in

​ព្រះ​យេស៊ូវ​យាង​មក​សុគតដើម្បី​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​និង​ព្រះ​គុណ​

យើង​អាច​ឃើញ​រង្វាស់​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់​ចំពោះ​យើង​តាម​រយៈ​ការ​ពីរ​យ៉ាង។ ទីមួយ គឺ​កម្រិត​នៃ​ការ​បូជា​របស់​ព្រះ​គ្រីស្ទ ដើម្បី​ជួយ​សង្គ្រោះ​យើង​ពី​ទណ្ឌកម្ម​នៃ​អំពើ​បាប​របស់​យើង។ ទីពីរ គឺ​កម្រិត​នៃ​ភាព​មិន​ស័ក្តិសម​នឹង​ឲ្យ​ទ្រង់​សង្គ្រោះ​យើង។

យើង​អាច​មើល​ឃើញ​ពី​រង្វាស់​នៃ​ការ​បូជា​របស់​ទ្រង់​នៅ​ក្នុង​កណ្ឌគម្ពីរ យ៉ូហាន ៣:១៦ ដែល​ចែង​ថា «​ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​ទ្រង់​តែ១»។ យើង​ក៏​អាច​ឃើញ​ពី​រង្វាស់​នៃ​ការ​បូជា​នៅ​ក្នុង​ពាក្យ​ថា ព្រះ​គ្រីស្ទ ផង​ដែរ។ នេះ​គឺ​ជា​ព្រះ​នាម​មួយ​ដែល​ផ្អែកលើ​ងារ​ក្នុង​ភាសា​ក្រិក​ថា គ្រីស្ទុស (Χριστός) ដែល​មាន​ន័យ «ម្នាក់​ដែល​ទទួល​ការ​ចាក់​ប្រេង​តាំង» ហើយ​ភាសា​ហេព្រើរ​ថា «ព្រះ​មែស្ស៊ី»។ នេះ​គឺ​ជា​ងារ​ដ៏​ខ្ពង់ខ្ពស់​ថ្លៃថ្នូរ។ ព្រះ​មែស្ស៊ី​គឺ​ជា​អង្គ​ដែល​នឹង​ត្រូវ​ធ្វើ​ជា​ស្ដេច​នៃ​សាសន៍​អ៊‌ីស្រាអែល។ ទ្រង់​នឹង​ច្បាំង​ឈ្នះ​លើ​សាសន៍ រ៉ូម ហើយ​នឹង​នាំ​មក​នូវ​សន្តិភាព និង​សុវត្ថិភាព​ដល់​សាសន៍​អ៊‌ីស្រាអែល។ ដូច្នេះ​ហើយ​បុគ្គល​ដែល​ព្រះ​ជាម្ចាស់​បាន​បញ្ជូន​មក​ដើម្បី​សង្គ្រោះ​មនុស្ស​មាន​បាប គឺ​ជា​បុត្រា​ផ្ទាល់​របស់​ទ្រង់​ជា​បុត្រា​តែ​មួយ​គត់​របស់​ទ្រង់ និង​ជា​បុគ្គល​ដែល​បាន​តាំង​ឡើង​ជា​ស្ដេច​នៃ​សាសន៍​អ៊‌ីស្រាអែល ហើយ​ក៏​ជា​ស្ដេច​នៃ​ពិភពលោក​ទាំង​មូល​ផង​ដែរ (អេសាយ ៩:៦-៧)។

នៅ​ពេល​ដែល​យើង​ផ្ដល់​គំនិត​បន្ថែម​លើ​ការ​ពិចារណា​ស្ដីពី​ការ​សុគត​លើ​ឈើ​ឆ្កាង​ដ៏​គួរ​ឲ្យ​រន្ធត់​ដែល​ព្រះ​គ្រីស្ទ​បាន​ទ្រាំទ្រ នោះ​យើង​នឹង​ឃើញ​ច្បាស់​ថា ការ​បូជា​ដែល​ព្រះ​វរបិតា និង​ព្រះ​រាជបុត្រា​បាន​ធ្វើ គឺ​ធំធេង​មិន​អាច​ពណ៌នា​បាន ហើយ​ក៏​មិន​អាច​វាស់​បាន​ដែរ។ បើ​យើង​គិត​ពី​ភាព​ឆ្ងាយ​ពី​គ្នា​រវាង​ព្រះ និង​មនុស្សលោក ការ​បូជា​នេះ​មាន​តម្លៃ​ខ្លាំង​ណាស់។ ប៉ុន្តែ​ព្រះ​ជាម្ចាស់​បាន​ជ្រើស​យក​ការ​បូជា​នេះ ដើម្បី​សង្គ្រោះ​យើង។

រង្វាស់​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង​នៅ​តែ​មាន​ការ​កើនឡើង​ថែម​ទៀត នៅ​ពេល​ដែល​យើង​គិត​ពី​ភាព​មិន​ស័ក្ដិសម​របស់​យើង​ក្នុង​ការ​ទទួល​ក្ដី​ស្រឡាញ់។ «កម្រ​នឹង​មាន​អ្នក​ណា​ព្រម​ស្លាប់​ជំនួស​មនុស្ស​សុចរិត​ណាស់ ប៉ុន្តែ​ប្រហែល​ជា​មាន​អ្នក​ខ្លះ​ហ៊ាន​ស្លាប់​ជំនួស​មនុស្ស​ល្អ​ដែរ​ទេ​ដឹង! រី​ឯ​ព្រះ​វិញ ទ្រង់​សម្ដែង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​អង្គ​ដល់​យើង ដោយ​ព្រះ​គ្រីស្ទ​បាន​សុគត​សម្រាប់​យើង ក្នុង​ពេល​ដែល​យើង​នៅ​ជា​មនុស្ស​មាន​បាប​នៅ​ឡើយ» (រ៉ូម ៥:៧-៨ គកស)។ យើង​សម​នឹង​ទទួល​ការ​ដាក់​ទណ្ឌកម្ម​ដែល​មក​ពី​ព្រះ​ជាម្ចាស់ មិន​មែន​ការ​បូជា​ដែល​មក​ពី​ព្រះ​ជាម្ចាស់​នោះ​ទេ។

ខ្ញុំ​ធ្លាប់​ឮ​គេ​និយាយ​ថា «ព្រះ​ជាម្ចាស់​មិន​មែន​សុគត​ដើម្បី​សង្គ្រោះ​សត្វ​នោះ​ទេ តែ​ទ្រង់​សុគត​ដើម្បី​សង្គ្រោះ​មនុស្សលោក​ទៅ​វិញ​ទេ ព្រោះ​មនុស្ស​មាន​តម្លៃ​ជាង​សត្វ»។ បើ​ដូច្នេះ​មែន នោះ​ព្រះ​គុណ​លែង​ជា​ព្រះ​គុណ​ទៀត​ហើយ។ យើង​អាក្រក់​ជាង​សត្វ​ទៅ​ទៀត ព្រោះ​ពួកវា​មិន​ដែល​ធ្វើ​បាប​សោះ។ ពួកវា​មិន​បាន​ប្រឆាំង ឬ​ប្រព្រឹត្ត​នឹង​ព្រះ​ជាម្ចាស់​ដោយ​ព្រហើន​កោងកាច ដោយ​គិតថា​ព្រះ​ជាម្ចាស់​មិន​មែន​ជា​អ្វី​ដែល​សំខាន់​សម្រាប់​ពួក​គេ​នោះ​ទេ។ ព្រះ​ជាម្ចាស់​មិន​ចាំ​បាច់​សុគត​សម្រាប់​សត្វ​ទាំង​នោះ​ទេ ព្រោះ​ពួកវា​មិន​មែន​អាក្រក់​ដល់​ថ្នាក់​នោះ​ឡើយ ប៉ុន្តែ​យើង​ទៅ​វិញ​ទេ​ដែល​មាន​បាប។ បំណុល​របស់​យើង​គឺ​ធំធេង​ណាស់ ហើយ​មាន​តែ​យញ្ញ​បូជា​ដែល​មក​ពី​ព្រះ​ជាម្ចាស់​ប៉ុណ្ណោះ​ដែល​អាច​ដោះ​បំណុល​យើង​បាន។

មាន​ហេតុផល​តែ​មួយ​គត់​ដែល​បណ្ដាល​ឲ្យ​ព្រះ​ជាម្ចាស់​បូជា​ព្រះ​យេស៊ូវ​សម្រាប់​យើង ហើយ​យើង​មិន​មែន​ជា​ហេតុផល​ដែល​បណ្ដាល​ឲ្យ​ទ្រង់​ធ្វើ​ដូច្នោះ​នោះ​ទេ។ ប៉ុន្តែ «ព្រះ​គុណ​ដ៏​ធ្ងន់​ក្រៃ​លែង​នៃ​ទ្រង់» ទៅ​វិញ​នោះ​ទេ​ដែល​ជា​ហេតុផល (អេភេសូរ ១:៧)។ ​ព្រះ​ជាម្ចាស់​ប្រទាន​ព្រះ​គុណ​នោះ​មក​ដោយ​ឥតគិតថ្លៃ។ ការ​បូជា​របស់​ព្រះ​ជាម្ចាស់​មិន​មែន​ជា​ការ​ឆ្លើយតប​ទៅ​នឹង​តម្លៃ​របស់​យើង​នោះ​ទេ តែ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​តម្លៃ​ដ៏​ធំធេង​របស់​ព្រះ​ជាម្ចាស់​ទៅ​វិញ​នោះ​ទេ។ តាម​ពិត សរុប​សេចក្តី​ទៅ សេចក្ដី​ស្រឡាញ់​គឺ​ជា​ហេតុ​ដែល​នាំ​ឲ្យ​ទ្រង់​ប្រទាន​ព្រះ​គុណ​ដល់​យើង។ សេចក្តី​ស្រឡាញ់​នោះ គឺ​ជា​ភាព​ឆេះឆួល​ដែល​ទ្រង់​ចង់​បាន​មនុស្ស​មាន​បាប​ដែល​មិន​ស័ក្តិសម​នឹង​ទទួល​ព្រះ​គុណ​របស់​ទ្រង់ ដោយ​ទ្រង់​បាន​បង់​ថ្លៃ​យ៉ាង​ធំធេង ដើម្បី​ឲ្យ​យើង​មាន​អំណរ​យ៉ាង​ក្រៃលែង​រហូត​តទៅ។ ជា​ពិសេស ទ្រង់​ចង់​ប្រទាន​ឲ្យ​យើង​មាន​អំណរ​ជាមួយនឹង​សិរីល្អ​ដែល​គ្មាន​ទី​បញ្ចប់​របស់​ទ្រង់។

កម្រ​នឹង​មាន​អ្នក​ណា​ព្រម​ស្លាប់​ជំនួស​មនុស្ស​សុចរិត​ណាស់ ប៉ុន្តែ​ប្រហែល​ជា​មាន​អ្នក​ខ្លះ​ហ៊ាន​ស្លាប់​ជំនួស​មនុស្ស​ល្អ​ដែរ​ទេ​ដឹង! រី​ឯ​ព្រះ​វិញ ទ្រង់​សម្ដែង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​អង្គ​ដល់​យើង ដោយ​ព្រះ​គ្រីស្ទ​បាន​សុគត​សម្រាប់​យើង ក្នុង​ពេល​ដែល​យើង​នៅ​ជា​មនុស្ស​មាន​បាប​នៅ​ឡើយ។
(រ៉ូម ៥:៧-៨ គកស)

ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្សលោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​ទ្រង់​តែ១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ។
(យ៉ូហាន ៣:១៦)

ហើយ​យើង​បាន​សេចក្ដី​ប្រោស​លោះ​នៅ​ក្នុង​ព្រះ​រាជបុត្រា​នោះ ដោយ​សារ​ព្រះ​លោហិត​ទ្រង់ គឺ​ជា​សេចក្ដី​ប្រោស​ឲ្យ​រួច ពី​ទោស តាម​ព្រះ​គុណ​ដ៏​ធ្ងន់​ក្រៃលែង​នៃ​ទ្រង់។
(អេភេសូរ ១:៧)

ដក​ស្រង់​ចេញ​ពី​សៀវភៅ «ហេតុ​ផល​ហាសិប​ដែល​ព្រះ​គ្រីស្ទ​យាង​មក​សុគត» និពន្ធ​ដោយ៖ លោកគ្រូ ចន ផាភ័រ រក្សា​សិទ្ធិ​គ្រប់​យ៉ាង © ប្រើ​ដោយ​មាន​ការ​អនុញ្ញាត

តើអ្នកចូលចិត្តអត្ថបទនេះទេ?

-1 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

…ប៉ុន្តែ ដើម្បី​បម្រើ

អធិស្ឋានៗ​លក់​ភ្លឹង