in

ស្រឡាញ់ស្រឡាញ់ សើចសើច អស្ចារ្យអស្ចារ្យ

ការ​ទន្ទឹង​រង់ចាំ​ស្ថាន​សួគ៌

Looking Forward to a Heaven We Can Imagine

តើ​យើង​មាន​ភាព​ខុស​ប្លែក​ពី​មុនៗ​យ៉ាង​ដូចម្ដេច​ខ្លះ​នៅ​ពេល​ដែល​យើង​ដឹង​ថា​មាន​ស្ថាន​សួគ៌? តើ​ហេតុ​អ្វី​បាន​ជា​គ្រីស្ទ​បរិស័ទ​ភាគ​ច្រើន​សម័យ​នេះ​មិន​សូវ​ទន្ទឹង​ចាំ​ស្ថាន​សួគ៌? តើ​យើង​មាន​ការ​យល់​ដឹង​ខុស​ឆ្គង​ណា​ខ្លះ​ទៅ​លើ​ស្ថានសួគ៌?

គ្រីស្ទ​បរិស័ទ​មួយ​ចំនួន​ដែល​ប្រឈម​មុខ​នឹង​សេចក្ដី​ស្លាប់ ដោយ​ពួក​គេ​តែងតែ​មាន​អារម្មណ៍​ថា​ខ្លួន​កំពុង​តែ​ចាក​ចេញ​ពី​ពិធី​ជប់​លៀង​មុន​ចប់​កម្មវិធី ដូច​ជា​ការ​ទៅ​ផ្ទះ​មុន​គេ។ ពួក​គេ​តែង​តែ​មាន​ការ​បាក់​ទឹក​ចិត្ត​ដោយ​បាន​គិត​ថា​ខ្លួន​នឹង​នឹក​មនុស្ស​ដទៃ​ទៀត ក៏​ដូច​ជា​របស់របរ​មួយ​ចំនួន​ដែល​ខ្លួន​កំពុង​តែ​ចាកចេញ​ចោល។

ប៉ុន្តែ តាម​ពិត​ទៅ ចំពោះ​បុត្រាបុត្រី​របស់​ព្រះ​ជាម្ចាស់ ពិធី​ជប់​លៀង​ដ៏​ពិត​កំពុង​តែ​រង់ចាំ​ពួក​គេ។ ចូរ​គិត​អំពី​រឿង​នៅ​ក្នុង​កណ្ឌគម្ពីរ​លូកា​ជំពូក​១៥ ដែល​នៅ​ក្នុង​ជំពូក​នោះ ព្រះ​វរបិតា​កំពុង​តែ​រៀប​ពិធី​ជប់​លៀង​ដ៏​សប្បាយ​ក្នុង​ការ​ស្វាគមន៍​កូន​ពៅ​ដែល​បាន​រត់​ចោល​ផ្ទះ។ ផ្ទះ​ពិត​របស់​យើង​ដែល​យើង​មិន​ទាន់​ទៅ​រស់​នៅ​គឺ​ស្ថាន​សួគ៌​ ហើយ​ពិធី​ជប់​លៀង​បាន​ចាប់​ផ្ដើម​រួច​ទៅ​ហើយ ហើយ​មាន​តែ​តាមរយៈ​ការ​ស្លាប់​មួយ​គត់​ដែល​នឹង​នាំ​យើង​ទៅ​ដល់​ផ្ទះ​នោះ​បាន។ ពេល​យើង​ទៅ​ដល់​ស្ថានសួគ៌ ប្រាកដ​ណាស់​នឹង​មាន​អ្នក​ដែល​ទៅ​ដល់​មុន​យើង​ឈរ​ចាំ​ស្វាគមន៍​យើង ហើយ​ពេល​ក្រោយ​មក​យើង​នឹង​ស្វាគមន៍​អស់​អ្នក​ដែល​នឹង​មក​ដល់​ក្រោយ​យើង​ជា​បន្តបន្ទាប់​ដែរ។

តាមរយៈ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ ទ្រង់​បាន​បង្គាប់​យើង​ឲ្យ​គិត​អំពី​ស្ថានសួគ៌​ដែល​ជា​កន្លែង​ដែល​ព្រះ​យេស៊ូវ​កំពុង​គង់​នៅ (កូឡូស ៣:១)។ យើង​ផ្ដោត​លើ​កន្លែង​ដ៏​ពិត​ដែល​ជា​កន្លែង​ដែល​ព្រះ​យេស៊ូវ​ដ៏​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​កំពុង​គង់​នៅ​យ៉ាង​អស់​កល្ប​ជានិច្ច។ ព្រះ​ជាម្ចាស់​បាន​បង្គាប់​ឲ្យ «យើង​ទន្ទឹង​រង់ចាំ​ផ្ទៃមេឃ​ថ្មី​ និង​ផែនដី​ថ្មី​តាម​សេចក្ដី​សន្យា​របស់​ព្រះអង្គ ដែល​នៅ​ទីនោះ​មាន​តែ​សេចក្ដី​សុចរិត» (២ពេត្រុស ៣:១៣ គគខ)។ នេះ​ឯង​គឺ​ជា​ពិភពលោក​ថ្មី ជា​ពិភពលោក​ដែល​បាន​ទទួល​ការ​រស់​ឡើង​វិញ គឺ​ជា​ពិភពលោក​នា​ពេល​ខាង​មុខ​របស់​យើង​ដែល​នោះ​ឯង​ជា​ផ្ទះ​ដ៏​អស់​កល្ប​ជានិច្ច​របស់​យើង។

សាវ័ក ប៉ុល បាន​មាន​ប្រសាសន៍​ថា «ខ្ញុំ​យល់​ឃើញ​ថា ទុក្ខ​លំបាក​នៅ​ពេល​បច្ចុប្បន្ន​នេះ​មិន​អាច​ប្រៀប​ផ្ទឹម​នឹង​សិរីល្អ ដែល​ត្រូវ​បើក​សម្ដែង​ឲ្យ​យើង​ឃើញ​បាន​ឡើយ» (រ៉ូម ៨:១៨ គ​ក​ស)។ ប្រសិនបើ​យើង​មិន​យល់​អំពី​សិរីល្អ​ដែល​យើង​នឹង​មាន​នៅ​ឯ​ស្ថានសួគ៌​នោះ​យើង​នឹង​ទទួល​បាន ការ​មិន​ទទួល​ស្គាល់​ការ​រងទុក្ខ​មិន​គួរ​​ឲ្យ​អស្ចារ្យ​ពេល​ដែល​​ប្រៀបធៀប​នឹង​សិរីល្អ​ដែល​យើង​នឹង​ទទួល​នោះ​ទេ។

អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​ឲ្យ​យើង​ប្រាថ្នា​ចង់​បាន​​នោះ ដូច​នឹង​អ្វី​ដែល​ព្រះ​អង្គ​បាន​សន្យា​ចំពោះ​អស់​អ្នក​ដែល​ដើរតាម​ព្រះ​យេស៊ូវគ្រីស្ទ៖ ការ​ដែល​យើង​នឹង​រស់​ឡើង​វិញ​ហើយ​មាន​រូបកាយ​ថ្មី ហើយ​ពេល​នោះ​ឯង យើង​នឹង​រស់នៅ​ជាមួយ​នឹង​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​ទ្រង់​ក៏​បាន​រស់​ឡើង​វិញ​ផង​ដែរ ហើយ​ពេល​នោះ​យើង​នឹង​រស់នៅ​លើ​ផែនដី​ថ្មី។ ការ​​ដែល​យើង​ប្រាថ្នា​ចង់​បាន​អ្វី​ដែល​ស្រប​គ្នា​នឹង​ផែនការ​របស់​ព្រះ​ជាម្ចាស់។ នេះ​មិនមែន​មាន​ន័យ​ថា ពេល​ដែល​យើង​ចង់​បាន​អ្វី​មួយ យើង​គួរ​ចាប់​ផ្ដើម​មាន​គំនិត​ប៉ង​ចង់​បាន​វា​នោះ​ឡើយ។ ការ​នេះ​នឹង​កើត​ឡើង​ផ្ទុយ​ទាំង​ស្រុង៖ យើង​ចង់​បាន​ជីវិត​ដែល​មាន​រូបរាងកាយ​ពិតៗជា​មនុស្ស ព្រោះ​ព្រះ​ជាម្ចាស់​បាន​បង្កើត​យើង​ក្នុង​របៀប​នោះ ហើយ​ទ្រង់​ក៏​បាន​រៀប​ផែនការ​បែប​នោះ​តាំង​ពី​ដើម​រួច​មក​ហើយ។

តើ​នៅ​ស្ថានសួគ៌​យើង​នឹង​អផ្សុក​ដែរឬទេ?

យើង​នឹង​ប្រាកដ​ជា​គិត​ថា​នៅ​ស្ថានសួគ៌​នឹង​មាន​ការ​អផ្សុក ប្រសិនបើ​យើង​គិត​ថា​យើង​នឹង​គ្មាន​រូបរាងកាយ​ពេល​យើង​ទៅ​ដល់​ស្ថានសួគ៌។ ប៉ុន្តែ ព្រះ​ជាម្ចាស់​បាន​ប្រាប់​យើង​ហើយ​ថា ស្ថានសួគ៌​ដែល​យើង​នឹង​ទៅ​នៅ​រហូត​អស់​កល្ប​ជានិច្ច គឺ​ជា​ស្ថានសួគ៌​ដែល​យើង​បាន​ទទួល​ការ​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ ហើយ​ការ​រស់​ឡើង​វិញ​នោះ​មាន​ន័យ​ថា​យើង​នឹង​មាន​រូបរាងកាយ។ ព្រះ​យេស៊ូវ​បាន​ហៅ​ការ​ដែល​នឹង​មក​ដល់​នោះ​ថា «គ្រា​កែ​ជា​ថ្មី​ឡើង​វិញ» (ម៉ាថាយ ១៩:២៧-២៨)។ សាវ័ក ពេត្រុស បាន​អធិប្បាយ​អំពី «គ្រា​តាំង​របស់​ទាំង​អស់​ឡើង​វិញ​ដែល​ព្រះ​បាន​មាន​បន្ទូល​ប្រាប់​ពី​គ្រា​នោះ​ដោយ​សា​រមាត់​នៃ​ពួក​ហោរា​បរិសុទ្ធ​របស់​ទ្រង់» (កិច្ចការ ៣:២១)។ នេះ​មាន​ន័យ​ថា យើង​នឹង​មិន​មាន​ការ​អផ្សុក​នៅ​ឯ​ស្ថានសួគ៌​ឡើយ ដ្បិត​យើង​ជា​មនុស្ស​ដែល​បាន​ទទួល​ការ​រស់​ឡើង​វិញ ហើយ​យើង​ក៏​នឹង​នៅ​ក្នុង​ស្ថាន​ដែល​បាន​ទទួល​ការ​កែ​ជា​ថ្មី​ផង​ដែរ។

ជំនឿ​ដែល​ជឿ​ថា នៅ​ស្ថានសួគ៌​នឹង​មាន​ការ​អផ្សុក គឺ​ជា​ការ​ក្បត់​លើ​ជំនឿ​ដ៏​ខុស​ឆ្គង​មួយ​ដែល​ថា ព្រះ​ជាម្ចាស់​គួរ​ឲ្យ​ធុញទ្រាន់​ណាស់។ ក្នុង​បរិបទ​នេះ មើល​ទៅ​គ្មាន​សេចក្ដី​បង្រៀន​ណា​ខុស​ឆ្គង​ជាង​នេះ​ឡើយ។ ការ​ដែល​យើង​ប្រាថ្នា​ចង់​មាន​ការ​អរសប្បាយ និង​ការ​ដែល​ចង់​ដក​ពិសោធន៍​ផ្ទាល់​តែ​ម្ដង​ចេញ​ពី​អំណរ គឺ​ជា​ចំណង​ចិត្ត​ដែល​ចេញ​ពី​ព្រះ​ហស្ត​របស់​ព្រះ​ជាម្ចាស់​ផ្ទាល់។ ព្រះ​អង្គ​គឺ​ជា​អង្គ​ដែល​បាន​បង្កើត​ឲ្យ​អណ្ដាត​យើង​អាច​ទទួល​បាន​រសជាតិ បាន​បង្កើត​ឲ្យ​ខ្លួន​យើង​អរសប្បាយ​ពេល​យើង​ហាត់​ប្រាណ​ដោយ​ព្រោះ​យើង​មាន​អ័រម៉ូន ក៏​ដូច​ជា​ការ​ដែល​សរសៃ​ប្រសាទ​អាច​ផ្ដល់​ព័ត៌មាន​ដល់​ខួរក្បាល​យើង​ថា​វា​សប្បាយ។ ទោះបី​មាន​មនុស្ស​ខ្លះ​បាន​គិត​ថា ព្រះ​ជាម្ចាស់​គួរ​ឲ្យ​ធុញ​ទ្រាន់​ពិតមែន ប៉ុន្តែ​ទ្រង់​នៅ​ជា​អង្គ​ដែល​បាន​បង្កើត​ឲ្យ​យើង​មាន​ការ​នឹក​ស្រមៃ ហើយ​និង​ការ​ដឹង​ខ្លួន​ថា​ខ្លួន​ឯង​ផ្ទាល់​កំពុង​អរសប្បាយ​ដែរ។ វា​ពិត​ជា​ការ​មាន​ពេញ​ទៅ​ដោយ​ភាព​ក្អេងក្អាង​មែន បើ​យើង​គិត​ថា មនុស្ស​ជា​អ្នក​ផ្ដើម​គំនិត​ក្នុង​ការ​មាន​ភាព​អរសប្បាយ!

តើ​ការ​ដែល​យើង​ធ្វើ​ល្អ​ជា​ច្រើន​នឹង​ធ្វើ​ឲ្យ​យើង​មាន​ការ​អផ្សុក​មែន​ឬ? អញ្ចឹង ការ​គិត​បែប​នេះ​មាន​ន័យ​ថា ការ​ប្រព្រឹត្ត​អំពើ​អាក្រក់ (ដែល​នោះ​ជា​អំពើបាប) គឺ​គួរ​ឲ្យ​អរសប្បាយ​មែន​ឬ ហើយ​ការ​ដែល​រស់នៅ​ដោយ​សុចរិត​គឺ​គួរ​ឲ្យ​ធុញ​ទ្រាន់​មែន។ គំនិត​បែប​នេះ​គឺ​ជា​យុទ្ធសាស្ត្រ​នៃ​ការ​កុហក​របស់​សាតាំង។ អំពើ​បាប​មិន​នាំ​ឲ្យ​យើង​មាន​ការ​ស្កប់​ចិត្ត​ឡើយ ហើយ​វា​ថែម​ទាំង​លួច​ការ​ស្កប់​ចិត្ត​ចេញ​ពី​យើង​ទៀត​ផង។ នៅ​ពេល​ដែល​យើង​ឃើញ​ធាតុ​ពិត​នៃ​ភាព​សង្ហា​របស់​ព្រះ​ជាម្ចាស់ នោះ​យើង​នឹង​កាន់​តែ​ចង់​ក្រេប​ជញ្ជក់​មិន​ចេះ​ឈប់​មិន​ចេះ​ឈរ ហើយ​យើង​ក៏​នឹង​មិន​ដែល​ចេះ​មាន​ការ​អផ្សុក​ផង​ដែរ។

ដូច​ដែល​ព្រះ​ជាម្ចាស់​បាន​បង្គាប់​បញ្ជា​ឲ្យ​យើង​គ្រប់គ្រង​លើ​អ្វីៗ​ដែល​ទ្រង់​បាន​បង្កើត​នៅ​លើ​ផែនដី​នេះ នោះ​នៅ​ស្ថានសួគ៌​យើង​ក៏​នឹង​គ្រប់គ្រង​លើ​អ្វីៗ​ដែល​ទ្រង់​បាន​បង្កើត​ជា​ថ្មី​ផង​ដែរ។ យើង​នឹង​រវល់​ធ្វើ​នេះ​ធ្វើ​នោះ ទៅ​នេះ​ទៅ​នោះ ក៏​ដូច​ជា​ជួប​អ្នក​នេះ​ជួប​អ្នក​នោះ។ ព្រះ​ជាម្ចាស់​បាន​សន្យា​ថា ស្ថានសួគ៌​នឹង​មាន​ពេញ​ទៅ​ដោយ​ការ​រំភើប​រំជួល​ចិត្ដ ព្រោះ​ព្រះ​យេស៊ូវ​គឺ​ជា​អង្គ​ដែល​គួរ​ធ្វើ​ឲ្យ​យើង​រំភើប​ចិត្ដ​ណាស់ ដ្បិត​ព្រះ​អង្គ​ជា​ប្រភព​នៃ​រឿង​ផ្សងព្រេង​ដ៏​សប្បាយៗ​បំផុត នេះ​រួម​បញ្ចូល​ទាំង​រឿង​អ្វីៗ​ដែល​កំពុង​រង់ចាំ​យើង​នៅ​ពិភពលោក​ថ្មី។

តើ​យើង​នឹង​ហូប​ចុក​នៅ​ស្ថានសួគ៌​ដែរ​ឬ​អត់?

ព្រះ​គម្ពីរ​បាន​ប្រើប្រាស់​ពាក្យ​ពេចន៍​ដែល​ពណ៌នា​អំពី​ការ​ហូបចុក ការ​ជុំ​គ្នា​ហូបចុក និង​អំពី​ចំណីអាហារ​ជាង​មួយ​ពាន់​ដង​ទៅ​ទៀត ព្រះ​គម្ពីរ​ខ្មែរ​បាន​បក​ប្រែ​ពាក្យ​ថា «ជប់​លៀង» ប្រមាណ​ជាង ១០២ ដង។ ពិធី​ជប់​លៀង​តែង​តែ​មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​អបអរសាទរ និង​ការ​អរសប្បាយ ហើយ​ភាគ​ច្រើន​គឺ​ផ្ដោត​ខ្លាំង​លើ​ទំនាក់ទំនង។ ពេល​ដែល​យើង​ជុំ​គ្នា​ហូបចុក យើង​តែង​តែ​មាន​ការ​ជជែក​គ្នា​យ៉ាង​ក្អាកក្អាយ ប្រាប់​រឿង​ដ៏​សប្បាយៗ បង្កើត​ឲ្យ​កាន់​តែ​មាន​ទំនាក់ទំនង និង​មាន​ការ​លេងសើច​ជា​ច្រើន។ ពិធី​ជប់​លៀង (រាប់​បញ្ចូល​ទាំង​បុណ្យ​រំលង) គឺ​ជា​ការ​ជុំ​គ្នា​ខាង​ឯ​វិញ្ញាណ ដើម្បី​នឹង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ព្រះ​ជាម្ចាស់ ភាព​ឧដុង្គឧត្ដម​របស់​ទ្រង់ និង​គម្រោង​នៃ​ការ​ដែល​ព្រះ​អង្គ​សង្គ្រោះ​មនុស្ស​លោក។

មនុស្ស​ដែល​ស្រឡាញ់​គ្នា ប្រាកដ​ជា​នឹង​ស្រឡាញ់​ការ​ជុំ​គ្នា​បរិភោគ​អាហារ។ ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​បន្ទូល​ទៅ​កាន់​ពួក​សិស្ស​របស់​ទ្រង់​ថា៖ «ដូច្នេះ​ព្រះវរបិតា​របស់​ខ្ញុំ​ឲ្យ​នគរ​មួយ​ដល់​ខ្ញុំ​ជា​យ៉ាង​ណា ខ្ញុំ​នឹង​ឲ្យ​ដល់​អ្នក​រាល់គ្នា​ជា​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​បរិភោគ​នៅ​តុ​ជាមួយ​ខ្ញុំ​ក្នុង​នគរ​របស់​ខ្ញុំ ហើយ​អ្នក​រាល់គ្នា​នឹង​អង្គុយ​លើ​បល្ល័ង្ក​ជំនុំជម្រះ​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​ដប់​ពីរ» (លូកា ២២:២៩-៣០ គគខ)។ ព្រះ​អង្គ​បាន​សន្យា​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នឹង​មាន​មនុស្ស​ជា​ច្រើន ពី​ទិស​ខាង​កើត និង​ទិស​ខាង​លិច មក​អង្គុយ​ជា​មួយ​នឹង​លោក​អ័ប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប នៅ​ក្នុង​នគរ​ស្ថាន​សួគ៌» (ម៉ាថាយ ៨:១១)។ ហោរា អេសាយ បាន​ប្រាប់​យើង​ថា ព្រះ​ជាម្ចាស់​ផ្ទាល់​នឹង​រៀបចំ​ម្ហូប និង​ភេសជ្ជៈ​ដ៏​ឆ្ងាញ់ៗ​បំផុត​សម្រាប់​យើង (អេសាយ ២៥:៦)។

ព្រះ​យេស៊ូវ​បាន​ជ្រាប​ហើយ​ថា ព្រះ​បន្ទូល​របស់​ទ្រង់​នឹង​ទាក់ទាញ​មនុស្ស​ជា​ច្រើន​ដែល​បាន​ស្ដាប់ឮ​ទ្រង់។ ការ​រំពឹង​បែប​នេះ​មិន​មែន​មាន​ន័យ​ថា រឿង​នេះ​មិន​ពាក់ព័ន្ធ​នឹង​ខាង​ឯ​វិញ្ញាណ​នោះ​ឡើយ! តើ​អ្នក​មិន​គិត​ទេ​ថា ព្រះ​អង្គ​សព្វ​ព្រះ​ហទ័យ​ឲ្យ​យើង​​បរិភោគ​ជាមួយ​នឹង​ទ្រង់​នៅ​តុ​របស់​ទ្រង់។

មាន​ថ្ងៃ​មួយ​ក្រោយ​ពី​ខ្ញុំ​បាន​អធិប្បាយ​អំពី​ការ​រស់​ឡើង​វិញ មាន​បុរស​ម្នាក់​ក្នុង​ក្រុម​ជំនុំ​យើង​បាន​មក​ប្រាប់​ខ្ញុំ​ថា «គំនិត​ដែល​ថា​យើង​នឹង​មាន​រូបរាង​កាយ នឹង​ញ៉ាំ​ម្ហូបអាហារ ហើយ​រស់នៅ​ទីតាំង​ដែល​មាន​លក្ខណៈ​ដូច​ផែនដី​នេះ ពេល​គិត​ទៅ វា​ហាក់​បី​ដូច​ជា​មិន​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​ទាក់ទង​នឹង​ព្រលឹង​វិញ្ញាណ​យើង​ស្អី​សោះ។» ប្រសិនបើ​យើង​ជឿ​ថា​ការ​បាន​រូបកាយ ហើយ​ការ​រស់នៅ​ពិភពលោក​ថ្មី ឬ​ក៏​ការ​មាន​របស់របរ​គឺ​ជា​រឿង​ដែល​មិន​ពាក់ព័ន្ធ​នឹង​ខាង​ឯ​វិញ្ញាណ នោះ​មាន​ន័យ​ថា យើង​បាន​បដិសេធ​​នឹង​ព្រះ​គម្ពីរ​ដែល​បង្រៀន​ថា​រូបកាយ​យើង​នឹង​ទទួល​បាន​ការ​រស់​ឡើង​វិញ ក៏​ដូច​ជា​លក្ខណសម្បត្តិ​មួយ​ចំនួន​នៃ​ផែនដី​ថ្មី។ ប៉ុន្តែ គំនិត​ដែល​ថា អ្វីៗ​ដែល​ទាក់ទង​នឹង​សាច់ឈាម គឺ​សុទ្ធ​តែ​មិន​ទាក់ទង​នឹង​ព្រលឹង​វិញ្ញាណ គឺ​យើង​មិន​ដែល​ឃើញ​មាន​ការ​បង្រៀន​ក្នុង​ព្រះ​គម្ពីរ​សោះ​ឡើយ។ លោកគ្រូ ស៊ី. អេស. លូវ៉ីស (C. S. Lewis) បាន​មាន​ប្រសាសន៍​ថា «ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​នឹង​រូប​ភាព​នៃ​សម្ភារៈ ដ្បិត​ទ្រង់​ជា​អង្គ​ដែល​បង្កើត​វា​មក។»

តើ​ទំនាក់ទំនង​នៅ​ស្ថានសួគ៌​នឹង​មាន​លក្ខណៈ​យ៉ាង​ដូច​ម្ដេច?

ព្រះ​គម្ពីរ​បាន​បើក​សម្ដែង​ឲ្យ​យើង​ឃើញ​ថា យើង​នឹង​រស់នៅ​ជាមួយ​នឹង​បុគ្គល​ដដែល (ព្រះ​យេស៊ូវ) នៅ​កន្លែង​ដូច​គ្នា (ស្ថានសួគ៌) និង​នៅ​ជា​មួយ​រាស្ត្រ​របស់​ព្រះ​ជាម្ចាស់ (ក្រុម​ជំនុំ)។ សាវ័ក ប៉ុល បាន​មាន​ប្រសាសន៍​ក្នុង​កណ្ឌគម្ពីរ ១ថែស្សាឡូនីច ៤:១៨ ថា «ចូរ​កម្សាន្ត​ចិត្ដ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ពាក្យ​ទាំង​នេះ​ចុះ» (គគខ)។ គាត់​បាន​មាន​ប្រសាសន៍​នេះ​ក្នុង​បរិបទ​ដែល​ថា យើង​នឹង​គង់​នៅ​ជាមួយ​នឹង​ព្រះ​អម្ចាស់​យ៉ាង​អស់​កល្ប​ជានិច្ច។ ប្រាកដ​ណាស់! យើង​នឹង​ចំណាយ​ពេល​ជាមួយ​អស់​អ្នក​ដែល​យើង​ស្រឡាញ់​ក្នុង​ព្រះ​គ្រីស្ទ​យ៉ាង​អស់​កល្ប​ជានិច្ច។

ព្រះ​គ្រីស្ទ​បាន​មាន​ព្រះ​បន្ទូល​ថា មនុស្ស​យើង​នឹង​មិន​មាន​អាពាហ៍ពិពាហ៍​រវាង​គ្នា​នឹង​គ្នា​ឡើយ (ម៉ាថាយ ២២:៣០)។ តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​នៅ​ស្ថានសួគ៌​នឹង​មាន​អាពាហ៍ពិពាហ៍​ដដែល គឺ​អាពាហ៍ពិពាហ៍​តែ​មួយ​គត់ រវាង​ព្រះ​គ្រីស្ទ​នឹង​កូន​ក្រមុំ​របស់​ទ្រង់ ហើយ​រាស្ត្រ​របស់​ទ្រង់​នឹង​មាន​ចំណែក​ក្នុង​ពិធី​នេះ (អេភេសូរ ៥:៣១-៣២)។ ទោះ​បី​យើងខ្ញុំ​នឹង​មិន​រៀបការ​ជាមួយ​នឹង​ប្រពន្ធ​យើងខ្ញុំ​សព្វ​ថ្ងៃ​នេះ​ក៏​ដោយ ក៏​យើង​នឹង​នៅ​មាន​ចំណែក​ក្នុង​អាពាហ៍ពិពាហ៍​តែ​មួយ​គត់ គឺ​ជាមួយនឹង​ព្រះ​យេស៊ូវ។

យើងខ្ញុំ​ជឿ​ថា នៅ​ស្ថានសួគ៌​ខ្ញុំ​នឹង​កាន់​តែ​មាន​ទំនាក់ទំនង​ស្និទ្ធស្នាល​ជាង​មុន​ជាមួយ​នឹង​ប្រពន្ធ កូន និង​ចៅ​យើងខ្ញុំ។ ពេល​យើង​ទៅ​ដល់​ស្ថានសួគ៌ នោះ​មិន​មែន​មាន​ន័យ​ថា យើង​នឹង​លែង​មាន​ទំនាក់ទំនង​ជាមួយ​នឹង​គ្នា​ទៀត​ឡើយ តែ​ផ្ទុយ​ទៅ​វិញ​យើង​នឹង​ស្គាល់​គ្នា​ក្នុង​កម្រិត​ថ្មី​ជាង​មុន។ ប្រភព​នៃ​ការ​កម្សាន្ត​ចិត្ត គឺ​មិន​គ្រាន់​តែ​ពឹង​អាង​លើ​ព្រះ​អម្ចាស់​នៅ​ស្ថានសួគ៌​នោះ​ទេ ប៉ុន្តែ​យើង​ក៏​មាន​គ្នីគ្នា ដើម្បី​នឹង​ពឹង​អាង​ទៅ​វិញ​ទៅ​មក​ផង​ដែរ។

តើ​យើង​នឹង​មាន​លទ្ធភាព​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​បាប​នៅ​ឯ​ស្ថានសួគ៌​ដែរឬទេ?

ព្រះ​គ្រីស្ទ​បាន​សន្យា​ថា​នៅ​លើ​ផែនដី​ថ្មី «នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោក​សង្រេង ឬ​សេចក្ដី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ» (វិវរណៈ ២១:៤)។ ដោយសារ «ឈ្នួល​របស់​បាប​ជា​សេចក្ដី​ស្លាប់» (រ៉ូម ៦:២៣) នោះ​មាន​ន័យ​ថា ក្ដី​សន្យា​ដែល​ថា​គ្មាន​សេចក្ដី​ស្លាប់​វា​ស្មើ​នឹង​ការ​ដែល​ថា នឹង​គ្មាន​ការ​ប្រព្រឹត្ត​អំពើ​បាប​ទៀត​ឡើយ។ អស់​អ្នក​ដែល​មិន​ស្លាប់​ក៏​នឹង​មិន​អាច​ប្រព្រឹត្ត​បាប​បាន​ទៀត​ដែរ ដោយសារ​រាល់​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើបាប​តែង​តែ​ស្លាប់។ អំពើ​បាប​បណ្ដាល​ឲ្យ​មាន​ទុក្ខ​ព្រួយ ការ​យំ​សោក និង​ការ​ឈឺ​ចាប់។ ប្រសិនបើ​ការ​ទាំង​នោះ​មិន​អាច​កើត​ឡើង​បាន​ទៀត នោះ​មាន​ន័យ​ថា យើង​ក៏​មិន​អាច​ប្រព្រឹត្ត​អំពើ​បាប​បាន​ទៀត​ឡើយ។

នៅ​ស្ថានសួគ៌ យើង​នឹង​មាន​សេរីភាព​ដ៏​ពិត ពោល​គឺ​សេរីភាព​ដ៏​សុចរិត​ដែល​មិន​អាច​ប្រព្រឹត្ត​បាប​បាន​ទេ។ មាន​មនុស្ស​ជា​ច្រើន​បាន​ឆ្ងល់​ថា តើ​នឹង​មាន​ថ្ងៃ​ណា​មួយ​ដែល​យើង​នឹង​ត្រឡប់​មក​ប្រព្រឹត្ត​អំពើ​បាប​ទៀត​ដែរឬទេ? គេ​ឆ្ងល់​បែប​នេះ ពីព្រោះ​លោក អ័ដាម និង​នាង អេវ៉ា (រួម​ទាំង​សាតាំង) ធ្លាប់​បាន​រស់នៅ​ក្នុង​កន្លែង​ដ៏​ល្អ​ឥត​ខ្ចោះ ពី​មុន​មក ប៉ុន្តែ​កាល​នោះ​គេ​នៅ​តែ​ធ្លាក់​ក្នុង​អំពើ​បាប។ ព្រះ​គម្ពីរ​បាន​បង្រៀន​យើង​ថា ព្រះ​ជាម្ចាស់​មិន​អាច​ប្រព្រឹត្ត​បាប​បាន​ឡើយ។ ការ​ប្រព្រឹត្ត​បាប គឺ​ជា​ទង្វើ​ផ្ទុយ​ពី​លក្ខណសម្បត្តិ​របស់​ព្រះ​អង្គ។ ពេល​ដែល​យើង​បាន​ទៅ​រស់នៅ​ជាមួយ​នឹង​ព្រះ​អង្គ នោះ​យើង​ក៏​នឹង​មិន​អាច​ប្រព្រឹត្ត​បាប​បាន​ដែរ។ យើង​នឹង​មិន​ចង់​ប្រព្រឹត្ត​បាប លើស​ពី​អ្វី​ដែល​ព្រះ​យេស៊ូវ​នឹង​ប្រព្រឹត្ត​នោះ​ឡើយ។

ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា «កូន​មនុស្ស​នឹង​ចាត់​ពួក​ទេវតា ទៅ​ច្រូត​យក​អស់​ទាំង​ក្បួន ដែល​នាំ​ឲ្យ​មនុស្ស​រវាត​ចិត្ត នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ទទឹង​នឹង​ច្បាប់ ចេញ​ពី​នគរ​…គ្រា​នោះ ពួក​សុចរិត​នឹង​ភ្លឺ​ដូច​ជា​ថ្ងៃ នៅ​ក្នុង​នគរ​របស់​ព្រះ​វរ​បិតា​នៃ​គេ» (ម៉ាថាយ ១៣:៤១-៤៣)។ តើ​ពួក​ទេវតា​នឹង​ច្រូត​អ្វី​ចេញ​ទៅ? ចម្លើយ៖ រាល់​គ្រប់​អ្វីៗ​ដែល​បង្ក​ឲ្យ​មាន​បាប និង​រាល់​អស់​អ្នក​ដែល​ប្រព្រឹត្ត​បាប!

យើង​នឹង​លែង​មាន​អារម្មណ៍​ចង់​ប្រព្រឹត្ត​អំពើ​បាប​ទៀត​ហើយ។ ពេលនោះ សូម្បី​តែ​ការ​គិត​អំពី​អំពើ​បាប ក៏​យើង​លែង​អាច​គិត​ដល់​ទៀត​ហើយ។ ការ​ចងចាំ​របស់​យើង​លើ​អំពើ​អាក្រក់ និង​ការ​រង​ទុក្ខ​ក្នុង​ជីវិត​នេះ នឹង​ក្លាយ​ជា​ការ​រំឭក​មួយ​ដល់​យើង​ទាក់ទង​នឹង​ការ​អាក្រក់ និង​ការ​ឥត​ប្រយោជន៍​នៃ​អំពើ​បាប។ នៅពេល​ដែល​យើង​គិត​អំពី​អំពើ​បាប នោះ​យើង​នឹង​និយាយ​ថា «ស្អី​ទៅ​ជា​អំពើ​បាប? អូ៎! ខ្ញុំ​បាន​ធ្លាប់​បាន​ប្រព្រឹត្ត​វា​ហើយ ហើយ​ក៏​ធ្លាប់​បាន​ឃើញ​លទ្ធផល​ដ៏​អាក្រក់​របស់​វា​ទៀត​ផង​ដែរ!»

លោកគ្រូ ប៉ុល ហែល៍ម (Paul Helm) បាន​សរសេរ​ថា «សេរីភាព​ដែល​យើង​នឹង​មាន​នៅ​ស្ថានសួគ៌ គឺ​ជា​សេរីភាព​ចេញ​ពី​ការ​ប្រព្រឹត្ត​បាប។ នោះ​មិន​គ្រាន់តែ​មាន​ន័យ​ថា អ្នក​ជឿ​នឹង​មាន​សេរីភាព​ចេញ​ពី​អំពើ​បាប​ប៉ុណ្ណោះ​នោះ​ទេ តែ​ក៏​មាន​ន័យ​ថា យើង​បាន​ក្លាយ​ជា​មនុស្ស​ថ្មី​រហូត​ដល់​លក្ខណៈ​ដែល​យើង​នឹង​លែង​អាច​ប្រព្រឹត្ត​បាប​បាន​ទៀត​ឡើយ។ យើង​នឹង​លែង​ចង់​ប្រព្រឹត្ត​បាប ហើយ​យើង​ក៏​រឹត​តែ​លែង​ចង់​ទៅ​ប្រព្រឹត្ត​បាប​ទៀត​ផង។»

តើ​អ្នក​អាច​ប្រើប្រាស់​គោលជំនឿ​អំពី​ស្ថានសួគ៌​ក្នុង​ការ​ផ្សាយ​ដំណឹងល្អ​ដោយ​របៀប​ណា​បាន?

នៅ​ពេល​ដែល​យើង​រៀបរាប់​អំពី​ស្ថានសួគ៌​ដូច​ដែល​ព្រះ​គម្ពីរ​បាន​ប្រាប់​យើង នោះ​យើង​នឹង​ឃើញ​ថា ស្ថានសួគ៌​គឺ​ជា​ទីកន្លែង​ដ៏​ល្អ​មួយ​ដែល​យើង​អាច​ប្រើប្រាស់​បាន​ទុក​ជា​ចំណុច​មួយ​ក្នុង​ការ​ផ្សាយ​ដំណឹងល្អ។ រី​ឯ សាតាំង​វិញ​វា​ក៏​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​លើ​ការ​យល់​ដឹង​ដ៏​ខុស​ឆ្គង​របស់​យើង​ទាក់ទង​នឹង​ស្ថានសួគ៌​ផង​ដែរ។ ប្រសិនបើ​យើង​រៀបរាប់​ស្ថានសួគ៌​ថា​ជា​កន្លែង​ដែល​គ្មាន​អ្វី​អស្ចារ្យ អួល​អាប់ ធុញទ្រាន់ ជា​កន្លែង​ដ៏​អផ្សុក​ដែល​គ្មាន​អ្នក​ណា​ម្នាក់​ឲ្យ​ចង់​ទៅ​ទី​នោះ​សោះ នោះ​យើង​ប្រាកដ​ជា​នឹង​បាត់បង់​ចំណង់​ចិត្ត​ក្នុង​ការ​ចង់​ផ្សាយ​ដំណឹងល្អ​ហើយ​ជា​មិន​ខាន។

តើ​ហេតុ​អ្វី​បាន​ជា​យើង​ចង់​ឲ្យ​មិត្តភក្ដិ​របស់​យើង​ចំណាយ​ពេលវេលា​នៅ​កន្លែង​ដែល​ធុញទ្រាន់​ជា​រៀង​រហូត​អញ្ចឹង? ហើយ​ហេតុ​អ្វី​បាន​ជា​យ​មិត្តភក្ដិ​យើង​គួរ​ចង់​ទៅ​ទី​នោះ? គ្មាន​អ្នក​ណា​ចង់​ធ្វើ​ជា​ខ្មោច​ក្រោយ​ពី​គាត់​ស្លាប់​ទៅ​នោះ​ទេ។ មនុស្ស​យើង​មិន​ចង់​បាន​ជីវិត​ដែល​គ្មាន​រូបកាយ​នោះ​ឡើយ វា​ប្រៀប​ដូច​នឹង​ការ​ដែល​យើង​មិន​ចង់​ទទួល​បាន​កែវ​ដែល​ប្រេះ​បែក​ស្រាំ​នោះ​ទេ។

ប៉ុន្តែ ប្រសិនបើ​គ្រីស្ទ​បរិស័ទ​យល់​ថា ស្ថានសួគ៌​គឺ​ជា​កន្លែង​ដ៏​អរសប្បាយ​ពិត​ប្រាកដ ដែល​ទីកន្លែង​នោះ​ជា​ផែនដី​ថ្មី ហើយ​នឹង​មាន​មនុស្ស​ដែល​បាន​ការ​សង្គ្រោះ​ដោយ​មាន​ការ​ស្ដារ​ឡើង​វិញ​នូវ​ទំនាក់ទំនង​ដែល​គ្មាន​បាប និង​សេចក្ដី​ស្លាប់។ ហើយ​ផង​ដែរ ស្ថានសួគ៌​ក៏​ជា​កន្លែង​ដែល​មាន​តន្ត្រី មាន​សិល្បៈ មាន​វិទ្យាសាស្ត្រ មាន​កីឡា មាន​អក្សរសាស្ដ្រ និង​ប្រពៃណី នោះ​យើង​ប្រាកដ​ជា​ចង់​ផ្សាយ​ដំណឹងល្អ​ទៅ​កាន់​មនុស្ស​នៅ​លើ​ផែនដី​នេះ​ហើយ ហើយ​យើង​ក៏​នឹង​ទទួល​បាន​ការ​លើក​ទឹកចិត្ត​ផង​ដែរ។ «ការ​ដែល​គេ​រស់នៅ​យ៉ាង​អរសប្បាយ​អស់​កល្ប​ជានិច្ច» គឺ​មិន​មែន​គ្រាន់​តែ​ជា​រឿង​ព្រេង​នោះ​ឡើយ។ តែ​វា​ជា​ការ​ដែល​ព្រះ​ជាម្ចាស់​បាន​ទិញ​យើង​ដោយ​ព្រះ​លោហិត​នៃ​ក្ដី​សន្យា​របស់​ទ្រង់ សម្រាប់​អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​ដំណឹង​ល្អ​របស់​ព្រះ​អង្គ។

រី​ឯ នៅ​ផែនដី​ថ្មី យើង​នឹង​លែង​មាន​ការ​ឈឺចាប់ និង​ទុក្ខព្រួយ​ទៀត​ហើយ ពីព្រោះ​ព្រះ​ជាម្ចាស់​នឹង​ជូត​នូវ​រាល់​ទឹក​ភ្នែក​របស់​យើង​ចេញ (វិវរណៈ ២១:៤)។ នោះ​ឯង​ជា​សេចក្ដី​សន្យា​ដ៏​ល្អ​ឥត​ខ្ចោះ​ដែល​យើង​អាច​ផ្សាយ​ដល់​អ្នក​មិន​ជឿ។ យើង​មិន​គួរ​មាន​ការ​ខ្មាសអៀន​នោះ​ឡើយ​ក្នុង​ការ​ដែល​យើង​ប្រាប់​គេ​ថា សេចក្ដី​អរសប្បាយ​ដែល​គេ​ចង់​បាន រួម​ទាំង​ការ​ផ្សះផ្សា​ដែល​គេ​ចង់​ទទួល​បាន​ពី​ព្រះ​ជាម្ចាស់ គឺ​មាន​តែ​នៅ​ក្នុង​ព្រះ​យេស៊ូវ​មួយ​អង្គ​គត់​ប៉ុណ្ណោះ។ នេះ​ហើយ​ជា​ហេតុ​ផល​ដែល​ធ្វើ​ឲ្យ​ដំណឹងល្អ​ពិត​ជា​ដំណឹង​ល្អ​នៃ «សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ!» មែន។

និពន្ធ​ដោយ៖ លោក​គ្រូ Gavin Ortlund
បកប្រែ​ដោយ និង​កែ​សម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ និង​​កញ្ញា យ៉ុន សាឯម
ដក​ស្រង់​ខ្លះៗ​ចេញ​ពី www.thegospelcoalition.org ដោយ​មាន​ការអនុញ្ញាត។
image_pdfទាញ​យក​ជា PDF

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ព្រះ​គ្រីស្ទ​មាន​ព្រះ​ជន្ម​រស់

សមាជិកក្រុមជំនុំ