in ,

លុយ​សំខាន់

អាទិត្យ​មុន ខ្ញុំ​បាន​និពន្ធ​អំពី​គ្រីស្ទ​បរិស័ទ និង​លុយ​កាក់ ហើយ​ព្យាយាម​ឆ្លើយ​សំណួរ​ពីរ៖ ១) តើ​ខ្ញុំ​ត្រូវ​តែ​ឲ្យ​លុយ​ខ្លះ​របស់​ខ្ញុំ​ទៅ​អ្នក​ដទៃ​មែន​ឬ? ២) ហើយ​តើ​ខ្ញុំ​គួរ​មាន​ឥរិយាបថ​យ៉ាង​ដូច​ម្ដេច​នៅ​ពេល​ដែល​ខ្ញុំ​ឲ្យ​លុយ​នោះ? លោក​អ្នក​អាច​អាន​នៅ​ទីនេះ​បាន។ ថ្ងៃ​នេះ​ខ្ញុំ​ចង់​បន្ត​ដោយ​សួរ និង​ឆ្លើយ​ពីរ​សំណួរ​ផ្សេង​ទៀត៖ ១) តើ​ខ្ញុំ​គួរ​ឲ្យ​ទៅ​អ្នក​ណា? ២) តើ​ខ្ញុំ​គួរ​ឲ្យ​ប៉ុន្មាន?

តើ​ខ្ញុំ​គួរ​ឲ្យ​ប៉ុន្មាន?

ប្រសិន​បើ​អ្វី​ដែល​ខ្ញុំ​បាន​លើក​ឡើង​ពី​អាទិត្យ​មុន​ត្រឹម​ត្រូវ នោះ​មាន​ន័យ​ថា យើង​មាន​មូលដ្ឋាន​ហើយ​ថា​យើង​ត្រូវ​តែ​ឲ្យ​លុយ​ខ្លះ​របស់​យើង​ទៅ​អ្នក​ដទៃ។ ចំណុច​នេះ​នាំ​មក​នូវ​សំណួរ​មួយ​ទៀត​ដែល​សួរ​ថា តើ​យើង​គួរ​ឲ្យ​លុយ​នោះ​ទៅ​អ្នក​ណា? មាន​ទី​កន្លែង និង​បុគ្គល​ដែល​រាប់​មិន​អស់​ដែល​យើង​អាច​ឲ្យ​បាន—យើង​អាច​ថ្វាយ​ទៅ​កាន់​ព្រះ​វិហារ ឲ្យ​ទៅ​បុគ្គល​ណា​មួយ ឲ្យ​ទៅ​អង្គការ​ដែល​ធ្វើ​ព័ន្ធកិច្ច​ជាមួយ​ក្រុម​ជំនុំ ឬ​ក៏​អង្គការ​ដែល​មិន​រក​ប្រាក់​ចំណេញ។ ប្រសិន​បើ​លោក​អ្នក​មាន​លុយ ដើម្បី​នឹង​ឲ្យ នោះ​លោក​អ្នក​នឹង​មិន​ដែល​មាន​បញ្ហា​ក្នុង​ការ​រក​កន្លែង​ដែល​ស័ក្ដិសម​នឹង​ទទួល ហើយ​ក៏​ចង់​ឲ្យ​លោក​អ្នក​ផ្ដល់​ដល់​គាត់​ដោយ​ទទួល​យ៉ាង​ស្ម័គ្រ​ចិត្ត​នោះ​ឡើយ។ ប៉ុន្តែ តើ​ព្រះ​គម្ពីរ​មាន​ចែង​យ៉ាង​ដូច​ម្ដេច​ទៅ?

ខ្ញុំ​ឃើញ​ថា សំណួរ​មួយ​នេះ​មាន​ការ​ពិបាក​ឆ្លើយ​ជាង​ខ្ញុំ​គិត​ដល់​ទៅ​ទៀត។ សេចក្ដី​បង្រៀន​ចម្បង​ក្នុង​ព្រះ​គម្ពីរ​សញ្ញាថ្មី​ហាក់​បី​ដូច​ជា​លើកឡើង​ថា ទី​កន្លែង​ចម្បង​ដែល​លោក​អ្នក​គួរ​ឲ្យ​គឺ​ថ្វាយ​ទៅ​កាន់​ក្រុម​ជំនុំ​តាម​តំបន់។ យ៉ាង​ហោច​ណាស់ នេះ​គឺ​ជា​ជា​គំរូ​ដែល​យើង​ឃើញ ទោះ​បើ​ព្រះ​គម្ពីរ​មិន​បាន​លើក​ឡើង​ចំៗ​ក៏​ដោយ។ ហើយ​ប្រាកដ​ណាស់ នេះ​ក៏​ជា​លំនាំ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញាចាស់​ដែរ។ គេ​មិន​បាន​ឲ្យ​ប្រាក់​តង្វាយ​ទៅ​កាន់​បុគ្គល​នោះ​ទេ ប៉ុន្តែ​បាន​ថ្វាយ​ទៅ​កាន់​ព្រះ​ជាម្ចាស់​តាម​រយៈ​បុគ្គល​ដែល​ទ្រង់​បាន​ជ្រើស​រើស។

អ្វី​ដែល​ខ្ញុំ​សង្កេត​ឃើញ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញាថ្មី​គឺ​ថា ទំនួល​ខុស​ត្រូវ​របស់​យើង​ទាក់​ទង​នឹង​ពេល​ដែល​យើង​មើល​ថែ​បុគ្គល​ណា​ម្នាក់ មិន​ថា​នេះ​ទាក់​ទង​ទៅ​នឹង​ការ​ប្រកាស​ដំណឹង​ល្អ ឬ​ក៏​ទាក់​ទង​ទៅ​នឹង​ការ​ចែក​រំលែក​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន គឺ​វា​មាន​ការ​ចាប់​ផ្ដើម​ជា​មួយ​នឹង​អ្នក​ស្និទ្ធស្នាល​ជា​មួយ​យើង​ជា​ដំបូង បន្ទាប់​មក​ទៅ​កាន់​អ្នក​ដទៃ។ គេ​នឹង​រាប់​បុគ្គល​ម្នាក់​ថា គាត់​អាក្រក់​ជាង​អ្នក​មិន​ជឿ​ទៅ​ទៀត ប្រសិន​បើ​គាត់​មិន​មើល​ថែ​គ្រួសារ​របស់​ខ្លួន មិន​មែន​ថា​បើ​គាត់​មើល​ថែ​គ្រួសារ​ដែល​នៅ​ពាក់​កណ្ដាល​ពិភពលោក​មួយ​ទៀត​នោះ​ទេ។ បន្ទាប់​មក ទំនួល​ខុស​ត្រូវ​របស់​គាត់​គឺ​ទៅ​កាន់​ក្រុមជំនុំ​តាម​តំបន់​របស់​ខ្លួន—គឺ​បង​ប្អូន​ប្រុស​ស្រី​ក្នុង​ព្រះ​គ្រីស្ទ​ដែល​គាត់​បាន​តាំង​សញ្ញា​ជា​មួយ។ នេះ​គឺ​ជា​ការ​ដ៏​ងាយ​ស្រួល​អនុវត្ត​ណាស់៖ វា​ជា​រឿង​ដ៏​ពិបាក​យល់​ណាស់​ប្រសិន​បើ​គាត់​ព្យាយាម​ថែរក្សា​គ្រួសារ​ណា​មួយ​ជា​ចម្បង​នៅ​ប្រទេស​អាស៊ី ខណៈ​ពេល​ដែល​ការ​ថែរក្សា​ចម្បង​របស់​គាត់​គឺ​មក​ពី​បុគ្គល​ណា​ម្នាក់​នៅ​ប្រទេស​អូស្ត្រាលី។

សរុប​សេចក្ដី​ទៅ ជា​ចម្បង យើង​ត្រូវ​តែ​បំពេញ​តម្រូវ​ការ​សម្រាប់​គ្រួសារ បន្ទាប់​មក​ក្រុម​ជំនុំ ហើយ​ក្រោយ​នោះ​ទើប​យើង​អាច​ផ្គត់​ផ្គង់​គ្រីស្ទ​បរិស័ទ​ផ្សេង​ទៀត​បាន។ មើល​ទៅ​ព្រះ​គម្ពីរ​សញ្ញាថ្មី​ហាក់​បី​ដូច​ជា​ឲ្យ​អាទិភាព​លើ​ការ​ផ្គត់​ផ្គង់​អ្នក​ជឿ​ខ្ពស់​ជាង​ការ​ថែ​រក្សា​អ្នក​មិន​ជឿ។ ទាំង​ពីរ​ទំនង​ជា​សំខាន់ ប៉ុន្តែ​ជា​ចម្បង​យើង​ត្រូវ​ផ្គត់​ផ្គង់​គ្រីស្ទ​បរិស័ទ​សិន មុន​យើង​ផ្គត់​ផ្គង់​អ្នក​មិន​ជឿ។ បន្ទាប់​មក ពិត​ណាស់​គឺ​មាន​ពេល​ដែល​យើង​អាច និង​ត្រូវ​តែ​ផ្គត់​ផ្គង់​មនុស្ស​គ្រប់​គ្នា ជា​របៀប​ផ្គត់​ផ្គង់​តម្រូវ​ការ និង​ជា​របៀប​បើក​ទ្វា​សម្រាប់​ដំណឹង​ល្អ។

នេះ​គឺ​ជា​គំរូ​ដែល​យើង​ឃើញ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី។ បន្ទាប់​ពី​បាន​ផ្គត់​ផ្គង់​សម្រាប់​គ្រួសារ​ផ្ទាល់​ខ្លួន បន្ទាប់​មក​ទើប​គេ​ថ្វាយ​តាម​រយៈ​ក្រុម​ជំនុំ។ ខណៈ​ពេល​ដែល​យើង​គ្មាន​មន្ទិល​សង្ស័យ​ត្រង់​ថា គ្រីស្ទ​បរិស័ទ​ក៏​បាន​ផ្គត់​ផ្គង់​ផ្ទាល់​ៗ​ទៅ​កាន់​គ្រីស្ទ​បរិស័ទ​ផ្សេង គំរូ​ក្រុម​ជំនុំ​សម័យ​ដំបូង​គឺ​ថ្វាយ​ទៅ​កាន់​ក្រុម​ជំនុំ ដើម្បី​ឲ្យ​ក្រុម​ជំនុំ​ចែក​រំលែក​ទៅ​កាន់​អស់​អ្នក​ដែល​ត្រូវ​ការ។ យើង​ឃើញ​អំពី​ចំណុច​នេះ​នៅ​ក្នុង​ដំណើរ​រឿង​របស់​សាវ័ក ពេត្រុស និង​លោក អាន្ន៉ានាស និង​លោក​ស្រី សាភីរ៉ា ដែល​ជា​បុគ្គល​ដែល​បាន​នាំ​តង្វាយ​របស់​ខ្លួន​ទៅ​កាន់​ក្រុម​ជំនុំ ដើម្បី​ឲ្យ​ក្រុម​ជំនុំ​ចែក​រំលែក (ទោះ​បើ​ទាំង​អស់​មាន​ការ​ជំរុញ​ចិត្ត​ខុសៗ​គ្នា)។ ក្រុម​ជំនុំ​គឺ​ជា​ទី​កន្លែង​ទទួល ហើយ​ក៏​ជាទី​កន្លែង​ចែក​ចាយ​ផង​ដែរ។

គំនិត​នេះ​ដែល​ទាក់ទង​ទៅ​នឹង​ការ​ថ្វាយ​ទៅ​កាន់​ក្រុម​ជំនុំ​ជា​ចម្បង​គឺ​ជា​គំនិត​ដ៏​គួរឲ្យ​អាច​យល់​បាន​ដោយ​មាន​មូល​ហេតុ​មួយ​ចំនួន។

ទី១ ក្រុម​ជំនុំ​បាន​តែង​តាំង​បុគ្គល​មួយ​ចំនួន ដើម្បី​ឲ្យ​ដឹង​អំពី​តម្រូវ​ការ ហើយ​ឆ្លើយ​តប​លើ​តម្រូវ​ការ​នោះ។ ក្នុង​ក្រុម​ជំនុំ​ភាគ​ច្រើន តួនាទី​មួយ​នេះ​គឺ​នៅ​លើ​ពួក​ចាស់​ទុំ ដែល​ទទួល​ការ​ត្រាស់​ហៅ និង​ការ​ប្រដាប់​ខ្លួន​ជា​ស្រេច​សម្រាប់​ទាំង​ការ​ស្វែង​យល់ និង​ការ​ឆ្លើយ​តប​ញឹក​ញាប់​ចំពោះ​តម្រូវ​ការ​ទាំង​នោះ។

ទី២ អ្នក​ដឹក​នាំ​ក្រុម​ជំនុំ​អាច​ស្គាល់​អំពី​តម្រូវ​ការ​ដ៏​សំខាន់​បំផុត​បាន។ ទាំង​អ្នក​ចាស់​ទុំ និង​អ្នក​ត្រួត​ត្រា​សហការ​ជា​មួយ​គ្នា ដើម្បី​សម្គាល់ ហើយ​សម្រេច​ជា​ផ្លូវ​ការ​ក្នុង​ការ​បំពេញ​តម្រូវ​ការ​ដែល​មាន។

ទី៣ ការ​ផ្គត់​ផ្គង់​ទៅ​កាន់​ព័ន្ធកិច្ច​តែ​មួយ​ចំនួន​អាច​នឹង​នាំ​ឲ្យ​គាត់​សម្រេច​កិច្ចការ​បាន​ជា​ច្រើន។ មិន​មាន​កំហុស​ទេ ប្រសិន​បើ​លោក​អ្នក​ផ្គត់​ផ្គង់​ថវិកា​មួយ​ផ្នែក​ទៅ​កាន់​ព័ន្ធកិច្ច​មួយ​នេះ ហើយ​ខ្ញុំ​ផ្គត់ផ្គង់​ថវិកា​មួយ​ផ្នែក​ទៅ​កាន់​ព័ន្ធកិច្ច​មួយ​នោះ ប៉ុន្តែ​អ្វី​ដែល​អាច​នាំ​ឲ្យ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​គឺថា​ប្រសិន​បើ​ទាំង​លោក​អ្នក ហើយ​និង​ខ្ញុំ​ថ្វាយ​ទៅ​កាន់​ព័ន្ធកិច្ច​ដូច​គ្នា​តាម​រយៈ​ក្រុម​ជំនុំ​តាម​តំបន់។ ការ​ធ្វើ​បែប​នេះ​នាំឲ្យ​យើង​ចាប់​ដៃ​គ្នា​ក្នុង​ការ​អធិស្ឋាន និង​ទម្រង់​ផ្គត់ផ្គង់​ផ្សេង​ទៀត​ក្នុង​លក្ខណៈ​ជា​សង្គម។

ទី៤ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បាន​លើក​ឡើង​យ៉ាង​ច្បាស់​លាស់​ថា ក្រុម​ជំនុំ​ត្រូវ​តែ​ញែក​មនុស្ស​មួយ​ចំនួន ដើម្បី​ធ្វើ​ព័ន្ធកិច្ច ហើយ​អ្នក​ខ្លះ​ទៀត​ឲ្យ​គាត់​ញែក​ខ្លួន ដើម្បី​ធ្វើ​ព័ន្ធកិច្ច​ទាំង​ស្រុង។ គ្រីស្ទ​បរិស័ទ​មួយ​ចំនួន​កាត់​អត្ថន័យ​ថា «នេះ​មាន​ន័យ​ថា គាត់​គួរ​ទទួល​បាន​ប្រាក់​ខែ​សម្រាប់​ព័ន្ធកិច្ច​របស់​គាត់»។ តាម​រយៈ​ការ​ថ្វាយ​តង្វាយ​ទៅ​កាន់​ក្រុម​ជំនុំ​ជា​ចម្បង នេះ​មាន​ន័យ​ថា លោក​អ្នក​កំពុង​តែ​ផ្គត់​ផ្គង់​គ្រូ​គង្វាល​របស់​ខ្លួន​ក្នុង​ព័ន្ធកិច្ច។ ហើយ​ពិត​ណាស់! លោក​អ្នក​ក៏​កំពុង​តែ​ផ្គត់​ផ្គង់​នូវ​រាល់​ព័ន្ធកិច្ច​ដែល​មាន​នៅ​ក្នុង​ក្រុម​ជំនុំ​ផង​ដែរ តាំង​ពី​ការ​ឲ្យ​ជា​ប្រាក់​ខែ​ទៅ​ដល់​ការ​ទិញ​អាគារ និង​ព្រះ​គម្ពីរ និង​រាល់​អ្វីៗ​ផ្សេង​ទៀត​ដែល​ត្រូវ​ការ ដើម្បី​ឲ្យ​ក្រុម​ជំនុំ​បន្ត​ទៅ​មុខ​ទៀត​បាន។ ប្រសិន​បើ​លោក​អ្នក​ទៅ​ជួប​ជុំ​ក្រុម​ជំនុំ​ជា​រៀង​រាល់ថ្ងៃ​អាទិត្យ ប៉ុន្តែ​ឲ្យ​លុយ​ខ្លួន​ទៅ​ព័ន្ធកិច្ច​ណា​ផ្សេង នោះ​មាន​ន័យ​ថា​លោក​អ្នក​មិន​បាន​ផ្គត់​ផ្គង់ និង​ទ្រទ្រង់​ក្រុម​ជំនុំ​របស់​ខ្លួន​ទេ។

វា​មិន​មាន​តម្លៃ​ទេ ប្រសិន​បើ​លោក​អ្នក​មិន​ទុក​ចិត្ត​លើ​ក្រុម​ជំនុំ​ខ្លួន​ក្នុង​ការ​ប្រើ​ប្រាស់​លុយ​កាក់​ក្នុង​របៀប​ដ៏​មាន​ប្រាជ្ញា ទំនង​លោក​អ្នក​គួរ​ស្វែង​រក​ក្រុម​ជំនុំ​ថ្មី​ហើយ​មើល​ទៅ! ខ្ញុំ​សង្ឃឹមថា​លោក​អ្នក​នឹង​រក​បាន​ក្រុម​ជំនុំ​ដែល​ជាទី​កន្លែង​ដែល​លោក​អ្នក​នឹង​ថ្វាយ​តង្វាយ​សប្បុរស ដោយ​ជឿ​ទុក​ចិត្ត​ថា អ្នក​ដឹក​នាំ​និង​ប្រើ​ប្រាស់​លុយ​កាក់​របស់​លោក​អ្នក​ដោយ​ឈ្លាស​វៃ។ នេះ​មិន​មែន​មាន​ន័យ​ថា ដាច់​ខាត​លោក​អ្នក​ត្រូវ​តែ​ថ្វាយ​រាល់​ការ​ឲ្យ​របស់​លោក​អ្នក​ទៅ​កាន់​តែ​ក្រុម​ជំនុំ​តាម​តំបន់​ទាំង​ស្រុង​នោះ​ទេ ប៉ុន្តែ​ប្រាកដ​ណាស់​លោក​អ្នក​ត្រូវ​តែ​ទ្រទ្រង់​យ៉ាង​សប្បុរស។

ហើយ​ចំណុច​នេះ​នាំ​យើង​មក​ដល់​សំណួរ​ចុង​ក្រោយ ហើយ​ទំនង​ក៏​ជា​ចម្លើយ​ដែល​លោក​អ្នក​ចង់​បាន​ខ្លាំង​ជាង​គេ​ផង​ក៏​មិន​ដឹង។

តើ​ខ្ញុំ​គួរ​ឲ្យ​ប៉ុន្មាន?

វា​គ្មាន​តម្លៃ​ទេ​នៅ​ពេល​ដែល​គេ​សួរ​សំណួរ​នេះ ហើយ​ជា​ទូទៅ​ចង់​ដឹង​ចម្លើយ​ដូច​នេះ៖ តើ​ខ្ញុំ​ចាំ​បាច់​ត្រូវ​ការ​ថ្វាយ​តង្វាយ​ដែរ​ឬ​ទេ? ជា​ទូទៅ គេ​ទំនង​ជា​នឹង​មិន​សួរ​សំណួរ​បែប​នេះ នៅ​ពេល​ដែល​គេ​ចង់​ថ្វាយ​ច្រើន​ជាង ១០% ទៅទៀត។ ដូច្នេះ ចូរ​យើង​ឆ្លើយ​សំណួរ​នេះ៖ តើ​ខ្ញុំ​គួរ​ឲ្យ/ថ្វាយ​ប៉ុន្មាន?

ទី១ លោក​អ្នក​ត្រូវ​ថ្វាយ​យោង​ទៅ​តាម​អ្វី​ដែល​លោក​អ្នក​បាន​ទទួល។ ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស ១៦:២ សាវ័ក ប៉ុល បាន​សរសេរ​អំពី​ការ​ដែល​ក្រុម​ជំនុំ​ត្រូវ​ប្រមូល​ជា​ប្រចាំ​អាទិត្យ ហើយ​បុគ្គល​នី​មួយៗ​ត្រូវ​ថ្វាយ «នូវ​អ្វីៗ​ដែល​ព្រះ​អម្ចាស់​បាន​ចម្រើន​ឲ្យ​ចុះ» (គគខ)។ បើ​និយាយ​ម្យ៉ាង​វិញ​ទៀត អ្វី​ដែល​គាត់​កំពុង​តែ​លើក​ឡើង​គឺ​ថា​បុគ្គល​នី​មួយៗ​ថ្វាយ​ដោយ​មាន​ចំនួន​ទឹក​ប្រាក់​ខុសៗ​គ្នា។ សេចក្ដី​រំពឹង​គិត​គឺ​ថា បុគ្គល​ដែល​មាន​លុយ​ច្រើន​គួរ​ឲ្យ​ច្រើន​ជាង​បុគ្គល​ដែល​មាន​លុយ​តិច។ ចំណុច​មួយ​ដែល​យើង​គួរ​សម្គាល់៖ ព្រះ​ជាម្ចាស់​មិន​បាន​បង្គាប់​ឲ្យ​យើង​ថ្វាយ​អ្វី​ដែល​យើង​មិន​មាន ហើយ​ព្រះអង្គ​ក៏​មិន​បាន​បង្គាប់​ឲ្យ​យើង​ថ្វាយ​លើស​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដែរ។ ការ​ថ្វាយ​លើស​ជាង​អ្វី​ដែល​លោក​អ្នក​មាន ការ​នាំ​ឲ្យ​ខ្លួន​ជាប់​បំណុល ឬ​ក៏​ការ​នាំឲ្យ​ខ្លួន​មិន​មាន​លទ្ធភាព​បង់​ប្រាក់​ជំពាក់ នោះ​គឺ​មិន​មែន​ជា​អ្វី​ដែល​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ចង់​បាន​ពី​លោក​អ្នក​ឡើយ។ មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​លោក​អ្នក​បាន​កើត​ចេញ​ពី​ប្រពៃណី​គ្រីស្ទ​បរិស័ទ​ដែល​មាន​ការ​រំពឹង​ឲ្យ​លោក​អ្នក «ដាំ​គ្រាប់​ពូជ» ពោល​គឺ​ការ​រំពឹង​ឲ្យ​លោក​អ្នក​ធ្វើ​អ្វី ដោយ​ប្រើ​ប្រាស់​លុយ​កាក់​ដែល​ខ្លួន​មិន​មាន ដើម្បី​ឲ្យ​ព្រះ​ជាម្ចាស់​ចម្រុង​ចម្រើន​លោក​អ្នក។ ការ​ជំពាក់​បំណុល ដើម្បី​រំដោះ​ខ្លួន​ពី​បំណុល​គឺ​មិន​មែន​ជា​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​បង្រៀន​ឡើយ វា​មិន​គួរ​ជា​ចំណុច​ដែល​គួរ​អនុវត្ត ហើយ​ក៏​មិន​មាន​ប្រាជ្ញា​ដែរ។ ប្រាកដ​ណាស់! លោក​អ្នក​គួរ​មាន​ចិត្ត​សប្បុរស ប៉ុន្តែ​ក៏​គួរ​មាន​ប្រាជ្ញា​ផង​ដែរ។

នោះ​គឺ​ជា​គោល​ការណ៍​ដំបូង​នៃ​របៀប​ឲ្យ៖ យ៉ាង​តិច​បំផុត​គឺ​លោក​អ្នក​គួរ​ថ្វាយ​តាម​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​ដល់​លោក​អ្នក។

ទី២ នេះ​គឺ​ជា​ចំណុច​ស្រដៀង​គ្នា​ណាស់ លោក​អ្នក​គួរ​ថ្វាយ​ដល់​ថ្នាក់​ថា​វា​ជា​ការ​លះបង់។ ប្រសិន​បើ​លោក​អ្នក​បាន​ថ្វាយ​ចំនួន​ទឹក​ប្រាក់ ដែល​វា​មិន​ប៉ះ​ពាល់​លោក​អ្នក—ប្រសិន​បើ​ប្រាក់​ខែ​ប្រចាំ​ឆ្នាំ​របស់​លោក​អ្នក​គឺ $១០.០០០ សម្រាប់​មួយ​ឆ្នាំ នោះ​លោក​អ្នក​ថ្វាយ $១០០ ឬ​ក៏​ថា ប្រាក់​ខែ​ប្រចាំ​ឆ្នាំ​របស់​លោក​អ្នក​គឺ $៥០.០០០ សម្រាប់​មួយ​ឆ្នាំ នោះ​លោក​អ្នក​ថ្វាយ $២៥០ ឬ​ក៏​ថា ប្រាក់​ខែ​ប្រចាំ​ឆ្នាំ​របស់​លោក​អ្នក​គឺ $៥០.០០០.០០០ សម្រាប់​មួយឆ្នាំ នោះ​លោកអ្នក​ថ្វាយ $២០.០០០—នោះ​មាន​ន័យ​ថា ការ​ថ្វាយ​របស់​លោក​អ្នក​គ្មាន​ការ​លះបង់​ទេ។ ការ​ថ្វាយ​គួរ​ជះ​ឥទ្ធិពល​លើ​លោក​អ្នក។ ប្រសិន​បើ​លោក​អ្នក​មិន​ទទួល​បាន​ការ​ជះឥទ្ធិពល ប្រសិន​បើ​លោក​អ្នក​មិន​ឆា​ចោល​ផែន​ការ​មួយ​ចំនួន​ដោយ​សារ​ការ​ថ្វាយ នោះ​មាន​ន័យ​ថា ទំនង​លោក​អ្នក​មិន​ទាន់​បាន​ថ្វាយ​ល្មម​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ។ ទៅ​ដល់​ចុង​ឆ្នាំ មាន​អារម្មណ៍​ដ៏​រំភើប​មួយ​ដែល​កើត​ឡើង នៅ​ពេល​ដែល​លោក​អ្នក​មើល​ចំនួន​ទឹក​ប្រាក់​ដែល​លោក​អ្នក​បាន​ថ្វាយ ហើយ​ឃើញ​ថា​ខ្លួន​បាន​លះបង់។ លោក​អ្នក​អាច​សង្កេត​ឃើញ​ថា​លោក​អ្នក​អាច​ទិញ​កុំព្យូទ័រ​ថ្មី​បាន ឬ​ក៏​សាង​សង់​អាគារ​ណា​មួយ ឬ​ក៏​ទិញ​ឡាន​ថ្មី ប៉ុន្តែ​លោក​អ្នក​បាន​ជ្រើស​រើស​បម្រើ និង​ថ្វាយ​ព្រះ​កិត្តិយស​ដល់​ព្រះ​អម្ចាស់។ នោះ​គឺ​ជា​ការ​លះបង់​ដែល​ថ្វាយ​ព្រះ​កិត្តិយស​ដល់​ព្រះ​ជាម្ចាស់។ ព្រះ​ជាម្ចាស់​ស្រឡាញ់​ការ​នោះ​ណាស់។ ព្រះ​ជាម្ចាស់​ក៏​ប្រទាន​ពរ​លើ​ការ​នោះ​ផង​ដែរ។

ហើយ​នោះ​គឺ​ជា​គោល​ការណ៍​ទី២៖ យ៉ាង​តិច​ណាស់ ចូរ​ថ្វាយ​ដល់​ថ្នាក់​ថា​វា​ប៉ះពាល់​លើ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ខ្លួន។

ដូច្នេះ តើ​យើង​ធ្វើ​អ្វី​ទៅ​ទាក់​ទង​នឹង​ការ​ថ្វាយ​តង្វាយ? តើ​សព្វ​ថ្ងៃ​នេះ ព្រះ​ជាម្ចាស់​នៅ​បន្ត​តម្រូវ​ឲ្យ​យើង​ថ្វាយ ១០% មែន​ឬ? បើ​និយាយ​ខ្លី​ទៅ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​មិន​បាន​លើក​ឡើង​អំពី​ចំណុច​នោះ​យ៉ាង​ច្បាស់​លាស់​ទេ។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​មិន​បាន​អះអាង​ថា យើង​គួរ​បន្ត​ធ្វើ​បែប​នោះ ហើយ​ក៏​មិន​ដែល​លុប​ចោល​ផង​ដែរ? ប៉ុន្តែ អ្វី​ដែល​ច្បាស់​លាស់​គឺ​ថា គ្រប់​ច្បាប់​នៃ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​គឺ​មិន​បាន​ទម្លាក់​ទាប​ជាង​មុន​នោះ​ទេ ប៉ុន្តែ​គឺ​ត្រូវ​បាន​បង្កើន​ឡើង​ខ្ពស់​ជាង​មុន​បន្ទាប់​ពី​ព្រះ​គ្រីស្ទ។ ព្រះ​គម្ពីរ​សញ្ញា​ចាស់​បាន​ព្រមាន​ជំទាស់​អំពី​ការ​ផិត​ក្បត់។ ព្រះ​យេស៊ូវ​បាន​ព្រមាន​ជំទាស់​អំពី​ការ​មើល​ដោយ​មាន​អារម្មណ៍​ស្រើប​ស្រាល។ ព្រះ​គម្ពីរ​សញ្ញា​ចាស់​បាន​ព្រមាន​ជំទាស់​អំពី​ការ​សម្លាប់។ ព្រះ​យេស៊ូវ​បាន​ព្រមាន​ជំទាស់​អំពី​ការ​មាន​គំនិត​ដែល​ពេញ​ដោយ​ការ​ស្អប់។ ច្បាប់​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​គឺ​ជា​ចំណុច​ចាប់​ផ្ដើម​ទៅ​លើ​ប្រភេទ​ច្បាប់​នៃ​ការ​ស្ដាប់​បង្គាប់​ដ៏​ល្អ​ប្រសើរ​លើស​ដើម។ ដោយ​មាន​ការ​ស្ដាប់​បង្គាប់​ព្រះ​គ្រីស្ទ និង​ដោយ​សារ​អ្វី​ដែល​ព្រះ​គ្រីស្ទ​បាន​សម្រេច នោះ​កម្រិត​គឺ​ត្រូវ​បាន​លើក​ឡើង។

ចំណុច​នេះ​ស្តាប់​ទៅ​ហាក់​បី​ដូច​ជា​ថា ១០% គឺ​គ្រាន់​តែ​ជា​ចំណុច​ចាប់​ផ្ដើម​តែ​ប៉ុណ្ណោះ។ ដោយ​សារ​មិន​មាន​ការ​បង្គាប់​យ៉ាង​ច្បាស់​លាស់ ដូច្នេះ​យើង​ត្រូវ​តែ​ប្រើ​ប្រាស់​ប្រាជ្ញា និង​សតិសម្បជញ្ញៈ ប៉ុន្តែ​ខ្ញុំ​មិន​អាច​គិត​ដល់​ថា ព្រះ​គ្រីស្ទ​បាន​ទម្លាក់​កម្រិត​ចំនួន​ថ្វាយ​នោះ​ទេ។ ក្នុង​យុគសម័យ​ច្បាប់ ១០% គឺ​គ្រាន់​តែ​ជា​ការ​ស្ដាប់​បង្គាប់​ដ៏​សាមញ្ញ​ប៉ុណ្ណោះ។ ក្នុង​យុគសម័យ​នៃ​ព្រះ​គុណ​ឥឡូវ​នេះ ព្រះ​គុណ​ដែល​គ្មាន​លុយ​អាច​ទិញ​បាន តើ​ឲ្យ​យើង​អាច​លើក​ឡើង​ដូច​នេះ​បាន​យ៉ាង​ដូច​ម្ដេច​ទៅ៖ «ឥឡូវ​នេះ ខ្ញុំ​មាន​សេរីភាព​ក្នុង​ព្រះ​គ្រីស្ទ​ក្នុង​ការ​មិន​ថ្វាយ​អ្វី​ទេ» ឬ​ក៏​ថា «ខ្ញុំ​មាន​សេរីភាព​ក្នុង​ព្រះ​គ្រីស្ទ​ក្នុង​ការ​ថ្វាយ​អ្វី​ដែល​ជា​ការ​សេស​សល់​នៅ​ចុង​ខែ ឬ​អ្វី​ដែល​នៅ​សល់​ក្នុង​ហោប៉ៅ​របស់​ខ្ញុំ​នៅ​ចុង​សប្តាហ៍»។ ដូច្នេះ​ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​ឲ្យ​លោក​អ្នក​គិត​ថា ១០% គឺ​គ្រាន់​តែ​ជា​ចំណុច​ចាប់​ផ្ដើម ហើយ​បន្ត​បង្កើន​ការ​ឲ្យ/ថ្វាយ​ពី​ចំណុច​នោះ​ទៅ។

ដូច្នេះ តើ​លោក​អ្នក​គួរ​ឲ្យ​ប៉ុន្មាន​ទៅ? ចូរ​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត និង​អំណរ សូម​ថ្វាយ​ជា​ចម្បង​ទៅ​កាន់​ក្រុម​ជំនុំ​តាម​តំបន់​របស់​ខ្លួន ហើយ​ថ្វាយ​ដល់​ថ្នាក់​ថា​វា​ល្មម​គ្រប់​គ្រាន់​ក្នុង​ការ​ជះ​ឥទ្ធិពល​លើ​លោក​អ្នក​បាន។ សូម​ប្រព្រឹត្ត​ចំណុច​ទាំង​នោះ ដោយ​ទូល​ថ្វាយ​ទៅ​កាន់​ព្រះ​អម្ចាស់ នោះ​លោក​អ្នក​នឹង​ក្លាយ​ជា​ព្រះ​ពរ​ដល់​អ្នក​ដទៃ​ជា​មិន​ខាន។

និពន្ធ​ដោយ៖ លោក​គ្រូ Tim Challies
បក​ប្រែ​ដោយលោក​គ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ, និងលោក​ស្រី ថាវ ប៊ុនរី
ដកស្រង់ខ្លះៗ និង​កែ​សម្រួល​ចេញពី www.challies.com ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។

Loading…

0

មាន​ប្រពន្ធ​តែ​១

ជីវិតបាក់បែករបស់យើង