សំបុត្រជូនចំពោះស្វាមីដែលនឹងក្លាយជាអ្នកកំផិត
ប្រសិនបើលោកឲ្យតម្លៃជីវិតរបស់ខ្លួន ប្រសិនបើលោកស្រឡាញ់ភាពជាបុរស និងកិត្តិយសរបស់ខ្លួន ហើយប្រសិនបើលោកស្រឡាញ់គ្រួសារ និងព្រះជាម្ចាស់របស់ខ្លួន សូមស្តាប់សំឡេងរបស់ព្រះអង្គចុះ។ ខណៈពេលដែលនាងខ្សឹបដាក់ត្រចៀករបស់លោកដូចជាបបូរមាត់ផ្តល់នូវទឹកឃ្មុំដ៏ផ្អែមល្ហែម ខណៈពេលដែលការនិយាយដោយមានភាពត្រេកត្រអាល និងរំភើប សូមស្តាប់ព្រះបន្ទូលរបស់ទ្រង់ជំនួសវិញ។ សូមធ្វើឲ្យការកុហករបស់នាងលង់ទឹកស្លាប់ដោយប្រាជ្ញាទៅ។
នាងបានលួងលោមថា «ចូរមក យើងនឹងបានឆ្អែតចិត្តដោយសេចក្ដីស្នេហាដរាបដល់ភ្លឺចូរយើងមានចិត្តត្រេកត្រអាលក្នុងសេចក្ដីស្រឡាញ់ចុះ» (សុភាសិត ៧:១៨ គកស)។ នាងសន្យាថា ខ្លួនអាចបំពេញសេចក្ដីប្រាថ្នារបស់លោកបាន។ នាងលើកឡើងថា គ្មាននរណាម្នាក់នឹងដឹងទេ។ នាងធ្វើឲ្យលោកមានអារម្មណ៍ថាគួរឲ្យចង់បាន ហើយមានអំណាច។ នាងបានគ្រងរាជ្យលោកទុកជាស្តេច។
សម្រាប់មួយរយៈ នាងអាចផ្តល់នូវសេចក្តីរីករាយដែលនាងសន្យាមួយចំនួនបាន។
ប៉ុន្តែ សូមកត់សម្គាល់ពាក្យទាំងបីនេះ៖ ដល់ចុងបំផុត។
«ដល់ចុងបំផុតបានល្វីងដូចជាស្លែង»។ ដល់ចុងបំផុត នាង «មុតដូចជាដាវមានមុខពីរវិញ» (សុភាសិត ៥:៤ គកស)។ ដល់ចុងបំផុត វាជាការប្រសើរជាងក្នុងការគេងរាល់យប់ដោយឱបក្រសោបដាវសាមូរ៉ៃជប៉ុន ឬក៏ឱបគ្រាប់បែកដៃដែលផ្ទុះបើលេង។
ដល់ចុងបំផុតលោកនឹងដឹងថា អ្វីដែលអ្នកបានច្រឡំថាជាការរីករាយដែលគ្មានគ្រោះថ្នាក់ ជា «សេចក្តីស្រឡាញ់ដ៏ពិត» ជាផ្លូវឆ្ពោះទៅរកការពេញចិត្តក្នុងមួយជីវិត គឺជាមឈូសដែលកេរ្តិ៍ឈ្មោះ កិត្តិយស គ្រួសារលោកមានការរីកចម្រើនលើ និងទុកចិត្ត—ហើយប្រសិនបើលោកមិនកែប្រែចិត្តទៅវិញ—នោះព្រលឹងរបស់លោកក៏នឹងស្លាប់ដែរ។ កន្លែងអាថ៌កំបាំងរបស់នាងគឺជាកន្លែងនៃសេចក្តីស្លាប់ (សុភាសិត ៧:២៥-២៧)។ គ្រែរបស់នាងគឺជាទីបញ្ចុះសពដែលបុរសដេកស្លាប់។
ការធ្វើអត្តឃាតរបស់មនុស្សដែលមិនចេះគិត
នាងនឹងមិននាំទៅរកជីវិតឡើយ (សុភាសិត ៥:៥)។ នាងថែមទាំងមិនដឹងថា ត្រូវរកវានៅឯណាផង (សុភាសិត ៥:៦)។ នាងមិនបានគិតអំពីព្រះគ្រីស្ទ សេចក្តីអំណរដ៏នៅអស់កល្បជានិច្ច និងផ្លូវចង្អៀតឡើយ។ ប្រសិនបើលោកទៅតាមនាង នោះលោកនឹងទៅដូចជាគោទៅកន្លែងគេកាប់អញ្ចឹង។ លោកនឹងបញ្ចប់ជីវិតដោយគ្រាប់ព្រួញដែលលោតចេញពីថ្លើមរបស់ខ្លួន (សុភាសិត ៧:២២-២៣)។
បើយើងអាចគាស់អណ្តាតរបស់ជនរងគ្រោះដែលបានស្លាប់ដោយសារនាង នោះពួកគាត់នឹងដាស់តឿនលោកដូចជាបុរសអ្នកមានម្នាក់ដែលកំពុងរងទុក្ខក្នុងទារុណកម្មដែលបានធ្វើ ដើម្បីឲ្យចៀសវាងពីជោគវាសនារបស់ពួកគេជាមិនខាន (លូកា ១៦:១៩-៣១)។ នាងបានរងចាំសម្រាប់បុគ្គលនីមួយៗ (សុភាសិត ៧:១២) ចាប់យកសេចក្តីត្រេកត្រអាលរបស់គេដោយការថើប ហើយនាំពួកគេទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់។
មនុស្សស្លាប់នឹងស្រែកយំថា ការផិតក្បត់គឺជាការធ្វើអត្តឃាតរបស់អ្នកដែលឥតមានគំនិត (សុភាសិត ៦:៣២)។ គ្មានអ្នកណាដែលប៉ះនាងនឹងចេញទៅដោយគ្មានទោសទេ! (សុភាសិត ៦:២៩)។
បើដាក់ក្បាលរបស់លោកនៅលើខ្នើយរបស់នាង នោះលោកបានសរសេរឈ្មោះខ្លួននៅលើថ្មចំណារនៅមុខផ្នូរខ្លួនហើយ។
ចូរនៅឲ្យឆ្ងាយ
ហើយឥឡូវនេះ ឱ! ប្តីអើយ! សូមស្តាប់ខ្ញុំចុះ! ចូររក្សាផ្លូវរបស់ខ្លួនឲ្យឆ្ងាយចេញពីនាង។ កុំចូលទៅជិតគ្រែរបស់នាង ឬសូម្បីតែនៅជិតទ្វារផ្ទះរបស់នាងឲ្យសោះ (សុភាសិត ៥:៨)។ កុំបោកខ្លួនឯងឡើយ៖ លោកមិនខ្លាំងគ្រប់គ្រាន់ក្នុងការជជែកលេងដោយគ្មានគ្រោះថ្នាក់តាមរយៈការលេងឆាត ការផ្ញើសារដល់យប់ជ្រៅ ជួបជុំគ្នាផឹកស៊ីបែបជាមិត្តភាពឡើយ។ នៅឲ្យឆ្ងាយ! តើលោកអាចលេងភ្លើង ហើយមិនឆេះបានដែរឬទេ (សុភាសិត ៦:២៧-២៨)?
ដល់ចុងបំផុត—អូ៎! ចុងបញ្ចប់ដ៏គួរឲ្យខ្លាចនោះ—លោកនឹងដឹងថា នៅទីបំផុតវាមិនមែនជាកំហុសរបស់នាងទេ តែជារបស់លោកផ្ទាល់វិញ។ លោកនឹងស្រែកថ្ងូរតណ្ហារកភាពត្រេកត្រអាលរបស់លោកនៅពេលដែលសាច់ឈាម និងរាងកាយរបស់លោកត្រូវបានបំផ្លាញចោលហើយ។ លោកនឹងស្រែកថ្ងូរថា «អុញន៍ ខ្ញុំបានស្អប់ សេចក្ដីប្រៀនប្រដៅណាស់ហ្ន៎ ចិត្តខ្ញុំក៏បានខ្ពើមសេចក្ដីបន្ទោស ហើយខ្ញុំមិនបានស្តាប់តាមសម្ដីនៃប្រាជ្ញា ខ្ញុំមិនបានផ្ទៀងត្រចៀកការព្រមានរបស់មិត្តភក្ដិខ្ញុំ! ខ្ញុំបានបិទសតិសម្បជញ្ញៈរបស់ខ្លួន ហើយក៏បានបោះបង់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ចោលក្នុងភាពរងីរងើរបស់ខ្ញុំ។ ហើយឥឡូវនេះ ខ្ញុំជិតរលាយសូន្យក្នុងភពនៃជីវិតដែលបាក់បែក» (សូមអានកណ្ឌគម្ពីរ សុភាសិត ៥:១១-១៤)។
នៅក្នុងជីវិតនេះ លោកនឹងក្លាយជាសម្បកនៃបុរស ដែលជាគ្រោងឆ្អឹង។ បំណែកដ៏រង្គោះរង្គើនៃដួងចិត្តដែលបែកបាក់នឹងក្លាយជាគ្រែរបស់លោក។ ប្រសិនបើលោកនៅមានផ្នែកណាមួយនៃសតិសម្បជញ្ញៈនៅសេសសល់ នោះវានឹងក្លាយជាសត្រូវរបស់លោកជាមិនខាន។ ទំនាក់ទំនងចាស់ៗនឹងរង្គោះរង្គើពេលឮឈ្មោះរបស់លោក។ លោកនឹងក្លាយទៅជាបុរសដែលសក្ដិសមនឹងការដែលគេមើលងាយ និងបន្ទាបបន្ថោក (សុភាសិត ៦:៣៣)។
ហើយនៅពេលស្លាប់ទៅ ប្រសិនបើលោកមិនបានទទួលការលាងសម្អាត ហើយបានក្លាយជាថ្មីដោយព្រះលោហិតរបស់ព្រះគ្រីស្ទនោះទេ នោះលោកនឹងមិនអាចចូលក្នុងនគរព្រះជាម្ចាស់បានឡើយ (១កូរិនថូស ៦:៩)។ គេនឹងចាំថាលោកជាមនុស្សផិតក្បត់ជារៀងរហូត។ ជាបុរសម្នាក់ដែលរស់នៅសម្រាប់ខ្លួនឯង ហើយក៏បានដុតគ្រួសាររបស់គាត់ដោយភ្លើងដែរ។ នៅចុងក្រោយ គាត់ក៏ជាបុរសម្នាក់ដែលនឹងត្រូវបានឆេះដោយអណ្តាតភ្លើងដែលគ្មានទីបញ្ចប់។
ភរិយារបស់លោកគឺជាស្រាដ៏ឆ្ងាញ់បំផុត
ផ្ទុយទៅវិញ «ចូរផឹកទឹកពីពាងរបស់ខ្លួនឯងព្រមទាំងទឹកដែលហូរចេញពីអណ្តូងរបស់ខ្លួនចុះ» (សុភាសិត ៥:១៥ គកស)។ សូមបង្កើតចំណង់ចំណូលចិត្តឡើងជាថ្មីវិញដែលបាននាំនាងឆ្លងកាត់កន្លែងផ្សំផ្គុំ។
ចូរផឹកទឹកចេញពីប្រភពនាង ដើម្បីធ្វើឲ្យសេចក្តីស្រឡាញ់របស់អ្នកស្រស់ថ្លាឡើង។ តើស្នេហារបស់លោកបានធ្លាក់ខ្សោយមែនឬ? តើឥឡូវនេះការសន្យាដ៏ធំៗបានទៅជាសំឡេងយំខ្សឹកខ្សួលហើយមែនឬ? ចូរក្រវាត់ចង្កេះនៃការស្រឡាញ់ ហើយធ្វើជាបុរសចុះ! លោកដែលជាអ្នកចំបាប់លើគ្រប់ឧបសគ្គទាំងអស់ ហើយស៊ូស្លាប់នៅក្នុងសមរភូមិមុនពេលទទួលការចុះចាញ់ តើឥឡូវនេះលោកនឹងចុះចូលចំពោះការឲ្យភ្នែកមែនឬ? អត់ទេ! សូមអរសប្បាយនឹងភរិយាដែលបានគ្នាពីកាលកំលោះក្រមុំចុះ!
នាងជាសត្វក្តាន់គួរឲ្យស្រឡាញ់ គឺជាប្រើសញីដ៏សមសួន (សុភាសិត ៥:១៨-១៩)។ ចូរមើលនាង—នាងអង្គុយជាមួយនឹងហេតុផលរាប់ពាន់ទៀតដែលធ្វើឲ្យនាងកាន់តែគួរឲ្យស្រឡាញ់ជាងពេលដែលលោកប្ដេជ្ញាថានឹងលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីឲ្យបាននាង។ ចូរអរសប្បាយនឹងនាង! នាងនៅតែជាសត្វក្តាន់ និងជាសត្វប្រើសនោះ។ កុំប្ដូរសត្វក្តាន់ ដើម្បីយកសត្វខ្ញុងឲ្យសោះ។
«ត្រូវឲ្យដោះរបស់នាងបានបំពេញចិត្តឯងជាដរាប» (សុភាសិត ៥:១៩ គកស)។ នេះមានរាប់បញ្ចូលទាំងលើកទីមួយដែលលោកនាំនាងចូលក្នុងបន្ទប់គេង និងលើកទីពីរដែលនាងបានបង្កើតកូនឲ្យលោក ព្រមទាំងខួបដែលអ្នកទាំងពីរបានប្រារព្ធខួបអាពាហ៍ពិពាហ៍ទីសាមសិបឆ្នាំជាមួយគ្នាផងដែរ។ គ្រប់ពេលវេលា ត្រូវស្រវឹងជានិច្ចក្នុងសេចក្តីស្រឡាញ់របស់នាង (សុភាសិត ៥:១៩)។ ចូរស្រវឹងក្នុងចំណង់ចំណូលចិត្តរបស់នាង កុំមានភាពធុញទ្រាន់នឹងស្នាមញញឹមរបស់នាង ចូរមានការងប់ងុលតែជាមួយនឹងនាង។ នាងគឺជាស្រាដ៏ឆ្ងាញ់បំផុត។
ជ្រើសរើសជីវិត
កុំមានទំនងឈ្លក់ចិត្តចំពោះស្ត្រីដទៃ។
ហេតុអ្វី? ពីព្រោះគ្រប់ទាំងផ្លូវរបស់លោក—មិនថាបន្ទប់សណ្ឋាគារមានភាពងងិតខ្លាំងប៉ុណ្ណាក៏ដោយ ក៏លោកនៅចំពោះព្រះនេត្ររបស់ព្រះអម្ចាស់ដដែល (សុភាសិត ៥:២១)។ ប្រពន្ធរបស់លោកអាចនៅឆ្ងាយពីលោក ប៉ុន្តែព្រះអម្ចាស់របស់លោកមិននៅឆ្ងាយទេ។ ចៅក្រមនៃផែនដីទាំងមូលទតមើលលោក។ ព្រះអង្គនៅទីនោះជាមួយលោក។ ហើយក៏នឹងមានការសងលើអំពើប្រព្រឹត្តដ៏សាហាវឃោរឃៅ—ទំនងជានៅភ្នំកាល់វ៉ារី ឬក្នុងបឹងភ្លើង។
សូម្បីតែឥឡូវនេះ ទ្រង់ក៏បានអញ្ជើញលោកឲ្យជ្រើសរើសជីវិត សន្តិភាព និងការស្ដាប់បង្គាប់។
កុំមានទំនងឈ្លក់ចិត្តចំពោះស្ត្រីដទៃ។
ហេតុអ្វី? ពីព្រោះអំពើទុច្ចរិតរបស់មនុស្សអាក្រក់ល្បួងបុរសនោះ ហើយខ្សែនៃអំពើបាបរបស់គាត់បានកាន់គាត់ជាប់ (សុភាសិត ៥:២២)។ លោកនឹងជាប់នៅក្នុងភាពស្មុគស្មាញរបស់ខ្លួន។ គ្រួសាររបស់លោកនឹងត្រូវបែកបាក់គ្នា។ កេរ្តិ៍ឈ្មោះរបស់លោកនឹងត្រូវបាត់បង់។ ហើយលោកក៏នឹងជាប់ដោយអំពើអាក្រក់ផ្ទាល់ខ្លួនដែរ។
សូម្បីតែលោក សាំសុន ដ៏ខ្លាំងពូកែក៏មិនអាចបំបែកច្រវាក់បែបនោះចោលបានដែរ។
កុំមានទំនងឈ្លក់ចិត្តចំពោះស្ត្រីដទៃ។
ហេតុអ្វី? ពីព្រោះលោកនឹងស្លាប់ដោយសារខ្វះការដាក់វិន័យ (សុភាសិត ៥:២៥)។ ព្រះជាម្ចាស់នឹងមិនត្រូវគេចំអកឡើយ។ ដោយសារលោកខ្វះការដាក់វិន័យ ខ្វះការកាត់ដៃជើងចោល ខ្វះការកែប្រែចិត្តដ៏ពិត និងជំនឿ នោះលោកនឹងប្រាកដជាធ្លាក់នរកមែនហើយ (ម៉ាថាយ ៥:២៧-៣០)។
ឱ! ស្វាមីអើយ! កុំបោះបង់ភរិយាដ៏ជាទីស្រឡាញ់របស់ខ្លួនចោលឡើយ។ កុំបោះបង់កិត្តិយស និងភាពជាបុរសរបស់លោក។ កុំបោះបង់ទីបន្ទាល់របស់ខ្លួន។ កុំបោះបង់ព្រះជាម្ចាស់របស់លោកចោលឡើយ។ សូមឲ្យភាពស្មោះត្រង់ និងសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទដក់ជាប់ចិត្តរបស់លោក ដើម្បីឲ្យរីករាយសារជាថ្មីជាមួយនឹងភរិយារបស់លោក។ ត្រូវស្រវឹងជាមួយកូនក្រមុំរបស់ខ្លួន។ ហើយជាមួយកូនកំលោះរបស់យើង។
មតិយោបល់
Loading…