in ,

សំណួរ​១ដែល​ត្រូវ​សួរ​មុន​យើង​ផ្ញើ​សារ

One Question to Ask Before You Text


យើងខ្ញុំ​ស្អប់​ការ​ខល​ទូរស័ព្ទ​ណាស់។ ពេល​ខ្លះ​យើងខ្ញុំ​ត្រូវតែ​និយាយ​មក​កាន់​ខ្លួន​ឯង​ឲ្យ​ត្រៀម​ខ្លួន​សិន​មុន​ចុច​ខល​ទៅ​វិញ។ ជា​រឿយៗ ពេល​ទូរស័ព្ទ​នៅ​កន្លែង​ធ្វើការ​របស់​យើងខ្ញុំ​រោទ៍ យើងខ្ញុំ​តែងតែ​សង្ឃឹម​ថា​វា​ជា​លេខ​ដែល​យើងខ្ញុំ​មិន​ស្គាល់ ព្រោះ​បើ​ដូច្នោះ​មែន​នោះ​យើងខ្ញុំ​នឹង​ឲ្យ​ម៉ាស៊ីន​ទទួល​វា​ជា​សារ​សំឡេង​វិញ។ បើ​យើងខ្ញុំ​មាន​ជម្រើស​រវាង​ការ​ផ្ញើ​សារ ឬ​ក៏​ការ​ខល​តាម​ទូរស័ព្ទ នោះ​យើងខ្ញុំ​នឹង​ជ្រើសរើស​ការ​ផ្ញើ​សារ​គ្រប់​ពេលវេលា។ តើ​យើងខ្ញុំ​ពិត​មាន​បញ្ហា​មែន​ឬ?

យើងខ្ញុំ​ក៏​ចាប់​ផ្ដើម​ឃើញ​បាតុភូត​ដ៏​ចម្លែក​នេះ​កំពុង​កើត​ឡើង​នៅ​ពេល​យើងខ្ញុំ​ជួប​ជាមួយ​នឹង​អ្នក​ដទៃ ដើម្បី​ផ្ដល់​ប្រឹក្សា​ដល់​ពួកគេ។ ខណៈ​ពេល​ដែល​យើងខ្ញុំ​ស្ដាប់​ការ​ឈ្លោះប្រកែក​គ្នា​រវាង​ដៃគូ​ជីវិត​ពីរ​នាក់ ដែល​ធ្វើ​ឲ្យ​សប្ដាហ៍​មុន​មាន​បរិយាកាស​អាប់អួ ប្រមាណ​ប្រាំ​ទៅ​ដប់​នាទី​ក្នុង​ការ​ពន្យល់​របស់​ពួកគេ យើងខ្ញុំ​ត្រូវតែ​បញ្ឈប់​រឿង ហើយ​សួរ​ថា «ឈប់​សិនៗ ការ​ទាំង​អស់​នេះ​កើត​ឡើង​តាមរយៈ​ការ​ផ្ញើ​សារ​មែន​ឬ?»។ តាម​ពិត​ទៅ យើងខ្ញុំ​មិន​មែន​តែ​ម្នាក់​ឯង​ទេ​ក្នុង​រឿង​បែប​នេះ។ រឿង​បែប​នេះ​កំពុង​តែ​កើត​ឡើង​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ មិត្តភាព ទំនាក់ទំនង​នៅ​កន្លែង​ធ្វើការ និង​ក្នុង​ក្រុម​គ្រួសារ​គ្រប់​ទី​កន្លែង។ តើ​យើងខ្ញុំ​ទាំង​អស់​គ្នា​ពិត​មាន​បញ្ហា​មែន​ឬ?

ក្នុង​សៀវភៅ​និយាយ​អំពី​ទូរស័ព្ទ​ទំនើប​និពន្ធ​ដោយ​លោកគ្រូ ថូនី រិនគី (Tony Reinke) គាត់​បាន​លើក​ឡើង​ថា «[ទូរស័ព្ទ​របស់​យើង] គឺ​កំពុង​តែ​ផ្លាស់​ប្ដូរ​យើង។ គ្មាន​ការ​វែកញែក​គ្នា​ទេ​អំពី​ចំណុច​នេះ។» វា​កំពុង​តែ​ផ្លាស់​ប្ដូរ​យើង ហើយ​វា​ក៏​កំពុង​តែ​បើក​សម្ដែង​អំពី​យើង​ផង​ដែរ។ របៀប​នៃ​ការ​ដែល​យើង​ផ្ញើ​សារ​រៀបរាប់​ច្រើន​ណាស់​អំពី​យើង។

យើង​ផ្ញើ​សារ​ដើម្បី​គេចវេស

ជា​ធម្មតា យើង​ជា​មនុស្ស​ដែល​មាន​ការ​ភ័យ​ខ្លាច។ ចាប់តាំង​ពី​ពេល​ដែល​មាន​រឿង​កើត​ឡើង​នៅ​ក្នុង​សួនច្បារ​អេដែន​ក្នុង​កណ្ឌគម្ពីរ​លោកុប្បត្ដិ​ជំពូក​៣​មក យើង​តែងតែ​មាន​បំណង​ចិត្ត​ក្នុង​ការ​ពួន​ក្នុង​គុម្ព​ព្រៃ ជាជាង​បង្ហាញ​មុខ​នៅ​ទី​សាធារណៈ។ ជំនាន់​នីមួយៗ​តែងតែ​បង្កើត​ប្រដាប់​ប៉ឹង​ខ្លួន ដើម្បី​ការពារ​ខ្លួន​ពី​ភាព​អាម៉ាស់ និង​កំហុស​ឆ្គង។ ចំពោះ​យើង​មួយ​ចំនួន យើង​ប្រើប្រាស់​គ្រឿង​អេឡិចត្រូនិក​ដែល​មាន​រូប​សញ្ញា​ផ្លែ​ប៉ោម​នៅ​ពី​សម្បក​ក្រោយ—ដែល​នេះ​ជា​ការ​ដ៏​គួរ​ឲ្យ​អស់​សំណើច​មែន ព្រោះ​វា​រម្លឹក​យើង​អំពី​ការ​ធ្លាក់​ចុះ​ក្នុង​អំពើ​បាប។

សូម​សាក​អាន​សារ​នៃ​ការ​សុំ​ទោស​នេះ៖ ខ្ញុំ​ខុស​ហើយ​ក្នុង​ការ​ស្រែ​ដាក់​អ្នក​នៅ​ឯ​ផ្ទះ។ ខ្ញុំ​ពិត​ជា​ស្រឡាញ់​អ្នក​មែន។ ខ្ញុំ​សុំ​ទោស។ ឬ​ក៏​ការ​លន់តួ​មួយ​នេះ៖ ខ្ញុំ​បាន​មើល​នូវ​អ្វី​ដែល​ខ្ញុំ​មិន​គួរ​មើល​ក្នុង​ទូរស័ព្ទ​ខ្ញុំ​កាល​ពី​អាទិត្យ​មុន។ សូម​អធិស្ឋាន​ឲ្យ​ខ្ញុំ។ ជា​ការ​ដ៏​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់! ការ​ដែល​យើង​ជ្រើសរើស​ផ្ញើ​សារ​ក្នុង​ទំនាក់ទំនង​របស់​យើង គឺ​មិន​មែន​មក​ពី​ប្រភេទ​នៃ​រាល់​ការ​ទាក់ទង​គ្នា​មាន​ភាព​ស្មើ​គ្នា​នោះ​ឡើយ។ យើង​ផ្ញើ​សារ ព្រោះ​យើង​មាន​ការ​ភ័យខ្លាច។

តាមពិត​ទៅ ក្នុង​ជម្រៅ​ចិត្ត​នៃ​មនុស្ស​ជា​ច្រើន​ក្នុង​ចំណោម​យើង គឺ​យើង​កំពុង​តែ​ពួន​ក្រោយ​សុវត្ថិភាព​នៃ​គ្រឿង​អេឡិចត្រូនិក​ខ្លួន។ ការ​ផ្ញើ​សារ​ជួយ​ឲ្យ​យើង​ពួន​ពី​ចំណុច​ជា​ច្រើន៖ ផលកម្ម​នៃ​កំហុសឆ្គង​របស់​យើង ការ​មិន​ពេញ​ចិត្ត​ពី​អ្នក​ដទៃ អារម្មណ៍​មិន​ស្រួល​នៃ​ការ​ឈ្លោះ​គ្នា​ដោយ​ផ្ទាល់ៗ​ជាមួយ​អ្នក​ដទៃ។ យើង​ទំនង​ជា​មិន​អាច​ទ្រាំទ្រ​បាន​ទាក់ទង​នឹង​ការ​ស្រមៃ​ពី​ការ​បង្ហាញ​ពី​ភាព​ឈឺចាប់​ដែល​អាច​នឹង​មើល​មក​យើង​វិញ។ យើង​ចង់​គេច​ចេញ​ពី​ការ​ឃើញ​ទឹក​ភ្នែក។ យើង​មិន​ចង់​បកស្រាយ​នូវ​រាល់​អ្វីៗ ហើយ​ក៏​មិន​ចង់​ពន្យល់​អំពី​ទង្វើ​នៃ​អំពើ​បាប​របស់​យើង។ យើង​ខ្លាច​ពួកគេ​អាច​នឹង​ខឹង​យើង ហើយ​មិន​ចូលចិត្ត​នូវ​អ្វី​ដែល​យើង​ចង់​និយាយ។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​ផ្ញើ​សារ។

សូម​ត្រឡប់​ទៅ​មើល​សារ​ចាស់ៗ​របស់​លោកអ្នក ហើយ​វិនិច្ឆ័យ​ខ្លួន​ឲ្យ​ស្មោះត្រង់។ តើ​មាន​សារ​ប៉ុន្មាន​ដែល​តាមពិត​ទៅ​លោកអ្នក​គួរ​តែ​ចំណាយ​ពេល​សន្ទនា​ជាមួយ​នឹង​ពួកគាត់​ផ្ទាល់ៗ? ជាជាង​ការ​មើល​ទៅ​កាន់​បុគ្គល​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​ក្នុង​រូប​អង្គ​ទ្រង់​ឲ្យ​ចំ​ភ្នែក ហើយ​បើក​មាត់​យើង ភាព​ភ័យខ្លាច​ប្រាប់​យើង​ថា វា​ល្អ​គ្រប់គ្រាន់​ហើយ​បើ​យើង​គ្រាន់តែ​មើល​គ្រឿង​អេឡិចត្រូនិក​ដែល​មាន​រាង​ចតុកោណ ហើយ​សរសេរ​ពីរបី​តួអក្សរ ឬ​ក៏​ផ្ញើ​រូប sticker និង emoji។

ក្នុង​ការ​ប្រឹក្សា អ្នក​ខ្លះ​ហៅ​ការ​ធ្វើ​បែប​នោះ​ថា ការ​ឆ្លើយ​តប​ដោយ​គេច​ចេញ​ពី​ដំណោះស្រាយ។ មាន​មនុស្ស​ជា​ច្រើន​មិន​យល់​ថា តើ​ហេតុ​អ្វី​បាន​ជា​យើង​មាន​ការ​តយុទ្ធ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ហេតុ​អ្វី​បាន​ជា​យើង​បែក​ឆ្ងាយ​ពី​គ្នា​ក្នុង​ទំនាក់ទំនង ហើយ​ហេតុ​អ្វី​បាន​ជា​ការ​ឈ្លោះ​គ្នា​ហាក់​បី​ដូច​ជា​គ្មាន​ការ​ដោះ​ស្រាយ​សោះ។ ប៉ុន្តែ ខ្ញុំ​ផ្ញើ​សារ! មនុស្ស​យើង​ពិត​ជា​ចម្លែក​មែន​ណ៎ះ! ពួកគេ​ហាក់បី​ដូច​ជា​អាច​ដឹង​ថា​នរណា​ម្នាក់​កំពុង​តែ​ពួន។ គ្មាន​អ្វី​អាច​លើក​ឡើង​ថា «ខ្ញុំ​កំពុង​តែ​ពួន​ពី​លោកអ្នក​ទេ» ដូច​ជា​ការ​ផ្ញើ​សារ ខណៈ​ពេល​ដែល​តាម​ពិត​ទៅ យើង​គួរ​តែ​ទៅ​និយាយ​គ្នា​ផ្ទាល់។

យើង​ផ្ញើ​សារ​ដើម្បី​គ្រប់គ្រង

ចំពោះ​មនុស្ស​មួយ​ចំនួន ការ​ផ្ញើ​សារ​គឺ​ជា​ការ​រត់គេច ប៉ុន្តែ​ចំពោះ​មនុស្ស​មួយ​ចំនួន​ទៀត​វិញ ការ​ផ្ញើ​សារ​គឺ​ជា​ការ​តយុទ្ធ​បាញ់​គ្នា។ យើង​ផ្ញើ​សារ​ពេល​ដែល​យើង​មិន​ពួន ប៉ុន្តែ​ជា​ពេល​ដែល​យើង​កំពុង​បាញ់​វាយ​ប្រហារ។ ការ​ផ្ញើ​សារ​ពាក់ព័ន្ធ​នឹង​ចិត្ត​សាស្ត្រ ជា​ទូទៅ​វា​ទាមទារ​ឲ្យ​យើង​មាន​ការ​ឆ្លើយ​ឆ្លង។ ប្រសិនបើ​លោកអ្នក​មាន​លក្ខណៈ​ដូច​ជា​យើងខ្ញុំ នោះ​លោកអ្នក​ដឹង​ហើយ​ថា វា​ពិត​ជា​មាន​ការ​ពិបាក​ណាស់​ក្នុង​ការ​ដាក់​វិន័យ​លើ​ខ្លួន​ឯង​កុំ​ឲ្យ​បើក​សារ​មើល។ ហើយ​ក៏​រឹតតែ​មាន​ការ​ពិបាក​ណាស់​ក្នុង​ការ​ដាក់​វិន័យ​លើ​ខ្លួន​ឯង​កុំ​ឲ្យ​សារ​ដែល​យើង​មិន​អាច​ដោះស្រាយ​បាន​ជ្រាប​ចូល​ទៅ​ក្នុង​គំនិត​របស់​យើង ហើយ​ធ្វើ​ឲ្យ​យើង​តក់ស្លុត​ពេញ​មួយ​ថ្ងៃ។ លក្ខណៈ​ដែល​គួរ​ឲ្យ​ធុញទ្រាន់​បែប​នេះ​ធ្វើ​ឲ្យ​ការ​ផ្ញើ​សារ​ក្លាយ​ជា​អាវុធ​ដ៏​សាហាវ​ក្នុង​ការ​គ្រប់គ្រង និង​ប្រើប្រាស់​អ្នក​ដទៃ។

តើ​ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ឆ្លើយ​ឆ្លង​នឹង​ខ្ញុំ?
ខ្ញុំ​ដឹង​ហើយ​ថា អ្នក​នឹង​គិត​បែប​នេះ​ចំពោះ​ខ្ញុំ។
មាន​អ្នក​ស្ដាប់​អត់?
តើ​ហេតុ​អ្វី​បាន​ជា​អ្នក​មិន​អត់​ទោស​ខ្ញុំ?

សារ​លោត​ពី​មួយ​ទៅ​មួយ ហើយ​យើង​ពិត​ជា​បំបាក់​អ្នក​ដទៃ​តាមរយៈ​ការ​ផ្ញើ​សារ ព្រោះ​វា​ទាមទារ​ឲ្យ​មាន​ការ​ឆ្លើយ​ឆ្លង​ភ្លាមៗ។ ដោយសារ​យើង​មាន​ភាព​អាម៉ាស់ និង​កំហុស​ឆ្គង ដូច្នេះហើយ​បាន​ជា​យើង​ជ្រើសរើស​វាយ​ប្រហារ ឬ​ក៏​ទាមទារ​ការ​ផ្សះផ្សា ឬ​ក៏​ការ​អត់​ទោស​ភ្លាមៗ។ យើង​ព្យាយាម​យក​ចិត្ត​ដោយ​ប្រើ​ការ​លួងលោម ឬ​ក៏​ការ​អនុគ្រោះ។ មាន​ក្រុមហ៊ុន​ទូរស័ព្ទ​ទំនើប​មួយ​នៅ​លោក​ខាង​លិច​បាន​ផ្សព្វផ្សាយ​ពី​ប្រភេទ​ទូរស័ព្ទ​របស់​ពួកគាត់​ដោយ​បើក​បង្ហាញ​ពី​ជីវិត​របស់​មនុស្ស​ស្រី​ម្នាក់​ដែល​បាន​ផ្ញើ​សារ «អូន​ស្រឡាញ់​បង» ជា​លើក​ដំបូង​ទៅ​កាន់​សង្សារ​របស់​គាត់ ហើយ​គាត់​បាន​ចាំ​ដោយ​រំពឹង​ចង់​ឃើញ​សង្សារ​របស់​គាត់​ឆ្លើយ​តប​មក​វិញ។ ប្រព័ន្ធ​ផ្ញើ​សារ​មិន​អាច​បង្ហាញ​អារម្មណ៍ ការ​ឈឺចាប់ សំណួរ​ដេញដោល ឬ​ក៏​ការ​សញ្ជឹងគិត​បែប​ស្ងៀមស្ងាត់​បាន​ឡើយ។ វា​ទាមទារ​ការ​ឆ្លើយតប។ ឥឡូវៗ។

មនុស្ស​មួយ​ចំនួន​បាន​ប្រើប្រាស់​ការ​ផ្ញើ​សារ ដើម្បី​ឃ្លេ​ដៃ​មក​ក្រោយ​តាមរយៈ​គ្រឿង​អេឡិចត្រូនិក។ ខ្ទង់​រសៀល​បន្តិច លោកអ្នក​ផ្ញើ​សារ​ដូច​នេះ៖ «ភ្លេច​ប្រាប់​អ្នក។ ទៅ​កន្លែង​ហាត់​ប្រាណ។ មិន​អី​ទេ?» លោកអ្នក​សង្ឃឹម​ថា ប្រពន្ធ​នឹង​ឆ្លើយ​ដោយ​ប្រើប្រាស់​ពាក្យ «មិន​អី​ទេ» ព្រោះ​លោកអ្នក​មិន​ចង់​ឈ្លោះ​ប្រកែក​គ្នា។ ទូរស័ព្ទ​ទំនើបៗ​របស់​យើង​គឺ​ជា​ទីលាន​មួយ​ដែល​យើង​ប្រើប្រាស់​បំបាក់​សមត្ថភាព​របស់​បុគ្គល​ណា​ម្នាក់​ក្នុង​ការ​បង្ហាញ​ពី​គំនិត​របស់​គាត់ អ្វី​ដែល​គាត់​បារម្ភ ឬ​ក៏​ការ​ឈឺចាប់​របស់​គាត់។ ការ​ប្រកាស​ពី​ការ​ដែល​សារ​ទើប​តែ​មក​ដល់ គឺ​ជា​ការ​បង្ខំ​ឲ្យ​មាន​ការ​ឆ្លើយតប​ដែល​បុគ្គល​ម្នាក់​មិន​ទាន់​ចង់​ឆ្លើយ​នៅ​ឡើយ ឬ​ក៏​ត្រៀម​ខ្លួន​រួច​ស្រេច​ក្នុង​ការ​ឆ្លើយ។

សាវ័ក ប៉ុល បាន​រម្លឹក​យើង​ថា «ឯ​សេចក្ដី​ស្រឡាញ់​តែង​តែ​អត់​ធ្មត់ ហើយ​ក៏​សប្បុរស…មិន​ដែល​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន» (១កូរិនថូស ១៣:៤-៥)។ ពេល​យើង​ផ្ញើ​សារ ដើម្បី​គ្រប់គ្រង ឬ​ក៏​ប្រើប្រាស់​អ្នក​ដទៃ នោះ​វា​ផ្ទុយ​ពី​សេចក្ដី​ស្រឡាញ់​ហើយ។ លោកគ្រូ អានឌី ខ្រូជ៍ (Andy Crouch) បាន​រម្លឹក​យើង​ក្នុង​សៀវភៅ​ជា​ភាសា​អង់គ្លេស​របស់​គាត់ The Tech-Wise Family ថា​មនុស្ស​យើង​មាន «រូបកាយ និង​ព្រលឹង​ជាមួយ​គ្នា។» ការ​គេច​ចេញ​ពី​ការ​លើក​ទឹកចិត្ត​ដោយ​ផ្ទាល់​មុខ​គឺ​មិន​មែន​ជា​ការ​ស្រឡាញ់​គ្នា​ទេ។ ពេល​យើង​ជ្រើសរើស​ផ្ញើ​សារ នោះ​មាន​ន័យ​ថា យើង​ចាត់​ទុក​គាត់​ដូច​ជា​មនុស្ស​ឆ្លាត​ម្នាក់ ដែល​គ្មាន​អារម្មណ៍។ យើង​បដិសេធ​មិន​ឲ្យ​គាត់​បង្ហាញ​អារម្មណ៍ គំនិត ភាសា​តាម​រូបកាយ ក្រសែភ្នែក ឬ​ក៏​សំឡេង​របស់​គាត់។ យើង​បាន​គេច​ចេញ​ដោយ​ដក​ខ្លួន​ពី​ភាព​ជា​មនុស្ស​របស់​គាត់។

ចូរ​នឹក​គិត​ឡើង​វិញ​ពី​សារ​ដែល​លោកអ្នក​បាន​ផ្ញើ​ពី​អាទិត្យ​មុនៗ។ តើ​លោកអ្នក​បាន​មាន​ទំនាក់ទំនង​ជាមួយ​ពួកគេ​ក្នុង​របៀប​ដែល​មិន​ឲ្យ​ពួកគេ​ប្ដូរ​គំនិត​លោកអ្នក​ដែរ​ឬ​ទេ? តើ​សារ​របស់​លោកអ្នក​ជា​សារ​ដែល​គ្រប់គ្រង ប្រើប្រាស់ និង​បង្ខំ​អ្នក​ដទៃ ដើម្បី​ឲ្យ​លោកអ្នក​បាន​នូវ​អ្វី​ដែល​លោកអ្នក​ចង់​បាន​មែន​ឬ? សេចក្ដី​ស្រឡាញ់​នឹង​មិន​លូតលាស់​ក្នុង​ទំនាក់ទំនង​បាន​ឡើយ ប្រសិនបើ​យើង​ប្រើប្រាស់​ទូរស័ព្ទ​របស់​យើង ដើម្បី​បង្ខំ​ឲ្យ​អ្នក​ដទៃ​ចុះចូល​នឹង​យើង។

តើ​លោកអ្នក​ប្រឈម​មុខ​នឹង​ការ​ល្បួង​ណា​ខ្លះ?

ពេល​ដែល​លោកអ្នក​ដក​ទូរស័ព្ទ​មក​ប្រើ​ម្ដង​ទៀត សូម​សួរ​សំណួរ​ដ៏​សាមញ្ញ​នេះ​មុន​លោកអ្នក​ប្រញាប់​បាញ់​សារ​ចេញ៖ ហេតុ​អ្វី?

ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ជ្រើសរើស​ផ្ញើ​សារ ជាជាង​ខល​ទៅ​គាត់? តើ​ការ​សន្ទនា​នេះ​អាច​រង់ចាំ​រហូត​ដល់​ពេល​យើង​ជួប​គ្នា​មុខ​នឹង​មុខ​បាន​ទេ? ការ​ស្រឡាញ់​អ្នក​ដទៃ​មាន​ន័យ​ថា ជា​ដំបូង​យើង​ត្រូវ​តែ​លូតលាស់​ខ្លួន​ឯង​ផ្ទាល់​ក្នុង​ការ​វែកញែក​ចិត្ត​របស់​យើង។ យើង​ត្រូវ​តែ​ស្គាល់​សេចក្ដី​ខ្លាច​ដែល​មើល​មក​យើង​វិញ​ចេញពី​កញ្ចក់​គ្រឿង​អេឡិចត្រូនិក​យើង។ យើង​ត្រូវ​តែ​ដឹង​អំពី​ពេលវេលា​ដែល​យើង​ប្រឈមមុខ​ជាមួយ​នឹង​ការ​ប្រើប្រាស់​គ្រឿង​អេឡិចត្រូនិក​យើង​ឃ្លេ​ដៃ​អស់​អ្នក​ដែល​យើង​ស្រឡាញ់។

ចំពោះ​អស់​អ្នក​ក្នុង​ចំណោម​យើង​ទាំង​អស់​គ្នា​ដែល​ពួន​ពី​ក្រោយ​ទូរស័ព្ទ​ទំនើបៗ​របស់​យើង ព្រះ​បន្ទូល​បាន​លើក​ឡើង​ថា «កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ»។ លោកគ្រូ ខិន សេនដេ (Ken Sande) លើក​ទឹកចិត្ត​ថា «ការ​ឈ្លោះ​គ្នា​គឺ​ជា​ឱកាស​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ជាម្ចាស់ បម្រើ​អ្នក​ដទៃ និង​លូតលាស់​ក្នុង​លក្ខណៈ​ដូច​ជា​ព្រះ​គ្រីស្ទ»។ ចាប់​ពី​ពេល​នេះ​ទៅ ពេល​ដែល​លោកអ្នក​ប្រឈមមុខ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ណា​មួយ ស្ដី​ឲ្យ​នរណា​ម្នាក់ ឬ​ក៏​លន់តួ​អ្វី​មួយ​តាមរយៈ​ការ​ផ្ញើ​សារ ចូរ​កុំ​ឲ្យ​ខ្លាច​ឡើយ។ ខល​ទៅ​កាន់​គាត់​ផ្ទាល់​ទៅ។ ហើយ​បើ​លោកអ្នក​ញែក​ពេលវេលា​ទៅ​ជួប​ជាមួយ​នឹង​បុគ្គល​ម្នាក់​នោះ នោះ​កាន់​តែ​ប្រសើរ​ទៀត។

ចំពោះ​អស់​អ្នក​ក្នុង​ចំណោម​យើង​ទាំង​អស់​គ្នា​ដែល​ចង់​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​របស់​យើង​ជា​អាវុធ ព្រះ​បន្ទូល​បាន​លើក​ឡើង​ថា «កុំ​ឲ្យ​ធ្វើ​អ្វី ដោយ​ទាស់​ទែង​គ្នា ឬ​ដោយ​សេចក្ដី​អំនួត​ឥត​ប្រយោជន៍​ឡើយ តែ​ចូរ​រាប់​អាន​គេ​ឲ្យ​លើស​ជាង​ខ្លួន​ដោយ​ចិត្ត​សុភាព​វិញ» (ភីលីព ២:៣)។ នេះ​ហើយ​គឺ​ជា​គំនិត​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ផ្ទាល់ ដែល​ព្រះ អង្គ​មាន​ឆន្ទៈ​ក្នុង​ការ​ប្ដេជ្ញាចិត្ត​មាន​ការ​សន្ទនា​ផ្ទាល់ៗ៖ ស្ត្រី​សាសន៍​សាម៉ារី នាង ម៉ារា និង​នាង ម៉ាថា លោក នីកូដេម សាវ័ក ពេត្រុស និង​មនុស្សម្នា​ជា​ច្រើន​ផ្សេងៗ​ទៀត។

យើង​រៀន​ពី​ព្រះ​សង្គ្រោះ​របស់​យើង​ថា ការ​ទាក់ទង​គ្នា​គឺ​មិន​មែន​ជា​ឧបករណ៍ ដើម្បី​ឲ្យ​យើង​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​ចង់​បាន​អ្វី​មួយ​ពី​អ្នក​ដទៃ​ឡើយ ប៉ុន្តែ​ជា​របៀប​នៃ​ការ​បង្ហាញ​ក្ដី​ស្រឡាញ់ និង​ការ​បម្រើ​អ្នក​ដទៃ—ដើម្បី​និយាយ​ចែក​រំលែក​ជាមួយ​នឹង​គ្នា—ទាំង​ខាង​រូបកាយ និង​ព្រលឹង។

និពន្ធដោយ៖ លោកគ្រូ Chad Ashby
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ និងកញ្ញា យ៉ុន សាឯម
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយ មាន ការអនុញ្ញាត។
image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

0 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

មាន​តែ​សូម​ដល់​ព្រះ

​ចង់​ធ្វើ​នូវ​អ្វី​ដែល​ខុសឆ្គង