in ,

គ្រូចម្រុងចម្រើន

ប្រហែល ៥០០ ឆ្នាំ​មុន ​គ្រូ​ពួក​ជំនុំរ៉ូម៉ាំង​កាតូលិក​ម្នាក់ ឈ្មោះ​ យ៉ូហាន​ តេតហ្សែល​ (Johannes Tetzel) ត្រូវ​បាន​ចាត់​បញ្ជូន​ដោយ​មេ​ដឹក​នាំ​នៃ​ពួក​ជំនុំ​កាតូលិក ​ឲ្យ​ទៅ​ប្រទេស​អាល្លឺម៉ង់ ​ដើម្បី​រៃអង្គាស​ប្រាក់​សម្រាប់​ក្រុមជំនុំ ​ដោយ​លក់​ ក្រដាស ដែល​គេ​ហៅ​ថា «ប័ណ្ណ​លើកលែងទោស​(Indulgence)»។ ប័ណ្ណ​នោះ​បាន​សន្យា​ថា ​នឹង​រំដោះ​មនុស្ស​ពី​ការ​រងទុក្ខ​នៅ​ឋាន ផឺហ្កាថឺរី (Purgatory)។ លោក​តេតហ្សែល​បាន​ធ្វើ​ការ​សន្យា​ដ៏​អស្ចារ្យ​ដល់​ពួក​អាល្លឺម៉ង់​ថា នៅ​ពេល​ពួកគេ​បាន​ទិញ​ប័ណ្ណ​នេះ នោះ​ម្នាក់​ដែល​ជា​ទី​ស្រឡាញ់​របស់​ពួកគេ​នឹង​ត្រូវ​បាន​ដោះ​លែង​ពី​សេចក្ដី​វេទនា នៅ​ស្ថាន ផឺហ្កាថឺរី។ (តាម​គោលជំនឿ​ជំនុំ​កាតូលិក ស្ថាន «ផឺហ្កាថឺរី» គឺ​ជា​កន្លែង​ដាក់​ទណ្ឌកម្ម​រវាង​ផែនដី​ ​និង​ស្ថាន​សួគ៌​ ដែល​គ្រីស្ទ​បរិស័ទ​ត្រូវ​ទៅ​បន្ទាប់​ពី​ស្លាប់​ ដើម្បី​នឹង​រង​ទុក្ខ​យ៉ាង​ធ្ងន់ធ្ងរ​ ចំពោះ​អំពើ​បាប​របស់​ពួក​គេ​រយៈពេល​យូរ​ឆ្នាំ​ ដើម្បី​រៀបចំ​ចូល​ទៅ​ស្ថានសួគ៌)។
លោក តេតហ្សែល បាន​និយាយ​បែប​នេះ​ដល់​អ្នក​ភូមិ​ក្រីក្រ៖ «តើ​អ្នក​មិន​ស្រឡាញ់​ដល់​ឪពុក​ម្តាយ​ដែល​បាន​លាចាក​លោក​នេះ​ទៅ​ទេ​ឬអី? ពួក​គាត់​កំពុង​តែ​រងទុក្ខ​នៅ​ស្ថាន​ផឺហ្កាថឺរី ឥឡូវ​នេះ។ ប៉ុន្តែ​ប្រសិន​ បើ​អ្នក​ថ្វាយ​ដង្វាយ​ដល់​ក្រុមជំនុំ​វិញ​ នោះ​អ្នក​អាច​រំដោះ​ពួក​គាត់​ពី​ការ​រង​ទុក្ខ​វេទនា​នោះ​បាន»។ ទាំង​អស់​នេះ​ គឺ​ជា​ការ​កុហក​ដែល​លោក​ តេតហ្សែល​បាន​សន្យា​ចំពោះ​ប្រជាជន ដើម្បី​ឲ្យ​គាត់​អាច​ប្រមែប្រមូល​ប្រាក់​សម្រាប់​សម្តេច​ប៉ាប។ លោក តេត​ហ្សែល គឺ​ជា​អ្នក​ដែល​លោក​ម៉ាទីន លូធើ​ បាន​ប្រឆាំង​ នៅ​ពេល​ដែល​គាត់​ដំ​ដែក​គោល​បិទ​ឯកសារ​ ៩៥ ចំណុច នៅ​ទ្វារ​ក្រុម​ជំនុំ ក្នុង​ឆ្នាំ ១៥១៧។ (សូម​មើល​ក្នុង​អត្ថបទ​ស្តី​ពី​រ៉ូម៉ាំង​កាតូលិក​នៅ​ក្នុង​ឧបសម្ព័ន្ធទី១)។
សព្វថ្ងៃ​នេះ​យើង​គ្មាន​លោក តេតហ្សែល​ទៀត​ទេ ដែល​ប្រើ​សាសនា​ដើម្បី​រក​លុយ។ ជំនួស​គាត់​យើង​មាន​គ្រូ​ផ្សព្វផ្សាយ​ចម្រុងចម្រើន តាម​ទូរទស្សន៍ និង​អ៊ីនធឺណិត។ មនុស្ស​ដូច​ Joseph Prince, Joyce Meyer និង Joel Osteen ជាដើម បាន​ក្លាយ​ជា​អ្នក​មាន​ស្ដុកស្ដម្ភ ដោយសារ​ការ​សន្យា​ផ្សេងៗ​ចំពោះ​អ្នក​ស្ដាប់​របស់​គេ។ ស្រដៀង​នឹង​លោក តេតហ្សែល អ្នក​ផ្សព្វផ្សាយ​នេះ​សន្យា​ ពី​ទ្រព្យ​សម្បត្តិ​ និង​សុខភាព​ល្អ ដល់​គ្រីស្ទបរិស័ទ​ដែល​ថ្វាយ​ប្រាក់​ដល់​ពួក​គេ។

ប៉ុន្តែ​តើ​អ្វី​ជា​គោលដៅ​ចម្បង​នៃ​ជំនឿ​ព្រះយេស៊ូវ ដើម្បី​បាន​ទ្រព្យ​សម្បត្តិ ឬ​ដើម្បី​បាន​ព្រះ?
គោល​ដៅ​នៃ​ជីវិត​របស់​គ្រីស្ទបរិស័ទ​ គឺ​ត្រូវ​ស្គាល់​ដល់​ព្រះ​ដែល​ទ្រង់​ជា​ព្រះ​អាទិករ​របស់​យើង ​ស្រឡាញ់​ទ្រង់​ដ៏​អស់កល្បជានិច្ច​ និង​ថ្វាយ​ជីវិត និង​ទ្រព្យសម្បត្តិ​របស់​យើង​ ដើម្បី​ផ្សព្វផ្សាយ​ដំណឹង​ល្អ​របស់​ទ្រង់​នៅ​លើ​ផែន​ដី។ គ្រីស្ទបរិស័ទ​ជឿ​ថា ព្រះ​មាន​តម្លៃ​ខ្ពង់ខ្ពស់​ជាង​ទ្រព្យ​សម្បត្តិ​ឆ្ងាយ​ណាស់។ គាត់​ដឹង​ថា ​បើ​គ្មាន​ព្រះ​ទេ​ ក៏​នឹង​គ្មាន​ទ្រព្យ​សម្បត្តិ​ផង​ដែរ – គ្មាន​មាស​ គ្មាន​អាហារ​ គ្មាន​ដី​ និង​គ្មាន​សុខភាព​ទេ​ ​ដូច្នេះ​វា​ជា​ការ​ល្ងង់​ខ្លៅ​ណាស់​ ក្នុង​ការ​ស្រឡាញ់​អ្វីៗ​ទាំង​អស់​នេះ​ ច្រើន​ជាង​យើង​ស្រឡាញ់​ព្រះ ​ដែល​បាន​បង្កើត​របស់​ទាំង​នោះ​មក!
ការ​ស្រឡាញ់​អ្វីៗ​ដែល​ជា​របស់​ព្រះ​ ច្រើន​ជាង​ស្រឡាញ់​ព្រះ​ គឺ​ដូច​ជា​កូន​ប្រុស​ដែល​និយាយ​ទៅ​ឪពុក​គាត់​ថា «លោក​ឪពុក​មិន​ទាន់​ស្លាប់​ទេ តែ​ខ្ញុំ​ចង់​បាន​កេរ្តិ៍​មរតក​ឥឡូវ​នេះ»។ អស់​អ្នក​ដែល​ប្រើ​ព្រះ​ និង​សាសនា​ ដើម្បី​បាន​ទ្រព្យ​សម្បត្តិ​ ​និង​សុខ​ភាព​ល្អ​ គឺ​ប្រៀប​ដូច​ជា​កូន​អាក្រក់​នោះ​ដែរ។ ពួក​គេ​គ្រាន់​តែ​ប្រើ​ព្រះ​ដើម្បី​បាន​ទ្រព្យសម្បត្តិ​ និង​សុខ​ភាព​ប៉ុណ្ណោះ។ ប៉ុន្តែ​ព្រះ​ជា​អ្នក​បង្កើត​អ្វីៗ​ទាំងអស់ ​ដែល​គួរឲ្យ​យើង​ចង់បាន និង​ធ្វើ​ឲ្យ​យើង​ស្កប់ចិត្ត។ ដូច្នេះ ​ព្រះ​អង្គ​ផ្ទាល់ ត្រូវ​ជាទី​គាប់ចិត្ត និង​ជា​ទី​ពេញ​ចិត្ត​ជាង​អ្វីៗ​ ដែល​ទ្រង់​បាន​បង្កើត​មក។ គោល​ដៅ​ធំ​បំផុត​របស់​គ្រីស្ទ​បរិស័ទ ​គឺ​មិន​មែន​ដើម្បី​ទទួល​បាន​សុខ​ភាព​ និង​ទ្រព្យ​សម្បត្តិ​នោះ​ទេ​ ប៉ុន្តែ​ដើម្បី​បាន​ព្រះ គឺ​ស្គាល់​ទ្រង់ និង​ស្រឡាញ់​ទ្រង់​ជា​ព្រះ​វរបិតា​របស់​យើង។ មនុស្ស​ដែល​មាន​ព្រះ បូក​នឹង​របស់​ទាំង​អស់ មិនមែន​មាន​ជាង​មនុស្ស​ដែល​មាន​តែ​ព្រះ​នោះ​ទេ។ ឬ​និយាយ​ម្យ៉ាង​ទៀត៖

    ព្រះ + គ្មាន​អ្វី​សោះ = មាន​អ្វីៗ​ទាំង​អស់
                                  និង
    មាន​អ្វីៗ​ទាំង​អស់ – ព្រះ = គ្មាន​អ្វី​សោះ

ប្រសិន​បើ​អ្នក​ត្រូវ​បាត់​បង់​អ្វីៗ​ទាំងអស់​ ដើម្បី​ទ​ទួល​បាន​ព្រះ​ តើ​អ្នក​សុខ​ចិត្ត​ធ្វើ​ទេ?
នេះ​គឺ​ជា​ជម្រើស​ដែល​បុរស​អ្នក​មាន​ម្នាក់​នៅ​ក្នុង​ព្រះ​គម្ពីរ​ត្រូវ​ធ្វើការ​សម្រេច​ចិត្ត។ បុរស​នេះ​បាន​មក​រក​ព្រះ​យេស៊ូវ​ ហើយ​និយាយ​ថា​ «តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​ល្អ​អ្វី ឲ្យ​បាន​ជីវិត​រស់​នៅ​អស់​កល្ប​ជានិច្ច?» ព្រះ​យេស៊ូវ​អាច​ឃើញ​ចិត្ដ​របស់​បុរស​នេះ​ ដោយ​ទ្រង់​ដឹង​ថា ​គាត់​ស្រឡាញ់​ទ្រព្យ​សម្បត្តិ​របស់​គាត់​ច្រើន​ជាង​ស្រឡាញ់​ព្រះ។ ព្រះ​យេស៊ូវ​ចង់​ឲ្យ​គាត់​ប្រែ​ចិត្ត​ពី​អំពើ​បាប​នោះ​ ហើយ​ទទួល​ការ​អត់​ទោស ដូច្នេះ​ទ្រង់​ក៏​បាន​សាក​ល្បង​គាត់​ដោយ​ប្រើ​ពាក្យ​បង្គាប់​ខុស​ពី​ធម្មតា​ថា៖ «ចូរ​អ្នក​ទៅ​លក់​របស់​ទ្រព្យ​ខ្លួន ហើយ​ចែក​ដល់​ពួក​អ្នក​ក្រីក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យ​សម្បត្តិ​នៅ​ឯ​ស្ថាន​សួគ៌​វិញ រួច​ឲ្យ​មក​តាម​ខ្ញុំ​ចុះ» (ម៉ាថាយ ១៩ៈ២១)។ តើ​បុរស​ម្នាក់​នេះ​សម្រេច​ចិត្ត​ធ្វើអ្វី​? «កាល​មនុស្ស​កំឡោះ​បាន​ឮ​ព្រះបន្ទូល​នោះ​ហើយ នោះ​ក៏​ចេញ​ទៅ​ទាំង​ព្រួយ​ចិត្ត ព្រោះ​មាន​ទ្រព្យសម្បត្តិ​ជា​ច្រើន» (ម៉ាថាយ ១៩ៈ២២)។ ការ​នេះ​ធ្វើ​ឲ្យ​យើង​សោកស្ដាយ​ខ្លាំង។ គាត់​ចង់​បាន​ទ្រព្យសម្បត្តិ​ជាជាង​ចង់​បាន​ព្រះ។
តាម​ពិត​យើង​ម្នាក់ៗ​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​សម្រេច​ចិត្ត​ដូច​គ្នា។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​នៅ​ក្នុង​លូកា ១៦ៈ១៣ ថា​ «អ្នក​មិនអាច​បំរើ​ព្រះ​ផង និង​បំរើ​ប្រាក់​ផង​បាន​ទេ»។ យើង​ត្រូវ​តែ​សម្រេច​ចិត្ត។ បើ​យើង​ស្រឡាញ់​ទ្រព្យសម្បត្តិ​ ឬ​សុខភាព ​ច្រើន​ជាង​ស្រឡាញ់​ព្រះ ​យើង​មិន​អាច​មាន​ព្រះ​បាន​ទេ។ ហើយ​ប្រសិន​បើ​យើង​ស្លាប់​ដោយ​គ្មាន​ព្រះ ​យើង​នឹង​បាត់​បង់​អ្វីៗ​ទាំង​អស់។ គ្មាន​នរណា​នៅ​ឯ​ស្ថាននរក​ ដែល​ជា​សេដ្ឋី​នោះ​ទេ!

ប្រសិន​បើ​ការ​លំបាក​នាំ​អ្នក​ឲ្យ​កាន់តែ​ជិតស្និទ្ធ​នឹង​ព្រះ​ តើ​អ្នក​ជ្រើស​រើស​យក​ការ​លំបាក​នោះ​ទេ?
ខ្ញុំ​មិន​និយាយ​ថា​ វា​ជា​ផែន​ការ​របស់​ព្រះ​សម្រាប់​កូន​របស់​ទ្រង់​ឲ្យ​មាន​ភាព​ក្រីក្រ និង​ជំងឺ​នោះ​ទេ។ ប៉ុន្តែ​ប្រសិន​បើ​គ្រីស្ទបរិស័ទ​ដឹង​ថា​ ​ភាព​ក្រីក្រ​ និង​ជំងឺ​ នឹង​នាំ​គាត់​ឲ្យ​កាន់តែ​ជិតស្និទ្ធ​នឹង​ព្រះ​ នោះ​គាត់​នឹង​អរគុណ​ចំពោះ​ការ​លំបាក​ទាំង​អស់​នោះ។ តាម​ពិត​យើង​ដឹង​ពី​ព្រះគម្ពីរ​ថា​ ជារឿយៗ​ព្រះ​ប្រើ​ទុក្ខ​លំបាក​ ដើម្បី​នាំ​យើង​ឲ្យ​កាន់តែ​ជិតស្និទ្ធ​នឹង​ទ្រង់ (២កូរិនថូស ១២ៈ៩-១០ និង រ៉ូម ៥ៈ៣-៤)។
ផ្ទុយ​ទៅ​វិញ​គ្រូ​អធិប្បាយ​ភាព​ចម្រុងចម្រើន​ប្រាប់​យើង​ថា​ វា​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ​ជានិច្ច ដើម្បី​ឲ្យ​យើង​មាន​សុខ​ភាព​ល្អ​ និង​ទ្រព្យ​សម្បត្តិ​ជា​បរិបូរណ៍។ ប៉ុន្តែ​តាម​ពិត ព្រះ​មាន​បំណង​ព្រះទ័យ​ខ្ពស់​ជាង​នេះ​ទៀត​សម្រាប់​យើង គឺ​ដើម្បី​ឲ្យ​បាន​បរិសុទ្ធ និង​ពេញ​ដោយ​អំណរ​ដូច​ព្រះយេស៊ូវ។ ប្រសិន​បើ​ការ​រងទុក្ខ​លំបាក​នាំ​ឲ្យ​យើង​ស្គាល់​ និង​ស្រឡាញ់​ព្រះ​កាន់​តែ​ច្រើន នោះ​ទ្រង់​មិន​ស្រឡាញ់​យើង​ទេ បើ​ព្រះ​អង្គ​បញ្ចៀស​ការ​លំបាក​នោះ​ចេញ​ពី​ជីវិត​របស់​យើង។

តើ​ព្រះជាម្ចាស់​កំណាញ់​ឬ?
ប្រាកដ​ជា​អត់ ព្រះជាម្ចាស់​ជា​ព្រះ​ដ៏​សប្បុរស និង​សទ្ធា។ លើស​ពី​ការ​ដែល​យើង​អាច​យល់​បាន។ យើង​អាច​ដឹង​ការ​នេះ​ ដោយ​ក្រឡេក​មើល​ធម្មជាតិ​ដែល​ទ្រង់​បាន​បង្កើត​មក។ ទ្រង់​មិន​បាន​បង្កើត​ដើមពោត ដែល​មាន​គ្រាប់ពោត​តែ​ពីរបី​ឡូ​នោះ​ទេ ប៉ុន្តែ​មាន​មួយ​ពាន់​គ្រាប់​នៅ​ដើម​មួយ! ដើម​ស្វាយ​មួយ​ដើម នឹង​មាន​ផ្លែស្វាយ​រាប់​រយ​ផ្លែ​ជា​រៀងរាល់​ឆ្នាំ សម្រាប់​រយៈពេល​៤០ ឆ្នាំ!
អូ អស្ចារ្យ​ណាស់ របៀប​ដែល​ព្រះ​ស្រឡាញ់​យើង​ ហើយ​ចាក់​បង្ហូរ​ព្រះពរ នូវ​សុខភាព និង​ទ្រព្យធន​ដល់​យើង! មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ យើង​ធ្លាប់​ឃើញ​ថា នៅ​ពិភពលោក​ទាំង​មូល​ ​ដំណឹងល្អ​ច្រើន​តែ​នាំ​មក​នូវ​ភាព​ចម្រើន​ និង​សុខភាព​ល្អ​ដល់​គ្រីស្ទបរិស័ទ​ ពីព្រោះ​ព្រះអង្គ​ប្រទាន​ឲ្យ​ប្រជារាស្ត្រ​របស់​ទ្រង់​នូវ​ចិត្ត​ថ្មី​ ដែល​ពោរ​ពេញ​ទៅ​ដោយ​ភាព​ស្មោះត្រង់​ ភាព​ឧស្សាហ៍​ព្យាយាម​ ភាព​សុចរិត​ សេចក្តី​ស្រឡាញ់ និង​ការ​គ្រប់គ្រង​ចិត្ត​ខ្លួន​ឯង។

តើ​ព្រះ​បង្គាប់​យើង​ឲ្យ​ជួយ​អ្នក​មាន ឬ​អ្នក​ក្រ?
គ្រូ​ចម្រុង​ចម្រើន ជា​អ្នក​មាន​រស់​នៅ​ក្នុង​វិមាន​ដ៏​ធំ​ ហើយ​មាន​យន្ត​ហោះ​ឯក​ជន​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ទៀត តែ​ពួក​គេ​ទាមទារ​ទស្សនិកជន​ដែល​មើល​ទូរទស្សន៍​ និង​អ៊ីនធឺណិត ​របស់​ពួកគេ ​ផ្ញើ​ប្រាក់​មក​ឲ្យ​ពួក​គេ​រហូត។ ប៉ុន្តែ​ តើ​ព្រះ​យេស៊ូវ​បង្គាប់​យើង​ឲ្យ​ថ្វាយ​ដង្វាយ​ដល់​អ្នក​មាន​ ឬ​អ្នក​ក្រ? សូម​ស្តាប់៖ «ប៉ុន្តែ កាល​ណា​អ្នក​ធ្វើ​ទាន នោះ​កុំ​ឲ្យ​ដៃ​ឆ្វេង​ដឹង​ការ​ដែល​ដៃ​ស្តាំ​ធ្វើ​ឡើយ ដើម្បី​ឲ្យ​អំពើ​ទាន​របស់​អ្នក បាន​ស្ងាត់​កំបាំង នោះ​ព្រះវរបិតា​នៃ​អ្នក ដែល​ទ្រង់​ទត​ឃើញ​ក្នុង​ទី​សំងាត់ ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក​នៅ​ទី​ប្រចក្ស​ច្បាស់» (ម៉ាថាយ ៦ៈ៣-៤)។
ព្រះយេស៊ូវ​ចង់​ឲ្យ​យើង​ឲ្យ​ទាន​ដល់​អ្នក​ក្រ​ មិន​មែន​ដល់​អ្នក​មាន​នោះ​ទេ៖ «ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ទៅ​កាន់​បុរស​ដែល​បាន​អញ្ជើញ​ទ្រង់​ដែរ​ថា៖ <កាល​ណា​អ្នក​ជប់​លៀង​ភ្ញៀវ​ពេល​ថ្ងៃ​ត្រង់ ឬ​ពេល​ល្ងាច​ នោះ​កុំ​ឲ្យ​អញ្ជើញ​ពួក​សំឡាញ់​ បង​ប្អូន​សាច់ញាតិ ឬ​អ្នក​មាន ដែល​នៅ​ជិត​ខាង​ឡើយ ក្រែង​គេ​ក៏​អញ្ជើញ​អ្នក​ទៅ​សង​ដូច្នោះ​វិញ​ដែរ។  បើ​កាល​ណា​អ្នក​រៀប​ជប់​លៀង​ភ្ញៀវ​នោះ ចូរ​អញ្ជើញ​ពួក​អ្នក​ក្រ អ្នក​ពិការ អ្នក​ខ្ញើច និង​អ្នក​ខ្វាក់​វិញ។  យ៉ាង​នោះ​អ្នក​នឹង​បាន​ពរ​ពិត ដ្បិត​មនុស្ស​ទាំង​នោះ​គ្មាន​អ្វី​នឹង​សង​អ្នក​វិញ​ទេ លុះ​កាល​ណា​ពួក​មនុស្ស​សុចរិត​រស់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​រង្វាន់​ហើយ>» (លូកា ១៤ៈ១២-១៤)។
អ្នកនិពន្ធ​សុភាសិត​ព្រមាន​យើង​ពី​ការ​ជួយ​អ្នក​មាន៖ «អ្នក​ដែល​សង្កត់សង្កិន​មនុស្ស​ទាល់​ក្រ ដើម្បី​នឹង​ចំរើន​ទ្រព្យ​សម្បត្តិ​ខ្លួន​ឡើង ហើយ​អ្នក​ណា​ដែល​ជូន​ជំនូន​ដល់​អ្នក​មាន នោះ​នឹង​ត្រឡប់​ជា​ខ្វះ​ខាត​វិញ» (សុភាសិត ២២ៈ១៦)។ ខ​នេះ​រំឭក​យើង​ពី​គ្រូ​ចម្រុងចម្រើន​ ដែល​ទាមទារ​ដង្វាយ​ពី​អ្នក​ស្ដាប់​ដែល​ក្រីក្រ​ ហើយ​ក៏​រំឭក​យើង​អំពី​ពួក​ក្រីក្រ ដែល​ផ្ញើ​ដង្វាយ​ដល់​គ្រូ​ចម្រុងចម្រើន ដោយ​សង្ឃឹម​ថា គេ​នឹង​ទទួល​លុយ​វិញ មួយ​ជា​មួយរយ​ដែរ។ ទាំង​ពី​គឺ​ប្រើ​សាសនា​ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​មាន។
ច្បាស់​ណាស់ ដែល​ព្រះ​ចង់​ឲ្យ​យើង​ជួយ​ដល់​អ្នក​ក្រីក្រ មិនមែន​ដល់​គ្រូ​ជា​អ្នក​មាន​ នៅ​តាម​ទូរទស្សន៍​ទាំង​នេះ​នោះ​ទេ។ ឧទាហរណ៍ អ្នកស្រី ចយ ម៉ៃយើ ( Joyce Meyer) ស្នាក់​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ដែល​មាន​តម្លៃ​ជាង ១0០០ ដុល្លារ​ក្នុង​មួយ​យប់។ ផ្ទះ​របស់​គាត់​មាន​តម្លៃ ២០​លាន​ដុល្លារ។ គាត់​ធ្វើដំណើរ​ពី​ទី​ក្រុង​មួយ​ទៅ​ទី​ក្រុង​មួយ​ទៀត ​ដោយ​ជិះ​យន្ត​ហោះ​ផ្ទាល់ខ្លួន​ ហើយ​គាត់​ទទួល​បាន​ប្រាក់​ខែ​ជាង ១០ ម៉ឺន​ដុល្លារ​ជា​រៀង​រាល់​ខែ! ប្រសិន​បើ​គ្រូ​អធិប្បាយ​ទាំង​នេះ​ ជា​អ្នក​មាន​យ៉ាង​ខ្លាំង​ ​ហេតុ​អ្វី​បាន​ជា​ពួក​គេ​នៅ​តែ​សុំ​លុយ​ពី​យើង​ទៀត? 

គ្រូ​​ចម្រុងចម្រើន​ល្បីៗ
នេះ​គឺជា​បញ្ជី​គ្រូ​ចម្រុងចម្រើន​ល្បីៗ​នៅ​ជុំវិញ​ពិភពលោក។ ពួក​គេ​រក​លុយ​បាន​ច្រើន​ណាស់ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ រស់​នៅ​ដូចជា​ស្តេច និង​មហាក្សត្រី។ បញ្ជី​នេះ​មិន​គ្រប់​ទាំង​អស់​ទេ គឺ​នៅ​មាន​រាប់​រយ​នាក់​ទៀត (គ្រូ​នៅ​បញ្ជី​នេះ​ខ្លះ​ជិត​សេចក្ដី​ពិត​ជាង​គ្រូ​ឯ​ទៀត ប៉ុន្តែ​ពួកគេ​ទាំង​អស់​បង្រៀន​ថា ជា​ព្រះហឫទ័យ​របស់​ព្រះ​អង្គ ដែល​យើង​ត្រូវ​មាន​ជីវភាព​ស្ដុកស្ដម្ភ និង​សុខភាព​ល្អ ហើយ​​ថា យើង​អាច​ក្លាយជា​អ្នក​មាន ដោយ​និយាយ​ពាក្យ ដែល​បង្កើត​ឲ្យ​មាន​សុខភាព​ល្អ និង​ភាព​ចម្រុងចម្រើន)។

សហរដ្ឋអាមេរិក
បិននី ហិន (Benny Hinn) ចូល អូស្ទីន (Joel Osteen)
ចយ ម៉យើ (Joyce Meyer)  ធីឌី ចេក (TD Jakes)
ខេនណិត ខុបផ្លិន (Kenneth Copeland ) ផល្លា ហ្វៃត (Paula White)
ខេនណិត ហេហ្គិន (ខ្មោច) (Kenneth Hagin) ក្រិហ្វឡូ ដុល្លា (Creflo Dollar)

អាស៊ី
យ៉ូសែប ព្រិន (Joseph Prince) កង ហ៊ី (Kong Hee)

អាហ្វ្រិក
ធីប៊ី ចយស៊ូអា (ខ្មោច) (T.B. Joshua) សែបភើត ប៊ូសស៊ីរី (Shepherd Bushiri)
គ្រីស អូយ៉ាឃីឡូមេ (Chris Oyakhilome) រេ មឺខលលី (Ray McCauley)
អ៊ូបឺត អេងជែល (Uebert Angel) អ៊ីអេ អាដេបូយេ (E.A. Adeboye)
អាយ៉ូ អូរិតសេចាហ្វរ (Ayo Oritsejafor) ដាវិដ អូយ៉េដេបូ (David Oyedepo)
អាលហ្វ លូកោ (Alph Lukau)

អាមេរិក​ខាង​ត្បូង
វ៉ាល់ឌីមីរ៉ូ សាន់ទីអាហ្គូ (Valdemiro Santiago) អេឌៀ ម៉ាសេដូ (Edir Macedo)

ជាច្រើន​ឆ្នាំ​មុន នៅ​ពេល​ដែល​គ្រូអធិប្បាយ​ទាំង​នេះ​ចាប់​ផ្តើម​បង្រៀន​ ពួក​គេ​មិន​មែន​ជា​អ្នក​មាន​ទេ។ ប៉ុន្តែ​ឥឡូវ​នេះ​ ពួកគេ​បាន​ក្លាយ​ជា​អ្នក​មាន​យ៉ាង​ខ្លាំង ហើយ​រស់​នៅ​ដូច​ជា​ស្ដេច។ តើ​ពួកគេ​ក្លាយ​ជា​សេដ្ឋី​ដោយ​របៀប​ណា? ការ​មាន​បាន​របស់​ពួកគេ​ ភាគ​ច្រើន​មក​តាម​រយៈ​ដង្វាយ​របស់​គ្រីស្ទបរិស័ទ​សាមញ្ញ។ ហើយ​ឥឡូវ​នេះ​ពួក​គេ​ចង់​ឲ្យ​គ្រីស្ទបរិស័ទ​សាមញ្ញ​នេះ ថ្វាយ​ដង្វាយ​ដល់​ពួកគេ​ថែម​ទៀត។ សូម​កុំ​ផ្ញើ​ប្រាក់​របស់​លោក​អ្នក​ទៅ​ឲ្យ​ពួក​គេ​ ឬក៏​ស្តាប់​ពួក​គេ​នោះ​ឡើយ! មូល​ហេតុ​ដែល​ពួកគេ​នៅ​តែ​ជា​អ្នកមាន ​គឺ​ដោយ​សារ​តែ​មាន​មនុស្ស​ល្ងង់​នៅ​តែ​ផ្ញើ​ប្រាក់​ឲ្យ​ទៅ​ពួកគេ​ ដោយ​សង្ឃឹមថា ​នឹង​ទទួល​បាន​ព្រះ​ពរ​ ពី​ព្រះ​ជាម្ចាស់​វិញ។ គ្រូ​អធិប្បាយ​ទាំង​នេះ​ មិន​ត្រូវ​ការ​ប្រាក់​ដង្វាយ​របស់​យើង​ទេ។ ពួកគេ​គឺជា​គ្រូ​ក្លែងក្លាយ។ អស់​អ្នកណា​ដែល​ប្រើ​សាសនា​ដើម្បី​ក្លាយ​ជា​អ្នក​មាន​ គឺ​ជា​គ្រូ​ក្លែងក្លាយ​ ទោះ​បី​ជា​ពួក​គេ​បង្រៀន​រឿង​ខ្លះ​ដែល​មាន​ប្រយោជន៍​ក៏​ដោយ។
ប្រសិន​បើ​ការ​សន្យា​របស់​គ្រូ​ចម្រុងចម្រើន​ទាំងនេះ ​ទាក់​ទង​នឹង​លុយ ជា​ការពិត​ នោះ​ពួក​គេ​ខ្លួន​ឯង​នឹង​មាន​លុយ​ច្រើន​ហូរហៀរ រហូត​ពួក​គេ​នឹង​ផ្ញើ​លុយ​មក​អ្នក​ស្ដាប់​វិញ! ភ័ស្ដុតាង​ដែល​ថា​ អ្វី​ដែល​ពួក​គេ​កំពុង​បង្រៀន​អំពី​លុយ​មិន​ពិត​នោះ​ គឺ​ពួក​គេ​នៅ​តែ​បន្ត​សុំ​លុយ​ពី​អ្នក​ដទៃទៀត! ហេតុអ្វី​បាន​ជា​ពួក​គេ​នៅ​តែ​ត្រូវ​ការ​លុយ​ពី​គ្រប់​គ្នា​ ប្រសិន​បើ​ពួកគេ​មាន​ទ្រព្យ​សម្បត្តិ​ជាង​មនុស្ស​គ្រប់​គ្នា​ទៀត​នោះ? ដោយ​សារ​តែ​ពួក​គេ​ត្រូវការ​ប្រាក់​បន្ថែម ដើម្បី​ទ្រទ្រង់​ជីវិត​ជា​អ្នក​មាន​របស់​ពួកគេ។

តើ​យើង​ដឹង​យ៉ាង​ដូចម្តេច​ថា ​នរណា​ម្នាក់​គឺ​ជា​គ្រូ​ក្លែងក្លាយ​នៃ​ភាព​ចម្រុងចម្រើន?

  • គាត់​ចំណាយពេល​ច្រើន​និយាយ​អំពី​ទ្រព្យសម្បត្តិ និង​សុខភាព។
  • គាត់​មិន​បាន​ព្រមាន​មនុស្ស​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ចង់​ក្លាយ​ជា​អ្នក​មាន​នោះ​ទេ។
  • គាត់​បង្រៀន​ថា​ អ្នក​អាច​បង្កើត​ទ្រព្យ​សម្បត្តិ​ និង​សុខភាព​ល្អ​ ​ដោយ​ពាក្យ​សម្ដី​ពិសេស​របស់​អ្នក (ដូច​ព្រះ)។
  • គាត់​បាន​ក្លាយ​ជា​សេដ្ឋី​ ពី​ដង្វាយ​របស់​គ្រីស្ទបរិស័ទ​សាមញ្ញ។
  • គាត់​មិន​សូវ​មាន​ អ្នក​ទទួល​ខុស​ត្រូវ​លើ​គាត់​នោះ​ទេ។ ធម្មតា​គ្មាន​ក្រុម​ចាស់ទុំ​ណា​ដែល​ហ៊ាន​កែ​តម្រូវ​គាត់​ឡើយ។
  • គាត់​និយាយ​ច្រើន​ អំពី​ខ្លួន​គាត់​ ហើយ​គាត់​ជា «វីរបុរស» នៃ​រឿង​ផ្ទាល់​ខ្លួន​របស់​គាត់។
  • បុគ្គលិក​លក្ខណៈ​របស់​គាត់ គឺជា​ចំណុច​សំខាន់​ជាង​គេ​ ដើម្បី​អូស​ទាញ​អ្នក​ស្ដាប់ មិនមែន​ការ​បង្រៀន​ព្រះបន្ទូល​របស់​ព្រះ​ ឬ​ការ​ផ្សាយ​ដំណឹង​ល្អ​ទេ។
  • គាត់​រស់​នៅ​ក្នុង​ជីវិត​ដ៏​ប្រណិត និង​ថ្លៃ​ថ្នូរ​ ដោយ​មាន​រថយន្ត​ថ្លៃៗ ផ្ទះ​ធំៗ ជា​ច្រើន​ ហើយ​យន្ត​ហោះ​ឯក​ជន​ផង​ដែរ។
  • គាត់​មិន​បង្រៀន​អំពី​ភាព​ចាំបាច់​នៃ​ការ​រងទុក្ខ​នៅ​ក្នុង​ជីវិត​ជា​គ្រីស្ទបរិស័ទ​ទេ។
  • គាត់​និយាយ​ថា ជំងឺ និង​ភាព​ក្រីក្រ កើត​ចេញ​ពី​ការ​ខ្វះ​ជំនឿ ឬ​មក​ពី​សាតាំង។
  • គាត់​អះអាង​ថា ព្រះ​មាន​បន្ទូល​នឹង​គាត់​ផ្ទាល់។

ពួកគេ​ខ្លះ​អះអាង​ថា គេ​មាន​អំណាច​ក្នុង​ការ​ប្រោស​ឲ្យ​ជា​ ប៉ុន្តែ​ពួក​គេ​មិន​ចូល​មន្ទីរ​ពេទ្យ​ដើម្បី​ទៅ​ប្រោស​អ្នកជំងឺ​នៅ​ទី​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ​ពួក​គេ​ប្រើការ​សន្យា​ប្រោស​ឲ្យ​ជា ដើម្បី​ទទួល​បាន​ដង្វាយ​បន្ថែម​ពី​អស់​អ្នក​ដែល​ស្តាប់​តាម​គេ។

ហេតុអ្វី​បាន​ជា​គ្រូ​ចម្រុង​ចម្រើន​ពេញ​និយម​ម្លេះ?
គ្រូ​ចម្រុងចម្រើន​មាន​ប្រជាប្រិយ​ណាស់ ​ព្រោះ​មនុស្ស​ដែល​ស្តាប់​តាម​ពួកគេ​ ចង់​ក្លាយ​ជា​អ្នក​មាន​ និង​ចង់​បាន​សុខភាព​ល្អ​ដែរ។ គ្រូ​ចម្រុងចម្រើន​ដឹង​ពី​ការ​នេះ ដូច្នេះ​ពួកគេ​ប្រើ​បំណង​ប្រាថ្នា​របស់​អ្នក​ស្តាប់ ដើម្បី​កេង​ចំណេញ​លើ​ពួកគេ។ ពួកគេ​សន្យា​ដល់​អ្នកដើរតាម​របស់​ពួកគេ​ថា​ ពួកគេ​អាច​នឹង​ក្លាយ​ជា​អ្នក​មាន​ តាម​រយៈ​សាសនា​ព្រះ​យេស៊ូវ​គ្រីស្ទ។

តើ​ព្រះ​ទ្រង់​មាន​បន្ទូល​អ្វីខ្លះ​ អំពី​អស់​អ្នក​ដែល​ប្រើ​សាសនា​ដើម្បី​ទៅ​ជា​មាន?
ព្រះគម្ពីរ​បាន​ព្រមាន​យើង​អំពី​មនុស្ស​ដែល «រក​ចំណេញ​ពី​ព្រះ​បន្ទូល​របស់​ព្រះ» គឺ​មនុស្ស​ដែល​ក្លាយ​ជា​អ្នក​មាន​ពី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ។ សាវក​ប៉ុល​បាន​និយាយ​ថា «ដ្បិត​យើង​មិន​មែន​រក​ចំណេញ​ពី​ព្រះបន្ទូល​របស់​ព្រះ ដូច​មនុស្ស​ជា​ច្រើន​នោះ​ឡើយ តែ​ក្នុង​ព្រះ​គ្រីស្ទ យើង​និយាយ​ក្នុង​នាម​ជា​មនុស្ស​ស្មោះត្រង់ ជា​មនុស្ស​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក នៅ​ចំពោះ​ព្រះអង្គ» (២កូរិនថូស ២ៈ១៧ RKOV)។

សាវ័ក ​ប៉ុល ​ក៏​បាន​ព្រមាន​យើង​អំពី​គ្រូ​ក្លែងក្លាយ​ទាំងនោះ​ ដែល​ប្រើ​របៀប​សាសនា ជា​មធ្យោបាយ​ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍៖
«បើ​អ្នក​ណា​បង្រៀន​ពី​សេចក្តី​អ្វី​ផ្សេង​ទៀត ហើយ​មិន​យល់​ព្រម​តាម​ពាក្យ​សំដី​ដែល​ត្រឹម​ត្រូវ គឺ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង និង​ជា​សេចក្តី​បង្រៀន​ដែល​ត្រឹម​ត្រូវ​ តាម​សេចក្តី​គោរព​ប្រតិបត្តិ​ដល់​ព្រះ​ទេ  អ្នក​នោះ​ឈ្មោះ​ថា​មាន​ចិត្ត​ធំ ហើយ​មិន​ដឹង​អ្វី​សោះ គឺ​វក់​តែ​នឹង​ជជែក ហើយ​ដេញ​ដោល​ពី​ន័យ​ពាក្យ ដែល​នាំ​ឲ្យ​កើត​សេចក្តី​ឈ្នានីស​ ឈ្លោះ​ប្រកែក​ ជេរ​ប្រមាថ និង​សេចក្តី​សង្ស័យ​ដ៏​អាក្រក់​ប៉ុណ្ណោះ ជា​សេចក្តី​ជំលោះ​ឥត​ប្រយោជន៍​របស់​មនុស្ស​ខូច​គំនិត ហើយ​ឥត​ស្គាល់​សេចក្តី​ពិត ដោយ​ស្មាន​ថា ការ​គោរព​ប្រតិបត្តិ​ដល់​ព្រះ​ជា​ផ្លូវ​ឲ្យ​បាន​កំរៃ» (១ធីម៉ូថេ ៦ៈ៣-៥)។
សាវ័ក ​ពេត្រុស ​ក៏​ព្រមាន​យើង​អំពី​គ្រូ​ក្លែងក្លាយ​ដែល​ស្រឡាញ់​ប្រាក់​ដែរ៖ «ពួក​គេ​មាន​ភ្នែក​ពោរពេញ​ដោយ​អំពើ​ផិត​ក្បត់ គេ​មិន​ចេះ​លែង​ធ្វើ​បាប​ឡើយ ក៏​បិទ​នុយ​ចាប់​ព្រលឹង​មនុស្ស​ដែល​មិន​ខ្ជាប់​ខ្ជួន ហើយ​មាន​ចិត្ត​ធ្លាប់​ខាង​ឯ​សេចក្តី​លោភ គឺ​ជា​មនុស្ស​ដែល​ត្រូវ​បណ្តាសា គេ​បាន​បោះ​បង់​ចោល​ផ្លូវ​ទៀង​ត្រង់ ហើយ​វង្វេង​ទៅ​តាម​ផ្លូវ​របស់​ហោរា​បាឡាម​ជា​កូន​បេអ៊រ ដែល​ស្រឡាញ់​កំរៃ​នៃ​ការ​ទុច្ចរិត » (២ពេត្រុស ២ៈ១៤-១៥)។
សូម្បី​តែ​ក្រុម​ជំនុំ​ដើម​ដំបូង​ក៏​មាន​ច្បាប់​ទាស់​ប្រឆាំង​នឹង​ គ្រូ​ដើរ​អធិប្បាយ​ដែល​សុំ​លុយ​ដែរ។ នៅ​ក្នុង​សៀវភៅ​តូច​នៃ​ច្បាប់​ក្រុមជំនុំ​នៅ​សតវត្សរ៍​ទី២ ដែល​មាន​ឈ្មោះ​ថា «ឌាដាកកេ» (Didache) យើង​អាន​ឃើញ​ថា «ប្រសិនបើគ្រូអធិប្បាយសុំ​លុយ ​គាត់​គឺ​ជា​ហោរា​ក្លែងក្លាយ»

តើ​បំណង​ប្រាថ្នា​ចង់​ក្លាយ​ជា​អ្នកមាន​ គឺជា​គោលដៅ​ល្អ ឬ​ជា​គោលដៅ​ដែល​បំផ្លាញ​ជីវិត​របស់​អ្នក?
គ្រូ​ចម្រុងចម្រើន​ប្រាប់​អ្នក​ថា​ ជា​ការ​ល្អ​ដែល​យើង​ចង់​ក្លាយ​ជា​អ្នក​មាន​ទ្រព្យធន។ ពួក​គេ​ថែម​ទាំង​ប្រាប់​អ្នក​ថា​ អ្នក​មាន​អំណាច​ ​បង្កើត​ទ្រព្យ​ធន​ច្រើន​ ដោយ​ការ​ប្រើ​ពាក្យ​សម្ដី​របស់​អ្នក គឺ ដូច​ព្រះ​ដែរ! នោះ​គឺជា​ការ​បង្រៀន​ខុសឆ្គង។ ព្រះគម្ពីរ​និយាយ​ផ្ទុយ​ពី​ការ​នេះ​ថា៖
«ឯ​ពួក​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​ស្តុកស្តម្ភ នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​សេចក្តី​ល្បួង និង​អន្ទាក់ ហើយ​ក្នុង​បំណង​ជា​ច្រើន​ដែល​ផ្តេសផ្តាស ហើយ​ធ្វើ​ទុក្ខ​ដល់​ខ្លួន ក៏​ពន្លិច​មនុស្ស​ទៅ​ក្នុង​សេចក្តី​ហិន​វិនាស និង​សេចក្តី​អន្តរ​ធាន​វិញ។  ដ្បិត​ការ​ដែល​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្តី​អាក្រក់​គ្រប់​យ៉ាង​ ដែល​អ្នក​ខ្លះ​បាន​ឈោង​តាម ហើយ​ត្រូវ​លួង​លោម​ឲ្យ​ឃ្លាត​ចេញ​ពី​សេចក្តី​ជំនឿ ទាំង​ចាក់​ទំលុះ​ខ្លួន​គេ ដោយ​សេចក្តី​ព្រួយ​លំបាក​ជា​ច្រើន» (១ធីម៉ូថេ ៦ៈ៩-១០)។
ប្រហែល​ជា​អ្នក​គួរ​តែ​អាន​ខគម្ពីរ​នេះ​ម្តង​ទៀត​ ដោយ​យក​ចិត្ត​ទុកដាក់​បំផុត ប្រសិន​បើ​អ្នក​កំពុង​តែ​ជាប់​នៅ​ក្នុង​សេចក្តី​ល្បួង​នៃ​ការ​ស្រឡាញ់​ទ្រព្យធន។ ហេតុ​អ្វី​បាន​ជា​គ្រូ​ចម្រុងចម្រើន​មិន​បង្រៀន​អំពី​ខ​ទាំង​នេះ?
សូម​សម្គាល់​ថា សាវក​ប៉ុល​បង្រៀន​ថា «ដ្បិត​ការ​ដែល​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្តី​អាក្រក់​គ្រប់​យ៉ាង»។ ការ​ស្រឡាញ់​ប្រាក់ បង្កើត​អំពើ​បាប ច្រើន​មុខ​ទៀត។ នេះ​ជា​មូលហេតុ​ដែល​គ្រូ​ចម្រុងចម្រើន​ជា​ច្រើន​បាន​ធ្លាក់​ក្នុង​បាប​សហាយស្មន់ និង​គោល​ជំនឿ​ខុសឆ្គង។ ការ​ចង់​ធ្វើ​ជា​អ្នក​ស្ដុកស្ដម្ភ មិនមែន​ជា​គោល​បំណង​ល្អ តែ​ជា​គោល​បំណង​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​វិញ។
ជំនួស​ឲ្យ​កា​រ​ដាក់​គោលដៅ​ក្លាយ​ជា​អ្នកមាន​ស្តុកស្តម្ភ​ ​ព្រះ​អង្គ​ទ្រង់​ប្រាប់​យើង​ឲ្យ​ មាន​គោលបំណង​នៃ​ការ​គោរព​ប្រតិបត្តិ​ដល់​ព្រះ ដែល​មាន​ទាំង​ចិត្ត​ស្កប់ស្កល់​វិញ៖ «តែ​ការ​គោរព​ប្រតិបត្តិ​ដល់​ព្រះ ដែល​មាន​ទាំង​ចិត្ត​ស្កប់ស្កល់​ផង នោះ​ជា​កំរៃ​១​យ៉ាង​ធំ​មែន ដ្បិត​យើង​រាល់​គ្នា​មិន​បាន​យក​អ្វី ចូល​មក​ក្នុង​លោកីយ៍​នេះ​ទេ ហើយ​ច្បាស់​ជា​យើង​ពុំ​អាច​នឹង​យក​អ្វី​ចេញ​ទៅ​វិញ​បាន​ដែរ តែ​បើ​មាន​អាហារ​ទទួល​ទាន និង​សំលៀកបំពាក់ នោះ​ក៏​ល្មម​ឲ្យ​យើង​បាន​ស្កប់​ចិត្ត​ហើយ» (១ធីម៉ូថេ ៦ៈ៦-៨)។ គ្រូ​ចម្រុងចម្រើន​មិន​បាន​ព្រមាន​យើង​អំពី​គ្រោះ​ថ្នាក់​នៃ​ភាព​ស្ដុកស្ដម្ភ​នោះ​ទេ​ ហើយ​ពួក​គេ​ក៏​មិន​អធិប្បាយ​អំពី​ខគម្ពីរ​ដូច​នេះ​ទេ៖ «ចូរ​ឲ្យ​ជីវិត​អ្នក​រាល់​គ្នា​បាន​ឥត​លោភ ពី​ការ​ស្រលាញ់​ប្រាក់ ឲ្យ​ជីវិត​អ្នក​បាន​ស្កប់​ចិត្ត​នឹង​របស់​ដែល​មាន​ហើយ​ប៉ុណ្ណោះ​ចុះ ដ្បិត​ទ្រង់​មាន​ព្រះ​បន្ទូល​ថា <អញ​នឹង​មិន​ចាក​ចេញ​ពី​ឯង ក៏​មិន​បោះ​បង់​ចោល​ឯង​ឡើយ> បាន​ជា​យើ​ង​រាល់​គ្នា​អាច​នឹង​និយាយ​ដោយ​ក្លាហាន​ថា <ខ្ញុំ​មិន​ព្រម​ខ្លាច​ឡើយ ព្រោះ​ព្រះអម្ចាស់​ទ្រង់​ជា​ជំនួយ​ខ្ញុំ តើ​មនុស្ស​នឹង​ធ្វើ​ដល់​ខ្ញុំ​ជា​យ៉ាង​ណា​បាន?>» (ហេព្រើរ ១៣ៈ៥-៦)។ ហេតុអ្វី​បាន​ជា​ពួក​គេ​ស្ងាត់​ស្ងៀម​មិន​និយាយ​អំពី​ខគម្ពីរ​ទាំង​នេះ?

តើ​ភាព​ស្ដុកស្ដម្ភ​ជា​ភ័ស្ដុតាង​​នៃ​ព្រះពរ​របស់​ព្រះ ឬ​ក៏​ជា​ឧបសគ្គ​ចំពោះ​សេចក្តី​សង្គ្រោះ​របស់​យើង?
យើង​ទាំង​អស់​គ្នា​បាន​ស្គាល់​មនុស្ស​អាក្រក់​ដែល​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ។ ភាព​ស្ដុកស្ដម្ភ​មិន​មែន​ជា​សញ្ញា​នៃ​ព្រះពរ​របស់​ព្រះ​ទេ។ តាម​ពិត​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​ពួក​សាវក​ថា​ ភាព​ស្ដុកស្ដម្ភ​ធ្វើ​ឲ្យ​មនុស្ស​ពិបាក​ទទួល​បាន​ជីវិត​អស់​កល្ប​ជាង៖ «ដែល​មនុស្ស​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ នោះ​ពិបាក​ណាស់…បើ​សត្វ​អូដ្ឋ​នឹង​ចូល​តាម​ប្រហោង​ម្ជុល នោះ​ងាយ​ជា​ជាង​មនុស្ស​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ​វិញ»។ ពាក្យ​នោះ​ធ្វើ​ឲ្យ​ពួក​សាវក​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ពួក​គេ​ស្មាន​ថា ​ភាព​ស្ដុកស្ដម្ភ​ជា​សញ្ញា​នៃ​ព្រះ​ពរ​ពី​ព្រះ។ ដូច្នេះ ពួក​គេ​បាន​សួរ​ថា «តើ​អ្នក​ណា​អាច​នឹង​បាន​សង្គ្រោះ ព្រះយេស៊ូវ​ទ្រង់​ទត​ទៅ​គេ មាន​ព្រះបន្ទូល​ថា ការ​នោះ​មនុស្ស​លោក​ធ្វើ​ពុំ​កើត​ទេ តែ​ព្រះ​ទ្រង់​ធ្វើ​កើត ដ្បិត​ព្រះ​ទ្រង់​អាច​នឹង​ធ្វើ​កើត​ទាំង​អស់​បាន» (ម៉ាកុស ១០ៈ២៣-២៧)។

តើ​មួយ​ណា​ចាំបាច់​ជាង​នៅ​ក្នុង​ជីវិត​គ្រីស្ទបរិស័ទ ភាព​ស្ដុកស្ដម្ភ ឬ​ការ​រង​ទុក្ខ?
យើង​អាច​ជា​គ្រីស្ទបរិស័ទ​ដោយ​គ្មាន​ភាព​ស្ដុកស្ដម្ភ​ ប៉ុន្តែ​យើង​មិន​អាច​ជា​គ្រីស្ទបរិស័ទ​ដោយ​គ្មាន​ការ​រង​ទុក្ខ​នោះ​ឡើយ។ សូម​ស្តាប់​សាវក​ប៉ុល៖ «ព្រះវិញ្ញាណ​ទ្រង់​ក៏​ធ្វើ​បន្ទាល់​នឹង​វិញ្ញាណ​យើង​ថា យើង​ជា​កូន​របស់​ព្រះ បើ​សិន​ណា​ជា​កូន​ព្រះ​ហើយ នោះ​យើង​ក៏​បាន​គ្រង​មរដក​ដែរ គឺ​ជា​អ្នក​គ្រង​មរដក​នៃ​ព្រះ​ជា​មួយ​នឹង​ព្រះគ្រីស្ទ​ផង ឲ្យ​តែ​យើង​ទទួល​រង​ទុក្ខ​ជា​មួយ​នឹង​ទ្រង់​ចុះ ដើម្បី​ឲ្យ​បាន​ដំកើង​ឡើង​ជា​មួយ​នឹង​ទ្រង់​ដែរ» (រ៉ូម ៨ៈ១៦-១៧)។ គាត់​ក៏​បាន​ប្រាប់​គ្រីស្ទបរិស័ទ​ទាំងអស់​ដែរ​ថា «ត្រូវ​តែ​ទ្រាំ​រង​ទុក្ខ​វេទនា​ជា​ច្រើន ទើប​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន» (កិច្ចការ ១៤ៈ២២)។

សាវ័ក ​ពេត្រុស ​បាន​លើក​ឡើង​នូវ​ចំណុច​ដូចគ្នា​នេះ​ថា៖ «ដូច្នេះ ដែល​ព្រះ​គ្រីស្ទ​ទ្រង់​បាន​រង​ទុក្ខ​ក្នុង​សាច់​ឈាម​ជំនួស​យើង​រួច​ហើយ នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​មាន​គំនិត​ដូច្នោះ​ដែរ ទុក​ជា​គ្រឿង​ការពារ​ខ្លួន ដ្បិត​អ្នក​ណា​ដែល​បាន​រង​ទុក្ខ​ក្នុង​សាច់​ឈាម នោះ​បាន​ឈប់​ខាង​ឯ​អំពើ​បាប​ហើយ ២ដើម្បី​កុំ​ឲ្យ​បង់​ពេល​ដែល​សល់ និង​រស់​នៅ​ខាង​សាច់​ឈាម តាម​តែ​សេចក្តី​ប៉ងប្រាថ្នា​របស់​មនុស្ស​ទៀត​ឡើយ គឺ​តាម​បំណង​ព្រះហឫទ័យ​នៃ​ព្រះ​វិញ» (១ពេត្រុស ៤ៈ១-២)។ លោក​ប៉ុល​ក៏​បាន​និយាយ​អំពី​ទុក្ខ​វេទនា​ផ្ទាល់​ខ្លួន​របស់​គាត់​ និង​ការ​ល្បួង​ដោយ​ទាញ​គាត់​ឲ្យ​សម្លឹង​មើល​ទៅ​កាន់​សុភមង្គល​ដែល​គ្រាន់តែ​ជា​បណ្ដោះអាសន្ន។ លោក​និយាយ​ថា «ដ្បិត​សេចក្តី​ទុក្ខ​លំបាក​យ៉ាង​ស្រាល​របស់​យើង​ខ្ញុំ ដែល​នៅ​តែ​មួយ​ភ្លែត​នេះ នោះ​បង្កើត​ឲ្យ​យើង​ខ្ញុំ​មាន​សិរីល្អ​យ៉ាង​ធ្ងន់​លើស​លប់​ដ៏​នៅ​អស់​កល្ប​ជានិច្ច​វិញ ដោយ​យើង​ខ្ញុំ​មិន​រាប់​អាន​របស់​ដែល​មើល​ឃើញ​ឡើយ គឺ​រាប់​អាន​តែ​របស់​ដែល​មើល​មិន​ឃើញ​វិញ ដ្បិត​របស់​ដែល​មើល​ឃើញ នោះ​ស្ថិតស្ថេរ​មិន​យូរ​ប៉ុន្មាន​ទេ តែ​ឯ​របស់​ដែល​មើល​មិន​ឃើញ នោះ​នៅ​ស្ថិតស្ថេរ​អស់​កល្ប​ជានិច្ច​វិញ» (២កូរិនថូស ៤ៈ១៧-១៨)។ សាវ័ក ​ប៉ុល ​ថែម​ទាំង​ត្រេកអរ​ចំពោះ​ការ​រង​ទុក្ខ​របស់​គាត់ ​ពីព្រោះ​គាត់​ដឹង​ថា ការ​រងទុក្ខ​ទាំង​អស់​នោះ​នឹង​ធ្វើ​ឲ្យ​ជំនឿ​របស់​គាត់​កាន់​តែ​រឹងមាំ៖ «មិន​តែ​ប៉ុណ្ណោះ​សោត យើង​នៅ​តែ​អួត​ក្នុង​កាល​ដែល​មាន​ទុក្ខ​លំបាក​ដែរ ដោយ​ដឹង​ថា សេចក្តី​ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្តី​ទ្រាំ​ទ្រ សេចក្តី​ទ្រាំ​ទ្រ​បង្កើត​ឲ្យ​មាន​សេចក្តី​ស៊ាំថ្នឹក សេចក្តី​ស៊ាំថ្នឹក​បង្កើត​ឲ្យ​មាន​សេចក្តី​សង្ឃឹម» (រ៉ូម ៥ៈ៣-៤)។ ហេតុ​អ្វី​បាន​ជា​គ្រូ​បង្រៀន​ចម្រុងចម្រើន​ស្ងាត់ស្ងៀម​ចំពោះ​ខ​ទាំង​អស់​នេះ?

តើ​ព្រះយេស៊ូវ​បាន​បង្គាប់​ឲ្យ​យើង​ស្វែង​រក​នគរ​ព្រះ ឬ​ក៏​រក​ផលប្រយោជន៍​ខាង​ទ្រព្យសម្បត្តិ?
សូម​ស្តាប់​ព្រះយេស៊ូវ​ជា​ព្រះអម្ចាស់​របស់​យើង៖
«គ្មាន​បាវ​ណា​ដែល​បំរើ​ចៅហ្វាយ​២​បាន​ទេ ពី​ព្រោះ​បាវ​នោះ​នឹង​ស្អប់​១ ស្រឡាញ់​១ ឬ​នឹង​កាន់​ខាង​១ ហើយ​មើលងាយ​១ ដូច្នេះ អ្នក​រាល់​គ្នា​ក៏​បំរើ​ព្រះ​ផង ទ្រព្យសម្បត្តិ​ផង​ពុំ​បាន​ដែរ» (លូកា ១៦ៈ១៣)។
«ដោយ​ហេតុ​នេះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង​ជីវិត​ដែល​នឹង​បរិភោគ​អ្វី ឬ​នឹង​រូបកាយ ដែល​នឹង​ស្លៀកពាក់​អ្វី​នោះ​ឡើយ ឯ​ជីវិត តើ​មិន​វិសេស​ជាង​ចំណី​អាហារ ហើយ​រូបកាយ តើ​មិន​វិសេស​ជាង​សំលៀកបំពាក់ ទេ​ឬ​អី ចូរ​ពិចារណា​ពី​សត្វ​ស្លាប​នៅ​លើ​អាកាស វា​មិន​សាបព្រោះ មិន​ច្រូត​កាត់ ឬ​ប្រមូល​ដាក់​ក្នុង​ជង្រុក​ផង តែ​ព្រះវរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​ចិញ្ចឹម​វា ឯ​អ្នក​រាល់​គ្នា តើ​គ្មាន​ដំឡៃ​លើស​ជាង​សត្វ​ទាំង​នោះ​ទេ​ឬ​អី  ចុះ​នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ឯ​ណា​ដែល​អាច​នឹង​បន្ថែម​កំពស់​ខ្លួន​១​ហត្ថ ដោយសារ​សេចក្តី​ខ្វល់ខ្វាយ​បាន​ឬ​ទេ  ហើយ​ពី​ដំណើរ​សំលៀកបំពាក់ តើ​អ្នក​រាល់​គ្នា​ខំ​ខ្វល់ខ្វាយ​ធ្វើ​អ្វី ចូរ​រំពឹង​គិត​តែ​ពី​ផ្កា​ឈូក​នៅ​ក្នុង​បឹង ដែល​វា​ដុះ​ជា​យ៉ាង​ដូច​ម្តេច គឺ​វា​មិន​នឿយ​ហត់​នឹង​ធ្វើ​ការ ឬ​ស្រាវ​រវៃ​ទេ​ តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ហ្លួង​សាឡូម៉ូន ក្នុង​គ្រា​ដែល​មាន​គ្រប់​ទាំង​សេចក្តី​រុងរឿង​របស់​ទ្រង់ នោះ​ទ្រង់​មិន​បាន​តែង​អង្គ ដូច​ជា​ផ្កា​១​នោះ​ផង រីឯ​តិណជាតិ ដែល​ដុះ​នៅ​វាល​ក្នុង​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក​ត្រូវ​គេ​ដុត​នៅ​ជើងក្រាន បើ​ព្រះ​ទ្រង់​តុបតែង​ស្មៅ​យ៉ាង​ដូច្នោះ នោះ​ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ តើ​ទ្រង់​មិន​តុបតែង​ឲ្យ​អ្នក​រាល់​គ្នា លើស​ជាង​ទៅ​ទៀត​ទេ​ឬ​អី ដូច្នេះ កុំ​ឲ្យ​ខ្វល់ខ្វាយ​ថា តើ​ត្រូវ​បរិភោគ​អ្វី ឬ​ស្លៀកពាក់​អ្វី​នោះ​ឡើយ ដ្បិត​គឺ​ជា​សាសន៍​ដទៃ​ទេ​តើ ដែល​ខំ​ស្វែង​រក​របស់​ទាំង​នោះ​វិញ ឯ​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​ជ្រាប​ហើយ ថា​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​របស់​ទាំង​នោះ​ដែរ។ ចូរ​ស្វែង​រក​នគរ និង​សេចក្តី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង» (ម៉ាថាយ ៦ៈ២៥-៣៣)។

តើ​អ្វី​ជា​គោលដៅ​នៃ​ដំណឹង​ល្អ​ចម្រុងចម្រើន និង​គោលដៅ​នៃ​ដំណឹង​ល្អ​ពិត?
តើ​អ្វី​ជា​គោលដៅ​ជីវិត​របស់​អស់​អ្នក​ដែល​ប្រើ​សាសនា​ដើម្បី​ការ​មាន​បាន និង​សុខ​ភាព? គោល​ដៅ​ជីវិត​របស់​ពួក​គេ​ គឺ​ដើម្បី​តែ​មាន​សុខ​ភាព​ល្អ​ និង​ទ្រព្យ​សម្បត្តិ​ដែល​នៅ​ក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ។ ហើយ​អ្នក​ដែល​ស្តាប់​គ្រូ​ទាំង​នោះ​ ក៏​មាន​គោល​ដៅ​ជីវិត​ដូច​គ្នា​ដែរ។ ប៉ុន្តែ​តើ​គោលដៅ​ជីវិត​របស់​គ្រីស្ទបរិស័ទ​គឺ​ជា​អ្វី? គឺ​ដើម្បី​ស្គាល់​ដល់​ព្រះ​ ដើរ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ចំណាយ​ទាំង​ជីវិត និង​ធនធាន​របស់​យើង ដើម្បី​នាំ​ដំណឹង​ល្អ​ដល់​អ្នក​ដទៃ។ តើ​ព្រះ​យេស៊ូវ​បាន​ប្រទាន​គំរូ​អ្វី​ខ្លះ​ដល់​យើង​ដើម្បី​ដើរ​តាម? «ដ្បិត​អ្នក​រាល់​គ្នា​បាន​ស្គាល់​ព្រះគុណ​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ហើយ ថា​ទោះ​បើ​ទ្រង់​ជា​សេដ្ឋី​ក៏​ដោយ គង់​តែ​ទ្រង់​បាន​ត្រឡប់​ជា​ក្រ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​មាន​ឡើង ដោយ​សារ​សេចក្តី​កម្រ​របស់​ទ្រង់» (២កូរិនថូស ៨ៈ៩)។
ព្រះយេស៊ូវ​បាន​លះ​បង់​នូវ​ភាព​ស្តុកស្តម្ភ​  និង​សុវត្ថិ​ភាព​ទាំង​អស់​របស់​ទ្រង់​ ដើម្បី​យាង​មក​សង្គ្រោះ​យើង ​ពី​អំពើ​បាប​ និង​ស្ថាន​នរក​ ដើម្បី​ឲ្យ​យើង​បាន​ក្លាយ​ជា​អ្នក​មាន​ជា​មួយ​ព្រះ​អស់កល្ប​ជានិច្ច។ ហើយ​ទ្រង់​បាន​បង្គាប់​ឲ្យ​យើង​ធ្វើ​តាម​គំរូ​របស់​ទ្រង់៖ យើង​ក៏​ត្រូវ​តែ​ក្លាយ​ជា​អ្នក​ក្រ​ដែរ ដើម្បី​ឲ្យ​អ្នក​ដទៃ​ក្លាយ​ជា​អ្នក​មាន​ក្នុង​ព្រះ​យេស៊ូវ​គ្រីស្ទ។ យើង​អាច​ធ្វើ​ដូច​នេះ​តាម​វិធី​ពីរ​យ៉ាង​ ដោយ​ការ​ចែក​រំលែក​នូវ​ទ្រព្យ​សម្បត្តិ​របស់​យើង​ ដើម្បី​ជួយ​ដល់​អ្នក​ក្រីក្រ​ និង​ដោយ​ការ​ចែករំលែក​ទ្រព្យសម្បត្តិ​របស់​យើង​ ដល់​អ្នក​ផ្សាយ​ដំណឹង​ល្អ​ ដែល​ក្រុមជំនុំ​បញ្ជូន​ឲ្យ​ទៅ​ផ្សាយដំណឹង​ល្អ​នៅ​កន្លែង​ដែល​មិន​ទាន់​ឮ។

សូម​កត់សម្គាល់​នូវ​ភាព​ខុសគ្នា​ធំៗ​រវាង​គោលដៅ​នៃ​ដំណឹងល្អ​ពិត​ និង​ដំណឹង​ល្អ​ចម្រុងចម្រើន៖

គោលដៅ​នៃ​ដំណឹងល្អ​ពិត (២កូរិនថូស ៨ៈ៩)
ព្រះយេស៊ូវ​ជា​សេដ្ឋី
ទ្រង់​បាន​ក្លាយ​ជា​អ្នកក្រ​សម្រាប់​យើង…
ដើម្បីឲ្យ​យើង​នឹង​ក្លាយ​ជា​សេដ្ឋី​ក្នុង​ព្រះ​គ្រីស្ទ…
ដើម្បី​ឲ្យ​យើង​ក្លាយ​ជា​អ្នកក្រ​សម្រាប់​មនុស្ស​ឯ​ទៀត…
ដើម្បី​ឲ្យ​គេ​ក្លាយ​ជា​សេដ្ឋី​ក្នុង​ព្រះ​យេស៊ូវ…
ដើម្បី​ឲ្យ​គេ​ក៏​ក្លាយ​ជា​អ្នក​ក្រ​សម្រាប់​អ្នក​ផ្សេង​ទៀត…
ដើម្បី​អ្នក​ផ្សេង​ទៀត​នោះ​នឹង​ក្លាយ​ជា​សេដ្ឋី​ក្នុង​ព្រះ​យេស៊ូវ…
។ល។ រហូត​ដល់​ព្រះ​យេស៊ូវ​យាង​មក។

គោលដៅ​នៃ​ដំណឹងល្អ​ចម្រុងចម្រើន
ព្រះយេស៊ូវ​ជា​សេដ្ឋី
ទ្រង់​បាន​ក្លាយ​ជា​អ្នកក្រ​សម្រាប់​យើង…
ដើម្បី​ឲ្យ​យើង​ក្លាយ​ជា​សេដ្ឋី។
ចប់។

តើ​គ្រូ​ចម្រុងចម្រើន​បាន​ធ្វើ​តាម​គំរូ​របស់​ព្រះគ្រីស្ទ​ ដោយ​បាន​ក្លាយ​ជា​អ្នក​ក្រ​ ដើម្បី​ឲ្យ​អ្នក​ដទៃ​ក្លាយ​ជា​អ្នក​មាន​ក្នុង​ព្រះ​យេស៊ូវ​ដែរ​ឬ​ទេ? ទេ ផ្ទុយ​ទៅវិញ។ គ្រូ​ចម្រុងចម្រើន​ទាំង​នោះ​បាន​ក្លាយ​ជា​អ្នក​មាន​ ដោយ​សុំ​ឲ្យ​ពួក​អ្នក​ក្រ​ផ្តល់​ប្រាក់​ឲ្យ​ពួកគេ។ នេះ​គឺជា ​បទគម្ពីរ ២កូរិនថូស ៨ៈ៩ ម្តង​ទៀត​ ប៉ុន្តែ​ខ្ញុំ​បាន​ប្តូរ​ពាក្យ​ដើម្បី​ពិពណ៌នា​អំពី​គ្រូ​ចម្រុងចម្រើន​វិញ៖ «ដ្បិត​អ្នក​ដឹង​ពី​សេចក្តី​លោភលន់​របស់ គ្រូ​ចម្រុងចម្រើន​ហើយ​ថា ទោះបី​ពីមុន​ពួកគេ​ក្រ​ក៏​ដោយ​ ពេលនេះ​ពួក​គេ​បាន​ក្លាយ​ជា​សេដ្ឋី​តាមរយៈ​ដង្វាយ​ពី​ជន​ក្រី​ក្រ​ ដើម្បី​ឲ្យ​អ្នក​ក្រីក្រ នឹង​កាន់​តែ​ក្រ»។ យើង​ត្រូវ​សួរ​សំណួរ​នេះ​ម្តង​ទៀត៖ ហេតុអ្វី​បាន​ជា​គ្រូ​ចម្រុងចម្រើន ដែល​ជា​អ្នក​មាន ​នៅ​តែ​បន្ត​សុំ​លុយ​ពី​មនុស្ស​សាមញ្ញ​ទៀត?

មុខ​ពូថៅ
តើ​គ្រូ​ចម្រុងចម្រើន​ប្រើ​អ្វី​ធ្វើ​ជា​មុខ​ពូថៅ ​ដើម្បី​ពុះ​យើង​ចេញ​ពី​សេចក្ដី​ពិត? ពួក​គេ​ប្រើ​សេចក្ដី​សន្យា​អំពី​ សុខភាព​ល្អ ហើយ​និង​ភាព​ចម្រុងចម្រើន​។ ​ពួក​គេ​ដឹង​ថា​ មនុស្ស​ជា​ច្រើន​ត្រូវ​បាន​ល្បួង​ដោយ​បាប​លោភ​លន់​ និង​ចង់​មាន​ចង់បាន​ មិន​ថា​អ្នក​ជឿ​ ឬ​អ្នក​មិន​ជឿ​ទេ។ មនុស្ស​ជា​ច្រើន​ត្រូវ​បាន​សង្កត់​ដោយ​បំណុល​ និង​ជំងឺ។ ដូច្នេះ​គ្រូ​ទាំង​នេះ​ ទាក់ទាញ​អ្នក​ស្ដាប់​ដោយ​ការ​សន្យា​អំពី​ ទ្រព្យ​សម្បត្តិ និង​សុខភាព។ មួយ​ទៀត ពួក​គេ​ចូល​ចិត្ត​ធ្វើឲ្យ​មនុស្ស​ចាប់​អារម្មណ៍​ជា​មួយ​នឹង​អំណាច​របស់​ពួក​គេ ​លើ​វិញ្ញាណ​ផ្សេងៗ​ ដូច​ជា​គ្រូ​មន្តអាគម​ជាដើម។ កុំ​មាន​ការ​ភ្ញាក់​ផ្អើល​ បើ​គ្រូ​ចម្រុងចម្រើន​ទាំង​នេះ​ ពេល​ខ្លះ​បង្រៀន​នូវ​អ្វី​ដែល​ត្រឹម​ត្រូវ​ ហើយ​ថែម​ទាំង​មាន​ប្រយោជន៍​ទៀត​នោះ។ ប្រសិន​បើ​គ្រូ​ក្លែង​ក្លាយ​បង្រៀន​សុទ្ធ​តែ​ខុសឆ្គង​ នោះ​គ្មាន​នរណា​ជឿ​ពួក​គេ​ឡើយ។ គឺ​ដោយ​សារ​តែ​ការ​បង្រៀន​ខុសឆ្គង​របស់​ពួក​គេ​ត្រូវ​បាន​លាយ​បញ្ចូល​គ្នា​ជា​មួយ​នឹង​ការ​បង្រៀន​ពិត ​ដែល​ធ្វើ​ឲ្យ​គ្រីស្ទ​បរិស័ទ​វង្វេង។

ក្រោយ​ដែល​គ្រូ​ចម្រុងចម្រើន​បាន​ចាប់​អ្នក​ស្ដាប់​ហើយ ​ពួក​គេ​បន្ថែម​ការ​បង្រៀន​ខុសឆ្គង​ទៀត។ គ្រូ​ចម្រុងចម្រើន​ខ្លះ​ បដិសេធ​គោលជំនឿ​នៃ​ព្រះត្រៃឯក។ ខ្លះ​បង្រៀន​ថា ព្រះ​យេស៊ូវ​មិន​បាន​លោះ​បាប​របស់​យើង​ទាំង​ស្រុង​នៅ​លើ​ឈើ​ឆ្កាង​ទេ។ ហើយ​ស្ទើរ​តែ​ទាំង​អស់​បង្រៀន​ថា យើង​អាច​បង្កើត​ភាព​ចម្រុងចម្រើន​ និង​សុខភាព​ល្អ​ដោយ​ពាក្យ​សំដី​ខ្លាំង​ពូកែ​របស់​យើង​ ពីព្រោះ​យើង​ជា​ព្រះ​តូច។

គ្រូ​បង្រៀន​ដែល​បញ្ជោរ
នៅ​គម្ពីរ​អេសាយ​ ៣០ៈ៩-១០ ហោរា​អេសាយ​បាន​បន្ទោស​អ៊ីស្រាអែល ព្រោះ​គេ​ចង់​បាន​ហោរា​ដែល​ប្រើ​ពាក្យ​បញ្ជោរ ជំនួស​ការ​ពិត៖ «ដ្បិត​ជនជាតិ​នេះ​គេ​នឹង​ចចេស ជា​ពួក​កូន​ចៅ​ភូត​កុហក គឺ​ជា​កូន​ចៅ ដែល​មិន​ព្រម​ផ្ចង់​ចិត្ត​ស្តាប់​ក្រឹត្យវិន័យ​របស់​ព្រះយេហូវ៉ា​ទេ  ១០ គេ​ប្រាប់​ដល់​ពួក​មើលឆុត​ថា កុំ​ឲ្យ​មើល​ឡើយ ហើយ​ដល់​ពួក​ហោរា​ថា កុំ​ឲ្យ​ទាយ​ពី​សេចក្តី​ទៀង​ត្រង់ ឲ្យ​យើង​ស្តាប់​ឲ្យ​សោះ គឺ​ត្រូវ​និយាយ​ពី​សេចក្តី​ស្រួលបួល​វិញ ត្រូវ​ទាយ​ជា​សេចក្តី​ភូតភរ​ចុះ»។ គ្រូ​ចម្រុងចម្រើន​ដឹង​ថា អ្នក​ស្ដាប់​របស់​គេ​ចង់​ស្ដាប់​ពាក្យ​បញ្ជោរ​ដូច​ជា៖

«ព្រះ​ពេញ​ចិត្ត​នឹង​អ្នក ​មិនមែន​ក្រោធ​ទេ»
«ព្រះ​ចង់​ឲ្យ​អ្នក​ក្លាយ​ជា​សេដ្ឋី»
«អ្នក​ជា​ព្រះ​តូច​មួយ»
«អ្នក​មាន​អំណាច​បង្កើត​ភាព​ចម្រុងចម្រើន​​ដោយ​គ្រាន់​តែ​និយាយ»
«អ្នក​មិនមែន​ជា​អ្នក​មាន​បាប​ទេ»

តែ​គ្រូ​ពី​ព្រះ​ជាម្ចាស់ បង្រៀន​សេចក្ដី​ពិត​របស់​ព្រះ ដែល​មាន​ទាំង សេចក្ដី​ស្រឡាញ់​នៃ​ព្រះ និង​ភាព​បរិសុទ្ធ​នៃ​ព្រះ ទាំង​ព្រះ​ជា​សេចក្ដី​ស្រឡាញ់ និង​ព្រះ​ជា​ពន្លឺ។ គ្រូ​ដែល​បញ្ជរ​អ្នក​ ដោយ​ពាក្យ​សំដី​ផ្អែមៗ មិន​ស្រឡាញ់​អ្នក​ទេ ពួក​គេ​ចង់​គ្រប់​គ្រង​អ្នក និង​ប្រើ​អ្នក​សម្រាប់​ប្រយោជន៍​របស់​គេ។

ចូរ​ឈប់​ស្ដាប់​គ្រូ​ក្លែងក្លាយ​នៅ​លើ​ទូរទស្សន៍ និង​អ៊ីនធឺណិត។ ចូរ​ចូល​ជា​សមាជិក​នៅ​ក្នុង​ក្រុមជំនុំ​ដែល​បង្រៀន​ទាំង​ព្រះ​ជា​ពន្លឺ​ផង ទាំង​ព្រះ​ជា​សេចក្ដី​ស្រឡាញ់​ផង ជា​ក្រុមជំនុំ​ដែល​ព្រមាន​អ្នក​អំពី​គ្រោះថ្នាក់​ នៃ​ចិត្ត​លោភលន់ ជា​ក្រុមជំនុំ​ដែល​និយាយ​ថា «អ្នក​មិនមែន​ជា​ព្រះ​ទេ មាន​តែ​ព្រះ​ទេ​ដែល​ជា​ព្រះ» ជា​ក្រុមជំនុំ​ដែល​ស្រឡាញ់​អ្នក​រហូត​ដល់​កែ​អ្នក​ដោយ​សេចក្ដី​ស្រឡាញ់​នៅ​ពេល​អ្នក​វង្វេង ជា​ក្រុមជំនុំ​ដែល​បង្រៀន​គ្រប់​ទាំង​សេចក្ដី​ពិត​របស់​ព្រះ​អង្គ មិនមែន​គ្រាន់​តែ​ផ្នែក​ស្រួល​នោះ​ទេ ជា​ក្រុមជំនុំ​ដែល​មាន​អ្នក​ដឹកនាំ​សុចរិត ​ស្រឡាញ់ និង​ជា​គំរូ​ដល់​ហ្វូង​ចៀម។

តើ​លោកអ្នក​បាន​ឃើញថា​ ជីវិត​របស់​ព្រះ​យេស៊ូវ​នៅ​ក្នុង​កណ្ឌ​ម៉ាថាយ ម៉ាកុស លូកា និង​យ៉ូហាន គឺ​ខុស​គ្នា​ពី​ជីវិត​របស់​គ្រូ​ចម្រុងចម្រើន​ទាំង​នោះ​ទេ?! ត្រូវហើយ​ ព្រះ​យេស៊ូវ​បាន​ប្រោស​មនុស្ស​រាប់​ពាន់​នាក់​ ដោយ​សេចក្ដី​ស្រឡាញ់​ ចំពោះ​ពួក​គេ​ ប៉ុន្តែ​ទ្រង់​មិន​បាន​សង្កត់​ធ្ងន់​លើ​សុខ​ភាព​ និង​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​សេចក្តី​បង្រៀន​របស់​ទ្រង់​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ​ទ្រង់ បាន​ព្រមាន​មនុស្ស​គ្រប់​គ្នា​ អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ស្រឡាញ់​លុយ​ និង​ទ្រព្យ​សម្បត្តិ​ ហើយ​ទ្រង់​ផ្ទាល់​បាន​រស់​នៅ​ក្នុង​ជីវិត​ដ៏​រាបទាប និង​ស្កប់ស្កល់។ ប្រសិន​បើ​គ្រូ​អធិប្បាយ​មិន​សង្កត់​ធ្ងន់​លើ​ចំណុច​ដូច​គ្នា​ នឹង​ការ​ដែល​ព្រះយេស៊ូវ​ និង​ពួក​សាវក​បាន​សង្កត់​ធ្ងន់​ទេ​ នោះ​គាត់​មុខ​ជា​គ្រូ​ក្លែងក្លាយ​ហើយ។ សូម​កុំ​អនុញ្ញាត​ឲ្យ​គ្រូ​ក្លែងក្លាយ​នេះ​ចូល​ក្នុង​ផ្ទះ​តាមរយៈ​ទូរស័ព្ទ ឬ​ទូរទស្សន៍​របស់​អ្នក​ឡើយ។ សូម​ចាំ​ពី​ ២យ៉ូហាន ខ ១០-១១។

ពាក្យ​ផ្ទាល់​ខ្លួន​របស់​គ្រូ​ចម្រុងចម្រើន​
សូម​ស្ដាប់​ពាក្យ​សម្ដី​ផ្ទាល់​របស់​គ្រូ​ចម្រុងចម្រើន ការ​ឆ្លើយ​តប​របស់​ខ្ញុំ​នៅ​ក្នុង​ឃ្នាប[ ]។

ចយ ម៉ៃយើ (Joyce Meyer)
លោកស្រី ចយ ម៉ៃយើ ​បាន​និយាយ​ថា​ «ខ្ញុំ​មិន​ឈប់​ធ្វើបាប​ទេ​ ទាល់តែ​ខ្ញុំ​ដឹង​…ថា ​ខ្ញុំ​មិនមែន​ជា​មនុស្ស​មាន​បាប​ទៀត​ទេ»។

[ប៉ុន្តែ​សាវ័ក​ យ៉ូហាន ​និយាយ​ថា​ អស់អ្នក​ដែល​និយាយ​ថា ​ខ្លួន​គ្មាន​បាប​សោះ នោះ​ឈ្មោះ​ថា​បញ្ឆោត​ដល់​ខ្លួន ហើយ​សេចក្តី​ពិត​មិន​ស្ថិត​នៅ​ក្នុង​ពួកគេ​ទេ​ (១យ៉ូ​ហាន ១ៈ៨)]។

នៅ​ក្នុង​សៀវភៅ​មួយ​របស់​គាត់ ចយ ម៉ៃយើ ​បាន​បង្រៀន​ថា​ ការ​សុគត​របស់​ព្រះ​យេស៊ូវ​នៅ​លើ​ឈើឆ្កាង​ មិនបាន​សង​ថ្លៃ​អំពើ​បាប​របស់​យើង​ទាំងស្រុង​នោះ​ទេ​ ប៉ុន្តែ​បន្ទាប់ពី​ការ​សុគត​ ​ទ្រង់​ត្រូវ​ទៅ​ស្ថាននរក​ ដើម្បី​ទទួល​ទារុណកម្ម​ ពី​សាតាំង​ និង​អារក្ស។ បន្ទាប់​ពី​នោះ​ព្រះ​យេស៊ូវ​បាន​កើត​ជាថ្មី! គាត់​បាន​សរសេរ​ថា​ «ក្នុង​អំឡុង​ពេល​នោះ​ទ្រង់ [ព្រះ​យេស៊ូវ] បាន​ចូល​ស្ថាន​នរក ​ជា​កន្លែង​ដែល​អ្នក​ និង​ខ្ញុំ​សមនឹង​ទៅ​ (ស្រប​ច្បាប់) ដោយសារ​អំពើ​បាប​របស់​យើង​…ទ្រង់​បាន​បង់ថ្លៃ​លោះ​នៅ​ទីនោះ… ព្រះ​យេស៊ូវ​បាន​បង់ថ្លៃ​នៅ​លើ​ឈើ​ឆ្កាង​ផង ​និង​នៅ​ស្ថាន​នរក​ផង…[បន្ទាប់មក] ទ្រង់​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ពី​សុគត​ឡើង​វិញ ដែល​ជា​មនុស្ស​ដំបូង​ដែល​បាន​កើត​ជា​ថ្មី»។ ចយ ម៉ៃយើ ក៏បាន​និយាយ​ថា​ «អ្នក​មិន​អាច​ទៅ​ស្ថានសួគ៌​បានទេ​ លុះត្រា​តែ​អ្នក​ជឿ​ដោយ​អស់​ពី​ចិត្ត​ថា ​ព្រះ​យេស៊ូវ​បាន​ទទួល​ទោស​ជំនួស​អ្នក​នៅ​ស្ថាននរក»។

[ប៉ុន្តែ​១ពេត្រុ​ស ២ៈ២៤ និយាយ​ថា​ «ទ្រង់​បាន​ផ្ទុក​អំពើ​បាប​របស់​យើង​រាល់​គ្នា នៅ​លើ​រូប​អង្គ​ទ្រង់ ជាប់​លើ​ឈើ​ឆ្កាង…»។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​នៅ​ក្នុង​លូកា ២៣ៈ៤៣ ព្រះ​យេស៊ូវ​បាន​សន្យា​ជាមួយ​ចោរ​នៅ​លើ​ឈើឆ្កាង​ថា​ «ថ្ងៃ​នេះ អ្នក​នឹង​នៅ​ក្នុង​ស្ថាន​បរមសុខ​ជា​មួយ​នឹង​ខ្ញុំ​ដែរ» មិនមែន​ «ថ្ងៃនេះ​ខ្ញុំ​នឹង​ទៅ​នរក​បី​ថ្ងៃ​ ដើម្បី​ទទួល​ទារុណកម្ម​ អំពើ​បាប​របស់​អ្នក» នោះ​ទេ។ ]
ចយ ម៉ៃយើ ​បាន​និយាយ​ថា​ នៅពេល​ដែល​ព្រះ​យេស៊ូវ​បាន​យក​អំពើ​បាប​របស់​យើង​ នោះ​ទ្រង់​លែង​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ​ទៀត​ មួយ​រយៈ​នោះ៖​ «ទ្រង់​ [ព្រះ​យេស៊ូវ] ​អាច​ជួយ​ខ្លួនឯង​រហូត​ដល់​ចំណុច​ដែល​ទ្រង់​និយាយ​ថា <ទូលបង្គំ​សូម​ថ្វាយ​វិញ្ញាណ​ទូលបង្គំ​ដល់​ព្រះ​ហស្ត​ទ្រង់>។ នៅ​ពេល​នោះ​ទ្រង់​មិន​អាច​ធ្វើអ្វី​សម្រាប់​ខ្លួនឯង​បាន​ទៀត​ទេ។ ទ្រង់​បាន​ក្លាយ​ជា​បាប​ ទ្រង់​លែង​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ​ហើយ។ ទ្រង់​ជា​បាប»។

[ប៉ុន្តែ​វា​មិន​អាច​ទៅរួច​ទេ ​ដែល​ព្រះរាជ​បុត្រា​នៃ​ព្រះ​ លែង​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ​ សូម្បីតែ​មួយភ្លែត។ នេះ​គឺជា​ការ​ប្រមាថ។]

ចយ ម៉ៃយើ បាន​និយាយ​ថា​ «ពាក្យ​សម្ដី​គឺជា​ធុង​ថាមពល…ខ្ញុំ​កំពុង​និយាយ​អំពី​<ការ​ហៅ​អ្វី​ដែល​មិន​មាន ​ថា​មាន> [រ៉ូ​ម ៤ៈ១៧] ​ហើយ​ទាយ​អំពី​ឆ្អឹង​ស្ងួត​ ដែល​ងាប់​នៅ​ក្នុង​ជីវិត​របស់​អ្នក​ថា ​<ឱ​ឆ្អឹង​ស្ងួត​អើយ ចូរ​ស្តាប់​ព្រះបន្ទូល​របស់​ព្រះ​អម្ចាស់>។ ប្រហែល​ជា​អ្នក​ត្រូវ​និយាយ​ទៅ​កាន់ [គណនី​ធនាគារ] របស់​អ្នក​ថា​ <អូ គណនី​ចូរ​ស្តាប់​ព្រះបន្ទូល​របស់​ព្រះ​អម្ចាស់ ​ឯង​នឹង​មិន​នៅ​ទទេ​រហូត​ឡើយ>»។

[ប៉ុន្តែ​នៅ​ក្នុង ​រ៉ូ​ម ៤ៈ១៧​ ​គឺ​ព្រះ​ផ្ទាល់​ដែល​ «ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ទាំង​មាន​ព្រះបន្ទូល​ពី​របស់​ដែល​គ្មាន ទុក​ដូច​ជា​មាន» ​មិនមែន​យើង​ទេ។ ​ មួយ​ទៀត ​ប្រសិនបើ​យើង​អាច​បញ្ជា​ឲ្យ​គណនី​ធនាគារ​របស់​យើង​ពេញ​បាន​ ហេតុអ្វី​ ​ចយ ម៉ៃយើ  ​មិន​បញ្ជា​ឲ្យ​គណនី​ធនាគារ​ផ្ទាល់​របស់​គាត់​ពេញ​ ដើម្បី​គាត់​អាច​ឈប់​សុំ​ឲ្យ​មនុស្ស​ផ្ញើ​ប្រាក់​ទៅ​គាត់?]

ចយ ម៉ៃយើ បាន​និយាយ​ថា​ «ហេតុអ្វីបានជា​មនុស្ស​ប្រកែក… នៅពេល​ព្រះ​ហៅ​មនុស្ស​របស់​ទ្រង់​ថា​ជា ​ព្រះ​តូច?»

[គាត់​កំពុង​និយាយ​អំពី​សេចក្ដី​បង្រៀន​ដែល​គ្រូ​ចម្រុងចម្រើន​ចូលចិត្ត​បង្រៀន​ថា ​ព្រះ​បាន​ធ្វើ​ឲ្យ​គ្រីស្ទបរិស័ទ​ទៅ​ជា​ «ព្រះ​តូច» ​ដែល​មានអំណាច​បង្កើត​អ្វីៗ​តាម​ពាក្យ​របស់​យើង។ នេះ​គឺជា​ការ​ប្រមាថ។ ]

ចយ ម៉ៃយើ បាន​និយាយ​ថា​ «ទាល់តែ​អ្នក​អធិស្ឋាន​ ទើប​ព្រះ​អាច​ធ្វើ​ការបាន»។ ​

[ប៉ុន្តែ​ព្រះជាម្ចាស់​មាន​ពេញ​ដោយ​អំណាច​ព្រះចេស្ដា និង​អធិបតេយ្យ​ភាព​បំផុត។ ទ្រង់​អាច​ធ្វើអ្វី​ដែល​ទ្រង់​ចង់​ធ្វើ​ នៅ​ពេលណា​ដែល​ទ្រង់​ចង់​ធ្វើ។ សូម​ស្តាប់​គម្ពីរ​ដានី​យ៉ែល​ ​៤ៈ៣៤-៣៥​៖ ​« …​អំណាច​គ្រប់គ្រង​របស់​ទ្រង់​ស្ថិតស្ថេរ​នៅ​ជា​ដរាប ហើយ​រាជ្យ​ទ្រង់​ក៏​នៅ​អស់​ទាំង​ដំណ​មនុស្ស​ត​រៀង​ទៅ  ឯ​អស់​ទាំង​មនុស្ស​លោក​ក៏​រាប់​ទុក​ជា​ឥត​ការ​ទទេ ទ្រង់​ធ្វើ​តាម​តែ​ព្រះហឫទ័យ​ក្នុង​ពួក​ពល​បរិវារ​នៃ​ស្ថានសួគ៌ ហើយ​នៅ​កណ្តាល​ពួក​មនុស្ស​លោក​ផង ឥត​មាន​អ្នក​ណា​អាច​នឹង​ឃាត់​ទប់​ព្រះហស្ត​ទ្រង់ ឬ​នឹង​ទូល​សួរ​ទ្រង់​ថា <ទ្រង់​ធ្វើ​អ្វី​ដូច្នេះ​បាន​ឡើយ>»]

ចូល អូស្ទីន (Joel Osteen)
លោក ចូល អូស្ទីន បាន​និយាយ​ថា​ «[ព្រះ] បាន​មាន​បន្ទូល​ថា​ <អ័ដាម ​អ្នកណា​ប្រាប់​អ្នក​ថា អ្នក​នៅ​អាក្រាត?> និយាយ​ម្យ៉ាងទៀត ​តើ​អ្នកណា​ប្រាប់​អ្នក​ថា​ មាន​អ្វី​ខុស​នៅក្នុង​អ្នក?…​នោះ​គឺជា​ការ​កុហក​មក​ពី​សត្រូវ អ្នក​ត្រូវ​បដិសេធ​គំនិត​ទាំងនោះ ​ហើយ​ស្វែងយល់​ពី​អ្វី​ដែល​ព្រះ​មាន​បន្ទូល​អំពី​អ្នក»។

[យោង​តាម​ ចូល អូស្ទីន អ័ដាម​ និង​អេវ៉ា​គួរតែ​បដិសេធ​គំនិត​ដែល​ថា​ មាន​អ្វី​ខុស​ចំពោះ​ពួកគាត់ ​បន្ទាប់ពី​ពួកគាត់​បាន​ធ្វើបាប។ ប៉ុន្តែ​ការពិត​ គឺ​មាន​កំហុសឆ្គង​យ៉ាង​ខ្លាំង​ចំពោះ​ពួកគាត់ គឺ​ពួកគាត់​បាន​ចូលរួម​ជាមួយ​សាតាំង​ក្នុង​ការបះបោរ​របស់​វា ហើយ​ឥឡូវនេះ​ពួក​គាត់​ត្រូវ​បាន​កាត់​ផ្តាច់​ពី​ព្រះ​ ហើយ​បាន​បាត់បង់។]

លោក គ្រីស វ៉លលេក (Chris Wallace) នៃ​សារព័ត៌មាន Fox News​ ​បាន​សួរ​លោក ចូល អូស្ទីន ​ថា​ «តើ​ពួក​មរ​មន​ជា គ្រីស្ទ​បរិស័ទ​ពិត​ឬ?» លោក​ អូស្ទីន បាន​និយាយ​ថា​ «ខ្ញុំ​គិត​ថា ពួកគេ​ គឺជា​គ្រីស្ទ​បរិស័ទ​ពិត»។ នៅ​កន្លែង​ផ្សេង​ទៀត​គាត់​បាន​និយាយ​ថា​ «សាសនា​មរមន​ខុសគ្នា​បន្តិចបន្តួច​ ប៉ុន្តែ​ខ្ញុំ​នៅតែ​ឃើញ​ថា ពួកគេ​គឺ​ជា​បងប្អូន​នៅ​ក្នុង​ព្រះ​គ្រីស្ទ»។

[សាសនា​មរមន គឺជា​សាសនា​ខុសគ្នា​ទាំងស្រុង​ ពី​គ្រីស្ទ​សាសនា​ពិត។ សូម​មើល​អត្ថបទ​ពី​សាសនា​មរមន]

នៅ​ក្នុង​បទសម្ភាសន៍​មួយ​ គេ​សួរ​ ចូល អូស្ទីន ​ថា តើ​មនុស្ស​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា​ ហើយ​នៅ​តែ​បន្ត​ប្រព្រឹត្ត​បាប​នោះ​ ​ពួកគេ​នឹង​ត្រូវ​ព្រះ​ទទួល​ឲ្យ​ចូល​ស្ថានសួគ៌​ដែរ​ឬទេ​? ​គាត់​ឆ្លើយ​ថា​ «ខ្ញុំ​ជឿ​ថា ​ពួកគេ​នឹង​បាន​ចូល»។

[ប៉ុន្តែ​តើ​សាវក​ប៉ុល​បាន​និយាយ​អ្វីខ្លះ​ នៅ​ក្នុង​១កូរិនថូស ៦ៈ៩-១១ (KSV)? តើ​យើង​គួរ​ជឿ​ចូល អូស្ទីន ឬ​ជឿ​សាវក​ប៉ុល?]

ចូល អូស្ទីន បាន​និយាយ​ថា «នៅ​ពេល​អ្នក​ក្រីក្រ​ អត់ និង​បាន​ជោគជ័យ​… វា​មិន​នាំមក​នូវ​កិត្តិយស​ដល់​ព្រះ​ទេ … ចូរ​ស្តាប់​ នៅ​ពេល​អ្នកមើល​ទៅ​ល្អ​ ស្លៀកពាក់​ល្អ​ រស់​នៅកន្លែង​ស្អាត​ ពូកែ​ក្នុង​អាជីព​របស់​អ្នក មាន​ចិត្តសប្បុរស​ជាមួយ​អ្នកដទៃ​ នោះ​ហើយ​នាំមក​នូវ​ស្នាម​ញញឹម​ដល់​ព្រះ​ភក្ត្រ​របស់​ព្រះ។ ទ្រង់​រីករាយ​ ដើម្បី​ធ្វើ​ឲ្យ​អ្នក​រីក​ចម្រើន​ឡើង…ព្រះ​យេស៊ូវ​បាន​យាង​មក ​ដើម្បី​យើង​អាច​រស់នៅ​ក្នុង​ជីវិត​បរិបូរណ៍។ យើង​តំណាង​ឲ្យ​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ​នៅ​លើ​ផែនដី​នេះ។ យើង​គួរតែ​ធ្វើជា​គំរូ​នៃ​សេចក្តី​ល្អ​របស់​ទ្រង់៖​ ​មាន​ពរ​ខ្លាំង មាន​ភាព​រុងរឿង​ខ្លាំង មាន​ចិត្តសប្បុរស​ខ្លាំង មាន​អំណរ​ខ្លាំង​ ដែល​ធ្វើ​ឲ្យ​អ្នក​ផ្សេងទៀត​ចង់​បានអ្វី​ដែល​យើង​មាន…»

[ប៉ុន្តែ​ព្រះ​គម្ពីរ​មិនដែល​និយាយ​ថា​ យើង​ទាក់ទាញ​មនុស្ស​ឲ្យ​មករ​ក​ដំណឹង​ល្អ​ នៅ​ពេល​យើង​ «មើលទៅ​ល្អ​ ស្លៀកពាក់​ល្អ​ ហើយ​រស់​នៅកន្លែង​ស្អាត»​នោះ​ទេ។  ​តែ​ផ្ទុយ​ទៅ​វិញ​ គឺ​នៅពេល​ដែល​យើង​រស់នៅ​ក្នុង​ជីវិត​ដែល​មាន​សេចក្តី​ស្រឡាញ់​ ការ​លះបង់​ និង​ការផ្សាយ​ដំណឹង​ល្អ។ សូម​ស្តាប់​សាវក​ប៉ុល​៖ «ដោយ​មាន​កេរ្តិ៍​ឈ្មោះ ហើយ​ត្រូវ​អាប់ឱន ដោយ​គេ​និយាយ​អាក្រក់ ឬ​ល្អ​ក្តី ទុក​ដូច​ជា​មនុស្ស​កំភូត តែ​ពិត​ត្រង់​ទេ ដូច​ជា​គ្មាន​អ្នក​ណា​ស្គាល់​យើង​ខ្ញុំ តែ​មនុស្ស​ទាំង​អស់​បាន​ស្គាល់​វិញ ដូច​ជា​ហៀប​នឹង​ស្លាប់ តែ​មើល យើង​ខ្ញុំ​រស់​ទេ ដូច​ជា​ត្រូវ​វាយផ្ចាល តែ​មិន​បាន​ដល់​ស្លាប់​ទេ ដូច​ជា​មាន​សេចក្តី​ព្រួយ តែ​ចេះ​តែ​បាន​សប្បាយ​វិញ ដូច​ជា​ទ័លក្រ តែ​កំពុង​តែ​ចំរើន​ដល់​មនុស្ស​ជា​ច្រើន ដូច​ជា​គ្មាន​អ្វី​សោះ តែ​មាន​គ្រប់​ទាំង​អស់​វិញ» (២កូរិនថូ​ស ៦ៈ៨-១០)។ ភាព​អំណរ​ក្នុង​ការ​រង​ទុក្ខវេទនា ​គឺជា​ជីវិត​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​រក​ព្រះ​សម័យ​ដំបូង​នៃ​ក្រុមជំនុំ។ ]

លោក ឡារី ឃីង (Larry King) បាន​សួរ​លោក​ ចូល អូស្ទីន ​នៅ​ក្នុង​បទសម្ភាសន៍​តាម​ទូរទស្សន៍​ថា​ តើ​គាត់​ប្រើ​ពាក្យ​ថា ​«មនុស្ស​មាន​បាប» ​នៅ​ក្នុង​ការ​អធិប្បាយ​របស់​គាត់​ទេ។ គាត់​បាន​និយាយ​ថា ​«ខ្ញុំ​មិន​ប្រើ​វា​ទេ​ [ពាក្យ​ថា ​មនុស្ស​មាន​បាប]។ … ប៉ុន្តែ​មនុស្ស​ភាគច្រើន​ដឹង​រួចមក​ហើយ​ថា​ ខ្លួន​កំពុង​ធ្វើអ្វី​ខុស។ នៅ​ពេល​ពួកគេ​មក​ក្រុមជំនុំ ខ្ញុំ​ចង់​ប្រាប់​ពួកគេ​ថា​ អ្នក​អាច​ផ្លាស់ប្ដូរ​បាន»។

[ប៉ុន្តែ​ការ​ប្រាប់​នរណា​ម្នាក់​ថា «អ្នក​អាច​ផ្លាស់ប្ដូរ​បាន» នោះ​មិនមែន​ជា​ដំណឹង​ល្អ​ទេ។ វា​ជា​ដំណឹង​អាក្រក់​ ព្រោះ​យើង​គ្មាន​សមត្ថភាព​ផ្លាស់ប្ដូរ​ទេ។ យើង​ត្រូវការ​ចិត្ត​ថ្មី​តាមរយៈ​ដំណឹង​ល្អ​ អំពី​ការ​សុគត​ និង​ការ​រស់​ឡើងវិញ​របស់​ព្រះ​គ្រីស្ទ។ ហើយ​ផ្នែក​មួយ​នៃ​ដំណឹង​ល្អ​ គឺជា​ដំណឹង​អាក្រក់​ ដែល​យើង​ជា​មនុស្ស​មាន​បាប។]
លោក ចូល អូស្ទីន ​បាន​និយាយ​ថា​ «ព្រះ​បាន​ធ្វើអ្វី​គ្រប់យ៉ាង​ ដែល​ទ្រង់​នឹង​ធ្វើ​រួច​ទៅ​ហើយ។ ឥឡូវនេះ ​បាល់​ស្ថិតនៅ​ខាង​អ្នក​ហើយ។ ប្រសិនបើ​អ្នក​ចង់បាន​ភាព​ជោគជ័យ​ ប្រសិនបើ​អ្នក​ចង់បាន​ប្រាជ្ញា​ បើ​អ្នក​ចង់​មាន​ភាព​ចម្រុងចម្រើន និង​មាន​សុខភាព​ល្អ​ អ្នក​នឹង​ត្រូវធ្វើ​ច្រើនជាង ​ការ​គិត​ ហើយ​ការ​ជឿ។ អ្នក​ត្រូវតែ​ប្រកាស​ពាក្យ​សម្ដី​ដោយ​ក្លាហាន ​នូវ​ពាក្យ​នៃ​ជំនឿ​ និង​ជ័យជំនះ ​លើ​ខ្លួន​អ្នក​ និង​គ្រួសារ​របស់​អ្នក»។

[ដូច​គ្រូ​ចម្រុងចម្រើន​ទាំងអស់​ដែរ​ ចូល អូស្ទីន ​បង្រៀន​ថា​ យើង​អាច​បង្កើត​ភាព​ចម្រុងចម្រើន និង​សុខភាព​ល្អ ដោយ​ការ​និយាយ​ពាក្យ​សំដី​ពិសេស ដូចជា​ព្រះ​បាន​បង្កើត​សកលលោក​ដោយ​ការ​មាន​បន្ទូល​ដែរ។ ]

គ្រូ​ចម្រុងចម្រើន​ផ្សេងៗ
«វា​មិនមែន​ជា​<ជំពូក​ និង​ខ> គ្រប់ពេល​ទេ។ អាម៉ែន? ​ចូរ​មើល​រាងកាយ​របស់​អ្នក​ ហើយ​និយាយ​ថា​ <ខ្ញុំ​ជឿ​ថា​ ខ្ញុំ​មាន​រាងកាយ​មាន​សុខភាព​ល្អ​បំផុត ​អាយុ​ ​៥​០​ឆ្នាំ> ​អ្នក​អាច​និយាយ​ដូច្នេះ​បាន!  ​វា​មិនមែន​ជា​<ជំពូក​ និង​ខ> គ្រប់ពេល​ទេ​…​តើ​អ្នក​ជឿ​​ទេ? ​បើ​អ៊ីចឹង​ ចូរ​ប្រកាស​ទៅ»។ យ៉ូសែប ព្រីនស៍ (Joseph Prince)

«ចូរ​ប្រកាស​ទៅ! ទោះ​អ្នក​មិន​ជឿ​ក៏​ប្រកាស​ចុះ! អ្នកមាន​អាយុ​ហុកសិប​ឆ្នាំ ​ហើយ​អ្នកមើល​ទៅ​ក្នុង​កញ្ចក់ ​ហើយ​ឃើញ​ស្នាម​ជ្រួញ។ តែ​ខ្ញុំ​ឃើញ​អ្នក​គ្មាន​ស្នាម​ជ្រួញ​សោះ! អាម៉ែន? អាម៉ែន!»។ យ៉ូសែប ព្រីនស៍
«នៅ​ពេល​ដែល​ពួកគេ​ចេញ​មក ​ព្រះ​អម្ចាស់​អើយ​ ដើម្បី​សាបព្រោះ​ ព្រះ​វរបិតា​ ដោះលែង​អំណាច​លើ​ពួកគេ​ ​ដើម្បី​យក ដើម្បី​បង្កើត​ ដើម្បី​ទទួល​ភាព​ចម្រុងចម្រើន​ក្នុង​ព្រះនាម​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ»។ យ៉ូសែប ព្រីនស៍

«យើង​គឺ​ជា​ព្រះ​តូច»។ គ្រីហ្វឡូ ដុល្លារ(Creflo Dollar) ខេននែត ហេហ្គិន (Kenneth Hagin) បេននី ហ៊ិន (Benny Hinn) ផឡា ហ្វៃត (Paula White)។ល។
«ព្រះ​យេស៊ូវ​បាន​កើត​ជា​ថ្មី»។ ខេននែត ហេហ្គិន (Kenneth Hagin), ចយ ម៉ៃយើ (Joyce Meyer), ប៊ិល ចនសុន (Bill Johnson), ខេននែត កូពឡាន (Kenneth Copeland)។

«ព្រះ​បាន​យាង​មកពី​ស្ថានសួគ៌​ ហើយ​បាន​ក្លាយ​ជា​មនុស្ស។ [ទ្រង់] បាន​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​ព្រះ​តូចៗ។ [បន្ទាប់មក] ​ទ្រង់​បាន​ត្រឡប់​ទៅ​ស្ថានសួគ៌​វិញ​ក្នុង​ភាព​ជា​មនុស្ស។ ទ្រង់​ប្រឈមមុខ​នឹង​ព្រះ​វរបិតា​ក្នុង​ភាព​ជា​មនុស្ស។ តែ​ខ្ញុំ​ប្រឈមមុខ​នឹង​អារក្ស​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ​… ខ្ញុំ​ជា​មនុស្ស​ព្រះ»។ បេននី ហ៊ិន (Benny Hinn)
«ភាព​ក្រីក្រ​ គឺ​មកពី​អារក្ស​សាតាំង ឯ​ព្រះជាម្ចាស់​ចង់​ឲ្យ​គ្រីស្ទ​បរិស័ទ​ទាំងអស់​មាន​ភាព​ចម្រុងចម្រើន»។   បេននី ហ៊ិន
«ព្រះ​នឹង​មិន​ធ្វើ​អ្វី​ឡើយ លុះត្រាតែ​ខ្ញុំ​និយាយ»។ បេននី ហ៊ិន
«អ្នកណា​ប្រាប់​អ្នក​ឲ្យ​ លះបង់​ខ្លួន​ឯង​ ​គឺ​មកពី​សាតាំង»។ ​ផឡា ហ្វៃត (Paula White)

[ប៉ុន្តែ​ព្រះ​យេស៊ូវ​ទ្រង់​មាន​បន្ទូល​ថា​ «បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ នោះ​ត្រូវ​ឲ្យ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល​ចេញ ហើយ​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​ចុះ» (ម៉ាថាយ ១៦ៈ២៤)]

«ខ្ញុំ​ចង់​ឲ្យ​ ​អ្នក​បាន​ឮ​ពី​ព្រះ។ អ្នក​នឹង​សរសេរ​មូលប្បទានប័ត្រ​របស់​អ្នក​ទៅ​ឲ្យ​ក្រុម​ ផឡា ហ្វៃត (Paula White)។ ប្រសិនបើ​ព្រះ​ប្រាប់​អ្នក​ឲ្យ​ផ្តល់ ១២.៩៩ ដុល្លារ ​ធ្វើ​វា​ចុះ។ អ្វី​ក៏ដោយ​ដែល​ព្រះវិញ្ញាណបរិសុទ្ធ​មាន​បន្ទូល​មកកាន់​អ្នក»។ ផឡា ហ្វៃត

«មាន​អំណាច​នៃ​ការ​បង្កើត​នៅ​ក្នុង​មាត់​របស់​អ្នក​ឥឡូវនេះ​ ​ព្រះ​បាន​មាន​បន្ទូល ហើយ​បង្កើត​សកលលោក។ អ្នក​ក៏​មាន​អំណាច ដើម្បី​និយាយ​និង​បង្កើត​ជីវិត​ និង​សេចក្តី​ស្លាប់​បាន! បើ​អ្នក​ជឿ​លើ​ព្រះ​ អ្នក​អាច​បង្កើត​អ្វីៗ​នៅ​ក្នុង​ជីវិត​របស់​អ្នក​បាន»។ ផឡា ហ្វៃត

[ប្រសិន​បើ​នេះ​ជា​ការពិត ហេតុអ្វី​បាន​ជា ផឡា ហ្វៃត នៅ​តែ​សុំ​ឲ្យ​មនុស្ស​ផ្ញើ​ប្រាក់​ដង្វាយ​ទៅ​គាត់?]
«ខ្ញុំ​ចង់​ឲ្យ​ ​អ្នកដឹង​អ្វីមួយ៖ អ័ដាម​នៅ​ក្នុង​សួន​អេដែន គឺជា​ព្រះ​ជា​ម្ចាស់​ដែល​សម្ដែង​ក្នុង​ភាពជា​សាច់ឈាម»។  «អ័ដាម​គឺ​ដូចជា​ព្រះ…ដូចគ្នា​នឹង​ព្រះ​យេស៊ូវ​​ដែរ​ នៅ​ពេល​ទ្រង់​មក​ផែនដី» ខេននែត កូពឡាន (Kenneth Copeland)។

«ការ​សុគត​របស់​ព្រះ​យេស៊ូវ​នៅ​លើ​ឈើឆ្កាង​ មិន​គ្រប់គ្រាន់​ដើម្បី​សង្គ្រោះ​យើង​ទេ»។ ខេននែត កូពឡាន
—ការ​ដកស្រង់​មក​ពី (http://www.letusreason.org/Wf23.htm)

ធនធាន​ដែល​គួរ​ទុកចិត្ត៖
plovpit.com/the-heretical-teaching-of-joseph-prince/
plovpit.com/prosperity-gospel/
www.youtube.com/watch?v=oiCMNT2JrE4&t=143s

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

​បើ​ព្រះ​ជាម្ចាស់​មិន​មាន​អធិបតេយ្យ​ភាព

ព្រះជាម្ចាស់ទ្រង់ជ្រាប