in

មិន​មើល មិន​ស្ដាប់ និង​មិន​និយាយ​ការ​អាក្រក់

មាន​គ្រោះ​ថ្នាក់​ពីរ​យ៉ាង​ដូច​គ្នា ដែល​យើង​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​វា​ក្នុង​នាម​យើង​ជា​អ្នក​ជឿ។ គ្រោះ​ថ្នាក់​ទី​មួយ​គឺ ការ​មើល​ទៅ​លើ​អំពើ​បាប​ខ្លាំង​ពេក។ គ្រោះ​ថ្នាក់​ទី​ពីរ​គឺ ការ​មើល​ឃើញ​អំពើ​បាប​ទាប​ពេក។ ខ្ញុំ​បាន​ឃើញ​កំហុស​ទាំង​ពីរ​នេះ​កើត​មាន​ឡើង​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​ព្រះ​គ្រីស្ទ…ហើយ​ខ្ញុំ​ក៏​បាន​ឃើញ​វា​កើត​មាន​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​ផ្ទាល់​ផង​ដែរ។ មាន​ផ្លូវ​ល្អ​មួយ​ដែល​យើង​ដើរ​នៅ​ក្នុង​ជីវិត​មួយ​នេះ ហើយ​វា​ងាយ​ណាស់​ក្នុង​ការ​ដែល​យើង​នឹង​ដួល​ទៅ​ម្ខាង​នេះ ឬក៏​​ម្ខាង​នោះ។

នៅ​ពេល​ដែល​នរណា​ម្នាក់​មើល​ទៅ​លើ​អំពើ​បាប​ខ្លាំង​ពេក ហើយ​តែង​តែ​មើល​ទៅ​លើ​វា…នោះ​អំពើ​បាប​ក៏​ក្លាយ​ទៅ​ជា​ទី​ផ្ដោត​អារម្មណ៍​របស់​គាត់ ជា​ជាង​ផ្ដោត​លើ​ព្រះ​គ្រីស្ទ​ទៅ​វិញ។ លទ្ធផល​នៃ​ការ​ធ្វើ​បែប​នេះ​អាច​នឹង​អាក្រក់​ណាស់។ នៅ​ពេល​ដែល​ការ​សម្លឹង​មើល​របស់​បុគ្គល​ម្នាក់​នោះ​មិន​បាន​ផ្ដោត​ទៅ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ដូច​ដែល​បាន​ចែង​នៅ​ក្នុង​កណ្ឌ​គម្ពីរ ហេព្រើរ ១២:២ ហើយ​នៅ​ពេល​ណា​ដែល​ការ​សម្លឹង​មើល​ចម្បង​របស់​យើង​ផ្ដោត​តែ​ទៅ​លើ​ការ​គិត​អំពី​ខ្លួន​ឯង នោះ​វា​នឹង​នាំ​ឲ្យ​យើង​មាន​ការ​បាក់​ទឹក​ចិត្ត ការ​ថប់​បារម្ភ ការ​ខ្វល់ខ្វាយ និង​ការ​សង្ស័យ​គ្រប់​ប្រភេទ។ ហេតុ​អ្វី? ពីព្រោះ ព្រះ​ជាម្ចាស់​មិន​បាន​បង្កើត​យើង​មក ដើម្បី​ឲ្យ​សង្ឃឹម​ទៅ​លើ​ខ្លួន​ឯង ឬ​ក៏​សញ្ជឹង​គិត​អំពី​តែ​ខ្លួន​ឯង​នោះ​ឡើយ។ យើង​ត្រូវ​ធ្វើ​ដូច​អ្វី​ដែល​សាវ័ក ប៉ុល បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កណ្ឌ​គម្ពីរ កូឡូស ៣:២៖ «ចូរ​ផ្ចង់​ចិត្ត​ទៅ​ឯ​សេចក្ដី​ទាំង​អស់​ដែល​នៅ​ខាង​លើ កុំ​ឲ្យ​ផ្ចង់​ទៅ​ឯ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​នៅ​ផែនដី​ឡើយ»។

របៀប​មួយ​ទៀត​ដែល​ខ្ញុំ​ចង់​ផ្ដោត​ទៅ​លើ​នៅ​ទីនេះ៖ គឺ​ការ​មើល​ឃើញ​អំពើ​បាប​ទាប​ពេក។ អ្នក​ខ្លះ​បង្រៀន​អំពី​គោល​លទ្ធិ​នៃ​ភាព​ល្អ​ឥត​ខ្ចោះ​ដែល​គ្មាន​បាប ប៉ុន្តែ​ក៏​នៅ​មាន​អ្វី​ដែល​អាច​កើត​ឡើង​យ៉ាង​ងាយ​ស្រួល​ជាង​នេះ​ទៅ​ទៀត ទោះ​បី​ជា​មិន​ទាក់​ទង​នឹង​ការ​បង្រៀន​នៃ​ភាព​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ (សូម​អាន​បន្ថែម​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១យ៉ូហាន ១:៨-១០)។ មាន​ការ​ល្បួង​ដ៏​អាក្រក់​ដែល​ក្រវែល​ជុំ​វិញ​ក្រុម​ជំនុំ ដែល​ធ្វើ​ឲ្យ​យើង​អាច​ចាប់​ផ្ដើម​ជឿ​ថា ខ្លួន​យើង​កាន់​តែ​បរិសុទ្ធ ហើយ​សុចរិត​ជាង​ខ្លួន​យើង​ពី​មុន ហើយ​ស្រប​ពេល​ជា​មួយ​គ្នា​ដែរ យើង​ក៏​ចាប់​ផ្ដើម​ចាត់​ទុក​ខ្លួន​ឯង​ថា យើង​មាន​បាប​តិច​ដែរ។ វា​ពិត​ជា​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​នៅ​ពេល​ដែល​យើង​និយាយ​ចេញ​ពី​ចិត្ត​ថា «ឱ​ព្រះ​អង្គ​អើយ! សូម​អាណិត​មេត្តា​ទូល​បង្គំ​ដែល​ជា​មនុស្ស​មាន​បាប​ផង!» ដោយ​បែរ​ទៅ​ជា​និយាយ​វិញ​ថា «ឱ​ព្រះ​អង្គ​អើយ ទូល​បង្គំ​អរ​ព្រះ​គុណ​ទ្រង់​ដែល​ទូល​បង្គំ​មិន​ដូច​អ្នក​ឯ​ទៀត​ដូច​ជា៖ អ្នក​បោក​ប្រាស់ អ្នក​អយុត្តិធម៌ អ្នក​ផិត​ក្បត់ ឬ​សូម្បី​តែ​ដូច​អ្នក​យក​ពន្ធ​នេះ​ដែរ»។

នៅ​ពេល​ដែល​យើង​ទទួល​យក​ទស្សនៈ​ណា​មួយ​របស់​ខ្លួន​យើង ជា​ជាង​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ នោះ​យើង​កំពុង​តែ​និយាយ​ដោយ​មាន​អំនួត​ថា យើង​ដឹង​ច្បាស់​ជាង​ព្រះ។ វា​គឺ​ជា​ការ​កុហក​ពី​ដើម​កំណើត​នៃ​ការ​បង្កើត​ដែល​យើង​អាច​ឃើញ​នៅ​ឯ​សួន​ច្បារ​អេដែន។ ពេល​ដែល​យើង​គិត​ខ្ពស់​អំពី​ខ្លួន​ឯង​ជា​ជាង​ការ​ដែល​យើង​កំពុង​តែ​ស្ថិត​នៅ​ក្នុង នោះ​ពាក្យ​របស់​សាវ័ក ប៉ុល គឺ​ត្រូវ​បាន​រចនា​ឡើង ដើម្បី​និយាយ​ចុះ​ពី​ស្ថាន​សួគ៌​មក​ដូច​ជា​នំម៉ាណា​ដល់​ព្រលឹង​ដ៏​ក្រអឺតក្រទម​របស់​យើង…«អ្នក​ណា​ដែល​ស្មាន​ថា​ខ្លួន​ឈរ នោះ​ត្រូវ​ប្រយ័ត្ន ក្រែង​លោ​ដួល» (១កូរិនថូស ១០:១២)។

ខណៈ​ពេល​ដែល​យើង​មិន​ចង់​រស់​នៅ​ក្នុង​អំពើ​បាប ដែល​ព្រះ​អង្គ​សង្គ្រោះ​ដ៏​រុងរឿង​របស់​យើង​បាន​សុគត​ជំនួស​យើង ហើយ​កុំ​ច្រឡំ​ឡើយ ធាតុ​ពិត​នោះ​គឺ​ថា ទាំង​លោក​អ្នក និង​ខ្ញុំ​បាន​ប្រព្រឹត្ត​បាប​ស្រាប់​នៅ​ពេល​ដែល​យើង​មិន​ដឹង​ថា វា​គឺ​ជា​អំពើ​បាប​របស់​យើង​ដែល​យើង​បាន​ប្រព្រឹត្ត​ផង។ នៅ​ពេល​ដែល​យើង​រស់​នៅ​ដោយ​មិន​និយាយ​សេចក្ដី​ពិត នោះ​យើង​នៅ​តែ​បន្ត​រស់នៅ​ក្នុង​អំពើ​បាប​ដដែល (មិន​ទទួល​ស្គាល់​ចំពោះ​វត្តមាន​នៃ​អំពើ​បាប) ហើយ​ជា​លទ្ធផល​បែរ​ជា​ទៅ​ប្រឆាំង​នឹង​ព្រះ​អម្ចាស់​ទៅ​វិញ។ គ្មាន​អ្វី​ដែល​ត្រូវ​ខ្មាស​អៀន​ឡើយ​ក្នុង​ការ​សារភាព​ថា ខ្លួន​គឺ​ជា​មនុស្ស​មាន​បាប ពីព្រោះ​នេះ​គឺ​ជា​ការ​សារភាព​ដ៏​អស្ចារ្យ​ណាស់។ លោក​អ្នក​គួរ​តែ​ស្រែក​យំ​សារភាព​អំពី​អំពើ​បាប​ជា​ទៀត​ទាត់ មិន​ត្រឹម​តែ​ស្រែក​យំ​សារភាព​នៅ​ពេល​ដែល​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ប៉ុណ្ណោះ​នោះ​ទេ៖

«ឱ​ព្រះ​ជាម្ចាស់​អើយ! សូម​មាន​ព្រះ​ហឫទ័យ​មេត្តា​ចំពោះ​ទូល​បង្គំ​ផង—ដ្បិត​ទូល​បង្គំ​ជា​មនុស្ស​មាន​បាប! ក្តី​សង្ឃឹម​នៃ​សេចក្ដី​សុចរិត​របស់​ទូល​បង្គំ​តែ​មួយ​គត់ គឺ​នៅ​ក្នុង​ទ្រង់ មិន​មែន​នៅ​ក្នុង​ទូល​បង្គំ​ឡើយ»

(ដក​ស្រង់​ចេញពី​បទ​ចម្រៀង
“Not in Me by Sovereign Grace Music”)។

នេះ​គឺ​ជា​ការ​សារភាព​ដ៏​អស្ចារ្យ ដែល​មក​ពី​ព្រះ​វិញ្ញាណ។ គ្មាន​ការ​ខ្មាស​អៀន​នៅ​ទី​នេះ​ឡើយ។ ប៉ុន្តែ មាន​ភាព​ខ្មាសអៀន​ក្នុង​ការ​គ្រប​បាំង​អំពើ​បាប​ដូច​ជា​អ្វី​ដែល​លោក អ័ដាម និង​នាង អេវ៉ា បាន​ធ្វើ។ យើង​មិន​បាន​សប្បាយ​ចិត្ត ឬ​រីក​រាយ​ជា​មួយ​នឹង​អំពើ​បាប​របស់​យើង​ទេ ហើយ​សូម​កុំ​ឲ្យ​វា​កើត​ឡើង​អញ្ចឹង​ឡើយ។ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ យើង​ត្រូវ​តែ​ទទួល​ស្គាល់​អំពើ​បាប​របស់​យើង ហើយ​ឈរ​នៅ​ខាង​ព្រះ ដើម្បី​ប្រឆាំង​នឹង​ខ្លួន​ឯង។ បន្ទាប់​មក​ទៀត យើង​ងាក​ទៅ​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវ​របស់​ព្រះ​វិញ។ សូម​ឲ្យ​យើង​បាន​លាង​ជម្រះ និង​ធ្វើ​វា​ឡើង​វិញ​ដដែលៗ ដើម្បី​ថ្វាយ​សិរី​ល្អ​ដល់​ទ្រង់។

ពួក​បរិសុទ្ធ​ដែល​ចាស់ទុំ​ជាង​គេ គឺ​ជា​ពួក​បរិសុទ្ធ​ដែល​បន្ទាប​ខ្លួន​ជាង​គេ​បំផុត។ គាត់​គឺ​ជា​មនុស្ស​ដែល​មិន​ត្រឹម​តែ​ចេះ​សម្រាក និង​រីក​រាយ​នៅ​ក្នុង​ភាព​ឧត្តុង​ឧត្តម​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​អ្នក​ដែល​ងាយ​នឹង​ទទួល​ស្គាល់​នូវ​ការ​បរាជ័យ​របស់​ខ្លួន​ផង​ដែរ ឧទាហរណ៍៖ អំនួត​ដែល​នៅ​ពី​ក្រោយ​បំណង​ប្រាថ្នា​អាត្មានិយម ដែល​យើង​បាន​ជ្រើស​រើស​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ ការ​មិន​ដឹង​គុណ​ចំពោះ​ព្រះ​ជាម្ចាស់​នៅ​ក្នុង​កាលៈទេសៈ​ដែល​ទ្រង់​បាន​បង្ហាញ​ដល់​យើង និង​ការ​បង្ហាញ​នូវ​ភាព​ខ្វះ​ការ​អត់​ធ្មត់​នៅ​កន្លែង​ធ្វើ​ការ ឬ​នៅ​ក្នុង​ផ្ទះ។ ហើយ​គំរូ​ដែល​ខ្ញុំ​ចង់​ឲ្យ​លោក​អ្នក​ឃើញ​នៅ​ថ្ងៃ​នេះ​គឺ៖ រដូវ​កាល​ទាំង​បី​យ៉ាង​នៃ​ខ្សែ​ជីវិត​របស់​សាវ័ក ប៉ុល។ ខណៈ​ពេល​ដែល​សាវ័ក ប៉ុល បាន​ដើរ​ជា​មួយ​នឹង​ព្រះ​អម្ចាស់​កាន់​តែ​យូរ គឺ​វា​ហាក់​ដូច​ជា​ថា​គាត់​ក៏​បាន​យល់​អំពី​ស្ថានភាព​របស់​គាត់​កាន់​តែ​ខ្លាំង​ឡើងៗ​ថែម​ទៀត​ផង។

អត្ថបទ​ដំបូង​គឺ​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស ជំពូក១៥។ សាវ័ក ប៉ុល បាន​សរសេរ​សំបុត្រ​នេះ​ទៅ​កាន់​ក្រុម​ជំនុំ​នៅ​ទី​ក្រុង​កូរិនថូស នៅ​ចន្លោះ​ឆ្នាំ​៥៦​នៃ​គ.ស។ មក​ដល់​ពេល​នោះ លោក​បាន​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ​អស់​រយៈ​ពេល​ប្រមាណ​ជា​២២ឆ្នាំ​ហើយ។ សាវ័ក ប៉ុល បាន​ចាប់​ផ្ដើម​នៅ​ខ៣-៥ ដោយ​និយាយ​អំពី​យុថ្កា​នៃ​សេចក្ដី​ជំនឿ​របស់​យើង។

«ដ្បិត​មុន​ដំបូង ខ្ញុំ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា តាម​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល​ដែរ គឺ​ថា​ព្រះ​គ្រីស្ទ​បាន​សុគត ដោយ​ព្រោះ​បាប​របស់​យើង​រាល់​គ្នា តាម​បទ​គម្ពីរ ហើយ​ថា ទ្រង់​ត្រូវ​គេ​បញ្ចុះ​ក្នុង​ផ្នូរ រួច​ដល់​ថ្ងៃ​ទី​៣ នោះ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ ក៏​តាម​បទ​គម្ពីរ ហើយ​ថា ទ្រង់​បាន​លេច​មក​ឲ្យ​កេផាស​ឃើញ រួច​ដល់​ពួក​១២​នាក់​ដែរ»។

នោះ​គឺ​ជា​ប្រភព​ដែល​សាវ័ក ប៉ុល បាន​ស្រង់​ចេញ​ខណៈ​ដែល​គាត់​បន្ត​នៅ​ខ៧-៩៖

«ក្រោយ​ទៀត ទ្រង់​លេច​មក​ឲ្យ​យ៉ាកុប​ឃើញ ក៏​ឲ្យ​ពួក​សាវ័ក​ទាំង​អស់​គ្នា​ឃើញ​ដែរ រួច​ទ្រង់​បាន​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ ជា​ខាង​ក្រោយ​គេ​បង្អស់ ដូច​ជា​លេច​មក​ដល់​កូន​កើត​មុន​កំណត់​ដែរ ដ្បិត​ក្នុង​បណ្ដា​ពួក​សាវ័ក នោះ​ខ្ញុំ​ជា​អ្នក​តូច​ជាង​គេ មិន​គួរ​នឹង​ហៅ​ខ្ញុំ​ជា​សាវ័ក​ផង​ទេ ពីព្រោះ​ខ្ញុំ​បាន​បៀតបៀន​ដល់​ពួក​ជំនុំ​នៃ​ព្រះ»។

សាវ័ក ប៉ុល បាន​លើក​ឡើង​ថា គាត់​គឺ​ជា​សាវ័ក​ដែល​តូច​តាច​ជាង​គេ​បំផុត។

ពាក្យ​ដែល​សាវ័ក ប៉ុល បាន​ប្រើ​គឺ «អេលេកគីស្ទូស៍» (“eláchistos” ἐλάχιστος) ដែល​នេះ​ជា​គុណ​នាម​កម្រិត​ដាច់​គេ (superlative)។ ដែល​ប្រាប់​ឲ្យ​យើង​ដឹង​ថា គាត់​គឺ​ជា​សាវ័ក​ដែល​តូច​តាច​ជាង​គេ​បំផុត គឺ​នៅ​ក្រោយ​គេ​បង្អស់។ នេះ​ជា​ការ​លើក​ឡើង​ដ៏​ខ្លាំង​អំពី​ឋានៈ​របស់​គាត់។ ហេតុ​អ្វី​បាន​ជា​គាត់​និយាយ​យ៉ាង​ដូច្នេះ? គឺ​វា​ដោយ​សារ​តែ​អំពើ​បាប​របស់​គាត់។ គាត់​បាន​ដឹង​ថា​គាត់ «ជា​អ្នក​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​មនុស្ស ដែល​កាន់​តាម​ផ្លូវ​នេះ ឲ្យ​ដល់​ស្លាប់» (កិច្ចការ ២២:៤)។ ការ​ទទួល​ស្គាល់​របស់​គាត់​គឺ​មាន​ភាព​ល្អ​ប្រពៃ​ណាស់។ គាត់​មិន​ដូច​កាល​ពី​គាត់​នៅ​ជា​គណៈ​ផារិស៊ី​ដែល​គាត់​ធ្លាប់​ធ្វើ​ពី​មុន​ទៀត​ទេ ឬ​ដូច​ជា​ម្នាក់​នៅ​ក្នុង​កណ្ឌ​គម្ពីរ លូកា ១៨ ផង​ដែរ។ គាត់​មិន​គិត​ថា​ខ្លួន​ឯង​ល្អ ឬ​ខ្ពង់​ខ្ពស់​ជាង​សាវ័ក​ផ្សេងៗ​ទៀត​ឡើយ។ នោះ​គឺ​ជា​គំនិត​ដែល​គាត់​ធ្លាប់​មាន​កាល​ពី​មុន​ពេល​គាត់​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ប៉ុណ្ណោះ (ភីលីព ៣:៣-៦)។ ឥឡូវ​នេះ​សាវ័ក ប៉ុល គឺ​គ្រាន់​តែ​អរ​ព្រះ​គុណ​ដែល​អាច​ស្ថិត​នៅ​នៅ​ក្នុង​ចំណោម​ក្រុម មិន​ថា​គាត់​មាន​បាប​ក៏​ដោយ។ នេះ​ជា​ផ្នត់​គំនិត​ដែល​ស័ក្ដិសម​គួរ​ឲ្យ​យក​ជា​គំរូ​មែន។

បើ​សិន​ជា​អ្នក​បើក​ទៅ​ខាង​មុខ​លឿន​បន្តិច​ទៅ​ដល់​កណ្ឌ​គម្ពីរ​អេភេសូរ នោះ​លោក​អ្នក​នឹង​ឃើញ​ថា​សាវ័ក ប៉ុល បាន​បន្ថែម​ពី​លើ​អ្វី​ដែល​គាត់​បាន​លើក​ឡើង​នៅ​កណ្ឌ​គម្ពីរ ១កូរិនថូស ១៥:៩។ សាវ័ក ប៉ុល បាន​សរសេរ​សំបុត្រ​នេះ ៥-៦ ឆ្នាំ​ក្រោយ​ខណៈ​ពេល​លោក​ជាប់​គុក ទៅ​កាន់​ក្រុម​ជំនុំ​នៅ​ទីក្រុង​អេភេសូរ។ មក​ដល់​ពេល​នោះ សាវ័ក ប៉ុល បាន​ក្លាយ​ជា​អ្នក​ជឿ​ប្រមាណ​ជា​២៧​ឆ្នាំ។ ហើយ​សាវ័ក ប៉ុល បាន​សរសេរ​ទៅ​កាន់​ក្រុម​ជំនុំ​ដែល​ជា​រូប​កាយ​របស់​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​ពួក​គាតុ​ដឹង​ថា​នៅ​ក្នុង​ព្រះ​គ្រីស្ទ អ្នក​ជឿ​ទាំង​សាសន៍​យូដា និង​សាសន៍​ដទៃ​បាន​រួម​គ្នា​មក​តែ​មួយ។ ពួក​គាត់​ជា​មនុស្ស​ថ្មី​តែ​មួយ​នៅ​ក្នុង​ព្រះ​គ្រីស្ទ។ អត្តសញ្ញាណ​របស់​ពួក​គាត់​គឺ​ថា​ពួក​គាត់​ជា​គ្រីស្ទ​បរិស័ទ។ បន្ទាប់​មក សាវ័ក ប៉ុល បាន​បន្ត​លើក​ឡើង​នៅ​ក្នុង​កណ្ឌ​គម្ពីរ អេភេសូរ ៣:៨-១០៖

«ទ្រង់​បាន​ប្រទាន​ព្រះ​គុណ​នេះ គឺ​ជា​សម្បត្តិ​របស់​ព្រះ​គ្រីស្ទ​ដ៏​ប្រមាណ​មិន​បាន​មក​ខ្ញុំ​ដែល​ជា​អ្នក​តូច​ជាង​បំផុត ក្នុង​ពួក​បរិសុទ្ធ​ទាំង​អស់ ឲ្យ​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​ក្នុង​ពួក​សាសន៍​ដទៃ ហើយ​ឲ្យ​ខ្ញុំ​បាន​បំភ្លឺ​ដល់​គ្រប់​មនុស្ស​ទាំង​អស់ ពី​សេចក្ដី​ប្រកប​ក្នុង​ការ​អាថ៌កំបាំង ដែល​លាក់​ទុក​ក្នុង​ព្រះ តាំង​ពី​អស់​កល្ប​រៀង​មក ជា​ព្រះ​ដែល​ទ្រង់​បង្កើត​របស់​សព្វ​សារពើ ដោយសារ​ព្រះ​យេស៊ូវ​គ្រីស្ទ ដើម្បី​ឲ្យ​ពួក​គ្រប់គ្រង នឹង​ពួក​មាន​អំណាច​នៅ​ស្ថាន​ដ៏​ខ្ពស់ បាន​ស្គាល់​ពី​ប្រាជ្ញា​នៃ​ព្រះ​ដ៏​មាន​ជា​ច្រើន​យ៉ាង​ណាស់ ដោយសារ​ពួក​ជំនុំ»។

តើ​លោក​អ្នក​ឃើញ​អំពី​ដំណើរ​ការ​នេះ​ដែរ​ឬ​ទេ? ពី​មុន​សាវ័ក ប៉ុល បាន​លើក​ឡើង​ថា គាត់​គឺ​ជា​សាវ័ក​តូច​តាច​ជាង​គេ​បំផុត​ក្នុង​បណ្ដា​ក្រុម​ពួក​សាវ័ក។ ចុះ​ឥឡូវ​នេះ តើ​គាត់​លើក​ឡើង​យ៉ាង​មិច​ដែរ? គាត់​បាន​លើក​ឡើង​ថា គាត់ «ជា​អ្នក​តូច​ជាង​បំផុត ក្នុង​ពួក​បរិសុទ្ធ​ទាំង​អស់»។ មាន​ពួក​បរិសុទ្ធ​ច្រើន​ណាស់។ សាវ័ក ប៉ុល ដឹង​យ៉ាង​ប្រាកដ​អំពី​អ្វី​ដែល​គាត់​កំពុង​តែ​លើក​ឡើង។ គាត់​បាន​សរសេរ​ទៅ​កាន់​ក្រុម​ជំនុំ ហើយ​លើក​ឡើង​ថា ខ្ញុំ​តូច​តាច​ជាង​អ្នក​រាល់​គ្នា​ទាំង​អស់។

សាវ័ក ប៉ុល បាន​ប្រើ​ពាក្យ​ផ្នត់​ដើម​ដដែល​សម្រាប់​ពាក្យ​តូច​នៅ​ត្រង់​នេះ តែ​ដោយ​បង្កប់​នូវ​ភាព​ខុស​គ្នា។ នៅ​ត្រង់​នេះ គាត់​ប្រើ​គុណ​នាម​ប្រៀប​ធៀប (comparative) «អេលេកគីស្ទូធ័រូ» (“elachistotéro” ἐλαχιστοτέρῳ)។ ជា​ជាង​គ្រាន់​តែ​ថា​គាត់ «តិច​ជាង​បំផុត» យើង​ឃើញ​គាត់​ថា «តូច​ជាង​គេ​បំផុត» នៅ​ក្នុង​បាន​ព្រះ​គម្ពីរ​កែ​សម្រួល (គកស)។ ដោយ​នេះ​ជា​គុណ​នាម​ប្រៀប​ធៀប យើង​អាច​គិត​ថា «តូច​ជាង» តែ​នៅ​ត្រង់​នេះ គុណ​នាម​នេះ​នៅ​តែ​ជា​គុណ​នាម​កម្រិត​ដាច់​គេ​ដដែល។ នេះ​មិន​មែន​ថា «តិច» នោះ​ទេ តែ​ជា​កម្រិត​ខ្ពស់​ដាច់​គេ។ ប៉ុន្តែ «តិច​តូច​បំផុត» មិន​មែន​ជា​គោល​គំនិត​នៅ​ក្នុង​វេយ្យាករណ៍​របស់​យើង​ទេ។ ឃ្លា​ដែល​បក​ប្រែ​ថា «តូច​ជាង​គេ​បំផុត» ជា​ការ​បកប្រែ​ដែល​ល្អ​ជាង​គេ​បំផុត​ដែល​អ្នក​បក​ប្រែ​អាច​បក​បាន ហើយ​វា​ផ្ដល់​នូវ​អត្ថន័យ​បាន​កាន់​តែ​ជិត តាម​ដែល​ភាសា​យើង​អាច​ធ្វើ​ទៅ​បាន។ សាវ័ក ប៉ុល កំពុង​តែ​លើក​ឡើង​ថា គាត់​ស្ថិត​នៅ​បាត​ក្រោម​គេ​បង្អស់​នៅ​ក្នុង​បណ្ដា​គ្រីស្ទ​បរិស័ទ បន្ទាប់​មក​ទៀត​គឺ​ថា គាត់​ថែម​ទាំង​តូច​ទាប​ជាង​នោះ​ទៅ​ទៀត—បើ​សិន​ជា​អាច​ទៅ​បាន។ ហេតុ​អ្វី?

យើង​ឃើញ​ចំណុច​ទី៣​របស់​យើង​បាន​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១ធីម៉ូថេ ១:១៥។ នេះ​គឺ​ប្រហែល​ជា​ពីរ​ឆ្នាំ​បន្ទាប់។ ប្រមាណ​ជា​ឆ្នាំ​៦២​នៃ​គ.ស។ មក​ដល់​ពេល​នោះ​សាវ័ក ប៉ុល បាន​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ​អស់​រយៈ​ពេល​ប្រហែល ជា​២៩​ឆ្នាំ​ហើយ។ សាវ័ក ប៉ុល បាន​សរសេរ​ទៅ​កាន់​លោក ធីម៉ូថេ ថា «ពាក្យ​នេះ​គួរ​ជឿ ហើយ​គួរ​ទទួល​គ្រប់​យ៉ាង គឺ​ថា ព្រះ​គ្រីស្ទ​យេស៊ូវ​ទ្រង់​បាន​យាង​មក​ក្នុង​លោកីយ៍ ដើម្បី​នឹង​ជួយ​សង្គ្រោះ​មនុស្ស​មាន​បាប ដែល​ខ្ញុំ​នេះ​ជា​លេខ​១​ក្នុង​ពួក​គេ»។ ហេតុ​អ្វី​បាន​ជា​ក្នុង​បណ្ដា​ពួក​សាវ័ក សាវ័ក ប៉ុល ជា​អ្នក​តូច​ជាង​គេ (១កូរិនថូស ១៥:៩)? ហេតុ​អ្វី​បាន​ជា​គាត់​តូច​ជាង​បំផុត ក្នុង​ពួក​បរិសុទ្ធ​ទាំង​អស់? នោះ​ដោយ​សារ​តែ​គាត់​មើល​មក​កាន់​ខ្លួន​ថា ជា​មនុស្ស​មាន​បាប ដែល​គាត់​នេះ​ជា​លេខ​១​ក្នុង​ពួក​គេ? គាត់​មិន​បាន​លើក​ឡើង​ថា «ខ្ញុំ​ធ្លាប់​ធ្វើ​ជា​លេខ១​នៃ​មនុស្ស​មាន​បាប​នោះ​ទេ» ឬ​ក៏​ថា «ខ្ញុំ​ឈប់​ធ្វើ​ជា​លេខ១​នៃ​មនុស្ស​មាន​បាប ហើយ​ឥឡូវ​នេះ ឈប់​ប្រព្រឹត្ត​បាប​ទៀត​ហើយ​នោះ​ទេ»។ មិន​ដូច្នេះ​ទេ! គាត់​បាន​លើក​ឡើង​ថា «ជា​មនុស្ស​មាន​បាប ដែលខ្ញុំ​នេះ​ជា​លេខ១ក្នុង​ពួក​គេ»។ វា​ជា​ប្រយោគ​បែប​បច្ចុប្បន្ន​កាល (present tense)។ គាត់​ជា​ម្ចាស់​នៃ​ឋានៈ​នេះ។

ពាក្យ​ថា «លេខ១» នៅ​ក្នុង​ការ​បក​ប្រែ​គឺ​មក​ពី «ប្រូតូស៍» (“πρῶτος”) ដែល​តាម​ព្យញ្ជនៈ​បក​ប្រែ​ថា “protos”។ ប្រសិន​បើ​លោក​អ្នក​ធ្លាប់​បាន​ឮ​ពាក្យ «គំរូ​ដើម​ពីមុន» (prototype) ជា​ប្រភេទ ឬ​គំរូ​ដំបូង នោះ​លោក​អ្នក​មុខ​ជា​យល់​រួច​ជា​ស្រេច​ហើយ​ដោយ​អាស្រ័យ​ទៅ​លើ​បុព្វបទ។ ជា​ធម្មតា គេ​បក​ប្រែ​ពាក្យ​នេះ​ថា មុន ឬ​ក៏​ទី​មួយ ហើយ​ក្នុង​ករណី​ព្រះ​គម្ពីរ​យើង​គឺ «លេខ១»។ យើង​អាច​ប្រើ​ប្រាស់ ដើម្បី​និយាយ​អំពី​បុគ្គល​ណា​ម្នាក់ នៅ​ខាង​មុខ​បុគ្គល​ណា​ម្នាក់​ផ្សេង​ទៀត​ដែល​ទាក់​ទង​ទៅ​នឹង​ទី​តាំង ឬ​ក៏​ទី​កន្លែង។ យើង​អាច​ប្រើ​ប្រាស់​ពាក្យ​នេះ​សម្រាប់​ពេល​វេលា និង​កាលប្បវត្តិ​នៃ​ភាព​ជា​ទី​មួយ​ជា​លំដាប់​លំដោយ​បាន​ផង​ដែរ។ ប៉ុន្តែ យើង​អាច​ប្រើ​ប្រាស់​ពាក្យ​នេះ​នៅ​ក្នុង​ការ​បង្ហាញ​ពី​ភាព​សំខាន់​ជាង​គេ​ផង​ដែរ។ សាវ័ក ប៉ុល កំពុង​តែ​ប្រើ​ប្រាស់​វា​ក្នុង​របៀប​ចុង​ក្រោយ។ សាវ័ក ប៉ុល ជា​មនុស្ស​បាប​លេខ១ ហើយ​នាំ​មុខ​គេ​បង្អស់ ជា​មនុស្ស​បាប​ធ្ងន់​ជាង​គេ​បំផុត។ សាវ័ក ប៉ុល និយាយ​ថា នោះ​ហើយ​ជា​ខ្ញុំ។ តើ​នោះ​ជា​របៀប​ដែល​លោក​អ្នក​គិត​អំពី​សាវ័ក ប៉ុល មែន​ឬ? គាត់​ប្រហែល​ជា​មិន​ស្ថិត​នៅ​ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​របស់​លោក​អ្នក ដែល​រាប់​ថា​មាន​បាប​ខ្លាំង​ជាង​គេ​បង្អស់​ទាំង​១០​ទេ។ ទោះ​បី​ជា​ដូច្នោះ​ក៏​ដោយ ក៏​នោះ​ជា​អ្វី​ដែល​គាត់​បាន​គិត​អំពី​ខ្លួន​គាត់​ផ្ទាល់​ដែរ។

សាវ័ក ប៉ុល អាច​ទទួល​ស្គាល់​ថា​ខ្លួន​ជា​មនុស្ស​បាប​លេខ១ ដោយ​សារ​តែ​គាត់​ស្គាល់​ខ្លួន​ឯង​ច្បាស់​ជាង​នរណាៗ​ទាំង​អស់ ក្រៅ​ពី​ព្រះ​ដ៏​មាន​ចេស្ដា។ គាត់​ស្គាល់​អំពី​ភាព​ពុក​រលួយ​ដោយ​ចេតនា និង​បំណង​ចិត្ត​របស់​គាត់ ហើយ​គាត់​ក៏​ដឹង និង​ឃើញ​អំពើ​បាប​របស់​ខ្លួន​ច្បាស់​ជាង​អ្នក​ផ្សេងៗ​ទៀត។ នៅ​ចំពោះ​ព្រះ​ដ៏​សុចរិត គាត់​ជឿ ហើយ​មើល​ឃើញ​ខ្លួន​ឯង​ថា ជា​មនុស្ស​បាប​លេខ១ ជា​មនុស្ស​បាប​ខ្លាំង​ជាង​គេ—នៅ​គ្រា​នោះ។ វា​ពិត​ជា​មាន​តម្លៃ​ណាស់​ក្នុង​ការ​រម្លឹក​ឡើង​វិញ​ថា សាវ័ក ប៉ុល មិន​ទើប​តែ​បាន​ទទួល​សេចក្ដី​សង្គ្រោះ​នោះ​ទេ។ មក​ដល់​ពេល​នោះ គាត់​បាន​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ​ជិត​បី​ទសវត្សរ៍​ទៅ​ហើយ។ មើល​ទៅ គាត់​ហាក់​បី​ដូច​ជា​មាន​ទស្សនៈ​អំពី​ខ្លួន​ឯង​កាន់​តែ​មាន​ភាព​សម្រិតសម្រាំង​ចំពោះ​ខ្លួន​ជាង​មុន​ទៅ​ទៀត គាត់​មើល​ឃើញ​ខ្លួន​ឯង​កាន់​តែ​ច្បាស់​ឡើងៗ ក្រោម​ពន្លឺ​ដ៏​បរិសុទ្ធ​នៃ​ព្រះ។

លោក រ៉ូប៉ើត រ៉ូប៉ើតសុន (Robert Robertson) ជា​អ្នក​យល់​ពី​ពាក្យ​របស់​សាវ័ក ប៉ុល យ៉ាង​ច្បាស់​លាស់​នៅ ពេល​ដែល​លោក​សរសេរ​ថា៖

«ភាព​ទន់​ខ្សោយ​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​អង្គ បែរ​ចេញពី​ព្រះ​ខ្ញុំ​ស្រឡាញ់ ខ្ញុំ​សូម​ថ្វាយ​ចិត្ត ថ្វាយ​ទាំង​ជីវិត សូម​ព្រះ​អង្គ​រក្សា​ខ្ញុំ​ពិត»។

សាវ័ក ប៉ុល ដឹង​ថា គាត់​ជា​មនុស្ស​មាន​បាប។ គាត់​មិន​ល្អ​ឥត​ខ្ចោះ​ទេ។ គាត់​បាន​លើក​ឡើង​ដូច្នេះ​ដែរ​នៅ​ក្នុង​កណ្ឌ​គម្ពីរ ភីលីព ៣:១២។ ទោះ​បើ​គាត់​មាន​អាយុ​៦០ឆ្នាំ​ហើយ​ក្តី ក៏​គាត់​នៅ​តែ​ត្រូវ​ការ​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់​ជា​ច្រើន​ដូច​កាល​ពី​ពេល​ដែល​លោក​ទើប​តែ​ទទួល​ការ​សង្គ្រោះ​ដំបូង​ដែរ។ តាម​ពិត​ទៅ ពី​មួយ​ពេល​ទៅ​​មួយ​ពេល គាត់​កាន់​តែ​ដឹង​ថា គាត់​កាន់​តែ​ត្រូវ​ការ​ព្រះ​គុណ​កាន់​តែ​ច្រើន​ជាង​មុន​ពេល​ដែល​គាត់​ទើប​តែ​ទទួល​ជឿ​ទៅ​ទៀត។

លោក​គ្រូ ចន កាល់វិន (John Calvin) បាន​លើក​ឡើង​ពី​ចំណុច​នេះ​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១ធីម៉ូថេ ១:១៥ ថា៖
«ចិត្ត​គំនិត​របស់​យើង​តែង​តែ​ជំរុញ​ឲ្យ​យើង​មើល​ភាព​ស័ក្ដិសម​របស់​ខ្លួន ហើយ​ខណៈ​ដែល​យើង​ឃើញ​ភាព​មិន​ស័ក្ដិសម នោះ​យើង​បាត់​ទំនុក​ចិត្ត​ភ្លាម។ ហេតុ​ដូច្នេះ ពេល​ណា​ដែល​បុគ្គល​ណា​កាន់​តែ​ទទួល​ការ​សង្កត់​សង្កិន​ដោយ​បាប​កាន់​តែ​ខ្លាំង ចូរ​ឲ្យ​អ្នក​នោះ​មាន​ចិត្ត​ក្លាហាន​រត់​ទៅ​រក​ព្រះ​គ្រីស្ទ ដោយ​ជឿ​ជាក់​ថា ព្រះ​អង្គ​បាន​យាង​មក ដើម្បី​ប្រទាន​ការ​សង្គ្រោះ មិន​មែន​ដល់​អស់​អ្នក​សុចរិត​ទេ តែ​ដល់ «អស់​មនុស្ស​មាន​បាប» វិញ។

លោក អេ ដាប់ប៊លយូរ ថូស៊ើ (A.W. Tozer) បាន​លើក​ឡើង​ថា៖

«យើង​ត្រូវ​តែ​លាក់​ភាព​មិន​បរិសុទ្ធ​របស់​យើង​នៅ​ឯ​ស្នាម​របួស​របស់​ព្រះ​គ្រីស្ទ ដូច​ដែល​លោក ម៉ូសេ បាន​លាក់​ខ្លួន​នៅ​ក្នុង​ក្រហែង​ថ្ម នៅ​ពេល​ដែល​សិរី​ល្អ​របស់​ព្រះ​ជាម្ចាស់​បាន​យាង​កាត់»។

នៅ​ក្នុង​សេចក្ដី​សង្គ្រោះ ជា​ញឹកញាប់ មាន​អំពើ​បាប​ជា​ច្រើន​ដែល​បាន​កើត​មាន​ឡើង​ដែល​យើង​អាច​ឃើញ​ភ្លាមៗ​បាន។ ដោយ​សារ​លោក​អ្នក​មាន​សេចក្ដី​រំពឹង និង​សេចក្ដី​ស្រឡាញ់​ថ្មីៗ នោះ​លោក​អ្នក​ចំណាយ​ពេល​វេលា កម្លាំង និង​ជីវិត​របស់​លោក​អ្នក​ដោយ​មាន​ភាព​ខុស​ប្លែក​ពី​មុន។ លោក​អ្នក​មិន​ធ្វើ​អ្វី​ដែល​លោក​អ្នក​ធ្លាប់​ធ្វើ​ពី​មុន ពីព្រោះ​លោក​អ្នក​មាន​ចៅហ្វាយ​ថ្មី។ ប៉ុន្តែ ទន្ទឹម​គ្នា​នោះ​ដែរ តើ​មាន​រឿង​អ្វី​កើត​ឡើង? ដូច​ដែល​យើង​បាន​ឃើញ​ស្រាប់ សូម្បី​តែ​ជា​មួយ​សាវ័ក ប៉ុល ខណៈ​ពេល​ដែល​លោក​អ្នក​កាន់​តែ​រើក​ចម្រើន​ឡើង កាន់​តែ​ជិត​ស្និត​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ នោះ​លោក​អ្នក​ឃើញ​ថា ខ្លួន​កាន់​តែ​មាន​បាប​រិទ្ធិ​តែ​ច្រើន​ជាង​ដែល​លោក​អ្នក​ធ្លាប់​ស្គាល់​ខ្លួន​ឯង​កាល​ពី​មុន​ទៅ​ទៀត។ អំពើ​បាប​ដែល​មាន​ដូច​ជា គ្រឿង​ស្រវឹង តណ្ហា ពាក្យ​សម្ដី​មិន​សម​រម្យ ភាព​លោភលន់ កំហឹង និង​អ្វីៗ​ដែល​ជា​ធម្មតា​គួរ​តែ​កាត់​បន្ថយ លោក​អ្នក​ឃើញ​អំពី​អំនួត​នៃ​ឫស​គល់​នោះ​ថា​មាន​ការ​ភ្ជាប់​រហូត​ដល់​ទី​ជម្រៅ​នៃ​ដួង​ចិត្ត។ អ្វី​ដែល​បាន​បោះ​បង់​ចោល​គឺ​គ្រាន់​តែ​ជា​បំណែក​នៃ​ភ្នំ​ទឹក​កក​មួយ ត្រឹម​ជា​ផ្នែក​ខាង​លើ​១០​ភាគរយ​ប៉ុណ្ណោះ។ ហើយ​ខណៈ​ពេល​ដែល​លោក​អ្នក​កាន់​តែ​ស្គាល់​ព្រះ​គ្រីស្ទ​ច្បាស់​ជាង​មុន នោះ​លោក​អ្នក​ឃើញ​ផ្នែក​ខាង​ក្រោម​ដែល​ត្រូវ​ការ​កម្ទេច​ចោល​កាន់​តែ​ខ្លាំង​កាន់​តែ​ខ្លាំង​ជាង​មុន។

លោក ថូម៉ាស វ៉ាត់សុន (Thomas Watson) បាន​លើក​ឡើង​បែប​ដូច្នេះ​វិញ​ថា៖

«ពេល​ដែល​ព្រះ​វិញ្ញាណ​កាន់​តែ​ចែង​ចាំង​នៅ​ក្នុង​ដួង​ចិត្ត នោះ​ព្រះ​វិញ្ញាណ​នឹង​កាន់​តែ​ឃើញ​ភាព​ខ្មៅ​ងងឹត​ថែម​ទៀត​ដែរ។ គ្រីស្ទ​បរិស័ទ​គិត​ថា វា​កាន់​តែ​អាក្រក់​ជាង​កាល​មុន ខណៈ​ពេល​ដែល​ព្រះ​គុណ​ទ្រង់​មិន​អន់​ថយ តែ​ចែង​ចាំង​កាន់​តែ​ខ្លាំង​ឡើងៗ»។

វា​ជា​ការ​ប្រសើរ​ក្រៃលែង​ណាស់​ដែល​អ្នក​ដឹង​ខ្លួន​ថា ជា​មនុស្ស​មាន​បាប។ វា​ជា​ការ​ប្រពៃ​ណាស់​ដែល​លោក​អ្នក​ទទួល​យក​ទស្សនៈ​ដែល​ព្រះ​ជាម្ចាស់​មាន​ចំពោះ​លោក​អ្នក។ នៅ​ពេល​ដែល​លោក​អ្នក​មាន​អារម្មណ៍​ថា ទទួល​បាន​ការ​ចាក់​ចុច​ដ៏​ផ្អែម​ល្ហែម​ដល់​ចិត្ត​ពី​ព្រះ​វិញ្ញាណ ចូរ​កុំ​រត់​ចេញ ឬ​ព្យាយាម​កប់​វា​ចោល​ឡើយ។ ផ្ទុយ​ទៅ​វិញ ចូរ​សរសើរ​តម្កើង​ដល់​ព្រះ​ជាម្ចាស់​សម្រាប់​សេចក្ដី​សប្បុរស​របស់​ព្រះ​អង្គ​ចំពោះ​លោក​អ្នក ក្នុង​ការ​ចង្អុល​បង្ហាញ​ដល់​លោក​អ្នក​ឲ្យ​ទៅ​កាន់​ទិស​ដៅ​ដែល​ត្រឹម​ត្រូវ ត្រឡប់​ទៅ​ឯ​ទ្រង់​វិញ។ ចូរ​សរសើរ​តម្កើង​ដល់​ព្រះ​អង្គ​ដែល​ទ្រង់​នៅ​តែ​មិន​បោះ​បង់​លោក​អ្នក ទោះ​បី​ជា​លោក​អ្នក​នៅ​បន្ត​ប្រព្រឹត្ត​អំពើ​បាប​ក៏​ដោយ។ បន្ទាប់​ពី​នោះ ចូរ​រត់​តម្រង់​ឲ្យ​ត្រង់​ទៅ​ឯ​ឈើ​ឆ្កាង​ចុះ។ ចូរ​សម្លឹង​មើល​ទៅ​ឯ​ព្រះ​គ្រីស្ទ ជា​ព្រះ​ដែល​អាច​អត់​ទោស​បាប​ដល់​មនុស្ស​លេខ១​ដែល​ប្រព្រឹត្ត​អំពើ​បាប ដូច​ជា​លោក​អ្នក និង​ខ្ញុំ រួច​ដើរ​តាម​ព្រះ​អង្គ​ចុះ។

មក​ដល់​ត្រង់​ចំណុច​នេះ ខ្ញុំ​នឹង​ធ្វើ​សេចក្ដី​សង្ខេប ជា​ពាក្យ​ទូន្មាន។ លោក​អ្នក​មិន​ចង់​ឃើញ​អំពើ​បាប​នៅ​ទី​ណា​ដែល​វា​មិន​មែន​ជា​អំពើ​បាប ឬ​ក៏​ដោះ​សា​សម្រាប់​បាប​នៅ​ពេល​ប្រព្រឹត្ត​វា​នោះ​ទេ។ ជា​ថ្មី​ម្ដង​ទៀត ក្រសែ​ភ្នែក​របស់​យើង​គួរ​តែង​តែ​សម្លឹង​ទៅ​ឯ​ព្រះ​អម្ចាស់ ដែល​ជួយ​យើង​ចំពោះ​ការ​នោះ នៅ​ពេល​ដែល​យើង​ចូល​ទៅ​ឯ​ទ្រង់​ដោយ​មាន​ដួង​ចិត្ត​ឆាប់​នឹង​រៀន​សូត្រ ហើយ​ចម្រើន​ឡើង​ដោយ​ព្រះ​បន្ទូល​ទ្រង់ និង​ពី​បង​ប្អូន​រួម​ជំនឿ​នៅ​ក្នុង​ព្រះ​គ្រីស្ទ​របស់​យើង។ ការ​ងារ និង​គោលដៅ​របស់​យើង​គឺ​មិន​មែន​ឲ្យ​វង្វេង​នៅ​ក្នុង​ជំងឺ​វិនិច្ឆ័យ​ខ្លួន​ឯង​នោះ​ទេ ខ្ញុំ​បាន​ឃើញ​មាន​មនុស្ស​ជា​ច្រើន​នៅ​ជាប់​ត្រឹម​នោះ។ ដូច​ដែល​យើង​បាន​ពិភាក្សា​រួច​មក​ហើយ​ថា យើង​ក៏​មិន​ចង់​មើល​រំលង​អំពើ​បាប​ដែល​ធ្វើ​ពុត​ជា​មាន​សេចក្ដី​សុចរិត​ក្លែង​ក្លាយ។ លោក រ៉ូប៉ើត មូរ៉េ មេកឆេនី (Robert Murray McCheyne) បាន​សង្ខេប​គោល​ការណ៍​នេះ​យ៉ាង​ល្អ​ប្រពៃ។ គាត់​បាន​លើក​ឡើង​ថា៖

«សម្រាប់​ការ​មើល​មក​ខ្លួន​ឯង​ម្ដង នោះ​ត្រូវ​មើល​​ទៅ​កាន់​ព្រះ​គ្រីស្ទ​១០​ដង។ ក្នុង​គ្រប់​ទាំង​អស់ ព្រះ​អង្គ​ទ្រង់​សែន​ល្អ​ណាស់។ ព្រះ​ចេស្ដា​គ្មាន​ទី​បញ្ចប់ ហើយ​យ៉ាង​ណា​មិញ​ក៏​ព្រះ​អង្គ​មាន​ភាព​ទន់​ភ្លន់ និង​ពេញ​ដោយ​ព្រះគុណ គឺ​សម្រាប់​គ្រប់​ទាំង​មនុស្ស​មាន​បាប សូម្បី​តែ​អ្នក​ដែល​ជា​លេខ១​ខាង​ប្រព្រឹត្ត​អំពើ​បាប​ក៏​ដោយ! ចូរ​រស់​នៅ​ក្នុង​ស្នាម​ញញឹម​នៃ​ព្រះ​ឲ្យ​បាន​ច្រើន​ចុះ»។

និពន្ធ​ដោយ៖ Henry Anderson
បក​ប្រែ​ដោយ៖ លោក ស៊ូ ទិត្យ
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា,
លោក ហុង សម្ភស, លោក សឹម រក្សា, លោក​ស្រី ឡូញ ស្រីរដ្ឋ និង​លោក ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី thecripplegate.com ដោយ​មាន​ការ​អនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

គ្រីស្ទ​បរិស័ទ និង​ពិធី​ភ្ជុំ​បិណ្ឌ