នៅពេលដែលបុគ្គលម្នាក់ទទួលបានសេចក្តីសង្គ្រោះហើយ តើគាត់នៅតែបានសង្គ្រោះរហូតមែនឬ? បាទ! នៅពេលដែលបុគ្គលណាម្នាក់បានទទួលជឿព្រះគ្រីស្ទថាជាព្រះអង្គសង្គ្រោះរបស់ខ្លួន នោះពួកគាត់ត្រូវបាននាំចូលមកក្នុងទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ដែលធានាសេចក្ដីសង្គ្រោះរបស់គាត់អស់កល្បជានិច្ច។ យើងខ្ញុំចង់លើកឡើងឲ្យច្បាស់ថា សេចក្ដីសង្គ្រោះគឺលើសជាងការអធិស្ឋាន ឬក៏ «ការសម្រេចចិត្ត» ទទួលយកព្រះគ្រីស្ទ។ ការទទួលបានសេចក្ដីសង្គ្រោះគឺជាសកម្មភាពអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ក្នុងការដែលព្រះអង្គសម្អាតមនុស្សមានបាបដែលមិនអាចកើតឡើងវិញជាថ្មីដោយខ្លួនឯងបាន ព្រះជាម្ចាស់ធ្វើឲ្យគាត់ថ្មី និងធ្វើឲ្យពួកគាត់កើតជាថ្មីតាមរយៈព្រះវិញ្ញាណបរិសុទ្ធ (យ៉ូហាន ៣:៣; ទីតុស ៣:៥)។ នៅពេលដែលការសង្គ្រោះកើតឡើង ព្រះជាម្ចាស់ប្រទានមនុស្សមានបាបឲ្យរួចពីទោសនូវដួងចិត្តថ្មី និងដាក់វិញ្ញាណថ្មីនៅក្នុងគាត់ (អេសេគាល ៣៦:២៦)។ ព្រះវិញ្ញាណបរិសុទ្ធនឹងបណ្ដាលឲ្យបុគ្គលដែលទើបតែទទួលបានសេចក្ដីសង្គ្រោះដើរក្នុងការស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អេសេគាល ៣៦:២៦-២៧; យ៉ាកុប ២:២៦)។ មានបទគម្ពីរជាច្រើនក្នុងព្រះបន្ទូលដែលប្រកាសនូវចំណុចពិតដែលថា សេចក្ដីសង្គ្រោះគឺជាសកម្មភាពរបស់ព្រះជាម្ចាស់ ហើយក៏មានការធានាដែរ៖
(ក) កណ្ឌគម្ពីរ រ៉ូម ៨:៣០ បានចែងដូចតទៅ៖ «ឯពួកអ្នកដែលទ្រង់បានតម្រូវទុកជាមុន នោះទ្រង់ក៏ហៅ ហើយពួកអ្នកដែលទ្រង់បានហៅ នោះទ្រង់ក៏រាប់ទុកជាសុចរិត ហើយពួកអ្នកដែលទ្រង់បានរាប់ជាសុចរិត នោះទ្រង់ក៏បានតម្កើងឡើងដែរ»។ ខគម្ពីរនេះកំពុងតែប្រាប់យើងថា ពីពេលដែលព្រះជាម្ចាស់បានជ្រើសរើសយើង នោះវាហាក់បីដូចជាថាយើងក៏ទទួលបានការលើកតម្កើងក្នុងព្រះវត្តមានរបស់ព្រះអង្គនៅឯស្ថានសួគ៌រួចហើយដែរ។ មិនមានអ្វីដែលអាចមករារាំងអ្នកជឿនៅថ្ងៃណាមួយពីការទទួលបានការលើកតម្កើង ពីព្រោះព្រះជាម្ចាស់បានគ្រោងការនោះទុករួចស្រេចទៅហើយនៅឯស្ថានសួគ៌។ បន្ទាប់ពីព្រះជាម្ចាស់បានរាប់បុគ្គលណាម្នាក់ថា ជាសុចរិតហើយ នោះសេចក្ដីសង្គ្រោះរបស់គាត់ក៏មានការធានាដែរ—គាត់ទទួលបានការធានាហាក់បីដូចជាថាគាត់ក៏ទទួលបានការលើកតម្កើងនៅឯស្ថានសួគ៌រួចហើយដែរ។
(ខ) នៅក្នុងកណ្ឌគម្ពីរ រ៉ូម ៨:៣៣-៣៤ សាវ័ក ប៉ុល បានសួរនូវសំណួរដ៏សំខាន់ពីរ «តើអ្នកណានឹងចោទប្ដឹងពីពួករើសតាំងរបស់ព្រះបាន ដ្បិតគឺជាព្រះហើយ ដែលទ្រង់រាប់គេជាសុចរិត តើអ្នកណានឹងកាត់ទោសគេបាន ដ្បិតព្រះគ្រីស្ទទ្រង់បានសុគតជំនួសគេហើយ តែដែលថា ទ្រង់រស់ឡើងវិញ នោះមានទំនងជាង ទ្រង់ក៏គង់នៅខាងស្ដាំនៃព្រះ ហើយជាអ្នកអង្វរជំនួសយើងរាល់គ្នាដែរ»។ តើអ្នកណានឹងចោទប្ដឹងពីពួករើសតាំងរបស់ព្រះ? គ្មានអ្នកណាទេ ពីព្រោះព្រះគ្រីស្ទគឺជាជំនួយរបស់យើង។ តើអ្នកណានឹងកាត់ទោសយើង? គ្មានអ្នកណាទេ ពីព្រោះព្រះគ្រីស្ទ ដែលជាព្រះដែលបានសុគតជំនួសយើង គឺជាអង្គដែលកាត់ទោសយើង។ យើងមានព្រះដែលជាអង្គជំនួយ និងជាអង្គកាត់ទោសយើង ដែលជាព្រះអង្គសង្គ្រោះរបស់យើង។
(គ) អ្នកជឿកើតជាថ្មី (ទទួលបាននូវការបង្កើតឡើងវិញ) នៅពេលដែលពួកគាត់ទទួលជឿ (យ៉ូហាន ៣:៣; ទីតុស ៣:៥)។ ដើម្បីឲ្យគ្រីស្ទបរិស័ទណាម្នាក់បាត់បង់សេចក្ដីសង្គ្រោះរបស់គាត់បាន គឺគាត់ត្រូវតែបាត់បង់នូវការបង្កើតឡើងវិញសិន។ ព្រះគម្ពីរមិនបានផ្ដល់នូវភស្តុតាងដែលថា កំណើតថ្មីនឹងត្រូវបានទទួលការដកចេញនោះទេ។
(ឃ) ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងអ្នកជឿ (យ៉ូហាន ១៤:១៧; រ៉ូម ៨:៩) ហើយក៏ធ្វើពិធីជ្រមុជទឹកសម្រាប់អ្នកជឿទាំងអស់ឲ្យចូលក្នុងរូបកាយរបស់ព្រះគ្រីស្ទ (១កូរិនថូស ១២:១៣)។ ដើម្បីឲ្យអ្នកជឿលែងទទួលបានសេចក្ដីសង្គ្រោះ នោះព្រះវិញ្ញាណបរិសុទ្ធត្រូវតែ «លែងគង់នៅក្នុង» គាត់ ហើយត្រូវដកចេញពីរូបកាយរបស់ព្រះគ្រីស្ទផងដែរ។
(ង) កណ្ឌគម្ពីរ យ៉ូហាន ៣:១៥ បានលើកឡើងថាអស់អ្នកណាដែលជឿលើព្រះយេស៊ូវគ្រីស្ទនឹង «មានជីវិតអស់កល្បជានិច្ច»។ ប្រសិនបើលោកអ្នកជឿលើព្រះគ្រីស្ទនៅថ្ងៃនេះ ហើយទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ប៉ុន្តែបាត់បង់វានៅថ្ងៃស្អែក នោះមានន័យថា វាមិនទាន់ «អស់ក៏ជានិច្ច» នៅឡើយទេ។ ដែលនេះមានន័យថា ប្រសិនបើលោកអ្នកបាត់បង់សេចក្ដីសង្គ្រោះ នោះសេចក្ដីសន្យានានាអំពីជីវិតដ៏នៅអស់កល្បជានិច្ចក្នុងព្រះគម្ពីរគឺជាការបង្រៀនខុសឆ្គងហើយ។
(ច) សេចក្ដីសន្និដ្ឋានក្នុងការវែកញែក៖ ព្រះបន្ទូលបានបង្រៀនថា «ដ្បិតខ្ញុំជឿជាក់ថា ទោះស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី ទីមានកម្ពស់ ទីជម្រៅ ឬរបស់អ្វីដែលកើតមកឯទៀតក្ដី នោះពុំអាចនឹងពង្រាត់យើង ចេញពីសេចក្ដីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅបានឡើយ» (រ៉ូម ៨:៣៨-៣៩)។ សូមចងចាំថា ព្រះអង្គដែលសង្គ្រោះលោកអ្នកក៏ជាព្រះអង្គដែលនឹងរក្សាលោកអ្នកទុកផងដែរ។ ខណៈពេលដែលយើងទទួលបានសេចក្ដីសង្គ្រោះម្ដងហើយ នោះយើងក៏នឹងមានសេចក្ដីសង្គ្រោះនោះជារៀងរហូតដែរ។ សេចក្ដីសង្គ្រោះរបស់យើងគឺពិតជាមានការធានាយ៉ាងអស់កល្បជានិច្ចមែន!
មតិយោបល់
Loading…