https://youtu.be/InV-BR75TYc?si=ogJCjQog4O7QiX6S
មាន ស្ទីកឃ័រ (sticker) មួយបិទនៅក្រោយឡានថា «អ្នកពិសេស»។ ហើយនៅក្រោម ស្ទីកឃ័រ នោះមានការសរសេរ ដោយអក្សរតូចៗថា «ដូចគ្រប់គ្នាដែរ»។ ពិតជាគួរឲ្យចាប់អារម្មណ៍មែន ប៉ុន្តែក៏នៅមានសំណួរដ៏សំខាន់មួយដែលយើងត្រូវសួរដែរ ទាក់ទងទៅនឹងចំណុចពិសេសរបស់មនុស្សជាតិ។ យោងតាមព្រះគម្ពីរ តើព្រះអង្គបានបង្កើតយើងក្នុងរបៀបដ៏ពិសេសដែរឬទេ?
«ជម្រាបសួរលោកគ្រូ! ខ្ញុំមានសំណួរមួយ៖ តើព្រះបានបង្កើតខ្ញុំក្នុងរបៀបដ៏ពិសេសដែរឬទេ? ខ្ញុំត្រូវតែសន្មតថា មានមនុស្សជាច្រើនដែលស្រដៀងខ្ញុំពាសពេញផែនដីនេះ ហើយថាខ្ញុំមិនសូវពិសេសក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ទេ។ ខ្ញុំបានឃើញខគម្ពីរជាច្រើនបានលើកឡើងថា ព្រះជាម្ចាស់បានបង្កើតយើងក្នុងគោលបំណងជាក់លាក់ ដែលត្រូវបានគ្រោងទុក។ ហើយក៏មានខគម្ពីរដែលរៀបរាប់អំពីភាពស្និទ្ធស្នាលរបស់ព្រះជាម្ចាស់ដែរ។ ព្រះអង្គជ្រាបចំនួនសក់នៅលើក្បាលរបស់យើង និងគ្រប់ដំណក់ទឹកភ្នែកដែលយើងស្រក់ដែរ។ ប៉ុន្តែ តើព្រះគម្ពីរបង្រៀនថា ខ្ញុំពិសេសដែរឬទេ បើប្រៀបធៀបជាមួយនឹងអ្នកដទៃ? ខ្ញុំមិនអាចរកឃើញខគម្ពីរជាក់លាក់ណាមួយដែលគាំទ្រចំណុចនេះទេ ប៉ុន្តែខ្ញុំបានឮគ្រូអធិប្បាយជាច្រើន ដែលខ្ញុំទុកចិត្តលើ គាំទ្រចំណុចនេះ។ ប៉ុន្តែ តើចំណុចនេះមាននៅក្នុងព្រះគម្ពីរដែរឬទេ? តាមរយៈព្រះគម្ពីរ តើយើងអាចគាំទ្រចំណុចពិសេសនេះបានដែរឬទេ?»
ខ្ញុំគិតថា តាមរយៈព្រះគម្ពីរបាន យើងអាចគាំទ្រចំណុចពិសេសនៃបុគ្គលនីមួយៗ ប៉ុន្តែមិនអាចគាំទ្រដោយត្រង់ៗបាននោះទេ—ដែលនេះមានន័យថា យើងមិនអាចគាំទ្របានតាមរយៈសម្រង់សម្ដីផ្ទាល់យ៉ាងចំៗទេ ប៉ុន្តែគាំទ្របានតែតាមរយៈចំណុចបញ្ឆិតបញ្ឆៀងប៉ុណ្ណោះ។ បើនិយាយម្យ៉ាងទៀត ខ្ញុំមិនស្គាល់ខគម្ពីរណាផ្ទាល់ដែលគាំទ្រចំណុចថា ក្នុងរបៀបណាមួយមនុស្សម្នាក់ៗមានចំណុចខុសៗគ្នាពីមនុស្សផ្សេងទៀតនោះទេ។ ទំនងជាមាន ប៉ុន្តែខ្ញុំមិនស្គាល់ទេ។ (ប្រសិនបើលោកអ្នកស្គាល់ សូមជួយប្រាប់យើងផង។) ទី១ សូមអនុញ្ញាតឲ្យខ្ញុំពន្យល់អំពីអ្វីដែលខ្ញុំមានន័យថា ព្រះគម្ពីរបានចង្អុលបង្ហាញ ឬក៏តាមរយៈការបង្រៀនបញ្ឆិតបញ្ឆៀងថា មនុស្សយើងពិសេស ហើយមូលហេតុដែលការនោះសំខាន់។ ហើយខ្ញុំនឹងបញ្ចប់អត្ថបទនេះដោយលើកឡើងនូវអ្វីដែលខ្ញុំគិតថា សំខាន់ជាងនោះទៅទៀត។
ចំណុចដំបូងដែលយើងត្រូវធ្វើគឺបញ្ជាក់សេចក្ដីពិតលើមូលដ្ឋានពីរយ៉ាងសិន ទាក់ទងនឹងរបៀបដែលព្រះជាម្ចាស់មានទំនាក់ទំនងជាមួយនឹងមនុស្សម្នាក់ៗ។
១. ព្រះអង្គ «ផ្សំគ្រឿង» សម្រាប់បុគ្គលនីមួយៗនៅក្នុងផ្ទៃម្ដាយ។
២. តាមរយៈអធិបតេយ្យភាពរបស់ព្រះអង្គ ទ្រង់គ្រប់គ្រងលើរាល់ការជះឥទ្ធិពលរាប់លាន ដែលរចនាយើងទៅជាបុគ្គលដែលថា យើងជាយើងនៅសព្វថ្ងៃនេះ—ចាប់តាំងពីពេលដែលយើងកើតរហូតដល់ពេលគេកប់យើងវិញ។
បានផ្សំគ្រឿងជាមួយគ្នា
ជាដំបូង ព្រះអង្គបានបង្កើតមនុស្សគ្រប់ៗរូប។ ព្រះអង្គបានបង្កើតពួកគាត់នៅក្នុងរបៀបដ៏ស្មុគស្មាញ ដោយទ្រង់បានផ្ដោតចំណាប់អារម្មណ៍លើគ្រប់ចំណុចអំពីពួកគាត់ទាក់ទងទៅនឹងហ្សែន (និងចំណុចផ្សេងៗទៀត) ក្នុងផ្ទៃម្ដាយរបស់ពួកគាត់។
ដ្បិតគឺទ្រង់ដែលបានបង្កើតចិត្តថ្លើមនៃទូលបង្គំ
ហើយបានផ្សំគ្រឿងនៃទូលបង្គំនៅក្នុងផ្ទៃម្តាយ (ទំនុកតម្កើង ១៣៩:១៣)។
ចំណុចគឺថា៖ រូបភាពនេះគឺមិនមែនអំពីការដែលព្រះអង្គបង្កើតយើងក្នុងលក្ខណដូចៗគ្នាទាំងស្រុងនោះទេ។ រូបភាពគឺអំពីការដែលព្រះជាម្ចាស់ផ្សំគ្រឿងដោយត្បាញយើងនៅក្នុងព្រះហស្តរបស់ទ្រង់ ដូចជាការបង្កើតជាសម្លៀកបំពាក់ពីការដេរមួយម្ជុលទៅមួយម្ជុលទៀត។ ព្រះជាម្ចាស់បានបង្កើតលោកអ្នក តាមរយៈព្រះប្រាជ្ញារបស់ទ្រង់ដែលគ្មានព្រំដែន ដែលមានរួមទាំងអ្វីៗដែលលោកអ្នកចូលចិត្តអំពីខ្លួនឯង និងអ្វីៗដែលលោកអ្នកមិនចូលចិត្តអំពីខ្លួនឯង មានរួមទាំងចំណុចខ្លាំង និងចំណុចខ្សោយទាំងអស់ រាល់សមត្ថភាពទាំងអស់ និងពិការភាពទាំងអស់—ព្រះអង្គបានផ្សំគ្រឿងទាំងនោះនៅក្នុងផ្ទៃម្ដាយរបស់លោកអ្នក។ នៅពេលដែលលោក ម៉ូសេ បានត្អូញត្អែរទៅកាន់ព្រះជាម្ចាស់ថាគាត់មិនចេះនិយាយ ហើយថាព្រះជាម្ចាស់បានសន្យាថា ទ្រង់នឹងទៅជាមួយគាត់ កាលនោះមិនសូវជាកម្សាន្តចិត្តគាត់ប៉ុន្មានទេ។ ដូច្នេះ ព្រះជាម្ចាស់បានស្ដីបន្ទោសមន្ទិលសង្ស័យរបស់គាត់ ដោយប្រើប្រាស់ព្រះបន្ទូលដ៏អស្ចារ្យនេះ៖
តើអ្នកណាបានបង្កើតមាត់មនុស្ស តើអ្នកណាដែលធ្វើឲ្យគ ឬឲ្យថ្លង់ ឲ្យភ្លឺ ឬឲ្យខ្វាក់នោះ បើមិនមែនអញជាព្រះយេហូវ៉ាប៉ុណ្ណោះទេ ដូច្នេះ ចូរឯងទៅឥឡូវចុះ អញនឹងនៅជាមួយនឹងមាត់ឯង ព្រមទាំងបង្រៀនសេចក្ដីដែលឯងត្រូវនិយាយផង (និក្ខមនំ ៤:១១-១២)។
ដូច្នេះ នេះគឺជាសម្មតិកម្មដំបូងរបស់ព្រះគម្ពីរ៖ ព្រះជាម្ចាស់បានបង្កើតមនុស្សគ្រប់ៗរូប ដោយត្បាញភ្ជាប់យើងក្នុងរបៀបដ៏ស្មុគស្មាញ និងរៀងៗខ្លួននៅក្នុងផ្ទៃម្ដាយយើង ក្នុងលក្ខណៈដែលយើងមានឥឡូវនេះ។
ក្រោមអធិបតេយ្យភាពរបស់ទ្រង់
ទី២ ព្រះជាម្ចាស់មានការគ្រប់គ្រងលើគ្រប់ចំណុច និងគ្រប់កិច្ចការនៃរាល់បទពិសោធន៍របស់យើង។ គ្មានអ្វីកំពុងកើតឡើងចំពោះលោកអ្នក ឬក៏ដែលធ្លាប់បានកើតឡើងចំពោះលោកអ្នក ឬក៏នឹងកើតឡើងចំពោះលោកអ្នក ដោយបានកើតឡើងក្រៅពីក្រោមផែនការរបស់ព្រះជាម្ចាស់ឡើយ។ ព្រះយេស៊ូវបានបើកបង្ហាញចំណុចនេះ ដោយប្រើប្រាស់ព្រឹត្តិការណ៍ដ៏ចៃដន្យមួយនៅលើលោកនេះ ហើយបានបង្រៀនថាមានតែព្រះជាម្ចាស់ទេដែលអាចធ្វើការនោះបាន។
តើគេមិនលក់ចាប២ថ្លៃ១លុយទេឬអី តែគ្មានចាបណាមួយធ្លាក់ទៅដី ឥតព្រះវរបិតានៃអ្នករាល់គ្នាជ្រាបឡើយ (ម៉ាថាយ ១០:២៩)។
សត្វចាបមិនសូវសំខាន់ទេ! សត្វចាបរាប់លានក្បាលនៅលើផែនដីនេះកំពុងតែងាប់ជាប្រចាំថ្ងៃ ហើយមិនសំខាន់ ហើយមនុស្សយើងក៏មិនដឹងទៀតផង ប៉ុន្តែមិនមានសត្វចាបមួយក្បាលណាដែលបានធ្លាក់ងាប់ពីដើមឈើ ក្រៅពីការគ្រោងទុករបស់ព្រះជាម្ចាស់ឡើយ។ ឬក៏ដូចកណ្ឌគម្ពីរ សុភាសិត ១៦:៣៣ បានលើកឡើងអំពីព្រឹត្តិការណ៍ចៃដន្យមួយទៀត ដូចជាការក្រឡុកគ្រាប់ឡុកឡាក់ ដែលយើងអាចនិយាយសម្រាយថា៖ «ការក្រឡុកគ្រាប់ឡុកឡាក់នៅផ្នត់សំពត់ និងរាល់ការសម្រេចទាំងអស់មិនកើតឡើងក្រៅពីការគ្រោងទុករបស់ព្រះជាម្ចាស់ នៅឯកន្លែងលេងល្បែងទេ»។ ដូច្នេះ ចំណុចគឺថា មិនមានអ្វីដែលកំពុងកើតឡើងចំពោះលោកអ្នក ឬក៏អ្វីដែលបានកើតឡើងចំពោះលោកអ្នក ឬក៏អ្វីដែលនឹងកើតឡើងចំពោះលោកអ្នក បានកើតឡើងក្រៅពីការរចនាទុករបស់ព្រះជាម្ចាស់ឡើយ។
ព្រីស [prism] នៃសិរីល្អ
ប្រសិនបើយើងអាចឈរលើសម្មតិកម្មទាំងពីរនោះបាន—(១) ត្រង់ថាព្រះជាម្ចាស់បានបង្កើតលោកអ្នក រហូតដល់គ្រាប់អាតូម និងម៉ូលេគុលនៃឌីអិនអេរបស់លោកអ្នក និង (២) ព្រះជាម្ចាស់បានមានផែនការសម្រាប់រាល់គ្រប់បទពិសោធន៍របស់លោកអ្នក រហូតដល់កម្រិតនៃការដែលខ្យល់បក់ប៉ះសរសៃសក់របស់លោកអ្នក—នោះមានន័យថា រាល់គ្រប់ចំណុចខាងឯសាច់ឈាម ផ្លូវចិត្ត ទំនាក់ទំនង និងលក្ខណៈខុសៗគ្នាខាងឯវិញ្ញាណរបស់លោកអ្នក ទាំងអស់នោះសុទ្ធតែជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់។ ទាំងអស់គឺជារបស់ព្រះជាម្ចាស់។
អ្វីដែលយើងធ្វើបន្ទាប់គឺ យកសេចក្ដីពិតទាំងពីរនោះ ហើយគិតអំពីចំណុចអនុវត្ត ឬក៏បញ្ឆិតបញ្ឆៀង។ នេះហើយគឺជាមូលហេតុដែលខ្ញុំបានលើកឡើងថា ចំណុចនេះមិនមែនជាសេចក្ដីបង្រៀនចំៗ ប៉ុន្តែជាសេចក្ដីបង្រៀនបញ្ឆិតបញ្ឆៀងវិញ។ ព្រះគម្ពីរបង្រៀនឲ្យយើងធ្វើបែបនេះ៖ «ចូរពិចារណាសេចក្ដីដែលខ្ញុំប្រាប់ទាំងនេះចុះ ដ្បិតព្រះអម្ចាស់ទ្រង់នឹងប្រទានឲ្យអ្នកមានយោបល់ ក្នុងគ្រប់ការទាំងអស់» (២ធីម៉ូថេ ២:៧)។
ហើយនៅពេលដែលលោកអ្នកគិតអំពីចំណុចពិតទាំងពីរនោះ នោះលោកអ្នកនឹងយល់ឃើញថា៖ គ្មានអ្នកណា គឺគ្មានអ្នកណាទាល់តែសោះ ដែលមានបទពិសោធន៍ដូចគ្នាទាំងស្រុងទៅនឹងបទពិសោធន៍ដែលលោកអ្នកមានទេ។ ពួកគាត់អាចមានបទពិសោធន៍ស្រដៀងៗគ្នាបាន ប៉ុន្តែមិនអាចមានបទពិសោធន៍ដូចលោកអ្នកទាំងស្រុងបានឡើយ។ លោកអ្នកមានបទពិសោធន៍រាប់លាន ទាំងតូច និងធំ បទពិសោធន៍ដែលអាចមាននៅក្នុងមួយវិនាទី ឬក៏មួយឆ្នាំ ទាំងបទពិសោធន៍ដែលមាននៅក្នុងសតិសម្បជញ្ញៈ និងបទពិសោធន៍ដែលមិនមាននៅក្នុងសតិសម្បជញ្ញៈ—ហើយរាល់គ្រប់បទពិសោធន៍ទាំងនោះបានរចនាលោកអ្នកឡើង។ ជារៀងរាល់ថ្ងៃ យើងកំពុងតែទទួលបានការរចនាឡើង តាមរយៈបទពិសោធន៍ដែលយើងមាន។ ផ្លូវនានានៅក្នុងខួរក្បាលយើងកំពុងតែទទួលបានការចាក់សាប។ ខួរក្បាលយើងកំពុងតែរក្សាទុកព័ត៌មាន។ ហើយគ្មានអ្នកណា—គឺគ្មានអ្នកណាទាល់តែសោះនៅលើផែនដីនេះ—ដែលមានការប្រមូលទុករាប់លានបទពិសោធន៍ដូចគ្នាទាំងស្រុងដែលកំពុងរចនាលោកអ្នកឡើង ដូចដែលលោកអ្នកមាននោះទេ។ ស្រដៀងគ្នា? អាចមានបាន។ ដូចគ្នាទាំងស្រុង? មិនអាចមានបានទេ។
មានតែលោកអ្នកទេដែលជាបុគ្គលដែលអាចមានបទពិសោធន៍ដែលលោកអ្នកមានបាន។ ដូច្នេះ មានតែលោកអ្នកទេដែលជាលោកអ្នកនៅលើផែនដីនេះ និងនៅក្នុងប្រវត្តិសាស្ត្រ—គឺក្នុងគ្រប់ចំណុចទាំងអស់។ ហើយដោយសារព្រះជាម្ចាស់គឺជាព្រះអាទិករនៃអង្គដែលបង្កើតបទពិសោធន៍នោះនៅក្នុងផ្ទៃម្ដាយ និងជាអង្គដែលគ្រប់គ្រងលើបទពិសោធន៍នៅក្នុងជីវិត ចំណុចពិសេសរបស់លោកអ្នកគឺលោកអ្នកផ្ទាល់ តាមរយៈការរចនារបស់ទ្រង់។ លោកអ្នកមិនមែនជាមនុស្សដែលកើតឡើងដោយចៃដន្យនោះទេ។ ហើយលោកអ្នកក៏មិនមែនជាវត្ថុគំរូនៃមនុស្សជាតិដែរ។ លោកអ្នកគឺជាលោកអ្នកតាមរយៈការបង្កើតរបស់ព្រះជាម្ចាស់ និងរចនាឡើងដោយមានការគ្រប់គ្រងពីទ្រង់។
ហើយមូលហេតុដែលចំណុចនេះសំខាន់គឺដោយសារព្រះគម្ពីរបានបង្រៀនថា រាល់គ្រប់អ្វីៗ ដែលមានរួមទាំងរាល់គ្រប់បុគ្គលនីមួយៗ គឺព្រះអង្គបានបង្កើតមកសម្រាប់សិរីល្អរបស់ព្រះគ្រីស្ទ និងសិរីល្អរបស់ព្រះជាម្ចាស់។ ដ្បិតរាល់គ្រប់អ្វីៗគឺទ្រង់បានបង្កើតមកដោយសារព្រះគ្រីស្ទ ហើយសម្រាប់ទ្រង់ទាំងអស់ផង—សម្រាប់ព្រះគ្រីស្ទ និងសម្រាប់សិរីល្អរបស់ទ្រង់ (កូឡូស ១:១៦)។ ទាំងអស់កើតមកពីទ្រង់ ដោយសារទ្រង់ ហើយសម្រាប់ទ្រង់។ ទាំងអស់គឺសម្រាប់ទ្រង់ សម្រាប់សិរីល្អរបស់ទ្រង់—គឺទាំងអស់ (រ៉ូម ១១:៣៦)។ នេះមានន័យថា បុគ្គលិកលក្ខណៈរបស់លោកអ្នកផ្ទាល់ ដែលមានរួមទាំងចំណុចពិសេសនៃហ្សែន ដែលបានរចនាលោកអ្នកឡើង និងរាល់គ្រប់បទពិសោធន៍របស់លោកអ្នកទាំងអស់ គឺមានដើម្បីថ្វាយសិរីល្អទៅកាន់ព្រះគ្រីស្ទ និងសិរីល្អរបស់ព្រះជាម្ចាស់។
លោកអ្នកប្រៀបដូចជាព្រីសមួយ (prism) ដែលមានរូបរាងមិនដូចព្រីសណាផ្សេងទៀតនៅលើផែនដីនេះ ដែលថានៅពេលដែលពន្លឺរបស់ព្រះជាម្ចាស់ចែងចាំងលើលោកអ្នក នោះមានរងាកនៃកាំរស្មី ការលាយឡំពណ៌ ដែលយើងអាចនិយាយបានថា គឺមានតែលោកអ្នកតែមួយគត់ប៉ុណ្ណោះទេ ដែលអាចធ្វើឲ្យពន្លឺកាំរស្មីព្រីសនោះអាចព្រាកចេញបាន។ ហើយនេះឯងជាមូលហេតុដែលលោកអ្នកសំខាន់។ ជីវិតរបស់លោកអ្នកដែលមានភក្ដីភាពទៅកាន់ព្រះជាម្ចាស់ឆ្លុះបញ្ចាំងសិរីល្អរបស់ទ្រង់ ក្នុងរបៀបដែលមិនអាចមានជីវិតរបស់អ្នកណាផ្សេងទៀតអាចធ្វើបានឡើយ។ ស្រដៀងគ្នា? បាន។ ប៉ុន្តែ មិនអាចដូចគ្នាទាំងស្រុងបានឡើយ។ ភាពពិសេសនៃភក្ដីភាពរបស់លោកទៅអ្នកកាន់ព្រះគ្រីស្ទគឺជាសិរីល្អមួយសំដៅទៅកាន់ព្រះគ្រីស្ទ ដែលមិនអាចមានអ្នកផ្សេងទៀតមានដូចលោកអ្នកទាំងស្រុងបានទេ។
ការផ្ដោតចំណាប់អារម្មណ៍ដ៏ពិសេសលើលោកអ្នក
ខណៈពេលដែលខ្ញុំបានស្រាវជ្រាវបន្ថែមទៀតក្នុងព្រះបន្ទូល ដោយព្យាយាមស្វែងរកប្រយោគចំៗអំពីចំណុចពិសេសរបស់យើងរៀងៗខ្លួន ខគម្ពីរដែលចំជាងគេដែលខ្ញុំបានរកឃើញគឺកណ្ឌគម្ពីរ វិវរណៈ ២:១៧ ដែលព្រះយេស៊ូវបានលើកឡើងដូចតទៅ៖ «ឯអ្នកណាដែលឈ្នះ នោះអញនឹងឲ្យ…គ្រួសស១ដល់អ្នកនោះ នៅគ្រួសនោះមានឆ្លាក់ជាឈ្មោះថ្មី ដែលគ្មានអ្នកណាស្គាល់ឡើយ ស្គាល់បានតែអ្នកដែលទទួលប៉ុណ្ណោះ»។
ខ្ញុំយល់ថា ខ្ញុំមិនអាចបង្ហាញភស្តុតាងថា ឈ្មោះរបស់លោកអ្នកនៅលើថ្មនោះនឹងមិនដូចឈ្មោះដែលព្រះអង្គបានសរសេរនៅលើថ្មរបស់អ្នកជឿផ្សេងៗទៀតបានទេ ព្រោះខគម្ពីរមិនបានបញ្ជាក់អំពីចំណុចនេះឡើយ។ ប៉ុន្តែ នេះគឺជាអ្វីដែលខគម្ពីរបានលើកឡើង។ (ហើយនេះគឺជាអ្វីដែលខ្ញុំបានសំដៅលើពីដើម នៅពេលដែលខ្ញុំថា យើងនឹងបញ្ចប់ឯកសារលើចំណុចដែលសំខាន់ជាងភាពពិសេសរបស់យើង។) កណ្ឌគម្ពីរ វិវរណៈ ២:១៧ បានបញ្ជាក់ថា មានការផ្ដោតចំណាប់អារម្មណ៍លើដ៏ពិសេសដែលព្រះគ្រីស្ទបានធ្វើលើរាល់គ្រប់រាស្ត្ររបស់ទ្រង់ម្នាក់ៗ—ទំនាក់ទំនងដ៏ពិសេសផ្ទាល់—ពីព្រោះព្រះអង្គបានមានបន្ទូលថា «គ្មានអ្នកណាស្គាល់ឡើយ ស្គាល់បានតែអ្នកដែលទទួលប៉ុណ្ណោះ»។
បើនិយាយម្យ៉ាងវិញទៀត ព្រះអង្គបានបង្វែរចំណាប់អារម្មណ៍របស់យើងចេញពីចំណុចពិសេសនៃឈ្មោះរបស់យើង ទៅកាន់ចំណុចពិសេសនៃទំនាក់ទំនងរបស់យើងជាមួយនឹងទ្រង់វិញ។ មិនថាលោកអ្នកមានឈ្មោះអ្វីក៏ដោយ (ហើយខ្ញុំគិតថា ឈ្មោះរបស់លោកអ្នកក៏ពិសេសដែរ) ក៏មានតែព្រះគ្រីស្ទតែមួយអង្គគត់ដែលស្គាល់ឈ្មោះនោះ ហើយអាចមានទំនាក់ទំនងផ្ទាល់ជាមួយនឹងលោកអ្នក ដោយឈ្មោះនោះបាន។ សរុបសេចក្ដីទៅ ខ្ញុំចង់លើកទឹកចិត្តបងប្អូនទាំងអស់គ្នាឲ្យផ្ដោតលើចំណុចពិសេសនៃជីវិតរបស់យើងជាការថ្វាយសិរីល្អទៅកាន់ព្រះគ្រីស្ទ ហើយឲ្យតម្លៃលើចំណុចពិសេសនៃចំណាប់អារម្មណ៍របស់ព្រះគ្រីស្ទមកលើយើង ខ្ពស់ជាងចំណុចពិសេសនៃជីវិតរបស់យើងវិញ។
មតិយោបល់
Loading…