១. ការឆ្លើយតបនៃទុក្ខព្រួយយ៉ាងជ្រាលជ្រៅ
នៅពេលយើងអានអំពីសាសនាខុសឆ្គងទាំងនេះ យើងត្រូវយំសោក។ យើងត្រូវយំសោកសម្រាប់មនុស្សទាំងអស់ដែលត្រូវបានបញ្ឆោត ដោយអ្នកដឹកនាំសាសនា ដែលនិយាយកុហកទាំងនេះ។ យើងត្រូវតែស្រក់ទឹកភ្នែកសម្រាប់ស្ត្រីទាំងអស់ដែលត្រូវបានគេបោកបញ្ឆោត និងរំលោភបំពាន ដោយបុរសឃោរឃៅនៃសាសនាទាំងនេះ។ យើងត្រូវយំសោកសម្រាប់មនុស្សទាំងអស់ ដែលត្រូវបានគេយកធ្វើជាទាសករ ដើម្បីរកលុយឲ្យមេដឹកនាំ ដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភទាំងនេះ។
យើងគួរមានអារម្មណ៍អាណិតអាសូរយ៉ាងខ្លាំងសម្រាប់អ្នកដែលចាញ់បោក និងចូលក្រុមខុសឆ្គងនេះ ហើយយើងត្រូវមានបំណងចង់ប្រកាសដំណឹងល្អពិតដល់ «ចៀមដែលគ្មានអ្នកគង្វាល» ដើម្បីឲ្យពួកគេអាចរួចផុតពីការកុហករបស់សាតាំង។
ហើយយើងគួរតែទួញសោកដែលព្រះនាមដ៏រុងរឿងរបស់ព្រះនៃយើង ត្រូវបានគេប្រមាថ ហើយលក្ខណៈបរិសុទ្ធរបស់ទ្រង់ត្រូវបានគេបំភ្លៃ និងបដិសេធ។ ទោះជាយ៉ាងណាក៏ដោយសេចក្ដីពិតរបស់ព្រះ នឹងឈ្នះលើការកុហក។ ថ្ងៃណាមួយ «គ្រប់ទាំងអណ្តាត[នឹង]ថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះអម្ចាស់ សំរាប់ជាសិរីល្អដល់ព្រះដ៏ជាព្រះវរបិតា» (ភីលីព ២ៈ១១)។
២. ការឆ្លើយតបនៃការប្រុងប្រយ័ត្ន
យើងគួរតែមានសេចក្តីស្រឡាញ់យ៉ាងខ្លាំង ចំពោះហ្វូងចៀមរបស់យើង ដោយយើងសុខចិត្តធ្វើអ្វីដែលយើងអាចធ្វើបាន ដើម្បីការពារពួកគេពីចចកពាក់រោមចៀមទាំងនេះ។ នេះគឺជាហេតុផលចម្បងដែលខ្ញុំបានសរសេរសៀវភៅនេះឡើង ដើម្បីជួយអ្នកការពារហ្វូងចៀមពីឆ្កែចចក។
យើងត្រូវតែស្រឡាញ់ហ្វូងចៀមរបស់យើងយ៉ាងខ្លាំង ដោយយើងត្រូវហ៊ានប្រាប់ពួកខុសឆ្គង ឲ្យឈប់រំខានដល់ចៀមរបស់យើង។ យើងត្រូវតែប្រឈមមុខប្រឆាំងនឹងអ្នកដែលចង់បំផ្លាញជំនឿរបស់បងប្អូនយើង។
គ្រូគង្វាលខ្លះមានការគួរសម និងសុភាពរាបសារពេក ដើម្បីការពារចៀមរបស់ពួកគេតាមរបៀបនេះ។ ប៉ុន្តែប្រសិនបើនរណាម្នាក់ ព្យាយាមឲ្យថ្នាំពុលដល់កូនរបស់ពួកគេ ពួកគេប្រាកដជាធ្វើអ្វីមួយមិនខាន! ដូចគ្នានេះដែរ យើងដែលជាអ្នកដឹកនាំក្រុមជំនុំ មិនត្រូវទន់ខ្សោយពេក ដែលធ្វើឲ្យយើងមិនបានប្រឆាំងចំពោះមនុស្សទាំងនេះ ដែលចង់ដាក់ថ្នាំពុលក្នុងក្រុមជំនុំរបស់យើង។
៣. ការឆ្លើយតបនៃសេចក្តីស្រឡាញ់ និងការផ្សាយដំណឹងល្អ
តាមដែលខ្ញុំដឹង គ្មានស្ថាបនិកនៃក្រុមខុសឆ្គងណាមួយ ដែលធ្លាប់ប្រែចិត្ត ហើយងាកមករកព្រះយេស៊ូវពិតវិញនោះទេ។ ក៏ប៉ុន្តែសមាជិកនៃក្រុមខុសឆ្គងរាប់ម៉ឺននាក់ បានឮដំណឹងល្អ ឬអានព្រះគម្ពីរ ហើយបានងាកត្រឡប់ទៅរកព្រះគ្រីស្ទពិតវិញ។ អ្នកផ្សព្វផ្សាយរបស់ក្រុមខុសឆ្គងភាគច្រើននឹងមិនស្តាប់អ្នកទេ សូម្បីតែ១០វិនាទី។ ពួកគេនឹងនិយាយកាត់អ្នក ហើយបន្តបង្ហាញការទន្ទេញចងចាំរបស់ពួកគេ។ ប្រសិនបើរឿងនោះកើតឡើងចំពោះអ្នក អ្នកត្រូវតែបញ្ចប់ការសន្ទនា ដោយសុភាពរាបសា ហើយឲ្យគ្រូខុសឆ្គងនោះចេញពីផ្ទះរបស់អ្នក។ ប៉ុន្តែម្តងម្កាលពួកខុសឆ្គងនឹងស្តាប់ដោយគោរព នូវដំណឹងល្អដែលអ្នកចែករំលែក។ ដំណឹងល្អដ៏ពិតរបស់ព្រះយេស៊ូវពិត មានអំណាចខ្លាំងណាស់។
៤. ការឆ្លើយតបដោយអធិស្ឋានសម្រាប់សេចក្ដីយុត្តិធម៌
គ្រូក្លែងក្លាយនឹងគេចមិនផុតពីការជំនុំជម្រះរបស់ព្រះជាម្ចាស់ឡើយ។ យើងដឹងថា នៅពេលដែលព្រះយេស៊ូវគ្រីស្ទយាងមកវិញ ទ្រង់នឹងវិនិច្ឆ័យគ្រូក្លែងក្លាយទាំងអស់ ដោយយុត្តិធម៌ពេញលេញ។ ទ្រង់នឹងជំនុំជម្រះពួកគេ ពីការប្រមាថមើលងាយ ការកុហក អំពើអសីលធម៌ ការស្រឡាញ់ប្រាក់ ការរំលោភបំពាន និងការធ្វើបាបអ្នកដទៃរបស់ពួកគេ។ «រួចអារក្សដែលនាំគេឲ្យវង្វេង បានត្រូវបោះទៅក្នុងបឹង ដែលឆេះជាភ្លើង និងស្ពាន់ធ័រ ជាកន្លែងដែលសត្វនោះ និងហោរាក្លែងក្លាយនៅហើយ នោះវារាល់គ្នាត្រូវរងទុក្ខវេទនាទាំងយប់ទាំងថ្ងៃ នៅអស់កល្បជានិច្ចរៀងរាបតទៅ» វិវរណៈ ២០ៈ១០។
សូមស្តាប់ពាក្យសម្ដីវិនិច្ឆ័យដ៏ធ្ងន់របស់សាវកពេត្រុស ប្រឆាំងនឹងគ្រូក្លែងក្លាយ នៅក្នុង ២ពេត្រុស ២ៈ១-១៥។ សូមសម្គាល់ការពីរយ៉ាងក្នុងវគ្គនេះ៖ ១. សូមសម្គាល់ពាក្យជំនុំជម្រះយ៉ាងច្រើនដែលខ្ញុំបានបញ្ជាក់ ក្នុងអក្សរក្រាស់។ ២. សូមសម្គាល់ពាក្យដែលសំដៅទៅអំពើអសីលធម៌ ការស្រឡាញ់ប្រាក់ ការបោកបញ្ឆោត ការប្រមាថ និងការអួតខ្លួនរបស់ក្រុមខុសឆ្គង។ ខ្ញុំបានបញ្ជាក់ពាក្យនោះដោយដាក់បន្ទាត់ពីក្រោម។
«តែកាលពីដើម មានហោរាក្លែងក្លាយ នៅក្នុងពួកជន ដូចជានឹងមានគ្រូក្លែងក្លាយក្នុងពួកអ្នករាល់គ្នាដែរ គេនឹងលួចនាំបញ្ចូលបក្សពួកដែលបង្ខូចបំផ្លាញ គេមិនព្រមស្គាល់ព្រះដ៏ជាម្ចាស់ ដែលបានលោះគេនោះឡើយ ក៏នាំសេចក្តីវិនាសដ៏ឆាប់រហ័សឲ្យមកលើខ្លួនផង ២ នឹងមានមនុស្សជាច្រើនទៅតាមផ្លូវវិនាសរបស់គេ នោះផ្លូវពិតនឹងត្រូវសេចក្តីប្រមាថមើលងាយ ដោយព្រោះគេដែរ ៣ ហើយដោយគេមានចិត្តលោភ នោះគេនឹងប្រើអ្នករាល់គ្នាឲ្យបានចំណេញ ដោយពោលពាក្យបញ្ឆោតបំពោត តែតាំងពីយូរមកហើយ សេចក្តីជំនុំជំរះគេមិននៅស្ងៀមស្ងាត់ទេ ហើយសេចក្តីហិនវិនាសរបស់គេក៏មិនងុយងោកដែរ …
ពួកព្រហើន មានក្បាលរឹង ដែលមិនខ្លាចនឹងជេរប្រមាថដល់ទាំងពួកប្រសើរឧត្តមផង ១១ ដែលពួកទេវតាដ៏មានកំឡាំង មានឫទ្ធិលើសជាងគេទៅទៀត ក៏មិនហ៊ានប្រមាថដល់ពួកនោះ នៅចំពោះព្រះអម្ចាស់ឡើយ ១២ តែដោយព្រោះគេជេរប្រមាថដល់ការដែលគេមិនស្គាល់ នោះគេនឹងត្រូវវិនាសបាត់ក្នុងការខូចអាក្រក់របស់គេអស់រលីង ដូចជាសត្វតិរច្ឆាន ដែលកើតមកសំរាប់តែឲ្យគេចាប់ ហើយកាប់សំឡាប់ប៉ុណ្ណោះដែរ ១៣ គេហៀបនឹងទទួលរង្វាន់នៃការទុច្ចរិត គេជាពួកអ្នកដែលរាប់ការស្រើបស្រាលនៅពេលថ្ងៃ ទុកជាការត្រេកអរសប្បាយ គេជាស្នាមប្រឡាក់ ហើយជាសេចក្តីស្មោកគ្រោក គេត្រេកអរដោយសេចក្តីបញ្ឆោតរបស់ខ្លួន ក្នុងពេលកំពុងដែលគេស៊ីលៀងជាមួយនឹងអ្នករាល់គ្នា ១៤ គេមានចិត្តនឹកឃើញតែស្រីសំផឹង គេមិនចេះលែងធ្វើបាបឡើយ ក៏បិទនុយចាប់ព្រលឹងមនុស្សដែលមិនខ្ជាប់ខ្ជួន ហើយមានចិត្តធ្លាប់ខាងឯសេចក្តីលោភ គឺជាមនុស្សដែលត្រូវបណ្តាសា ១៥ គេបានបោះបង់ចោលផ្លូវទៀងត្រង់ ហើយវង្វេងទៅតាមផ្លូវរបស់ហោរាបាឡាមជាកូនបេអ៊រ ដែលស្រឡាញ់កំរៃនៃការទុច្ចរិត»។
ទាំងនេះគឺជាពាក្យធ្ងន់ៗ ប៉ុន្តែមនុស្សដែលនាំអ្នកដទៃ ទៅស្ថាននរកតាមរយៈការកុហក និងការបោកប្រាស់ សមនឹងទទួលបានការជំនុំជម្រះបែបនេះ។
៥. ការឆ្លើយតបនៃការជ្រកនៅក្រោមក្រុមជំនុំ
ចូរចាំថា ការការពារគ្រីស្ទបរិស័ទពីក្រុមខុសឆ្គង ជារឿងក្រុមគ្រួសារ ខ្ញុំនិយាយពីក្រុមជំនុំ។ អ្នកមិនអាចយកឈ្នះលើការបង្រៀនក្លែងក្លាយដោយខ្លួនឯងបានទេ។ ព្រះគ្រីស្ទមិនបានទិញអ្នកដោយព្រះលោហិតរបស់ទ្រង់ផ្ទាល់ ដើម្បីឲ្យអ្នកក្លាយជាគ្រីស្ទបរិស័ទម្នាក់ឯង ឬដើម្បីឲ្យអ្នកចេញពីក្រុមជំនុំមួយទៅក្រុមជំនុំមួយ ដោយគ្មានសមាជិកភាពច្បាស់លាស់នោះទេ។ ព្រះគ្រីស្ទបានទិញអ្នកដោយព្រះលោហិតរបស់ទ្រង់ ដើម្បីអ្នកនឹងក្លាយជាសមាជិកដ៏ច្បាស់លាស់នៃក្រុមជំនុំមួយ គឺក្រុមជំនុំដែលផ្សាយដំណឹងល្អច្បាស់លាស់ ហើយយកចិត្តទុកដាក់ចំពោះព្រលឹងរបស់អ្នក។ ប្រសិនបើអ្នកជាមនុស្សដែលចេះតែចេញពីក្រុមជំនុំមួយទៅក្រុមជំនុំមួយ នោះអ្នកងាយនឹងចាញ់បោកក្រុមខុសឆ្គង ព្រោះក្រុមជំនុំនីមួយៗដែលអ្នកចូលរួមនោះ គិតថា ក្រុមជំនុំមួយផ្សេងទៀតទទួលខុសត្រូវចំពោះអ្នក តែការពិត គ្មានក្រុមជំនុំណាមួយថែរក្សាអ្នកសោះ។ ការនេះបង្កើតស្ថានភាពគ្រោះថ្នាក់សម្រាប់អ្នក ព្រោះអ្នកគ្មានឆ័ត្រការពារ។
ឧទាហរណ៍៖ គ្រីស្ទបរិស័ទម្នាក់នៅកម្ពុជា គាត់មិនមានសមាជិកភាពក្រុមជំនុំណាមួយច្បាស់លាស់ទេ គឺតែងទៅពីក្រុមជំនុំមួយទៅក្រុមជំនុំមួយតាមចិត្តគាត់។ នៅពេលដែលគ្រូបង្រៀន ខាង អាន់ សាំងហុង ទៅដល់ផ្ទះគាត់ ដោយកាន់គម្ពីរ គាត់ចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះគាត់ជាមនុស្សដែលស្រឡាញ់ព្រះគម្ពីរ។ មុនដំបូងគេបង្រៀនគាត់ យ៉ាងខ្លាំងអំពីថ្ងៃឈប់សម្រាកនៅថ្ងៃទីប្រាំពីរ(មុខពូថៅ) ហើយពួកគេបានដាក់សម្ពាធលើគាត់ ឲ្យទទួលបុណ្យជ្រមុជទឹក ចូលក្រុមរបស់ពួកគេ។ ចុងក្រោយគាត់បានយល់ព្រមទទួល។ ក្រោយគាត់ទទួលបុណ្យជ្រមុជទឹកភ្លាម គេចាប់ផ្តើមនិយាយ អំពី «ព្រះគ្រីស្ទ អាន់ សាំងហុង» និង «ព្រះមាតា» (ខ្នងពូថៅ)។ គាត់បានសួរថា «តើអ្នកកំពុងនិយាយអំពីអ្នកណា?»។ គ្រូក្លែងក្លាយបានលាក់ព័ត៌មាននេះពីគាត់ ព្រោះពួកគេដឹងថា គាត់នឹងមិនទទួលទេ បើគាត់ដឹងពីដំបូង។ អរគុណព្រះអង្គ ដែលគាត់ដឹងភ្លាមថា គាត់បានចូលរួមក្នុងក្រុមខុសឆ្គង ហើយគាត់បានប្រាប់ពួកគេឲ្យចេញទៅវិញភ្លាម ហើយកុំត្រឡប់មកវិញអី។ ហេតុអ្វីបានជាគ្រីស្ទបរិស័ទមាំបែបនេះ បានចាញ់ក្រុមខុសឆ្គងនេះ? ដោយសារតែគាត់មិនមានសមាជិកភាព និងការចូលរួមច្បាស់លាស់ក្នុងក្រុមជំនុំមួយ ដែលនឹងថែរក្សាព្រលឹងរបស់គាត់។ ក្រុមជំនុំ នីមួយៗដែលគាត់បានចូលរួម ស្មានថា ក្រុមជំនុំផ្សេងទៀត មានទំនួលខុសត្រូវខាងព្រលឹងវិញ្ញាណលើគាត់។ ឥឡូវគាត់បានដឹងខ្លួនថា គាត់បានធ្វើខុស ហើយបានក្លាយជាសមាជិកទៀងទាត់នៃក្នុងក្រុមជំនុំមួយ ដែលអ្នកដឹកនាំស្មោះត្រង់ អាចថែរក្សាព្រលឹងគាត់ និងការពារគាត់។
សាវ័កយ៉ូហានបានបង្រៀនយើងថា ពួកជំនុំជាក្រុមគ្រួសារ ដែលជួយយើង យកឈ្នះលើ គ្រូក្លែងក្លាយ។ វិធីតែមួយគត់ដែលយើងទាំងអស់គ្នាអាចទទួលបានជ័យជំនះ លើក្រុមខុសឆ្គងទាំងនេះ គឺចុះចូល ដោយបន្ទាបខ្លួនចំពោះក្រុមជំនុំមួយ ដែលជឿ និងបង្រៀនគ្រីស្ទសាសនាពិត នោះគឺជាជំនឿនៃព្រះគ្រីស្ទ និងពួកសាវក។
៦. ការឆ្លើយតបនៃចិត្តអរគុណយ៉ាងជ្រាលជ្រៅចំពោះដំណឹងល្អពិត
នៅពេលដែលយើងសិក្សាអស់ទាំងដំណឹងល្អក្លែងក្លាយនេះ ហើយរបៀបដែលគ្រូក្លែងក្លាយបន្ថែមបន្ទុកហើយបន្ថែមទៀតទៅលើស្មារបស់អ្នកដែលចាញ់បោកនោះ យើងត្រូវឆ្លើយតបដោយអំណរគុណយ៉ាងខ្លាំងដល់ព្រះជាម្ចាស់ ចំពោះដំណឹងល្អពិត ដែលដកយកបន្ទុកទាំងអស់ ហើយរំដោះយើងឲ្យមានសេរីភាពវិញ។
អធិស្ឋានបិទ៖
ឱព្រះយេស៊ូវ ជាមេនៃអ្នកគង្វាលហ្វូងចៀមអើយ ទ្រង់បានលះបង់ជីវិតរបស់ទ្រង់សម្រាប់យើងខ្ញុំ សូមទ្រង់ជួយឲ្យយើងខ្ញុំលះបង់ជីវិត សម្រាប់គ្រួសារ និងក្រុមជំនុំរបស់យើងខ្ញុំដែរ។
ឱព្រះវិញ្ញាណបរិសុទ្ធអើយ សូមទ្រង់ប្រទានឲ្យយើងខ្ញុំនូវភាពក្លាហាន ប្រាជ្ញា និងសេចក្តីស្រឡាញ់ ដើម្បីប្រឈមមុខទាស់នឹងសាសនាក្លែងក្លាយទាំងនេះ ដែលចង់លួចអំណររបស់យើងខ្ញុំ។
ឱព្រះវរបិតាអើយ សូមអរគុណព្រះអង្គ ដែលគ្រូក្លែងក្លាយទាំងនេះ នឹងមិនដែលឈ្នះឡើយ ហើយអរគុណព្រះអង្គ ដែលមិនយូរមិនឆាប់ព្រះគ្រីស្ទដ៏ពិត នឹងយាងត្រលប់មករំដោះហ្វូងចៀមពិតរបស់ព្រះអង្គ ជំនុំជម្រះឆ្កែចចកដែលពាក់រោមចៀម ហើយតាំងបល្ល័ង្ករបស់ទ្រង់នៅលើនគរហិនហោចរបស់អារក្សសាតាំង។ យើងខ្ញុំអធិស្ឋានក្នុងព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ អាម៉ែន។
មតិយោបល់
Loading…