ខ្ញុំគិតថា ចំណុចស្នូលដែលខ្ញុំនឹងលើកឡើងទាក់ទងនឹងសំណួរនេះគឺ៖ មិនថាព្រះជាម្ចាស់មានមូលហេតុអ្វីក៏ដោយទាក់ទងនឹងការដែលព្រះអង្គញែកយើងជាបរិសុទ្ធក្នុងរបៀបដ៏យឺតយ៉ាវ ឈឺចាប់ ពេញទៅដោយការធ្វើសង្គ្រាមក៏ដោយ ក៏ការជ្រើសរើសរបស់ព្រះអង្គនេះគឺ ពីព្រោះទ្រង់ទទួលបានសិរីល្អខ្លាំងជាង ពេលដែលយើងច្បាំងក្នុងសង្គ្រាមជាប្រចាំថ្ងៃជាមួយនឹងអាវុធដែលព្រះអង្គបានប្រទានដល់យើង និងក្នុងរបៀបដែលព្រះអង្គបានគ្រោងទុកសម្រាប់យើង។ ដូច្នេះ ចូរយើងចាប់ផ្ដើមតយុទ្ធឲ្យបានយ៉ាងល្អចុះ!
សិនបើគ្រីស្ទបរិស័ទបានកើតជាថ្មី ហើយបានស្លាប់ចំពោះអំពើបាបហើយ ចុះហេតុអ្វីបានជាអំពើបាបមានឥទ្ធិពលលើការសម្រេចចិត្តក្នុងចិត្តរបស់យើងអញ្ចឹង? ដូចគ្នានឹងសាច់ឈាមដែរ? ហេតុអ្វីបានជាយើងត្រូវសម្លាប់វាជារៀងរាល់ថ្ងៃ? សណ្ឋានរបស់ខ្ញុំក្នុងព្រះគ្រីស្ទ និងការងារប្រចាំថ្ងៃរបស់ខ្ញុំ—ការសម្លាប់មួយនេះ—ហាក់បីដូចជា (ហើយមានអារម្មណ៍ថា) វាជំទាស់នឹងគ្នា!
ប្រាកដណាស់! ពិតមែនហើយ។ ខ្ញុំក៏យល់ពីអារម្មណ៍នេះដែរ។ តោះ! ចូរយើងព្យាយាមធ្វើនូវចំណុចពីរយ៉ាងក្នុងការឆ្លើយសំណួរនេះ។ ទី១៖ ចូរព្យាយាមបង្ហាញចេញពីព្រះគម្ពីរសញ្ញាថ្មីអំពីអ្វីដែលពិតជាបានកើតឡើងក្នុងការកើតជាថ្មី ជាពិសេសទាក់ទងទៅនឹងការដែលគ្រីស្ទបរិស័ទនៅបន្តប្រព្រឹត្តអំពើបាបទៀត។ ទី២៖ ហើយបន្ទាប់មក ចូរយើងសាកល្បងមើលថា តើយើងអាចឆ្លើយបានយ៉ាងហោចណាស់ផ្នែកខ្លះៗនូវសំណួរ «ហេតុអ្វីបានជាព្រះជាម្ចាស់ធ្វើវាក្នុងរបៀបនោះ?» ពីព្រោះនេះហើយគឺជាចំណុចស្នូលនៃសំណួរមួយនេះ។ ប៉ុន្តែ មុនយើងអាចទៅដល់ចំណុចនោះបាន ខ្ញុំគិតថា ជាដំបូងយើងត្រូវចាប់ផ្ដើមសួរថា «តើមានអ្វីកើតឡើងក្នុងការបង្កើតជាថ្មី ឬក៏ក្នុងការកើតជាថ្មី?»។
ការកើតជាថ្មី
ចម្លើយរបស់ខ្ញុំលើសំណួរដំបូងគឺថា៖ អ្វីដែលព្រះជាម្ចាស់បង្កើតមកនៅក្នុងការកើតជាថ្មីគឺមិនមែនឲ្យមានគ្រីស្ទបរិស័ទដែលគ្មានអំពើបាបនោះទេ។ អ្វីដែលព្រះអង្គបង្កើតនៅមានការទាក់ទិនក្នុងសង្គ្រាម មិនមែនល្អឥតខ្ចោះឡើយ មានពេញទៅដោយអំណាចព្រះចេស្ដាពីព្រះវិញ្ញាណបរិសុទ្ធ ការស៊ូទ្រាំ ការយកព្រះគ្រីស្ទធ្វើជាសម្បត្តិ ការស្អប់អំពើបាប ការមានសណ្ឋានជាថ្មី—ការកើតជាថ្មីក្នុងព្រះគ្រីស្ទ។ សូមកុំមើលរំលងការទាក់ទិនក្នុងសង្គ្រាម និងការស្អប់អំពើបាបឡើយ។
ការបង្កើតជាថ្មីក្នុងព្រះគ្រីស្ទគឺជាអ្នកប្រយុទ្ធ។ សាវ័ក ប៉ុល បានលើកឡើងក្នុងចំណុចចុងបញ្ចប់នៃជីវិតរបស់គាត់ថា៖ «ខ្ញុំបានតយុទ្ធយ៉ាងល្អ» (២ធីម៉ូថេ ៤:៧) ហើយគាត់ក៏បានប្រាប់លោក ធីម៉ូថេ ឲ្យ «តយុទ្ធយ៉ាងល្អ» ដែរ (១ធីម៉ូថេ ៦:១២)។ ហើយអ្វីដែលគាត់ចង់មានន័យថា គឺការតយុទ្ធ ដើម្បីភាពបរិសុទ្ធ និងជំនឿ៖ ការតយុទ្ធយ៉ាងល្អសម្រាប់ជំនឿ។ ដូច្នេះ សូមកត់សម្គាល់អំពីខគម្ពីរជាគូៗទាំង៤នេះដែលមានលក្ខណៈហាក់បីដូចជាមិនសមហេតុសមផល ដើម្បីឃើញអំពីរបៀបនៃព្រឹត្តិការណ៍នៃការកកើតជាថ្មីមានទំនាក់ទំនងជាមួយគ្នាក្នុងការបន្តធ្វើសង្គ្រាម។
១. មិនមែនគ្មានអំពើបាបទេ
នេះគឺជាគូដំបូង៖
«អស់អ្នកដែលកើតពីព្រះមិនប្រព្រឹត្តអំពើបាបទេ» (១យ៉ូហាន ៣:៩)។
«ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះយើងបញ្ឆោតខ្លួនឯង» (១យ៉ូហាន ១:៨)។
ការកើតជាថ្មីនេះហាក់បីដូចជាការបង្កើតឌីអិនអេ (DNA) ក្នុងបុគ្គលម្នាក់នេះ—ឌីអិនអេដែលមានលក្ខណៈដូចជាព្រះ ដែលមិនមានការស្កប់ចិត្តក្នុងការបន្តប្រព្រឹត្តអំពើបាបឡើយ។ ទោះបើថា ក្នុងជីវិតនេះ បើយើងនិយាយថាយើងគ្មានអំពើបាប នោះយើងក៏មានការយល់ដឹងមិនត្រឹមត្រូវអំពីរបៀបដែលវាមិនដំណើរការហើយ។ ដូច្នេះ នេះគឺជាគូដំបូង។
២. ស្លាប់ចំពោះបាប
នេះគឺជាគូទី២៖
«យើងដឹងថា មនុស្សចាស់របស់យើងបានជាប់ឆ្កាងជាមួយព្រះអង្គហើយ ដើម្បីឲ្យរូបកាយដែលជាប់មានបាបនេះ ត្រូវវិនាសសាបសូន្យ ហើយកុំឲ្យយើងជាប់ជាអ្នកបម្រើរបស់បាបទៀត» (រ៉ូម ៦:៦)។
«ដូច្នេះ អ្នករាល់គ្នាក៏ត្រូវចាត់ទុកខ្លួនដូចជាបានស្លាប់ខាងឯបាប ហើយរស់ខាងឯព្រះវិញ នៅក្នុងព្រះគ្រីស្ទយេស៊ូវដែរ។ ដូច្នេះ កុំឲ្យបាបសោយរាជ្យក្នុងរូបកាយរបស់អ្នករាល់គ្នា ដែលតែងតែស្លាប់ ដើម្បីឲ្យអ្នករាល់គ្នាស្តាប់តាមសេចក្តីប៉ងប្រាថ្នារបស់បាបនោះឡើយ» (រ៉ូម ៦:១១-១២)។
នេះគឺជាការបង្គាប់បញ្ជា។ ចូរចាប់ផ្ដើមសម្លាប់អំពើបាប ចាត់ទុកខ្លួនឯងថាស្លាប់ក្នុងអំពើបាប ហើយយកខ្លួនមកដាក់ក្រោមការសោយរាជ្យរបស់ព្រះគ្រីស្ទវិញ មិនមែនក្រោមការសោយរាជ្យនៃសាច់ឈាមដែលទៀងនឹងស្លាប់របស់ខ្លួនឡើយ។ ដូច្នេះ ប្រយោគស្របគឺ៖ «លោកអ្នកបានស្លាប់ហើយ។» (សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ រ៉ូម ៧:៤) និងប្រយោគបង្គាប់បញ្ជា «តែចំពោះអ្នករាល់គ្នា យើងនឹងរស់នៅជាមួយព្រះអង្គ ដោយសារព្រះចេស្ដារបស់ព្រះ» (២កូរិនថូស ១៣:៤)—នេះហើយគឺជាគូទី២។
៣. អ្នកតយុទ្ធ
នេះគឺជាគូទី៣៖
«អ្នករាល់គ្នាបានស្លាប់ហើយ ឯជីវិតរបស់អ្នករាល់គ្នាក៏បានលាក់ទុកជាមួយព្រះគ្រីស្ទ» (កូឡូស ៣:៣)។
«ដូច្នេះ ចូរសម្លាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា ដែលនៅផែនដីនេះចេញ» (កូឡូស ៣:៥)។
ដូច្នេះ សេចក្ដីស្លាប់ដែលយើងបានស្លាប់ធ្វើឲ្យយើងក្លាយជាអ្នកតយុទ្ធប្រឆាំងនឹងអ្វីដែលយើងទើបតែបានស្លាប់ចំពោះ។
៤. ព្រះបន្ទូលដ៏រស់
នេះគឺជាគូចង់ក្រោយ៖
«ព្រះបានបង្កើតអ្នករាល់គ្នាជាថ្មី មិនមែនពីពូជដែលតែងតែពុករលួយនោះទេ គឺពីពូជដែលមិនចេះពុករលួយវិញ ជាព្រះបន្ទូលរបស់ព្រះដែលរស់នៅ ហើយស្ថិតស្ថេរ» (១ពេត្រុស ១:២៣)។
«ដូច្នេះ ចូរលះបង់អស់ទាំងការអាក្រក់ កិច្ចកល ពុតត្បុត ចិត្តច្រណែន និងពាក្យនិយាយដើមគេទាំងប៉ុន្មានចេញទៅ។ ត្រូវសង្វាតរកទឹកដោះសុទ្ធខាងវិញ្ញាណវិញ ដូចទារកដែលទើបនឹងកើត ដើម្បីឲ្យអ្នករាល់គ្នាចម្រើនឡើងដល់ការសង្គ្រោះ» (១ពេត្រុស ២:១-២)។
សរុបសេចក្ដីទៅ អ្វីដែលខ្ញុំទទួលបានចេញពីខគម្ពីរទាំង៤គូនោះគឺថា អ្វីដែលការកើតជាថ្មី ការបង្កើតជាថ្មីនាំឲ្យមានគឺការទាក់ទិននឹងការធ្វើសង្គ្រាម មិនមែនការល្អឥតខ្ចោះ ការពេញទៅដោយអំណាចព្រះចេស្ដាពីព្រះវិញ្ញាណបរិសុទ្ធ ការស៊ូទ្រាំ ការយកព្រះគ្រីស្ទធ្វើជាសម្បត្តិ ការស្អប់អំពើបាប និងការមានសណ្ឋានជាថ្មីក្នុងព្រះគ្រីស្ទ។ យើងមានការធានារួចស្រេចហើយអំពីលទ្ធផល តែការតយុទ្ធគឺពិតណាស់។
សិរីល្អនៃព្រះគុណរបស់ទ្រង់
សំណួរចុងក្រោយគឺថា «ហេតុអ្វីបានជាព្រះជាម្ចាស់ធ្វើវាក្នុងរបៀបនោះ?»។ ព្រះអង្គមានអំណាចក្នុងការខ្ទាស់ព្រះហស្តរបស់ទ្រង់ ហើយធ្វើឲ្យយើងលែងមានអំពើបាបបានទេតើ។ យើងដឹងថាព្រះអង្គអាចធ្វើបាន ពីព្រោះព្រះអង្គនឹងធ្វើវាក្នុងមួយប៉ប្រិចភ្នែក (១កូរិនថូស ១៥:៥១-៥២)—នៅពេលព្រះអង្គប្រោសយើងឲ្យរស់ពីស្លាប់ឡើងវិញ ឬក៏នៅពេលដែលយើងស្លាប់—ហើយព្រះអង្គក៏នឹងមិនធ្វើឲ្យយើងមានលក្ខណៈដូចជាមនុស្សយន្តផងដែរនៅពេលដែលទ្រង់ប្រព្រឹត្តការនោះដែរ។ ព្រះអង្គនឹងធ្វើឲ្យយើងលែងជាមនុស្សមានបាប ដោយមិនដកចេញនូវភាពជាមនុស្សរបស់យើងចោលឡើយ មិនថាតិចជាង ឬក៏ច្រើនជាងដែរ។ នៅស្ថានសួគ៌ យើងនឹងមិនប្រព្រឹត្តអំពើបាបជាថ្មីម្ដងទៀតទេ។ ហេតុអ្វីបានជាព្រះអង្គមិនធ្វើការនោះឥឡូវៗនេះ? នេះគឺជាសំណួរ។
ខ្ញុំគិតថា៖ យ៉ាងហោចណាស់ មានចម្លើយបែបទ្រង់ទ្រាយធំលើសំណួរនេះ ហើយក៏នៅមានចម្លើយមិនសូវជាច្បាស់លាស់បែបទ្រង់ទ្រាយតូចលើសំណួរនេះដែលកើតចេញពីចម្លើយទ្រង់ទ្រាយធំ។ ចម្លើយបែបទ្រង់ទ្រាយធំគឺថា៖ ព្រះជាម្ចាស់ធ្វើបែបនេះ ពីព្រោះព្រះអង្គសព្វព្រះហឫទ័យឲ្យដំណើរនៃការញែកជាបរិសុទ្ធអាចថ្វាយការសរសើរតម្កើងយ៉ាងខ្លាំងនៅលើសិរីល្អរបស់ទ្រង់ ជាពិសេសការសរសើរសិរីល្អនៃព្រះគុណរបស់ព្រះអង្គ។
ខ្ញុំលើកឡើងបែបនេះ ពីព្រោះមានខគម្ពីរជាច្រើនបានលើកឡើងអំពីលទ្ធផលនៃព្រះហឫទ័យទាក់ទងទៅនឹងការញែកជាបរិសុទ្ធ ឧទាហរណ៍៖ ក្នុងកណ្ឌគម្ពីរ ភីលីព ១:១១។ លទ្ធផលគឺត្រង់ថាឲ្យយើង «ព្រមទាំងមានពេញជាផលនៃសេចក្ដីសុចរិតដែលមកដោយសារព្រះយេស៊ូវគ្រីស្ទ សម្រាប់ជាសិរីល្អ ហើយជាសេចក្ដីសរសើរដល់ព្រះផង»។ ព្រះអង្គនឹងនាំមកនូវផលនៃសេចក្ដីសុចរិតយ៉ាងពេញលេញ ពីព្រោះព្រះអង្គសព្វព្រះហឫទ័យចង់ទទួលបានការលើកតម្កើង។ នេះហើយគឺជាការរចនាក្នុងមូលហេតុដែលទ្រង់ធ្វើក្នុងរបៀបដែលទ្រង់ធ្វើនោះ។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:១១-១២ ក៏បានលើកឡើងអំពីផលនៃការញែកជាបរិសុទ្ធរបស់យើងថាគឺ៖ «ដើម្បីឲ្យព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង បានតម្កើងឡើងក្នុងអ្នករាល់គ្នា ហើយអ្នករាល់គ្នាក្នុងទ្រង់ផង តាមព្រះគុណរបស់ព្រះនៃយើង និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ»។
ដូច្នេះ មិនថាយើងអាចឃើញចម្លើយក្នុងកម្រិតបែបទ្រង់ទ្រាយតូចអំពីមូលហេតុទាក់ទងទៅនឹងចំណុចនេះ ឬក៏ថាវាច្បាស់លាស់យ៉ាងខ្លាំងក្នុងចម្លើយកម្រិតបែបទ្រង់ទ្រាយធំដែលថា ព្រះជាម្ចាស់បានជ្រើសរើសរាប់យើងជាបរិសុទ្ធតាមរយៈរបៀបដ៏ឈឺចាប់ យឺតយ៉ាវ ដែលមានការបន្តទៅមុខ ទាក់ទិនក្នុងរបៀបនៃការធ្វើសង្គ្រាម ពីព្រោះវាថ្វាយសិរីល្អទៅកាន់ព្រះគ្រីស្ទ និងព្រះគុណរបស់ព្រះជាម្ចាស់ខ្លាំងជាងការដែលព្រះអង្គខ្ទាស់ព្រះហស្ដរបស់ទ្រង់ ហើយធ្វើឲ្យយើងល្អឥតខ្ចោះ និងលែងមានអំពើបាបពេលកើតជាថ្មី។ ឥឡូវ តើមានមូលហេតុបន្ទាប់បន្សំបែបទ្រង់ទ្រាយតូចដែលយើងអាចឃើញដែលទំនងនឹងការពន្យល់អំពីមូលហេតុទាក់ទងទៅនឹងករណីនេះដែរឬទេ? ខ្ញុំនឹងលើកឡើង៣ចំណុច៖
១. មិនអាចជួយបាន
តាមរយៈការយឺតយ៉ាវ ការឈឺចាប់ និងការទាក់ទិនក្នុងដំណើរនៃការធ្វើសង្គ្រាមទាំងនេះ យើងទទួលបានការរម្លឹកថា៖ ជារៀងរាល់ថ្ងៃ ប្រសិនបើព្រះអង្គទុកខ្ញុំចោលនៅតែឯង នោះខ្ញុំគ្មានសង្ឃឹមយ៉ាងពេញទី ពេញទៅដោយអំពើបាប ហើយក៏មិនអាចជួយខ្លួនឯងបានដែរ។
២. ការអត់ធ្មត់របស់ព្រះជាម្ចាស់
ចេញពីការរម្លឹកនេះ ព្រះជាម្ចាស់បានធ្វើឲ្យយើងស្គាល់អំពីការអត់ធ្មត់របស់ទ្រង់ និងព្រះគុណរបស់ទ្រង់ក្នុងការកាន់យើង និងការត្រឡប់មកយើងវិញម្ដងហើយម្ដងទៀត ហើយក៏ប្រឆាំងសម្រាប់យើង និងនាំយើងទៅកាន់សិរីល្អដោយមានសុវត្ថិភាពដែរ។
វាមិនមែនជាការភ្ញាក់ផ្អើលទេដែលកណ្ឌគម្ពីរ យូដាស បានបញ្ចប់យ៉ាងរន្ធត់ ដោយលើកឡើងអំពីការសរសើរព្រះជាម្ចាស់ទាក់ទងនឹងការស៊ូទ្រាំរបស់ទ្រង់ និងការប្រទានអំណាចក្នុងជីវិតគ្រីស្ទបរិស័ទពេលធ្វើសង្គ្រាម៖ «រីឯព្រះអង្គដែលអាចរក្សាអ្នករាល់គ្នាមិនឲ្យជំពប់ដួល ហើយដាក់អ្នករាល់គ្នានៅចំពោះសិរីល្អរបស់ព្រះអង្គ ដោយឥតបន្ទោសបាន ទាំងមានអំណរ គឺព្រះតែមួយព្រះអង្គ ជាព្រះសង្គ្រោះនៃយើង ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង សូមថ្វាយសិរីល្អ ឫទ្ធានុភាព ព្រះចេស្ដា និងអំណាច តាំងពីមុនសម័យកាលទាំងអស់ នៅពេលនេះ និងអស់កល្បជានិច្ចតរៀងទៅ។ អាម៉ែន។» (យូដាស ១:២៤-២៥)។
តើនេះមិនមែនជាការដ៏អស្ចារ្យមែនឬ? តើគាត់កំពុងតែថ្វាយសិរីល្អទៅកាន់ព្រះជាម្ចាស់សម្រាប់អ្វី? គាត់កំពុងតែថ្វាយសិរីល្អ ឫទ្ធានុភាព ព្រះចេស្ដា និងអំណាចទៅកាន់ព្រះជាម្ចាស់ទាក់ទងទៅនឹងមូលហេតុដ៏សាមញ្ញមួយ៖ ព្រះជាម្ចាស់បន្តព័ន្ធកិច្ចជាមួយនឹងយើងយ៉ាងអត់ធ្មត់រហូតដល់ទីបញ្ចប់។ ចំណុចនេះពិតជាគួរឲ្យភ្ញាក់ផ្អើលមែន ហើយខ្ញុំគិតថា ខ្ញុំមិនអាចយល់ដល់កម្រិតនោះដែលខ្ញុំអាចយល់បានដោយគ្មានព្រះជាម្ចាស់ ដែលកំពុងធ្វើការទាំងនោះក្នុងរបៀបដែលទ្រង់កំពុងតែធ្វើដែរនោះទេ។
៣. ការក្រេបជញ្ជក់ភាពស្រស់ស្អាត
ចំណុចចុងក្រោយដែលខ្ញុំនឹងលើកឡើងគឺថា ដោយសារភាពបរិសុទ្ធដ៏ពិតគឺជាការកើតឡើងចេញពីការមើលឃើញភាពស្រស់ស្អាតដ៏ឧត្តុង្គឧត្តមខ្ពស់ជាងគេបំផុត និងតម្លៃរបស់ព្រះគ្រីស្ទ នោះសណ្ឋាននៃការច្បាំងជាប្រចាំថ្ងៃបន្តនាំ ហើយមានធាតុពិតនេះនៅពីមុខខ្ញុំ ដើម្បីឲ្យព្រះគ្រីស្ទ និងភាពស្រស់ស្អាតរបស់ទ្រង់ និងតម្លៃរបស់ទ្រង់បន្តនៅជាចំណុចស្នូលក្នុងជីវិតរបស់ខ្ញុំ។
យើងនឹងឃើញកាន់តែច្បាស់ឡើងៗថា សាតាំងចាញ់មិនមែនតាមរយៈការដែលព្រះជាម្ចាស់ខ្ទាស់ព្រះហស្ដរបស់ទ្រង់ ឬអំណាចឆៅរបស់ទ្រង់ប៉ុណ្ណោះនោះទេ ប៉ុន្តែតាមរយៈភាពស្រស់ស្អាតដ៏ឧត្តុង្គឧត្តមរបស់ព្រះយេស៊ូវគ្រីស្ទ ដែលខ្ញុំត្រូវមើលឲ្យច្បាស់ជាប្រចាំថ្ងៃចេញពីព្រះបន្ទូល ដើម្បីនាំឲ្យខ្ញុំមានចំណាប់អារម្មណ៍ទៅកាន់ព្រះយេស៊ូវ ជាជាងទៅកាន់អ្វីដែលមិនបរិសុទ្ធ។
ខ្ញុំគិតថា ចំណុចស្នូលដែលខ្ញុំនឹងលើកឡើងទាក់ទងនឹងសំណួរនេះគឺ៖ មិនថាព្រះជាម្ចាស់មានមូលហេតុអ្វីក៏ដោយទាក់ទងនឹងការដែលព្រះអង្គញែកយើងជាបរិសុទ្ធក្នុងរបៀបដ៏យឺតយ៉ាវ ឈឺចាប់ ពេញទៅដោយការធ្វើសង្គ្រាមក៏ដោយ ក៏ការជ្រើសរើសរបស់ព្រះអង្គនេះគឺ ពីព្រោះទ្រង់ទទួលបានសិរីល្អខ្លាំងជាង ពេលដែលយើងច្បាំងក្នុងសង្គ្រាមជាប្រចាំថ្ងៃជាមួយនឹងអាវុធដែលព្រះអង្គបានប្រទានដល់យើង និងក្នុងរបៀបដែលព្រះអង្គបានគ្រោងទុកសម្រាប់យើង។ ដូច្នេះ ចូរយើងចាប់ផ្ដើមតយុទ្ធឲ្យបានយ៉ាងល្អចុះ!
ប្រសិនបើគ្រីស្ទបរិស័ទបានកើតជាថ្មីមែន ហើយជាលទ្ធផលបានស្លាប់ចំពោះអំពើបាប ហេតុអ្វីបានជាយើងចាំបាច់នៅបន្តត្រូវតយុទ្ធយ៉ាងខ្លាំងក្នុងការសម្លាប់អំពើបាប?

សូមស្វាគមន៍មកកាន់ថ្ងៃច័ន្ទនេះ ជាថ្ងៃចុងក្រោយនៃខែកក្កដា។ កាលពីថ្ងៃព្រហស្បតិ៍មុន យើងបានរៀនអំពីសេចក្ដីអំណររបស់ព្រះជាម្ចាស់…

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

ព្រះយេស៊ូវ ពួកសាវ័ក និងពួកសិស្សរបស់ទ្រង់ ពួកគេទាំងអស់បានសួរបណ្តាជននូវសំណួរជាក់លាក់។ ឥឡូវនេះ ប្រហែលជាពួកយើងគួរពិចារណាប្រើសំណួរដូចគ្នាទាំងនេះ សម្រាប់ក្រុមតូចរបស់យើងទាំងអស់។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។