in ,

គ្រាប់​កាំភ្លើង​សម្រាប់​ប្រឆាំង​ការ​​មើល​រូប​អាសអាភាស

Ammunition for the Fight Against Porn


មុខ​របរ​រក​ស៊ី​ខាង​ឯ​ការ​ថត ឬ​ក៏​ការ​ដើរ​តួ​ក្នុង​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស​គឺ​ជា​មុខ​របរ​មួយ​ដែល​ចំណេញ​រាប់​ពាន់​រាប់​លាន​ដុល្លា ជាពិសេស​លើ​គេហទំព័រ។ ស្ថិតិ និង​របាយការណ៍​មួយ​ចំនួន​បាន​លើក​ឡើង​ជា​សំណើ​ថា ប្រមាណ​ជិត​៧០%​ក្នុង​ចំណោម​ប្រុសៗ​ទាំង​អស់​ដែល​មាន​អាយុ​ក្នុង​ចន្លោះ​១៨-២៤​ឆ្នាំ គឺ​សុទ្ធតែ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស​យ៉ាង​តិច​ណាស់​ម្ដង​ក្នុង​មួយ​សប្ដាហ៍ នេះ​យើង​មិន​ទាន់​ទាំង​រាប់​បញ្ចូល​ក្មេងៗ​នា​ជំនាន់​នេះ​ផង ក៏​ដូច​ជា​ស្រីៗ​ជា​ច្រើន​ផ្សេង​ទៀត​ដែល​កំពុង​ចាប់​ផ្ដើម​មើល​រូបភាព ឬ​ក៏​​​វីដេអូ​អាសអាភាស​នេះ​ផង​ដែរ។ នេះ​មិនមែន​ជា​រឿង​ប៉ិតប៉ុត​នោះ​ទេ។ ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស​គឺ​ជា​អំពើ​បាប​ដ៏​អាក្រក់​យ៉ាង​ខ្លាំង​ណាស់​ទាស់​ទទឹង​នឹង​ព្រះ​ជាម្ចាស់ ហើយ​ទាស់​នឹង​អស់​អ្នក​ដែល​ទ្រង់​បាន​បង្កើត​មក​ក្នុង​រូប​អង្គ​ទ្រង់ ដែរ​រាប់​បញ្ចូល​ទាំង​រូបកាយ​របស់​លោកអ្នក​ផង​ដែរ។ ប៉ុន្តែ ព្រះ​អង្គ​មិន​បាន​ទុក​យើង​ចោល​តែ​ឯង​នោះ​ទេ។ តាមរយៈ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ ជាពិសេស​ក្នុង​កណ្ឌគម្ពីរ​១កូរិនថូស​ជំពូក​៥-៧​សាវ័ក ប៉ុល បាន​ណែនាំ​យើង​អំពី​របៀប​ដែល​យើង​គួរ​ធ្វើ​​​ដែល​ទាក់ទង​ទៅ​នឹង​ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស និង​អំពើ​បាប​ខាង​ឯ​ផ្លូវ​ភេទ។

ក្រុមជំនុំ​កូរិនថូស​មាន​ការ​ប្រឡូកប្រឡាក់​នឹង​អំពើ​បាប​ដែល​មាន​ការ​ខុសឆ្គង​ខាង​ឯ​ផ្លូវ​ភេទ​ជា​ច្រើន​ប្រភេទ។ មាន​បុរស​ម្នាក់​បាន​រួម​ភេទ​ជាមួយ​នឹង​ម្តាយ​ដែល​ជា​ប្រពន្ធ​របស់​ឪពុក​ខ្លួន ការ​ដែល​ធ្វើ​បែប​នោះ​គឺ​ជា​ទង្វើ​ដែល​ព្រះ​គម្ពីរ​សញ្ញាចាស់​ថ្កោល​ទាស់​យ៉ាង​ខ្លាំង​ណាស់ (លេវីវិន័យ ១៨:៨; ចោទិយកថា ២២:៣០; ២៧:២០)។ ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ក្រុមជំនុំ​កូរិនថូស​បែរ​ជា​អួតអាង​អំពី​ទង្វើ​បែប​នេះ​ទៅ​វិញ។ ពួកគាត់​ថែម​ទាំង​មិន​បាន​ដេញ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​ទង្វើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​នោះ​ចេញពី​ក្រុមជំនុំ​ទៀត។ ពេល​ដែល​សាវ័ក ប៉ុល បាន​ឮ​ពី​ការ​អួតអាង​បែប​នេះ គាត់​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​សួរ​ថា «តែ​អ្នក​រាល់​គ្នា​នៅ​តែ​មាន​ចិត្ត​ធំ ឥត​កើត​ទុក្ខ​ព្រួយ​[មែន​ឬ]?» (១កូរិនថូស ៥:២)។

សាវ័ក ប៉ុល បាន​មាន​ប្រសាសន៍​ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ ដោយ​ផ្ដល់​ជូន​នូវ​សេចក្ដី​ពិត​ខាង​ឯ​ទេវវិទ្យា ហើយ​ប្រសិន​បើ​ពួកគាត់​ធ្វើតាម គ្រប់​ទាំង​សេចក្ដី​នោះ​នឹង​ផ្ដាច់​ចោល​នូវ​រាល់​គ្រប់​ប្រភេទ​នៃ​អំពើ​បាប​ដ៏​ខុស​ឆ្គង​ខាង​ឯ​ផ្លូវ​ភេទ​ចេញពី​ដួង​ចិត្ត​របស់​យើង។ សាវ័ក ប៉ុល បាន​លើក​ឡើង​ឃ្លា​ដែល​មាន​ន័យ​ស្រដៀង​គ្នា​ប្រាំពីរ​ដង​ក្នុង​កណ្ឌគម្ពីរ ១កូរិនថូស ៥-៧ «តើ​មិន​ដឹង​ថា» ឬ «តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី​ថា» ឬ​ក៏ «តើ​មិន​ដឹង​ទេ​ឬ​អី​ថា» (១កូរិនថូស ៥:៦; ៦:២-៣, ៩, ១៥-១៦, ១៩)។ តាមរយៈ​ឃ្លា​ទាំង​នោះ​សាវ័ក ប៉ុល បាន​សន្មត​រួច​ស្រេច​ទៅ​ហើយ​ថា យើង​គួរ​តែ​ដឹង​ជា​មុន​អំពី​អ្វី​ដែល​គាត់​រៀប​នឹង​ផ្ដល់​ជូន​ដល់​យើង។ គាត់​ថែម​ទាំង​ជឿ​ថា ចំណេះដឹង​នេះ​ក៏​នឹង​បណ្ដុះបណ្ដាល ហើយនិង​គ្រប់គ្រង​លើ​របៀប​នៃ​ការ​រួម​ភេទ​របស់​យើង ពីព្រោះ​សេចក្ដី​ពិត​ទាំង​នោះ​មាន​ពេញ​ដោយ​អំណាច។ ការ​មាន​ទេវវិទ្យា​ដ៏​ត្រឹមត្រូវ​នឹង​ជួយ​ឲ្យ​យើង​ចេះ​គ្រប់គ្រង​លើ​ចំណង​ចិត្ត​ខាង​ឯ​ផ្លូវ​កាយ​របស់​យើង។

គ្រាប់​កាំភ្លើង​ដែល​យើង​ត្រូវការ

សាវ័ក ប៉ុល មាន​ការ​បង្គាប់​បញ្ជា​ពីរ​យ៉ាង​សម្រាប់​ក្រុមជំនុំ៖ ១) ចូរ​រត់​ពី​ការ​សហាយ​ស្មន់​ចេញ ២) ចូរ​តម្កើង​ព្រះ​នៅ​ក្នុង​រូប​កាយ (១កូរិនថូស ៦:១៨-២០)។ សាវ័ក ប៉ុល បាន​ផ្ដល់​ជូន​គ្រាប់​កាំភ្លើង​ប្រាំពីរ​យ៉ាង​ដល់​យើង ដើម្បី​ផ្ដល់​ជា​ជំនួយ​ក្នុង​ការ​ស្ដាប់​បង្គាប់​បញ្ញត្តិ​ទាំង​នេះ ហើយនិង​បញ្ឈប់​ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស។

១. ក្នុង​នាម​ជា​ក្រុមជំនុំ​របស់​ព្រះ​ជាម្ចាស់ យើង​ដឹង​ហើយ​ថា ការ​ប្រព្រឹត្ត​អំពើ​បាប​ខាង​ឯ​ផ្លូវ​ភេទ​ក្នុង​ចំណោម​ក្រុមជំនុំ​របស់​យើង​នឹង​ធ្វើ​ឲ្យ​ក្រុមជំនុំ​យើង​មាន​ភាព​រញ៉េរញ៉ៃ​គ្មាន​សណ្ដាប់​ធ្នាប់ ហើយ​ក្លាយ​ទៅ​ជា​មិន​ល្អ (១កូរិនថូស ៥:៦-៨)។

២. ក្នុង​នាម​ជា​អ្នក​ជឿ​ព្រះ​គ្រីស្ទ លោកអ្នក​ដឹង​ហើយ​ថា ព្រះ​អង្គ​បាន​លាង​សម្អាត​លោកអ្នក ហើយ​ក៏​បាន​ញែក​ជា​បរិសុទ្ធ និង​បាន​រាប់​លោកអ្នក​ជា​សុចរិត​ផង (១កូរិនថូស ៦:១១) ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ និង​តាមរយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៃ​ព្រះ​ជាម្ចាស់ (ដោយសារ​ព្រះ​ត្រៃឯក—ព្រះ​វរបិតា ព្រះ​រាជបុត្រា និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ—មាន​ចំណែក​ក្នុង​ការ​សង្គ្រោះ​យើង)។

៣. លោកអ្នក​ដឹង​ហើយ​ថា រូបកាយ​របស់​យើង​គឺ​សម្រាប់​ព្រះ​អម្ចាស់ មិនមែន​សម្រាប់​ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស ឬ​ក៏​សម្រាប់​បំពេញ​សម្រេច​ចំណង់​កាមតណ្ហា ឬ​សហាយស្មន់​គ្នា​នោះ​ឡើយ (១កូរិនថូស ៦:១២-១៤)។

៤. លោកអ្នក​ដឹង​ហើយ​ថា យើង​គឺ​ជា​អវយវៈ​នៃ​រូបកាយ​ព្រះ​គ្រីស្ទ (១កូរិនថូស ៦:១៥)។

៥. លោកអ្នក​ដឹង​ហើយ​ថា យើង​បាន​រៀបការ​ជាមួយ​នឹង​ព្រះ​គ្រីស្ទ​ហើយ (១កូរិនថូស ៦:១៦-១៧)។

៦. លោកអ្នក​ដឹង​ហើយ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ខ្លួន​ឯង តាមរយៈ:​ការ​សម្ដែង​ជា​តួ​ថតរូប ឬ​ក៏​វីដេអូ​អាសអាភាស​ដែល​មិន​កែប្រែ​ចិត្ត និង​អស់​អ្នក​ដែល​មើល គឺ​សុទ្ធតែ​ជា​អ្នក​ដែល​នឹង​មិន​ទទួល​នគរ​ព្រះ​ជាម្ចាស់​ជា​មរដក​បាន​ឡើយ (១កូរិនថូស ៦:៩-១០)។

៧. លោកអ្នក​ដឹង​ហើយ​ថា រូបកាយ​យើង​គឺ​ជា​ព្រះ​វិហារ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ (១កូរិនថូស ៦:១៩-២០)។ ហេតុដូច្នេះ ចូរ​រត់​ចេញពី​ការ​សហាយ​ស្មន់ ហើយ​ចូរ​តម្កើង​ព្រះ​នៅ​ក្នុង​រូប​កាយ​លោកអ្នក​ចុះ។

នេះ​គឺ​ជា​គ្រាប់​កាំភ្លើង​របស់​លោកអ្នក—សេចក្ដី​ពិត​ដែល​ព្រះ​ជាម្ចាស់​បាន​សម្រេច ហើយនិង​ចំណេះដឹង​ដែល​ព្រះ​អង្គ​បាន​ប្រទាន​ដល់​លោកអ្នក​តាមរយៈ​ព្រះ​គុណ​របស់​ទ្រង់។

ការ​ប្រើប្រាស់​គ្រាប់​កាំភ្លើង

សាវ័ក ប៉ុល បាន​ផ្ដល់​ជូន​នូវ​គ្រាប់​កាំភ្លើង​ដល់​លោកអ្នក​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​តយុទ្ធ​ជាមួយ និង​យក​ជ័យជម្នះ​លើ​អំពើ​បាប។ ឥឡូវនេះ ដោយ​សារ​លោកអ្នក​មាន​ចំណោះ​ដឹង​នេះ ចូរ​ត្រាប់តាម​បញ្ញត្តិ​ដោយ​មាន​សេរីភាព​ក្នុង​ការ​ស្ដាប់​បង្គាប់​ចុះ។

ទីមួយ៖ ចូរ​បង្កើត​ជា​ទម្លាប់​ក្នុង​ការ​រត់​ចេញពី​អំពើ​បាប​ខាង​ឯ​ផ្លូវ​ភេទ។ កុំ​គ្រាន់តែ​គេច​ចេញ​ឡើយ ប៉ុន្តែ​ចូរ​រត់ចេញ​ឲ្យ​ឆ្ងាយ​ពី​វា។ ក្នុង​ព្រះ​គម្ពីរ​សញ្ញាចាស់ ពួកគេ​បាន​​រត់​ចេញពី​ខ្មាំងសត្រូវ​ដ៏​សាហាវៗ (លោកុប្បត្តិ ១៤:១០) សត្វ​ពស់​ដែល​មាន​ពិសពុល (និក្ខមនំ ៤:៣) អ្នក​សងសឹក​ជំនួស​គ្រួសារ (ជនគណនា ៣៥:៦) ហើយនិង​គ្រោះថ្នាក់​ផ្សេងៗ​ទៀត​ដែល​អាច​នឹង​កើត​ឡើង។ រីឯ អំពើ​បាប​ខាង​ឯ​ផ្លូវ​ភេទ​វិញ គឺ​មាន​ពេញ​ទៅ​ដោយ​គ្រោះថ្នាក់​ដ៏​ខ្លាំង​បំផុត​លើស​ខ្មាំងសត្រូវ​ទាំង​នោះ​ទៅ​ទៀត។ អំពើ​បាប​ខាង​ឯ​ផ្លូវ​ភេទ​គឺ​ជា​ខ្មាំងសត្រូវ​នៃ​ព្រលឹង​វិញ្ញាណ​របស់​លោកអ្នក។ វា​ចង់​នាំ​ឲ្យ​លោកអ្នក​ធ្លាក់​នរក​យ៉ាង​អស់កល្ប​ជានិច្ច។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អំពើ​បាប​ខាង​ឯ​ផ្លូវ​ភេទ​ក៏​វាយ​ឆ្មក់​លើ​ចំណុច​ស្នូល​នៃ​ជីវិត​របស់​យើង​ផង​ដែរ។ «គ្រប់​ទាំង​អំពើ​បាប​ណា​ដែល​មនុស្ស​ប្រព្រឹត្ត នោះ​នៅ​ខាង​ក្រៅ​រូប​កាយ​ទេ តែ​អ្នក​ណា​ដែល​សហាយ​ស្មន់​គ្នា នោះ​ឈ្មោះ​ថា​ធ្វើ​បាប​ដល់​រូប​កាយ​ខ្លួន​ឯង​ផង» (១កូរិនថូស ៦:១៨)។ ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស​បង្ក​ឲ្យ​មាន​ហានិភ័យ​ទៅ​លើ​ឋានៈ និង​លក្ខណសម្បត្តិ​របស់​លោកអ្នក​ក្នុង​ព្រះ​គ្រីស្ទ ព្រោះ​ជាជាង​មាន​ការ​រួបរួម​ជាមួយ​នឹង​ព្រះ​គ្រីស្ទ លោកអ្នក​បែរ​ជា​ទៅ​រួម​ជាមួយ​នឹង​ស្ត្រី​ពេស្យា។ ការ​នេះ​ធ្វើ​ឲ្យ​យើង​នឹកឃើញ​ពី​សាច់រឿង​អំពី​លោក យ៉ូសែប ក្នុង​កណ្ឌគម្ពីរ​លោកុប្បត្តិ។ ផ្ទុយ​ពី​លោក យូដា ដែល​ជា​បង​ប្រុស​របស់​គាត់ (លោកុប្បត្តិ ៣៨) លោក យ៉ូសែប គឺ​ជា​គំរូ​ដ៏​ល្អ​មួយ​ណាស់​ដែលទាក់ទងទៅ​នឹង​ការ​រត់គេច​ចេញពី​អំពើ​បាប​ខាង​ឯ​ផ្លូវ​ភេទ។ លោក ម៉ូសេ បាន​កត់ត្រា​ចុះ​បួន​ដង​ក្នុង​កណ្ឌគម្ពីរ​លោកុប្បត្តិ​ជំពូក​៣៩​ថា​លោក យ៉ូសែប (ដែល​មាន​ព្រះ​វិញ្ញាណ​របស់​ព្រះ​សណ្ឋិត​នឹង​គាត់​ដែរ (លោកុប្បត្តិ ៤១:៣៨)) បាន​រត់​ចេញពី​ការ​សហាយស្មន់ (លោកុប្បត្តិ ៣៩:១២-១៣, ១៥, ១៨) គាត់​បាន​ធ្វើ​បែប​នោះ ពីព្រោះ​គាត់​បាន​ចាត់​ទុក​អំពើ​បាប​ខាង​ឯ​ផ្លូវ​ភេទ​ថា​ជា «អាក្រក់​យ៉ាង​ធំ​នេះ ធ្វើ​យ៉ាង​នោះ​នឹង​មាន​បាប​នៅ​ចំពោះ​ព្រះ» (លោកុប្បត្តិ ៣៩:៩)។ គាត់​បាន​រត់ចេញ ដោយសារ​គាត់​រាប់​ការ​ធ្វើ​បែប​នោះ​ជា​ការ​ត្រឹមត្រូវ ហើយ​ដោយសារ​គាត់​មាន​ឆន្ទៈ​ចង់​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ជាម្ចាស់។

ទីពីរ៖ ចូរ​តម្កើង​ព្រះ​នៅ​ក្នុង​រូប​កាយ​ខ្លួន។ ក្នុង​ព្រះ​គម្ពីរ​សញ្ញាចាស់ គោលបំណង​នៃ​ការ​មាន​ព្រះ​វិហារ​គឺ ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ជាម្ចាស់ ហើយនិង​ដើម្បី​ញែក​ព្រះ​នាម​ទ្រង់​ជា​បរិសុទ្ធ (១ពង្សវតក្ស ៨:១០-១១)។ ហើយ​ឥឡូវនេះ អស់​អ្នក​ដែល​ជឿ​លើ​ព្រះ​គ្រីស្ទ​គឺ​ជា​ព្រះ​វិហារ​ថ្មី​របស់​ទ្រង់ ដូច្នេះ​ហើយ​ពួកគេ​ត្រូវ​តែ​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ជាម្ចាស់ និង​ញែក​ព្រះ​នាម​ទ្រង់​ទុក​ជា​បរិសុទ្ធ​តាមរយៈ​រូបកាយ​ខ្លួន។ ដោយសារ​ព្រះ​ជាម្ចាស់​បាន​ទិញ​លោកអ្នក​ដោយ​ព្រះ​លោហិត​របស់​ព្រះ​គ្រីស្ទ នោះ​មាន​ន័យ​ថា លោកអ្នក​គឺ​ជា​កម្មសិទ្ធិ​របស់​ទ្រង់​ដូច​ជា​អ្នក​បម្រើ​ម្នាក់​អញ្ចឹង ហើយ​ព្រះ​អង្គ​បាន​បង្គាប់​ឲ្យ​លោកអ្នក​ថ្វាយ​សិរីល្អ​ទៅ​កាន់​បុគ្គល​ដែល​បាន​បងថ្លៃ​លោះ​ដ៏​ខ្ពស់​សម្រាប់​លោកអ្នក​ផង​ដែរ។

ក្នុង​កណ្ឌគម្ពីរ​ហូសេ​ជំពូក​៣​ហោរា ហូសេ បាន​ប្រាប់​នាង កូមើរ (ដែល​ធ្លាប់​មាន​បុរស​ផ្សេង​ស្រឡាញ់​នាង) កុំ​ឲ្យ​ធ្វើ​ជា​ស្ត្រី​ពេស្យា​ទៀត ដោយសារ​ទំនាក់ទំនង​របស់​គាត់ គឺ​ត្រូវជា​ប្ដី​និង​ប្រពន្ធ​គ្នា។ ដោយសារ​ហោរា ហូសេ បាន​ទិញ​នាង កូមើរ ដោយ​មាន​ការ​បងថ្លៃ ហេតុដូច្នេះ​ហើយ​បាន​ជា​គាត់​តម្រូវ​ឲ្យ​នាង​មាន​ភាព​ស្អាតស្អំ។ «មិន​ត្រូវ​ឲ្យ​ក្បត់​អញ ឬ​ទៅ​ជា​ប្រពន្ធ​របស់​អ្នក​ដទៃ​ណា​ឡើយ អញ​ក៏​នឹង​ប្រព្រឹត្ត​ចំពោះ​ឯង​ដូច្នោះ​ដែរ» (ហូសេ ៣:៣)។ ដោយសារ​ព្រះ​ជាម្ចាស់​បាន​ទិញ​អ្នក​ជឿ​ដោយ​បង់ថ្លៃ​លោះ​ជាមួយ​នឹង​ព្រះ​លោហិត​ដ៏​មាន​តម្លៃ​របស់​ព្រះ​រាជបុត្រា​របស់​ទ្រង់ ដូច្នេះ​យើង​ត្រូវតែ​មាន​ចំណង​ជាប់​នឹង​ទ្រង់។ យើង​មិនមែន​ជា​ស្ត្រី​ពេស្យា​ទេ។ ចូរ​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ជាម្ចាស់​នៅ​ក្នុង​រូបកាយ​របស់​លោកអ្នក​ចុះ។

និពន្ធ​ដោយ៖ លោកគ្រូ Dieudonné Tamfu
បកប្រែ​ដោយ និង​កែ​សម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ និង​​កញ្ញា ឡូញ ស្រីរដ្ឋ
ដក​ស្រង់​ខ្លះៗ​ចេញ​ពី www.desiringgod.org ដោយ​មាន​ការអនុញ្ញាត។
image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

9 points
Upvote Downvote

មតិយោបល់

Leave a Reply

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ចូរ​ចុះ​ចូល​ចំពោះ​ប្ដី​ខ្លួន

ក្លាយ​ជា​មនុស្ស​កំសាក