​បាន​រៀប​ចំ​ដល់​កម្រិត​កំណត់​របស់​លោក​អ្នក​រួច​ហើយ ក៏​វា​នឹង​មិន​ធ្វើ​ឲ្យ​មេរៀន​អធិប្បាយ​របស់​លោកអ្នក​ល្អ​ជាង​មុន​បាន​ដែរ។

ខ្ញុំ​មិន​កំពុង​និយាយ​ថា គ្រូ​អធិប្បាយ​ត្រូវ​រៀប​ចំ​មេរៀន​អធិប្បាយ​ដោយ​ប្រើ​ផ្លូវ​កាត់​នោះ​ទេ។ ការ​អធិប្បាយ គឺ​ជា​កិច្ចការ​ដែល​ជា​ទំនួល​ខុស​ត្រូវ​ដ៏​សំខាន់​បំផុត​មួយ​របស់​គ្រូ​គង្វាល។ គ្រូ​គង្វាល​ដែល​អធិប្បាយ​ជា​ញឹកញាប់​នូវ​មេរៀន​អធិប្បាយ​ដែល​មិន​ទាន់​រៀប​ចំ​រួចរាល់ គឺ​ទំនង​ជា​មិន​ស័ក្តិ​សម​នឹង​ព័ន្ធកិច្ច​ហ្នឹង​ទេ។ ប៉ុន្តែ ការ​រៀប​ចំ​មេរៀន​អធិប្បាយ​ទាល់​តែ​ល្អ​ឥត​ខ្ចោះ​ទើប​ឈប់ ក៏​វា​អាច​ជា​គ្រោះ​ថ្នាក់​នៃ​ការ​យក​រឿង​ហ្នឹង​ធ្វើ​ជា​រូប​ព្រះ​ផង​ដែរ។ ជា​ពិសេស ប្រសិន​បើ​លោក​អ្នក​មាន​អារម្មណ៍​ថា​ខ្លាច​មនុស្ស ជា​ជាង​ស្រឡាញ់​ព្រះ​ជាម្ចាស់​នោះ។

ការ​និយម​ភាព​ល្អ​ឥត​ខ្ចោះ ឬ​ក៏​ការ​និយម​ធ្វើ​អ្វី​ទាល់​តែ​ល្អ​ឥត​ខ្ចោះ​ទើប​ឈប់ ពេល​មើល​ទៅ​ហាក់​បី​ដូច​ជា​រឿង​ខាង​ឯ​វិញ្ញាណ ប៉ុន្តែ​តាម​ពិត​ទៅ វា​គឺ​ជា​ទម្រង់​នៃ​ការ​ស្រូប​យក​ចំណាប់​អារម្មណ៍​ឲ្យ​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។
ជា​ឧទាហរណ៍៖ នៅ​ក្នុង​សៀវភៅ «ធ្វើ​ម្ដង​ទៀត» (Reset) លោក ដាវីឌ មើរេ (David Murray) បាន​លើក​ឡើង​អំពី​អតីត​សិស្ស​របស់​គាត់​ម្នាក់ ដែល​ចូល​ចិត្ត​រៀប​ចំ​មេរៀន​អធិប្បាយ​របស់​គាត់​ទាល់​តែ​ល្អ​ឥត​ខ្ចោះ​ទើប​ឈប់​ថា «យុវជន​វ័យ​ក្មេង​នៃ​សាលា​ព្រះ​គម្ពីរ​របស់​ខ្ញុំ​ម្នាក់ គាត់​មិន​ដែល​ចំណាយ​ពេល​តិច​ជាង​សាមសិប​ម៉ោង ដើម្បី​រៀប​ចំ​មេរៀន​អធិប្បាយ​របស់​គាត់​នោះ​ទេ ដោយ​ថែម​ថយ ថែម​ថយ​ទាល់​តែ​ថា​វា «ល្អ​ឥត​ខ្ចោះ» នោះ​ទើប​ឈប់»។ លោក មើរ៉េ បាន​បន្ត​ប្រាប់​ទៀត​ថា «មិន​មាន​អ្វី​ចម្លែក​ទេ ព្រោះ​បាន​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ យុវជន​ម្នាក់​នោះ​ក៏​លា​ឈប់ ហើយ​រត់​ចោល​ព័ន្ធកិច្ច​បាត់»។

មាន​ពេល​មួយ ខ្ញុំ​បាន​និយាយ​ជា​មួយ​អ្នក​ប្រាជ្ញ​ខាង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ម្នាក់ ដែល​គួរ​ឲ្យ​គោរព អំពី​សៀវភៅ​អត្ថាធិប្បាយ​នៃ​កណ្ឌ​សំបុត្រ​មួយ​ដែល​លោក​ជិត​សរសេរ​ចប់។ ខ្ញុំ​បាន​សួរ​គាត់​ថា តើ​ពេល​ណា​ទើប​សៀវភៅ​អត្ថាធិប្បាយ​នោះ​នឹង​ត្រូវ​សរសេរ​ចប់។ គាត់​បាន​ឆ្លើយ​ថា ការ​សរសេរ​សៀវភៅ​អត្ថាធិប្បាយ​មិន​ចេះ​ចប់​ទេ។ តែ​គាត់​បន្ត​សរសេរ បន្ត​ស្រាវជ្រាវ និង​និពន្ធ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ គឺ​រហូត​ដល់​ចំណុច​មួយ​ដែល​គាត់​ត្រូវ​ប្រគល់​សៀវភៅ​អត្ថាធិប្បាយ​នោះ​ទៅ​អ្នក​បោះ​ពុម្ព​ផ្សាយ​ហ្នឹង​ឯង ដើម្បី​បំពេញ​តាម​កាល​កំណត់​ដែល​ជិត​មក​ដល់។ ទោះ​បី​ជា​គាត់​មាន​អារម្មណ៍​ថា គាត់​អាច​ធ្វើ​បន្ថែម​ទៀត​បាន​ក្នុង​ការ​សរសេរ​សៀវភៅ​អត្ថាធិប្បាយ​នោះ ឲ្យ​វា​កាន់​តែ​ល្អ​ជាង​មុន​ក៏​ដោយ។

នេះ​គឺ​ជា​បទ​ពិសោធន៍​ស្រដៀង​គ្នា​ដែល​គ្រូ​អធិប្បាយ​មាន​អារម្មណ៍​បែប​ហ្នឹង។ វា​នឹង​មាន​ពេល​មក​ដល់ ក្នុង​អំឡុង​ពេល​នៃ​ការ​រៀប​ចំ​មេរៀន​អធិប្បាយ ដែល​ជា​ធម្មតា​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ឬ​ក៏​ព្រឹក​ថ្ងៃ​សៅរ៍ ដែល​អ្នក​អធិប្បាយ​នឹង​និយាយ​មក​កាន់​ខ្លួន​ថា «ខ្ញុំ​រៀប​ចំ​មេរៀន​រួច​ហើយ។ ខ្ញុំ​លែង​ខ្វល់​ពី​វា​ទៀត​ហើយ។ ខ្ញុំ​អាច​និយាយ​ដោយ​ស្មោះ​ត្រង់​ថា ខ្ញុំ​មិន​បាន​រៀប​ចំ​មេរៀន​អធិប្បាយ​ដោយ​ប្រើ​ផ្លូវ​កាត់​នោះ​ទេ ហើយ​អ្វី​ដែល​ខ្ញុំ​បាន​រៀប​ចំ​រួច គឺ​គ្រប់​គ្រាន់​ហើយ។ ខ្ញុំ​បាន​អាន​សៀវភៅ​ជា​ច្រើន អធិស្ឋាន​ហើយ​អធិស្ឋាន​ទៀត បាន​ពិនិត្យ​មើល​អក្ខរាវិរុទ្ធ បាន​កែ​សម្រួល​ឃ្លោងឃ្លា បាន​ដាក់​អារម្មណ៍​ជា​មួយ​នឹង​ព្រះ​បន្ទូល ហើយ​ក៏​ថែម​ទាំង​បាន​ថែម​ថយ​ឃ្លោងឃ្លា​ដែរ។ ពេល​នេះ ខ្ញុំ​បាន​រៀប​ចំ​មេរៀន​រួច​ហើយ។ ខ្ញុំ​នឹង​អធិប្បាយ​ឲ្យ​បាន​ល្អ​បំផុត តាម​ការ​ខិតខំ​របស់​ខ្ញុំ ដោយ​ដឹង​ថា​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្ញុំ​នៅ​មានភាព​ទន់​ខ្សោយ និង​គួរ​ឲ្យ​អាណិត​ដែរ ប៉ុន្តែ​ឯ​លទ្ធផល​វិញ គឺ​ខ្ញុំ​នឹង​ទុក​ចិត្ត​លើ​ព្រះ​ជាម្ចាស់»។

គ្មាន​ថ្ងៃ​អធិប្បាយ​មេរៀន​អធិប្បាយ​ណា​ដែល​យើង​បាន​រៀប​ចំ​ទុក​យ៉ាង​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ
ដូច​លោក ដាន ដូរីអានី (Dan Doriani) បាន​មាន​ប្រសាសន៍​ថា «យើង​អធិប្បាយ​ក្នុង​ស្ថានភាព​ស្លន់ស្លោ»។ ការ​រៀប​ចំ​ហួស​ហេតុ ជា​ពិសេស ការ​ខ្វល់​ខ្វាយ​អំពី​ពាក្យ​ពេចន៍​នីមួយៗ​នៅ​ក្នុង​អត្ថបទ​សរសេរ​ទុក​របស់​
លោក​អ្នក​ពេក ជា​ធម្មតា វា​នឹង​ធ្វើ​ឲ្យ​ការ​អធិប្បាយ​ទៅ​ជា​គ្មាន​អត្ថន័យ និង​គួរ​ឲ្យ​ធុញ​វិញ​ជា​មិន​ខាន។
ការ​ខិតខំ​ប្រឹង​ប្រែង​បន្ថែម​របស់​លោក​អ្នក​អាច​បង្ក​ឲ្យ​មាន​បញ្ហា​វិញ។ ការ​ខិតខំ​ប្រឹង​ប្រែង​បន្ថែម​មិន​សុទ្ធតែ​ទទួល​បាន​លទ្ធផល​ល្អ​ជាង​មុន​នេះ​ទេ។ ប៉ុន្តែ ការ​មាន​ចិត្ត​ពេញ​នៃ​ភាព​ស្កប់ស្កល់ និង​ការ​អធិស្ឋាន នោះ​គឺ​ប្រសើរ​ជាង​ការ​ខិតខំ​សរសេរ​ឲ្យ​ល្អ​ឥត​ខ្ចោះ​នូវ​មេរៀន​អធិប្បាយ​ទៅ​ទៀត។

ដូច្នេះ ឱ​គ្រូ​អធិប្បាយ​អើយ! ចូរ​មាន​កម្លាំង​ចិត្ត​ឡើង។ វា​នឹង​មិន​មាន​ពេល​វេលា​ក្នុង​ព័ន្ធកិច្ច​របស់​លោក​អ្នក​ទេ ដែល​លោក​អ្នក​នឹង​សរសេរ​មេរៀន​អធិប្បាយ​ចប់​បាន​ឡើយ ពីព្រោះ​វា​តែង​តែ​នៅ​មាន​ចំណុច​ជា​ច្រើន​ទៀត​ដែល​នៅ​អាច​សរសេរ​បាន។ យើង​រៀប​ចំ​រហូត​ដល់​យើង​ឈាន​ដល់​កម្រិត​កំណត់​របស់​យើង។ បន្ទាប់​ពី​យើង​បាន​ធ្វើ​ដល់​កម្រិត​នោះ​រួច​ហើយ កុំ​ព្យាយាម​គិត​អំពី​មេរៀន​អធិប្បាយ​នេះ​នៅ​ថ្ងៃ​សៅរ៍ ខណៈ​ពេល​ដែល​លោក​អ្នក​កំពុង​ចំណាយ​ពេល​ជា​មួយ​ក្រុម​គ្រួសារ​ទៀត​អី។ យើង​គ្រាន់​តែ​ត្រូវ​ក្រោក​អធិស្ឋាន​ពី​ព្រលឹម​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ
អាន​ព្រះ​គម្ពីរ និង​មើល​វា​មួយ​ភ្លែត​ទៀត​បាន​ហើយ។ រួច​ហើយ យើង​ធ្វើ​ដំណើរ​ទៅ​ព្រះ​វិហារ ហើយ​មុន​ពេល​យើង​ឈាន​ជើង​ចូល​ឈរ​លើ​អាសនា យើង​ថ្វាយ​ការ​នោះ​ដល់​ព្រះ​អម្ចាស់ ដោយ​សូម​ឲ្យ​ទ្រង់​ប្រទាន​ពរ​ដល់​អ្វី​ដែល​យើង​បាន​រៀប​រួច​ហើយ​នោះ​លើស​ជាង​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដោយ​ខ្លួន​ឯង ដូច​ជា​ក្មេង​ប្រុស​ម្នាក់​ដែល​បាន​ថ្វាយ​នំបុ័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ​ដល់​ព្រះ​យេស៊ូវ​អញ្ចឹង​ដែរ។

និពន្ធ​ដោយ៖ David Kaywood
បក​ប្រែ​ដោយ៖ លោក ថៃ វណ្ណៈ
ជំនួយ​ការ​បក​ប្រែ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ស៊ូ ទិត្យ, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក ឡង់ គីមឡុង និង​លោក​ស្រី ឡូញ ស្រីរដ្ឋ
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី gospelrelevance.com ដោយ​មាន​ការ​អនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

អត្ថបទ​លេខ​៥- តើ​ព្រះ​គម្ពីរ​មាន​ទស្សនៈ​បែប​ណា​ចំពោះ​ស្ត្រី​នៅ​ក្នុង​ព័ន្ធ​កិច្ច​?

បែប​បទ​នៃ​ការ​ចែ​ចង់​គ្នា ​ដោយ​មាន​ការ​ពឹង​អាង​លើ