in

«កណ្ឌ​គម្ពីរ​ស្បូវ»៖ ការ​ស្វែង​យល់​អំពី​លោក​គ្រូ លូសើរ និង​កណ្ឌ​គម្ពីរ​យ៉ាកុប

សេចក្តី​សង្ខេប

មាន​មនុស្ស​ជា​ច្រើន​នាក់​ជឿ​ថា លោក​គ្រូ ម៉ធិន លូសើរ (Martin Luther) ចង់​ដក​កណ្ឌ​គម្ពីរ​យ៉ាកុប​ចេញ​ពី​ព្រះ​គម្ពីរ ព្រោះ​គាត់​បាន​ហៅ​កណ្ឌ​គម្ពីរ​មួយ​នេះ​ថា «កណ្ឌ​គម្ពីរ​ស្បូវ»។ ហើយ​គេ​បាន​ចោទ​ប្រកាន់​ថា គាត់​បាន​ធ្វើ​ដូច​នេះ តាម​តែ​ការ​នឹក​ឃើញ​របស់​គាត់។ ជា​បឋម ក្នុង​អត្ថបទ​នេះ យើង​ខ្ញុំ​ព្យាយាម​បង្ហាញ​ថា លោក​គ្រូ លូសើរ ចង់​ឲ្យ​កណ្ឌ​គម្ពីរ​យ៉ាកុប បន្ត​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ហើយ​គាត់​មិន​បាន​ធ្វើ​ការ​សម្រេច​ចិត្ត តាម​តែ​ការ​នឹក​ឃើញ​របស់​គាត់​នោះ​ទេ។ លោក​គ្រូ លូសើរ អាច​ហៅ​កណ្ឌ​គម្ពីរ​យ៉ាកុប​ថា «កណ្ឌ​គម្ពីរ​ស្បូវ» ហើយ​នៅ​តែ​ទទួល​ស្គាល់​អំណាច​នៃ​កណ្ឌ​នេះ ព្រោះ​គាត់​បាន​ប្រកាន់​យក​នូវ​ទស្សនៈ​កម្រិត​២ នៃ​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ ដែល​ដក​កណ្ឌ​គម្ពីរ​យ៉ាកុប ចេញ​ពី​ក្រុម​កណ្ឌ​គម្ពីរ​ចម្បង ហើយ​ដាក់​បញ្ចូល​ក្នុង​ចំណោម​ក្រុម​កណ្ឌ​ទាប​ជាង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​ចំណុច​ទីពីរ​នៃ​អត្ថបទ​នេះ យើង​ខ្ញុំ​នឹង​ធ្វើ​ការ​វិភាគ​ផ្នែក​ទេវវិទ្យា ទៅ​លើ​គោល​ជំហរ​របស់​លោក​គ្រូ លូសើរ។ គេ​បាន​រក​ឃើញ​ថា ការ​យល់​ដឹង​ទាំង​ពីរ​កម្រិត​របស់​លោក​គ្រូ លូសើរ អំពី​ព្រះ​គម្ពីរ​សញ្ញា​ថ្មី និង​ការ​សន្និដ្ឋាន​របស់​គាត់ អំពី​កណ្ឌ​គម្ពីរ​យ៉ាកុប គឺ​ពិបាក​ឲ្យ​យើង​ជឿ ព្រោះ​ការ​យល់​ដឹង​នោះ មិន​មាន​ភាព​ស្មោះ​ត្រង់ ចំពោះ​ព្រះ​គម្ពីរ​ឡើយ។

លោក​គ្រូ ម៉ធិន លូសើរ ហៅ​កណ្ឌ​គម្ពីរ​យ៉ាកុប​ថា «កណ្ឌ​គម្ពីរ​ស្បូវ»។ នេះ​ជា​បញ្ហា​ដ៏​ល្បី​ល្បាញ ដែល​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​គិត​ថា គាត់​ចង់​លុប​បំបាត់​កណ្ឌ​គម្ពីរ​យ៉ាកុប​ចេញ​ពី​ព្រះ​គម្ពីរ​ចោល។1 ជា​ពិសេស ពួក​រ៉ូម៉ាំងកាតូលិក​បាន​ចោទ​លោក​គ្រូ លូសើរ ថា​បាន​ប្រើ​កណ្ឌ​គម្ពីរ​ទាំង​ឡាយ តាម​ទស្សនៈ​ផ្ទាល់​ខ្លួន។2 ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ចោទ​ប្រកាន់​ទាំង​ពីរ​នេះ សុទ្ធ​តែ​ជា​ការ​យល់​ច្រឡំ។ ការ​យល់​ដឹង​របស់​លោក​គ្រូ លូសើរ អំពី​កណ្ឌ​គម្ពីរ​យ៉ាកុប មាន​លក្ខណៈ​ផ្សេងៗ ហើយ​យើង​មិន​អាច​យល់ ដោយ​មិន​បាន​គិត​ដល់​ទេវវិទ្យា​របស់​គាត់ អំពី​ការ​ទទួល​ស្គាល់​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បាន​ឡើយ។ ជា​បឋម ក្នុង​អត្ថ​បទ​នេះ យើង​ខ្ញុំ​សូម​ព្យាយាម​បក​ស្រាយ អំពី​ការ​យល់​ដឹង​របស់​លោក​គ្រូ លូសើរ អំពី​ទីតាំង​របស់​កណ្ឌ​គម្ពីរ​យ៉ាកុប ក្នុង​ព្រះ​គម្ពីរ។ បន្ទាប់​មក យើង​ខ្ញុំ​នឹង​បក​ស្រាយ អំពី​ការ​រិះ​គន់​ផ្នែក​ទេវវិទ្យា​មក​លើ​គោល​ជំហរ​របស់​លោក​គ្រូ លូសើរ។

១. ការ​ស្វែង​យល់ អំពី «កណ្ឌ​គម្ពីរ​ស្បូវ»

លោក​គ្រូ ម៉ធិន លូសើរ បាន​បង្ហាញ​គោល​ជំហរ​របស់​គាត់​យ៉ាង​ច្បាស់ អំពី​កណ្ឌ​គម្ពីរ​យ៉ាកុប ក្នុង​អារម្ភ​កថា​របស់​គាត់ សម្រាប់​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ដែល​គាត់​បាន​បក​ប្រែ​ជា​ភាសា​អាឡឺម៉ង់ និង​បោះពុម្ព​ដំបូង​បំផុត នៅ​ឆ្នាំ​១៥២២។ លោក​គ្រូ លូសើរ បាន​ហៅ​កណ្ឌ​គម្ពីរ​យ៉ាកុប​ថា​ជា «កណ្ឌ​គម្ពីរ​ស្បូវ» មិន​មែន​នៅ​ក្នុង​អារម្ភកថា​របស់​គាត់ សម្រាប់​កណ្ឌ​គម្ពីរ​យ៉ាកុប​នោះ​ទេ តែ​ក្នុង​មាន​លក្ខណៈ​ទូទៅ​ជាង​សម្រាប់​ព្រះ​គម្ពីរ​សញ្ញា​ថ្មី។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​គាត់​បាន​ដក​ការ​ប្រកាស​នេះ​ចេញ​ពី​អារម្ភកថា ក្នុង​ព្រះ​គម្ពីរ​ជា​ភាសា​អាឡឺម៉ង នៅ​ក្នុង​ការ​បោះពុម្ព​ផ្សាយ​ទាំង​អស់​នៅ​ក្រោយ​ឆ្នាំ​១៥៣៧។3 ការ​នេះ​មិន​មាន​ន័យ​ថា លោក​គ្រូ លូសើរ បាន​ផ្លាស់​ប្តូរ​ទស្សនៈ​របស់​គាត់ ចំពោះ​កណ្ឌ​គម្ពីរ​យ៉ាកុប ភ្លាមៗ​នោះ​ទេ។ តែ​វា​ជា​សញ្ញា​បង្ហាញ​ថា យើង​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន កុំ​ឲ្យ​ធ្វើ​ការ​វិភាគ​ជ្រុល​ពេក អំពី​ឃ្លា «កណ្ឌ​គម្ពីរ​ស្បូវ»។

ទីពីរ ទោះ​ពី​ដើម​ដំបូង​លោក​គ្រូ លូសើរ បាន​ហៅ​កណ្ឌ​គម្ពីរ​យ៉ាកុប​ថា «កណ្ឌ​គម្ពីរ​ស្បូវ» ក៏​គាត់​មិន​មាន​ចិត្ត​ចង់​ដក​កណ្ឌ​មួយ​នេះ ចេញពី​ព្រះ​គម្ពីរ​នោះ​ឡើយ។ កាល​លោក​គ្រូ លូសើរ បក​ប្រែ​ព្រះ​គម្ពីរ​ទៅ​ជា​ភាសា​អាឡឺម៉ង់ គាត់​នៅ​តែ​រក្សា​ទុក​កណ្ឌ​គម្ពីរ​យ៉ាកុប ក្នុង​ចំណោម​កណ្ឌ​ទាំង​ឡាយ​នៃ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី។ បើ​គាត់​ជឿ​ថា កណ្ឌ​គម្ពីរ​យ៉ាកុប​ខុស​នឹង​គោលការណ៍​នៃ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី នោះ​គាត់​ក៏​នឹង​មិន​បាន​រាប់​បញ្ចូល​កណ្ឌ​នេះ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ដែរ។ តាម​ពិត​ទៅ​លោក​គ្រូ លូសើរ បាន​តម្រៀប​សារ​បាន​នៃ​កណ្ឌ​គម្ពីរ​សញ្ញា​ថ្មី​តាម​លំដាប់​លំដោយ ខុស​ពី​ការ​រៀប​ចំ​សារ​បាន​ក្នុង​ព្រះ​គម្ពីរ​វ៉ាលហ្កេត (Vulgate) ជា​ភាសា​ឡាតាំង។ គាត់​បាន​ផ្លាស់​ប្តូរ​លេខ​រៀង​របស់​កណ្ឌ​គម្ពីរ​យ៉ាកុប ក៏​ដូច​ជា​កណ្ឌ​ហេព្រើរ យូដាស និង​វិវរណៈ ឲ្យ​នៅ​ចុង​គេ ក្នុង​បញ្ជី​សារ​បាន នៃ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី។ ការ​នេះ​បាន​បង្ហាញ​អំពី​ការ​យល់​ដឹង​របស់​គាត់​អំពី​គោលការណ៍​ទូទៅ​នៃ​ព្រះ​គម្ពីរ​សញ្ញាថ្មី ដែល​យើង​គួរ​តែ​ងាក​មក​មើល​ឡើង​វិញ។

ទី​បី បើ​សិន​ជា​គេ​និយាយ​ថា លោក​គ្រូ លូសើរ បាន​ហៅ​កណ្ឌ​គម្ពីរ​យ៉ាកុប​ថា​ជា «កណ្ឌ​គម្ពីរ​ស្បូវ» ដោយ​សារ​កណ្ឌ​សំបុត្រ​នេះ​ទាំង​មូល​គ្មាន​ប្រយោជន៍​អ្វី​សោះ នោះ​មាន​ន័យ​ថា គេ​កំពុង​តែ​យល់​ច្រឡំ​ហើយ។ តាម​ពិត​ទៅ គាត់​បាន​ហៅ​កណ្ឌ​គម្ពីរ​យ៉ាកុប​ថា «កណ្ឌ​គម្ពីរ​ស្បូវ» គឺ​ក្នុង​បរិបទ នៃ​ការ​ប្រៀប​ធៀប​កណ្ឌ​នេះ ជា​មួយ​កណ្ឌ​គម្ពីរ​សញ្ញា​ថ្មី​ដទៃៗ​ទៀត ដូច​ដែល​គាត់​បាន​លើក​ឡើង​ក្នុង​សម្រង់​សំណេរ​ខាង​ក្រោម​នេះ៖

ខ្ញុំ​យល់​ឃើញ​ថា កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​យ៉ូហាន កណ្ឌ​សំបុត្រ​ទី១​របស់​គាត់ កណ្ឌ​សំបុត្រ​របស់​សាវ័ក ប៉ុល ជា​ពិសេស កណ្ឌ​គម្ពីរ​រ៉ូម កាឡាទី និង​អេភេសូរ និង​កណ្ឌ​គម្ពីរ​សំបុត្រ​ទី១​របស់​សាវ័ក ពេត្រុស ជា​កណ្ឌ​គម្ពីរ​ដែល​បង្ហាញ​អ្នក​ឲ្យ​ស្គាល់​ព្រះ​គ្រីស្ទ និង​បង្រៀន​អ្នក​នូវ​អ្វី​ដែល​ចាំបាច់ និង​ទាក់​ទង​នឹង​សេចក្តី​សង្គ្រោះ ដែល​លោក​អ្នក​ត្រូវ​ដឹង ទោះ​លោក​អ្នក​មិន​ដែល​បាន​ឃើញ ឬ​ឮ​អំពី​កណ្ឌ ឬ​គោលលទ្ធិ​ផ្សេង​ទៀត​ក៏​ដោយ។ ដូច​នេះ កណ្ឌ​សំបុត្រ​យ៉ាកុប គឺ​ពិត​ជា​កណ្ឌ​គម្ពីរ​ស្បូវ បើ​ធៀប​នឹង​កណ្ឌ​ដទៃ ព្រោះ​កណ្ឌ​នេះ​មិន​មាន​លក្ខណៈ​ជា​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ឡើយ។4

ដូច​នេះ លោក​គ្រូ លូសើរ មិន​បាន​និយាយ​ថា កណ្ឌ​គម្ពីរ​យ៉ាកុប​គ្មាន​ការ​បង្រៀន​ដែល​មាន​ប្រយោជន៍​នោះ​ទេ។ លោក​គ្រូ លូសើរ នៅ​អាច​និយាយ​ថា៖

ទោះ​កណ្ឌ​សំបុត្រ​យ៉ាកុប​នេះ ត្រូវ​បាន​មនុស្ស​នៅ​សម័យ​បុរាណ​បដិសេធ​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​សរសើរ​កណ្ឌ​នេះ ហើយ​ចាត់​ទុក​ថា ជា​កណ្ឌ​ដ៏​ល្អ​មួយ ព្រោះ​កណ្ឌ​នេះ​មិន​បាន​បង្រៀន​គោលលទ្ធិ​របស់​  មនុស្ស​នោះ​ទេ តែ​បាន​ប្រកាស​ឲ្យ​គេ​អនុវត្ត​តាម​ក្រឹត្យ​វិន័យ​របស់​ព្រះ ដោយ​ចិត្ត​ឆេះ​ឆួល​វិញ។5

ត្រង់​ចំណុច​នេះ លោក​គ្រូ លូសើរ បាន​លើក​តម្កើង​កណ្ឌ​គម្ពីរ​នេះ ព្រោះ​កណ្ឌ​នេះ​បាន​បក​ស្រាយ​ក្រឹត្យ​វិន័យ យ៉ាង​ត្រឹម​ត្រូវ ពោល​គឺ​មិន​បាន​បង្រៀន​នូវ​សេចក្តី​បង្គាប់ ដែល​ផ្ទុយ​ពី​កណ្ឌ​គម្ពីរ​ផ្សេង​ទៀត​នោះ​ឡើយ។ ជា​ការ​ពិត​ណាស់ លោក​ហ្វ្រង់ ក្រាហ្វ-ស្ទូលហូហ្វ័រ (Franz Graf-Stuhlhofer) បាន​បង្ហាញ​ថា លោក​គ្រូ លូសើរ បាន​ដក​ស្រង់​ខគម្ពីរ​ពី​កណ្ឌ​គម្ពីរ​យ៉ាកុប​មក​ប្រើ ស្ទើរ​តែ​ញឹក​ញាប់ ដូច​គម្ពីរ​ដំណឹង​ល្អ នៅ​ក្នុង​ការងារ​បម្រើ​ព្រះ​របស់​គាត់។6 ជាង​នេះ​ទៅ​ទៀត​លោក​គ្រូ លូសើរ បាន​ចែក​ចាយ​ព្រះ​បន្ទូល​៥​ដង អំពី​កណ្ឌ​គម្ពីរ​យ៉ាកុប ក្នុង​អំឡុង​ពេល​គាត់​ធ្វើ​ការ​បម្រើ​ព្រះ បន្ទាប់​ពី​គាត់​បាន​បង្ហាញ​ការ​ផ្លាស់​ប្តូរ​គំនិត​របស់​គាត់​ជា​លើក​ទី​មួយ អំពី​កណ្ឌ​មួយ​នេះ ក្នុង​ឆ្នាំ​១៥១៩។7

ទី៤ គេ​ត្រូវ​យល់​ឲ្យ​ច្បាស់ អំពី​អត្ថ​ន័យ​នៃ​ពាក្យ «ស្បូវ» ដែល​លោក​គ្រូ លូសើរ បាន​ប្រើ។ គាត់​មិន​បាន​ប្រើ​ពាក្យ​នេះ ក្នុង​ន័យ​ប្រមាថ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​លោក​គ្រូ លូសើរ បាន​គិត​ដល់ ការ​ដែល​សាវ័ក​ប៉ុល​បាន​ប្រើ​ប្រាស់​ពាក្យ​នេះ ក្នុង​បទ​គម្ពីរ ១កូរិនថូស ដែល​បាន​ចែង​ថា៖

បើ​អ្នក​ណា​យក​មាស ប្រាក់ ត្បូង ឈើ ស្បូវ ឬ​ស្លឹក ដើម្បី​នឹង​ធ្វើ​ពី​លើ​ជើង​ជញ្ជាំង​នេះ។ នោះ​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ នឹង​លេច​មក​ឲ្យ​ឃើញ ដ្បិត​ថ្ងៃ​នោះ​នឹង​បង្ហាញ​ពី​ការ​នោះ​យ៉ាង​ច្បាស់​លាស់ ព្រោះ​ការ​នោះ​នឹង​សម្ដើង​ចេញ​មក​ដោយ​សារ​ភ្លើង ហើយ​ភ្លើង​នឹង​សាក​មើល​ការ​ដែល​នីមួយៗ ធ្វើ​ឲ្យ​ដឹង​ជា​យ៉ាង​ណា (៣:១២-១៣)។

ពាក្យ «ស្បូវ» ត្រង់​ចំណុច​នេះ មាន​ន័យ​ថា ពំនូក​ដែល​ងាយ​ឆេះ ជា​មួយ​ឈើ ហើយ​មិន​ស្ថិត​ស្ថេរ។ លោក​គ្រូ លូសើរ ក៏​បាន​ប្រើ​ពាក្យ «ស្បូវ» លើ​កណ្ឌ​ហេព្រើរ ពេល​គាត់​និយាយ​ថា៖

ដូច​នេះ យើង​មិន​គួរ​រាថយ បើ​សិន​ជា​ឈើ ស្បូវ ឬ​ចំបើង​ប្រហែល​ជា​បាន​លាយ​ឡំ​ជា​មួយ​កណ្ឌ​ទាំង​នោះ តែ​គួរ​ទទួល​យក​ការ​បង្រៀន​ដ៏​ល្អ​នេះ ដោយ​កិត្តិយស​ទោះ​យើង​ត្រូវ​ដឹង​ច្បាស់​ថា យើង​មិន​អាច​ដាក់​កណ្ឌ​គម្ពីរ​ហេព្រើរ ឲ្យ​ស្ថិត​នៅ​កម្រិត​ដូច​កណ្ឌ​គម្ពីរ​សំបុត្រ​របស់​ពួក​សាវ័ក​ក៏​ដោយ។8

ម្យ៉ាង​ទៀត កណ្ឌ​ហេព្រើរ​មាន​ការ​បង្រៀន​ដែល​មាន​ប្រយោជន៍ ទោះ​មាន​ខគម្ពីរ​ផ្សេង​ទៀត ដែល​មាន​លក្ខណៈ​ជា​សេចក្តី​បង្រៀន​តិច​ជាង ដូច​ជា​ស្បូវ​ក៏​ដោយ។9 ពេល​ដែល​លោក​គ្រូ លូសើរ ប្រើ​ពាក្យ «ស្បូវ» ក្នុង​ន័យ​ធៀប តាម​បទ​គម្ពីរ ១កូរិនថូស ៣ ក្នុង​ការ​និពន្ធ​ដទៃ​ទៀត​របស់​គាត់ នោះ​គាត់​បាន​ប្រើ​ពាក្យ​នេះ សំដៅ​ទៅ​លើ ការ​បង្ហាញ​ព្រះ​បន្ទូល​ព្រះ តាម​ទម្រង់​ដែល​មិន​សុទ្ធ។ ទាក់​ទង​នឹង​លក្ខណៈ​នៃ​ពួក​ជំនុំ​របស់​ព្រះ ក្នុង​ប្រវត្តិ​សាស្ត្រ គាត់​បាន​មាន​ប្រសាសន៍​ថា៖

គេ​ស្គាល់​គ្រីស្ទ​បរិស័ទ​ដ៏​បរិសុទ្ធ ដោយសារ​ពួក​គេ​មាន​ព្រះ​បន្ទូល​ដ៏​បរិសុទ្ធ​របស់​ព្រះ។ តែ​ច្បាស់​ណាស់ ដូច​ដែល​សាវ័ក ប៉ុល បាន​មាន​ប្រសាសន៍ មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ខ្នាត​រង្វាស់​ស្មើ​គ្នា​នោះ​ឡើយ។ អ្នក​ខ្លះ​មាន​ព្រះ​បន្ទូល​ព្រះ ក្នុង​ទម្រង់​ដែល​បរិសុទ្ធ​ទាំង​ស្រុង តែ​អ្នក​ខ្លះ​មិន​ដូច្នោះ​ទេ។ អ្នក​ដែល​មាន​ព្រះ​បន្ទូល​ដែល​សុទ្ធ​ល្អ គឺ​ជា​អ្នក​ដែល «បាន​សង់​ឡើង នៅ​លើ​គ្រឹះ ដែល​ជា​មាស ប្រាក់ និង​ត្បូង» តែ​អ្នក​ដែល​មាន​ព្រះ​បន្ទូល​ព្រះ ក្នុង​ទម្រង់​ដែល​មិន​សុទ្ធ គឺ​ជា​អ្នក​ដែល «សង់​ឡើង នៅ​លើ​គ្រឹះ​ដែល​ធ្វើ​ពី​ឈើ ចំបើង និង​ស្បូវ» តែ​នឹង​បាន​សង្គ្រោះ នៅ​ពេល​ឆ្លង​កាត់​ភ្លើង​ឆេះ​បន្សុទ្ធ។10

ពេល​ដែល​លោក​គ្រូ លូសើរ និយាយ​ថា កណ្ឌ​គម្ពីរ​យ៉ាកុប ជា «កណ្ឌ​គម្ពីរ​ស្បូវ» គឺ​គាត់​គ្រាន់​តែ​ចង់​មាន​ន័យ​ថា កណ្ឌ​នេះ​មិន​បាន​និយាយ​អំពី​ដំណឹងល្អ​របស់​ព្រះ ឲ្យ​បាន​សុទ្ធសាធ ដូច​កណ្ឌ​គម្ពីរ​សញ្ញា​ថ្មី​ដទៃ​ទៀត ហើយ​មិន​មាន​ន័យ​ថា កណ្ឌ​គម្ពីរ​នេះ​គ្មាន​ប្រយោជន៍​នោះ​ទេ។ និយាយ​រួម «ស្បូវ» មិន​បាន​បំផ្លាញ​គ្រឹះ​របស់​សំណង់​នោះ​ឡើយ តែ​វា​មិន​បាន​ធ្វើ​ឲ្យ​គ្រឹះ​រឹង​មាំ ហើយ​និង​ជាប់​នៅ​រហូត​ឡើយ។

២. ការ​យល់​ដឹង​របស់​លោក​គ្រូ លូសើរ អំពី​កណ្ឌ​គម្ពីរ​យ៉ាកុប

ដូច​នេះ តើ​លោក​គ្រូ លូសើរ មាន​ការ​យល់​ដឹង​យ៉ាង​ណា​អំពី​កណ្ឌ​គម្ពីរ​យ៉ាកុប? ដើម្បី​ឲ្យ​យើង​អាច​យល់​អំពី​បញ្ហា​នេះ​បាន យើង​ចាំ​បាច់​ត្រូវ​ស្វែង​យល់​អំពី​គោល​លទ្ធិ​របស់​លោក​គ្រូ លូសើរ អំពី​គោលការណ៍​ទូទៅ​នៃ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី។ គាត់​ជឿ​ថា ព្រះ​គម្ពីរ​សញ្ញា​ថ្មី មាន​កណ្ឌ​គម្ពីរ​ពីរ​ប្រភេទ៖ «កណ្ឌ​គម្ពីរ​ចម្បង» និង​កណ្ឌ​ដែល​សំខាន់​តិច​ជាង។11 លោក​គ្រូ អូរីចិន នៃ​ទីក្រុង​អ័ឡេក្សានឌ្រា (Origen of Alexandria) និង​លោក​គ្រូ យូស៊ីប៊ីអូស នៃ​ស្រុក​សេសារា (Eusebius of Caesarea) គឺ​ជា​អ្នក​ដឹក​នាំ​ពួក​ជំនុំ​ដំបូង ក៏​បាន​ធ្វើ​ការ​បែង​ចែក​កណ្ឌ​គម្ពីរ​សញ្ញា​ថ្មី​ជា​ពីរ​ប្រភេទ​គឺ៖ កណ្ឌ​គម្ពីរ​ដែល​គេ​ទទួល​ស្គាល់ (តាម​ទំនៀម​ទម្លាប់ គេ​ហៅ​ថា ហូម៉ូលេហ្គោមេណា) និង​កណ្ឌ​គម្ពីរ​ដែល​គេ​មិន​បាន​ឯកភាព​គ្នា (តាម​ទំនៀម​ទម្លាប់ គេ​ហៅ​ថា អានទីលេហ្គោមេណា)។12 ខ្នាត​គំរូ​នៃ​ការ​វិនិច្ឆយ​ដែល​លោក​គ្រូ លូសើរ បាន​ប្រើ ដើម្បី​បែង​ចែក រវាង​កណ្ឌ​គម្ពីរ​ចម្បង និង​កណ្ឌ​គម្ពីរ​ដទៃ​ទៀត គឺ​ផ្អែក​ទៅ​លើ​ភាព​ជា​អ្នក​និពន្ធ​របស់​ពួក​សាវ័ក។ ហេតុ​នេះ​ហើយ គាត់​យល់​ឃើញ​ថា មាន​កណ្ឌ​បួន ដែល​ត្រូវ​នៅ​ក្រៅ​ក្រុម​កណ្ឌ​សំខាន់ៗ​ជាង​គេ​គឺ៖ ហេព្រើរ យ៉ាកុប យូដាស និង​វិវរណៈ។13 ផ្ទុយ​ពី​កណ្ឌ​សញ្ញា​ថ្មី​ផ្សេង​ទៀត កណ្ឌ​ទាំង​បួន​នេះ ផ្ទុក​ទៅ​ដោយ «ស្បូវ» គឺ​មិន​មាន​លក្ខណៈ​ជា​ដំណឹង​ល្អ​សុទ្ធសាធ​នោះ​ទេ។

ហេតុ​អ្វី​លោក​គ្រូ លូសើរ ជឿ​ថា កណ្ឌ​គម្ពីរ​យ៉ាកុប​មិន​មែន​ជា​កណ្ឌ​គម្ពីរ​ចម្បង? ទី១ គាត់​បាន​សន្និដ្ឋាន​ថា អ្នក​និពន្ធ​នៃ​កណ្ឌ​នេះ «គឺ​សាវ័ក យ៉ាកុប» ដែល​គាត់​រាប់​ថា​មិន​មែន​ជា​ពួក​សាវ័ក​នោះ​ទេ។ លោក​គ្រូ លូសើរ បាន​កត់​សម្គាល់​ថា កណ្ឌ​សំបុត្រ​យ៉ាកុប​មាន​អត្ថ​បទ ដែល​គេ​ឃើញ​មាន ក្នុង​កណ្ឌ​សំបុត្រ​ពេត្រុស​ខ្សែ​ទី១ និង​កណ្ឌ​សំបុត្រ​កាឡាទី ដែល​សាវ័ក​ប៉ុល​បាន​និពន្ធ។ តែ​សាវ័ក យ៉ាកុប (កូន​ប្រុស​របស់​លោក សេបេដេ) បាន​ពលី​ជីវិត​ដោយសារ​ជំនឿ មុន​សាវ័ក ពេត្រុស និង​សាវ័ក ប៉ុល (កិច្ចការ ១២:២)។ ដូច​នេះ «សាវ័ក យ៉ាកុប» ដែល​បាន​និពន្ធ​សំបុត្រ​នេះ ប្រាកដ​ជា​បាន​ធ្វើ​ការ​និពន្ធ នៅ​ក្រោយ​ពេល​ដែល​សាវ័ក យ៉ាកុប លោក សេបេដេ​បាន​ស្លាប់។ លោក​គ្រូ លូសើរ បាន​សន្និដ្ឋាន​ថា «សាវ័ក យ៉ាកុប» ដែល​បាន​និពន្ធ​សំបុត្រ​នេះ «បាន​និពន្ធ​កណ្ឌ​នេះ ក្រោយ​សាវ័ក​ពេត្រុស និង​សាវ័ក​ប៉ុល»។14

ទី​ពីរ លោក​គ្រូ លូសើរ ជឿ​ថា កណ្ឌ​គម្ពីរ​យ៉ាកុប​មិន​អាច​ជា​កណ្ឌ​ដែល​ពួក​សាវ័ក​បាន​និពន្ធ​ឡើយ ដោយសារ​ខ្លឹមសារ​របស់​កណ្ឌ​នេះ។ ទី១ កណ្ឌ​គម្ពីរ​យ៉ាកុប​មិន​ដែល​បាន​លើក​ឡើង​អំពី​ការ​សុគត ឬ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ ដែល​ជា​ចំណុច​ស្នូល​នៃ​ដំណឹង​ល្អ​ឡើយ។ លោក​គ្រូ លូសើរ ក៏​បាន​ពន្យល់​ថា៖

ត្រង់​ចំណុច​នេះ ការងារ​នៃ​ពួក​សាវ័ក​ពិត​ប្រាកដ គឺ​ត្រូវ​ផ្សាយ អំពី​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ និង​អំពី​ព្រះ​រាជ​កិច្ច​របស់​ព្រះ​គ្រីស្ទ ហើយ​ត្រូវ​សង់​គ្រឹះ​នៃ​ជំនឿ​លើ​ព្រះ​អង្គ គឺ​ដូច​ដែល​ព្រះ​គ្រីស្ទ​បាន​មាន​បន្ទូល​ដោយ​អង្គ​ទ្រង់​ផ្ទាល់​ក្នុង​កណ្ឌ យ៉ូហាន ១៥ [:២៧] ថា «អ្នក​រាល់​គ្នា​នឹង​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ​ដែរ»។ កណ្ឌ​ដ៏​បរិសុទ្ធ​ពិត​ប្រាកដ​ទាំង​អស់ សុទ្ធ​តែ​​មាន​ចំណុច​ទាំង​នេះ ពោល​គឺ​សុទ្ធ​តែ​បាន​ចែក​ចាយ និង​បង្រៀន​អំពី​ព្រះ​គ្រីស្ទ....ប៉ុន្តែ កណ្ឌ​គម្ពីរ​យ៉ាកុប​គ្រាន់​តែ​បាន​និយាយ​អំពី​ក្រឹត្យ​វិន័យ និង​កិច្ចការ​នៃ​ក្រឹត្យ​វិន័យ​ប៉ុណ្ណោះ។15

ក្នុង​គំនិត​លោក​គ្រូ លូសើរ គាត់​យល់​ឃើញ​ថា កណ្ឌ​គម្ពីរ​យ៉ាកុប​គ្រាន់​តែ​បាន​បង្រៀន​អំពី​ក្រឹត្យ​វិន័យ ដែល​គេ​ងាយ​យល់​ច្រឡំ។

លោក​គ្រូ លូសើរ យល់​ឃើញ​ថា កណ្ឌ​គម្ពីរ​យ៉ាកុប​មិន​មាន​លក្ខណៈ​ជា​កណ្ឌ​គម្ពីរ​របស់​ពួក​សាវ័ក ដោយសារ​មូល​ហេតុ​មួយ​ទៀត​គឺ កណ្ឌ​នេះ​បាន​និយាយ​ផ្ទុយ​នឹង​ការ​រាប់​ជា​សុចរិត ដោយសារ​ជំនឿ​តែ​មួយ​មុខ។ គាត់​លើក​ឡើង​ថា កណ្ឌ​គម្ពីរ​យ៉ាកុប «និយាយ​ផ្ទុយ​នឹង​កណ្ឌ​គម្ពីរ​របស់​សាវ័ក​ប៉ុល និង​កណ្ឌ​គម្ពីរ​ដទៃ​ទៀត ដោយ​ទទួល​ស្គាល់​ថា មនុស្ស​រាប់​ជា​សុចរិត​ដោយសារ​ការ​ប្រព្រឹត្ត»។16 លោក​គ្រូ លូសើរ ក៏​បាន​ដឹង​ផង​ដែរ​ថា ការ​បង្រៀន​របស់​កណ្ឌ​គម្ពីរ​យ៉ាកុប អំពី​ការ​រាប់​ជា​សុចរិត អាច​មាន​ភាព​ត្រូវ​គ្នា​នឹង​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល។ ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ក៏​គាត់​បាន​ប្រកែក​ថា កណ្ឌ​គម្ពីរ​យ៉ាកុប​បាន​កាត់​ស្រាយ​បទ​គម្ពីរ លោកុប្បត្ដិ ១៥:១៦ (យ៉ាកុប ២:២៣) តាម​របៀប​ដែល​ផ្ទុយ​នឹង​ការ​បក​ស្រាយ​របស់​សាវ័ក ប៉ុល (រ៉ូម ៤:៣)។

ទាក់​ទង​នឹង​ការ​ដែល​លោក​យ៉ាកុប​និយាយ​ផ្ទុយ​នឹង​សាវ័ក​ប៉ុល អំពី​ការ​រាប់​ជា​សុចរិត អ្នក​ខ្លះ​បាន​ងាក​មក​ផ្ដោត​ទៅ​លើ​ប្រសាសន៍​ដ៏​ចម្រូង​ចម្រាស​របស់​លោក​គ្រូ លូសើរ នៅ​ក្នុង​ពេល​ក្រោយ​ទៀត​នៃ​ជីវិត​គាត់ ដែល​បាន​ថា៖ «ខ្ញុំ​ស្ទើរ​តែ​បោះ​កណ្ឌ​គម្ពីរ​យ៉ាកុប ចូល​ទៅ​ក្នុង​ជើង​ចង្ក្រាន​ទៅ​ហើយ» (ឆ្នាំ១៥៤២)។17 គាត់​បាន​និយាយ​ដូច​នេះ នៅ​ក្នុង​ពិធី​ត្រួត​ពិនិត្យ​មើល​អាជ្ញាប័ណ្ណ របស់​លោក ហេនរិច ស្មេដេនស្តេត (Heinrich Schmedenstede) ដែល​មាន​លោក​គ្រូ លូសើរ ជា​អធិបតី។ នៅ​ក្នុង​ការ​ត្រួត​ពិនិត្យ​នេះ លោក ស្មេដេនស្តេត ត្រូវ​ឆ្លើយ​តប ចំពោះ​និក្ខេបបទ​ជា​បន្ត​បន្ទាប់ ដែល​ក្នុង​នោះ មាន​និក្ខេបបទ​ដែល​និយាយ​អំពី​ការ​រាប់​ជា​សុចរិត ដោយសារ​ជំនឿ​តែ​មួយ​មុខ (និក្ខេបបទ​ទី ២១)។ លោក ស្មេដេនស្តេត ត្រូវ​ការពារ​និក្ខេបបទ ប្រឆាំង​នឹង​មតិ​ផ្ទុយ​ដែល​ថា៖ «យ៉ាកុប [២:២២] បាន​ចែង​ថា លោក​អ័ប្រាហាំ​បាន​រាប់​ជា​សុចរិត ដោយសារ​ការ​ដែល​លោក​បាន​ប្រព្រឹត្ត។ ដូច​នេះ ការ​រាប់​ជា​សុចរិត មិន​មែន​ដោយសារ​ជំនឿ​នោះ​ទេ» ។ លោក ស្មេដេនស្តេត ក៏​បាន​ឆ្លើយ​ទាំង​កំហឹង​ថា «ត្រង់​ចំណុច​នេះ កណ្ឌ​គម្ពីរ​យ៉ាកុប​កំពុង​និយាយ​អំពី​ការ​ប្រព្រឹត្ត ដែល​ជា​លទ្ធផល​នៃ​ការ​រាប់​ជា​សុចរិត គឺ​មិន​មែន​ជា​មូល​ហេតុ​ដែល​នាំ​ឲ្យ​សុចរិត​នោះ​ទេ»។

លោក​គ្រូ លូសើរ ក៏​បាន​ឆ្លើយ​តប ដោយ​បង្ហាញ​អំពី​ទំហំ​នៃ​បញ្ហា​ដែល​គ្រីស្ទ​បរិស័ទ​ដំណឹង​ល្អ​ជួប​ប្រទះ នៅ​ក្នុង​កណ្ឌ​គម្ពីរ​យ៉ាកុប ព្រោះ​ពួក «សម្តេច​ប៉ាប​និយម» បាន​ប្រើ​កណ្ឌ​នេះ ដើម្បី​ការពារ​ការ​បង្រៀន​របស់​ខ្លួន អំពី​ការ​រាប់​ជា​សុចរិត ដោយ​មិន​អើពើ​ចំពោះ​ខគម្ពីរ​ផ្សេងៗ​ទៀត​ក្នុង​ព្រះ​គម្ពីរ។ នេះ​បាន​សេចក្តី​ថា លោក​គ្រូ លូសើរ ហាក់​ដូច​ជា កំពុង​តែ​និយាយ​ថា ពួក​សម្តេច​ប៉ាប​និយម​បាន​ប្រើ​កណ្ឌ​គម្ពីរ​យ៉ាកុប​ធ្វើ​ជា​កញ្ចក់​ឆ្លុះ ដើម្បី​អាន​ខគម្ពីរ​ផ្សេង​ទៀត ដែល​និយាយ​អំពី​ការ​រាប់​ជា​សុចរិត។ បន្ទាប់​មក គួរ​ឲ្យ​កត់​សម្គាល់​ណាស់​លោក​គ្រូ លូសើរ ក៏​បាន​ប្រកាស​ថា គាត់​បាន​ធ្វើ​ផ្ទុយ​ពី​នេះ ដោយ​គាត់​អាន​កណ្ឌ​គម្ពីរ​យ៉ាកុប ដោយ​ប្រើ​ខគម្ពីរ​ផ្សេង​ទៀត​ជា​កញ្ចក់​ឆ្លុះ​វិញ៖

រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​មាន​ទម្លាប់​ប្រើ​ប្រាស់ និង​កាត់​ស្រាយ​កណ្ឌ​គម្ពីរ​យ៉ាកុប ស្រប​ទៅ​តាម​ខ្លឹមសារ​នៃ​បទ​គម្ពីរ​ដទៃ​ទៀត​នៃ​ព្រះ​គម្ពីរ។ ដ្បិត​លោក​អ្នក​នឹង​វិនិច្ឆ័យ​ថា យើង​មិន​ត្រូវ​ប្រើ​បទ​គម្ពីរ​ណា​មួយ ក្នុង​កណ្ឌ​គម្ពីរ​យ៉ាកុប​មក​ប្រើ ផ្ទុយ​នឹង​ព្រះ​គម្ពីរ​បរិសុទ្ធ​នោះ​ឡើយ។ ដូច​នេះ បើ​ពួក​សម្តេច​ប៉ាប​និយម​មិន​ទទួល​ស្គាល់​ការ​កាត់​ស្រាយ​របស់​ខ្ញុំ​ទេ នោះ​ខ្ញុំ​នឹង​មិន​ឲ្យ​តម្លៃ​មក​លើ​គោលជំហរ​របស់​ពួក​គេ​ដែរ។18

ត្រង់​ចំណុច​នេះ យើង​ឃើញ​ថា លោក​គ្រូ លូសើរ មិន​បាន​បង្ហាញ​ថា គាត់​ចង់​ដក​កណ្ឌ​គម្ពីរ​យ៉ាកុប​ចេញ​ពី​ព្រះគម្ពីរ​ទាំង​ស្រុង​នោះ​ឡើយ តែ​គាត់​នឹង​ប្រើ​កណ្ឌ​នេះ ដើម្បី​យោង​ខ​ផ្សេង​ទៀត ក្នុង​ព្រះ​គម្ពីរ។ បើ​ពួក​សម្តេច​ប៉ាប​និយម​ប្រឆាំង​នឹង​គាត់ នោះ​គាត់​នឹង​មិន​និយាយ​ប្រឆាំង​នឹង​កណ្ឌ​នេះ​ដែរ។ គឺ​នៅ​ក្នុង​បរិបទ​នេះ​ហើយ ដែល​លោក​គ្រូ លូសើរ បាន​ឈប់​និយាយ​ភាសា​ឡាតាំង ជា​ភាសា​សម្រាប់​សកល​វិទ្យាល័យ​របស់​គាត់ ហើយ​ក៏​បាន​លាន់​មាត់​ជា​ភាសា​អាឡឺម៉ង់​ថា៖

ខ្ញុំ​ស្ទើរ​តែ​មាន​អារម្មណ៍​ថា ចង់​បោះ​កណ្ឌ​គម្ពីរ​យ៉ាកុប ចូល​ទៅ​ក្នុង​ចង្ក្រាន ដូច​ដែល​ពួក​សង្ឃ នៅ​ទីក្រុង​ខាលែនបឺក ធ្លាប់​បាន​ធ្វើ។19

នេះ​ជា​ឧទាហរណ៍ នៃ​ការ​ដែល​លោក​គ្រូ លូសើរ លេង​ពាក្យ ដែល​ពិបាក​នឹង​ឲ្យ​យើង​ត្រាប់​តាម។ ប៉ុន្តែ ត្រង់​ចំណុច​នេះ គាត់​មិន​ដល់​ថ្នាក់​ពិត​ជា​ចង់​បោះ​កណ្ឌ​គម្ពីរ​យ៉ាកុប​ចូល​ទៅ​ក្នុង​ចង្ក្រាន​នោះ​ទេ។ គាត់​បាន​និយាយ​អំពី «ពួក​សង្ឃ​នៅ​ទីក្រុង​ខាលែនបឺក» សំដៅ​ទៅ​លើ​សង្ឃ​ម្នាក់ ដែល​លោក​ជំទាវ​ម្នាក់ បាន​មក​សួរ​សុខ​ទុក្ខ។ ដើម្បី​ធ្វើ​ឲ្យ​បន្ទប់​ទទួល​ភ្ញៀវ​មាន​ភាព​កក់​ក្តៅ នៅ​រដូវ​រងា ពេល​ដែល​មាន​ភ្ញៀវ​មក​លេង គាត់​ក៏​បាន​បោះ​រូប​ចម្លាក់​ពួក​សាវ័ក ដែល​ធ្វើ​ពី​ឈើ ចូល​ទៅ​ក្នុង​ចង្ក្រាន​របស់​ខ្លួន។ រូប​ចម្លាក់​ចុង​ក្រោយ គឺ​ជា​រូប​ចម្លាក់​សាវ័ក​យ៉ាកុប ហើយ​គេ​ជឿ​ថា សង្ឃ​រូប​នោះ​បាន​និយាយ​ថា៖

ឥឡូវ​នេះ សាវ័ក យ៉ាកុប ត្រូវ​បន្ទន់​ឥរិយាបថ ព្រោះ​លោក​ត្រូវ​ចូល​ទៅ​ក្នុង​ចង្ក្រាន​ហើយ។ ទោះ​បើ​លោក​ជា​សម្តេច​ប៉ាប ឬ​ជា​គ្រូៗ​ទាំង​អស់​រួម​គ្នា​ក៏​ដោយ ក៏​បន្ទប់​នេះ​ត្រូវ​តែ​មាន​ភាព​កក់​ក្តៅ។20 ផ្អែក​ទៅ​លើ​បរិបទ និង​ការ​លេង​ពាក្យ​នេះ បាន​សេចក្តី​ថា លោក​គ្រូ លូសើរ មិន​បាន​និយាយ​អ្វី អំពី​កណ្ឌ​គម្ពីរ​យ៉ាកុប ខុស​ពី​អ្វី​ដែល​គាត់​បាន​លើក​ឡើង ក្នុង​អារម្ភកថា​នៃ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ដែល​គាត់​បាន​បក​ប្រែ​ដំបូង​នៅ​ឆ្នាំ​១៥២២។ 

សរុប​មក យើង​ចាំ​បាច់​ត្រូវ​ដឹង​ថា ទោះ​លោក​គ្រូ លូសើរ បាន​ដាក់​កណ្ឌ​គម្ពីរ​យ៉ាកុប នៅ​ក្រៅ «ក្រុម​កណ្ឌ​គម្ពីរ​ចម្បង» ក៏​ដោយ ក៏​គាត់​បាន​និយាយ​យ៉ាង​ច្បាស់​ថា នេះ​គ្រាន់​តែ​ជា​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​គាត់​ប៉ុណ្ណោះ។ ហើយ​លោក​គ្រូ លូសើរ មាន​ការ​សប្បាយ​ចិត្ត បើ​គេ​គិត​ខុស​ពី​នេះ៖ «ដូច​នេះ ខ្ញុំ​មិន​អាច​រាប់​បញ្ចូល​កណ្ឌ​គម្ពីរ​យ៉ាកុប ក្នុង​ចំណោម​កណ្ឌ​គម្ពីរ​ចម្បងៗ​នោះ​ទេ ទោះ​ខ្ញុំ​មិន​អាច​រារាំង​អ្នក​ដទៃ​មិន​ឲ្យ​រាប់​បញ្ចូល ឬ​លើក​តម្កើង​កណ្ឌ​នេះ តាម​បំណង​ចិត្ត​របស់​ខ្លួន ដោយសារ​មាន​ការ​បង្រៀន​ល្អៗ​ជា​ច្រើន​ក្នុង​កណ្ឌ​នេះ»។21 ត្រង់​ចំណុច​នេះ យើង​ឃើញ​ថា លោក​គ្រូ លូសើរ បាន​ទទួល​ស្គាល់​ដែន​កំណត់​នៃ​ការ​វិនិច្ឆ័យ​របស់​គាត់។ ដូច​នេះ វា​ជា​កំហុស​ឆ្គង​មួយ បើ​គេ​អះ​អាង​ថា លោក​គ្រូ លូសើរ បាន​ដក​កណ្ឌ​គម្ពីរ​យ៉ាកុប​ចេញ​ពី​ព្រះ​គម្ពីរ​សញ្ញា​ថ្មី តាម​តែ​ការ​នឹក​ឃើញ​របស់​គាត់​នោះ។ គាត់​បាន​គោរព​ទំនៀម​ទម្លាប់​របស់​ពួក​ជំនុំ​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​កណ្ឌ​គម្ពីរ​យ៉ាកុប។

៣. ការ​ស្វែង​យល់​អំពី​គោល​ជំហរ​របស់​លោក​គ្រូ លូសើរ

តើ​លោក​គ្រូ លូសើរ មាន​ការ​យល់​ដឹង​ត្រឹម​ត្រូវ អំពី​កណ្ឌ​គម្ពីរ​យ៉ាកុប និង​អំពី​គោលការណ៍​ទូទៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ដែរ​ឬ​ទេ? មក​ដល់​ពេល​នេះ ចូរ​យើង​ងាក​មក​មើល​ការ​វាយ​តម្លៃ​ផ្នែក​ទេវវិទ្យា​មក​លើ​គោល​ជំហរ​របស់​លោក​គ្រូ លូសើរ ចំពោះ​កណ្ឌ​គម្ពីរ​យ៉ាកុប ដោយ​យើង​បែរ​ចេញ​ពី​ទេវវិទ្យា​ផ្នែក​ប្រវត្តិ​សាស្ត្រ​មក​រក​ទេវវិទ្យា​ប្រព័ន្ធ​វិញ។ លោក​គ្រូ លូសើរ បាន​មើល​ឃើញ​តួនាទី​​ដ៏​សំខាន់​របស់​ពួក​សាវ័ក នៅ​ក្នុង​គោល​ការណ៍​នៃ​ព្រះ​គម្ពីរ​សញ្ញាថ្មី។ កណ្ឌ​គម្ពីរ​សញ្ញា​ថ្មី​នីមួយៗ ត្រូវ​បាន​គេ​ទទួល​ស្គាល់ ដោយ​ផ្អែក​ទៅ​លើ​ការ​យល់​ដឹង អំពី​ភាព​ជា​អ្នក​និពន្ធ​នៃ​ពួក​សាវ័ក ក្នុង​កណ្ឌ​នោះ។

ក្នុង​គ្រា​សញ្ញា​ថ្មី ពួក​សាវ័ក​គឺ​ជា​អ្នក​ដែល​ត្រូវ​បាន​ចាត់ ឲ្យ​នាំ​សារ ដែល​អ្នក​ផ្ញើ​បាន​ផ្តល់​ឲ្យ (យ៉ូហាន ១៣:១៦)។ ហេតុ​ដូច​នេះ​ហើយ ព្រះ​គ្រីស្ទ​បាន​ចាត់​ពួក​សាវ័ក ចូល​ទៅ​ក្នុង​លោកិយ ឲ្យ​នាំ​ព្រះ​រាជ​សារ​ដែល​ព្រះ​អង្គ​បាន​ផ្ទុកផ្ដាក់​នឹង​ពួក​គេ (យ៉ូហាន ២០:២១; កាឡាទី ១:១)។ ក្នុង​កិច្ចការ​ដ៏​សំខាន់​នេះ ពួក​គេ​ត្រូវ​ធ្វើ​ជា​ស្មរ​បន្ទាល់​នៃ​ព្រះ​គ្រីស្ទ ដែល​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ (១កូរិនថូស ៩:១; ១៥:៥-៨)។ ដើម្បី​ការពារ​ភាព​ត្រឹម​ត្រូវ​នៃ​ព្រះ​រាជ​សារ​របស់​ព្រះ​គ្រីស្ទ ព្រះ​អង្គ​បាន​សន្យា​ថា នឹង​ប្រទាន​ព្រះ​វិញ្ញាណ ដែល​នឹង​នាំ​ពួក​សាវ័ក​ចូល​ទៅ​ក្នុង​សេចក្តី​ពិត (យ៉ូហាន ១៦:១៣; ១កូរិនថូស ២:១៣) ដែល​ការ​នេះ​ក៏​សំខាន់ ចំពោះ​គោល​លទ្ធិ​នៃ​ការ​ទទួល​ការ​បណ្តាល​ពី​ព្រះ​វិញ្ញាណ​ផង​ដែរ។ ដោយសារ​ពួក​សាវ័ក​មាន​តួនាទី​ដ៏​សំខាន់​យ៉ាង​នេះ​ហើយ បាន​ជា​ការ​និពន្ធ​កណ្ឌ​គម្ពីរ​នីមួយៗ (យ៉ូហាន ២០:៣១; ២ពេត្រុស ១:១២-១៥) ជា​មធ្យោបាយ​តែ​មួយ​គត់ ដើម្បី​ឲ្យ​ព្រះ​រាជសារ​ដែល​ព្រះ​ផ្ទុកផ្ដាក់​ពួក​គេ អាច​នៅ​តែ​មាន សម្រាប់​អ្នក​ជឿ​ទាំង​អស់​នៅ​ពេល​អនាគត (យ៉ូហាន ១៧:២០)។ ដូចនេះ ហេតុ​ផល​ដែល​ត្រូវ​រាប់​បញ្ចូល​កណ្ឌ​ណា​មួយ ទៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី គឺ​ផ្អែក​ទៅ​លើ​ការ​ពិត​ដែល​ថា កណ្ឌ​នោះ​ត្រូវ​បាន​ពួក​សាវ័ក​និពន្ធ​ឬ​អត់។ ហើយ​ក៏​រាប់​បញ្ចូល​អ្នក​ដែល​ចូល​រួម ជា​មួយ​ពួក​សាវ័ក នៅ​ក្នុង​ការ​និពន្ធ​កណ្ឌ​ទាំង​នោះ​ផង​ដែរ។ ឧទាហរណ៍៖ លោក ស៊ីឡាស និង​លោក ធីម៉ូថេ បាន​ចូល​រួម​ជា​មួយ​សាវ័ក ប៉ុល ក្នុង​ការ​និពន្ធ កណ្ឌ ១និង២ថែស្សាឡូនិច (១ថែស្សាឡូនិច ១:១; ២ថែស្សាឡូនិច ១:១)។ ការ​បង្រៀន​ដែល​អ្នក​ទាំង​បី​បាន​ចែក​ចាយ​ក្នុង​កណ្ឌ​ទាំង​នេះ​ជា​ព្រះ​បន្ទូល​ព្រះ (១ថែស្សាឡូនិច ២:១៣) ហើយ​មាន​អំណាច​នៃ​ព្រះ​គ្រីស្ទ (១ថែស្សាឡូនិច ៤:២) សម្រាប់​ឲ្យ​យើង​ជឿ និង​ស្តាប់​បង្គាប់​តាម (២ថែស្សាឡូនិច ២:១៥) ហើយ​អ្នក​ដែល​ព្រងើយ​កន្តើយ​នឹង​ការ​បង្រៀន​នេះ នឹង​ត្រូវ​គេ​ឈប់​ភប់​ប្រសព្វ​ជា​មួយ (២ថែស្សាឡូនិច ៣:៦, ១៤)។ ខ្នាត​គំរូ​នៃ​ការ​វិនិច្ឆយ ដែល​ទទួល​ស្គាល់​ភាព​ជា​អ្នក​និពន្ធ​របស់​ពួក​សាវ័ក និង​អ្នក​ដទៃ​ទៀត​ដែល​បាន​ចូល​រួម​និពន្ធ មិន​គ្រាន់​តែ​មាន​ចែង នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​បាន​លើក​មក​និយាយ ក្នុង​ការ​បង្រៀន​របស់​អ្នក​ដឹក​នាំ​ពួក​ជំនុំ​ដំបូង ដែល​មាន​លោក អ៊ីរេនាស ( Irenaeus) និង​លោក ទ័រទូលាន (Tertullian) ជា​ដើម។22 ឧទាហរណ៍៖ លោក ទ័រទូលាន បាន​មាន​ប្រសាសន៍​ថា៖

គោល​ជំហរ​ទីមួយ​របស់​យើង​ខ្ញុំ បាន​ទទួល​ស្គាល់​ថា ព្រះ​គម្ពីរ​របស់​គ្រីស្ទ​បរិស័ទ​ដំណឹងល្អ [គឺ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី] មាន​ពួក​សាវ័ក​ជា​អ្នក​និពន្ធ ដែល​ព្រះ​អម្ចាស់​បាន​ចាត់​តាំង ឲ្យ​មាន​តួនាទី​នៅ​ក្នុង​ការ​ចែក​ចាយ​ដំណឹងល្អ​ជា​លាយ​លក្ខណ៍​អក្សរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​ដែល​ព្រះ​អង្គ​បាន​ចាត់​ឲ្យ​ចេញ​ទៅ​ផ្សាយ​ដំណឹង​ល្អ មិន​ធ្វើ​ការ​តែ​ម្នាក់​ឯង តែ​ជា​មួយ​ពួក​សាវ័ក និង​ពួក​សិស្ស​របស់​ពួក​សាវ័ក ព្រោះ​ការ​ផ្សាយ​ព្រះ​បន្ទូល​ដោយ​ពួក​សិស្ស អាច​ត្រូវ​គេ​សង្ស័យ​ថា មិន​មែន​ជា​ព្រះ​បន្ទូល​ពិត ដែល​ថ្វាយ​សិរីល្អ​ដល់​ព្រះ បើ​មិន​ជាប់​មក​ជា​មួយ​នូវ​សិទ្ធិ​អំណាច​របស់​គ្រូៗ​របស់​ពួក​គេ ដែល​ជា​សិស្ស​ព្រះ​គ្រីស្ទ ដែល​បាន​ចាត់​តាំង​ពួក​សាវ័ក​ឲ្យ​ធ្វើ​ជា​គ្រូ​របស់​ពួក​គេ។23

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​គ្រូ លូសើរ មិន​បាន​បង្ហាញ​នូវ​ការ​ទទួល​ស្គាល់​ឲ្យ​បាន​គ្រប់​គ្រាន់ ចំពោះ​ភស្តុតាង ដែល​បង្ហាញ​ថា កណ្ឌ​គម្ពីរ​យ៉ាកុប​ត្រូវ​បាន​និពន្ធ​ដោយ​ពួក​សាវ័ក។ ព្រះ​យេស៊ូវ​មាន​សាវ័ក​ពីរ​នាក់​ឈ្មោះ យ៉ាកុប៖ គឺ​សាវ័ក យ៉ាកុប ជា​កូន​លោក សេបេដេ និង​លោក​យ៉ាកុប ជា​កូន​លោក អាល់ផាយ។ លោក​គ្រូ លូសើរ បាន​ធ្វើ​ការ​សន្និដ្ឋាន​ដ៏​ត្រឹម​ត្រូវ​ថា សាវ័ក យ៉ាកុប ជា​កូន​លោក សេបេដេ បាន​ត្រូវ​គេ​សម្លាប់​ដោយ​សារ​ជំនឿ​លឿន​ពេក គឺ​មិន​ទំនង​ជា​បាន​និពន្ធ​កណ្ឌ​គម្ពីរ​យ៉ាកុប​នោះ​ទេ (កិច្ចការ ១២:២)។ ហើយ​គេ​បាន​ដឹង​តិច​តួច​ណាស់ អំពី​តួនាទី​របស់​សាវ័ក យ៉ាកុប ជា​កូន​លោក អាល់ផាយ នៅ​ក្នុង​ពួក​ជំនុំ​ដំបូង។ អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​យ៉ាកុប​ប្រាកដ​ជា​មាន​សិទ្ធិ​អំណាច ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ «ពូជ​អំបូរ​ទាំង​១២​នៃ​សាសន៍​អ៊ីស្រាអែល ដែល​រស់​នៅ​ខ្ចាត់​ខ្ចាយ ក្នុង​ប្រទេស​ដទៃ» (យ៉ាកុប ១:១)។ មាន​ម្នាក់​ទៀត​ឈ្មោះ​យ៉ាកុប​ដែរ ដែល​ស័ក្តិសម​នឹង​តួនាទី​នេះ​បំផុត គឺ​លោក​យ៉ាកុប ជា​ប្អូន​ប្រុស​របស់​ព្រះ​យេស៊ូវ (ម៉ាថាយ ១៣:៥៥; ម៉ាកុស ៦:៣)។

ព្រះ​គ្រីស្ទ​បាន​ចាត់​ពួក​សាវ័ក​ទាំង​១២​នាក់​របស់​ទ្រង់​ឲ្យ​ចេញ​ទៅ។ ប៉ុន្តែ លើស​ពី​នេះ​ទៀត ព្រះ​អង្គ​ក៏​បាន​ចាត់​សាវ័ក​ផ្សេងៗ​ទៀត (១កូរិនថូស ១៥:៧)។ សាវ័ក «ចុងក្រោយ» គឺ​សាវ័ក ប៉ុល (១កូរិនថូស ១៥:៨)។ ហើយ​សាវ័ក​មួយ​ទៀត គឺ​លោក​យ៉ាកុប ជា​ប្អូន​ប្រុស​ព្រះ​យេស៊ូវ។ គាត់​មិន​ស្ថិត​ក្នុង​ចំណោម​ពួក​សាវ័ក​ដំបូង​ទាំង​១២​នាក់​ទេ​តែ​ក្រោយ​មក​ក៏​បាន​ក្លាយ​ជា​សាវ័ក​ម្នាក់​ផង​ដែរ (កាឡាទី ១:១៩)។ គេ​ជឿ​ថា ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ បាន​បណ្តាល​ឲ្យ​គាត់​ក្លាយ​ជា​សាវ័ក​របស់​ព្រះ​អង្គ (១កូរិនថូស ១៥:៧)។ ជាង​នេះ​ទៅ​ទៀត សាវ័ក​យ៉ាកុប​នេះ មិន​មែន​ជា​សាវ័ក​ធម្មតា​នោះ​ឡើយ តែ​ជា​សាវ័ក ដែល​ជា «សសរ» ទាំង​៣​ជា​មួយ​សាវ័ក ពេត្រុស និង​សាវ័ក យ៉ូហាន (កាឡាទី ២:៩)។ ជា​ការ​ពិត​ណាស់ សាវ័ក យ៉ាកុប នេះ​បាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ពួក​ជំនុំ​នៅ​ទីក្រុង​យេរូសាឡឹម (កិច្ចការ ១២:១៧; ២១:១៨; កាឡាទី ២:១២)។ គាត់​ហាក់​ដូច​ជា​មាន​សិទ្ធិ​អំណាច​ពិសេស ក្នុង​ក្រុម​ប្រឹក្សា​នៅ​ទីក្រុង​យេរូសាឡឹម (កិច្ចការ ១៥:១៣)។ ហើយ​ដោយ​ផ្អែក​ទៅ​លើ​លក្ខណសម្បត្តិ​ទាំង​នេះ អ្នក​ប្រាជ្ញ​ព្រះ​គម្ពីរ​បាន​សន្និដ្ឋាន​ថា លោក​យ៉ាកុប​ដែល​ជា​អ្នក​ដឹក​នាំ​នៅ​ទីក្រុង​យេរូសាឡឹម ជា​ប្អូន​ប្រុស​ព្រះ​យេស៊ូវ ជា​សាវ័ក​របស់​ទ្រង់ មាន​ភាព​សក្តិ​សម​ជាង​គេ នៅ​ក្នុង​ការ​ធ្វើ​ជា​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​យ៉ាកុប។24

ប៉ុន្តែ ចុះ​ចំណែក​ឯ​ការ​អះ​អាង​របស់​លោក​គ្រូ លូសើរ ថា កណ្ឌ​គម្ពីរ​យ៉ាកុប មិន​មាន​សំណេរ​បែប​ពួក​សាវ័ក ព្រោះ​កណ្ឌ​នេះ​មិន​បាន​និយាយ អំពី​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ? ត្រង់​ចំណុច​នេះ លោក​គ្រូ លូសើរ បាន​ធ្វើ​ការ​សន្និដ្ឋាន អំពី​កណ្ឌ​ដែល​មាន​ការ​បង្រៀន​របស់​ពួក​សាវ័ក យ៉ាង​ដូច​នេះ​ថា៖ ជា​និច្ចកាល ពួក​សាវ័ក​តែង​តែ​បង្រៀន អំពី​ការ​សុគត និង​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ ដែល​នាំ​មក​នូវ​សេចក្តី​សង្គ្រោះ។ លោក​គ្រូ លូសើរ បាន​លើក​ឡើង​នូវ​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ ក្នុង​បទ​គម្ពីរ យ៉ូហាន ១៥:២៧ ធ្វើ​ជា​ភស្តុតាង​ដែល​បាន​ចែង​ថា៖ «ហើយ​អ្នក​រាល់​គ្នា [សាវ័ក] នឹង​ធ្វើ​បន្ទាល់​ដែរ ពីព្រោះ​អ្នក​រាល់​គ្នា​បាន​នៅ​ជា​មួយ​នឹង​ខ្ញុំ តាំង​តែ​ពី​ដើម​មក»។ ការ​ទាម​ទា​របស់​លោក​គ្រូ លូសើរ គឺ​ទាក់​ទង​នឹង​ការ​យល់​ដឹង​របស់​គាត់​អំពី​លក្ខណៈ​នៃ​ដំណឹង​ល្អ និង​ភាព​ខុសៗ​គ្នា​រវាង​ក្រឹត្យ​វិន័យ និង​ដំណឹង​ល្អ​ដូច​តទៅ៖

ហេតុ​នេះ​ហើយ ខ្ញុំ​ត្រូវ​តែ​ទទួល​ការ​ប្រឹក្សា​ពី​ដំណឹង​ល្អ ហើយ​ស្តាប់​ដំណឹង​ល្អ ដែល​មិន​បង្រៀន​ខ្ញុំ អំពី​អ្វី​ដែល​ខ្ញុំ​គួរ​តែ​ធ្វើ​នោះ​ទេ ព្រោះ​នេះ​ជា​តួនាទី​ដ៏​ត្រឹម​ត្រូវ​របស់​ក្រឹត្យ​វិន័យ ដែល​បាន​បង្រៀន​ខ្ញុំ​អំពី​ការ​អ្វី ដែល​អង្គ​បុគ្គល​ម្នាក់​បាន​ធ្វើ​សម្រាប់​ខ្ញុំ ទ្រង់​មាន​ព្រះ​នាម​ថា​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ដែល​បាន​រង​ទុក្ខ ហើយ​សុគត ដើម្បី​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​បាប និង​សេចក្តី​ស្លាប់។ ដំណឹង​ល្អ​បាន​បង្គាប់​ខ្ញុំ ឲ្យ​ទទួល​ស្គាល់ និង​ជឿ​ដូច​នេះ ហើយ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​ហៅ​ថា «សេចក្តី​ពិត នៃ​ដំណឹង​ល្អ»។25

ចំពោះ​លោក​គ្រូ លូសើរ ដំណឹង​ល្អ​បាន​បង្រៀន​អំពី​ព្រះ​បន្ទូល​សន្យា និង​ការ​ឆ្លើយ​តប​ដោយ​ជំនឿ ចំណែក​ឯ​ក្រឹត្យ​វិន័យ​វិញ គឺ​បាន​បង្គាប់​ឲ្យ​ឆ្លើយ​តប ដោយ​ការ​ប្រព្រឹត្ត។ ហេតុ​នេះ​ហើយ​លោក​គ្រូ លូសើរ ជឿ​ថា ការ​ប្រែ​ចិត្ត គឺជា​ការ​តម្រូវ​របស់​ក្រឹត្យ​វិន័យ មិន​មែន​ការ​តម្រូវ​របស់​ដំណឹង​ល្អ​នោះ​ឡើយ។

ជា​ការ​ពិត​ណាស់ ពួក​សាវ័ក​ត្រូវ​ផ្សាយ​ដំណឹង​ល្អ។ ប៉ុន្តែ ពួក​គេ​មិន​គ្រាន់​តែ​ផ្សាយ​ដំណឹង​ល្អ​ប៉ុណ្ណោះ​ទេ។ ទំនៀម​ទម្លាប់​របស់​ពួក​កំណែ​ទម្រង់ បាន​កើត​មាន ក្នុង​សម័យ​កំណែ​ទម្រង់ មាន​ការយល់​ឃើញ​ខុស​ពី​លោក​គ្រូ លូសើរ អំពី​ការ​តម្រូវ​របស់​ក្រឹត្យ​វិន័យ។ ពួក​គេ​ជឿ​ថា ដំណឹង​ល្អ​តម្រូវ​ឲ្យ​មាន​ជំនឿ និង​ការ​ប្រែ​ចិត្ត (កិច្ចការ ១៤:១៥)។26 ដូច​នេះ ទិដ្ឋភាព​ដ៏​សំខាន់​នៃ​ការ​បង្រៀន​របស់​ពួក​សាវ័ក គឺ​និយាយ​អំពី​ការ​រស់​នៅ​ដោយ​ការ​ប្រែ​ចិត្ត ដែល​សក្ដិសម​នឹង​ដំណង​ល្អ។ ការ​នេះ​ស្រប​តាម​ការ​បង្រៀន​របស់​ព្រះ​យេស៊ូវ ក្នុង​ព្រះ​គម្ពីរ​ដំណឹង​ល្អ​ផង​ដែរ។ ព្រះ​អង្គ​បាន​ផ្សាយ​ដំណឹង​ល្អ តែ​ក៏​បាន​ផ្សាយ​អំពី​ការ​រស់​នៅ ដែល​សម​ស្រប​នឹង​ដំណឹង​ល្អ​ផង​ដែរ គឺ​ដូច​ដែល​ឃើញ​មាន ក្នុង​បទ​គម្ពីរ​ការ​អធិប្បាយ​នៅ​លើ​ភ្នំ។ គ្មាន​ហេតុ​ផល​ជា​គោល​ការណ៍​ដែល​ថា ការ​និពន្ធ​របស់​ពួក​សាវ័ក​មិន​អាច​មាន​ការ​បង្រៀន​ជា​ច្រើន អំពី​ខ្នាត​គំរូ​នៃ​ការ​រស់​នៅ​របស់​គ្រីស្ទាន​នោះ​ទេ។ នេះ​ជា​ផ្នែក​ដ៏​ចាំ​បាច់ នៃ​ការ​បង្រៀន​របស់​ពួក​សាវ័ក។ ហេតុ​នេះ​ហើយ កណ្ឌ​ភីលេម៉ូន ២យ៉ូហាន និង​៣យ៉ូហាន មិន​បាន​និយាយ​ឲ្យ​ជាក់​លាក់ អំពី​ការ​សុគត ឬ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ តែ​ផ្ដោត​ទៅ​លើ​ការ​រស់​នៅ​ជាក់​ស្តែង។ ចុះ​ចំណែក​ឯ​កណ្ឌ​គម្ពីរ​យ៉ាកុប​វិញ? គឺ​ដូច​ដែល​លោក ចន ខិលវិន (John Calvin) បាន​មាន​ប្រសាសន៍​ថា៖

បើ​កណ្ឌ​គម្ពីរ​យ៉ាកុប​ហាក់​ដូច​ជា​ស្ទាក់​ស្ទើរ​ជាង​ពួក​សាវ័ក ក្នុង​ការ​ផ្សាយ​អំពី​ព្រះ​គុណ​ព្រះ​អង្គ នោះ​យើង​ត្រូវ​តែ​ចាំ​ថា យើង​មិន​ត្រូវ​រំពឹង​ឲ្យ​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​និយាយ​អំពី​ប្រធាន​បទ​ដូចៗ​គ្នា​នោះ​ទេ។27

ជាង​នេះ​ទៅ​ទៀត លោក​គ្រូ លូសើរ មាន​ការ​ខក​ខាន មិន​បាន​ពន្យល់ អំពី​លក្ខណៈ​នៃ​ការ​បង្រៀន​របស់​កណ្ឌ​គម្ពីរ​យ៉ាកុប ដែល​អាច​កើត​មាន​នៅ​ពេល​ខ្លះ។ កណ្ឌ​នេះ​មិន​គ្រាន់​តែ​ជា​ការ​និយាយ​សង្ខេប អំពី​របៀប​នៃ​ការ​រស់​នៅ​របស់​គ្រីស្ទ​បរិស័ទ សម្រាប់​ពួក​ជំនុំ​គ្រប់​ជំនាន់​ប៉ុណ្ណោះ​ទេ។ កណ្ឌ​សំបុត្រ​នេះ​ត្រូវ​បាន​សរសេរ​ផ្ញើ​ទៅ​អ្នក​ជឿ​មួយ​ក្រុម ក្នុង​សម័យ​ដ៏​ជាក់​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ ដើម្បី​គោល​បំណង​ដ៏​ជាក់​លាក់​មួយ។ លោក ហេនរីច ប៊ូលីងហ្គ័រ (Heinrich Bullinger) ដែល​ជា​អ្នក​កំណែ​ទម្រង់​ស្វីស បាន​លើក​ឡើង​ថា៖ «ដូច​នេះ សាវ័ក យ៉ាកុប បាន​សរសេរ​សំបុត្រ​នោះ ទៅ​កាន់​អ្នក​ដែល​បាន​ប្រែ​ចិត្ត​ជឿ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ហើយ​ដូច​នេះ គាត់​មិន​បាន​និយាយ​អំពី​គោលការណ៍​ទី១​នៃ​ជំនឿ និង​គោល​លទ្ធិ​នៃ​ជំនឿ​របស់​យើង តែ​គាត់​បាន​កែ​តម្រង់​អំពើ​បាប​មួយ​ចំនួន ដែល​ឃើញ​មាន​ក្នុង​រាស្ត្រ​របស់​ព្រះ»។28

នៅ​សម័យ​កំណែ​ទម្រង់ ទំនៀម​ទម្លាប់​នៃ​កំណែ​ទម្រង់​មិន​មាន​បញ្ហា​នៅ​ក្នុង​ការ​ផ្សា​ភ្ជាប់​ការ​បង្រៀន​របស់​លោក​យ៉ាកុប អំពី​ការ​រាប់​ជា​សុចរិត ជា​មួយ​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល​នោះ​ទេ។ ដំណោះ​ស្រាយ​នោះ​គឺ​ត្រូវ​ទទួល​ស្គាល់​ថា ពាក្យ «ការ​រាប់​ជា​សុចរិត» មាន​អត្ថ​ន័យ​មួយ​ចំនួន ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ហើយ​សាវ័ក យ៉ាកុប និង​សាវ័ក ប៉ុល បាន​ប្រើ​ពាក្យ​នេះ ក្នុង​ន័យ​ផ្សេងៗ​គ្នា។29 សម្រាប់​សាវ័ក ប៉ុល ការ​រាប់​ជា​សុចរិត​គឺជា «ការ​ប្រកាស​ថា សុចរិត» ចំណែក​សាវ័ក យ៉ាកុប វិញ ការ​រាប់​ជា​សុចរិត «គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា សុចរិត»។ គឺ​ដូច​ដែល​លោក វៀលឡាម ថិនដិល (William Tyndale) បាន​មាន​ប្រសាសន៍​យ៉ាង​ត្រឹម​ត្រូវ​ថា៖ «ហើយ​ជំនឿ​គ្រាន់​តែ​បាន​ធ្វើ​ឲ្យ​យើង​សុចរិត​នៅ​ចំពោះ​ព្រះ នោះ​ការ​ប្រព្រឹត្ត​វិញ ក៏​បាន​ធ្វើ​ឲ្យ​យើង​សុចរិត នោះ​ចំពោះ​លោកិយ​ផង​ដែរ»។30

ក្នុង​ចំណុច​ចុង​ក្រោយ យើង​ចាំ​បាច់​ត្រូវ​ពន្យល់ អំពី​ការ​បែង​ចែក​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ជា​ពីរ​ក្រុម។ ការ​នេះ​មិន​សម​ស្រប​នឹង​គោលលទ្ធិ​នៃ​ការ​បណ្តាល​ឲ្យ​តែង​ព្រះ​គម្ពីរ (២ធីម៉ូថេ ៣:១៦)។ ការ​បណ្តាល​ពី​ព្រះ​វិញ្ញាណ​ឲ្យ​និពន្ធ​ព្រះ​គម្ពីរ មិន​មាន​កម្រិត​ផ្សេងៗ​គ្នា​នោះ​ឡើយ។ មិន​មាន​កណ្ឌ​ណា ដែល​បាន​ទទួល​ការ​បណ្តាល​តិច​ជាង​កណ្ឌ​ដទៃ​ទៀត​នោះ​ទេ។ ជា​ការ​ពិត​ណាស់ កណ្ឌ​ខ្លះ​អាច​មាន​លក្ខណៈ​ជា​ចំណុច​ស្នូល នៃ​ការ​បង្រៀន​ជា​រួម​នៃ​ព្រះ​គម្ពីរ​ខ្លាំង​ជាង​កណ្ឌ​ផ្សេងៗ​ទៀត។ តែ​មិន​មាន​ន័យ​ថា កណ្ឌ​នោះ​បាន​ទទួល​ការ​បណ្តាល​ខ្លាំង​ជាង​កណ្ឌ​ដទៃ​ទៀត​នោះ​ទេ។ កណ្ឌ​គម្ពីរ​រ៉ូម​អាច​មាន​ភាព​សំខាន់​ជាង​កណ្ឌ​ភីលេម៉ូន តែ​កណ្ឌ​ទាំង​ពីរ​បាន​ទទួល​ការ​បណ្តាល​ឲ្យ​តែង​ដូច​គ្នា។ ដូច​នេះ តាម​ការ​បក​ស្រាយ​នេះ អំពី​ការ​បណ្តាល​ពី​ព្រះ​វិញ្ញាណ ព្រះ​គម្ពីរ​មាន​ក្រុម​តែ​មួយ​ប៉ុណ្ណោះ។ ដូច​នេះ ខណៈ​ពេល​ដែល​លោក អូរីចិន (Origen) និង​លោក យូស៊ីប៊ីអូស (Eusebius) បាន​មើល​ឃើញ​ថា ព្រះ​គម្ពីរ​សញ្ញាថ្មី​មាន​ពី​ក្រុម មនុស្ស​ជា​ច្រើន​ទៀត​ក្នុង​ពួក​ជំនុំ​សម័យ​ដើម គ្រាន់​តែ​បាន​ដាក់​កណ្ឌ​គម្ពីរ​សញ្ញាថ្មី​ទាំង​អស់​ក្នុង​ក្រុម​តែ​មួយ ដែល​ត្រូវ​តាម​គោលការណ៍​ព្រះគម្ពីរ។ យើង​បាន​ឃើញ​ការ​ដាក់​ក្នុង​ក្រុម​តែ​មួយ​នេះ នៅ​ក្នុង​ការ​រាប់​បញ្ចូល​មួយ​ចំនួន​ទៀត ដែល​ស្ទើរ​តែ​មាន​លក្ខណៈ​ជា​ផ្លូវ​ការ ដែល​មាន​ដូច​ជា សំបុត្រ​នៃ​ពិធី​បុណ្យ​ទី​៣៩​របស់​លោក អាថានេហ្សឺស៍ (Athanasius)31 ក្រុម​ប្រឹក្សា​នៅ​ទី​ក្រុង​ឡៅឌីសេ (ឆ្នាំ៣៦៣)32 និង​ក្រុម​ប្រឹក្សា​ទី៣​នៅ​តំបន់​ខាធីជ (៣៩៧)។33

៤. សេចក្តី​បញ្ចប់

ទី១ យើង​ឃើញ​ថា ការ​ចោទ​ប្រកាន់​ថា លោក​គ្រូ លូសើរ ចង់​ដក​កណ្ឌ​គម្ពីរ​យ៉ាកុប​ចេញ​ពី​ព្រះ​គម្ពីរ គឺ​ជា​ការ​មើល​ស្រាល​អំពី​ទម្ងន់​នៃ​បញ្ហា​នេះ ហើយ​ក៏​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ។ មូល​ហេតុ គឺ​ដោយ​សារ​លោក​គ្រូ លូសើរ មាន​ទស្សនៈ​ពីរ​កម្រិត អំពី​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ឬ​ជា​អ្វី​ដែល​គេ​ហៅ​ថា «ក្រុម​កណ្ឌ​គម្ពីរ» នៅ​ក្នុង​ក្រុម​កណ្ឌ​គម្ពីរ​ដែល​គេ​ទទួល​ស្គាល់។ ដូច​នេះ​លោក​គ្រូ លូសើរ ចង់​ដាក់​កណ្ឌ​គម្ពីរ​យ៉ាកុប​នៅ​ក្រៅ «ក្រុម​កណ្ឌ​គម្ពីរ​ចម្បង» តែ​គាត់​មិន​ដែល​ចង់​ដក​កណ្ឌ​នេះ​ចេញ​ពី​ព្រះ​គម្ពីរ​នោះ​ឡើយ។

ទី២ គេ​បាន​បង្ហាញ​ថា លោក​គ្រូ លូសើរ បាន​លើក​ឡើង​ថា ការ​សន្និដ្ឋាន​របស់​គាត់​អំពី​កណ្ឌ​គម្ពីរ​យ៉ាកុប មិន​មាន​ភាព​ដាច់​ខាត​សម្រាប់​អ្នក​ជឿ​ទាំង​អស់​នោះ​ឡើយ។ គាត់​មាន​ការ​សប្បាយ​ចិត្ត បើ​សិន​ជា​អ្នក​ដទៃ​មិន​យល់​ស្រប​មតិ​គាត់ ព្រោះ​គាត់​បាន​ទទួល​ស្គាល់​ថា គេ​មាន​ទស្សនៈ​ខុសៗ​គ្នា អំពី​កណ្ឌ​គម្ពីរ​យ៉ាកុប ក្នុង​ទំនៀម​ទម្លាប់​គ្រីស្ទាន។ លោក​គ្រូ លូសើរ បាន​ដឹង​ថា ទស្សនៈ​របស់​គាត់ ត្រូវ​មាន​ការ​ផ្ទៀង​ផ្ទាត់​នឹង​ទំនៀម​ទម្លាប់​របស់​គ្រីស្ទាន។

ទី៣ ប៉ុន្តែ​យើង​ក៏​បាន​ឃើញ​ថា យើង​ពិបាក​យល់​ស្រប​នឹង​គោល​ជំហរ​របស់​លោក​គ្រូ លូសើរ អំពី​ព្រះគម្ពីរ​សញ្ញា​ថ្មី​ដែល​មាន​ពីរ​កម្រិត និង​ការ​ដក​កណ្ឌ​គម្ពីរ​យ៉ាកុប ចេញ​ពី​ក្រុម​កណ្ឌ​គម្ពីរ​ចម្បង​ដែរ។ ការ​បង្រៀន​របស់​ព្រះ​គម្ពីរ អំពី​ការ​ដែល​ព្រះ​វិញ្ញាណ​បណ្តាល​ឲ្យ​តែង​ព្រះ​គម្ពីរ​បាន​បង្ហាញ​ថា គ្មាន​ក្រុម​ព្រះ​គម្ពីរ​ណា នៅ​ក្នុង​ក្រុម​ព្រះ​គម្ពីរ​ដែល​គេ​ទទួល​ស្គាល់​នោះ​ទេ។ ជាង​នេះ​ទៅ​ទៀត ភស្តុតាង​ចេញ​ពី​ព្រះ​គម្ពីរ​សញ្ញាថ្មី បាន​បង្ហាញ​ថា កណ្ឌ​គម្ពីរ​យ៉ាកុប​ត្រូវ​បាន​និពន្ធ​ដោយ​សាវ័ក​ម្នាក់ ហើយ​មាន​អត្ថបទ​ជា​ការ​បង្រៀន​របស់​ពួក​សាវ័ក ហេតុ​នេះ​ហើយ កណ្ឌ​នេះ​បាន​ទទួល​ការ​បណ្តាល​ទាំង​ស្រុង និង​ពិត​ប្រាកដ​ពី​ព្រះ​វិញ្ញាណ​មែន។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

សេចក្ដី​អំណរ​នៅ​ក្នុង​ទុក្ខ​លំបាក​ លោក ចន កាល់វិន

អត្ថបទ​លេខ​២-តើ​ការ​ចុះ​ចូល​នឹង​អាពាហ៍ពិពាហ៍​ស្រប​តាម​ព្រះ​គម្ពីរ​គឺ​ជា​អ្វី?