in

អធិស្ឋាន​សម្រាប់​សមាជិក​គ្រួសារ

How to Pray For Unbelieving Family Members

ព្រះ​ជាម្ចាស់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង

ចំណុច​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​បំផុត—និង​ជា​ចំណុច​ឈឺ​ក្បាល​ជាង​គេ—សម្រាប់​គ្រីស្ទបរិស័ទ​ជា​ច្រើន​នាក់​គឺ​ទាក់​ទង​ទៅ​នឹង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួក​គាត់​ដែល​មិនទាន់​មាន​ជំនឿ​លើ​ព្រះ​គ្រីស្ទ ឬ​ក៏​ទំនង​ជា​ទាក់​ទង​នឹង​បុគ្គល​ដែល​បាន​បោះបង់​ជំនឿ​ដែល​ខ្លួន​បាន​ធំធាត់​ឡើង​នោះ​ចោល។ មាន​គ្នា​ជា​ច្រើន​នាក់​ក្នុង​ចំណោម​យើង​ដែល​ជា​គ្រីស្ទបរិស័ទ​មាន​បន្ទុក​ក្នុង​ការ​អធិស្ឋាន​សម្រាប់​អស់​អ្នក​ដែល​យើង​ស្រឡាញ់ ហើយ​ពេល​ខ្លះ​វា​ពិបាក​ណាស់​ក្នុង​ការ​ដឹង​អំពី​របៀប និង​ចំណុច​ដែល​យើង​គួរ​អធិស្ឋាន។

ការ​នេះ​ក៏​កើត​ឡើង​ដែរ សូម្បី​តែ​ចំពោះ​គ្រីស្ទបរិស័ទ​ដែល​យល់​យ៉ាង​ច្បាស់​លាស់​អំពី​ចំណុច​ដ៏​អស្ចារ្យ​នៃ​ដំណឹង​ល្អ​របស់​ព្រះ​គ្រីស្ទ និង​អំពី​ភាព​អស្ចារ្យ​នៃ​ការ​ដែល​ព្រះ​ជាម្ចាស់​លាត​ត្រដាង​សេចក្ដី​សង្គ្រោះ​ពី​អស់​កល្ប​ជានិច្ច ដែល​ចំណុច​នេះ​គ្រប​លើ​ផ្ទៃ​ទាំង​មូល​នៃ​ពិភព​លោក​នេះ។ ពួក​គាត់​ចង់បាន​ភាព​យ៉ាង​ត្រឹម​ត្រូវ​ក្នុង​ការ​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​ពួក​គាត់​ផ្ដោត​ទៅ​លើ​រូបភាព​ធំ​របស់​ព្រះ​ជាម្ចាស់​ក្នុង​ការ​មើល​ទៅ​ក្រៅ និង​ក្នុង​ការ​អធិស្ឋាន​ដោយ​យក​ដំណឹង​ល្អ​ធ្វើ​ជា​ចំណុច​ស្នូល​មិន​មែន​មើល​មក​តែ​ក្នុង ដែល​ជា​ការ​អធិស្ឋាន​ផ្ដោត​គ្រាន់​តែ​ក្នុង​ផ្ទះ​សំបែង។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​ពេល​ខ្លះ​យើង​គិត​ថា គ្រួសារ​ដ៏​តូច​តាច​របស់​យើង​គឺ​មិន​សំខាន់​អ្វី​នោះ​ទេ​ក្នុង​ដំណើរ​រឿង​ដ៏​អស្ចារ្យ​នៃ​ផែន​ការ​សង្គ្រោះ​របស់​ព្រះ​ជាម្ចាស់ និង​គោល​បំណង​សម្រាប់​ចក្រវាល​ទាំង​មូល​នេះ។

ប៉ុន្តែ ឱ! បង​ប្អូន​អើយ! ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​ដាច់​ខាត​យើង​មិន​ត្រូវ​ភ្លេច​ថា ទោះ​បើ​ព្រះ​ជាម្ចាស់​មាន​ពិភពលោក​ទាំង​មូល​នៅ​ក្នុង​កណ្ដាប់​ព្រះហស្ត​របស់​ទ្រង់​ក៏​ដោយ ក៏​ព្រះ​អង្គ​នៅ​មាន​លោក​អ្នក នឹង​យើង​ខ្ញុំ​ផង​ដែរ! ព្រះ​អង្គ​ដែល​បាន​ដាក់​ឈ្មោះ និង​ដាក់​តួ​លេខ​លើ​ហ្វូង​តារា​នៅ​លើ​មេឃ​ក៏​នៅ​ដឹង​ពី​ចំនួន​សរសៃ​សក់​លើ​ក្បាល​ក៏​តូច​របស់​យើង​ដែរ។ ព្រះ​អង្គ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង និង​ចំពោះ​ក្រុម​គ្រួសារ​របស់​យើង ទោះ​បី​ថា​ទ្រង់​គ្រប់​គ្រង​លើ​អ្វីៗ​ដែល​ព្រះ​អង្គ​បាន​បង្កើត​នេះ​ក្នុង​លក្ខណៈ​ដ៏​ធំធេង​ក៏​ដោយ។ ហើយ​ព្រះ​អង្គ​ព្រះ​សណ្ដាប់​ឮ​នូវ​សេចក្ដី​អធិស្ឋាន​របស់​បុត្រា​បុត្រី​ដែល​ទ្រង់​ស្រឡាញ់ ដែល​មាន​រួម​ទាំង​សេចក្ដី​អធិស្ឋាន​របស់​យើង​សម្រាប់​អស់​អ្នក​ដែល​យើង​ស្រឡាញ់​ថែម​ទៀត​ផង។ ព្រះ​អង្គ​មាន​ព្រះ​ទ័យ​សប្បុរស ហើយ​ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​ក្នុង​ការ​បង្ហាញ​ព្រះ​ទ័យ​សប្បុរស​នោះ​របស់​ទ្រង់​ទៅ​កាន់​បុត្រា​បុត្រី​ទ្រង់​ដែរ។

នេះ​ឯង​ជា​មូលហេតុ​ដែល​ខ្ញុំ​ស្រឡាញ់​សាច់​រឿង​នៅ​ក្នុង​កណ្ឌ​គម្ពីរ ២ពង្សាវតាក្សត្រ​ជំពូក៤ ដែល​រៀប​រាប់​អំពី​អ្នក​ក្រុង​ស៊ូណែម​ម្នាក់​ដែល​មិន​មាន​កូន ហើយ​ចំពោះ​នាង​ព្រះ​ជាម្ចាស់​បាន​ប្រទាន​កូន​ប្រុស​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​តាម​រយៈ​ពាក្យ​ពេចន៍​របស់​ហោរា អេលីសេ។ ជា​រឿយៗ ព្រះ​គម្ពីរ​តែង​តែ​បង្ហាញ​សញ្ញា​នៃ​ការ​ឆ្ពោះ​ទៅ​មុខ​ដ៏​សំខាន់​មហិមា​ក្នុង​ការ​លាត​ត្រដាង​ប្រវត្តិ​សាស្ត្រ​នៃ​ដំណើរ​រឿង​ដ៏​អស្ចារ្យ​អំពី​សេចក្ដី​សង្គ្រោះ​នៅ​ពេល​ដែល​ស្ត្រី​ណា​ម្នាក់​ទទួល​បាន​ការ​សន្យា​ថា នាង​នឹង​មាន​កូន​ហើយ​បន្ទាប់​មក​នាង​ក៏​បាន​មាន​ផ្ទៃ​ពោះ​ហើយ​ក៏​សម្រាល​កូន​ប្រុស​ម្នាក់​នោះ—ចូរ​គិត​អំពី​លោក អ៊ីសាក ដែល​ជា​កូន​ប្រុស​របស់​នាង សារ៉ា ឬ​ក៏​គិត​អំពី​លោក សាំយូអែល ដែល​ជា​កូន​ប្រុស​របស់​នាង ហាណា ឬ​ក៏​អំពី​ព្រះ​យេស៊ូវ​ផ្ទាល់​ដែល​ជា​បុត្រា​របស់​នាង ម៉ារា—បុគ្គល​នីមួយៗ​មាន​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ដើរ​តួ​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​សេចក្ដី​សង្គ្រោះ—ប៉ុន្តែ​មិន​ត្រឹម​តែ​នៅ​ត្រង់​ចំណុច​នេះ​ប៉ុណ្ណោះ​​ទេ។ គ្មាន​ចំណុច​សំខាន់​អស្ចារ្យ​ណា​សម្រាប់​សេចក្ដី​សង្គ្រោះ​ពិភពលោក​ទាំង​មូល​ក្នុង​សាច់​រឿង—គឺ​គ្មាន​សោះ។ គឺ​គ្រាន់​តែ​រៀប​រាប់​អំពី​ស្ត្រី​ម្នាក់​ដែល​គ្មាន​ឈ្មោះ​ក្នុង​របៀប​ដ៏​សាមញ្ញ គ្រួសារ​ដែល​មិន​សំខាន់ ដែល​ទទួល​បាន​កូន​ម្នាក់​ដែល​មិន​មាន​ឈ្មោះ—ហើយ​បន្ទាប់​មក​ពេល​ដែល​ក្មេង​ប្រុស​នោះ​ស្លាប់​ទៅ​ក្នុង​មួយ​រំពេច គាត់​ក៏​បាន​មាន​ជីវិត​សារ​ជា​ថ្មី​ឡើង​វិញ តាម​រយៈ​សេចក្ដី​មេត្តាករុណា​របស់​ព្រះ​ជាម្ចាស់។ មើល​ទៅ​ហាក់​បី​ដូច​ជា​គ្មាន​មូលហេតុ​អ្វី​សោះ​សម្រាប់​សាច់​រឿង​ទាំងអស់​នេះ (យើង​មិន​ដែល​ឮ​អ្វី​ថែម​ទៀត​អំពី​ពួកគេ​ឡើយ) —លើកលែង​តែ​អំពី​សេចក្ដី​មេត្តាករុណា​ដ៏​ក្លៀវ​ក្លា និង​ភាព​សប្បុរស​របស់​ព្រះ​ជាម្ចាស់​តែ​ប៉ុណ្ណោះ! (យើង​បាន​ឃើញ​សាច់​រឿង​នៃ​គ្រួសារ​ដែល​គ្មាន​ឈ្មោះ​មួយ​នេះ​ម្ដង​ទៀត​ក្នុង​កណ្ឌ​គម្ពីរ ២ពង្សាវតាក្សត្រ​ជំពូក៨ ដែល​នៅ​ពេល​នោះ​ព្រះ​ជាម្ចាស់​បាន​សម្ដែង​ព្រះ​ទ័យ​សប្បុរស​ដ៏​ធំ​មហិមា​របស់​ទ្រង់​ដល់​ពួក​គាត់​ក្នុង​ការ​សង្គ្រោះ​ពួក​គាត់​ចេញ​ពី​គ្រា​អំណត់​អត់ ហើយ​ក្រោយ​មក​ទៀត​ក៏​បាន​ផ្ដល់​ដី​របស់​ពួក​គាត់​ឲ្យ​វិញ។ នោះ​ឯ​ជា​ចំណុច​ស្នូល ទោះ​បើ​មើល​ទៅ​ពួក​គាត់​ហាក់​បី​ដូច​ជា​មិន​មាន​ចំណែក​អ្វី «សំខាន់» សោះ​ក្នុង​ដំណើរ​រឿង​លើស​ពី​នោះ។)

ព្រះ​ដ៏​ជា​ព្រះ​ជាម្ចាស់​របស់​យើង—ខណៈ​ពេល​ដែល​ព្រះ​អង្គ​កំពុង​បំពេញ​ផែនការ​ដ៏​នៅ​អស់កល្បជានិច្ច​ដែល​គ្មាន​ការ​បង្អង់​យូរ និង​គោល​បំណង​សម្រាប់​ការ​សង្គ្រោះ​ពិភពលោក​ទាំង​មូល—គឺ​ជា​ព្រះ​ដែល​មាន​ទាំង​ពេលវេលា និង​ទំនោរ​ចិត្ត​ដ៏​អស្ចារ្យ​ក្នុង​ការ​បង្ហាញ​សេចក្ដី​សប្បុរស​យ៉ាង​វិសេស​វិសាល និង​ការ​យក​ព្រះទ័យ​ទុកដាក់​សម្រាប់​មនុស្ស​សាមញ្ញៗ​ក្នុង​គ្រួសារ «ដែល​មិន​សំខាន់» ដែល​នេះ​ឯង​គឺជា​មូល​ហេតុ​ដ៏​មាន​ឥទ្ធិពល​ក្នុង​ការ​ជំរុញ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ចូល​ទៅ​ចំពោះ​ព្រះ​អង្គ ដើម្បី​អធិស្ឋាន​សម្រាប់​ក្រុម​គ្រួសារ​របស់​យើង មិន​ថា​យើង​មាន​អារម្មណ៍​ថា​វា​សាមញ្ញ ឬក៏​មិន​សំខាន់​ប៉ុណ្ណា​ក៏​ដោយ។

ដូច្នេះ ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​មួយ​ចំនួន​ដែល​យើង​ទំនង​ជា​អាច​យក​ទៅ​គិត​បាន ខណៈ​ពេល​ដែល​យើង​ព្យាយាម​ធ្វើ​បែប​នោះ៖

ចូរ​នៅ​បន្ត​អធិស្ឋាន​ដោយ​ស្មោះ​ត្រង់

ចូរ​កុំ​មាន​មន្ទិល​សង្ស័យ​ថា ព្រះ​អម្ចាស់​មិន​មាន​ព្រះគុណ ឬក៏​មិន​មាន​ព្រះទ័យ​ក្នុង​ការ​សង្គ្រោះ​មនុស្ស​លោក​ឡើយ។ ចូរ​បន្ត​នៅ​អធិស្ឋាន​សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​ពួកគាត់​ដោយ​ទុកចិត្ត​លើ​អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​មាន​ព្រះ​បន្ទូល​អំពី​ព្រះ​អង្គ​ទ្រង់​ផ្ទាល់ ហើយ​ព្រមព្រៀង​សេចក្ដី​ប្រាថ្នា​របស់​លោក​អ្នក​ជា​មួយ​នឹង​ព្រះ​អង្គ​ចុះ។

វា​គឺ​ជា​ការ​ដ៏​ងាយ​ស្រួល​ណាស់​ក្នុង​ការ​ដែល​យើង—ជា​ពិសេស​បន្ទាប់​ពី​ចំណាយ​ពេល​ជា​យូរ ហើយ​ហាក់​បី​ដូច​ជា​មិន​ឃើញ​ការ​បំផ្លាស់​បំប្រែ​ដួង​ចិត្ត​ក្នុង​ជីវិត​អស់​អ្នក​ដែល​យើង​កំពុង​តែ​អធិស្ឋាន​សម្រាប់​ពួក​គាត់—ចាប់​ផ្ដើម​មាន​មន្ទិល​សង្ស័យ​ថា ព្រះ​ជាម្ចាស់​ពិត​ជា​មិន​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​ជាមួយ​ពួក​គាត់ ហើយ​ថា​ការ​អធិស្ឋាន​របស់​យើង​មិន​មាន​ផលផ្លែ​អ្វី​នោះ​ទេ។ ប៉ុន្តែ ដាច់ខាត! យើង​ត្រូវ​តែ​រម្លឹក​ខ្លួន​ឯង​អំពី​សេចក្ដី​ពិត​ដែល​មាន​បើក​សម្ដែង​ឲ្យ​ឃើញ​ក្នុង​ដំណឹង​ល្អ​ដែល​ថា ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ក្នុង​ការ​សង្គ្រោះ!

នេះ​ឯង​ជា​មូល​ហេតុ​ដែល​សាវ័ក ប៉ុល លើក​ទឹក​ចិត្ត​អ្នក​ជឿ​ថា «ចូរ​ពោល​ពាក្យ​អរព្រះគុណ ពាក្យ​ទូល​សូម ពាក្យ​អធិស្ឋាន​នឹង​ពាក្យ​ទូល​អង្វរ​ឲ្យ​មនុស្ស​ទាំងអស់» ហើយ​បន្ទាប់​មក​បញ្ជាក់​អះអាង​ថា «ដ្បិត​យ៉ាង​នោះ​ទើប​បាន​ល្អ​ហើយ​គាប់​ព្រះ​ហឫទ័យ​ដល់​ព្រះ​ដ៏​ជា​ព្រះ​អង្គ​សង្គ្រោះ​នៃ​យើង​ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​មនុស្ស​ទាំង​អស់​បាន​សង្គ្រោះ ហើយ​ឲ្យ​បាន​ស្គាល់​សេចក្ដី​ពិត» (១ធីម៉ូថេ ២:១, ៣-៤)។ នេះ​ឯង​ជា​អ្វី​ដែល​យើង​ឃើញ​ក្នុង​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​ផ្ទាល់ «កាល​ទ្រង់​ឃើញ​ហ្វូង​មនុស្ស​ហើយ​នោះ​មាន​ព្រះ​ហឫទ័យ​ក្ដួល​អាណិត​ដល់​គេ ដ្បិត​គេ​ល្វើយ​ហើយ​ខ្ចាត់​ខ្ចាយ​ដូច​ហ្វូង​ចៀម​ដែល​ឥត​អ្នកគង្វាល» (ម៉ាថាយ ៩:៣៦)។ ហើយ​បន្ទាប់​មក​ព្រះ​អង្គ​បាន​លើក​ទឹក​ចិត្ត​ពួក​សិស្ស​របស់​ទ្រង់​ថា «ដូច្នេះ ចូរ​សូម​អង្វរ​ដល់​ព្រះ​អម្ចាស់​នៃ​ចម្រូត​ឲ្យ​ទ្រង់​ចាត់​អ្នក​ច្រូត​មក​ក្នុង​ចម្រូត​ទ្រង់» (ម៉ាថាយ ៩:៣៦-៣៨)។ យើង​ក៏​ឃើញ​យ៉ាង​ច្បាស់​អំពី​ភាព​ឆេះឆួល​នៃ​សេចក្ដី​ប្រាថ្នា​ដូចនោះ​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​សាវ័ក ប៉ុល សម្រាប់​អស់​អ្នក​ដែល​គាត់​ស្រឡាញ់​គឺ​ពួក​សាសន៍​យូដា «បំណង​ចិត្ត​ខ្ញុំ និង​សេចក្ដី​ដែល​ខ្ញុំ​អង្វរ​ដល់​ព្រះ​ឲ្យ​សាសន៍​អ៊‌ីស្រាអែល​នោះ​គឺ​ឲ្យ​គេ​បាន​សង្គ្រោះ» (រ៉ូម ១០:១)។

ព្រះ​ជាម្ចាស់​របស់​យើង​មាន​ពេញ​ទៅ​ដោយ​អធិបតេយ្យ​ភាព។ យើង​មិន​អាច​បង្ខាំង​ព្រះ​ហឫទ័យ​របស់​ទ្រង់​ឲ្យ​ចុះ​ចូល​នឹង​បំណង​ចិត្ត​របស់​យើង​បាន​ឡើយ។ ប៉ុន្តែ ព្រះ​អង្គ​គឺ​ជា​ព្រះសង្គ្រោះ​ដែល​មាន​ពេញ​ទៅ​ដោយ​អធិបតេយ្យ​ភាព ហើយ​យើង​អាច​ទុក​ចិត្ត​លើ​ព្រះ​អង្គ​ខណៈ​ពេល​ដែល​យើង​ធ្វើ​ឲ្យ​បំណង​ប្រាថ្នា​របស់​យើង​ព្រមព្រៀង​គ្នា​ជាមួយ​នឹង​ទ្រង់។

ចូរ​អធិស្ឋាន​ទូល​សូម​ឲ្យ​ព្រះ​អម្ចាស់​បើក​ទ្វា

ចូរ​អធិស្ឋាន​ទូល​សូម​ឲ្យ​មាន​ពេល​វេលា​ដែល​លោក​អ្នក​អាច​នឹង​និយាយ​ដោយ​បើក​ចំហ និង​យ៉ាង​ច្បាស់​លាស់​អំពី​ព្រះ​គ្រីស្ទ និង​ដំណឹង​ល្អ​ជា​មួយ​នឹង​អស់​អ្នក​ដែល​លោក​អ្នក​ស្រឡាញ់។

ប៉ុន្តែ ចូរ​អធិស្ឋាន​ទូល​សូម​ឲ្យ​ព្រះ​អង្គ​អនុញ្ញាត​ឲ្យ​លោក​អ្នក​ប្រើប្រាស់​ឱកាស​នានា​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​ឲ្យ​លោក​អ្នក​អាច​នាំ​ចូល​មក​នូវ​ការ​គិត​គូរ​តាម​បែប​ព្រះ​គម្ពីរ​យ៉ាង​សាមញ្ញ​ក្នុង​ការ​សន្ទនា​នានា ដោយ​មាន​ប្រាជ្ញា និង​ព្រះ​គុណ​ក្នុង​របៀប​ដែល​នឹង​បណ្ដាល​ឲ្យ​ពួក​គាត់​ឃើញ​សេចក្ដី​ពិត​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់។

ជា​រឿយៗ យើង​តែងតែ​មាន​ការ​ខក​ចិត្ត​នៅ​ពេល​ដែល​យើង​មើល​ទៅ​ហាក់បី​ដូច​ជា​មិន​មាន​ឱកាស​ច្រើន​ប៉ុន្មាន​សោះ ក្នុង​ការ​និយាយ​ជជែក​គ្នា​ដោយ​បើក​ចំហ​អំពី​ដំណឹង​ល្អ​ជាមួយ​នឹង​អស់​អ្នក​ដែល​យើង​ប្រាថ្នា​ចង់​ឃើញ​ពួក​គេ​ទទួល​ជឿ​លើ​ព្រះ​គ្រីស្ទ។ ប៉ុន្តែ បន្ទាប់​មក​ទៀត​យើង​ក៏​មាន​ការ​សោក​ស្ដាយ​ផង​ដែរ​នៅ​ពេល​ដែល​យើង​មិន​បាន​ឆក់​យក​ឱកាស​ពេល​មាន​ឱកាស​នោះ ឬ​ក៏​ថា​យើង​មិន​បាន​ពន្យល់​យ៉ាង​ក្បោះក្បាយ​បែប​អាច​យល់​បាន​ដោយ​ងាយ​ស្រួល​នៅ​ពេល​ដែល​យើង​មាន​ឱកាស​និយាយ​គ្នា។

សាវ័ក ប៉ុល បាន​សូម​ឲ្យ​ក្រុម​ជំនុំ​អធិស្ឋាន​ថា «ដើម្បី​ឲ្យ​ព្រះ​បាន​បើក​ទ្វារ​ឲ្យ​យើង​ខ្ញុំ​ផ្សាយ​ព្រះបន្ទូល​ជា​សេចក្ដី​អាថ៌កំបាំង​នៃ​ព្រះ​គ្រីស្ទ…ប្រយោជន៍​ឲ្យ​ខ្ញុំ​បាន​សម្ដែង​ព្រះបន្ទូល​តាម​ដែល​គួរ​គប្បី» (កូឡូស ៤:៣-៤)។ ដូច​គ្នា​ផង​ដែរ យើង​ក៏​ត្រូវ​ការ​អធិស្ឋាន​ទូល​សូម​ឲ្យ​មាន​ឱកាស​និយាយ ហើយ​និង​ឲ្យ​មាន​ការ​និយាយ​ឲ្យ​បាន​ច្បាស់​លាស់​ហើយ​យើង​ក៏​ត្រូវ​មាន​ចំណែក​ក្នុង​ចម្លើយ​នៃ​ការ​អធិស្ឋាន​របស់​យើង ក្នុង​ការ​និយាយ​ឲ្យ​ច្បាស់​អំពី​ដំណឹង​ល្អ​តាម​រយៈ​ការ​ដែល​យើង​ហ្វឹក​ហាត់​ខ្លួន​ឯង។ ដូច្នេះ ចូរ​អធិស្ឋាន​ទូល​ឲ្យ​ព្រះ​អម្ចាស់​ជួយ​លោក​អ្នក​ឲ្យ​មាន​សមត្ថ​ភាព​ក្នុង​ការ​នាំ​សារ​នៃ​សេចក្ដី​ពិត​ឲ្យ​ច្បាស់​ចុះ។

យើង​ក៏​ត្រូវ​ឆក់​យក​នូវ​រាល់​ឱកាស​ដែល​យើង​មាន ហើយ​ប្រើ​ប្រាស់​វា​ឲ្យ​បាន​ល្អ​ក្នុង​ការ​ដែល​យើង​និយាយ​អំពី​សេចក្ដី​ពិត​តាម​បែប​ព្រះ​គម្ពីរ​ក្នុង​ជីវិត មិន​មែន​គ្រាន់​តែ​នៅ​ពេល​ដែល​យើង​មាន​ឱកាស​បើក​ចំហ​យ៉ាង​ច្បាស់​លាស់​ក្នុង​ការ​ចែក​ចាយ​ដំណឹង​ល្អ​យ៉ាង​ពេញ​ទី​ប៉ុណ្ណោះទេ។ នេះ​ហើយ​ជា​មូល​ហេតុ​ដែល​សាវ័ក ប៉ុល បន្ត​និយាយ​ទៅ​កាន់​អស់​អ្នក​ជឿ​ក្នុង​ក្រុម​ជំនុំ​ថា «ចូរ​ប្រព្រឹត្ត​នឹង​ពួក​អ្នក​ក្រៅ​ដោយ​ប្រាជ្ញា​ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង ចូរ​ឲ្យ​ពាក្យ​សម្ដី​របស់​អ្នក​រាល់គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ​ជា​និច្ច​ទាំង​បង់​អំបិល​ផង ដើម្បី​ឲ្យ​ដឹង​ជា​បែប​យ៉ាង​ណា​ដែល​គួរ​ឆ្លើយ​ដល់​មនុស្ស​នីមួយៗ» (កូឡូស ៤:៥-៦)។

យើង​នឹង​មាន​ឱកាស​ជា​ច្រើន​ជា​មួយ​នឹង​ក្រុម​គ្រួសារ​របស់​យើង​ក្នុង​ការ​និយាយ​គ្នា​យ៉ាង​ច្បាស់​លាស់​ពេល​ដែល​យើង​សន្ទនា​ជាមួយ​គ្នា​ពេល​ហូប​បាយ នៅ​រដូវ​បុណ្យ​ណូអែល (ឬ​ក៏​បុណ្យ​អរ​ព្រះ​គុណ) ឬ​ក៏​ពេល​គ្រួសារ​ដើរ​ហាត់​ប្រាណ ឬ​មួយ​ក៏​ពេល​និយាយ​ជជែក​គ្នា​លេង​អំពី​ដំណឹង​ទាន់​ហេតុការណ៍។ រាល់​ពាក្យពេចន៍​នៃ​ការ​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ពិត​របស់​ព្រះ​ជាម្ចាស់​គឺជា​ការ​ព្រោះ​គ្រាប់ ហើយ​យើង​ក៏​អាច​អធិស្ឋាន​ទូល​សូម​ឲ្យ​មាន​ការ​សាប​ព្រោះ​មួយ​ចំនួន​នោះ​ដុះ​ឫស​ដែរ ហើយ​ចាប់​ផ្ដើម​បណ្ដាល​ឲ្យ​អស់​អ្នក​ដែល​លោក​អ្នក​ស្រឡាញ់​មាន​ការ​គិត​គូរ។ ចូរ​កុំ​មាន​ការ​បាក់​ទឹក​ចិត្ត​ឡើយ ប្រសិន​បើ​វា​ហាក់​បី​ដូចជា​មិន​កើត​ឡើង—លោក​អ្នក​ទំនង​ជា​បុគ្គល​ចុង​ក្រោយ​គេ​បង្អស់​ដែល​នឹង​ដឹង​អំពី​ការ​នោះ! ប៉ុន្តែ ព្រះបន្ទូល​របស់​ព្រះ​ជាម្ចាស់​នឹង​មិន​ដែល​ត្រឡប់​មក​រក​ទ្រង់​វិញ​ដោយ​ឥត​ប្រយោជន៍​ឡើយ។ វា​កំពុង​តែ​ធ្វើ​ការ​សម្រេច​នូវ​គោល​បំណង​នានា​របស់​ព្រះ​អង្គ ទោះ​បើ​យើង​មិន​អាច​មើល​ឃើញ ឬ​ក៏​មិន​ទទួល​ស្គាល់​ក៏​ដោយ។

ចូរ​អធិស្ឋាន​ទូល​សូម​ឲ្យ​មាន​ការ​ទំនាក់​ទំនង​គ្នា ដែល​មិន​មាន​ប្រើ​ប្រាស់​ពាក្យ​ពេចន៍

ចូរ​អធិស្ឋាន​ទូល​សូម​ឲ្យ​លោក​អ្នក​អាច​និយាយ​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ​ទៅ​កាន់​គ្រួសារ​តាមរយៈ​ការ​ដែល​អ្នក​រាល់​គ្នា​គោរព និង​ប្រព្រឹត្ត​ដោយ​បរិសុទ្ធ​ដែល​គេ​នឹង​ឃើញ កត់​សម្គាល់ ហើយនិង​សញ្ជឹង​គិត​ក្នុង​ចិត្ត ដែល​ជា​ទូទៅ​លើស​ពី​ពាក្យ​ពេចន៍​ដែល​លោក​អ្នក​អាច​នឹង​និយាយ​បាន​ទៅ​ទៀត។

ជា​រឿយៗ អស់​អ្នក​ដែល​យើង​ស្និទ្ធ​ស្នាល​ជាង​គេ​បង្អស់​គឺ​ជា​អស់​អ្នក​ដែល​យើង​នឹង​មាន​ការ​ពិបាក​ជាង​គេ​ក្នុង​ការ​ឲ្យ​យើង​ជជែក​គ្នា​យ៉ាង​បើក​ចំហ​អំពី​ដំណឹង​ល្អ។ មាន​មូល​ហេតុ​ជា​ច្រើន​ទាក់​ទង​នឹង​ការ​នេះ ដែល​នេះ​មិនទាន់​ទាំង​បាន​រាប់​បញ្ចូល​ភាព​ស្មុគ​ស្មាញ​នៃ​ការ​ថ្លឹង​ថ្លែង​ការ​គោរព និង​ទំនួល​ខុស​ត្រូវ​ដែល​ទំនាក់​ទំនង​រវាង​វ័យ​ខុសៗគ្នា​ក្នុង​គ្រួសារ​នាំ​ឲ្យ​មាន​ដែរ។ ប៉ុន្តែ ចំពោះ​អស់​អ្នក​ណា​ដែល​ស្និទ្ធ​ស្នាល​ខ្លាំង​ជា​មួយ​នឹង​យើង​ពួកគាត់​ក៏​ស្គាល់​យើង​ច្បាស់​ដែរ ហើយ​យើង​ក៏​មិនអាច​ពួន​ពី​ពួក​គាត់​បាន​ដែរ។ ពួក​គាត់​នឹង​ថ្លឹង​ថ្លែង​ជំនឿ​ដែល​យើង​កំពុង​ព្យាយាម​ចែក​ចាយ​ជាមួយ​ពួក​គាត់​ដោយ​ឥត​ឈប់ឈរ​ជាមួយ​នឹង​លក្ខណ​សម្បត្តិ​ដែល​យើង​បង្ហាញ​ទៅកាន់​ពួក​គាត់។ ដូច្នេះ យើង​ត្រូវ​តែ​អធិស្ឋាន​ទូល​សូម​ឲ្យ​មាន​ព្រះ​គុណ ក្នុង​ការ​បង្ហាញ​ជីវិត​ដ៏​ពិត ក្នុង​ជីវិត​ដែល​ទាក់ទាញ​មាន​លក្ខណ​ដូចជា​ព្រះ​គ្រីស្ទ​ទាំង​មូល—ជីវិត​ដែល​រស់​នៅ​ក្នុង​សេចក្ដី​ពិត​នឹង​ប្រកាស​យ៉ាង​ឮៗ​អំពី​ដំណឹង​ល្អ​ដែល​យើង​ជឿ​អម​ជា​មួយ​នឹង​សេចក្ដី​ពិត​ដែល​យើង​សង្ឃឹម​ថា​ក៏​នឹង​ប្រកាស​ចែកចាយ​ជាមួយ​នឹង​ពួក​គាត់​ដែរ។

នេះ​ឯង​គឺ​ជា​អ្វី​ដែល​សាវ័ក ពេត្រុស កំពុង​មាន​ប្រសាសន៍​អំពី នៅ​ក្នុង​កណ្ឌ​គម្ពីរ ១ពេត្រុស ៣:១-២ ដែល​ត្រង់​នោះ​គាត់​បាន​លើក​ឡើង​ថា សូម្បី​តែ​ប្ដី​ដែល​មិន​មែន​ជា​អ្នក​ជឿ​ហើយ​ក៏​ទាស់​ប្រឆាំង «នោះ​ប្រពន្ធ​នឹង​ទាញ​ចិត្ត​មក​បាន​ដោយ​សារ​កិរិយា​ល្អ​ក្រៅ​ពី​ព្រះបន្ទូល​ដោយ​អ្នក​នោះ​ឃើញ​កិរិយា​បរិសុទ្ធ​ដែល​ប្រពន្ធ​ប្រព្រឹត្ត​យ៉ាង​កោត​ខ្លាច​ដល់​ព្រះ»។ ត្រង់​នេះ​យើង​ខ្ញុំ​យល់​ឃើញ​ថា ទោះ​បើ​ក្នុង​ភាព​លម្អិត​នៃ​កាលៈទេសៈ​នោះ គាត់​កំពុង​តែ​និយាយ​សំដៅ​ទៅ​លើ​ប្រពន្ធ​ដែល​ផ្សាយ​ដំណឹង​ល្អ​ទៅ​កាន់​ប្ដី ក៏​លក្ខណ​ផ្ទុយ​គ្នា​ចំពោះ​ប្រពន្ធ​ដែល​មិនទាន់​ជឿ​អាច​កើត​ឡើង​បាន​ដែរ (នៅ​ក្នុង​បរិបទ​នៃ​បទ​គម្ពីរ​មួយ​នេះ​ក៏​មាន​ថ្នាក់​ពាក្យ​អធិបញ្ជា «បែប​ដូច្នោះ​ដែរ» (ខ១) ទៅ​កាន់​ប្តី​ដែល​ជា​គ្រីស្ទបរិស័ទ​អំពី​អាកប្បកិរិយា​របស់​ពួក​គេ​ថា វា​សំខាន់​ណាស់) ហើយ​ដូចគ្នា​ផង​ដែរ យើង​ក៏​អាច​យក​ចំណុច​នេះ​ទៅ​អនុវត្ត​ជាមួយ​នឹង​សាច់ញាតិ​ស្និទ្ធស្នាល​របស់​យើង​បាន​ទៀត​ផង។

ប្រាកដ​ណាស់! នេះ​មិន​មែន​ជា​លេស​នៃ​ការ​គេចវេស​ចេញ​ពី​ការ​និយាយ​ឲ្យ​ច្បាស់—ឬ​ក៏​ក្លាហាន—ទៅ​កាន់​ក្រុម​គ្រួសារ​របស់​យើង​អំពី​ដំណឹង​ល្អ (ដូច​ដែល​មាន​លើក​ឡើង​នៅ​ខាង​លើ)។ ប៉ុន្តែ វា​ជា​ការ​រម្លឹក​ថា តាម​ពិត​ទៅ​យើង​កំពុង​និយាយ​ទៅ​កាន់​ពួក​គាត់​រាល់​គ្រប់​វេលា ទោះ​បី​ថា​យើង​ពេញ​ចិត្ត ឬ​ក៏​មិន​ពេញ​ចិត្ត​ក្នុង​ទំនាក់​ទំនង​ដែល​មិន​ប្រើ​ប្រាស់​ពាក្យ​ពេចន៍—ដែល​ការ​នោះ​អាច​មាន​លទ្ធផល​ពីរ៖ ១) ពួក​គាត់​មាន​ការ​ទន់​ចិត្ត ហើយ​ចង់​ស្វាគមន៍​ទទួល​យក​សារ​នៃ​ព្រះ​គ្រីស្ទ ឬ​ក៏ ២) (សូម​ព្រះ​ជាម្ចាស់​កុំ​អនុញ្ញាត​ឲ្យ​ការ​នេះ​កើត​ឡើង) ពួក​គាត់​នឹង​បែរ​ចេញ​ពី​ព្រះ​គ្រីស្ទ ពីព្រោះ​យើង​ក្នុង​នាម​ជា​ទូត​របស់​ទ្រង់​ក្នុង​គ្រួសារ​មួយ​នេះ​គឺ​កំពុង​តែ​បង្ហាញ​អំពី​ស្ដេច​របស់​យើង និង​នគរ​របស់​ទ្រង់​ក្នុង​លក្ខណ​ខុស​ឆ្គង​ឬ​ក្នុង​ពន្លឺ​ងងឹត។

ដូច្នេះ ដាច់​ខាត! យើង​ត្រូវ​តែ​អធិស្ឋាន​ទូល​សូម​ជំនួយ​ក្នុង​ការ​រស់​នៅ​ដោយ​បង្ហាញ​សេចក្ដី​ពិត​ឲ្យ​ច្បាស់​លាស់ និង​ទៀង​ទាត់​ចំពោះ​អស់​អ្នក​ដែល​យើង​ស្រឡាញ់ ដើម្បី​ឲ្យ​ពួក​គាត់​ឃើញ​គ្រីស្ទ​សាសនា​ផ្ទាល់​នឹង​ភ្នែក។

ចូរ​អធិស្ឋាន​ទូល​សូម​ឲ្យ​ព្រះ​អម្ចាស់​ប្រើ​ប្រាស់​គ្រប់​ពេល​វេលា

ចូរ​អធិស្ឋាន​ទូល​សូម​ឲ្យ​ព្រះ​អម្ចាស់​ប្រើ​ប្រាស់ សូម្បី​តែ​ក្នុង​ពេល​ឈឺ​ថ្កាត់ និង​នៅ​ពេល​មាន​អ្នក​ជិត​ស្និទ្ធ​ស្លាប់​ចោល​ក្នុង​គ្រួសារ ឲ្យ​ព្រះ​អង្គ​ដាស់​តឿន​ដល់​អស់​អ្នក​ដែល​លោក​អ្នក​ស្រឡាញ់​ឲ្យ​ឃើញ​អំពី​ធាតុ​ពិត​ចុង​ក្រោយ។

ជា​ទូទៅ ពេលវេលា​កាន់​ទុក្ខ (ក៏​ដូចជា​ពេលវេលា​អបអរ​សាទរ) គឺ​ជា​ពេល​ដែល​នាំ​ក្រុម​គ្រួសារ​ឲ្យ​មាន​ការ​ជួប​ជុំ​គ្នា ខណៈ​ពេល​ដែល​ជា​ធម្មតា​ពួក​គាត់​រស់​នៅ​ខេត្ត​ខុសៗ​គ្នា ឬ​ក៏​រស់​នៅ​ក្រៅ​ប្រទេស​ក្ដី។ ពេល​ដែល​បុគ្គល​ណា​ម្នាក់​ស្លាប់​ក្នុង​គ្រួសារ​ពិធី​បុណ្យ​នឹង​នាំ​ឲ្យ​មាន​ការ​ជួប​ជុំ​គ្នា ប៉ុន្តែ​ដូចគ្នា​ផង​ដែរ​ការ​ពិនិត្យ​ឃើញ​ជំងឺ​ដ៏​ធ្ងន់ធ្ងរ​ក៏​នឹង​នាំ​ឲ្យ​ការ​ទំនាក់​ទំនង​គ្នា​បែប​រហ័សរហួន ខណៈ​ពេល​ដែល​គាត់​ចែក​ចាយ​ដំណឹង និង​និយាយ​គ្នា​អំពី​ដំណឹង​នោះ។

ក្នុង​ការ​គ្រប់​គ្រង​ដែល​មាន​ពេញ​ទៅ​ដោយ​ព្រះគុណ​របស់​ព្រះ​ជាម្ចាស់ ពេល​វេលា​ពិបាកៗ​បែប​នេះ​នៃ​វិបត្តិ​គ្រួសារ​អាច​ក្លាយ​ជា​ឱកាស​ដែល​មិន​សូវ​កើន​ឡើង​ពេល​ដែល​ធាតុ​ពិត​ដែល​មិន​អាច​ចៀស​ផុត​បាន​ពី​ភាព​ទន់​ខ្សោយ​ដែល​នាំ​ឲ្យ​មាន​ការ​ស្លាប់​ឈាន​ចូល​សតិ​អសម្បជញ្ញ​របស់​អស់​អ្នក​ដែល​ជា​ទូ​ទៅ​ពួក​បាន​បង្ខាំង​យ៉ាង​ជោគជ័យ​នូវ​ចំណុច​ទាំង​អស់​នោះ​ចោល។ ប្រាកដ​ណាស់! ដាច់ខាត​យើង​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​យ៉ាង​ខ្លាំង​ក្នុង​របៀប​ដែល​យើង​ឆ្លើយ​តប និង​អ្វី​ដែល​យើង​យក​មក​និយាយ​ក្នុង​កាលៈទេសៈ​បែប​នោះ។ ដាច់​ខាត! យើង​មិន​ត្រូវ​កេង​ប្រវ័ញ្ច​ការ​កាន់​ទុក្ខ ឬ​ក៏​ការ​រង​ទុក្ខ​ក្នុង​របៀប​ដែល​គ្មាន​ក្ដី​មេត្តា​ករុណា ឬ​ក៏​ក្នុង​ភាព​ល្ងង់​ខ្លៅ—ដូច​ដែល​គ្រីស្ទ​បរិស័ទ​មួយ​ចំនួន​បាន​ធ្វើ—តាម​រយៈ​ការ​ជ្រើស​រើស​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ឲ្យ​ប្រាកដ​ថា) ឧទាហរណ៍៖ ពាក្យ​ពេចន៍​ដែល​លើក​មក​និយាយ​នៅ​ឯ​ពិធី​បុណ្យ​នឹង​ផ្ដល់​ជូន​ការ​ប្រកាស​អំពី​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ​ក្នុង​ការ​បបួល និង​ការ​ធ្វើ​ទី​បន្ទាល់។

ហើយ​យើង​ក៏​គួរ​អធិស្ឋាន​ថា—បន្ទរ​ការ​អធិស្ឋាន​របស់​លោក ម៉ូសេ—ទោះ​បើ​មាន​ប្រភេទ​វិបត្តិ​ណា​ក៏​ដោយ ក៏​នៅ​តែ​ឲ្យ​អស់​អ្នក​ដែល​យើង​ស្រឡាញ់​ប្រឈម​មុខ​នឹង​ធាតុ​ពិត​ដ៏​អស់​កល្ប​ជានិច្ច ដែល​មិនអាច​គេចវេស​បាន ហើយ​រៀន​កំណត់​ថ្ងៃ​ខែ​ជីវិត​ខ្លួន និង​ឲ្យ​មាន​ដួង​ចិត្ត​នៃ​ការ​ស្រឡាញ់​ប្រាជ្ញា៖

ទំនុកតម្កើង ៩០:៩-១២៖

៩ ដ្បិត​អស់​ទាំង​ថ្ងៃ​អាយុ​របស់​យើង​ខ្ញុំ​បាន​កន្លង​បាត់​ទៅ ដោយ​សេចក្ដី​ក្រោធ​នៃ​ទ្រង់ យើង​ខ្ញុំ​បង្ហើយ​អាយុ​យើង​ខ្ញុំ​ដូច​ជា​សូរ​ថ្ងូរ

១០ កំណត់​អាយុ​នៃ​យើង​ខ្ញុំ គឺ​បាន​ត្រឹម ៧០ ឆ្នាំ​ទេ ឬ​មាន​កម្លាំង​ច្រើន នោះ​បាន​ដល់ ៨០ ឆ្នាំ​ប៉ុណ្ណោះ គង់​តែ​អ្វីៗ​ដែល​ជា​ទី​អួត​ក្នុង​ឆ្នាំ​ទាំង​នោះ សុទ្ធ​តែ​ជា​ការ​នឿយ​លំបាក នឹង​សេចក្ដី​ទុក្ខ​ព្រួយ​ទទេ ដ្បិត​អាយុ​យើង​ខ្ញុំ​ឆាប់​កន្លង​ទៅ ហើយ​យើង​ខ្ញុំ​ហើរ​ទៅ​បាត់

១១ តើ​មាន​អ្នក​ណា​ដែល​ស្គាល់​អំណាច​នៃ​សេចក្ដី​ខ្ញាល់ នឹង​សេចក្ដី​ក្រោធ​របស់​ទ្រង់ តាម​ដែល​គួរ​កោត​ខ្លាច​ដល់​ទ្រង់​នោះ

១២ ដូច្នេះ សូម​បង្រៀន​ឲ្យ​យើង​ខ្ញុំ​ចេះ​កំណត់​រាប់​ថ្ងៃ​អាយុ​នៃ​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​ខ្មីឃ្មាត ឲ្យ​បាន​សតិ​បញ្ញា។

ចូរ​អធិស្ឋាន​ទូល​សូម​ឲ្យ​មាន​ការ​តស៊ូ

នៅ​ពេល​ដែល​សមាជិក​គ្រួសារ​បាន​ឃ្លាត​ចេញ​ពី​ព្រះ​អម្ចាស់ ចូរ​ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ប្រទាន​ដល់​លោក​អ្នក​នូវ​ដួង​ចិត្ត​ដែល​ចេះ​តស៊ូ​យ៉ាង​ស្មោះ​ត្រង់ ហើយ​ឲ្យ​ប្រទាន​ការ​ស្រឡាញ់​ថ្នាក់​ថ្នម ដើម្បី​ឲ្យ​លោក​អ្នក​អាច​ក្លាយ​ជា​ឧបករណ៍​នៃ​ព្រះគុណ​ទ្រង់​ដែល​ស្ដារ​ឡើង​វិញ។

ការ​សោក​ស្ដាយ​ដ៏​ខ្លាំង​បំផុត​ក្នុង​គ្រួសារ​គ្រីស្ទ​បរិស័ទ​ណា​មួយ​នោះ​គឺ​ថា ពេល​ដែល​បុគ្គល​ណា​ម្នាក់​ក្នុង​គ្រួសារ​នោះ—មិន​ដឹង​ថា មក​ពី​មូល​ហេតុ​អ្វី—គាត់​បាន​ឃ្លាត​ចេញ​ពី​ព្រះ​អម្ចាស់ ហើយ​កំពុង​រស់​នៅ​ក្នុង​ជីវិត​ដែល​យើង​ដឹង​ថា​ធ្វើ​ឲ្យ​ព្រះ​អង្គ​ព្រួយ​ព្រះទ័យ ហើយ​ក៏​ធ្វើ​ឲ្យ​យើង​ឈឺចាប់​ផង​ដែរ។ ជា​ទូ​ទៅ​សព្វ​ថ្ងៃនេះ—ជា​ពិសេស​ទំនង​បើ​វា​ទាក់ទង​ទៅ​នឹង​កូន​ប្រុស ឬ​ក៏​កូន​ស្រី ឬ​ក៏​បងប្អូន​សាច់ញាតិ​ក្មេង​ណា​ម្នាក់​ផ្សេង​ទៀត—វា​ទំនង​ជា​ពាក់​ព័ន្ធ​នឹង​ទំនាក់​ទំនង​ខាង​ឯ​ផ្លូវ​ភេទ​ដែល​ទាស់​ប្រឆាំង​នឹង​ព្រះ​គម្ពីរ ដែល​ការ​នោះ​អាច​ក្លាយ​ជា​នុយ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ការ​ទាក់ទាញ​ឲ្យ​ដើរ​ចេញ​ពី​គន្លង​ផ្លូវ​នៃ​សេចក្ដី​សង្គ្រោះ។

ប៉ុន្តែ សូម្បី​តែ​ពេល​ដែល​អស់​អ្នក​ដែល​យើង​ស្រឡាញ់​កំពុង​តែ​លង់​ក្នុង​អន្ទាក់​នៃ​អំពើ​បាប​ដ៏​អាក្រក់​បែប​នោះ ហើយ​ក៏​កំពុង​តែ​រស់​នៅ​ដោយ​មិន​ស្ដាប់​បង្គាប់ ក៏​ព្រះ​ជាម្ចាស់​អាច​នៅ​ប្រើ​ប្រាស់​សេចក្ដី​អធិស្ឋាន និង​ទង្វើ​របស់​យើង​ជា​យាន​នៃ​ការ​នាំ​ឲ្យ​មាន​ការ​ស្ដារ​ឡើង​វិញ​ផង​ដែរ។ ដូច្នេះ យើង​គួរ​អធិស្ឋាន​បែប​ដូច​នោះ​ដូច​ដែល​សាវ័ក ប៉ុល បាន​ធ្វើ​ក្នុង​កាលៈទេសៈ​ដូច​នោះ​នៅ​ឯ​ក្រុម​ជំនុំ​កូរិនថូស៖ «តែ​យើង​ខ្ញុំ​អធិស្ឋាន​សូម​សេចក្ដី​នេះ​ទៀត​គឺ​ឲ្យ​ពួក​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍​ទាំង​អស់​គ្នា» (២កូរិនថូស ១៣:៩)។ ប៉ុន្តែ ដាច់​ខាត​យើង​ក៏​ត្រូវ​ទទួល​ស្គាល់​អំពី​ចំណុច​នេះ—ស្រប​គ្នា​នឹង​ភក្ដី​ភាព​នៃ​ការ​អធិស្ឋាន​របស់​យើង​សម្រាប់​ពួក​គាត់—អត្តចរិត​របស់​យើង​ផ្ទាល់​ទៅ​កាន់​ពួក​គេ​តម្រូវ​ឲ្យ​មាន​ប្រាជ្ញា និង​ព្រះ​គុណ​យ៉ាង​ខ្លាំង។ ដូច្នេះ យើង​ក៏​ចាំ​បាច់​ត្រូវ​តែ​អធិស្ឋាន​ឲ្យ​ខ្លាំង​សម្រាប់​ខ្លួន​ឯង ដូច​ដែល​យើង​អធិស្ឋាន​សម្រាប់​អស់​អ្នក​ដែល​យើង​ស្រឡាញ់​ផង​ដែរ៖ «ឱ! បងប្អូន​អើយ! បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី​នោះ អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​វិញ្ញាណ​ចូរ​តម្រង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព ព្រម​ទាំង​ប្រយ័ត្ន​ខ្លួន​ឯង​ផង​ក្រែង​ត្រូវ​សេចក្ដី​ល្បួង​ដែរ ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​នោះ​ទើប​បាន​សម្រេច​តាម​ក្រឹត្យ​វិន័យ​នៃ​ព្រះ​គ្រីស្ទ» (កាឡាទី ៦:១-២)។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចូរ​នៅ​បន្ត​អធិស្ឋាន

នៅ​ពេល​ដែល​លោក​អ្នក​មិន​ដឹង​ថា គួរ​អធិស្ឋាន​អំពី​អ្វី​ឲ្យ​ចំៗ ចូរ​ចង​ចាំ​ថា​ព្រះ​អម្ចាស់​នៅ​ជ្រាប​អំពី​អ្វី​ដែល​មាន​នៅ​ក្នុង​ដួងចិត្ត​របស់​លោក​អ្នក ដូច្នេះ​ទោះ​ជា​យ៉ាង​ណា​ក្ដី​ចូរ​បន្ត​អធិស្ឋាន​ចុះ!

ជា​រឿយៗ​យើង​តែងតែ​ឃើញ​ខ្លួន​ឯង​ថា​ជាប់​នៅ​ក្នុង​កាលៈទេសៈ​ដែល​យើង​មិន​ដឹង​ពី​ចំណុច​យ៉ាង​ចំៗ​អំពី​អ្វី​ដែល​យើង​គួរ​អធិស្ឋាន​សម្រាប់​អស់​អ្នក​ដែល​យើង​ស្រឡាញ់ និង​បារម្ភ​អំពី។ វា​ជា​ការ​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ខ្លាំង​ណាស់​ក្នុង​ការ​មាន​ទំនុកចិត្ត​ត្រង់​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​ផ្ទាល់​ឈរ​យាម​ចាំ​ក្នុង​ការ​ជួយ​យើង ហើយ​ពេល​ដែល​យើង​កំពុង​តែ​វង្វេង «ព្រះ​វិញ្ញាណ​ទ្រង់​ក៏​ជួយ​សេចក្ដី​កម្សោយ​របស់​យើង​បែប​ដូច្នោះ​ដែរ ដ្បិត​យើង​មិន​ដឹង​ជា​គួរ​អធិស្ឋាន​សូម​អ្វី​ទេ តែ​ព្រះ​វិញ្ញាណ​ទ្រង់​ជួយ​អង្វរ​ជំនួស​យើង​ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន​វិញ»។ នៅ​ពេល​ដែល​យើង​មិន​មាន​លទ្ធភាព​ក្នុង​ការ​អធិស្ឋាន​ដូច​ដែល​យើង​គួរ​អធិស្ឋាន​នោះ​ព្រះ​អង្គ «ជួយ​អង្វរ​ជួស​ពួក​បរិសុទ្ធ​ឲ្យ​ត្រូវ​នឹង​ព្រះ​ហឫទ័យ​ព្រះ» (រ៉ូម ៨:២៦-២៧)។

ហេតុ​នេះ​ហើយ​បាន​ជា​ទោះ​បើ​យើង​មិន​បាន​ធ្វើ​សុភ​វិនិច្ឆ័យ​យ៉ាង​ត្រឹម​ត្រូវ​ក៏​យើង​នៅ​អាច​អធិស្ឋាន​សម្រាប់​ចំណុច​ដ៏​មិន​ត្រឹម​ត្រូវ​នោះ​យ៉ាង​ចំៗ​ដែរ ពេល​ដែល​ដួង​ចិត្ត​របស់​យើង​ត្រឹមត្រូវ​នោះ​ព្រះ​វិញ្ញាណ​របស់​ព្រះ​ជាម្ចាស់​នឹង​បក​ប្រែ​សេចក្ដី​អធិស្ឋាន​របស់​យើង​ក្នុង​ការ​បញ្ជូន ក្នុង​លក្ខណ​ដែល​យើង​ទូល​សូម ដើម្បី​ឲ្យ​ព្រះ​ជាម្ចាស់​អាច​ព្រះ​សណ្ដាប់​ឮ​នូវ​អ្វី​ដែល​យើង​អធិស្ឋាន​ដូច​ដែល​យើង​គួរ​តែ​អធិស្ឋាន ប្រសិន​បើ​យើង​បាន​ស្គាល់​អំពី​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់​យ៉ាង​ល្អ​ប្រសើរ—ទោះ​បើ​យើង​បាន​អធិស្ឋាន​ទូល​សូម​នូវ​លទ្ធផល​យ៉ាង​ចំៗ​ដែល​ផ្ទុយ​ពី​នោះ​ក៏​ដោយ។

ឧទាហរណ៍៖ ទំនង​ជា​យើង​បាន​អធិស្ឋាន​យ៉ាង​ខ្លាំង​សម្រាប់​អស់​អ្នក​ដែល​យើង​ស្រឡាញ់​ឲ្យ​រើ​ទី​លំនៅ​ទៅ​នៅ​កន្លែង​ជាក់លាក់​ណា​ផ្សេង​ទៀត ដើម្បី​ឲ្យ​គាត់​កាន់​តែ​អាច​មក​នៅ​ម្ដុំ​ដែល​ក្រុម​ជំនុំ​អាច​ឈោង​ចាប់​គាត់​បាន ប៉ុន្តែ​នៅ​ចុង​បញ្ចប់​ពួក​គាត់​បែរ​ជា​រើ​ទៅ​នៅ​កន្លែង​ណា​ផ្សេង​​វិញ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​នៅ​ក្នុង​ទី​កន្លែង​មួយ​ផ្សេង​នោះ ដែល​យើង​គិត​ថា​មិន​សូវ​ជា​មាន​ក្ដី​សង្ឃឹម​នៅ​សល់​ទេ ក៏​ព្រះ​អម្ចាស់​បែរ​ជា​នាំ​ឲ្យ​ពួក​គាត់​ខ្វែង​ផ្លូវ​ជាមួយ​នឹង​គ្រីស្ទ​បរិស័ទ​ណា​ម្នាក់​ទៀត​ឲ្យ​ចូល​ក្នុង​ជីវិត​របស់​ពួក​គាត់ ហើយ​បាន​នាំ​ពួក​គាត់​ឲ្យ​មាន​ជំនឿ​ក្នុង​ព្រះ​គ្រីស្ទ ឬ​ក៏​ថា​បាន​នាំ​ពួក​គាត់​ឲ្យ​ដើរ​ចេញ​ពី​ផ្លូវ​វង្វេង​របស់​ខ្លួន—ដែល​ក្នុង​របៀប​មួយ​នោះ​គឺ​ជា​ការ​ឆ្លើយ​តប​ដ៏​អស្ចារ្យ​ចំពោះ​សេចក្ដី​អធិស្ឋាន​របស់​យើង ទោះ​បើ​តាម​ពិត​ទៅ​យើង​កំពុង​អធិស្ឋាន​ឲ្យ​ពួក​គាត់​រើ​ទី​លំនៅ​ផ្ទុយ​ពី​កន្លែង​ដែល​គាត់​បាន​រើ​ទៅ​ក៏​ដោយ!

យើង​អាច​ឃើញ​ពី​គំរូ​ដ៏​អស្ចារ្យ​មួយ​នេះ​ក្នុង​ការ​ដែល​ស្ដេច ដាវីឌ បាន​ប្រាថ្នា​ចង់​សាងសង់​ព្រះវិហារ​របស់​ព្រះ​អម្ចាស់​ដែល​ព្រះ​ជាម្ចាស់​បាន​ឆ្លើយ​តប​នឹង​សំណូម​ពរ​ដ៏​ចំៗ​មួយ​នោះ​ថា «អត់​ទេ!» ពោល​គឺ​មិន​មែន​ឲ្យ​ស្ដេច ដាវីឌ ធ្វើ​ជា​អ្នក​សាងសង់​នោះ​ឡើយ ប៉ុន្តែ​ឲ្យ​ស្ដេច សាឡូម៉ូន ជា​បុត្រា​របស់​ទ្រង់​វិញ។ ប៉ុន្តែ (ជា​យូរ​ឆ្នាំ​ក្រោយ​មក) ស្ដេច សាឡូម៉ូន បាន​ប្រកាស​ខណៈ​ពេល​ដែល​ទ្រង់​ថ្វាយ​ព្រះវិហារ​ដែល​ទ្រង់​បាន​សង់​ផ្ទាល់ «តែ​ព្រះយេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ដាវីឌ​ជា​បិតា​យើង​ថា​ដែល​ឯង​មាន​ចិត្ត​ចង់​ស្អាង​វិហារ​សម្រាប់​ឈ្មោះ​អញ នោះ​បាន​ល្អ​ហើយ​ដោយ​ឯង​មាន​បំណង​ចិត្ត​ដូច្នោះ» (១ពង្សាវតារក្សត្រ ៨:១៨)។

ដូច​ដែល​លោក​គ្រូ ស៊ី. អេស. លូវ៉ីស (C. S. Lewis) បាន​លើក​ឡើង​នៅ​ក្នុង​កូន​សៀវភៅ​របស់​គាត់​ដែល​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា That Hideous Strength «នេះ​ឯង​ជា​រង្វាន់​ចេញ​ពី​ជម្រៅ​ស្ថានសួគ៌៖ នៅ​ពេល​ដែល​លោក​អ្នក​មាន​បំណង​ចិត្ត​ចង់​បាន​ល្អ ព្រះ​អង្គ​តែង​តែ​កាត់​ស្រាយ​ថា លោក​អ្នក​មាន​បំណង​ចិត្ត​ល្អ​ប្រសើរ​ខ្លាំង​ជាង​លោក​អ្នក​ដឹង​ទៅ​ទៀត»។ ព្រះ​ជាម្ចាស់​របស់​យើង​មាន​ព្រះទ័យ​សប្បុរស ហើយ​មាន​ចិត្ត​ទូលាយ​យ៉ាង​ខ្លាំង​មហិមា៖ ព្រះ​អង្គ​ព្រះ​សណ្ដាប់​ឮ​នូវ​រាល់​សម្រែក​យំ​នៃ​ដួង​ចិត្ត​របស់​យើង ហើយ​សូម្បី​តែ​ពេល​ដែល​យើង​ទូល​សូម​នូវ​អ្វី​ដែល​មិន​ត្រឹម​ត្រូវ​ក៏​ដោយ ក៏​ព្រះ​អង្គ​នៅ​ឆ្លើយ​តប​មក​កាន់​យើង​ដោយ​ផ្ដល់​នូវ​អ្វី​ដែល​ត្រឹម​ត្រូវ​វិញ «ហួស​សន្ធឹក​លើស​ជាង​អស់​ទាំង​សេចក្ដី​ដែល​យើង​សូម​ឬ​គិត» (អេភេសូរ ៣:២០)។

និពន្ធ​ដោយ៖ លោក​គ្រូ William Philip
បកប្រែដោយ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង និងកញ្ញា អឿន ម៉ូនីកា
ដកស្រង់ខ្លះៗចេញពី www.crossway.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។

Loading…

0

ព្រះ​គម្ពីរ​គឺ​ល្មម​គ្រប់​គ្រាន់

ព្រះ​ជាម្ចាស់​គឺ​ជា​អ្នក​គង្វាល​ខ្ញុំ