in

តើ​ទំនាក់​ទំនង​នៃ​ការ​ចែ​ចង់​របស់​ខ្ញុំ​មាន​លក្ខណៈ​ដូច​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​មែន​ឬ?

មាន​ប្អូន​ស្រី​ម្នាក់​ឈ្មោះ ណូរ៉ា បាន​ផ្ញើ​សារ​សួរ​យើង​ដូច​ត​ទៅ «ជម្រាប​សួរ​លោក​គ្រូ ខ្ញុំ​ជា​សិស្ស​ថ្មី​ម្នាក់​នៅ​សាកល​វិទ្យាល័យ​មួយ ហើយ​ខ្ញុំ​ទើប​តែ​ចាប់​ផ្ដើម​មាន​ទំនាក់​ទំនង​ថ្មីៗ។ យើង​ទាំង​ពីរ​នាក់​ជា​គ្រីស្ទ​បរិស័ទ ហើយ​យើង​ក៏​ចង់​ដាក់​ព្រះ​អង្គ​នៅ​ក្នុង​ចំណុច​កណ្ដាល​នៃ​ទំនាក់​ទំនង​របស់​យើង​ដែរ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​យល់​ថា ខ្ញុំ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ខ្ញុំ​នឹង​មិត្ត​ប្រុស​របស់​ខ្ញុំ ក្លាយ​ជា​រូប​ព្រះ​សម្រាប់​ខ្ញុំ។ ខ្ញុំ​ពឹង​ផ្អែក​លើ​មិត្ត​ប្រុស​របស់​ខ្ញុំ​សម្រាប់​ក្ដី​សុខ ហើយ​ខ្ញុំ​គិត​អំពី​ទំនាក់​ទំនង​របស់​យើង​ខ្លាំង​ជាង​ទំនាក់​ទំនង​របស់​ខ្ញុំ​ជា​មួយ​ព្រះ​ជាម្ចាស់។ តើ​ខ្ញុំ​អាច​ជៀស​ឆ្ងាយ​ពី​ការ​នេះ​បាន​ដោយ​របៀប​ណា? ហើយ​តើ​ទំនាក់​ទំនង​នៃ​ការ​ឲ្យ​តម្លៃ​ខ្លាំង​ពេក​មាន​លក្ខណៈ​ដូច​ម្ដេច​សម្រាប់​អ្នក​ដែល​ទើប​តែ​មាន​ទំនាក់​ទំនង​ថ្មីៗ ដូច​ជា​ទំនាក់​ទំនង​របស់​ខ្ញុំ​នេះ?»

ល្អ​ណាស់! ដែល​ពួក​គាត់​មាន​សេចក្ដី​ប្រាថ្នា​ដូច​គ្នា ក្នុង​ការ​យក​ព្រះ​ជាម្ចាស់​ធ្វើ​ជា​ចំណុច​ស្នូល​ក្នុង​ទំនាក់​ទំនង​របស់​ខ្លួន។ សម្រាប់​ខ្ញុំ វា​ហាក់​បី​ដូច​ជា ណូរ៉ា មាន​រូប​ភាព​ដ៏​សំខាន់​មួយ​នៅ​ក្នុង​គំនិត​របស់​គាត់​រួច​ទៅ​ហើយ​ដែល​ថា តើ​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​មាន​លក្ខណៈ​ដូច​ម្ដេច ពីព្រោះ​គាត់​គិត​ថា គាត់​កំពុង​តែ​នៅ​ក្នុង​ទំនាក់​ទំនង​នោះ ហើយ​យ៉ាង​ហោច​ណាស់​ក៏​នៅ​ក្នុង​កម្រិត​ណា​មួយ​ដែរ។ ខ្ញុំ​គិត​ថា គាត់​កំពុង​តែ​ព្យាយាម​យ៉ាង​ស្មោះ​ត្រង់​នៅ​ទី​នេះ ប៉ុន្តែ​ដួង​ចិត្ត​របស់​គាត់​កំពុង​តែ​ប្រឆាំង​នឹង​ការ​នេះ ដែល​នោះ​ជា​សញ្ញា​សម្គាល់​ដ៏​ល្អ​មួយ។

ខ្ញុំ​គិត​ថា វា​អាច​នឹង​ជា​ជំនួយ​បន្ថែម​ទៀត​សម្រាប់​ខ្ញុំ​ចំពោះ ណូរ៉ា ក្នុង​ការ​ពណ៌នា​អំពី​លក្ខណៈ​វិជ្ជមាន​មួយ​បែប​ទៀត​ទាក់​ទង​និង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​នៅ​ក្នុង​ទំនាក់​ទំនង​ថ្មីៗ ដើម្បី​ឲ្យ​នាង​បាន​ដឹង​ថា ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ផ្ទុយ​ពី​ការ​ទាំង​នេះ ហើយ​ដើម្បី​ឲ្យ​នាង​អាច​នឹង​ដាក់​កម្លាំង​របស់​ខ្លួន​មិន​ច្រើន​ពេក​ក្នុង​ការ​ជៀស​វាង​លើ​អ្វី​មួយ ដូច​ជា​សង្វាត​ស្វែង​រក​អ្វី​មួយ​ផ្សេង​ទៀត​ឡើយ។ នេះ​គឺ​ជា​របៀប​ដែល​ខ្ញុំ​នឹង​លើក​ឡើង។ សម្រាប់​ខ្ញុំ ហាក់​បី​ដូច​ជា​យ៉ាង​ហោច​ណាស់​ក៏​មាន​បី​ចំណុច​ដែល ណូរ៉ា អាច​គិត​អំពី​របៀប​រ៉ូមែនទិច​ថ្មី​របស់​គាត់​ទាក់​ទង​ជា​មួយ​នឹង​ទំនាក់​ទំនង​របស់​គាត់​ជា​មួយ​នឹង​ព្រះ​យេស៊ូវ។

ទី១ នាង​អាច​គិត​អំពី​វា​បែប​ជា​ការ​ប្រៀប​ធៀប។ តើ​សេចក្ដី​ស្រឡាញ់​របស់​នាង​ចំពោះ​មិត្ត​ប្រុស​មាន​កម្រិត​យ៉ាង​ដូច​ម្ដេច​ទៅ​នឹង​សេចក្ដី​ស្រឡាញ់​របស់​នាង​សម្រាប់​ព្រះ​គ្រីស្ទ? នាង​ដូច​ជា​បាន​គិត​ក្នុង​របៀប​នោះ​រួច​ហើយ។ ទី២ នាង​អាច​គិត​អំពី​ទំនាក់​ទំនង​របស់​នាង​ចំពោះ​បុរស​ម្នាក់​នេះ​ថា ជា​ការ​បង្ហាញ​អំពី​ទំនាក់​ទំនង​របស់​នាង​ជា​មួយ​ព្រះ​យេស៊ូវ។ ហើយ​ទី៣ នាង​អាច​ចាត់​ទុក​ភាព​រ៉ូមែនទិក​ថ្មី​របស់​នាង ក្នុង​របៀប​មួយ​ដែល​ផ្ដល់​ជា​កម្លាំង ឬ​ក៏​ស្អាង​ទំនាក់​ទំនង​របស់​នាង​ជា​មួយ​ព្រះ​យេស៊ូវ​វិញ។ ដូច្នេះ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​លើក​ឡើង​នូវ​ចំណុច​ទាំង​បី​នោះ​ម្ដង​មួយៗ ហើយ​ចង្អុល​បង្ហាញ​ទៅ​កាន់​បទ​គម្ពីរ និង​របៀប​ដែល​នាង​អាច​គិត​អំពី​ចំណុច​ទាំង​នោះ។

១) ព្រះ​គម្ពីរ​មាន​លើក​ឡើង​អំពី​ទំនាក់​ទំនង​របស់​យើង​ថា​ជា​ការ​ល្អ ឬ​បុគ្គល​ល្អ​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​មក​ដែល​ក្នុង​របៀប​មួយ​ហាក់​បី​ដូច​ជា​របស់​ទាំង​នោះ​មិន​អាច​ប្រៀប​ធៀប​ជា​មួយ​ព្រះ​អង្គ​បាន​ឡើយ។ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​លើក​ឡើង​ជា​ការ​ប្រៀប​ធៀប។ នោះ​ទាក់​ទង​ទៅ​នឹង​តម្លៃ​ដែល​គ្មាន​ដែន​កំណត់​របស់​ព្រះ​យេស៊ូវ ជា​តម្លៃ​ដែល​ការ​ផ្សេងៗ ឬ​ក៏​មនុស្ស​ដទៃ​ទៀត​ប្រៀប​ដូច​ជា​គ្មាន​តម្លៃ​អ្វី​ទាល់​តែ​សោះ។ ឧទាហរណ៍ អ្នក​និពន្ធ​កណ្ឌ​គម្ពីរ ទំនុកតម្កើង ៧៣:២៥-២៦ បាន​លើក​ឡើង​ថា «ឯ​នៅ​ស្ថាន​សួគ៌ តើ​ទូល​បង្គំ​មាន​អ្នក​ឯ​ណា​ក្រៅ​ពី​ទ្រង់ ហើយ​នៅ​ផែន​ដី​ទូល​បង្គំ​ប្រាថ្នា​ចង់​បាន​តែ​ទ្រង់​ទេ»។ នាង​ស្រឡាញ់​មិត្ត​ប្រុស​របស់​ខ្លួន។ «នៅ​ផែន​ដី​ទូល​បង្គំ​ប្រាថ្នា​ចង់​បាន​តែ​ទ្រង់​ទេ ឯ​សាច់ នឹង​ចិត្ត​ទូល​បង្គំ នោះ​នឹង​សាប​សូន្យ​ទៅ​បាន ប៉ុន្តែ​ព្រះ​ទ្រង់​ជា​ទី​ពឹង​នៃ​ចិត្ត ហើយ​ជា​ចំណែក​មរដក​នៃ​ទូល​បង្គំ​ជា​ដរាប​ដែរ»។ ឬ​ក៏​នេះ​ជា​របៀប​ដែល​សាវ័ក ប៉ុល បាន​លើក​ឡើង​នៅ​ក្នុង​កណ្ឌ​គម្ពីរ ភីលីព ៣:៨ «ហើយ​ខ្ញុំ​ក៏​រាប់​គ្រប់​ទាំង​អស់​ទុក​ដូច​ជា​ខាត​ដែរ»—ក៏​មាន​រួម​បញ្ចូល​ទាំង​មិត្ត​ប្រុស​ដែរ—«ដោយ​ព្រោះ​សេចក្ដី​ដែល​ប្រសើរ​ជាង គឺ​ដោយ​ស្គាល់​ព្រះ​គ្រីស្ទ​យេស៊ូវ ជា​ព្រះ​អម្ចាស់​នៃ​ខ្ញុំ» វិញ។

ឥឡូវ​នេះ ដោយ​សារ​យើង​ដឹង​ចេញ​ពី​ការ​ផ្សេងៗ​ដែល​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ទំនុក​តម្កើង និង​ពី​សាវ័ក ប៉ុល បាន​លើក​ឡើង​ដែល​ការ​ល្អ​ដែល​ព្រះ​ជាម្ចាស់​បង្កើត​មក ដូច​ជា​ប្រជារាស្ត្រ​របស់​ព្រះ​ជាម្ចាស់​ជា​ដើម យើង​ឃើញ​ថា ទាំង​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ទំនុកតម្កើង និង​សាវ័ក ប៉ុល បាន​លើក​ឡើង​ថា​ពួក​គាត់​រក​បាន​អំណរ​ដ៏​អស្ចារ្យ​នៅ​ក្នុង​កណ្ឌ​គម្ពីរ ទំនុកតម្កើង ១៦:៣ និង​កណ្ឌ​គម្ពីរ ភីលីព ៤:១ ហើយ​ទាំង​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ទំនុកតម្កើង និង​សាវ័ក ប៉ុល ក៏​និយាយ​អំពី​ប្រជា​រាស្ត្រ​របស់​ព្រះ​ជាម្ចាស់​ថា​ជា​អំណរ​ដ៏​អស្ចារ្យ​ដល់​ពួក​គាត់​ដែរ។ ដូច្នេះ ពួក​គាត់​មិន​មែន​គ្មាន​តម្លៃ​អ្វី​សោះ​នោះ​ទេ។ ពួក​គាត់​គឺ​ជា​អំណរ​ដ៏​អស្ចារ្យ។

ហើយ​យើង​ក៏​បាន​ដឹង​ចេញ​ពី​ប្រយោគ​ដែល​ថា ការ​បង្កើត​របស់​ព្រះ​ជាម្ចាស់​គឺ​មិន​បាន​រាប់​ថា​ជា​គ្មាន​តម្លៃ ឬ​គ្រាន់​តែ​ជា​ឱកាស​ក្នុង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​នោះ​ទេ ប៉ុន្តែ​ជា​ការ​ល្បង​ល​នូវ​ភាព​ស្មោះ​ត្រង់​របស់​យើង។ ហើយ​ការ​ល្បង​ល​នោះ​គឺ​ថា៖ តើ​យើង​នៅ​តែ​អាច​និយាយ​ជា​មួយ​អ្នក​ដែល​បាន​សរសេរ​ព្រះ​គម្ពីរ​បាន​ដែរ​ឬ​ទេ​ដោយ​ថា ទោះ​ប្រសិន​បើ​ខ្ញុំ​បាន​បាត់​បង់​អ្វីៗ​ទាំង​អស់​ក៏​ដោយ ក៏​ព្រះ​ជាម្ចាស់​នៅ​តែ​ជា​សេចក្ដី​អំណរ​ដ៏​ល្មម​របស់​ខ្ញុំ​ដ៏​នៅ​អស់​កល្ប​ជា​និច្ច​ដែរ​ឬ​ទេ? នោះ​គឺ​ជា​គំនិត​ប្រៀប​ធៀប។ ដូច្នេះ នាង​អាច​មើល​ឃើញ​ទំនាក់​ទំនង​មួយ​នេះ​ថា​ជា​ការ​ប្រៀប​ធៀប ហើយ​នោះ​គឺ​ជា​ការ​មួយ​ដែល​នាង​មាន​បញ្ហា​ជា​មួយ។ ដូច្នេះ ប្រហែល​ជា​ចំណុច​ពីរ​បន្ទាប់​នេះ​នឹង​ជួយ​នាង​ក្នុង​ការ​គ្រប់​គ្រង​ចំណុច​មួយ​នោះ​បាន​ប្រសើរ​ជាង​មុន។

២) ណូរ៉ា គួរ​តែ​បណ្ដុះ​ទំនាក់​ទំនង​ថ្មី​នេះ​ជា​មួយ​បុរស​ថ្មី​នេះ ថា​ជា​ការ​បង្ហាញ​អំពី​ទំនាក់​ទំនង​របស់​នាង​ជា​មួយ​នឹង​ព្រះ​យេស៊ូវ—ជា​របៀប​នៃ​ការ​ប្រព្រឹត្ត​ចេញ ឬ​បង្ហាញ​ទំនាក់​ទំនង​របស់​នាង​ជា​មួយ​ព្រះ​យេស៊ូវ មិន​មែន​គ្រាន់​តែ​ជា​ការ​គម្រាម​កំហែង​ចំពោះ​ទំនាក់​ទំនង​របស់​នាង​ជា​មួយ​ព្រះ​យេស៊ូវ ឬ​ក៏​ជា​ការ​ប្រកួត​ប្រជែង​ជា​មួយ​ទំនាក់​ទំនង​នេះ​នោះ​ទេ។ ឧទាហរណ៍៖ នៅ​ក្នុង​កណ្ឌ​គម្ពីរ​អេភេសូរ ជំពូក៥ បាន​ពណ៌នា​អំពី​ទំនាក់​ទំនង​អាពាហ៍ពិពាហ៍​រវាង​បុរស និង​ស្ត្រី​ទុក​ដូច​ជា​រឿង​ល្ខោន ឬ​ក៏​ជា​រូប​ភាព​ដែល​បង្ហាញ​អំពី​ទំនាក់​ទំនង​រវាង​ព្រះ​គ្រីស្ទ និង​ក្រុម​ជំនុំ​អញ្ចឹង​ដែរ។

ឥឡូវ​នេះ ការ​នោះ​បាន​ផ្លាស់​ប្ដូរ​យ៉ាង​ខ្លាំង​ក្នុង​របៀប​ដែល​បុរស និង​ស្ត្រី​គិត​អំពី​ទំនាក់​ទំនង​របស់​ពួក​គេ។ វា​មិន​មែន​គ្រាន់​តែ​ជា​រឿង​អំពី​ពួក​គេ​នោះ​ទេ។ វា​ជា​ការ​បង្ហាញ​បុរស​នោះ​អំពី​ទំនាក់​ទំនង​នៃ​សេចក្ដី​តាំង​សញ្ញា​របស់​ព្រះ​គ្រីស្ទ​ចំពោះ​កូន​ក្រមុំ និង​ក្រុម​ជំនុំ​ទ្រង់។ ហេតុ​ដូច្នេះ​ហើយ សេចក្ដី​ស្រឡាញ់​យ៉ាង​ធំធេង​ដែល​ស្ត្រី​មាន​ចំពោះ​បុរស ឬ​ក៏​បុរស​មាន​ចំពោះ​ស្ត្រី​អាច និង​គួរ​តែ​បញ្ចូល​ទៅ​ក្នុង​បទ​ចម្រៀង​នៃ​សាច់​រឿង​ដ៏​អស្ចារ្យ​មួយ ដើម្បី​ឲ្យ​កម្លាំង​នៃ​អារម្មណ៍​សម្រាប់​បុគ្គល​នោះ គឺ​មិន​ផ្ទុយ​គ្នា​ពី​អារម្មណ៍​ដែល​មាន​សម្រាប់​ព្រះ​យេស៊ូវ​ឡើយ ប៉ុន្តែ​ជា​ការ​បង្ហាញ​អារម្មណ៍​សម្រាប់​ព្រះ​យេស៊ូវ​វិញ។

ដូច្នេះ នេះ​គឺ​ជា​គោល​ការណ៍​ដែល​សាវ័ក ប៉ុល បាន​កត់​ចុះ​នៅ​ក្នុង​កណ្ឌ​គម្ពីរ កាឡាទី ៥:៦។ គាត់​បាន​លើក​ឡើង​ថា «ពីព្រោះ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ដែល​កាត់​ស្បែក​ឬ​មិន​កាត់ នោះ​មិន​ជា​ប្រយោជន៍​អ្វី​ទេ មាន​ប្រយោជន៍​តែ​សេចក្ដី​ជំនឿ ដែល​ប្រព្រឹត្ត​ដោយ​សេចក្ដី​ស្រឡាញ់​ប៉ុណ្ណោះ»។ និយាយ​ម៉្យាង​វិញ​ទៀត សេចក្ដី​ជំនឿ​មិន​កើត​មាន​ឡើង​ដោយ​ឯងៗ​នៅ​ឯ​ខាង​វិញ្ញាណ​នោះ​ទេ។ សេចក្ដី​ជំនឿ​បង្ហាញ​ខ្លួន​ឯង​ផ្ទាល់។ សេចក្ដី​ជំនឿ​បង្ហាញ​ខ្លួន​ឯង​ផ្ទាល់​តែ​ម្ដង។ ហើយ​របៀប​នៃ​មូល​ដ្ឋាន​គ្រឹះ​ដែល​ជំនឿ​ស​បញ្ជាក់ ឬ​ក៏​បង្ហាញ​ខ្លួន​ផ្ទាល់​នោះ​គឺ​នៅ​ក្នុង​ផល​ផ្លែ​នៃ​សេចក្ដី​ស្រឡាញ់ «សេចក្ដី​ជំនឿ ដែល​ប្រព្រឹត្ត​ដោយ​សេចក្ដី​ស្រឡាញ់​ប៉ុណ្ណោះ»។ ដូច្នេះ ណូរ៉ា គួរ​តែ​សួរ​ខ្លួន​ឯង​ផ្ទាល់​ថា៖ «ខណៈ​ពេល​ដែល​ខ្ញុំ​ស្រឡាញ់​មិត្ត​ប្រុស​របស់​ខ្ញុំ តើ​ការ​នោះ​គ្រាន់​តែ​កំពុង​ប្រកួត​ប្រជែង​ជា​មួយ​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​ក្នុង​ព្រះ​យេស៊ូវ ឬ​ក៏​វា​ជា​ការ​បង្ហាញ​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​នៅ​ក្នុង​ព្រះ​យេស៊ូវ?»។

៣) ដែល​ជា​ចំណុច​ចុង​ក្រោយ និង​ជា​របៀប​ក្នុង​ការ​ពិនិត្យ​មើល​ទំនាក់​ទំនង​របស់​នាង​ជា​មួយ​នឹង​បុរស​នោះ​គឺ៖ តើ​ទំនាក់​ទំនង​មួយ​នេះ​កំពុង​តែ​ផ្ដល់​ជា​កម្លាំង និង​ស្អាង​សេចក្ដី​ជំនឿ​របស់​នាង និង​បុរស​នោះ​ដែរ​ឬ​ទេ? ជា​ទូ​ទៅ នៅ​ពេល​ដែល​ព្រះ​គម្ពីរ​បាន​រៀប​រាប់​អំពី​ទំនាក់​ទំនង គឺ​ព្រះ​គម្ពីរ​ប្រើ​ប្រាស់​គោល​ការណ៍​មួយ​នេះ៖ «ត្រូវ​ឲ្យ​ធ្វើ​ការ​ទាំង​អស់ សម្រាប់​នឹង​ស្អាង​ចិត្ត​ឡើង» (១កូរិនថូស ១៤:២៦)។ នោះ​គឺ​ជា​អត្ថន័យ​ក្នុង​ការ​មាន​ទំនាក់​ទំនង។ ចូរ​ឲ្យ​អ្វីៗ​គ្រប់​យ៉ាង​សម្រាប់​ជា​ការ​ស្អាង​ចិត្ត​គ្នា​ឡើង​ចុះ។ ឧទាហរណ៍៖ នៅ​ក្នុង​កណ្ឌ​គម្ពីរ ហេព្រើរ ៣:១៣ មាន​ចែង​ថា «តែ​ចូរ​កំឡា​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រាល់​ថ្ងៃ​វិញ ក្នុង​កាល​ដែល​នៅ​តែ​ហៅ​ថា “ថ្ងៃ​នេះ” នៅ​ឡើយ ក្រែង​អ្នក​រាល់​គ្នា​ណា​មួយ​មាន​ចិត្ត​រឹង​រូស ដោយ​សេចក្ដី​បញ្ឆោត​របស់​អំពើ​បាប»។ ដូច្នេះ គោល​បំណង​នៃ​ទំនាក់​ទំនង​គឺ​ថា វា​នឹង​បំពេញ​សេចក្ដី​ជំនឿ និង​បំពេញ​ភាព​បរិសុទ្ធ—បំពេញ​ក្នុង​ការ​យក​ឈ្នះ​លើ​អំពើ​បាប។

សំណួរ​សម្រាប់ ណូរ៉ា គឺ​ថា៖ តើ​ទំនាក់​ទំនង​ថ្មី​នេះ​ដំណើរ​ការ​ទៅ​មុខ​ដែរ​ឬ​ទេ? តើ​វា​មាន​ឥទ្ធិពល​ក្នុង​ការ​ស្អាង​ចិត្ត​ខ្ញុំ និង​បុរស​នោះ​នៅ​ក្នុង​សេចក្ដី​ជំនឿ​របស់​ខ្លួន​ដែរ​ឬ​ទេ? តើ​ពួក​យើង​បាន​ទុក​ចិត្ត​ព្រះ​ជាម្ចាស់​ជាង​មុន​ដែរ​ឬ​ទេ? តើ​ពួក​យើង​បាន​ស្រឡាញ់​ព្រះ​ជាម្ចាស់​ជាង​មុន​ដែរ​ឬ​ទេ? តើ​ជីវិត​របស់​ពួក​យើង​ត្រូវ​បាន​កត់​សម្គាល់​ក្នុង​ការ​ប្រាថ្នា​ចង់​បាន​ភាព​បរិសុទ្ធ​កាន់​តែ​ច្រើន​ឡើង ដោយ​សារ​តែ​អ្វី​ដែល​យើង​កំពុង​តែ​ស្វែង​រក​ក្នុង​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ​ឬ​ទេ? តើ​វា​ជា​ការ​ជួយ​ធ្វើ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​យើង​សម្រាប់​ព្រះ​គ្រីស្ទ​កាន់​តែ​ខ្លាំង​ជាង​មុន ឬ​ក៏​ធ្វើ​ឲ្យ​យើង​កាន់​តែ​ខ្សោយ​ជាង​មុន?

ដូច្នេះ នេះ​គឺ​ជា​សេចក្ដី​សង្ខេប។ ប្អូន ណូរ៉ា អើយ! ចូរ​ដេញ​តាម​ទំនាក់​ទំនង​នៅ​ក្នុង​របៀប​បី​នេះ៖ ទី១ ចូរ​ដេញ​តាម​វា​ថា​ជា​ការ​ដែល​ល្អ ដែល​នោះ​ជា​ការ​ប្រៀប​ធៀប​ទៅ​កាន់​ការ​ដ៏​គ្មាន​ដែន​កំណត់​គឺ​ជា​ភាព​គ្មាន​អ្វីៗ​ទាំង​អស់។ ទី២ ចូរ​ដេញ​តាម​វា​ទុក​ជា​ការ​បង្ហាញ​សេចក្ដី​ជំនឿ​របស់​ប្អូន​នៅ​ក្នុង​ព្រះ​យេស៊ូវ មិន​មែន​ជា​ការ​ប្រកួត​ប្រជែង​ជា​មួយ​សេចក្ដី​ជំនឿ​របស់​ប្អូន​នៅ​ក្នុង​ព្រះ​យេស៊ូវ​នោះ​ទេ។ ចូរ​ស្វែង​រក​របៀប​ក្នុង​ការ​បង្ហាញ​សេចក្ដី​ជំនឿ​របស់​ប្អូន​នៅ​ក្នុង​ទំនាក់​ទំនង​មួយ​នេះ។ ទី៣ ចូរ​ដេញ​តាម​វា​នៅ​ក្នុង​អត្ថន័យ​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ចម្រើន​កម្លាំង និង​ស្អាង​ចិត្ត​គ្នា​នៅ​ក្នុង​សេចក្ដី​ជំនឿ​របស់​ប្អូន និង​ជំនឿ​របស់​គាត់ មិន​មែន​ធ្វើ​ឲ្យ​កាន់​តែ​ខ្សោយ​នោះ​ទេ។ ហើយ​ប្រសិន​បើ​ប្អូន​ដឹង​អំពី​ចំណុច​ទាំង​បី​នេះ​ហើយ ខ្ញុំ​គិត​ថា​ព្រះ​អម្ចាស់​កំពុង​តែ​រក្សា​ប្អូន​ចេញ​ពី​ការ​មាន​ទំនាក់​ទំនង​ក្នុង​លក្ខណៈ​ជា​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ចេញ​ហើយ។

និពន្ធ​ដោយ៖ លោក​គ្រូ John Piper
បក​ប្រែ​ដោយ៖ លោក ខែម បូឡុង
កែ​សម្រួល​ដោយ៖ លោក ទេព រ៉ូ, លោក​ស្រី ឡូញ ស្រីរដ្ឋ, លោក ឈាង បូរ៉ា និង​លោក សឹម រក្សា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.desiringgod.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​អាច​សង្គ្រោះ​ឬ​ទេ? (១ពេត្រុស ៣)1