in ,

ភាព​ត្រេកត្រអាល

តើ​ជីវិត​អាពាហ៍ពិពាហ៍​នឹង​ព្យាបាល​ភាព​ត្រេកត្រអាល​របស់​ខ្ញុំ​បាន​ដែរ​ឬ​ទេ? នេះ​គឺ​ជា​សំណួរ​សម្រាប់​ថ្ងៃ​នេះ​ពី​បុគ្គល​ម្នាក់​ដែល​មិន​ទាន់​បាន​រៀប​ការ​ឈ្មោះ សុខ។ «សូម​គោរព​លោក​គ្រូ ខ្ញុំ​មាន​អាយុ ២២ ឆ្នាំ​ហើយ​ខ្ញុំ​មាន​បន្ទុក​ខាង​ផ្លូវ​ភេទ​យ៉ាង​ខ្លាំង។ ពេល​ខ្លះ​ខ្ញុំ​ចុះ​ចូល​នឹង​សាច់​ឈាម ហើយ​មើល​រូប និង​វីដេអូ​អាសអាភាស។ ខ្ញុំ​ស្អប់​ការ​នេះ​ណាស់ ហើយ​ក៏​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​បាប​នេះ​ដោយ​មាន​ជំនួយ​ពី​មិត្តភក្ដិ​ដែរ។»

«នៅ​ពេល​នេះ​ខ្ញុំ​មាន​មិត្តភក្ដិ​មួយ​ចំនួន​ដែល​ព្យាយាម​ថែរក្សា​ព្រលឹង​ខ្ញុំ​ដោយ​ដក​ស្រង់​សម្ដី​របស់​សាវ័ក ប៉ុល—«ដ្បិត​ដែល​រៀប​ការ នោះ​ប្រសើរ​ជាង​ទុក​ឲ្យ​មាន​តណ្ហា​ពុះ​កញ្ជ្រោល។» (១កូរិនថូស ៧:៩ គកស) ហើយ​ពួក​គេ​ប្រាប់​ខ្ញុំ​ថា​ខ្ញុំ​គួរ​តែ​រៀប​ការ​ឆាប់ៗ​នេះ​ទៅ។ ប៉ុន្តែ ខ្ញុំ​ក៏​មាន​មិត្តភក្ដិ​មួយ​ចំនួន​ទៀត​ដែល​បាន​រៀបការ ហើយ​ក៏​បាន​ធានា​ប្រាប់​ខ្ញុំ​ថា ជីវិត​អាពាហ៍ពិពាហ៍​នឹង​មិន​អាច​ព្យាបាល​ភាព​ត្រេកត្រអាល​របស់​ខ្ញុំ​បាន​ទេ ហើយ​ថា​វា​ជា​សមរភូមិ​ដែល​ខ្ញុំ​នឹង​ប្រឈម​មុខ​ក្រោយ​ពេល​រៀប​ការ! ខ្ញុំ​មិន​ដឹង​ជឿ​មួយ​ណា​ទេ។ ប្រសិន​បើ​ជីវិត​អាពាហ៍ពិពាហ៍​អាច​ព្យាបាល​ភាព​ត្រេកត្រអាល​បាន នោះ​ខ្ញុំ​គួរ​តែ​រៀប​ការ​ឆាប់ៗ​នេះ។ ប្រសិន​បើ​វា​មិន​ព្យាបាល​ភាព​ត្រេកត្រអាល​បាន​ទេ នោះ​ខ្ញុំ​ត្រូវ​ព្យាយាម​រស់​នៅ​ដោយ​មាន​ភាព​បរិសុទ្ធ​ផ្ទាល់​ខ្លួន​ឥឡូវ​នេះ ដោយ​មិន​ចាំ​បាច់​រៀប​ការ​ជា​បន្ទាន់​ទេ។ តើ​មួយ​ណា​ត្រូវ?»

ទាំង​អស់ ឫ​គ្មាន​សោះ?

ឱ! ប្អូន សុខ អើយ! អារម្មណ៍​របស់​ខ្ញុំ​នៅ​ពេល​ដែល​ខ្ញុំ​ស្តាប់​សំណួរ​របស់​ប្អូន​គឺ​ថា ប្អូន​មាន​ផ្នត់​គំនិត​ទាំង​អស់ ឬ​គ្មាន​សោះ នៅ​ពេល​ប្អូន​និយាយ​ថា «ប្រសិន​បើ​ជីវិត​អាពាហ៍ពិពាហ៍​អាច​ព្យាបាល​ភាព​ត្រេកត្រអាល​បាន នោះ​ខ្ញុំ​គួរ​តែ​រៀប​ការ​ឆាប់ៗ​នេះ។ ប្រសិន​បើ​វា​មិន​ព្យាបាល​ភាព​ត្រេកត្រអាល​បាន​ទេ នោះ​ខ្ញុំ​ត្រូវ​ព្យាយាម​រស់​នៅ​ដោយ​មាន​ភាព​បរិសុទ្ធ​ផ្ទាល់​ខ្លួន​ឥឡូវ​នេះ ដោយ​មិន​ចាំ​បាច់​រៀប​ការ​ជា​បន្ទាន់​ទេ។» ពេល​ដែល​ប្អូន​និយាយ​ដូច​នោះ ខណៈ​ពេល​ដែល​ខ្ញុំ​ស្តាប់​ទៅ​ខ្ញុំ​ដូច​ជា​មាន​អារម្មណ៍​ថា​ប្អូន​មាន​គំនិត​ថា ជីវិត​អាពាហ៍ពិពាហ៍​អាច​ព្យាបាល​ភាព​ត្រេកត្រអាល ឬ​ក៏​ថា​វា​មិន​ព្យាបាល​ទេ៖ ការ​ព្យាបាល​ទាំង​ស្រុង ឬ​មិន​ជា​ការ​ព្យាបាល​សោះ។ នោះ​ហើយ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​មាន​ន័យ​ពេល​ខ្ញុំ​លើក​ឡើង​ថា ផ្នត់​គំនិត​ទាំង​អស់ ឬ​គ្មាន​សោះ។

ប៉ុន្តែ នោះ​មិន​មែន​ជា​រូប​ភាព​ដែល​យើង​ឃើញ​នៅ​ក្នុង​ព្រះ​គម្ពីរ​ទេ។ ដូច្នេះ តោះ! ចូរ​យើង​យក​ព្រះ​គម្ពីរ​មក​មើល ដើម្បី​ឲ្យ​យើង​ឃើញ​អ្វី​ដែល​ជា​ជំនួយ​ដ៏​ពិត​ប្រាកដ​ថា តើ​បទ​គម្ពីរ​ផ្តល់​ឲ្យ​យ៉ាង​ច្បាស់​យ៉ាង​ដូច​ម្តេច​នៅ​ក្នុង​ចំណុច​នេះ។ ប្អូន​បាន​ផ្ដោត​អារម្មណ៍​យ៉ាង​ត្រឹម​ត្រូវ​លើ​បញ្ហា​នេះ។ «ខ្ញុំ​សូម​និយាយ​ចំពោះ​អ្នក​នៅ​លីវ និង​ស្ត្រី​មេម៉ាយ​ថា បើ​គេ​នៅ​ដូច​ជា​ខ្ញុំ​បាន នោះ​ជា​ការ​ប្រសើរ។ ប៉ុន្តែ បើ​គេ​អត់​ទ្រាំ​មិន​បាន ចូរ​រៀប​ការ​ចុះ ដ្បិត​ដែល​រៀប​ការ នោះ​ប្រសើរ​ជាង​ទុក​ឲ្យ​មាន​តណ្ហា​ពុះ​កញ្ជ្រោល។» (១កូរិនថូស ៧:៨–៩ គកស)។

សុខ! ប្អូន​បាន​គិត​យ៉ាង​ត្រឹម​ត្រូវ​ហើយ​ថា ជីវិត​អាពាហ៍ពិពាហ៍​គឺ​ជា​ជំនួយ​ដែល​ព្រះ​ជាម្ចាស់​បាន​រចនា​ឡើង​​ក្នុង​ការ​ដោះ​ស្រាយ​តណ្ហា​ដ៏​ពុះ​កញ្ជ្រោល​ក្នុង​ចំណង់​ផ្លូវ​ភេទ។ នោះ​ហើយ​ជា​អ្វី​ដែល​ខ​គម្ពីរ​បាន​លើក​ឡើង។ ប៉ុន្តែ ខ្ញុំ​មិន​ឃើញ​អ្វី​ទេ​នៅ​​​​ក្នុង​ខគម្ពីរ​នេះ​ដែល​លើក​ឡើង​អំពី​ការ​ព្យាបាល​ទាំង​ស្រុង ប៉ុន្តែ​វា​ជា​ការ​ផ្តល់​ជំនួយ​យ៉ាង​ច្បាស់​លាស់។

ព្រះ​ជាម្ចាស់​បាន​រចនា​ជំនួយ

យើង​ក៏​ឃើញ​អំពី​ចំណុច​ដូច​គ្នា​នេះ​ដែរ​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស ៧:២-៣៖ «ប៉ុន្តែ ដោយ​ព្រោះ​មាន​អំពើ​សហាយ​ស្មន់​កើត​ឡើង បុរស​ម្នាក់ៗ​ត្រូវ​មាន​ប្រពន្ធ​ជា​របស់​ខ្លួន ហើយ​ស្ត្រី​ម្នាក់ៗ ក៏​ត្រូវ​មាន​ប្តី​ជា​របស់​ខ្លួន​ដែរ។ ប្តី​ត្រូវ​បំពេញ​ករណីយ​កិច្ច​ជា​ប្ដី​ចំពោះ​ប្រពន្ធ​របស់​ខ្លួន ហើយ​ប្រពន្ធ​ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ចំពោះ​ប្តី​របស់​ខ្លួន​ដែរ។» នោះ​ជា​វិធី​ដ៏​ល្អ​មួយ​ក្នុង​ការ​និយាយ​ថា «ចូរ​រួម​ភេទ​ជា​មួយ​នាង​នៅ​ពេល​ដែល​វា​ជា​ប្រយោជន៍​សម្រាប់​នាង​ចុះ»។ «ហើយ​ប្រពន្ធ​ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ចំពោះ​ប្តី​របស់​ខ្លួន​ដែរ»។ ដូច្នេះ «ចូរ​រួម​ភេទ​ជា​មួយ​គាត់​នៅ​ពេល​ដែល​វា​ជា​ប្រយោជន៍​សម្រាប់​គាត់​ចុះ»។

សាវ័ក ប៉ុល បន្ត​ថា៖ «ប្រពន្ធ​មិន​មែន​ជា​ម្ចាស់​លើ​រូបកាយ​របស់​ខ្លួន​ទេ គឺ​ជា​របស់​ប្តី ឯ​ប្តី​ក៏​ដូច្នោះ​ដែរ មិន​មែន​ជា​ម្ចាស់​លើ​រូបកាយ​របស់​ខ្លួន​ទេ គឺ​ជា​របស់​ប្រពន្ធ» (១កូរិនថូស ៧:៤)។ ទាំង​សង​ខាង​មាន​ការ​ទាមទារ​លើ​គ្នា​ទៅ​វិញ​ទៅ​មក​ទាក់ទង​ខាង​ឯ​ផ្លូវ​ភេទ។ « មិន​ត្រូវ​បង្អត់​គ្នា​ឡើយ លើក​លែង​តែ​មាន​ការ​យល់​ព្រម​គ្នា​ទុក​ពេល​មួយ​ឲ្យ​ទំនេរ» ហើយ​បន្ទាប់​មក យើង​ជួប​ផ្នែក​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​នេះ—«សម្រាប់​អធិស្ឋាន រួច​ត្រូវ​វិល​មក​នៅ​ជាមួយ​គ្នា​វិញ ក្រែង​អារក្ស​សាតាំង​ល្បួង​អ្នក​រាល់​គ្នា ដោយ​ព្រោះ​មិន​ចេះ​អត់​ទ្រាំ» (១កូរិនថូស ៧:៥)។

ច្បាស់​ណាស់! សាវ័ក ប៉ុល កំពុង​បង្រៀន​ថា ព្រះ​ជាម្ចាស់​បាន​រចនា​ទំនាក់​ទំនង​ខាង​ផ្លូវ​ភេទ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ទុក​ជា​វិធី​មួយ ដើម្បី​បំបាក់​ការ​ចង់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​នាំ​ឲ្យ​ការ​ចង់​ផិត​ក្បត់​មាន​ការ​ចុះ​ខ្សោយ។ បើ​មិន​ដូច្នោះ​ទេ នោះ​គាត់​នឹង​មិន​សរសេរ​ថា «រួច​ត្រូវ​វិល​មក​នៅ​ជាមួយ​គ្នា​វិញ ក្រែង​អារក្ស​សាតាំង​ល្បួង​អ្នក​រាល់​គ្នា ដោយ​ព្រោះ​មិន​ចេះ​អត់​ទ្រាំ» (១កូរិនថូស ៧:៥)។

លើស​ពី​ភាព​ជាក់​ស្តែង

ឥឡូវ​នេះ ប្រសិន​បើ​យើង​គិត—ហើយ​មាន​មនុស្ស​មួយ​ចំនួន​បាន​ធ្វើ​ដូច​នោះ​មែន ហើយ​ខ្ញុំ​ក៏​ពិត​ជា​បាន​តស៊ូ​នឹង​បញ្ហា​នេះ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ដែរ—ពេល​ស្តាប់​ទៅ នេះ​ដូច​ជា​គ្រាន់​តែ​ជា​ការ​ជាក់​ស្ដែង​ប៉ុណ្ណោះ និង​ការ​មាន​គំនិត​ទាប​លើ​ជីវិត​អាពាហ៍ពិពាហ៍ («ចូរ​រៀប​ការ ដើម្បី​រួម​ភេទ! តាម​វិធី​នេះ នោះ​អ្នក​នឹង​មិន​ប្រព្រឹត្ត​អំពើ​ផិតក្បត់ ឬ​សហាយ​ស្មន់​ឡើយ»)។ ការ​គិត​បែប​នេះ​គឺ​ខុស​ហើយ! មិន​មែន​ដូច្នោះ​ទេ។ វា​ជា​ឥទ្ធិពល​ជាក់​ស្តែង​នៃ​ជីវិត​អាពាហ៍ពិពាហ៍​ដែល​ជា​ការ​ពិត​ដ៏​ធំធេង​ជាង​ឥទ្ធិពល​ជាក់​ស្តែង​ផ្នែក​ខាង​ឯ​ផ្លូវ​ភេទ​ទៅ​ទៀត។

ឧទាហរណ៍៖ ដើម្បី​មើល​ឲ្យ​ឃើញ​ពី​ចក្ខុវិស័យ​នៃ​ជីវិត​អាពាហ៍ពិពាហ៍—ចក្ខុវិស័យ​ដ៏​ធំ និង​រុង​រឿង ការ​ផ្ដោត​របស់​ព្រះ​ជាម្ចាស់​លើ​ជីវិត​អាពាហ៍ពិពាហ៍—យើង​គួរ​ទៅ​អាន​កណ្ឌ​គម្ពីរ​អេភេសូរ​ជំពូក៥​សិន។ ប៉ុន្តែ ដូច​ដែល​ការ​គិត​ខុស​ថា ភាព​ជាក់​ស្ដែង​ខាង​ឯ​ផ្លូវ​ភេទ​គឺ​ជា​អត្ថន័យ​សរុប​នៃ​ជីវិត​អាពាហ៍ពិពាហ៍ នោះ​វា​ក៏​ជា​ការ​ខុស​ផង​ដែរ​ក្នុង​ការ​គិត​ថា ទ្រឹស្ដី​ដ៏​អស្ចារ្យ​ផ្នែក​ចក្ខុវិស័យ​ខាង​ឯ​ទេវវិទ្យា​នៃ​ជីវិត​អាពាហ៍ពិពាហ៍​នៅ​កណ្ឌ​គម្ពីរ អេភេសូរ​ជំពូក៥ (ដែល​មាន​ព្រះ​គ្រីស្ទ និង​ក្រុម​ជំនុំ​ធ្វើ​ជា​គំរូ​ប្តី និង​ប្រពន្ធ) វា​ក៏​មិន​រាប់​បញ្ចូល​យ៉ាង​លម្អិត​ក្នុង​ការ​រួម​ភេទ​ដែល​មាន​ឥទ្ធិពល​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ដែរ។ សរុប​សេចក្ដី​ទៅ វា​ជា​ការ​ទាំង​ពីរ មិន​មែន​ថា​មាន​មួយ​អត់​មួយ​ទេ—ជីវិត​អាពាហ៍ពិពាហ៍​មាន​ទាំង​ចក្ខុវិស័យ​ដ៏​អស្ចារ្យ​ដែល​ព្រះ​ជាម្ចាស់​ផ្ដោត​លើ ហើយ​ទាំង​ឥទ្ធិពល​យ៉ាង​លម្អិត​ខាង​ឯ​រូប​កាយ​ដែរ។

ជំនួយ​ខាង​រូបកាយ​សម្រាប់​ជីវិត​ខាង​ឯ​វិញ្ញាណ

ខណៈ​ពេល​ដែល​ខ្ញុំ​បាន​គិត​អំពី​ចំណុច​នេះ ចំពោះ​ខ្ញុំ​វា​ហាក់​ដូច​ជា​អាច​មាន​ប្រយោជន៍​ដល់ សុខ ក្នុង​ការ​ពិចារណា​ថា​ទំនាក់ទំនង​ខាង​ឯ​ផ្លូវ​ភេទ​នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​គឺ​ជា​ជំនួយ​ដល់​រូប​កាយ​ក្នុង​ការ​ប្រយុទ្ធ​សង្គ្រាម​ខាង​ឯ​វិញ្ញាណ​ទាស់​ប្រឆាំង​នឹង​ភាព​ត្រេកត្រអាល និង​ការ​ផិតក្បត់ ដែល​ការ​នេះ​ក៏​ដូច​គ្នា​នឹង​សកម្មភាព​ខាង​ឯ​សាច់​ឈាម​មួយ​ចំនួន​ទៀត ដែល​ជា​ជំនួយ​ដល់​ការ​ប្រយុទ្ធ​សង្គ្រាម​ខាង​ឯ​វិញ្ញាណ​ផ្សេងៗ​ទៀត។ សូម​ឲ្យ​ខ្ញុំ​លើក​ជា​ឧទាហរណ៍។

សកម្មភាព​ខាង​ឯ​សាច់​ឈាម​នៃ​ការ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ជួយ​ក្នុង​ការ​ប្រយុទ្ធ​សង្គ្រាម​ខាង​ឯ​វិញ្ញាណ​របស់​យើង​ប្រឆាំង​នឹង​អំពើ​បាប​នៃ​ការ​មិន​ចេះ​អត់​ធ្មត់។ ការ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​ជួយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​អន្លង់អន្លោច​របស់​យើង។ «ការ​ដើរ​នៅ​ក្នុង​ខ្យល់​អាកាស​បរិសុទ្ធ»—លោក​គ្រូ ស្ពើជិន បាន​និយាយ​យ៉ាង​គួរ​ឲ្យ​ចាប់​អារម្មណ៍—«ជួយ​យើង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បាក់​ទឹក​ចិត្ត»។ ការ​ពិចារណា​លើ​ផ្កា​រំចង់ និង​បក្សាបក្សី​នៅ​លើ​មេឃ​ជួយ​យើង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ថប់បារម្ភ។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​យ៉ាង​ដូច្នោះ​នៅ​ក្នុង​កណ្ឌ​គម្ពីរ​ម៉ាថាយ​ជំពូក៦។

ដោយ​ក្រោក​ឈរ​ឡើង—ដោយ​ប្រើ​ជើង​របស់​គាត់ ដើម្បី​ក្រោក​ឡើង—ហើយ​ទុក​អាវ​ធំ​របស់​គាត់​ចោល ហើយ​រត់​ចេញ​ពី​ផ្ទះ​បាន​ជួយ​លោក យ៉ូសែប កម្ចាត់​អំពើ​បាប​នៃ​អំពើ​ផិត​ក្បត់​ជា​មួយ​ប្រពន្ធ​របស់​លោក ប៉ូទីផារ។ នោះ​ហើយ​ជា​មូល​ហេតុ​ដែល​សាវ័ក ប៉ុល និយាយ​ថា «ចូរ​រត់​ចេញ​ពី​អំពើ​សហាយ​ស្មន់​ទៅ!» (១កូរិនថូស ៦:១៨)។ នោះ​មាន​ន័យ​ថា ចូរ​ប្រើ​ប្រាស់​សាច់ដុំ​របស់​អ្នក ដើម្បី​រត់​ចេញ។ នេះ​គឺ​ជា​ការ​ប្រយុទ្ធ​ខាង​សាច់​ឈាម ហើយ​ក៏​ជា​ការ​ប្រយុទ្ធ​ខាង​ឯ​វិញ្ញាណ​ដែរ។ នេះ​ហើយ​ជា​មូល​ហេតុ​ដែល​សាវ័ក ប៉ុល សរសេរ​នៅ​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ១៣:១៤៖ «កុំ​បំពេញ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម​ឡើយ»។ មាន​ជំហាន​ជាក់​ស្តែង​ដែល​យើង​អាច​អនុវត្ត​បាន​ដែល​ជួយ​យើង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​បាប។

គ្មាន​ការ​ព្យាបាល​ទាំង​ស្រុង​ទេ

បើ​និយាយ​ម្យ៉ាង​ទៀត​ទៅ ព្រះ​ជាម្ចាស់​បាន​តែង​តាំង​លំនាំ​ឥរិយា​ខាង​ឯ​រូប​កាយ​មួយ​ចំនួន ដើម្បី​ជា​មធ្យោបាយ​ជួយ​យើង​ក្នុង​ការ​ប្រយុទ្ធ​សង្គ្រាម​ខាង​ឯ​វិញ្ញាណ ដូច​ជា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​បាប​ជា​ដើម។ ដូច​គ្នា​នឹង​ការ​គេង និង​របប​អាហារ និង​ការ​ដើរ​ហើយ​ពិចារណា​អំពី​ថ្ងៃ​រះ ហើយ​រត់​ចេញ​ពី​ពិធី​ជប់​លៀង​ដ៏​ក្តៅ​គគុក​នៅ​ចំណុច​ជាក់​លាក់​ណា​មួយ ហើយ​ការ​លុប​កម្មវិធី​មួយ​ចំនួន​ចេញ​ពី​ទូរស័ព្ទ​របស់​អ្នក គឺ​ជា​ជំនួយ​ខាង​រូបកាយ​ក្នុង​ការ​ប្រយុទ្ធ​សង្គ្រាម​ខាង​ឯ​វិញ្ញាណ—ទោះ​បើ​វា​មិន​មែន​ជា​ការ​ព្យាបាល​ទាំង​ស្រុង​ក៏​ដោយ—ក្នុង​របៀប​ដូច​គ្នា ទំនាក់​ទំនង​ខាង​ឯ​ផ្លូវ​ភេទ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​គឺ​ជា​ជំនួយ​ដ៏​អស្ចារ្យ​ក្នុង​ការ​ប្រយុទ្ធ​សង្គ្រាម​ខាង​ឯ​វិញ្ញាណ​ដែល​ទាស់​ប្រឆាំង​នឹង​ភាព​ត្រេកត្រអាល និង​ការ​ផិត​ក្បត់ ប៉ុន្តែ​វា​មិន​មែន​ជា​ការ​ព្យាបាល​ទាំង​ស្រុង​ឡើយ។

មូល​ហេតុ​ដែល​យើង​ដឹង​អំពី​ចំណុច​នេះ​ថា​មក​ពី​ព្រះ​គម្ពីរ​គឺ​ដោយ​សារ​ព្រះ​យេស៊ូវ​បាន​ផ្តល់​ការ​ព្រមាន​យ៉ាង​ខ្លាំង​ទាស់​នឹង​ការ​ផិត​ក្បត់​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​កណ្ឌ​គម្ពីរ លូកា ១៨:២០។ វា​នឹង​គ្មាន​ការ​ចង់​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ទេ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​បើ​ការ​រួម​ភេទ​ជា​ការ​ព្យាបាល​ទាំង​ស្រុង​សម្រាប់​សេចក្ដី​ប៉ង​ប្រាថ្នា​ក្នុង​ការ​រួម​ភេទ​ខុស​ច្បាប់។ នោះ​ព្រះ​យេស៊ូវ​នឹង​មិន​ចាំ​បាច់​មាន​ព្រះ​បន្ទូល​ថា «កុំ​ផិត​ឲ្យ​សោះ»។

មែន​ហើយ អំណោយ​នៃ​ការ​អរ​សប្បាយ​ខាង​ឯ​ផ្លូវ​ភេទ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​គឺ​ជា​ជំនួយ​ដ៏​អស្ចារ្យ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ត្រេកត្រអាល និង​ការ​ផិតក្បត់ ប៉ុន្តែ​វា​មិន​មែន​ជា​ការ​ព្យាបាល​ទាំង​ស្រុង​ទេ។ ផ្ទុយ​ទៅ​វិញ ផល​ផ្លែ​ទាំង​អស់​នៃ​ព្រះ​វិញ្ញាណ ដែល​មាន​មួយ​ក្នុង​ចំណោម​ទាំង​នោះ​គឺ​អំពី​ការ​គ្រប់​គ្រង​ខ្លួន​ឯង យើង​នៅ​តែ​ត្រូវ​ការ​ផល​ផ្លែ​នោះ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ក៏​ដូច​ជា​ក្រៅ​ជីវិត​អាពាហ៍ពិពាហ៍​ដែរ (កាឡាទី ៥:២២-២៣)។

ការ​រួប​រួម​ខាង​ឯ​វិញ្ញាណ​ដែល​កាន់​តែ​មាន​ភាព​ស៊ី​ជម្រៅ

សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​លើក​ឡើង​អំពី​ចំណុច​មួយ​ផ្សេង​ទៀត​ដែល​ខ្ញុំ​គិត​ថា​សំខាន់​ណាស់​ក្រែង​លោ​ខ្ញុំ​បាន​បង្កើត​ទស្សនៈ​សិប្បនិម្មិត​លើ​ជីវិត​អាពាហ៍ពិពាហ៍។ ជីវិត​អាពាហ៍ពិពាហ៍ និង​ទំនាក់​ទំនង​ខាង​ឯ​ផ្លូវ​ភេទ​ក្នុង​របៀប​ដ៏​ល្អ​បំផុត​បង្កើត​ជា​ជញ្ជាំង​ភ្លើង​ការ​ពារ​មួយ​រវាង​ដៃ​គូ​ជីវិត និង​ការ​ផិត​ក្បត់ និង​ការ​មើល​រូប​អាសអាភាស ឬ​ក៏​វីដេអូ​តាម​វិធី​ផ្សេងៗ​ទៀត​ក្រៅ​ពី​ការ​ដែល​គ្រាន់​តែ​រូប​កាយ​ប៉ះ​គ្នា។ យើង​មិន​គួរ​គិត​ពី​ការ​ការពារ​ចេញ​ពី​អំពើ​បាប​ខាង​ឯ​ផ្លូវ​ភេទ​ថា វា​គ្រាន់​តែ​ទាក់ទង​នឹង​ការ​រួម​ភេទ​ដូច​ជា​ការ​បន្ធូរ​ខាង​ឯ​រូបកាយ ឬ​ក៏​ដូច​ជា​ការ​បន្ធូរ​សម្ពាធ ហាក់​បី​ដូច​ជា​ថា​យើង​កំពុង​និយាយ​បែប​នេះ «ខ្ញុំ​ត្រូវ​តែ​រារាំង​បុរស​ម្នាក់​នេះ​កុំ​ឲ្យ​ផ្ទុះ​នៅ​កន្លែង​ដែល​ខុស ដូច្នេះ​គាត់​ត្រូវ​តែ​បន្ធូរ​សម្ពាធ​នេះ​ចេញ»។

នោះ​គឺ​ជា​ការ​ពិត​មែន ប៉ុន្តែ​វា​មិន​មែន​ជា​ចំណុក​សរុប​នៃ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ពេល​ដែល​សាវ័ក ប៉ុល និយាយ​ថា ទំនាក់​ទំនង​ខាង​ឯ​ផ្លូវ​ភេទ​គឺ​ជា​ជញ្ជាំង​ភ្លើង​ការ​ពារ​នោះ​ទេ។ វា​មាន​លើស​ជាង​នេះ​ទៅ​ទៀត។ ខ្ញុំ​គិត​ថា នៅ​ក្នុង​វប្បធម៌​របស់​យើង យើង​បាន​ធ្វើ​ឲ្យ​ការ​រួម​ភេទ​ជា​អំពើ​ពេស្យាចារ​បែប​ជា​ការ​បំពេញ​កាម​តណ្ហា បែប​ជា​កីឡា​នៅ​ចុង​សប្តាហ៍ ដូច្នេះ​វា​ពិត​ជា​ពិបាក​ណាស់​សម្រាប់​ឲ្យ​ពួក​គេ​យល់​ពី​អ្វី​ដែល​ខ្ញុំ​កំពុង​និយាយ។ ព្រះ​ជាម្ចាស់​មាន​គោល​បំណង​នៅ​ក្នុង​ភាព​ស្និទ្ធស្នាល​នៃ​ការ​រួប​រួម​ខាង​រូប​កាយ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ថា​ជា​អ្វី​មួយ​ដែល​អស្ចារ្យ រុងរឿង ស្រស់​ស្អាត និង​ជា​ការ​ខាង​ឯ​វិញ្ញាណ​នៅ​ពេល​ដែល​មាន​ការ​រួម​ភេទ​កើត​ឡើង។

ការ​រួម​ភេទ​បង្កើត​ឲ្យ​មាន​ជម្រៅ​ចិត្ត​នៃ​ការ​ស្រឡាញ់ ពង្រឹង​ការ​តាំង​សេចក្ដី​សញ្ញា និង​ការ​រួប​រួម​គ្នា​ខាង​ឯ​វិញ្ញាណ និង​ជា​ការ​ផ្សារ​ភ្ជាប់​ផ្ទាល់​ខ្លួន​ដែល​មិន​អាច​យល់​បាន។ នៅ​ពេល​ដែល​ការ​រីក​ចម្រើន​បែប​នេះ​កាន់​តែ​កើត​ឡើង​យ៉ាង​ជ្រាល​ជ្រៅ​ទៅៗ នោះ​អ្នក​នឹង​កាន់​តែ​មិន​ចង់​មើល​រូប ឬ​វីដេអូ​អាសអាភាស និង​ទៅ​ផិត​ក្បត់​ជា​មិន​ខាន។ នោះ​ហើយ​ជា​សិរីល្អ​នៃ​ទំនាក់ទំនង​ផ្លូវ​ភេទ​នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍។ សុខ! នៅ​ពេល​ដែល​ប្អូន​បន្ត​តយុទ្ធ ដើម្បី​ភាព​បរិសុទ្ធ​ខាង​ឯ​ផ្លូវ​ភេទ​នៅ​ក្នុង​ជីវិត​នៃ​ភាព​នៅ​លីវ​របស់​ប្អូន​ដោយ​ពឹង​លើ​អំណាច​នៃ​ព្រះ​វិញ្ញាណ ទាំង​នោះ​ហើយ​គឺ​ជា​អ្វី​ដែល​ប្អូន​គួរ​តែ​ចង់​បាន និង​អធិស្ឋាន​ឆ្ពោះ​ទៅ​រក​ជីវិត​អាពាហ៍ពិពាហ៍។

និពន្ធ​ដោយ៖ លោកគ្រូ John Piper
លោក​គ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក​ស្រី ថាវ ប៊ុនរី និងលោក​ ប៊ុន ធីម៉ូថេ
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

មើល អញ​មក​ជា​ឆាប់

ភាពអវិជ្ជាអំពីព្រះជាម្ចាស់