in

ពួកជំនុំ​គួរ​ប្រាថ្នា​ចង់បាន​សុខភាពល្អ

ប្រសិនបើ​លោកអ្នក​ជា​ឪពុកម្ដាយ​ដែល​ជា​គ្រីស្ទបរិស័ទ តើ​លោកអ្នក​ប្រាថ្នា​ចង់​បាន​អ្វី​សម្រាប់​កូនៗ​របស់​លោកអ្នក? ប្រសិនបើ​លោកអ្នក​ជា​កូន​ដែល​ជា​គ្រីស្ទបរិស័ទ តើ​លោកអ្នក​ប្រាថ្នា​ចង់​បាន​អ្វី​សម្រាប់​គ្រួសារ​របស់​លោកអ្នក?

លោកអ្នក​ប្រហែលជា​ប្រាថ្នា​ចង់​ឲ្យ​គ្រួសារ​របស់​ខ្លួន​រីកចម្រើន​ខាង​ឯ​លក្ខណសម្បត្តិ​មួយ​ចំនួន​ដូចជា សេចក្តី​ស្រឡាញ់ អំណរ​ ភាព​ស្អាតស្អំ សេចក្តី​រួបរួម និង​ការ​កោតខ្លាច​ចំពោះ​ព្រះជាម្ចាស់។ លោកអ្នក​ប្រហែលជា​អាច​គិត​ពី​លក្ខណសម្បត្តិ​មួយ​ចំនួន ប៉ុន្តែ​យើង​នឹង​ព្យាយាម​សរុប​លក្ខណសម្បត្តិ​ទាំងអស់​នោះ​មក​ត្រឹម​ពាក្យ​មួយ​គឺ​ពាក្យ​ថា​សុខភាពល្អ ។ លោកអ្នក​ចង់​បាន​គ្រួសារ​មួយ​ដែល​មាន​សុខភាពល្អ​ គឺជា​គ្រួសារ​ដែល​ចុះសម្រុង​គ្នា រួមរស់​ជាមួយគ្នា និង​ចេះ​ស្រឡាញ់​គ្នា ស្របតាម​អ្វី​ដែល​ព្រះជាម្ចាស់​បាន​រៀបចំ​ចាត់ចែង​ឲ្យ​ក្រុម​គ្រួសារ​នោះ​យក​ទៅ​អនុវត្ត។

ចំណែក​ឯ ពួកជំនុំ​របស់​យើង​ក៏​ដូច្នោះ​ដែរ។ ខ្ញុំ​សូម​លើកទឹកចិត្ត​ឲ្យ​គ្រីស្ទបរិស័ទ​គួរ​ប្រាថ្នា​ចង់​បាន​ពួកជំនុំ​ដែល​មាន​សុខភាពល្អ មិន​ថា​យើង​ជា​គ្រូគង្វាល ឬ​សមាជិក​ពួកជំនុំ​នោះ​ទេ។

ប្រហែលជា​មាន​ពាក្យ​ដើម្បី​នឹង​ពណ៌នា​ថា ពួកជំនុំ​គួរតែ​មាន​លក្ខណៈ​បែប​ណា​ប្រសើរ​ជាង​ពាក្យ «សុខភាពល្អ» នេះ​ទៅ​ទៀត ដោយសារ​យើង​កំពុង​និយាយ​អំពី​មនុស្ស​ដែល​ព្រះរាជបុត្រា​ដ៏​គង់​នៅ​អស់កល្បជានិច្ច​ ជា​ស្តេច​លើ​អស់​ទាំង​ស្តេច និង​ព្រះអម្ចាស់​លើ​អស់​ព្រះអម្ចាស់​បាន​ទិញ​ពួកគេ​ដោយ​ព្រះ​លោហិត​របស់​ទ្រង់។ តើ​ពាក្យ​ថា សុខភាពល្អ គឺជា​ពាក្យ​ដ៏​ល្អ​បំផុត​ដែល​ខ្ញុំ​អាច​យក​មក​ពណ៌នា​ពី​ពួកជំនុំ​ឬ? ទោះជា​យ៉ាងណា ខ្ញុំ​ចូល​ចិត្ត​ពាក្យ សុខភាពល្អ ពីព្រោះ​ពាក្យ​នេះ​ទាក់ទង​នឹង​រូបកាយ​ដែល​មាន​ជីវិត​រស់នៅ ហើយ​លូតលាស់​ទៅ​តាម​ដំណើរ​របស់​វា។ រូបកាយ​នេះ​ប្រហែលជា​មាន​បញ្ហា​ខ្លះ​ដែរ ដ្បិត​វា​មិន​ទាន់​បាន​ល្អ​ឥតខ្ចោះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​វា​កំពុងតែ​ឈាន​ទៅ​រក​ភាពល្អឥតខ្ចោះ​នោះ​ហើយ។ វា​កំពុង​ធ្វើ​នូវ​អ្វី​ដែល​វា​គួរតែ​ធ្វើ ដ្បិត​ព្រះបន្ទូល​កំពុងតែ​នាំ​ផ្លូវ​វា។

ជាញឹកញាប់ ខ្ញុំ​ប្រាប់​ពួកជំនុំ​របស់​ខ្ញុំ​ថា នៅពេល​ដែល​យើង​និយាយ​ពី​ការ​តយុទ្ធ​ជាមួយនឹង​បាប​ក្នុង​ជីវិត​របស់​យើង នោះ​យើង​ត្រូវ​ដឹង​ថា លក្ខណៈ​ខុសគ្នា​រវាង​អ្នកជឿ និង​អ្នកមិនជឿ​គឺ​មិនមែន​ត្រង់​ថា អ្នកមិនជឿ​ប្រព្រឹត្ត​បាប​ តែ​អ្នកជឿ​មិន​ ប្រព្រឹត្ត​បាប​នោះ​ទេ។ លក្ខណៈ​ខុស​គ្នា​នោះ​គឺ​ត្រង់​ថា តើ​យើង​ឈរ​នៅ​ខាង​ណា​នៅ​ក្នុង​ការ​តយុទ្ធ​នោះ។ អ្នកជឿ​ឈរ​នៅ​ខាង​ព្រះជាម្ចាស់​ប្រឆាំង​នឹង​បាប ប៉ុន្តែ​អ្នកមិនជឿ​ឈរ​ខាង​បាប​ប្រឆាំង​នឹង​ព្រះជាម្ចាស់។ យើង​អាច​និយាយ​ម្យ៉ាងវិញទៀត​ថា អ្នកជឿ​នឹង​ប្រព្រឹត្ត​បាប ប៉ុន្តែ​នៅពេល​ពួកគេ​ប្រព្រឹត្ត​បាប ពួកគេ​នឹង​បែរ​ទៅ​រក​ព្រះជាម្ចាស់ និង​ព្រះបន្ទូល​របស់​ទ្រង់ ហើយ​ទូល​ថា «សូម​ជួយ​ទូលបង្គំ​ក្នុង​ការ​តយុទ្ធ​ទាស់​នឹង​បាប​នេះ​ផង»។ ប៉ុន្តែ​សម្រាប់​អ្នកមិនជឿ​វិញ ទោះបីជា​ពួកគេ​ទទួល​ស្គាល់​បាប​របស់​ខ្លួន​ក៏​ដោយ ក៏​ពួកគេ​នៅ​តែ​និយាយ​ថា «ខ្ញុំ​ចង់​បាន​បាប​របស់​ខ្ញុំ​ជាជាង​ចង់​បាន​ព្រះជាម្ចាស់​ទៅ​ទៀត»។

ពួកជំនុំ​ដែល​មាន​សុខភាពល្អ​ មិនមែន​ជា​ពួកជំនុំ​ដែល​ល្អ​ឥតខ្ចោះ ហើយ​មិន​ប្រព្រឹត្ត​បាប​នោះ​ទេ។ ពួកគេ​មិនទាន់​បាន​ដោះស្រាយ​គ្រប់​ទាំង​បញ្ហា​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ពួកគេ​ជា​ពួកជំនុំ​ដែល​បន្ត​ការ​ព្យាយាម​ឈរ​នៅ​ខាង​ព្រះជាម្ចាស់​ក្នុង​ការ​តយុទ្ធ​ទាស់​នឹង​សេចក្តី​ប៉ងប្រាថ្នា​ដែល​ព្រះជាម្ចាស់​មិន​សព្វព្រះ​ហឫទ័យ ក៏​ដូចជា​ទាស់​នឹង​ការ​បោកបញ្ឆោត​នៃ​លោកីយ៍ សាច់ឈាម និង​សាតាំង។ ពួកគេ​ជា​ពួកជំនុំ​មួយ​ដែល​បន្ត​ការ​ខំប្រឹង​ត្រាប់តាម​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។

សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ផ្តល់​ជូន​លោកអ្នក​នូវ​និយមន័យ​មួយ​ដែល​ច្បាស់​ជាង​នេះ ហើយ​បន្ទាប់មក​យើង​នឹង​ពិនិត្យ​មើល​បទគម្ពីរ​មួយ​ចំនួន​ដែល​គាំទ្រ​និយមន័យ​នេះ៖ ពួកជំនុំ​ដែល​មាន​សុខភាពល្អ គឺជា​ពួកជំនុំ​ដែល​បន្ត​ការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ចរិតលក្ខណៈ​របស់​ព្រះជាម្ចាស់​ច្រើនឡើងៗ​ដូច​ទៅ​នឹង​ចរិតលក្ខណៈ​ដែល​ទ្រង់​បាន​បើកសម្ដែង​ឲ្យ​ឃើញ​នៅ​ក្នុង​ព្រះបន្ទូល​របស់​ទ្រង់។

ដូច្នេះ ប្រសិនបើ​មាន​គ្រូគង្វាល​ម្នាក់​សួរ​ខ្ញុំ​ថា តើ​ពួកជំនុំ​ប្រភេទ​ណា​ដែល​ខ្ញុំ​ចង់​លើកទឹកចិត្ត​ឲ្យ​គាត់​ប្រាថ្នា​ចង់​បាន នោះ​ខ្ញុំ​ប្រហែលជា​នឹង​ឆ្លើយ​ថា «ខ្ញុំ​លើកទឹកចិត្ត​ឲ្យ​លោកគ្រូ​ប្រាថ្នា​ចង់​បាន​ពួកជំនុំ​មួយ​ដែល​មាន​សុខភាពល្អ គឺជា​ពួកជំនុំ​ដែល​បន្ត​ការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ចរិតលក្ខណៈ​របស់​ព្រះជាម្ចាស់​កាន់តែ​ច្រើនឡើងៗ​ដូច​ទៅ​នឹង​ចរិតលក្ខណៈ​ដែល​ទ្រង់​បាន​បើកសម្ដែង​ឲ្យ​ឃើញ​នៅ​ក្នុង​ព្រះបន្ទូល​របស់​ទ្រង់»។

ចុះ​ចំណែក​ឯ​អ្នកជឿ​វិញ តើ​ខ្ញុំ​ប្រហែលជា​នឹង​លើកទឹកចិត្ត​ឲ្យ​លោកអ្នក​ចូលរួម បម្រើ និង​ខំ​អត់ធ្មត់​ជាមួយ​ពួកជំនុំ​ប្រភេទ​ណា? ចម្លើយ​គឺ​ពួកជំនុំ​ដែល​មាន​សុខភាពល្អ ជា​ពួកជំនុំ​ដែល​បន្ត​ការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ចរិតលក្ខណៈ​របស់​ព្រះជាម្ចាស់​កាន់តែ​ច្រើនឡើងៗ​ដូច​ទៅ​នឹង​ចរិតលក្ខណៈ​ដែល​ទ្រង់​បាន​បើកសម្ដែង​ឲ្យ​ឃើញ​នៅ​ក្នុង​ព្រះបន្ទូល​របស់​ទ្រង់។

បើ​លោកអ្នក​បាន​អាន​យ៉ាង​យក​ចិត្ត​ទុកដាក់ នោះ​លោកអ្នក​ច្បាស់​ជា ​កត់សម្គាល់​ឃើញ​ថា ខ្ញុំ​បាន​ប្រើ​ពាក្យ «ប្រហែល» ម្តង​ហើយ​ម្តង​ទៀត។ ខ្ញុំ​មាន​មូលហេតុ​ពីរ​យ៉ាង​ដែល​ខ្ញុំ​ប្រើ​ពាក្យ «ប្រហែល»។ ទីមួយ ខ្ញុំ​មិន​ចង់​ណែនាំ​ថា នេះ​គឺ​ជា​វិធី​តែ​មួយ​គត់​សម្រាប់​យើង ដើម្បី​នឹង​ពណ៌នា​ថា​ពួកជំនុំ​គួរតែ​មាន​លក្ខណៈ​បែបណា​នោះ​ទេ។ ពេល​យើង​ស្ថិត​នៅក្នុង​ស្ថានភាព​ផ្សេង ឬ​គោលបំណង​ផ្សេង នោះ​យើង​ប្រហែលជា​ឲ្យ​និយមន័យ​បែប​ផ្សេង​មួយ​ទៀត​ដែរ។ ប្រហែលជា​មាន​អ្នកនិពន្ធ ណា​ម្នាក់​ចង់​ឆ្លើយតប​ទាស់​ទៅ​នឹង​ក្រឹត្យវិន័យ​និយម ឬ​សេចក្តី​អាសអាភាស​នៅ​ក្នុង​ពួកជំនុំ ដូច្នេះ​ហើយ​គាត់​នឹង​ចាប់ផ្តើម​ឲ្យ​និយមន័យ​ដោយ​លើកឡើង​ថា «លក្ខណៈ​សំខាន់​បំផុត​ដែល​ពួកជំនុំ​យើង​គួរ​ផ្ដោត​លើ គឺ​ការ​យក​ឈើឆ្កាង​ជា​គោល»។ ខ្ញុំ​នឹង​ឯកភាព​ដោយ​បន្លឺ​ថា «អាម៉ែន» ត្រង់​ចំណុច​នេះ។ ឬ​ក៏​ប្រហែលជា​មាន​អ្នកនិពន្ធ​ម្នាក់​ផ្សេង​ទៀត​ចង់​ឆ្លើយតប​ទាស់​ទៅ​នឹង​ការ​ដែល​ពួកជំនុំ​មិន​យកចិត្ត​ទុកដាក់​ទៅ​នឹង​ព្រះបន្ទូល ក្នុង​ករណី​នេះ គាត់​នឹង​ដាស់តឿន​ពួកជំនុំ​ឲ្យ​យក​ព្រះគម្ពីរ​ជា​គោល។ នោះ​ខ្ញុំ​នឹង​ឯកភាព​ដោយ​បន្លឺ​ថា «អាម៉ែន» ម្ដង​ទៀត។

ទីពីរ ខ្ញុំ​មិន​ចង់​សន្មត​ថា មិន​មាន​នរណា​ម្នាក់​អាច​ពន្យល់​បាន​ប្រសើរ​ជាង​អ្វី​ដែល​ខ្ញុំ​កំពុង​តែ​ព្យាយាម​ពន្យល់​នោះ​ទេ។ អ្វី​ដែល​ខ្ញុំ​បាន​សរសេរ​នេះ គឺជា​អ្វី​ដែល​ល្អ​បំផុត​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​នៅពេល​នេះ ដើម្បី​នឹង​ពន្យល់​ពី​អ្វី​ដែល​ខ្ញុំ​ជឿ​ថា​ជា​គោលដៅ​ស្នូល​របស់​ពួកជំនុំ​ស្រប​តាម​ព្រះគម្ពីរ។ គោលដៅ​ស្នូល​នោះ​គឺ ការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ចរិតលក្ខណៈ​របស់​ព្រះជាម្ចាស់​ដូច​ទៅ​នឹង​ចរិតលក្ខណៈ​ដែល​ទ្រង់​បាន​បើកសម្ដែង​ឲ្យ​ឃើញ​នៅ​ក្នុង​ព្រះបន្ទូល​របស់​ទ្រង់។
តើ​មាន​គ្រីស្ទបរិស័ទ​ណា ​ដែល​មិន​ចង់​ធ្វើ​តាម​គោលដៅ​ស្នូល​នេះ?

 

What-Is-A-Healthy-Church-Khmer-thumb

ដកស្រង់​ចេញ​ពី​សៀវភៅ «ពួកជំនុំ​ដែល​មាន​សុខភាព​ល្អ» និពន្ធដោយ៖ លោកគ្រូ ម៉ាក ដិវើរ រក្សាសិទ្ធិ​គ្រប់​យ៉ាង © ដោយ​លោកគ្រូ ចន ផាភ័រ ប្រើដោយការអនុញ្ញាត

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

តើ​យើង​មាន​ជ័យជំនះ​ដោយសារ​អ្នក​ណា?

ចូរ​ទទួលគ្នា​ទៅ​វិញ​ទៅ​មក!