in ,

វិធី​៤​យ៉ាង​ដើម្បី​​កុំ​ឲ្យ​ខ្លួន​រវល់​ពេក

4 Ways to Win the Battle Against Busyness

ខ្ញុំ​ជា​បុគ្គល​ដែល​រវល់​មិន​ចេះ​ឈប់​មិន​ចេះ​ឈរ។ ខ្ញុំ​ក៏​តែង​តែ​ជួប​ជា​មួយ​មនុស្ស​ដែល​រវល់​ច្រើន​ដែរ។ ហើយ​លោក​អ្នក​ទំនង​ក៏​ជា​បុគ្គល​ដែល​រវល់​ផង​ដែរ។ ភាព​រវល់​មាន​នៅ​ជុំវិញ​យើង​គ្រប់​គ្នា ហើយ​យើង​ទាំង​អស់​គ្នា​មិន​សូវ​ចូល​ចិត្ត​មាន​ការ​រវល់​ពេក​ឡើយ ប៉ុន្តែ​មាន​មនុស្ស​តែ​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​អាច​គេច​ពី​វា​បាន។

ការ​ដែល​យើង​រវល់​ពេក​មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​យើង​មិន​ស្រួល​ខ្លួន​នោះ​ទេ ប៉ុន្តែ​វា​ក៏​​ពេញ​ទៅ​ដោយ​គ្រោះថ្នាក់​ផង​ដែរ។ ក្រៅ​ពី​ភាព​រវល់​ពេក មាន​តែ​រឿង​រ៉ាវ​មួយ​ចំនួន​​ប៉ុណ្ណោះ​ដែល​អាច​មាន​គ្រោះ​ថ្នាក់​ដូច​វា ពោល​គឺ​អាច​បំផ្លាញ​ជីវិត​យើង​បាន។

លោក​គ្រូ ប្លេស៍ ផាស្កេល (Blaise Pascal) បាន​ធ្លាប់​មាន​ប្រសាសន៍​ថា «ការ​ដែល​មនុស្ស​មួយ​ចំនួន​មាន​ការ​រវល់​ខ្លាំង​ពេក​បាន​បញ្ជូន​ពួក​គាត់​ទៅ​ស្ថាន​នរក​ជា​ជាង​ការ​ដែល​គាត់​មិន​ព្រម​ទទួល​ជឿ​លើ​ព្រះ​ជាម្ចាស់​ទៅ​ទៀត។»

ហេតុ​ដែល​យើង​ចេះ​តែ​​មាន​ការ​រវល់​មិន​ចេះ​ឈប់​ឈរ គឺ​ព្រោះ​វា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា យើង​ជា​មនុស្ស​ម្នាក់​ដែល​សំខាន់។ ពេល​ដែល​តារាង​កាលវិភាគ​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ​មិន​មាន​ចន្លោះ​ទំនេរ ខ្ញុំ​មាន​អារម្មណ៍​ថា មាន​មនុស្ស​ច្រើន​ត្រូវការ​ខ្ញុំ។ យើង​តែង​តែ​គិត​ថា បើ​គ្មាន​ខ្ញុំ​ផែនដី​នេះ​ប្រាកដ​ជា​ឈប់​វិល​ហើយ​មើល​ទៅ។ មាន​គ្រីស្ទ​បរិស័ទ​មួយ​ចំនួន​ក៏​បាន​គិត​ដូច​នេះ​ផង​ដែរ​ដោយ​សន្មត​ថា ការ​ដែល​ខ្លួន​រវល់​គឺ​ស្មើ​នឹង​ភាព​ស្មោះ​ត្រង់។ ប៉ុន្តែ ធាតុ​ពិត​គឺ​យើង​កំពុង​បំផ្លាញ​ខ្លួន​ឯង​ដោយ​ចាប់​ផ្ដើម​អស់​កម្លាំង​ក្នុង​ការ​បម្រើ​ព្រះ​យេស៊ូវ ព្រោះ​យើង​គិត​ថា​ខ្លួន​ឯង​សំខាន់។ ចូរ​ចងចាំ​ថា៖ ព្រះ​យេស៊ូវ​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​រឿង​បែប​នេះ​ឡើយ។

ការ​ដែល​ព្រះ​យេស៊ូវ​បាន​បង្គាប់​ឲ្យ​យើង​មក​សម្រប​ក្នុង​ទ្រង់ គឺ​ជា​ការ​ដែល​ព្រះ​អង្គ​កំពុង​បំផ្លាញ​គំនិត​របស់​យើង​ដែល​គិត​ថា ការ​ដែល​ខ្លួន​រវល់​គឺ​ស្មើ​នឹង​ភាព​ស្មោះ​ត្រង់ គឺ​ជា​ការ​ដែល​ទ្រង់​ព្រមាន ភាព​ភ័យ​ខ្លាច​របស់​យើង​ដែល​នាំ​យើង​ឲ្យ​រវល់​ពេល។ ការ​ដែល​យើង​សម្រាក​ក្នុង​ព្រះ​យេស៊ូវ​គឺ​ជា​ចំណុច​ដ៏​ល្អ​បំផុត។ ចូរ​អង្គុយ​នៅ​ក្រោម​ព្រះ​បាទ​របស់​ព្រះ​យេស៊ូវ ហើយ​ស្វែង​រក​ភាព​គ្រប់​គ្រាន់​ពី​ទ្រង់ បន្ទាប់មក​ចាំ​យើង​ផ្ដើម​បំពេញ​កាលវិភាគ​របស់​យើង​នូវ​អ្វី​ដែល​ទ្រង់​បង្គាប់​យើង​ឲ្យ​ធ្វើ។

ប៉ុន្តែ តើ​យើង​អាច​ធ្វើ​បែប​នោះ​បាន​យ៉ាង​ដូចម្ដេច? ខាង​ក្រោម​នេះ​ជា​វិធី​បួន​យ៉ាង​ដែល​ព្រះ​គម្ពីរ និង​គតិបណ្ឌិត​បាន​បង្រៀន​យើង​ឲ្យ​យក​មក​ប្រើ​ក្នុង​ការ​តយុទ្ធ​នឹង​ភាព​រវល់ ហើយ​មក​អង្គុយ​ក្រោម​ព្រះ​បាទ​ព្រះ​យេស៊ូវ៖

១. ចូរ​គេង

កណ្ឌ​គម្ពីរ ទំនុកដំកើង ១២៧:២ បាន​ចែង​ថា «ការ​ដែល​ឯង​ក្រោក​ឡើង​មុន​កំណត់ ហើយ​ក្រ​ចូល​ដេក​ពេល​យប់ ព្រម​ទាំង​បរិភោគ​ដោយ​ធ្វើ​ការ​នឿយ​ហត់​ផង នោះ​ជា​ការ​ឥត​ប្រយោជន៍​ទៀត ដ្បិត​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ពួក​ស្ងួន​ភ្ងា​របស់​ទ្រង់​បាន​ដេក​លក់​សប្បាយ»។ ចំណុច​សម្គាល់​មួយ​ដែល​បង្ហាញ​ថា​លោក​អ្នក​ជា​អ្នក «ស្ងួន​ភ្ងា​របស់​ទ្រង់» គឺ​លោក​អ្នក​អាច​គេង​លក់​នៅ​ពេល​យប់។ ការ​ដែល​បុគ្គល​ម្នាក់​រវល់​ពេក​មិន​មែន​ជា​ការ​បង្ហាញ​ថា គាត់​មាន​ភាព​ស្និទ្ធ​ស្នាល​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​ឡើយ ប៉ុន្តែ​អ្វី​ដែល​អាច​បង្ហាញ​ថា បុគ្គល​នោះ​ស្និទ្ធ​ស្នាល​ជា​មួយ​ទ្រង់​គឺ ការ​ដែល​គាត់​អាច​គេង​លក់ ទោះ​បើ​គាត់​រស់នៅ​ក្នុង​យុគសម័យ​ដ៏​រសាប់រសល់​ក៏​ដោយ។ ភាគ​ច្រើន​ការ​ដែល​យើង​មិន​អាច​គេង​លក់ ព្រោះ​យើង​បាន​គិត​ថា ខ្លួន​ជា​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​របស់​ទាំង​អស់​នៅ​ស្ថិតស្ថេរ។ យើង​មិន​គួរ​គិត​បែប​នេះ​ឡើយ ប៉ុន្តែ​យើង​ត្រូវ​តែ​រៀន​គិត​ថា ខណៈពេល​ដែល​យើង​កំពុង​គេង​ព្រះ​ជាម្ចាស់​ក៏​កំពុង​តែ​កសាង​ទីក្រុង​ផង​ដែរ។ ការ​ដែល​យើង​មិន​បាន​គេង​គ្រប់​គ្រាន់​មិន​គ្រាន់​តែ​បណ្ដាល​ឲ្យ​យើង​ពិបាក​ខាង​ឯ​រូបរាងកាយ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​នឹង​ប៉ះពាល់ ហើយ​បង្ខូច​ជីវិត​ខាង​ឯ​វិញ្ញាណ​របស់​យើង​ផង​ដែរ។ ការ​ដែល​យើង​រវល់​ពី​ព្រលឹម​ដល់​ព្រលប់ វា​មិន​ល្អ​ទេ ជា​ពិសេស​បើ​វា​រារាំង​យើង​មិន​ឲ្យ​លូតលាស់​ខាង​ឯ​វិញ្ញាណ​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់ រារាំង​មិន​ឲ្យ​យើង​មាន​អំណរ ក៏​ដូច​ជា​បង្ក​ឲ្យ​យើង​ស្លាប់​ក្មេង​ពេក​ដែរ។ លោក​គ្រូ​ខ្ញុំ​ម្នាក់​ធ្លាប់​ប្រាប់​ខ្ញុំ​ថា «ពេល​ខ្លះ អ្វី​ដែល​បរិសុទ្ធ​បំផុត​សម្រាប់​អ្នក​គឺ​ទៅ​គេង​មួយ​ស្របក់។»

២. ចូរ​កុំ​ខ្វល់ខ្វាយ​ពី​ថ្ងៃ​ស្អែក

ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ ៦:៣៤ ថា «ដូច្នេះ កុំ​ឲ្យ​ខ្វល់​ខ្វាយ​នឹង​ថ្ងៃ​ស្អែក​ឡើយ ពី​ព្រោះ​ថ្ងៃ​ស្អែក​នឹង​ខ្វល់​ខ្វាយ ចំពោះ​ការ​របស់​ថ្ងៃ​នោះ​ឯង សេចក្ដី​លំបាក​នៅ​ថ្ងៃ​ណា នោះ​គឺ​ល្មម​ត្រឹម​ថ្ងៃ​នោះ​ហើយ។» ខ្ញុំ​ធ្លាប់​មាន​ចម្ងល់​លើ​ខគម្ពីរ​នេះ​យ៉ាង​ខ្លាំង។ តើ​ព្រះ​យេស៊ូវ​មាន​អត្ថ​ន័យ​យ៉ាង​ដូច​ម្ដេច​ពេល​ដែល​ទ្រង់​លើក​ឡើង​ថា «ថ្ងៃ​ស្អែក​នឹង​ខ្វល់​ខ្វាយ ចំពោះ​ការ​របស់​ថ្ងៃ​នោះ​ឯង» ព្រោះ​ថ្ងៃ​ស្អែក​នោះ​ឯង​ជា​អ្វី​ដែល​ខ្ញុំ​កំពុង​ខ្វល់ខ្វាយ។ ចម្លើយ​គឺ៖ ព្រះ​យេស៊ូវ​នឹង​បន្ត​គង់​នៅ​ជា​មួយ​នឹង​យើង​ថ្ងៃ​ស្អែក​ដូច​ទ្រង់​កំពុង​គង់​នៅ​ជា​មួយ​នឹង​យើង​ថ្ងៃ​នេះ​អញ្ចឹង។ ហេតុ​ដែល​ព្រះ​ជាម្ចាស់​គ្រាន់​តែ​ផ្ដល់​នំ​ម៉ាន៉ា​ឲ្យ​សាសន៍​អ៊‌ីស្រាអែល​តែ​មួយ​ថ្ងៃ​ម្ដងៗ​គឺ ព្រោះ​ទ្រង់​ចង់​បង្រៀន​ពួក​គេ​ថា ព្រះ​អង្គ​នឹង​ផ្គត់ផ្គង់​ពួក​គេ​នៅ​ថ្ងៃ​ស្អែក។ ហើយ​សព្វ​ថ្ងៃ​នេះ ព្រះ​អង្គ​ក៏​កំពុង​ព្យាយាម​បង្រៀន​មេរៀន​ដដែល​នោះ​ដល់​យើង​ផង​ដែរ។

៣. ចូរ​ដាក់​រនាំង​មួយ​ចំនួន

លោក​អ្នក​ប្រហែល​ជា​ធ្លាប់​ឮ​ការ​បង្រៀន​ពី​ការ​ប្រៀប​ប្រដូច​ទៅ​នឹង​ដុំ​ថ្ម និង​ដីខ្សាច់។ ដុំ​ថ្ម​តំណាង​ពី​អ្វីៗ​ដែល​សំខាន់ ហើយ​ដីខ្សាច់​តំណាង​ពី​អ្វីៗ​ដែល​មិន​សូវ​សំខាន់។ បើ​លោក​អ្នក​មិន​ធ្លាប់​ឮ​ទេ ការ​បង្រៀន​នោះ​មាន​ដូច​ត​ទៅ៖ ចូរ​ដាក់​ដុំ​ថ្ម​ក្នុង​ក្រឡ​មួយ បន្ទាប់មក​ចាក់​ដីខ្សាច់ នោះ​លោក​អ្នក​នឹង​ឃើញ​ថា ដីខ្សាច់​នឹង​បំពេញ​ចន្លោះ​ថ្ម​ទាំងនោះ។ ប៉ុន្តែ ប្រសិនបើ​លោក​អ្នក​ដាក់​ដីខ្សាច់​មុន​ដាក់​ថ្ម​ធំៗ នោះ​លោក​អ្នក​នឹង​ឃើញ​ថា លោក​អ្នក​មិន​អាច​ដាក់​ដុំ​ថ្ម​ចូល​ដោយ​មិន​ឲ្យ​ដីខ្សាច់​ហៀរ​ចេញ​បាន​ឡើយ។ នេះ​ជា​ការ​ប្រៀប​ប្រដូច​ដ៏​សាមញ្ញ​មួយ​ដែល​មាន​ការ​បង្រៀន​ដ៏​ល្អ៖ ចូរ​ផ្ដល់​អត្តិភាព​ចម្បង​លើ «ដុំ​ថ្ម» នៃ​ជីវិត​របស់​លោក​អ្នក បន្ទាប់មក​សឹម​ដាក់ «ដីខ្សាច់» ក្នុង​ជីវិត​ខ្លួន។ ភាព​ស្មុគស្មាញ និង​ភាព​រវល់​អាច​កើត​មាន​ឡើង​ចេញ​ពី​ការ​ដែល​យើង​រវល់​ធ្វើ​នេះ​ធ្វើ​នោះ​ពេក។ ប៉ុន្តែ ពេល​ខ្លះ​វា​ក៏​កើត​ឡើង​មក​ពី​យើង​មិន​ដែល​មាន​ពេល​សម្រាក ពោល​គឺ​កាលវិភាគ​យើង​វា​ពេញ​ពេក។ ការ​សង្ខេប៖ ចូរ​ដាក់ «ដុំ​ថ្ម» ក្នុង​ជីវិត​លោក​អ្នក​ដែល​ជា​ចំណុច​សំខាន់ៗ​សិន បន្ទាប់មក​សឹម​ដាក់ «ដីខ្សាច់» ដែល​ជា​ចំណុច​មិន​សូវ​សំខាន់​ណាស់​ណា​នោះ​ចូល​ចុះ។ លោក​អ្នក​ត្រូវ​តែ​ការពារ​កាលវិភាគ​របស់​ខ្លួន បើ​មិន​ដូច្នោះ​ទេ​នឹង​មាន​អ្នក​ផ្សេង​មក​ឆាឆៅ​ហើយ​យក​ពេល​វេលា​លោក​អ្នក​ជា​មិន​ខាន។

៤. ចូរ​រក្សា​ថ្ងៃ​សម្រាក

ព្រះ​ជាម្ចាស់​បាន​ប្រទាន​ថ្ងៃ​សម្រាក​ជា​ច្រើន​ដល់​យើង។ ឧទាហរណ៍៖ ថ្ងៃ​សប្ប័ទ​ជា​ថ្ងៃ​ដែល​យើង​ទៅ​ថ្វាយ​បង្គំ​ព្រះ​អង្គ ហើយ​សម្រាក ជា​ថ្ងៃ​នៃ​ការ​ដាក់​ដង្វាយ និង​ការ​គេង។ ភាគ​ច្រើន​យើង​ស្គាល់​អំពី​ថ្ងៃ​សប្ប័ទ ប៉ុន្តែ​យើង​មិន​សូវ​គិត​ថា ការ​ដាក់​ដង្វាយ និង​ការ​គេង​សម្រាក​ក៏​ជា​ការ​រក្សា​ថ្ងៃ​សប្ប័ទ​ដែរ។ ហេតុ​ដែល​ព្រះ​ជាម្ចាស់​ប្រទាន​ថ្ងៃ​សប្ប័ទ គឺ​ដើម្បី​ឲ្យ​ពួក​គាត់​ឈប់​សម្រាក​ពី​ការងារ។ ចេញ​ពី​ការ​ដែល​ពួក​គាត់​ស្ដាប់​បង្គាប់ ព្រះ​ជាម្ចាស់​បាន​សន្យា​ថា ទ្រង់​បង្កើន​ផលផ្លែ​នៃ​ការងារ​របស់​ពួក​គាត់​សម្រាប់​ប្រាំមួយ​ថ្ងៃ​ដែល​ពួក​គាត់​ធ្វើ​ការ។ ហើយ​ការ​ថ្វាយ​ដង្វាយ​គឺ​ជា​ការ​អនុវត្ត​មេរៀន​នោះ ហើយ​ចំណែក​ការ​គេង​គឺ​ជា​ការ​ដែល​យើង​អនុវត្ត​ថ្ងៃ​សប្ប័ទ​ជា​រៀង​រាល់​ថ្ងៃ។ ចំណុច​ទាំង​បី​នេះ​គឺ​ជា​ការ​រំឭក​យើង​ថា យើង​មិន​មែន​ជា​ព្រះ​ឡើយ​ ហើយក៏​ជា​ការ​រំឭក​យើង​ដែរ​ថា យើង​មិន​មែន​ជា​អ្នក​ទ្រទ្រង់ និង​អ្នក​ផ្គត់ផ្គង់…ខ្លួន​ឯង​ដែរ។ ព្រះ​ជាម្ចាស់​ទេ​តើ​ដែល​ជា​អង្គ​ទ្រទ្រង់ និង​ផ្គត់ផ្គង់​យើង។ ខណៈពេល​ដែល​យើង​កាន់​តែ​ចងចាំ​ថា ថ្ងៃ​សប្ប័ទ​ទាំង​អស់​នេះ​គឺ​ជា​អំណោយ​ទាន និង​អភ័យឯកសិទ្ធិ ជា​ជាង​តួនាទី​របស់​យើង នោះ​វា​នឹង​កាន់​តែ​នាំ​យើង​ឲ្យ​ទៅ​សម្រាក​ក្នុង​ព្រះ​គ្រីស្ទ។

ចូរ​យើង​គេចវេះ​ចេញ​ពី​ភាព​រវល់ ហើយ​ព្យាយាម​ស្វែង​រក​ការ​សម្រាក​សម្រាប់​ព្រលឹង​វិញ្ញាណ​យើង​វិញ។

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ​៖ លោក​គ្រូ J.D. Greear
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា និង លោក ជួប ប៊ុនហាក់
ដកស្រង់ខ្លះៗចេញពី www.thegospelcoalition.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ការ​ខ្វល់ខ្វាយ

អារម្មណ៍