in

ការ​រីកចម្រើន និងការមិន​រីកចម្រើន​របស់​ពួកជំនុំ

កាតព្វកិច្ច​មួយ​របស់​ពួកជំនុំ គឺ​ធ្វើ​ជា​ឧបករណ៍​សម្រាប់​ព្រះជាម្ចាស់​ប្រើ ដើម្បី​ជួយ​ឲ្យ​រាស្ត្រ​របស់​ទ្រង់​រីកចម្រើន​ក្នុង​ព្រះគុណ។ ព្រះ ជាម្ចាស់​អាច​ប្រើ​មនុស្ស​ពេញ​វ័យ​ខាងឯវិញ្ញាណ​ដែល​ប្រាថ្នា​ចង់​ញែក​ខ្លួន​ជា​បរិសុទ្ធ ដើម្បី​​ជួយ​ឲ្យ​ពួកជំនុំ​រីកចម្រើន​ខាងឯវិញ្ញាណ។ នៅពេល​ដែល​ព្រះជាម្ចាស់​សង់​រាស្ត្រ​របស់​ទ្រង់​ឡើង ស្រប​ពេល​ដែល​ពួកគេ​រីកចម្រើន​ជាមួយ​គ្នា​ក្នុង​ភាព​បរិសុទ្ធ និង​ក្នុង​សេចក្តី​ស្រឡាញ់​ដែល​ចេះ​លះបង់ នោះ​ពួកគេ​នឹង​បង្កើន​សមត្ថភាព​ក្នុង​ការ​ដាក់​វិន័យ​ពួកជំនុំ ក៏​ដូចជា​ជួយ​ពួកគេ​ក្នុង​ការ​បង្កើត​សិស្ស។

នៅពេល​ដែល​លោកអ្នក​ពិនិត្យ​មើល​ទៅ​លើ​ជីវិត​ពួកជំនុំ​ណា​មួយ នោះ​លោកអ្នក​នឹង​ឃើញ​ថា ការ​រីកចម្រើន​មាន​ច្រើន​ប្រភេទ។ ខាងក្រោម​នេះ គឺ​ជា​ផ្នែក​មួយ​ចំនួន​ទាក់ទង​នឹង​ការ​រីកចម្រើន​ដែល​លោកអ្នក​អាច​មើលឃើញ៖

  • ចំនួន​នៃ​អ្នក​ដែល​ឆ្លើយតប​ទៅ​នឹង​ការ​ត្រាស់ហៅ​របស់​ព្រះជាម្ចាស់​ឲ្យ​ចេញ​ទៅ​ធ្វើ​ជា​បេសកជន​មាន​ការ​កើន​ឡើង៖ «ខ្ញុំ​មាន​អំណរ​ក្នុង​ការ​ចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​អ្នក​ជិតខាង​របស់​ខ្ញុំ​ដែល​មក​ពី​វៀតណាម។ ខ្ញុំ​គិត​ថា ព្រះជាម្ចាស់​ត្រាស់ហៅ​ខ្ញុំ​ឲ្យ​ធ្វើ​ជា​បេសកជន​នៅ​ប្រទេស…»។
  • សមាជិក​ដែល​មាន​វ័យ​ចំណាស់​កាន់តែ​មាន​ចិត្ត​ឆេះឆួល​ឡើង​វិញ​ក្នុង​ការ​ផ្សាយ​ដំណឹងល្អ និង​ក្នុង​ការ​ហ្វឹកហ្វឺន​សមាជិក​ក្មេង​ខ្ចី​ខាងឯវិញ្ញាណ៖ «ខ្ញុំ​សូម​អញ្ជើញ​ប្អូន​មក​ញុាំ​អាហារ​ពេលល្ងាច​ជាមួយ​នឹង​ខ្ញុំ​ម្តង»។
  • សមាជិក​ដែល​មាន​វ័យ​ក្មេង​ ទៅ​ចូល​រួម​ពិធី​បុណ្យសព​របស់​សមាជិក​ពួកជំនុំ​វ័យចំណាស់ ដោយ​សារ​សេចក្តី​ស្រឡាញ់ មិនមែន​ដោយសារ​កាតព្វកិច្ច​នោះ​ទេ៖ «ក្នុង​នាម​ខ្ញុំ​ជា​យុវជន​ម្នាក់ ខ្ញុំ​យល់​ឃើញ​ថា ជា​ការ​ល្អ​ណាស់​ដែល​លោក និង​លោកស្រី… យកចិត្តទុកដាក់​ចំពោះ​ខ្ញុំ បង្ហាត់​បង្រៀន​ខ្ញុំ»។
  • ពួកជំនុំ​កាន់តែ​អធិស្ឋាន​ច្រើនឡើងៗ ហើយ​កាន់តែ​ផ្ដោត​ការ​អធិស្ឋាន​របស់​ពួកគេ​ទៅលើ​ការ​ផ្សាយ​ដំណឹងល្អ និង​ឱកាស​ធ្វើ​ព័ន្ធកិច្ច៖ «ខ្ញុំ​កំពុង​តែ​ចាប់ផ្ដើម​ក្រុម​តូច​បែប​ផ្សាយ​ដំណឹងល្អ​មួយ​ក្រុម នៅ​កន្លែង​ធ្វើការ​របស់​ខ្ញុំ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ភ័យ​បន្តិចបន្តួច​ដែរ។ សូម​ពួកជំនុំ​ជួយ​អធិស្ឋាន​ឲ្យ…»។
  • សមាជិក​កាន់តែ​ចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​អ្នកមិនជឿ។
  • សមាជិក​ពួកជំនុំ​មិន​សូវ​រំពឹង​លើ​កម្មវិធី​របស់​អ្នកដឹកនាំ​ពួកជំនុំ​ទេ ប៉ុន្តែ​ពួកគេ​បង្កើត​ឲ្យ​មាន​កម្មវិធី​ជា​បេសកកម្ម​ផ្សេងៗ​ដោយ​ខ្លួនឯង​ផ្ទាល់​វិញ៖ «លោកគ្រូ តើ​លោកគ្រូ​គិត​យ៉ាងម៉េច​ដែរ ប្រសិនបើ​ខ្ញុំ និង​បុប្ផា​រៀបចំ​កម្មវិធី​ណូអែល​ដោយ​ប្រកប​អាហារ​ជាមួយនឹង​នារីៗ​ក្នុង​ពួកជំនុំ​យើង ដើម្បី​យក​ឱកាស​ផ្សាយ​ដំណឹងល្អ​ដល់​ពួកគេ?»
  • យើង​កត់​សម្គាល់​ឃើញ​មាន​ការ​សន្ទនា​ទាក់ទង​ខាងឯវិញ្ញាណ នៅពេល​សមាជិក​ពួកជំនុំ​ជួបជុំ​គ្នា​ជា​លក្ខណៈ​មិន​ផ្លូវការ​ ហើយ​ពួកគេ​ហ៊ាន​សារភាព​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នៅ​ចំពោះ​មុខ​គ្នា។ ពេល​ជាមួយ​គ្នា ពួកគេ​នាំ​បញ្ហា​ទាំង​នោះ​ទៅ​ឯ​ឈើឆ្កាង៖ «បង​អើយ! ខ្ញុំ​កំពុង​តែ​ប្រឈម​មុខ​នឹង​អំពើបាប…»។
  • ការ​ថ្វាយ​ដោយ​ការ​លះបង់​មាន​ការ​កើនឡើង៖ «អូន​សម្លាញ់! តើ​មាន​វិធី​ណា​ដែល​យើង​អាច​ដក​លុយ ១០០,០០០រៀល​ពី​ថវិកា​ប្រចាំខែ​របស់​យើង ដើម្បី​នឹង​ទំនុកបម្រុង…»។
  • ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ​មាន​ការ​កើន​ឡើង។
  • សមាជិក​ពួកជំនុំ​លះបង់​ការ​ងារ ដើម្បី​បម្រើ​ពួកជំនុំ៖ «តើ​ឯង​មាន​បាន​ឮ​ទេ​ថា ពូ​សុខ​បដិសេធ​មិន​ធ្វើ​ការ​នៅ​រៀងរាល់​ចុង​សប្ដាហ៍ ដើម្បី​ឲ្យ​គាត់​មាន​ពេលវេលា​គ្រប់គ្រាន់​បន្ត​បម្រើ​ពួកជំនុំ​ទៀត?»
  • បុរស​ជា​ប្តី ដឹកនាំ​ប្រពន្ធ​របស់​ពួកគេ​ដោយ​មាន​ការ​លះបង់៖ «អូន​សម្លាញ់! តើ​មាន​ការ​អ្វី​ខ្លះ​ដែល​បង​អាច​ធ្វើ ដើម្បី​ឲ្យ​អូន​មាន​អារម្មណ៍​ថា បង​ស្រឡាញ់​អូន និង​យល់ចិត្ត​អូន?»
    ស្ត្រី​ជា​ប្រពន្ធ ចុះចូល​ចំពោះ​ប្តី​របស់​ខ្លួន៖ «បង​សម្លាញ់! តើ​មាន​អ្វី​ខ្លះ​ដែល​អូន​អាច​ធ្វើ​បាន​នៅ​ថ្ងៃនេះ ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​បង?»
  • ឪពុក​ម្ដាយ ស្ដី​បង្ហាត់​បង្រៀន​កូនៗ​របស់​ខ្លួន​ខាង​ឯ​ជំនឿ៖ «យប់​នេះ យើង​នឹង​អធិស្ឋាន​ឲ្យ​អ្នក​បម្រើ​ព័ន្ធកិច្ច​នៅក្នុង​ប្រទេស…»។
  • ពួកជំនុំ​មាន​គំនិត​រួម​ក្នុង​ការ​ដាក់​វិន័យ​ដល់​អ្នក​មិន​ព្រម​កែប្រែ​ពី​អំពើបាប និង​អ្នក​ប្រព្រឹត្ត​បាប​ជា​សាធារណៈ។
  • ពួកជំនុំ​បង្ហាញ​សេចក្តី​ស្រឡាញ់​រួម​ចំពោះ​អ្នក​មិន​ព្រម​កែប្រែ​ពី​អំពើបាប​ ដោយ​ព្យាយាម​ចូល​កៀក​ពួកគេ ហើយ​ប្រាប់​ពួកគេ​ឲ្យ​បែរ​ចេញពី​អំពើ​បាប មុន​ពេល​ដែល​ពួកជំនុំ​ដាក់​វិន័យ​ដល់​ពួកគេ៖ «ប្រសិនបើ​អ្នក​បាន​ទទួល​សារ​នេះ​ហើយ សូម​ទូរស័ព្ទ​មក​ខ្ញុំ​វិញ​ដ្បិត​ខ្ញុំ​ចង់​ដឹង​ពី​អ្នក»។

ទាំងនេះ​គ្រាន់តែ​ជា​ឧទាហរណ៍​មួយចំនួន ស្ដីពី​ការ​រីកចម្រើន​របស់​ពួកជំនុំ​ដែល​គ្រីស្ទបរិស័ទ​ទូល​សូម​ពី​ព្រះជាម្ចាស់ ហើយ​ព្យាយាម​អនុវត្ត​តាម។ តើ​ពួកជំនុំ​ដែល​មាន​សុខភាពល្អ​នឹង​កើន​ចំនួន​សមាជិក​ដែរ​ឬ​ទេ? ជាធម្មតា ពួកជំនុំ​ដែល​មាន​សុខភាពល្អ​នឹង​កើន​ចំនួន​សមាជិក​ដែរ ដោយ​ព្រោះ​ពួកគេ​បាន​បង្ហាញ​ពី​ទីបន្ទាល់​ដែល​ធ្វើ​ឲ្យ​អ្នកមិនជឿ​ចាប់​អារម្មណ៍​ទៅ​នឹង​ដំណឹងល្អ។ ប៉ុន្តែ យើង​មិន​គួរ​សន្មត​ថា ពួកជំនុំ​ដែល​មាន​សុខភាពល្អ​ត្រូវតែ​កើន​ចំនួន​សមាជិក​នោះ​ទេ ពីព្រោះ​ពេលខ្លះ ព្រះជាម្ចាស់​មាន​គោលបំណង​ផ្សេងទៀត​ ដូចជា​ទ្រង់​បង្រៀន​រាស្ត្រ​របស់​ទ្រង់​ឲ្យ​ចេះ​អត់ធ្មត់។ យើង​ត្រូវ​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​របស់​យើង​ទៅ​លើ​ភាព​ស្មោះត្រង់ និង​ការ​រីកចម្រើន​ខាងឯវិញ្ញាណ​ដ៏​ពិត។
តើ​អ្វី​ទៅ​ជា​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​រីកចម្រើន​បែបហ្នឹង? មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​រីកចម្រើន​បែប​ហ្នឹង​គឺ៖ ការ​អធិប្បាយ​តាម​ព្រះគម្ពីរ ទេវវិទ្យា​តាម​ព្រះគម្ពីរ​ដ៏​ត្រឹមត្រូវ ការ​យក​ដំណឹងល្អ​ជា​គោល ការ​យល់​ពី​ការ​ក្លាយ​ជា​គ្រីស្ទបរិស័ទ​តាម​ព្រះគម្ពីរ ការ​យល់​ពី​ការ​ផ្សាយ​ដំណឹងល្អ​តាម​ព្រះគម្ពីរ ការ​យល់​ពី​សមាជិកភាព​ពួកជំនុំ​តាម​ព្រះគម្ពីរ ការ​យល់​ពី​ការ​ដាក់​វិន័យ​ពួកជំនុំ​តាម​ព្រះគម្ពីរ និង​ការ​យល់​ពី​ភាព​ជា​អ្នក​ដឹកនាំ​តាម​ព្រះគម្ពីរ។

ប្រសិនបើ​ពួកជំនុំ​បង្រៀន​តែ​អ្វី​ដែល​ជា​គំនិត​របស់​គ្រូគង្វាល ឬ​ពួកគេ​មាន​ការ​សង្ស័យ​ពី​ព្រះជាម្ចាស់​ច្រើនជាង​ថ្វាយបង្គំ​ទ្រង់ ឬ​មិន​បង្រៀន​ដំណឹងល្អ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ផ្សាយដំណឹងល្អ​មិន​ត្រឹមត្រូវ ឬ​មិន​ឲ្យ​តម្លៃ​ដល់​សមាជិក​ពួកជំនុំ ឬ​ពួកគេ​ធ្វើ​តាម​គ្រូគង្វាល​ជាជាង​ព្រះជាម្ចាស់ នោះ​ពួកគេ​ពិបាក​រំពឹង​ថា ពួកគេ​នឹង​អាច​រក​បាន​នូវ​សហគមន៍​មួយ​ដែល​រួបរួម​គ្នា ឬ​សហគមន៍​មួយ​ដែល​ចេះ​ស្អាង​ចិត្ត​គ្នា​ណាស់។ ពួកជំនុំ​បែបនេះ​នឹង​មិន​ថ្វាយ​សិរីល្អ​ដល់​ព្រះជាម្ចាស់​នោះ​ទេ។

ព្រះជាម្ចាស់​ទទួល​សិរីល្អ​តាមរយៈ​ការ​រីកចម្រើន​នៃ​ពួកជំនុំ

នៅពេល​ដែល​យើង​ជួបប្រទះ​ពួកជំនុំ​ដែល​កាន់​តែ​មាន​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​នោះ តើ​អ្នកណា​ទទួល​សិរីល្អ? ព្រះជាម្ចាស់​ជា​អ្នក​ទទួល​សិរីល្អ។ ដូច​ដែល​លោក ប៉ុល បាន​រៀបរាប់​ថា «តែ​ព្រះ​បាន​ធ្វើ​ឲ្យ​ដុះ ដូច្នេះ អ្នក​ដាំ និង​អ្នក​ដែល​ស្រោច​ទឹក​មិន​មែន​ជា​អ្វី​ទេ គឺ​មាន​តែ​ព្រះ​ដែល​ធ្វើ​ឲ្យ​ដុះ​ប៉ុណ្ណោះ​ទើប​សំខាន់» (១កូរិនថូស ៣:៦-៧; កូល៉ុស ២:១៩ គកស)។

ដូចគ្នា​នេះ​ដែរ លោក ពេត្រុស ធ្វើ​សេចក្តី​សន្និដ្ឋាន​ក្នុង​សំបុត្រ​ទីពីរ​របស់​លោក​ដែល​លោក​សរសេរ​ទៅកាន់​គ្រីស្ទបរិស័ទ​ដំបូង​មួយ​ក្រុម​ថា «សូម​អ្នក​រាល់​គ្នា​ចម្រើន​ឡើង​ក្នុង​ព្រះគុណ និង​ការ​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់ និង​ជា​ព្រះសង្គ្រោះ​របស់​យើង។ សូម​ថ្វាយ​សិរីល្អ​ដល់​ព្រះអង្គ នៅ​ពេល​ឥឡូវ​នេះ និង​ដរាប​ដល់​អស់​កល្ប​ជា​និច្ច។ អាម៉ែន» (២ពេត្រុស ៣:១៨ គកស)។ យើង​ប្រហែល​ជា​ច្រឡំ​ថា ការ​រីកចម្រើន​របស់​យើង​នឹង​នាំ​សិរីល្អ​ដល់​ខ្លួន​ឯង។ ប៉ុន្តែ​លោក ពេត្រុស បាន​ដឹង​ច្បាស់​ជាង​យើង ដោយ​លោក​បាន​សរសេរ​ថា «ត្រូវ​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ ដើម្បី​នៅ​កន្លែង​ណា​ដែល​គេ​និយាយ​ដើម​អ្នក​រាល់​គ្នា ទុក​ដូច​ជា​មនុស្ស​ប្រព្រឹត្ត​អាក្រក់ នោះ​គេ​បាន​ឃើញ​អំពើ​ល្អ​របស់​អ្នករាល់គ្នា​ ហើយ​លើកតម្កើង​ព្រះ នៅ​ថ្ងៃ​ដែល​ទ្រង់​យាង​មក» (១ពេត្រុស ២:១២ គកស)។ លោក ពេត្រុស ចាំ​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​យ៉ាង​ច្បាស់​ថា «ដូច្នេះ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ​របស់​អ្នករាល់គ្នា ហើយ​សរសើរ​អ្នក​រាល់​គ្នា? » មិន​ដូច្នេះ​ទេ! គឺ សរសើរ​តម្កើង​ដល់​ព្រះវរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌ វិញ (ម៉ាថាយ ៥:១៦ គកស)។ ការ​ដែល​ពួកជំនុំ​ព្យាយាម​បង្កើត​សិស្ស និង​ការ​ដែល​ពួកគេ​ព្យាយាម​ឲ្យ​មាន​ការ​រីកចម្រើន គឺជា​សញ្ញា​សម្គាល់​មួយ​ទៀត​នៃ​ពួកជំនុំ​ដែល​មាន​សុខភាពល្អ។
What-Is-A-Healthy-Church-Khmer-thumb

ដកស្រង់ចេញពីសៀវភៅ «ពួកជំនុំដែលមានសុខភាពល្អ» និពន្ធដោយ៖ លោកគ្រូ ម៉ាក ដិវើរ រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ ចន ផាភ័រ ប្រើដោយការអនុញ្ញាត

image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

-1 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ប្រមូល​ទ្រព្យ​សម្បត្តិ

ទ្រង់​ព្រះ​សណ្ដាប់