បុគ្គលដែលលះអាល័យអ្វីៗទាំងអស់ចោល ដើម្បីដើរតាមព្រះគ្រីស្ទមិនមែនសំដៅលើអ្នកក្រខ្សត់ដែលមិនធ្វើការអី្វសោះ ហើយរំពឹងទៅលើគ្រីស្ទបរិស័ទនៅជុំវិញគាត់ដើម្បីទទួលការឧបត្ថម្ភនោះទេ ប៉ុន្តែ៖
* គាត់គឺជាមនុស្សម្នាក់ដែលខំប្រឹងធ្វើការ។ គាត់ធ្វើការយ៉ាងឧស្សាហ៍ ដើម្បីផ្គត់ផ្គង់តម្រូវការបច្ចុប្បន្នរបស់គាត់ និងតម្រូវការរបស់គ្រួសារគាត់។
* គាត់គឺជាមនុស្សម្នាក់ដែលចេះសន្សំសំចៃ។ គាត់រស់នៅដោយមិនសូវចំណាយប្រាក់ច្រើនតាមដែលគាត់អាចធ្វើបាន ដើម្បីឲ្យគាត់អាចថ្វាយអ្វីៗទាំងអស់ដែលលើសពីតម្រូវការរបស់គាត់ដល់ព័ន្ធកិច្ចរបស់ព្រះអម្ចាស់។
* គាត់គឺជាមនុស្សម្នាក់ដែលចេះគិតគូរវែងឆ្ងាយពីអនាគត។ ជំនួសឲ្យការប្រមែប្រមូលទ្រព្យសម្បត្តិនៅលើផែនដីនេះ គាត់ប្រមូលទ្រព្យសម្បត្តិរបស់គាត់ទុកនៅស្ថានសួគ៌វិញ។
* គាត់គឺជាមនុស្សម្នាក់ដែលជឿទុកចិត្តទៅលើព្រះជាម្ចាស់ពីអនាគតរបស់គាត់។ គាត់សុខចិត្តថ្វាយអ្វីៗដែលល្អជាងគេរបស់គាត់ទៅឯព័ន្ធកិច្ចរបស់ព្រះគ្រីស្ទជំនួសការទុកអ្វីៗដែលល្អជាងគេរបស់គាត់នោះសម្រាប់ភាពងាយស្រួលនៅពេលចាស់ជរា ពីព្រោះគាត់ជឿទុកចិត្តទៅលើទ្រង់ពីអនាគតរបស់គាត់។ គាត់ជឿថា ប្រសិនបើគាត់ស្វែងរកនគររបស់ព្រះជាម្ចាស់ និងសេចក្តីសុចរិតរបស់ទ្រង់ជាចម្បងលើសអ្វីៗទាំងអស់ នោះគាត់នឹងមិនចេះខ្វះម្ហូបអាហារ និងសំលៀកបំពាក់ឡើយ (ម៉ាថាយ ៦:៣៣)។
* គាត់គិតថាការប្រមែប្រមូលទ្រព្យសម្បត្តិសម្រាប់ថ្ងៃដែលមានគ្រោះអាសន្នកើតឡើងវាមិនសមហេតុផលទេ។ គំនិតគាត់គឺយ៉ាងដូច្នេះ៖
តើឲ្យយើងព្រមនឹងមិនចំណាយលុយទាំងនោះយ៉ាងដូចម្ដេចបាន នៅពេលដែលយើងដឹងថា យើងអាចយកលុយនោះទៅប្រើប្រាស់ភ្លាមៗក្នុងព័ន្ធកិច្ច ដើម្បីសង្គ្រោះព្រលឹងមនុស្សជាច្រើននោះ? «បើអ្នកណាមានភោគសម្បត្តិរបស់លោកីយ៍នេះហើយឃើញបងប្អូនណាដែលខ្វះខាតតែមិនចេះអាណិតមេត្តាសោះនោះធ្វើដូចម្ដេចឲ្យសេចក្តីស្រឡាញ់នៃព្រះបានស្ថិតនៅក្នុងអ្នកនោះបាន?» (១យ៉ូហាន ៣:១៧)។
ចូរពិចារណាអំពីសេចក្តីបង្គាប់ដ៏សំខាន់នេះម្តងទៀត «គឺត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងវិញ» (លេវីវិន័យ ១៩:១៨)។ តើយើងអាចហៅខ្លួនឯងថាជាអ្នកស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងយ៉ាងពិតប្រាកដដូចម្តេចបាន បើយើងបណ្ដោយឲ្យពួកគេឃ្លានស្ទើរស្លាប់ នៅពេលដែលយើងមានគ្រប់គ្រាន់ ហើយថែមទាំងមានបម្រុងទុកសម្រាប់ថ្ងៃក្រោយទៀតផងនោះ? សូមឲ្យខ្ញុំសួរសំណួរមួយចំពោះអ្នកដែលធ្លាប់មានអំណរដោយសារគេស្គាល់អំណោយទានដែលមិនអាចកាត់ថ្លៃបានពីព្រះជាម្ចាស់ថា៖ «តើលោកអ្នកសុខចិត្តដូរអំណរនោះជាមួយនឹងការធ្វើជាស្តេចលើនគររាប់រយដែរឬទេ?» បងប្អូនអើយ សូមកុំឲ្យយើងដកយកឱកាសដែលនាំឲ្យអ្នកដទៃទៀតបានទទួលនូវអំណរដែលញែកពួកគេទៅជាវិសុទ្ធ ហើយជាទីកម្សាន្តចិត្តដែលមកពីស្ថានសួគ៌នោះឡើយ។
ដកស្រង់ចេញពីសៀវភៅ «សិស្សដ៏ពិតរបស់ព្រះយេស៊ូវ» និពន្ធដោយ៖ លោកគ្រូ វិលាម មេកដានុល រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ វិលាម មេកដានុល ប្រើដោយការអនុញ្ញាត
មតិយោបល់
Loading…