បុគ្គលដែលបានកើតជាថ្មីហើយមិនអាចលែងបានកើតជាថ្មីម្ដងទៀតបាននោះទេ។ ប្រសិនបើព្រះជាម្ចាស់បានត្រាស់ហៅឈ្មោះរបស់លោកអ្នកហើយ នោះព្រះអង្គមានភាពស្មោះត្រង់ក្នុងការរក្សាលោកអ្នកទុករហូតដល់ទីបញ្ចប់។
ម្លើយដែលចេញពីព្រះគម្ពីរលើសំណួរនេះគឺច្បាស់ណាស់ ហើយមានពេញទៅដោយអំណរ «ទេ!»។ បុគ្គលណាដែលបានកើតជាថ្មីហើយមិនអាចស្លាប់វិញបានឡើយ ពោលគឺមិនអាចមិនកើតម្ដងទៀតបាននោះទេ។ ខ្ញុំនឹងលើកឡើងនូវផ្នត់គំនិតមួយចំនួន ដែលមានចេញពីព្រះគម្ពីរ ដោយផ្ដោតទៅលើខគម្ពីរ តាមដែលខ្ញុំអាចធ្វើទៅបាន ដោយមិនគ្រាន់តែផ្ដោតលើទេវវិទ្យាប៉ុណ្ណោះឡើយ។
គ្មានការបោះបង់ចោល
ជីវិតដែលយើងទទួលបាននៅពេលកើតជាថ្មីគឺជាជីវិតដ៏នៅអស់កល្បជានិច្ច។ «ឯទីបន្ទាល់នោះគឺថា ព្រះបានប្រទានជីវិតអស់កល្បជានិច្ចមកយើង [បានប្រទានជីវិតអស់កល្បជានិច្ច] ហើយជីវិតនេះ គឺនៅក្នុងព្រះរាជបុត្រារបស់ព្រះអង្គ» (១យ៉ូហាន ៥:១១)។ ព្រះអង្គមិនបានប្រទានជីវិតបណ្ដោះអាសន្នដល់យើងទេ។ ព្រះអង្គបានប្រទានជីវិតដ៏នៅអស់កល្បជានិច្ចដល់យើង។ ឥឡូវនេះ យើងកំពុងតែមានចំណែកក្នុងជីវិតនៃសម័យកាលដែលនឹងកើតឡើង។
នេះគឺជាប្រយោគដ៏សំខាន់មួយទៀត៖ «ព្រះអង្គបានតម្រូវទុកជាមុន»។ ប្រយោគនោះមានក្នុងកណ្ឌគម្ពីររ៉ូម ៨:៣០៖ «ឯអស់អ្នកដែលព្រះអង្គបានតម្រូវទុកជាមុន ទ្រង់ក៏បានត្រាស់ហៅ ហើយអស់អ្នកដែលព្រះអង្គបានត្រាស់ហៅ ទ្រង់ក៏រាប់ជាសុចរិត ហើយអស់អ្នកដែលព្រះអង្គបានរាប់ជាសុចរិត ទ្រង់ក៏លើកតម្កើង»។ ការលើកតម្កើង [ឬក៏ការទទួលបានសិរីល្អ] គឺជាសណ្ឋានចុងក្រោយនៃសេចក្ដីសង្គ្រោះដ៏អចិន្ត្រៃយ៍។ ខគម្ពីរនេះបានលើកឡើងថា «បានត្រាស់ហៅ»—ដោយគ្មានការបោះបង់អ្នកណាម្នាក់ចោលទេ—ក៏ទទួលបានការរាប់ជាសុចរិត ហើយគ្រប់គ្នាគឺទទួលបានការរាប់ជាសុចរិត—ដោយគ្មានការបោះបង់អ្នកណាម្នាក់ចោលទេ—ក៏ទទួលបានការលើកតម្កើងដែរ។
ចម្លើយគឺថា៖ ប្រសិនបើព្រះជាម្ចាស់បានត្រាស់ហៅលោកអ្នក នោះលោកអ្នកនឹងមិនអាចបាត់បង់សេចក្ដីសង្គ្រោះនេះបានឡើយ។ ហើយខ្ញុំនឹងវែកញែកថា ការទទួលបានកាត្រាស់ហៅ និងការកើតជាថ្មីគឺជាចំណុចដូចគ្នា។ យើងនឹងទទួលបានការរាប់ជាសុចរិត ហើយយើងក៏នឹងទទួលបានការលើកតម្កើង ពីព្រោះយើងបានទទួលការត្រាស់ហៅ—ដែលនេះមានន័យថា យើងបានកើតជាថ្មី។
ការហៅឲ្យមានជីវិត
ប្រភេទនៃការត្រាស់ហៅដែលសាវ័ក ប៉ុល កំពុងតែមានប្រសាសន៍ក្នុងកណ្ឌគម្ពីរ រ៉ូម ៨:៣០ គឺជាការត្រាស់ហៅលោក ឡាសារ តាមរយៈព្រះយេស៊ូវ ឲ្យចេញពីផ្នូរ «ឡាសារ! ខ្ញុំដឹងថាឯងស្លាប់ហើយ ប៉ុន្តែចូរចេញមក» (សូមមើលកណ្ឌគម្ពីរ យ៉ូហាន ១១:៤៣)។ ការត្រាស់ហៅបង្កើតឲ្យមានជីវិត ហើយនោះឯងគឺជាអ្វីដែលបានកើតឡើងចំពោះអ្នកដែលជាគ្រីស្ទបរិស័ទ៖ ការត្រាស់ហៅដែលមានពេញទៅដោយអធិបតេយ្យភាពរបស់ព្រះជាម្ចាស់បង្កើតឲ្យមានជីវិត។ នេះមានន័យថា មានសេចក្ដីសន្យាជាមួយនឹងការត្រាស់ហៅនេះដែរ។
ខាងក្រោមនេះគឺជាខគម្ពីរមួយចំនួនដែលបង្ហាញអំពីការតភ្ជាប់នេះ៖
កណ្ឌគម្ពីរ ១ថែស្សាឡូនីច ៥:២៣-២៤ «សូមព្រះនៃសេចក្ដីសុខសាន្ត ញែកអ្នករាល់គ្នាជាបរិសុទ្ធទាំងស្រុង...រហូតដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងយាងមក។ ព្រះដែលបានត្រាស់ហៅអ្នករាល់គ្នា ទ្រង់ស្មោះត្រង់ ហើយព្រះអង្គនឹងសម្រេចការនេះ»។ នៅក្នុងខនេះមានផ្នត់គំនិតដូចគ្នា៖ ប្រសិនបើព្រះជាម្ចាស់បានត្រាស់ហៅលោកអ្នក នោះព្រះអង្គក៏នឹងនៅជាព្រះដ៏ស្មោះត្រង់ដែរ។ ព្រះអង្គនឹងរក្សាលោកអ្នកឲ្យនៅរហូតដល់ថ្ងៃចុងក្រោយ។
ឬក៏ជាថ្មីម្ដងទៀត៖ នៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស ១:៨-៩៖ ព្រះគ្រីស្ទ «នឹងតាំងអ្នករាល់គ្នាឲ្យខ្ជាប់ខ្ជួន រហូតដល់ចុងបញ្ចប់ ដើម្បីឲ្យអ្នករាល់គ្នាឥតកន្លែងបន្ទោសបាន នៅថ្ងៃរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ ព្រះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាមក ឲ្យមានសេចក្ដីប្រកបជាមួយព្រះរាជបុត្រាព្រះអង្គ គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង»។ ដូច្នេះ ឥឡូវលោកអ្នកអាចត្រឡប់បកក្រោយវិញ ហើយមើលអំពីមូលហេតុ (នៅក្នុង រ៉ូម ៨:៣០) ដែលថាហេតុអ្វីអស់អ្នកដែលទទួលបានការត្រាស់ហៅក៏នឹងទទួលបានការរាប់ជាសុចរិត ហើយអស់អ្នកដែលទទួលបានការរាប់ជាសុចរិតក៏នឹងទទួលការលើកតម្កើង—ពីព្រោះព្រះជាម្ចាស់ជាព្រះដ៏ស្មោះត្រង់។ គ្មានអ្វីដើរដោយស្វ័យប្រវត្តិនោះទេ។
ការរក្សាទុកអស់អ្នកដែលព្រះអង្គបានគ្រោងទុក
មានមនុស្សជាច្រើនបានគិតថា សុវត្ថិភាពដ៏នៅអស់កល្បជានិច្ចប្រៀបដូចជាថ្នាំវ៉ាក់សាំងមួយ។ ពួកគេគិតថា «កាលខ្ញុំមានអាយុ៦ឆ្នាំ ខ្ញុំបានអធិស្ឋាន ហើយព្រះជាម្ចាស់ក៏បានចាក់ថ្នាំវ៉ាក់សាំងលើដៃរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំនឹងមិនអាចមានជំងឺនៃការត្រូវបណ្ដាសាបានឡើយ!»។ វាមិនមែនជារបៀបនោះនោះទេ។ ផ្ទុយទៅវិញ វាប្រៀបដូចជាការចូលទទួលពិធីព្យាបាលដោយចិត្តវិទ្យាអស់មួយជីវិតជាមួយនឹងគ្រូពេទ្យដែលនិយាយថា «អ្នកគឺជាអ្នកជំងឺរបស់ខ្ញុំ។ អ្នកនឹងធ្វើនូវអ្វីដែលខ្ញុំប្រាប់ ហើយខ្ញុំនឹងនាំអ្នកឲ្យដល់ទីបញ្ចប់ ល្អទាំងស្រុងនៅថ្ងៃចុងក្រោយ!»។
កណ្ឌគម្ពីរ យេរេមា ៣២:៤០ គឺជាខគម្ពីរដែលខ្ញុំចូលចិត្តយ៉ាងខ្លាំង ទាក់ទងនឹងប្រធានបទនៃការរក្សាទុក៖ «យើងនឹងតាំងសេចក្ដីសញ្ញានឹងគេ ជាសេចក្ដីសញ្ញាដ៏ស្ថិតស្ថេរនៅអស់កល្បជានិច្ចថា យើងនឹងមិនបែរចេញពីគេឡើយ គឺនឹងឲ្យគេបានសេចក្ដីល្អវិញ យើងនឹងដាក់សេចក្ដីកោតខ្លាចដល់យើងក្នុងចិត្តគេ ប្រយោជន៍កុំឲ្យគេឃ្លាតចេញពីយើង»។ ដូច្នេះ ការតាំងសេចក្ដីសញ្ញាដែលព្រះគ្រីស្ទបានទិញជាមួយនឹងព្រះលោហិតរបស់ទ្រង់គឺជាសេចក្ដីសញ្ញានៃការរក្សាទុក។ វាមិនមែនគ្រាន់តែជាសុវត្ថិភាពក្នុងរបៀបបែបម៉ាស៊ីនណានោះទេ។ ប៉ុន្តែ គឺជាការរក្សាទុកដោយមានសកម្មភាព។ ព្រះជាម្ចាស់មានសកម្មភាពក្នុងជីវិតរបស់ខ្ញុំ។
ពេលខ្ញុំសួរអ្នកដទៃថា៖ «តើអ្នកគិតថាអ្នកនឹងក្លាយជាគ្រីស្ទបរិស័ទនៅពេលដែលអ្នកភ្ញាក់ពីដំណេកនៅពេលព្រឹកដោយរបៀបណា?» មានមនុស្សជាច្រើនមានការភ្ញាក់ផ្អើលទាក់ទងនឹងសំណួរប្រភេទដូចនេះ។ ពួកគេឆ្លើយតបថា៖ «អូ៎! ពីព្រោះ...ដូចអ្នកដឹងហើយ...វាដូចជាការធ្វើជាមនុស្សអញ្ចឹង!»។ ទេ! វាមិនមែនដូចជាការធ្វើជាមនុស្សទេ។ លោកអ្នកនឹងភ្ញាក់ពីដំណេកនៅថ្ងៃស្អែកជាគ្រីស្ទបរិស័ទ ពីព្រោះព្រះជាម្ចាស់ទ្រង់ស្មោះត្រង់។ ព្រះជាម្ចាស់នឹងដាស់លោកអ្នកពីដំណេក ហើយនឹងដាក់នូវជំនឿរបស់ព្រះអង្គក្នុងលោកអ្នក។
ព្រះអង្គរក្សាទុកដោយស្មោះត្រង់
នេះគឺជាខគម្ពីរមួយចំនួនទៀតដែលលើកឡើងអំពីភាពស្មោះត្រង់របស់ព្រះជាម្ចាស់៖ «ខ្ញុំជឿជាក់ថា ព្រះអង្គដែលបានចាប់ផ្តើមធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យការល្អនោះកាន់តែពេញខ្នាតឡើង រហូតដល់ថ្ងៃរបស់ព្រះយេស៊ូវគ្រីស្ទ» (ភីលីព ១:៦)។ មូលហេតុដែលសាវ័ក ប៉ុល មានប្រសាសន៍បែបនោះគឺដោយសារភាពស្មោះត្រង់របស់ព្រះជាម្ចាស់មានការទាក់ទងគ្នាជាមួយនឹងការត្រាស់ហៅរបស់គាត់ និងការកើតជាថ្មីរបស់គាត់។
ឬក៏កណ្ឌគម្ពីរ យូដាស ១:២៤ «រីឯព្រះអង្គដែលអាចរក្សាអ្នករាល់គ្នាមិនឲ្យជំពប់ដួល...»។ ខ្ញុំពិតជាមានអារម្មណ៍រំភើបយ៉ាងខ្លាំងណាស់ដែលព្រះជាម្ចាស់បានរក្សាខ្ញុំទុក។
ព្រះអង្គបានរក្សាខ្ញុំ។ ព្រះអង្គមិនបានអនុញ្ញាតឲ្យខ្ញុំជំពប់ដួល ដែលការនោះនឹងនាំឲ្យមានការខូចព្រះនាមរបស់ទ្រង់ ហើយបំផ្លាញក្រុមជំនុំ។ ខ្ញុំមិនបានក្រឡេកមើលក្រោយវិញ ហើយបន្ទាប់មកវាយស្មាសរសើរខ្លួនឯងថា «ឯងពិតជាមនុស្សល្អមែន» ទេ។ ប៉ុន្តែ ខ្ញុំលើកឡើងវិញថា «អស្ចារ្យណាស់! អស្ចារ្យណាស់! គឺព្រះអង្គហើយដែលបានរក្សាខ្ញុំទុក...»
យុថ្កានៃការធានារបស់យើង
មកដល់ចំណុចនេះ ខ្ញុំគិតថា នៅសល់តែសំណួរគន្លឹះមួយទៀតទេ ដែលមនុស្សជាច្រើនតែងតែសួរ៖ «ចុះចំណែកឯអស់អ្នកដែលនៅក្នុងក្រុមជំនុំវិញ? ពួកគេធ្លាប់ធ្វើជាអ្នកជំនួយការ ឬក៏ជាអ្នកចាស់ទុំ ហើយមើលទៅហាក់បីដូចជាថាពួកគាត់បានទទួលសេចក្ដីសង្គ្រោះកាលកំពុងរៀននៅមហាវិទ្យាល័យ។ មកដល់ពេលនេះ ពួកគាត់បានបម្រើអស់រយៈពេលបួនដប់ឆ្នាំហើយ ហើយឥឡូវពួកគាត់ក៏បានបោះបង់ទាំងអស់ចោលដែរ។ មានអ្នកខ្លះក៏បានស្លាប់ក្នុងស្ថានភាពហ្នឹងនោះដែរ។ ចុះចំណែកឯពួកគេវិញ?»។
ខ្ញុំគិតថា យ៉ាងហោចណាស់មានខគម្ពីរគន្លឹះពីរទៀតដែលពួកគេគួរចំណាយពេលគិតឲ្យបានយូរ។ ខគម្ពីរដំបូងគឺ ១យ៉ូហាន ២:១៩៖ «គេបានចេញពីពួកយើងទៅ តែមិនមែនជាពួកយើងទេ ដ្បិតបើគេជាគ្នាយើងមែន នោះនឹងបាននៅជាប់ជាមួយយើងហើយ។ ប៉ុន្តែ ដែលគេបានចេញទៅ នោះបង្ហាញឲ្យឃើញថា ពួកគេមិនមែនសុទ្ធតែជាគ្នាយើងទាំងអស់គ្នាទេ»។ ពាក្យ «ពីពួកយើង» ក្នុងខគម្ពីរនេះពិតជាមានន័យថា «កើតជាថ្មីជាមួយយើង ការផ្សាំក្នុងព្រះគ្រីស្ទជាមួយយើង»—ប៉ុន្តែ ពួកគេមិនដូច្នោះទេ។ មើលទៅពួកគេហាក់បីដូចជាមានលក្ខណៈដូចគ្នា។ ពួកគេថែមទាំងនិយាយនូវចំណុចមួយចំនួនត្រឹមត្រូវផងដែរ។ ពួកគេ «បានភ្លក់...ព្រះចេស្ដាទាំងឡាយនៃបរលោក» (ហេព្រើរ ៦:៥)។ ប៉ុន្តែ ពួកគេមិនបានកើតពីព្រះជាម្ចាស់ទេ។
លើសពីនេះទៅទៀត កណ្ឌគម្ពីរហេព្រើរជំពូក៦ក៏ជាកន្លែងជំពប់ដ៏ធំមួយសម្រាប់អស់អ្នកដែលធ្លាប់ទទួលបទពិសោធន៍ខាងឯវិញ្ញាណ ប៉ុន្តែនៅបាត់បង់ឡើយ។ ប៉ុន្តែ ខ្ញុំគិតថា កណ្ឌគម្ពីរ ហេព្រើរ ៣:១៤ គឺជាខគម្ពីរគន្លឹះក្នុងកណ្ឌគម្ពីរនេះ៖ «ប្រសិនបើយើងកាន់ខ្ជាប់តាមចិត្តជឿជាក់ដែលយើងមានតាំងពីដំបូង រហូតដល់ចុងបំផុតមែន នោះយើងពិតជាមានចំណែកជាមួយព្រះគ្រីស្ទហើយ»។
អ្នកនិពន្ធមិនបានលើកឡើងថា «ប្រសិនបើលោកអ្នកកាន់ឲ្យបានខ្ជាប់ខ្ជួននូវទំនុកចិត្តរបស់លោកអ្នករហូតដល់ទីបញ្ចប់ នោះលោកអ្នកនឹងមានចំណែកជាមួយនឹងព្រះគ្រីស្ទ» នោះទេ។ គាត់បានលើកឡើងថា «យើងដឹងហើយថា យើងធ្លាប់មាន—ចាប់តាំងពីដើមដំបូងនៃជីវិតរបស់យើងជាមួយនឹងព្រះគ្រីស្ទ—ការមានចំណែកក្នុងព្រះគ្រីស្ទ ដោយសារយើងស៊ូទ្រាំដល់ទីបញ្ចប់!»។ នេះមានន័យថាការស៊ូទ្រាំក្នុងជំនឿគឺជាភស្តុតាងដែលថាយើងមានចំណែកក្នុងព្រះគ្រីស្ទមែន។
ហើយពេលយើងមិនមានការស៊ូទ្រាំដូចនោះ នោះមានន័យថា យើងក៏មិនដែលមានការធានាអះអាងដែរ។ នេះគឺជាគន្លឹះ៖ ដូច្នេះ ការធានាគឺមិនមែនជាដំណើរការស្វ័យប្រវត្តិឡើយ។ វាគឺជាការធានាដែលមានឫសក្នុងទំនុកចិត្តរបស់យើងក្នុងអធិបតេយ្យភាពដ៏ធំធេងក្នុងព្រះដែលរក្សាការតាំងសេចក្ដីសញ្ញានោះ ដែលបានចាត់ព្រះរាជបុត្រារបស់ទ្រង់ជំនួសមនុស្សមានបាប ហើយខណៈពេលដែលយើងសម្លឹងមើលព្រះអង្គ នោះព្រះវិញ្ញាណនឹងធ្វើជាស្មរបន្ទាល់ថាយើងគឺជាកូនរបស់ព្រះមែន (រ៉ូម ៨:១៦)។
បុគ្គលដែលបានកើតជាថ្មីហើយមិនអាចលែងបានកើតជាថ្មីម្ដងទៀតបាននោះទេ។ ប្រសិនបើព្រះជាម្ចាស់បានត្រាស់ហៅឈ្មោះរបស់លោកអ្នកហើយ នោះព្រះអង្គមានភាពស្មោះត្រង់ក្នុងការរក្សាលោកអ្នកទុករហូតដល់ទីបញ្ចប់។

សូមស្វាគមន៍មកកាន់ថ្ងៃច័ន្ទនេះ ជាថ្ងៃចុងក្រោយនៃខែកក្កដា។ កាលពីថ្ងៃព្រហស្បតិ៍មុន យើងបានរៀនអំពីសេចក្ដីអំណររបស់ព្រះជាម្ចាស់…

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

ព្រះយេស៊ូវ ពួកសាវ័ក និងពួកសិស្សរបស់ទ្រង់ ពួកគេទាំងអស់បានសួរបណ្តាជននូវសំណួរជាក់លាក់។ ឥឡូវនេះ ប្រហែលជាពួកយើងគួរពិចារណាប្រើសំណួរដូចគ្នាទាំងនេះ សម្រាប់ក្រុមតូចរបស់យើងទាំងអស់។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។