in ,

ការ​ត្រាស់​ហៅ​ពួក​សិស្ស​ដំបូង


ម៉ាកុស ១:១៦-២០ «១៦ កាល​ព្រះ​យេស៊ូវ​កំពុង​យាង​តាម​ឆ្នេរ​សមុទ្រ​កាលីឡេ ព្រះ​អង្គ​ទត​ឃើញ​ស៊ីម៉ូន និង​អន‌ទ្រេ​ជា​ប្អូន កំពុង​ទម្លាក់​អួន​ក្នុង​សមុទ្រ ដ្បិត​គេ​ជា​អ្នក​នេសាទ​ត្រី។ ១៧ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ចូរ​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​នេសាទ​មនុស្ស​វិញ»។ ១៨ ភ្លាម​នោះ​គេ​ក៏​ទុក​អួន​ចោល ហើយ​ដើរ​តាម​ព្រះ​អង្គ​ទៅ។ ១៩ កាល​ព្រះ​អង្គ​យាង​ហួស​ពី​នោះ​បន្តិច ព្រះ​អង្គ​ទត​ឃើញ​យ៉ាកុប​ជា​កូន​សេបេ‌ដេ និង​យ៉ូហាន​ជា​ប្អូន កំពុង​ជួសជុល​អួន​នៅ​ក្នុង​ទូក។ ២០ ព្រះ​អង្គ​ត្រាស់​ហៅ​ពួក​គេ​មក​ភ្លាម ហើយ​ពួក​គេ​ក៏​ទុក​សេបេ‌ដេ​ជា​ឪពុក ឲ្យ​នៅ​ក្នុង​ទូក​ជា​មួយ​ជើង​ឈ្នួល រួច​ដើរ​តាម​ព្រះ​អង្គ​ទៅ» (ខ​បន្ថែម៖ ម៉ាថាយ ៤:១៨-២២; លូកា ៥:១-១១)។

គោល​បំណង​នៃ​កណ្ឌ​គម្ពីរ​ម៉ាកុស​ទាំង​មូល​គឺ៖ «…កូន​មនុស្ស​បាន​មក មិន​មែន​ឲ្យ​គេ​បម្រើ​លោក​ទេ គឺ​មក​ដើម្បី​បម្រើ​គេ​វិញ ទាំង​ប្រគល់​ជីវិត​ខ្លួន ជា​ថ្លៃ​លោះ​ដល់​មនុស្ស​ជា​ច្រើន» (ម៉ាកុស ១០:៤៥)។

ហើយ​ការ​ត្រាស់​ហៅ​ពួក​សិស្ស​ក៏​មាន​ភាព​ស៊ីគ្នា​ទៅ​នឹង​គោល​បំណង​របស់​ព្រះ​យេស៊ូវ​ផង​ដែរ។ ត្រង់​នេះ​ខ្ញុំ​ចង់​មាន​ន័យ​ថា ព្រះ​យេស៊ូវ​បាន​ត្រាស់​ហៅ​ពួក​សិស្ស​ឲ្យ​មាន​ចំណែក​ចូល​រួម​ក្នុង​ការ​បម្រើ​ជា​មួយ​នឹង​ព្រះ​អង្គ។ នេះ​ឯង​ជា​មូល​ហេតុ​ដែល​ព្រះ​យេស៊ូវ​បាន​ត្រាស់​ហៅ​ពួក​សិស្ស។ តើ​ព្រះ​អង្គ​ត្រាស់​ហៅ​ឲ្យ​ពួក​គេ​មាន​ចំណែក​ក្នុង​ការ​បម្រើ​អ្វី? ចម្លើយ​គឺ៖ បម្រើ​ព្រះ​អង្គ​ក្នុង​ដំណឹង​ល្អ​របស់​ទ្រង់។ កណ្ឌ​គម្ពីរ ម៉ាកុស ១:១ «នេះ​ជា​ការ​ចាប់​ផ្ដើម​ដំណឹង​ល្អ​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជបុត្រា​របស់​ព្រះ» ដូច្នេះ ការ​ត្រាស់​ហៅ​មួយ​នេះ​គឺ ដើម្បី​ឲ្យ​ពួក​សិស្ស​មាន​ចំណែក​ក្នុង​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ—ពោល​គឺ​ការ​បង្កើត​សិស្ស តាម​រយៈ​ការ​ប្រកាស ចូរ​ប្រែ​ចិត្ត ហើយ​ជឿ​ដំណឹង​ល្អ​ចុះ ព្រោះ​ពេល​វេលា​បាន​សម្រេច​ហើយ ឯ​ព្រះ​រាជ្យ​របស់​ព្រះ​ក៏​មក​ដល់​ជិត​បង្កើយ​ដែរ ដូច​ដែល​ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​ក្នុង​ខ១៥។

គោល​បំណង៖ ការ​ត្រាស់​ហៅ​របស់​ព្រះ​យេស៊ូវ និង​ការ​ឆ្លើយ​តប​របស់​ពួក​សិស្ស ហើយ​ថា «តើ​ព្រឹត្តិការណ៍​ទាំង​ពីរ​នេះ​មាន​សារៈសំខាន់​អ្វី​ខ្លះ?»

ការ​ត្រាស់​ហៅ​របស់​ព្រះ​យេស៊ូវ

ខ១៦​បាន​ប្រាប់​យើង​ថា ព្រះ​អង្គ​បាន​យាង​តាម​ឆ្នេរ​សមុទ្រ ឬ​ក៏​បឹង​កាលីឡេ ដែល​នេះ​គឺ​ជា​ទី​កន្លែង​នៃ​ការ​ត្រាស់​ហៅ។ ហើយ​ពេល​ហ្នឹង​ឯង​គឺ​ជា​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​ឃើញ​លោក ស៊ីម៉ូន និង​លោក​អន‌ទ្រេ។ ហើយ​ព្រះ​អង្គ​ក៏​ត្រាស់​ហៅ​ពួក​គាត់​ដោយ​មាន​បន្ទូល​ថា៖ «ចូរ​មក​តាមខ្ញុំ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​នេសាទ​មនុស្ស​វិញ»។

សមុទ្រ ឬ​ក៏​បឹង​កាលី‌ឡេ​ដែល​មាន​ប្រវែង​ទទឹង ១១ គ.ម. និង​ប្រវែង​បណ្ដោយ ២០ គ.ម. ហើយ​ជម្រៅ ០.២ គ.ម. (ឬ​ក៏ ២០០ ម.)។ នៅ​ខាង​កើត​មាត់​បឹង​មាន​ភ្នំ ហើយ​នៅ​ខាង​លិច​មាន​ចំណោទ​ដី​ដែល​អាច​ដើរ​បាន។ ពេល​មើល​ពី​លើ បឹង​នេះ​មាន​រាង​ដូច​ជា​ពិណ។ លោក Josephus ដែល​ជា​ប្រវត្តិ​វិទូ​ម្នាក់​បាន​សរសើរ​ថា បឹង​នេះ​មាន​ទឹក​ផ្អែម មាន​ត្រី​ជា​ច្រើន​ប្រភេទ ហើយ​មាន​ដី​ដែល​ពោរ​ពេញ​ទៅ​ដោយ​ជី​ជាតិ​ដែល​ងាយ​ដាំដុះ​បាន។

សរុប​សេចក្ដី​ទៅ អ្នក​ដែល​រស់​នៅ​ម្ដុំ​បឹង​កាលីឡេ​គឺ​ភាគ​ច្រើន​ជា​អ្នក​នេសាទ​ត្រី។ ប្រវត្តិ​សាស្ត្រ​បាន​បញ្ជាក់​ប្រាប់​យើង​ថា អ្នក​រស់​នៅ​ម្តុំ​នោះ​មិន​មែន​គ្រាន់​តែ​លក់​ត្រី​នៅ​ម្ដុំ​ភូមិ​របស់​ខ្លួន​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​ការ​លក់​ដូរ​បាន​រាល​ដាល​ទៅ​ដល់​ភូមិ និង​ប្រទេស​ជិត​ខាង​ទៀត​ផង។

នេះ​ហើយ​គឺ​ជា​មុខ​របរ​រក​ស៊ី​របស់​លោក ស៊ីម៉ូន និង​លោក​អន‌ទ្រេ លោក យ៉ាកុប ជា​កូន​សេបេ‌ដេ និង​លោក យ៉ូហាន ជា​ប្អូន។ ដូច្នេះ ការ​ត្រាស់​ហៅ​របស់​ព្រះ​យេស៊ូវ និង​ការ​ឆ្លើយ​តប​របស់​បុគ្គល​ទាំង​៤​នាក់​នេះ​ពិត​ជា​មាន​សារៈសំខាន់​ចំពោះ​ជីវិត​យើង​ខ្លាំង​ណាស់។

ជា​ដំបូង យើង​នឹង​ពិនិត្យ​មើល​ថា តើ​ហេតុ​អ្វី​បាន​ជា​ការ​ត្រាស់​ហៅ​របស់​ព្រះ​យេស៊ូវ​មាន​សារៈសំខាន់ ហើយ​បន្ទាប់​មក​យើង​នឹង​មើល​អំពី​សារៈសំខាន់​នៃ​ការ​ឆ្លើយ​តប​របស់​បុគ្គល​ទាំង​៤​នាក់​នោះ?

ការ​ត្រាស់​ហៅ​សំខាន់

ក្នុង​ប្រវត្តិ​សាស្ត្រ និង​ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល យើង​មិន​ដែល​ឃើញ​ពួក​សង្ឃ ពួក​ហោរា ស្ដេច ឬ​ក៏​បុគ្គល​ណា​មក​ហៅ​បុគ្គល​ណា​ម្នាក់​ផ្សេង​ទៀត​ឲ្យ​មក​ដើរ​តាម​ពួក​គាត់ ដូច​ព្រះ​យេស៊ូវ​បាន​ធ្វើ​នៅ​ក្នុង​ខគម្ពីរ​នេះ​នោះ​ទេ។ ពិត​ណាស់! ពួក​សង្ឃ និង​ពួក​ហោរា​បាន​ត្រាស់​ហៅ​រាស្ត្រ​របស់​ព្រះ​ជាម្ចាស់​ឲ្យ​ត្រាប់​តាម និង​ប្រព្រឹត្តិ​តាម​ក្រឹត្យ​វិន័យ​របស់​ព្រះ​អង្គ ប៉ុន្តែ​មិន​ដែល​មាន​បុគ្គល​ណា​ហៅ​បុគ្គល​ណា​ម្នាក់​ទៀត​ឲ្យ​បោះ​បង់​ចោល​នូវ​អ្វីៗ​ដែល​គាត់​កំពុង​ធ្វើ ហើយ​មក​ដើរ​តាម​គាត់​ទាំង​ស្រុង​ដូច​ព្រះ​យេស៊ូវ​បាន​ធ្វើ​នោះ​ឡើយ។

មាន​ដំណើរ​រឿង​តែ​មួយ​គត់​ដែល​មាន​ភាព​ស្រដៀង​គ្នា​នឹង​ដំណើរ​រឿង​មួយ​នេះ៖ គឺ​ការ​ដែល​លោក អេលីសេ ក្លាយ​ជា​សិស្ស​របស់​លោក អេលី‌យ៉ា នៅ​ក្នុង​កណ្ឌ​គម្ពីរ ១ពង្សាវតារក្សត្រ ១៩:១៩-២០។ ប៉ុន្តែ សូម្បី​តែ​ក្នុង​ដំណើរ​រឿង​មួយ​នេះ​ក៏​យើង​ឃើញ​ថា​លោក អេលី‌យ៉ា បាន​អនុញ្ញាត​ឲ្យ​លោក អេលីសេ ទៅ​លា​ឪពុក​ម្ដាយ​គាត់។

ដូច្នេះ ការ​ត្រាស់​ហៅ​របស់​ព្រះ​យេស៊ូវ​គឺ​ពិត​ជា​សំខាន់ ហើយ​ប្លែក​មែន។ អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​ដែល​ផ្ទុយពី​ប្រពៃណី​នៅ​សម័យ​របស់​ព្រះ​អង្គ​នោះ​គឺ​ត្រង់​ថា ពេល​នោះ​ពួក​គ្រូៗ​គឺ​មិន​មែន​ជា​អ្នក​ចេញ​ទៅ​ហៅ​ឲ្យ​សិស្ស​ឲ្យ​មក​ដើរ​តាម​ពួក​គាត់​នោះ​ទេ ប៉ុន្តែ​គឺ​ពួក​សិស្ស​ទេ​តើ​ដែល​សុំ​ដើរ​តាម​ពួក​គ្រូៗ។

សរុប​សេចក្ដី​ទៅ ការ​ត្រាស់​ហៅ​មួយ​នេះ​បង្ហាញ​ថា ព្រះ​អង្គ​មិន​មែន​ជា​បុគ្គល​ធម្មតា​នោះ​ទេ ប៉ុន្តែ​បង្ហាញ​អំពី​ភាព​ជា​ព្រះ​របស់​ទ្រង់។ គ្មាន​អ្នក​ណា​អាច​ធ្វើ​ដូច​ព្រះ​អង្គ​បាន​ឡើយ ហើយ​ទទួល​បាន​ការ​ឆ្លើយ​តប​ដូច​ដែល​ទ្រង់​បាន​ទទួល​ផង​ដែរ។

ដូច្នេះ ត្រឡប់​មក​វិញ សំណួរ​សួរ​ថា៖ ហេតុ​អ្វី​បាន​ជា​ការ​ត្រាស់​ហៅ​របស់​ព្រះ​យេស៊ូវ​សំខាន់​ម្ល៉េះ? ចម្លើយ​គឺ៖ ព្រះ​យេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះ​រាជបុត្រា​របស់​ព្រះ។ ព្រះ​អង្គ​គឺ​ជា​ស្ដេច​ដែល​បាន​យាង​មក​ដល់។ ខ២-៣, ខ១៥ បាន​ចែង​ថា៖ «“មើល​យើង​ចាត់​ទូត​របស់​យើង​ឲ្យ​ទៅ​មុន​អ្នក គាត់​នឹង​រៀប​ចំ​ផ្លូវ​ឲ្យ​អ្នក។ មាន​សំឡេង​មនុស្ស​ម្នាក់​កំពុង​ស្រែក​នៅ​ទី​រហោស្ថាន​ថា ‘ចូរ​រៀប​ចំ​ផ្លូវ​ទទួល​ព្រះ​អម្ចាស់ ចូរ​តម្រង់​ផ្លូវ​តូច​ថ្វាយ​ព្រះ​អង្គ’”…ពេលវេលា​បាន​សម្រេច​ហើយ ឯ​ព្រះ​រាជ្យ​របស់​ព្រះ​ក៏​មក​ជិត​បង្កើយ ដូច្នេះ ចូរ​ប្រែ​ចិត្ត ហើយ​ជឿ​ដំណឹង​ល្អ​ចុះ»។

ព្រះ​អង្គ​ក៏​ជា​ហោរា ប៉ុន្តែ​ជា​ហោរា​ដែល​មាន​ឋានៈ​ខុស​ប្លែក​ពី​ហោរា​ផ្សេងៗ។ ឃ្លា «ចូរ​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​នេសាទ​មនុស្ស​វិញ» គឺ​ជា​កិរិយាសព្ទ​បង្គាប់​បញ្ជា​ក្នុង​វេយ្យាករណ៍។ គ្មាន​ហោរា​ណា ឬ​ក៏​គ្រូ​ណា​ធ្លាប់​និយាយ​បែប​នេះ​ទៅ​កាន់​បុគ្គល​ណា​ម្នាក់​ឡើយ មាន​តែ​ព្រះ​យេស៊ូវ​មួយ​អង្គ​គត់​ដែល​អាច​ធ្វើ​ការ​នេះ​បាន ហើយ​ទទួល​បាន​ការ​ឆ្លើយ​តប​ដូច​ជា​ទ្រង់​បាន​ទទួល។

តើ​ព្រះ​យេស៊ូវ​ជា​អ្នក​ណា?

សំណួរ​សួរ​ថា៖ ចំពោះ​បង​ប្អូន តើ​ព្រះ​យេស៊ូវ​ជា​អ្នក​ណា? យោង​តាម​ខ​ទាំង​នេះ យើង​ឃើញ​ថា​ព្រះ​អង្គ​ជា​ស្ដេច​ដែល​បាន​យាង​មក​ដល់ គឺ​ជា​ព្រះ​ដែល​ទទួល​ការ​ជ្រើស​តាំង គឺ​ជា​ព្រះ​មេស្ស៊ី និង​ជា​ព្រះ​សង្គ្រោះ ហើយ​ក៏​ជា​ព្រះ​រាជបុត្រា​របស់​ព្រះ​ជាម្ចាស់​ដែរ។

តើ​បង​ប្អូន​បាន​ជឿ​លើ​ព្រះ​អង្គ​ថា​ទ្រង់​ជា​ព្រះ​សង្គ្រោះ​របស់​ខ្លួន​ហើយ​ឬ​នៅ? ប្រសិន​បើ​មិន​ទាន់ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ឲ្យ​បង​ប្អូន​បំផ្លាស់​បំប្រែ​ចិត្ត ដោយ​លន់តួ​បាប​ខ្លួន​ទៅ​កាន់​ព្រះ​អង្គ។ សូម​ឲ្យ​ព្រះ​អង្គ​អត់​ទោស​បាប​ឲ្យ​បង​ប្អូន ហើយ​ទទួល​ជឿ​ព្រះ​អង្គ​ជា​ព្រះ​សង្គ្រោះ​របស់​ខ្លួន​ចុះ «ព្រោះ​បើ​មាត់​អ្នក​ប្រកាស​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​អម្ចាស់ ហើយ​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ ដ្បិត​យើង​បាន​សុចរិត​ដោយ​មាន​ចិត្ត​ជឿ ហើយ​បាន​សង្គ្រោះ​ដោយ​មាត់​ប្រកាស​ប្រាប់» (រ៉ូម ១០:៩-១០)។

តាម​ពិត​ទៅ ប្រសិន​បើ​បង​ប្អូន​បំផ្លាស់​បំប្រែ​ចិត្ត ការ​នេះ​ក៏​បង្ហាញ​ថា​ព្រះ​អង្គ​អាច ហើយ​ក៏​មាន​អំណាច​លើ​ព្រលឹង​វិញ្ញាណ​នៃ​មនុស្ស​មាន​បាប​ផង​ដែរ។

លើស​ពី​នោះ​ទៅ​ទៀត ការ​ត្រាស់​ហៅ​ពួក​សិស្ស​ទាំង​បួន​នាក់​នេះ​មាន​បី​ចំណុច​ស្នូល៖ គឺ​ព្រះ​អង្គ​កំពុង​តែ​ត្រាស់​ហៅ​ឲ្យ​ពួក​គេ ១. មក​ដើរ​តាម​ទ្រង់ ២. ទទួល​ជីវិត​បំផ្លាស់​បំប្រែ (បើ​យើង​បក​ឃ្លា «ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​នេសាទ​មនុស្ស​វិញ» ឲ្យ​ចំៗ នោះ​យើង​អាច​បក​ទៅ​ជា «ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​នេសាទ​មនុស្ស​វិញ») និង ៣. ឲ្យ​មាន​ចំណែក​ក្នុង​ព័ន្ធកិច្ច​របស់​ព្រះ​អង្គ​នៃ​ការ​នេសាទ​មនុស្ស។ យើង​ដឹង​ហើយ​ថា ព័ន្ធកិច្ច​ចម្បង​នៃ​នគរ​របស់​ព្រះ​ជាម្ចាស់​គឺ​ការ​ហៅ​មនុស្សម្នា​ឲ្យ​មក​ចូល​ក្រោម​ឆ័ត្រ​នៃ​ការ​សោយ​រាជ្យ​របស់​ព្រះ​ជាម្ចាស់។

ត្រង់​នេះ ខ្ញុំ​ចង់​និយាយ​បន្ថែម​បន្តិច​ទៀត​ត្រង់​ថា ព្រះ​យេស៊ូវ​កំពុង​តែ​មាន​បន្ទូល​សំដៅ​ទៅ​កាន់​សេចក្ដី​សន្យា​របស់​ព្រះ​ជាម្ចាស់​នៅ​ក្នុង​កណ្ឌ​គម្ពីរ យេរេមា ១៦:១៦ ដែល​ទ្រង់​កំពុង​តែ​បំពេញ « យើង​នឹង​ចាត់​មនុស្ស​ឲ្យ​ទៅ​ហៅ​ពួក​នេសាទ​ជា​ច្រើន​មក» ប៉ុន្តែ​បរិបទ​គឺ​មិន​ដូច​គ្នា​ទាំង​ស្រុង​នោះ​ទេ។ បរិបទ​នៃ​កណ្ឌ​គម្ពីរ យេរេមា ១៦ គឺ​ការ​ថ្កោល​ទោស ប៉ុន្តែ​ត្រង់​នេះ​លោក ម៉ាកុស មិន​មែន​គ្រាន់​តែ​សំដៅ​ទៅ​លើ​ការ​ប្រមែ​ប្រមូល​សាសន៍​អ៊ីស្រាអែល ដើម្បី​យក​មក​ថ្កោល​ទោស​នោះ​ទេ ប៉ុន្តែ​ក៏​កំពុង​ផ្ដោត​ទៅ​លើ​អត្ថន័យ​នៃ​ព័ន្ធកិច្ច​សកល​របស់​ក្រុម​ជំនុំ​របស់​ព្រះ​ជាម្ចាស់​ផង​ដែរ។

ទោះ​បើ​យើង​ដឹង​ហើយ​ថា៖ ចេញ​ពី​ទស្សនៈ​ត្រី ដែល​គេ​ចាប់​បាន យក​ទៅ​ស្ល ឬ​ក៏​ធ្វើ​ម្ហូប នោះ​វា​មិន​សប្បាយ​ចិត្ត ឬ​ក៏​ល្អ​សម្រាប់​វា​ទេ ប៉ុន្តែ​ក្នុង​បរិបទ​នៃ​ដំណឹង​ល្អ នេះ​មិន​មែន​ជា​អត្ថន័យ​របស់​ព្រះ​យេស៊ូវ​ឡើយ ហើយ​ក៏​មិន​មែន​ជា​ព័ន្ធកិច្ច​ដែល​ពួក​សិស្ស​បាន​បន្ត​ធ្វើ​នៅ​ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ផង​ដែរ។

គោល​បំណង​នៃ​ដំណឹង​ល្អ​គឺ ដើម្បី​បង្កើត​សិស្ស​ថែម​ទៀត ដើម្បី​រំដោះ​ពួក​គេ «ចេញ​ពី» ជា​ជាង​ចាប់​យក​ពួក​គេ​ទៅ «ថ្កោល​ទោស» ហើយ​នេះ​ឯង​គឺ​ជា​ចំណុច​ស្នូល​នៃ​ការ​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូវ ទោះ​បើ​ទស្សនៈ​គឺ​មើល​ចេញ​ពី​អ្នក​នេសាទ ជា​ជាង​ពី​ត្រី​ក៏​ដោយ។ បង​ប្អូន​អាច​អាន​បន្ថែម​ទៀត​ក្នុង​កណ្ឌ​គម្ពីរ អេម៉ុស ៤:២ និង​កណ្ឌ​គម្ពីរ ហាបាគុក ១:១៤-១៧ ដែល​ទាក់​ទង​នឹង​ប្រធាន​បទ​នៃ​ការ​ប្រៀប​ប្រដូច​មួយ​នេះ។

នៅ​មាន​ចំណុច​ជា​ច្រើន​ទៀត​ដែល​យើង​អាច​មើល​បាន ទាក់​ទង​ទៅ​នឹង​ការ​ត្រាស់​ហៅ​របស់​ព្រះ​យេស៊ូវ និង​សារៈសំខាន់​នៃ​ការ​ត្រាស់​ហៅ​មួយ​នេះ។ ប៉ុន្តែ ដោយ​សារ​ពេលវេលា​កាន់​តែ​ខើច​ទៅ ខ្ញុំ​ចង់​ត្រឡប់​មក​ប្រធាន​បទ​យើង​វិញ ហើយ​មើល​នូវ​សំណួរ​មួយ​ទៀត​ដែល​សួរ​ថា៖ តើ​ពួក​សិស្ស​បាន​ឆ្លើយ​តប​យ៉ាង​ដូច​ម្ដេច? ហើយ​ថា តើ​ការ​ឆ្លើយ​តប​នោះ​មាន​សារៈសំខាន់​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​យើង​អាច​អនុវត្ត​បាន​ដោយ​របៀប​ណា? តើ​វា​មាន​ន័យ​យ៉ាង​ដូច​ម្ដេច​សម្រាប់​យើង​សព្វ​ថ្ងៃ​នេះ?

ការ​ឆ្លើយ​តប​របស់​ពួក​សិស្ស

ក្នុង​ដំណើរ​រឿង​ទាំង​ពីរ៖ លោក ស៊ីម៉ូន លោក អន‌ទ្រេ និង​លោក យ៉ាកុប ជា​កូន​លោក សេ‌បេដេ និង​លោក យ៉ូហាន ជា​ប្អូន ពួក​គេ​ក៏​ទុក​អួន​ចោល​ភ្លាម ហើយ​ដើរ​តាម​ព្រះ​យេស៊ូវ នៅ​ពេល​ដែល​ព្រះ​អង្គ​ត្រាស់​ហៅ​ពួក​គាត់។ តាម​ពិត​ទៅ អួន​ត្រង់​នេះ​ទំនង​ជា​សំដៅ​ទៅ​លើ​សំណាញ់​បង់​ត្រី ដូច​ដែល​យើង​បង់​ត្រី​នៅ​ស្រុក​ខ្មែរ​យើង​នេះ​ដែរ។

ប៉ុន្តែ ការ​ចាក​ចេញ​ពី​មុខ​របរ​រក​ស៊ី និង​ឪពុក​ខ្លួន​មិន​មែន​មាន​ន័យ​ថា ជា​ការ​បោះ​បង់​ចោល​ជា​អចិន្ត្រៃយ៍​នោះ​ទេ។ កណ្ឌ​គម្ពីរ ម៉ាកុស ១:២៩-៣១ និង ៣:៩ បាន​ប្រាប់​យើង​ថា​លោក ស៊ីម៉ូន មិន​បាន​ផ្ដាច់​ទំនាក់​ទំនង​ពី​ផ្ទះ​សម្បែង និង​ក្រុម​គ្រួសារ ឬ​ក៏​ទូក​របស់​គាត់​ទាំង​ស្រុង​នោះ​ទេ។ នេះ​ហើយ​ជា​មូល​ហេតុ​ដែល​បេសកជន​នៅ​អាច​បន្ត​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​គ្រួសារ​របស់​គាត់​បាន ទោះ​បើ​ពួក​គាត់​បាន​ចាក​ចេញ​ពី​ប្រទេស​ខ្លួន​ក៏​ដោយ។

ហើយ​ការ​ឆ្លើយ​តប​របស់​បុគ្គល​នីមួយៗ​ក៏​មិន​ដូច​គ្នា​ទាំង​ស្រុង​ផង​ដែរ។ យើង​ឃើញ​ថា​លោក ស៊ីម៉ូន និង​លោក អន‌ទ្រេ បាន «ទុក​អួន (ឬ​ក៏​សំណាញ់) ចោល ហើយ​ដើរ​តាម​ព្រះ​អង្គ»។ ហើយ​លោក យ៉ាកុប និង​លោក យ៉ូហាន បាន «ទុក​សេបេ‌ដេ​ជា​ឪពុក ឲ្យ​នៅ​ក្នុង​ទូក​ជា​មួយ​ជើង​ឈ្នួល រួច​ដើរ​តាម​ព្រះ​អង្គ»។ ដូច្នេះ យើង​អាច​សន្មត​ថា តម្លៃ​នៃ​ភាព​ជា​សិស្ស​មាន​លក្ខណៈ​ខុសៗ​គ្នា​សម្រាប់​បុគ្គល​នីមួយៗ។

ការ​ដើរ​តាម​ព្រះ​យេស៊ូវ

ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្ដី ការ​ទុក​សំណាញ់ និង​ទុក​ឪពុក​ខ្លួន​ចោល ដើម្បី​ដើរ​តាម​ព្រះ​យេស៊ូវ​បង្ហាញ​អំពី​តំណាង​នៃ​ការ​សម្រេច​ចិត្ត​ដែល​មាន​ការ​បំផ្លាស់​បំប្រែ​ក្នុង​ជីវិត​រស់​នៅ​ជា​ប្រចាំ​ថ្ងៃ។ តើ​បង​ប្អូន​កំពុង​ឲ្យ​តម្លៃ​លើ​អ្វី ដែល​បង​ប្អូន​ត្រូវ​តែ​បោះ​បង់​ចោល ដើម្បី​ដើរ​តាម​ព្រះ​យេស៊ូវ?

បុរស​ទាំង​នេះ​មាន​ជំនួញ​មុខ​របរ​រក​ស៊ី​លក់​ត្រី​ដែល​មាន​ការ​លេច​ធ្លោ។ ពួក​គេ​ទាំង​បួន​នាក់​ទំនង​ជា​ដៃ​គូ​រក​ស៊ី​ជា​មួយ​គ្នា។ ពួក​គេ​មាន​ជោគ​ជ័យ​ក្នុង​ការ​រក​ស៊ី ហើយ​ក៏​ទំនង​ជា​ចេះ​ភាសា​ហេប្រឺ អារ៉ាប់ និង​ក្រិក​ទៀត​ផង ដោយ​សារ​ការ​រក​ស៊ី​របស់​ពួក​គេ​គឺ​មិន​មែន​គ្រាន់​តែ​នៅ​ក្នុង​ភូមិ ប៉ុន្តែ​ចេញ​ទៅ​ប្រទេស​នានា​ដែរ។ យើង​ដឹង​ថា ពួក​គេ​មាន​ជោគ​ជ័យ ព្រោះ​ពួក​គាត់​មាន «ជើង​ឈ្នួល»។ ទាំង​អស់​នោះ ពួក​គេ​បាន​បោះ​បង់​ចោល ដើម្បី​ដើរ​តាម​ព្រះ​យេស៊ូវ! ចុះ​ចំណែក​ឯ​បង​ប្អូន​វិញ តើ​បង​ប្អូន​ត្រូវ​បោះ​បង់​អ្វី​ចោល ដើម្បី​ដើរ​តាម​ព្រះ​យេស៊ូវ?

យើង​បាន​ឃើញ​ហើយ​ថា ការ​ត្រាស់​ហៅ​របស់​ព្រះ​យេស៊ូវ​គឺ​ជា​ការ​ត្រាស់​ហៅ​ឲ្យ​ពួក​គាត់​លះ​បង់​អ្វីៗ​គ្រប់​យ៉ាង​ទាំង​អស់​ចោល ហើយ​មក​ដើរ​តាម​ទ្រង់។ ការ​ដែល​ពួក​គេ​ឆ្លើយ​តប​ដោយ​លះ​បង់​ចោល​អ្វីៗ​គ្រប់​យ៉ាង​ភ្លាមៗ នោះ​គឺ​ជា​ការ​បង្ហាញ​អំពី​ការ​ស្តាប់​បង្គាប់​ដ៏​អស្ចារ្យ ជា​ការ​ស្តាប់​បង្គាប់​ដែល​មាន​គ្រប់​ជ្រុង​ជ្រោយ។ យើង​ក៏​នឹង​ឃើញ​អំពី​ចំណុច​ដូច​នេះ​ក្នុង​កណ្ឌ​គម្ពីរ ម៉ាកុស ២:១៤ នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​ត្រាស់​ហៅ​ពួក​សិស្ស​ផ្សេងៗ​ដែរ។

ការ​ឆ្លើយ​តប​បែប​នេះ​ក៏​ជា​ការ​បង្ហាញ​ថា អ្នក​ហៅ​ក៏​មិន​មែន​ជា​បុគ្គល​ធម្មតា​ដែរ ប៉ុន្តែ​គឺ​ជា​ព្រះ​ផ្ទាល់។ ហើយ​ការ​ឆ្លើយ​តប​បែប​នេះ​ក៏​បង្ហាញ​ផង​ដែរ​ថា៖ ព្រះ​អង្គ​គឺ​ជា​អង្គ​ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​អាច​ឆ្លើយ​តប​ដូច​បែប​ហ្នឹង​បាន។ កណ្ឌ​គម្ពីរ យ៉ូហាន ១៥:១៦ បាន​ចែង​ដូច​ត​ទៅ «មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​បាន​រើស​ខ្ញុំ គឺ​ខ្ញុំ​ទេតើ​ដែល​បាន​រើស​អ្នក​រាល់​គ្នា ទាំង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​បង្កើត​ផល…»។

យើង​អាច​សង្ខេប​ការ​ឆ្លើយ​តប​របស់​ពួក​សិស្ស​ទៅ​ជា​ពីរ​ចំណុច​បាន៖ ១. ការ​ឆ្លើយ​តប​បែប​អវិជ្ជមាន និង ២. ការ​ឆ្លើយតប​បែប​វិជ្ជមាន។

ការ​ឆ្លើយ​តប​បែប​អវិជ្ជមាន

ទី១ ខ្ញុំ​ចង់​មាន​ន័យ​ថា ពួក​គេ​បាន​ឆ្លើយ​តប​បែប​អវិជ្ជមាន​ត្រង់​ថា ពួក​គេ​បាន​ទុក​សំណាញ់ និង​ឪពុក​របស់​ខ្លួន​ចោល។ ហើយ​ទី២ ខ្ញុំ​ចង់​មាន​ន័យ​ថា ពួក​គេ​បាន​ឆ្លើយ​តប​បែប​វិជ្ជមាន​ត្រង់​ថា ពួក​គេ​បាន​ចាប់​ផ្ដើម​ដើរ​តាម​ព្រះ​យេស៊ូវ​ភ្លាមៗ។

សំណួរ​សួរ​ថា៖ តើ​បង​ប្អូន​បាន​ឆ្លើយ​តប​បែប​អវិជ្ជមាន​ចំពោះ​ការ​ត្រាស់​ហៅ​របស់​ព្រះ​ជាម្ចាស់​ហើយ​ឬ​នៅ? តើ​បង​ប្អូន​បាន​បោះ​បង់​អ្វី​ខ្លះ​ចោល ដើម្បី​ដើរ​តាម​ព្រះ​យេស៊ូវ?

កណ្ឌ​គម្ពីរ ម៉ាថាយ ១៦:២៤-២៦ មាន​ចែង​ដូច​ត​ទៅ៖ «បន្ទាប់​មក ព្រះ​យេស៊ូវ​ប្រាប់​ពួក​សិស្ស​របស់​ព្រះ​អង្គ​ថា៖ “បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​គេ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល ផ្ទុក​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ។ ដ្បិត​អ្នក​ណា​ដែល​ចង់​រក្សា​ជីវិត​ខ្លួន នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត​ខ្លួន ដោយ​ព្រោះ​ខ្ញុំ នឹង​បាន​ជីវិត​វិញ។ ដ្បិត​បើ​មនុស្ស​ម្នាក់​បាន​ពិភព​លោក​ទាំង​មូល តែ​បាត់​បង់​ជីវិត តើ​នឹង​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ? ឬ​តើ​គេ​នឹង​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន?”»។

ត្រង់​នេះ ព្រះ​យេស៊ូវ​កំពុង​មាន​ន័យ​ថា ឲ្យ​យើង​ចុះ​ចូល​យ៉ាង​ពេញ​ទី​ចំពោះ​ការ​យក​ព្រះ​គ្រីស្ទ​ធ្វើ​ជា​ម្ចាស់​របស់​យើង ហើយ​យើង​ក៏​គ្មាន​សិទ្ធិ​អំណាច​អ្វី​ទាល់​តែ​សោះ​លើ​ខ្លួន​ឯង​ដែរ។ បង​ប្អូន! ដើម្បី​ឲ្យ​យើង​អាច​ដើរ​តាម​ព្រះ​យេស៊ូវ​បាន ដាច់​ខាត​យើង​ត្រូវ​តែ​ដើរ​ដូច​ដែល​ព្រះ​អង្គ​បាន​ដើរ​ផង​ដែរ!

យើង​ដឹង​ហើយ​ថា ព្រះ​អង្គ​មាន​ពេញ​ទៅ​ដោយ​ការ​ស្តាប់​បង្គាប់​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់ ទ្រង់​រស់​នៅ​ក្រោម​អំណាច និង​ការ​ដឹក​នាំ​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ ប៉ុន្តែ​នេះ​មិន​មែន​មាន​ន័យ​ថា ព្រះ​យេស៊ូវ​មាន​លក្ខណៈ​តិច​ជាង​ព្រះ​ជាម្ចាស់ ឬ​ក៏​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទេ ដូច​ដែល​ក្រុម​ខុស​ឆ្គង​មួយ​ចំនួន​កំពុង​បង្រៀន​ថា​ព្រះ​យេស៊ូវ​មិន​មាន​លក្ខណៈ​ស្មើ ឬ​ក៏​ដូច​ព្រះ​ទាំង​ស្រុង​នោះ​ទេ ឬ​ក៏​ថា​ព្រះ​អង្គ​គ្រាន់​តែ​ជា​ហោរា​ម្នាក់​ដែល​មាន​ឋានៈ​ស្មើ​នឹង​ហោរា​ផ្សេងៗ​ទៀត​ប៉ុណ្ណោះ។ ទេ! ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ ១០០% ដូច​ព្រះ​វរបិតា និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែរ!

ហើយ​អ្វី​ដែល​ខ្ញុំ​ចង់​មាន​ន័យ​គឺ​ត្រង់​ថា ពេល​ដែល​ព្រះ​យេស៊ូវ​បាន​ចុះ​ចូល​ក្រោម​អំណាច​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ ពេល​ដែល​ព្រះ​អង្គ​បាន​យាង​មក​ផែន​ដី ហើយ​យក​លក្ខណៈ​ជា​មនុស្ស ពេល​នោះ​ព្រះ​អង្គ​ក៏​ជា​មនុស្ស ១០០% ផង​ដែរ។ ខ្ញុំ​គ្រាន់​តែ​កំពុង​សំដៅ​ទៅ​លើ​ពេល​ដែល​ព្រះ​អង្គ​នៅ​ជា​មនុស្ស ហើយ​បាន​ស្តាប់​បង្គាប់ ដូច​ដែល​កណ្ឌ​គម្ពីរ​កូឡូស​បាន​លើក​ឡើង។

លក្ខណសម្បត្តិ​របស់​ព្រះ​យេស៊ូវ​គឺ​ថា ទ្រង់​បាន​បម្រើ​អ្នក​ដទៃ​ដោយ​មិន​មាន​ភាព​អាត្មានិយម ទ្រង់​ចេះ​អត់​ធ្មត់ និង​បាន​ស៊ូ​ដោយ​ប្រឈម​មុខ​ចំពោះ​សេចក្ដី​អាក្រក់​ដ៏​ធ្ងន់ធ្ងរ មាន​ភាព​ឆេះ​ឆួល ចេះ​ចំណាយ​លុយ​កាក់ និង​ពេលវេលា​បាន​យ៉ាង​ត្រឹម​ត្រូវ ព្រះ​អង្គ​ដឹង​ខ្នាត ស្លូតបូត ហើយ​សប្បុរស និង​ស្មោះ​ត្រង់ ព្រម​ទាំង​មាន​ភក្ដីភាព​ផង​ដែរ (កាឡាទី ៥:២២-២៣)។

តើ​ជីវិត​រស់​នៅ​ជា​ប្រចាំ​ថ្ងៃ​របស់​បង​ប្អូន​មាន​លក្ខណសម្បត្តិ​ដូច​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​ដែរ​ឬ​ទេ? តើ​បង​ប្អូន​បាន​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល​ហើយ​ឬ​នៅ ដើម្បី​ដើរ​តាម​ព្រះ​អង្គ? មុន​បង​ប្អូន​អាច​ដើរ​តាម​ព្រះ​យេស៊ូវ​បាន ជា​ដំបូង​បង​ប្អូន​ត្រូវ​តែ​មាន​ការ​ឆ្លើយ​តប​បែប​អវិជ្ជមាន​ជា​មុន​សិន។ ពួក​សិស្ស​ទាំង​បួន​នាក់​នេះ​បាន​ឆ្លើយ​តប​ដោយ​បោះ​បង់​មុខ​របរ​រក​ស៊ី​របស់​ខ្លួន ព្រម​ទាំង​ឪពុក​ខ្លួន​ចោល។ តើ​បង​ប្អូន​ត្រូវ​លះ​បង់​អ្វី​ខ្លះ?

ការ​ឆ្លើយ​តប​បែប​វិជ្ជមាន

ហើយ​ទី២ ទាក់​ទង​នឹង​ការ​ឆ្លើយ​តប​បែប​វិជ្ជមាន​របស់​ពួក​សិស្ស៖ យើង​ឃើញ​ថា ភ្លាមៗ​នោះ​ពួក​គាត់​ក៏​ចាប់​ផ្ដើម​ដើរ​តាម​ព្រះ​យេស៊ូវ។ បង​ប្អូន! ការ​ដើរ​តាម​មួយ​នេះ​បង្ហាញ​ពី​ការ​ទទួល​យក​សេចក្ដី​សន្យា​នៃ​មុខ​របរ​ថ្មី​ក្នុង​ជីវិត​របស់​ពួក​គាត់—ពោល​គឺ​ក្លាយ​ជា​អ្នក​នេសាទ​មនុស្ស ជា​ជាង​អ្នក​នេសាទ​ត្រី។

ត្រង់​នេះ យើង​ឃើញ​អំពី​ការ​ដែល​ព្រះ​យេស៊ូវ​បាន​ត្រាស់​ហៅ​ឲ្យ​អ្នក​ដទៃ​មាន​ចំណែក​ក្នុង​ព័ន្ធកិច្ច​របស់​ទ្រង់ ហើយ​ដូច​ដែល​យើង​បាន​ឃើញ​នៅ​ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ទាំង​មូល​គឺ​ថា ពួក​គាត់​ក៏​បាន​បន្ត​ធ្វើ​ព័ន្ធកិច្ច​ដែល​ព្រះ​អង្គ​បាន​ត្រាស់​ហៅ​ឲ្យ​ពួក​គាត់​ធ្វើ​ផង​ដែរ។ ដូច្នេះ បង​ប្អូន! យើង​ក៏​ត្រូវ​ធ្វើ​ដូច​នេះ​ផង​ដែរ។

មុន​នឹង​ខ្ញុំ​បក​ស្រាយ​បន្ថែម​ទៀត​លើ​ចំណុច​នេះ ខ្ញុំ​ចង់​ចំណាយ​ពេល​បន្តិច​បន្តួច​បក​ស្រាយ​ទៅ​លើ​ចំណុច​នៃ​ការ​ដើរ​តាម​ព្រះ​យេស៊ូវ​ជា​មុន​សិន។

ជា​ដំបូង ការ​ដើរ​តាម​ព្រះ​យេស៊ូវ​គឺ​មិន​មែន​ជា​អ្វី​ដែល​យើង​ធ្វើ​តែ​មួយ​ភ្លែត​នោះ​ទេ ប៉ុន្តែ​គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​តែ​ចំណាយ​ជីវិត​ទាំង​មូល​របស់​យើង​ក្នុង​ការ​ដើរ​តាម​ព្រះ​អង្គ។

ចំពោះ​បង​ប្អូន​ដែល​បាន​ដើរ​តាម​ព្រះ​អង្គ​ហើយ ហើយ​ទំនង​ជា​កំពុង​តែ​មាន​ការ​ហត់​នឿយ​ក្នុង​ការ​បន្ត​ដំណើរ​ជា​មួយ​ទ្រង់។ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ឲ្យ​បង​ប្អូន​សម្លឹង​មើល​ទៅ​ឯ​ព្រះ​អង្គ ទូល​សូម​កម្លាំង​ពី​ទ្រង់​ក្នុង​ការ​បន្ត​ទៅ​មុខ​ទៀត។ បង​ប្អូន! សូម​កុំ​ធ្វើ​ដូច​មនុស្ស​មួយ​ចំនួន ដែល​គ្រាន់​តែ​ដើរ​តាម​ព្រះ​អង្គ ដើម្បី​ទទួល​បាន​ប្រយោជន៍​ខាង​ឯ​ផ្នែក​សម្ភារៈនិយម​លើ​ផែន​ដី​នេះ​ឡើយ។ កុំ​ដើរ​តាម​ព្រះ ដើម្បី​បំពេញ​ក្រពះ។ ខ្ញុំ​ធ្លាប់​ជួប​មនុស្ស​ច្រើន​ពេក​ហើយ​ដែល​អះអាង​ថា​ខ្លួន​ចង់​ទទួល​ជឿ ហើយ​ដើរ​តាម​ព្រះ​យេស៊ូវ ប៉ុន្តែ​គ្រាន់​តែ​ទទួល ដើម្បី​បាន​ប្រយោជន៍​ពី​ក្រុម​ជំនុំ។ សូម​កុំ​ធ្វើ​បែប​នេះ​ឲ្យ​សោះ បង​ប្អូន!

ចំពោះ​បង​ប្អូន​ដែល​មិន​ទាន់​បាន​បើក​ចិត្ត​ទទួល​ជឿ​ព្រះ​យេស៊ូវ​នៅ​ឡើយ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ឲ្យ​បង​ប្អូន​ឆ្លើយ​តប​ដោយ​បើក​ចិត្ត​ទទួល​ជឿ​ព្រះ​អង្គ ហើយ​ដើរ​តាម​ទ្រង់​ដូច​ដែល​ពួក​សិស្ស​ទាំង​នោះ​បាន​ធ្វើ​ផង​ដែរ។ បង​ប្អូន! ពួក​គាត់​បាន​ឆ្លើយ​តប​ដោយ​ស្ដាប់​បង្គាប់​តាម​ការ​ត្រាស់​ហៅ​របស់​ព្រះ​យេស៊ូវ។ ប្រសិន​បើ​ថ្ងៃ​នេះ​គឺ​ជា​ពេល​ដំបូង​ដែល​បង​ប្អូន​ឮ​ដំណឹង​ល្អ សូម​កុំ​ឲ្យ​ឱកាស​នៃ​ការ​ទទួល​បាន​សេចក្ដី​សង្គ្រោះ​រំលង​ពី​បង​ប្អូន​ឡើយ។ បង​ប្អូន! សូម​បើក​ចិត្ត​ទទួល​ជឿ​ព្រះ​អង្គ​ឥឡូវ​នេះ​ភ្លាម​ចុះ។

តើ​បង​ប្អូន​នឹង​សម្រេច​ចិត្ត​យ៉ាង​ដូច​ម្ដេច?

ខ្ញុំ​ចង់​បញ្ចប់​ពេលវេលា​របស់​យើង​ដោយ​មើល​ជា​មួយ​គ្នា​ត្រួសៗ​លើ​ចំណុច​នៃ​ការ​ធ្វើ​ព័ន្ធកិច្ច​ដូច​ព្រះ​យេស៊ូវ។ ខ្ញុំ​បាន​លើក​ឡើង​ថា ព្រះ​យេស៊ូវ​បាន​ធ្វើ​ព័ន្ធកិច្ច​ដោយ​ព្រះ​អង្គ​បាន​ត្រាស់​ហៅ​ឲ្យ​អ្នក​ដទៃ​ឲ្យ​មាន​ចំណែក​ជា​មួយ​ទ្រង់ ហើយ​ថា​យើង​ក៏​គួរ​ធ្វើ​ដូច​បែប​នោះ​ដែរ។

ក្នុង​កណ្ឌ​គម្ពីរ ២ធីម៉ូថេ ២:២ ដែល​ជា​សំបុត្រ​ចុង​ក្រោយ​បង្អស់​របស់​សាវ័ក ប៉ុល គាត់​បាន​សរសេរ​ទៅ​កាន់​លោក ធីម៉ូថេ ដូច​ត​ទៅ៖ «ហើយ​អ្វី​ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ នៅ​មុខ​ស្មរ​បន្ទាល់​ជា​ច្រើន ត្រូវ​ប្រគល់​ឲ្យ​មនុស្ស​ស្មោះ​ត្រង់ ដែល​មាន​សមត្ថ​ភាព​អាច​បង្រៀន​អ្នក​ផ្សេង​ទៀត​បាន​ដែរ»។

ត្រង់​នេះ​យើង​ឃើញ​អំពី​តុល្យភាព​នៃ​ទ្រង់​ទ្រាយ​ដ៏​ធំ​ក្រៃ​លែង​នៃ​ការ​ធ្វើ​ព័ន្ធកិច្ច​រហូត​ទៅ​ដល់​ថា​មាន​បួន​តំណ។ អ្វី​ដែល​យើង​បាន​រៀន​ពី​អ្នក​ដទៃ យើង​ត្រូវ​តែ​បង្រៀន​ទៅ​កាន់​អ្នក​ផ្សេង​ទៀត ដែល​អាច​បង្រៀន​ត​ទៅ​កាន់​អ្នក​ដទៃ​ទៀត​បាន​ដែរ។

ប្រសិន​បើ​បង​ប្អូន​ជា​អ្នក​ដឹក​នាំ តើ​បង​ប្អូន​កំពុង​តែ​បង្រៀន ដោយ​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ដទៃ​ធ្វើ​ជា​អ្នក​ដឹក​នាំ ដើម្បី​ឲ្យ​គាត់​អាច​ទៅ​បង្រៀន​ដល់​អ្នក​ដទៃ​ទៀត ដែល​ឲ្យ​ធ្វើ​ជា​អ្នក​ដឹក​នាំ​បាន​ដែរ​ឬ​ទេ? ឬ​ក៏​ថា បង​ប្អូន​គឺ​ជា «ក្រាញ់-ស្ទាន» ដោយ​កាន់​អំណាច​តែ​ឯង? ដូច​ដែល​ព្រះ​យេស៊ូវ​បាន​ជ្រើស​រើស​ពួក​សិស្ស​ទាំង​នោះ​ឲ្យ​មាន​ចំណែក​ក្នុង​ព័ន្ធកិច្ច​របស់​ព្រះ​អង្គ នោះ​យើង​ក៏​ត្រូវ​ធ្វើ​ដូច​ទ្រង់​ដែរ។

ហើយ​លើស​ពី​នោះ​ទៅ​ទៀត ព័ន្ធកិច្ច​របស់​យើង​មិន​អាច​មាន​ប្រសិទ្ធភាព​បាន​ឡើយ (ឬ​ក៏​ថា អាច​ដុះ​បែក​មែក​ពេញ​មេឃ​យ៉ាង​ធំធេង ហើយ​ជះឥទ្ធិពល​ដល់​អ្នក​ដទៃ​បាន​ដែរ) លុះត្រា​តែ​យើង​មាន​ភាព​ស្មោះ​ត្រង់​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​របស់​យើង និង​ជា​មួយ​អ្នក​ដទៃ តែ​ជា​ពិសេស​ជា​មួយ​ព្រះ​ជាម្ចាស់​ផ្ទាល់​ជា​មុន​សិន ដ្បិត​ព្រះ​អង្គ​ទត​មើល​ឃើញ​រាល់​គ្រប់​អ្វីៗ​ទាំង​អស់ នោះ​ទើប​យើង​អាច​មាន​លទ្ធភាព​ក្នុង​ការ​ប្រកាស​សេចក្ដី​ពិត​ដែល​មាន​ប្រសិទ្ធភាព​បាន។ ព្រោះ​បើ​យើង​និយាយ​បាត​ដៃ​ខ្នង​ដៃ នោះ​វា​គ្មាន​ប្រសិទ្ធភាព​ទេ ជា​ពិសេស​ប្រសិន​បើ​យើង​និយាយ​បែប​នេះ ប៉ុន្តែ​ជីវិត​រស់​នៅ​របស់​យើង​បែរ​ជា​បង្ហាញ​ថា​ជា​បែប​នោះ នោះ​វា​ក៏​គ្មាន​ប្រសិទ្ធភាព​ផង​ដែរ។ វា​គ្មាន​ន័យ​អ្វី​សោះ! វា​គ្មាន​ប្រយោជន៍​ទេ។

ព័ន្ធកិច្ច​របស់​ព្រះ​យេស៊ូវ​មាន​ប្រសិទ្ធភាព ពីព្រោះ​ព្រះ​អង្គ​បាន​យក​ឈ្នះ​លើ​សេចក្ដី​ល្បួង ហើយ​បាន​រស់​នៅ​ក្នុង​ជីវិត​ដ៏​បរិសុទ្ធ ហើយ​ទ្រង់​ក៏​បាន​ត្រាស់​ហៅ​ឲ្យ​អ្នក​ដទៃ​មាន​ចំណែក​ជា​មួយ​ទ្រង់​ក្នុង​ការ​ធ្វើ​ព័ន្ធកិច្ច​ដែរ។ សូម​ឲ្យ​យើង​មិន​គ្រាន់​តែ​ឆ្លើយ​តប​ដោយ​ដើរ​តាម​ការ​ត្រាស់​ហៅ​របស់​ព្រះ​អង្គ​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​សូម​ឲ្យ​យើង​ត្រាប់​តាម​ជីវិត​រស់​នៅ​របស់​ព្រះ​អង្គ​ផង​ដែរ ក្នុង​ការ​ចេញ​ទៅ​បង្កើត​សិស្ស!

និពន្ធ​ដោយ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និង​លោក​ស្រី បូល រដ្ឋា
ឯកសារ​យោង៖
Bratcher, R. G., & Nida, E. A. (ឆ្នាំ១៩៩៣). “A Handbook on the Gospel of Mark”. New York: United Bible Societies
Edwards, J. R. (ឆ្នាំ២០០២). “The Gospel according to Mark”. Grand Rapids, MI; Leicester, England: Eerdmans; Apollos
Swete, H. B. (Ed.). (ឆ្នាំ១៨៩៨). “The Gospel According to St. Mark”. The Greek text with introduction, notes and indices. London; New York: MacMillan and co.; The MacMillan Company
France, R. T. (ឆ្នាំ២០០២). “The Gospel of Mark: A Commentary on the Greek Text”. Grand Rapids, MI; Carlisle: W.B. Eerdmans; Paternoster Press
Hurtado, L. W. (ឆ្នាំ២០១១). “Mark”. Grand Rapids, MI: Baker Books
Guelich, R. A. (ឆ្នាំ១៩៨៩). “Mark 1-8:26” (Vol. 34A). Dallas: Word, Incorporated
MacArthur, John. (ឆ្នាំ២០១៥). “Mark 1-8” (Vol. 01) Illinois: Moody Publisher
France, R. T. (ឆ្នាំ២០០២). “The Gospel of Mark: A Commentary on the Greek Text”. Grand Rapids, MI; Carlisle: W.B. Eerdmans; Paternoster Press
Geddert, T. J. (ឆ្នាំ២០០១). “Mark”. Scottdale, PA: Herald Press

What do you think?

Comments

Leave a Reply

Your email address will not be published. Required fields are marked *

Loading…

0

ការល្មោភស៊ីផឹកក៏នឹងពន្លិចព្រលឹង

អ្នកកាត់ក្ដី