in

ស្រឡាញ់ស្រឡាញ់ សើចសើច យំយំ អស្ចារ្យអស្ចារ្យ

ព្រះ​ជាម្ចាស់​នៅ​ឆ្ងាយ

When God Feels Far Away

ការ​មាន​អារម្មណ៍​ថា ព្រះ​ជាម្ចាស់​នៅ​ឆ្ងាយ​ពី​យើង គឺ​ជា​អារម្មណ៍​មួយ​ដែល​គ្រីស្ទ​បរិស័ទ​ជា​ច្រើន​ធ្លាប់​មាន។ ពេល​ខ្លះ​យើង​មាន​អារម្មណ៍​ថា ទ្រង់​នៅ​ឆ្ងាយ​ពី​យើង​ណាស់។ ការ​នេះ​ធ្វើ​ឲ្យ​យើង​គិត​ថា ទ្រង់​ហាក់​បី​ដូច​ជា​កំពុង​ពួន​ពី​យើង​អញ្ចឹង ឬ​ក៏​ថា ទ្រង់​មិន​បាន​សម្ដែង​ព្រះ​វត្តមាន​ដ៏​រស់​រវើក​របស់​ទ្រង់​ឲ្យ​យើង​ឃើញ​សោះ។ លោក​អ្នក​មាន​ការ​បាក់​ទឹក​ចិត្ត ហួតហែង ហើយ​អស់​សង្ឃឹម ព្រោះ​លោក​អ្នក​មិន​ប្រាកដ​ថា តើ​ទ្រង់​នៅ​ក្បែរ​លោក​អ្នក នៅ​ព្រះ​សណ្ដាប់ ឬ​ក៏​នៅ​បន្ត​យក​ចិត្ត​ទុក​ដាក់​នឹង​លោក​អ្នក​ទៀត​ឬ​ក៏​អត់។ ដោយ​គិត​ដូច្នេះ លោកអ្នក​ហាក់បី​ដូច​ជា​អស់​កម្លាំង មិន​មាន​ចិត្ដ​ចង់​អធិស្ឋាន ព្រោះ​ក្ដី​អធិស្ឋាន​របស់​លោក​អ្នក​ហាក់​បី​ដូច​ជា​គ្មាន​ន័យ​អី​សោះ គ្មាន​ខ្លឹម​សារ ហើយ​លើស​ពី​នោះ លោក​អ្នក​ក៏​មាន​អារម្មណ៍​ដែរ​ថា ក្ដី​អធិស្ឋាន​របស់​លោក​អ្នក​ត្រឡប់​មក​លោក​អ្នក​វិញ​ដោយ​ការ​ខក​ចិត្ដ ពេញ​ដោយ​ភាព​បរាជ័យ។

ឱ! ព្រះ​អម្ចាស់​អើយ! តើ​ទ្រង់​គង់​នៅ​ឯ​ណា? ហេតុ​អ្វី​បាន​ជា​ទ្រង់​លាក់​អង្គ​ទ្រង់​ពី​ទួល​បង្គំ? ទូលបង្គំ​ជា​កូន​របស់​ព្រះ​អង្គ។ ឱ​!ព្រះ​វរបិតា​អើយ! ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​មាន​អារម្មណ៍​ថា ព្រះ​អង្គ​មើល​រំលង​នឹង​ការ​យំ​សោក​របស់​ទូលបង្គំ​អញ្ចឹង? តើ​ដល់​កាល​ណា​ទៀត? ឱ​ព្រះ​អម្ចាស់​អើយ! តើ​ទ្រង់​នឹង​បំភ្លេច​ទូលបង្គំ​ជា​រៀង​រហូត​មែន​ឬ? តើ​ទូលបង្គំ​នឹង​បន្ត​ស្វែងរក​ទ្រង់​ដល់​ពេល​ណា​ទៀត? ទូលបង្គំ​មិន​ឮ​អ្វី​សោះ​ពី​ទ្រង់! ទូលបង្គំ​កំពុង​តែ​ស្លាប់​ហើយ ឱ​ព្រះ​អម្ចាស់​អើយ! សូម​កុំ​អែអង់​ទៀត​ឡើយ ឱ​ព្រះ​ដ៏​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ!

ប្រសិនបើ​ការ​អធិស្ឋាន​ខាង​លើ​នេះ​ស្រដៀង​គ្នា​នឹង​ការ​យំ​ស្រែក​ក្នុង​ចិត្ត​របស់​លោក​អ្នក ចូរ​មាន​ចិត្ត​កក់​ក្ដៅ​ចុះ ដ្បិត​បទ​ពិសោធន៍​នេះ​មិន​ថ្មី ឬ​ក៏​ខុស​ប្លែក​ពី​អ្នក​ដទៃ​ឡើយ ព្រោះ​ការ​ទាំង​នេះ វា​មិន​បាន​កើត​ឡើង​ចំពោះ​តែ​លោក​អ្នក​ម្នាក់​ឯង​ប៉ុណ្ណោះ​នោះ​ទេ។ លោកអ្នក​កំពុងតែ​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ដូច​ដែល​គ្រីស្ទបរិស័ទ​ជា​ច្រើន​ទៀត​បាន​ឆ្លង​កាត់​ពី​មុន​រួច​ស្រេច​មក​ហើយ ហើយ​អ្នក​ទាំង​នោះ​ក៏​កំពុង​ដើរ​នៅ​ក្នុង​ជីវិត​នេះ​រួម​ជា​មួយ​លោក​អ្នក​ដែរ។ នេះ​ជា​ចំណុច​ដែល​អាច​នឹង​ជួយ​ផ្ដល់​ការ​លើក​ទឹកចិត្ត​ខ្លះៗ​ដល់​យើង។

ប៉ុន្តែ ចំណុច​នេះ​មិន​អាច​ថ្នាក់ថ្នម​បី​បាច់​បេះដូង​គ្រាំគ្រា​យើង​ដែល​ងាយ​នឹង​បែកបាក់​នោះ​ឡើយ ព្រោះ​ការ​មាន​អារម្មណ៍​ថា​ព្រះ​ជាម្ចាស់​កំពុង​នៅ​ឆ្ងាយ គឺ​ជា​បទពិសោធន៍​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​មែន។ ការ​យល់ដឹង​ថា មាន​អ្នក​ដទៃ​ទៀត​ធ្លាប់​បាន​ឆ្លងកាត់​នូវ​អារម្មណ៍​នេះ គឺ​គ្រាន់តែ​អាច​ជួយ​ដក​ការ​ថប់បារម្ភ​របស់​យើង​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ។ យើង​ត្រូវការ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ ដើម្បី​និយាយ​មក​កាន់​យើង ទាក់ទង​ទៅ​នឹង​ចំណុច​ដ៏​ពិត​នេះ ជា​ប្រយោជន៍​ឲ្យ​យើង​ចេះ​ស៊ូទ្រាំ និង​ចេះ​រង់ចាំ​ទ្រង់​ ដោយ​មាន​សេចក្ដី​សង្ឃឹម នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ថា ទ្រង់​នៅ​សែន​ឆ្ងាយ​នោះ។

ចូរ​ពឹង​លើ​សេចក្ដី​ពិត មិនមែន​លើ​អារម្មណ៍

សម្រែក​យំសោក​របស់​ស្ដេច ដាវីឌ ក្នុង​កណ្ឌគម្ពីរ​ទំនុកតម្កើង​ជំពូក​២២​មិន​សូវ​ខុស​គ្នា​ពី​យើង​ប៉ុន្មាន​នោះ​ទេ៖

«ឱ! ព្រះ​នៃ​ទូលបង្គំ​ព្រះ​នៃ​ទូលបង្គំ​អើយ! ហេតុ​អ្វី​បាន​ជា​ព្រះ​អង្គ​បោះបង់​ចោល​ទូលបង្គំ? ហេតុ​អ្វី​បាន​ជា​ព្រះ​អង្គ​គង់​ឆ្ងាយ​មិន​ជួយ​ទូលបង្គំ ឬ​ស្ដាប់​ពាក្យ​ស្រែក​ថ្នូរ​របស់​ទូលបង្គំ​ដូច្នេះ? ឱ! ព្រះ​នៃ​ទូលបង្គំ​អើយ! ទូលបង្គំ​ស្រែក​អំពាវនាវ​នៅ​ពេល​ថ្ងៃ តែ​ព្រះ​អង្គ​មិន​ឆ្លើយ​តប​ទេ ក៏​ស្រែក​នៅ​ពេល​យប់​ដែរ តែ​មិន​បាន​ស្រាកស្រាន្ត​ឡើយ។» (ទំនុកតម្កើង ២២:១-២ គកស)។

ស្ដេច ដាវីឌ មាន​ព្រះ​ហឫទ័យ​ថា ព្រះ​ជាម្ចាស់​បាន​បោះបង់​ទ្រង់​ចោល ខណៈពេល​ដែល​ទ្រង់​កំពុង​ស្វែងរក ដោយ​ឥត​ស្រាកស្រាន្ត ចំពោះ​ការ​សម្រាក​នៅ​ក្នុង​ព្រះ​ជាម្ចាស់ ប៉ុន្តែ​ទ្រង់​មិន​បាន​រក​ឃើញ​ការ​សម្រាក​នោះ​ឡើយ។ អ្វី​ដែល​ស្ដេច ដាវីឌ លើក​ឡើង​ជា​បន្ទាប់ គឺ​ជា​ចំណុច​ផ្លាស់ប្រែ​ដែល​បង្វែរ​ទ្រង់​ចេញពី​ភាព​ទុក្ខសោក​របស់​ទ្រង់៖

«ប៉ុន្តែ ឱ​ព្រះ​ដែល​ថ្កើង​ឡើង​នៅ​លើ​ពាក្យ​សរសើរ​របស់​អ៊‌ីស្រាអែល ព្រះ​អង្គ​បរិសុទ្ធ។ បុព្វបុរស​របស់​យើងខ្ញុំ​បាន​ទុកចិត្ត​ដល់​ព្រះ​អង្គ ពួក​លោក​បាន​ទុកចិត្ត ហើយ​ព្រះ​អង្គ​បាន​រំដោះ​ពួក​លោក។» (ទំនុកតម្កើង ២២:៣-៤ គកស)

ជា​ជាង​នៅ​បន្ត​មាន​អារម្មណ៍​ថា ព្រះ​ជាម្ចាស់​បាន​បដិសេធ​ទ្រង់ ជាប់​ក្នុង​ភាព​ឯកា ក៏​ដូច​ជា​ស្ថិត​ក្នុង​ប្រទល់​នៃ​ក្ដី​អស់​សង្ឃឹម​ស្ដេច ដាវីឌ បាន​បង្វែរ​សេចក្ដី​ផ្ដោត​ចិត្ដ​របស់​ទ្រង់​ទៅ​លើ​សេចក្ដី​ពិត​ដ៏​ប្រសើរ​ពីរ​យ៉ាង៖ ទី១ គឺ​ការ​សោយរាជ្យ​របស់​ព្រះ​ជាម្ចាស់​ មាន​ពេញ​ទៅ​ដោយ​ភាព​បរិសុទ្ធ ហើយ​ទី២ គឺថា ព្រះ​អង្គ​តែងតែ​មាន​ភាពស្មោះត្រង់​ ក្នុង​ការ​រំដោះ​រាស្ត្រ​របស់​ទ្រង់។

ចំណុច​ទី១៖ ពេល​ដែល​លោកអ្នក​មាន​អារម្មណ៍​ថា គ្មាន​ព្រះ​វត្តមាន​របស់​ព្រះ​ជាម្ចាស់​គង់​នៅ​ក្បែរ ចូរ​ពឹងផ្អែក​លើ​លក្ខណសម្បត្តិ​របស់​ទ្រង់។ ការ​សោយរាជ្យ​របស់​ព្រះ​អង្គ​គឺ​ជា​ការ​រំឭក​ដល់​យើង​ថា ទ្រង់​មាន​ព្រះ​វត្តមាន​នៅ​គ្រប់​ទី​កន្លែង។ ទោះ​បើ​យើង​មិន​មាន​អារម្មណ៍​ថា ព្រះ​អង្គ​កំពុង​គង់​នៅ​ជិត​យើង​ក៏​ដោយ ក៏​យើង​​ត្រូវ​ចាំ​ថា ទ្រង់​កំពុង​គង់​នៅ​ជិត​យើង​ដែរ។ ប៉ុន្តែ ពេល​នោះ​យើង​ក៏​នៅ​ដឹង​ដែរ​ថា យើង​មិន​ស័ក្ដិសម​នឹង​នៅ​ជិត​ទ្រង់​ឡើយ ដោយសារ​ព្រះ​អង្គ​ទ្រង់​គឺ​ជា​ព្រះ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​បរិសុទ្ធ។

ប៉ុន្តែ ព្រះ​របស់​យើង​ដែល​ជា​ព្រះ​កំពុង​សោយរាជ្យ ហើយ​ក៏​ជា​ព្រះ​ដ៏​បរិសុទ្ធ ព្រះ​អង្គ​បាន​ប្រទាន​អំណោយទាន​ដ៏​ឥត​គិត​ថ្លៃ​ដោយ​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​យើង​អាច​ចូល​ទៅ​ក្នុង​ព្រះ​វត្តមាន​ទ្រង់ តាមរយៈ​ព្រះ​លោហិត​របស់​ព្រះ​គ្រីស្ទ។ ព្រះ​អង្គ​កំពុង​ប្រទាន​ដល់​យើង​នូវ​អ្វី​ដែល​យើង​មិន​ស័ក្ដិសម​នឹង​ទទួល​យក ពោល​គឺ​ការ​ដែល​យើង​អាច​ចូល​ទៅ​កាន់​បល្ល័ង្ក​នៃ​ព្រះ​គុណ​ទាំង​មាន​ទំនុកចិត្ត​នោះ។ ពេល​ដែល​យើង​មាន​អារម្មណ៍​ថា ព្រះ​ជាម្ចាស់​បាន​បោះបង់​យើង​ចោល យើង​ត្រូវ​តែ​រំពឹង​លើ​អ្វី​ដែល​យើង​ដឹង​ថា ជា​សេចក្ដី​ពិត៖ ការ​សោយរាជ្យ​របស់​ព្រះ​ជាម្ចាស់​គឺ​មាន​ពេញ​ទៅ​ដោយ​ភាព​បរិសុទ្ធ ហើយ​ព្រះ​អង្គ​ក៏​បាន​អនុញ្ញាត​ឲ្យ​យើង​អាច​ចូល​ទៅ​គាល់​ទ្រង់​ដោយ​មិន​មាន​ដែន​កំណត់​ផង​ដែរ។

ចំណុច​ទី២៖ ពេល​ដែល​យើង​មាន​អារម្មណ៍​ថា យើង​គ្មាន​ព្រះ​ចេស្ដា​របស់​ព្រះ​ជាម្ចាស់​ក្នុង​ជីវិត ចូរ​រំពឹង​លើ​សេចក្ដី​ស្មោះត្រង់​របស់​ទ្រង់​ទាក់ទង​ទៅ​នឹង​ការ​ដែល​ព្រះ​អង្គ​បាន​ធ្វើ​ការ​រំដោះ​យើង។ ស្ដេច ដាវីឌ បាន​រំឭក​អង្គ​ទ្រង់​ពី​រឿង​អតីតកាល អំពី​ការ​ដែល​ព្រះ​ជាម្ចាស់​បាន​រំដោះ​បុព្វបុរស​របស់​ទ្រង់ ពេល​ដែល​ពួកគាត់​ទុកចិត្ត​លើ​ព្រះ​ជាម្ចាស់។ ព្រះ​ជាម្ចាស់​តែងតែ​រំដោះ​ពួកគាត់។ ព្រះ​អង្គ​បាន​រំដោះ​ពួកគាត់​ពេល​ដែល​ពួកគាត់​ស្រែក​រក​ព្រះ​ជាម្ចាស់ ហើយ​ព្រះ​អង្គ​ក៏​បាន​សង្គ្រោះ​ពួកគាត់​ចេញ​ពី​ព្រះ​ក្លែងក្លាយ និង​ខ្មាំងសត្រូវ​របស់​ពួកគាត់​ពេល​ដែល​ពួក​គាត់​ទុកចិត្ត​លើ​ព្រះ​អង្គ​ផង។

វា​ជា​ការ​ងាយ​ស្រួល​ណាស់​ចំពោះ​ខ្ញុំ​ក្នុង​ការ​បារម្ភ​ថា ពេល​នេះ​ហើយ​ដែល​ជា​ពេល​ដែល​ព្រះ​ជាម្ចាស់​ទំនង​នឹង​លែង​មាន​សេចក្ដី​ស្មោះត្រង់ ទំនង​នឹង​ភ្លេច​ខ្ញុំ ក៏​ដូច​ជា​ទំនង​នឹង​មិន​ជួយ​ខ្ញុំ​ទៀត​ទេ​មើល​ទៅ។ ពេល​ដែល​យើង​មាន​អារម្មណ៍​បែប​នេះ យើង​ត្រូវ​តែ​ជឿ​ជាក់​លើ​ព្រះ​បន្ទូល​របស់​ទ្រង់ ហើយ​ឱបក្រសោប​រឿង​ផ្សេងៗ​ដែល​មាន​ចែង​ទុក​អំពី​ភាព​ស្មោះត្រង់​របស់​ទ្រង់​នោះ​ដែរ។ យើង​អាច​យក​សេចក្ដី​សន្យា​របស់​ទ្រង់​មក​អធិស្ឋាន ដោយ​ដឹង​ថា ព្រះ​អង្គ​ព្រះ​សណ្ដាប់​ការ​យំសោក​របស់​យើង។ យើង​ក៏​អាច​នឹកចាំ និង​សញ្ជឹងគិត​ពី​សេចក្ដី​ស្មោះត្រង់​របស់​ទ្រង់​ដែល​មាន​ចំពោះ​យើង​នា​អតីតកាល​ដែរ។ ឈើឆ្កាង​គឺ​ជា​អំណះអំណាង​របស់​យើង​ទាក់ទង​ទៅ​នឹង​សេចក្ដី​សន្យា​របស់​ទ្រង់​ ចំពោះ​ការ​រំដោះ​យើង ពេល​យើង​មើល​មិន​ឃើញ ក៏​ដូច​ជា​មិន​មាន​អារម្មណ៍​ថា ព្រះ​ចេស្ដា​របស់​ទ្រង់​កំពុង​តែ​ធ្វើ​ការ​នៅ​ក្នុង​ជីវិត​យើង​នេះ។

ចូរ​អនុញ្ញាត​ឲ្យ​សេចក្ដី​ពិត​បំផ្លាស់បំប្រែ​អារម្មណ៍​របស់​លោកអ្នក

ស្ដេច ដាវីឌ បន្ត​លើក​អំពី​ទុក្ខសោក​សង្រេង​របស់​ទ្រង់​ក្នុង​ខគម្ពីរ​បន្តបន្ទាប់ ដោយ​ចងចាំ​អំពី​ភាព​បរិសុទ្ធ និង​ភាព​ស្មោះត្រង់​របស់​ព្រះ​ជាម្ចាស់ ស្រប​ពេល​នោះ​ទ្រង់​ក៏​ទាំង​បើក​ចំហ​អំពី​អារម្មណ៍​ពិតៗ​របស់​ព្រះ​អង្គ​ផង «កម្លាំង​ទូលបង្គំ​ស្ងួត ដូច​អំបែង​ឆ្នាំង អណ្ដាត​ទូលបង្គំ​ជាប់​នៅ​ក្រអូម​មាត់ ព្រះ​អង្គ​ដាក់​ទូលបង្គំ​ចុះ​ទៅ​ក្នុង​ធូលី​នៃ​សេចក្ដី​ស្លាប់» (ទំនុកតម្កើង ២២:១៥ គកស)។ ការ​ដែល​យើង​ដឹង​អំពី​សេចក្ដី​ពិត និង​ដំណឹងល្អ​របស់​ព្រះ​ជាម្ចាស់​មិន​មែន​មាន​ន័យ​ថា យើង​មិន​អាច​បញ្ចេញ​អារម្មណ៍​ដ៏​ពិត​របស់​យើង​នោះ​ទេ។ យើង​នៅ​អាច​បន្ត​ប្រាប់​ព្រះ​អង្គ​ពី​ការ​ត្អូញត្អែរ​របស់​យើង​ដល់​ព្រះ​អង្គ។ ព្រះ​វរបិតា​របស់​យើង​មិន​ទៅ​ណា​ទេ ហើយ​ទ្រង់​ក៏​ជ្រាប​គ្រប់​អ្វីៗ​ទាំង​អស់​ក្នុង​ចិត្ត​របស់​យើង​ផង​ដែរ ពោល​គឺ​ទ្រង់​ជ្រាប​បាន​យ៉ាង​ច្បាស់​លាស់​ជាង​យើង​ទៅ​ទៀត។

ប៉ុន្តែ មាន​ចំណុច​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ដែល​បាន​កើត​ឡើង​ក្នុង​អារម្មណ៍​របស់​ស្ដេច ដាវីឌ ខណៈពេល​ដែល​ទ្រង់​កំពុង​យំសោក​ទៅ​កាន់​ព្រះ​ជាម្ចាស់។ ចំណុច​នោះ​គឺ៖ សេចក្ដី​ពិត​បាន​បំផ្លាស់បំប្រែ​អារម្មណ៍​របស់​គាត់។ ព្រះ​អង្គ​បាន​ចាកចេញ​ពី​ការ​យំសោក​សៅ​ក្នុង​អារម្មណ៍​ដែល​គិត​ថា គ្មាន​វត្តមាន​ព្រះ​ជាម្ចាស់ ទៅកាន់ ការ​ប្រកាស​អំពី​ព្រះ​វត្តមាន​នៃ​ព្រះ ហើយ​ចេញពី​មន្ទិលសង្ស័យ និង​សេចក្ដី​អស់​សង្ឃឹម ទៅ​កាន់​ចិត្ដ​ដែល មាន​ភាព​ជឿជាក់​ច្បាស់ និង​ការ​ច្រៀង​សរសើរ​វិញ៖

«ទូលបង្គំ​នឹង​ប្រកាស​អំពី​ព្រះ​នាម​ព្រះ​អង្គ​ដល់​ពួក​បងប្អូន ទូលបង្គំ​នឹង​សរសើរ​តម្កើង​ព្រះ​អង្គ​នៅ​កណ្ដាល​ក្រុមជំនុំ។ អ្នក​រាល់​គ្នា​ដែល​កោតខ្លាច​ដល់​ព្រះ​យេហូវ៉ា​អើយ ចូរ​សរសើរ​តម្កើង​ព្រះ​អង្គ! អ្នក​ទាំង​អស់​គ្នា​ដែល​ជា​ពូជ​ពង្ស​យ៉ាកុប​អើយ ចូរ​លើក​តម្កើង​ព្រះ​អង្គ​អ្នក​ទាំង​អស់​គ្នា​ដែល​ជា​ពូជ​ពង្ស​អ៊‌ីស្រាអែល​អើយ ចូរ​ស្ញប់ស្ញែង​នៅ​ចំពោះ​ព្រះ​អង្គ​ចុះ! ដ្បិត​ព្រះ​អង្គ​មិន​បាន​មើល​ងាយ ឬ​ស្អប់ខ្ពើម​មនុស្ស​ទុគ៌ត​មាន​ទុក្ខ​វេទនា​ឡើយ ក៏​មិន​បាន​លាក់​ព្រះ​ភ័ក្ត្រ​នឹង​គេ​ដែរ កាល​អ្នក​នោះ​បាន​អំពាវនាវ​រក​ព្រះ​អង្គ ព្រះ​អង្គ​ទ្រង់​ព្រះ​សណ្ដាប់» (ទំនុកតម្កើង ២២:២២-២៤ គកស)។

ខណៈពេល​ដែល​យើង​ចងចាំ​សេចក្ដី​ពិត​របស់​ព្រះ​ជាម្ចាស់ នោះ​ព្រះ​អង្គ​ក៏​នឹង​បំផ្លាស់បំប្រែ​អារម្មណ៍​របស់​យើង​ផង​ដែរ។ ការ​សោយរាជ្យ​ដ៏​បរិសុទ្ធ និង​ការ​រំដោះ​ដ៏​ស្មោះត្រង់​របស់​ព្រះ​អង្គ គឺ​ធំ​ឧត្តម​ជាង​អារម្មណ៍​ដែល​ប្រែប្រួល​ឥត​ឈប់ឈរ​របស់​យើង ក៏​ដូច​ជា​កាលៈទេសៈ​របស់​យើង​ដែល​មើល​ទៅ​ហាក់​បី​ដូច​ជា​កាន់តែ​លំបាក​លំបិន​ទៅៗ។ ដូច្នេះ​ហើយ​បាន​ជា​យើង​ត្រូវ​តែ​ព្យាយាម​រំឭក​ខ្លួន​ឯង​អំពី​សេចក្ដី​ពិត​ទាំង​នេះ​នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ថា ព្រះ​ជាម្ចាស់​គង់​នៅ​ឆ្ងាយ​ពី​យើង ហើយ​យើង​ក៏​ត្រូវ​ប្ដេជ្ញាចិត្ត​ជ្រើសរើស​សរសើរ​ទ្រង់ ទោះ​បើ​យើង​មិន​មាន​អារម្មណ៍​បែប​នោះ​ក៏​ដោយ។

ចូរ​មាន​ការ​តស៊ូ​ដោយ​ក្ដី​សង្ឃឹម​តាមរយៈ​ការ​រត់​ទៅ​រក​ព្រះ​បន្ទូល​របស់​ព្រះអង្គ។ ក្នុង​ពេលវេលា​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ទ្រង់ ចូរ​យើង​អនុញ្ញាត​ឲ្យ​សេចក្ដី​ពិត​របស់​ព្រះ​អង្គ​បំផ្លាស់បំប្រែ​អារម្មណ៍​របស់​យើង ដើម្បី​ឲ្យ​យើង​អាច​នឹង​ច្រៀង​ជាមួយនឹង​ស្ដេច ដាវីឌ ថា៖ «ពេល​មនុស្ស​សុចរិត​ស្រែក​រក​ជំនួយ ព្រះ​យេហូវ៉ា​ព្រះ​សណ្ដាប់ ហើយ​ព្រះ​អង្គ​ក៏​រំដោះ​គេ​ឲ្យ​រួច​ពី​គ្រប់​ទុក្ខលំបាក​របស់​គេ» (ទំនុកតម្កើង ៣៤:១៧ គកស)។

និពន្ធ​ដោយ៖ លោក​ស្រី Kristen Wetherell
បកប្រែ​ដោយ និង​កែ​សម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ និង​​លោក ថាច់ ទិត្យសូរិយា
អ្នក​វាយ​ឯកសារ​ចុះ៖ លោក ទេព រ៉ូ
ដក​ស្រង់​ខ្លះៗ​ចេញ​ពី www.thegospelcoalition.org ដោយ​មាន​ការអនុញ្ញាត។
image_pdfទាញ​យក​ជា PDF

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

បន្ថែម​មតិយោបល់​​

មតិយោបល់​​

អំណរ​ដ៏​ប្រសើរ

កុំ​មើល​​រំលង​​អ្វី​​ដែល​​ថ្មីៗ​​ដែល​​យើង​​បាន​​បង្ហោះ!