យើងបានដឹងខ្លះៗហើយពីអារក្ស នៅក្នុងជំពូក១ ប៉ុន្តែឥឡូវ ចូរយើងទៅឲ្យកាន់តែជ្រៅជាងនេះ។ មានខគម្ពីរពីរដែលអាចឆ្លើយនឹងសំណួរនេះ។ ក្នុងកណ្ឌគម្ពីរ ២ពេត្រុស សាវ័ក ពេត្រុស បានលើកឡើងអំពីពួកទេវតាដែលបានប្រព្រឹត្តបាប៖
«ដ្បិតបើព្រះជាម្ចាស់មិនបានអត់ឱនឲ្យពួកទេវតាដែលបានធ្វើបាបទេ ប៉ុន្តែបានទម្លាក់ពួកគេទៅក្នុងស្ថាននរក ហើយបានប្រគល់ឲ្យឃុំទុកនៅក្នុងសេចក្ដីងងឹត ដើម្បីជំនុំជម្រះ»។ (២ពេត្រុស ២:៤ គគខ)
ហើយក្នុងកណ្ឌគម្ពីរ យូដាស ក៏មានចែងដែរថា៖
«រីឯពួកទេវតាដែលមិនបានរក្សាឋានៈរបស់ខ្លួន ហើយបានបោះបង់ចោលលំនៅរបស់ខ្លួន នោះព្រះអង្គបានឃុំទុកក្នុងទីងងឹត ទាំងជាប់ចំណងអស់កល្បជានិច្ច ទុកសម្រាប់ជំនុំជម្រះនៅថ្ងៃដ៏អស្ចារ្យនោះ» (យូដាស ១:៦ គគខ)
តាមរយៈខនេះយើងឃើញថា ពួកទេវតាទាំងនោះធ្លាប់នៅស្ថានសួគ៌ («បានបោះបង់ចោលលំនៅរបស់ខ្លួន») ប៉ុន្តែ ពួកគេបានប្រព្រឹត្តបាបទាស់នឹងព្រះជាម្ចាស់ ពួកគេបះបោរទំនងជាពួកគេមិនពេញចិត្តនឹងឋានៈដែលព្រះជាម្ចាស់បានប្រទានឲ្យ («មិនបានរក្សាឋានៈរបស់ខ្លួន»)។
ចំពោះពួកទេវតាដែលបះបោរប្រឆាំងទាស់នឹងព្រះជាម្ចាស់ ជាទេវតាដែលពេញដោយអំពើបាប នោះនឹងត្រូវបោះទៅក្នុងនរក ហើយនឹងត្រូវជាប់ច្រវាក់រហូតដល់ថ្ងៃជំនុំជម្រះ។ នេះមិនមែនមានន័យថា អារក្សមិនអាចទៅនេះ ឬទៅនោះលើផែនដីនេះឡើយ ហើយក៏មិនមែនមានន័យថា ពួកវាមិនអាចប្រើអំណាចអូសទាញមនុស្សឲ្យធ្វើបាបនោះដែរ ពីព្រោះព្រះគម្ពីរសញ្ញាថ្មីបានផ្ដល់ជាភស្តុតាង និងអត្ថន័យថានោះឯងជាអ្វីដែលវាអាចធ្វើបាន។ មើលទៅព្រះគម្ពីរដូចជាចង់មានន័យដូចនេះថា ព្រះជាម្ចាស់បានទម្លាក់ពួកអារក្សសាតាំងចេញពីស្ថានសួគ៌ដែលមានពេញដោយព្រះពរ ដែលពីមុនពួកវាធ្លាប់បានដកពិសោធន៍ពីព្រះពរនោះ តែឥឡូវនេះ ព្រះជាម្ចាស់បានឃុំពួកវាក្នុងទីងងឹត ដែលទីនោះមានពេញដោយភាពឥតប្រយោជន៍ ហើយពួកវានឹងត្រូវជំនុំជម្រះនៅថ្ងៃជំនុំជម្រះ។
យោងតាមព្រះគម្ពីរ ហាក់បីដូចជាឃើញថា ពួកអារក្សទាំងនោះសុទ្ធតែស្ថិតនៅក្រោមអំណាចរបស់សាតាំងដែលវាក៏ជាទេវតាដែលបានធ្លាក់ក្នុងអំពើបាបផងដែរ។ ពេលដែលព្រះជាម្ចាស់ទម្លាក់សាតាំងចុះមក ដែលមានចែងក្នុងកណ្ឌគម្ពីរវិវរណៈ យើងឃើញថា កណ្ឌគម្ពីរនេះបានហៅ ពួកអារក្សទាំងនោះថាជា «ទេវតារបស់វា» (វិវរណៈ ១២:៩)។
អស់អ្នកដែលទាស់នឹងព្រះយេស៊ូវបានធ្លាប់លើកឡើងថា សាតាំងជាមេដ៏ធំបំផុតក្នុងចំណោមពួកអារក្ស ទោះបើយើងមិនដឹងយ៉ាងច្បាស់ថា តើពួកគាត់បានព័ត៌មាននោះពីប្រភពដែលអាចទុកចិត្តបានឬក៏អត់ (ម៉ាថាយ ៩:៣៤)។ កណ្ឌគម្ពីរផ្សេងៗបានផ្ដល់ឈ្មោះលើអារក្សថា «ចៅហ្វាយរបស់លោកីយ៍នេះ» ឬ «មេគ្រប់គ្រងរាជ្យលើអាកាស» (យ៉ូហាន ១៦:១១; អេភេសូរ ២:២) ដែលនេះសបង្ហាញថា សាតាំងមានអំណាច។ លើសពីនោះទៅទៀត មើលទៅសាតាំងហាក់បីដូចជាមានសិទ្ធិចូលទៅគាល់ព្រះជាម្ចាស់បានទៀតផង ពីព្រោះវាអាចចោទប្រកាន់គ្រីស្ទបរិស័ទនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ក៏ដូចជាល្បួងព្រះយេស៊ូវនៅក្នុងទីរហាស្ថានទៀតផង (វិវរណៈ ១២:១០; ម៉ាថាយ ៤:១-១១)។
ទោះបើយើងឃើញយ៉ាងច្បាស់ថា អារក្សសាតាំងមានអំណាចខាងឯព្រលឹងវិញ្ញាណ ក៏យើងនៅតែដឹងដែរថា អំណាចរបស់ពួកវានៅមានព្រំដែន។ ពេលខ្លះ ពួកវាវាយលុកមនុស្សលោកបែបជាក្រុម ដែលនេះសបញ្ជាក់ឲ្យឃើញថា បើអំណាចរបស់ពួកវាគ្មានព្រំដែន នោះពួកវាមិនចាំបាច់ធ្វើបែបហ្នឹងនោះទេ (លូកា ៨:២)។ អារក្សខ្លះអាក្រក់ជាងអារក្សខ្លះទៀត ពោលគឺសមត្ថភាពនៃការធ្វើអាក្រក់របស់ពួកវាមានឋានៈ (ម៉ាថាយ ១២:៤៥)។ ពួកវាមិនមានសមត្ថភាពនៅគ្រប់ទីកន្លែងក្នុងពេលតែមួយដូចព្រះជាម្ចាស់នោះឡើយ ប៉ុន្តែពួកវាត្រូវតែទៅនេះទៅនោះ ដូចអ្វីៗផ្សេងៗទៀតដែលព្រះជាម្ចាស់បានបង្កើតផងដែរ (លូកា ១២:៤៣)។ ពួកវាក៏មិនអាចដឹងគ្រប់អ្វីៗទាំងអស់នោះទេ ដ្បិតមានតែព្រះជាម្ចាស់មួយអង្គគត់ដែលជ្រាបពីអនាគត ហើយក៏មានតែព្រះអង្គមួយគត់ដែលជ្រាបអំពីចិត្តគំនិត និងបំណងចិត្តរបស់យើងបាន (អេសាយ ៤៦:៩-១០; វិវរណៈ ២:២៣; ហេព្រើរ ៤:១២-១៣)។
មតិយោបល់
Loading…