in

ស្រឡាញ់ស្រឡាញ់

ដើម្បី​ធ្វើ​ជា​ថ្លៃ​លោះ​ជំនួស​មនុស្ស

ដ្បិត​កូន​មនុស្ស​ក៏​បាន​មក មិន​មែន​ឲ្យ​គេ​បម្រើ​លោក​ទេ គឺ​មក​ដើម្បី​បម្រើ​
គេ​វិញ ទាំង​ប្រគល់​ជីវិត​ខ្លួន ជា​ថ្លៃ​លោះ​ដល់​មនុស្ស​ជា​ច្រើន។
(ម៉ាកុស ១០:៤៥ គកស)

ព្រះ​គម្ពីរ​មិន​ដែល​ចែង​ថា ដើម្បី​ឲ្យ​មនុស្ស​មាន​បាប​បាន​សង្គ្រោះ លុះ​ត្រា​តែ​ព្រះ​ជាម្ចាស់​បង់​ថ្លៃ​ឲ្យ​សាតាំង​ជា​មុន​នោះ​ទេ។ ពេល​ដែល​ព្រះ​គ្រីស្ទ​សុគត នោះ​មិន​មែន​ជា​ថ្លៃ​ដែល​ទ្រង់​ត្រូវ​បង់​ឲ្យ​សាតាំង​នោះ​ទេ តែ​នោះ​ជា​ជ័យជម្នះ​ដែល​ទ្រង់​មាន​លើ​សាតាំង​ទៅ​វិញ។ ព្រះ​រាជបុត្រា​របស់​ព្រះ​ជាម្ចាស់​បាន​យក​កំណើត​ជា​មនុស្ស «…ដើម្បី​ឲ្យ​ទ្រង់​បាន​បំផ្លាញ​អា​នោះ ដែល​មាន​អំណាច​លើ​សេចក្តី​ស្លាប់ គឺ​ជា​អារក្ស ដោយ​ទ្រង់​សុគត» (ហេព្រើរ ២:១៤)។ ដូច្នេះ ការ​បង់​ថ្លៃ​នោះ​មិន​មែន​ជា​ការ​ចរចា​រវាង​ព្រះ​ជាម្ចាស់ និង​សាតាំង​នោះ​ទេ។

នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា ទ្រង់​យាង​មក​ដើម្បី «ប្រគល់​ជីវិត​ខ្លួន ជា​ថ្លៃ​លោះ» នោះ​ទ្រង់​មិន​ផ្ដោត​សំខាន់​ថា អ្នក​ណា​នឹង​ទទួល​ថ្លៃ​លោះ​នោះ​ទេ។ ការ​ដែល​ទ្រង់​ផ្ដោត​សំខាន់​នោះ​គឺ ការ​បង់​ព្រះ​ជន្ម​ផ្ទាល់​របស់​ទ្រង់​ទុក​ជា​ថ្លៃ​លោះ និង​ផ្ដោត​លើ​សេរីភាព​ក្នុង​ការ​បម្រើ​អ្នកដទៃ​ជា​ជាង​ឲ្យ​អ្នកដទៃ​មក​បម្រើ​ទ្រង់ ព្រម​ទាំង​ផ្ដោត​លើ «មនុស្ស​ជា​ច្រើន» ដែល​នឹង​ទទួល​ព្រះ​ពរ​ពី​ថ្លៃ​លោះ​របស់​ទ្រង់។

ប្រសិនបើ​យើង​សួរ​ថា តើ​អ្នក​ណា​ជា​អ្នក​ទទួល​យក​តម្លៃ​នៃ​ថ្លៃ​លោះ​នោះ? ព្រះ​គម្ពីរ​បាន​ផ្ដល់​ចម្លើយ​យ៉ាង​ច្បាស់​ថា ព្រះ​ជាម្ចាស់​ជា​អង្គ​ទទួល​យក​តម្លៃ​នៃ​ថ្លៃ​លោះ​នោះ។ ព្រះ​គម្ពីរ​ចែង​ថា ព្រះ​គ្រីស្ទ «…ប្រគល់​ព្រះ​អង្គ​ទ្រង់​ជំនួស​យើង​ផង ទុក​ជា​តង្វាយ…ថ្វាយ​ដល់​ព្រះ» (អេភេសូរ ៥:២)។ ព្រះ​គ្រីស្ទ «…បាន​ថ្វាយ​ព្រះ​អង្គ​ទ្រង់ ឥត​សៅហ្មង ដល់​ព្រះ​ជាម្ចាស់…» (ហេព្រើរ ៩:១៤)។ តម្រូវ​ការ​ទាំង​មូល​របស់​យើង​គឺ យើង​ត្រូវ​ការ​អ្នក​ជំនួស​ម្នាក់ ដើម្បី​ស្លាប់​ជួស​យើង ពីព្រោះ​យើង​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អ​របស់​ព្រះ​ជាម្ចាស់ (រ៉ូម ៣:២៣)។ ហើយ​ដោយ​សារ​តែ​អំពើ​បាប​របស់​យើង​នោះ​ឯង​បាន​ជា «…លោកីយ៍​ទាំង​មូល​ជាប់​មាន​ទោស​នៅ​ចំពោះ​ព្រះ» (រ៉ូម ៣:១៩)។ ដូច្នេះ នៅ​ពេល​ដែល​ព្រះ​គ្រីស្ទ​ថ្វាយ​ជីវិត​ទុក​ជា​ថ្លៃ​លោះ​ជំនួស​យើង ព្រះ​គម្ពីរ​ចែង​ថា​យើង​បាន​រួចពី​ការ​ដាក់​ទោស​របស់​ព្រះ​ជាម្ចាស់​ហើយ។ «ហេតុ​នោះ នៅ​ជាន់​នេះ អ្នក​ណា​ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ នោះ​គ្មាន​ទោស​សោះ» (រ៉ូម ៨:១)។ ការ​រំដោះ​ដ៏​សំខាន់​បំផុត​ដែល​យើង​ត្រូវ​ការ​នោះ​គឺការ​រំដោះ​ជា​លើក​ចុង​ក្រោយ​ពី «សេចក្ដី​ជំនុំជំរះ​របស់​ព្រះ» (រ៉ូម ២:២, វិវរណៈ ១៤:៧)។

ព្រះ​ជន្ម​របស់​ព្រះ​គ្រីស្ទ គឺ​ជា​តម្លៃ​ថ្លៃ​លោះ​នៃ​ការ​រំដោះ​យើង​ឲ្យ​រួច​ពី​សេចក្តី​ជំនុំជំរះ​របស់​ព្រះ​ជាម្ចាស់។ ព្រះ​ជាម្ចាស់​មិន​មែន​ត្រឹម​តែ​តម្រូវ​ឲ្យ​ព្រះ​យេស៊ូវ​មាន​ព្រះ​ជន្ម​គង់​នៅ​លើ​ផែនដី​នេះ​តែ​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​ទ្រង់​ថែម​ទាំង​តម្រូវ​ឲ្យ​ព្រះ​យេស៊ូវ​សុគត​ទៀត​ផង។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ម្ដង​ហើយ​ម្ដង​ទៀត​ទៅ​កាន់​សិស្ស​របស់​ទ្រង់​ថា «កូន​មនុស្ស​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់ដៃ​នៃ​មនុស្សលោក គេ​នឹង​សម្លាប់​លោក» (ម៉ាកុស ៩:៣១)។ តាម​ពិត ហេតុ​ផល​មួយ​ក្នុង​ចំណោម​ហេតុផល​ដទៃ​ទៀត​ដែល​ព្រះ​យេស៊ូវ​សព្វ​ព្រះ​ហឫទ័យ​ហៅ​ខ្លួន​ព្រះ​អង្គ​ថា «កូន​មនុស្ស» ព្រោះ​ងារ​នោះ​បង្ហាញ​ថា ជីវិត​ទ្រង់​នឹង​ត្រូវ​ស្លាប់ (ងារ​នេះ​មាន​ជាង​៦៥​ដង​នៅ​ក្នុង​កណ្ឌ​ដំណឹង​ល្អ)។ មនុស្ស​យើង​គេច​មិន​ផុត​ពី​សេចក្ដី​ស្លាប់​ឡើយ! ដូច្នេះ ទ្រង់​ក៏​ជា​អង្គ​ម្នាក់​ដែរ ពីព្រោះ​ទ្រង់​បាន​យក​រូបភាព​ជា​មនុស្ស។ ហើយ​មាន​តែ «កូន​មនុស្ស» ប៉ុណ្ណោះ​ដែល​អាច​បង់​ថ្លៃ​លោះ​ឲ្យ​បាន ព្រោះ​ការ​បង់​ថ្លៃ​លោះ​អាច​សម្រេច​បាន​តាម​រយៈ​ការ​ស្លាប់​របស់​ព្រះ​គ្រីស្ទ។

មិន​មាន​អ្នកណា​​មួយ​បង្ខ​ំព្រះ​យេស៊ូវ​ឲ្យ​បង់​ថ្លៃ​លោះ​ជំនួស​យើង​នោះ​ទេ។ ឃ្លា​ខាង​លើ​នេះ​បង្ហាញ​ថា «…កូន​មនុស្ស​ក៏​បាន​មក មិន​មែន​ឲ្យ​គេ​បម្រើ​លោក​ទេ គឺ​មក​ដើម្បី​បម្រើ​គេ​វិញ ទាំង​ប្រគល់​ជីវិត​ខ្លួន ជា​ថ្លៃ​លោះ​ដល់​មនុស្ស​ជា​ច្រើន» (ម៉ាកុស ១០:៤៥ គកស)។ ទ្រង់​មិន​ត្រូវការ​ការ​បម្រើ​ពី​យើង​នោះ​ទេ។ ទ្រង់​គឺ​ជា​អ្នក​ឲ្យ មិន​មែន​ជា​អ្នក​ទទួល​នោះ​ទេ។ «គ្មាន​អ្នក​ណា​ដក​យក​ជីវិត​ពី​ខ្ញុំ​បាន​ទេ គឺ​ខ្ញុំ​ដាក់​ជីវិត​ចុះ​ដោយ​ខ្លួន​ខ្ញុំ…» (យ៉ូហាន ១០:១៨)។ ព្រះ​យេស៊ូវ​បាន​បង់​ថ្លៃ​លោះ​ដោយ​ស្ម័គ្រ​ព្រះ​ហឫទ័យ មិន​មែន​ជា​ការ​បង្ខិត​បង្ខំ​​នោះ​ទេ។ ការ​បង់​ថ្លៃ​នេះ​នាំ​យើង​ឲ្យ​ស្គាល់​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ម្ដង​ទៀត។ ទ្រង់​បាន​សង្គ្រោះ​យើង​ដោយ​ស្ម័គ្រ​ពី​ព្រះ​ហឫទ័យ ទោះ​បើ​ទ្រង់​ត្រូវ​លះបង់​ព្រះ​ជន្ម​ក៏​ដោយ។

តើ​ព្រះ​គ្រីស្ទ​បាន​សង​ថ្លៃ​លោះ​ដ៏​មាន​ប្រសិទ្ធភាព​ជំនួស​អំពើ​បាប​របស់​មនុស្ស​ប៉ុន្មាន​នាក់? ទ្រង់​បាន​មាន​បន្ទូល​ថា ខ្ញុំ​បាន​មក​ដើម្បី «ប្រគល់​ជីវិត​ខ្លួន ជា​ថ្លៃ​លោះ​ដល់​មនុស្ស​ជា​ច្រើន» (ម៉ាកុស ១០:៤៥ គកស)។ ប៉ុន្តែ​មិន​មែន​គ្រប់​គ្នា​នឹង​ទទួល​ការ​ប្រោសលោះ​ចេញ​ពី​សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់​នោះ​ទេ។ តែ​ព្រះ​យេស៊ូវ​បាន​អញ្ជើញ​មនុស្ស​គ្រប់ៗ​គ្នា​មក​ទទួល​យក​ការ​ប្រោស​លោះ​នោះ។ កណ្ឌ​គម្ពីរ ១ធីម៉ូថេ ២:៥-៦ ចែង​ថា «ពីព្រោះ​មាន​ព្រះ​តែ១…នៅ​កណ្តាល​ព្រះ និង​មនុស្ស គឺ​ជា​មនុស្ស​ដ៏​ជា​ព្រះ​គ្រីស្ទ​យេស៊ូវ​នោះ ទ្រង់​បាន​ថ្វាយ​ព្រះ​អង្គ​ទ្រង់ ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ទាំង​អស់…»។ អ្នក​ណា​ក៏​អាច​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ដែរ ប្រសិនបើ​ពួក​គេ​ទទួល​យក​​ការ​ប្រោសលោះ​ដែល​ជា​សម្បត្តិ​ពី​ព្រះ​គ្រីស្ទ។

ដកស្រង់ចេញពីសៀវភៅ «ហេតុផលហាសិបដែលព្រះគ្រីស្ទយាងមកសុគត» និពន្ធដោយ៖ លោកគ្រូ ចន ផាភ័រ រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ ចន ផាភ័រ ប្រើដោយការអនុញ្ញាត
image_pdfទាញ​យក​ជា PDF

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ប្រ​សិ​ន​បើ​ព្រះ​…

ផ្តល​់​អត្ថន័យ​