in ,

ការ​ស្វែង​រក​ភាព​ស្និទ្ធស្នាល

គ្មាន​នរណា​ម្នាក់​ដឹង​ទេ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​បរាជ័យ​ក្នុង​ចំណុច​នេះ។

ព្រះ​ជាម្ចាស់​បាន​ប្រទាន​ពរ​ដល់​ការ​បម្រើ និង​ជីវិត​អាពាហ៍ពិពាហ៍​របស់​យើង។ មនុស្ស​ម្នា​ហាក់​បី​ដូច​ជា​ចូល​ចិត្ត​យើង។ ហើយ​យើង​ក៏​ពិត​ជា​ចូល​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។

យើង​ទាំង​ពីរ​នាក់​មាន​ទំនាក់​ទំនង​ដែល​លូត​លាស់​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ ប៉ុន្តែ​ប្រពន្ធ​ខ្ញុំ និង​ខ្ញុំ​មិន​បាន​អាន​ព្រះ​គម្ពីរ ឬ​អធិស្ឋាន​ជា​មួយ​គ្នា​ទេ។ ព្រះ​យេស៊ូវ​គឺ​ជា​អ្វីៗ​គ្រប់​យ៉ាង​សម្រាប់​យើង ប៉ុន្តែ​យើង​ហាក់​បី​ដូច​ជា​មិន​អាច​ចែក​ចាយ​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​មាន​សេរី​ភាព​អំពី​ព័ន្ធ​កិច្ច​របស់​គាត់​នៅ​ក្នុង​យើង​សោះ។

ខ្ញុំ​នៅ​តែ​បន្ត​សួរ​សំណួរ​នោះ​មក​កាន់​ខ្លួន​ឯង។ តើ​មាន​អ្វី​ខុស​ក្នុង​ខ្ញុំ? តើ​មាន​អ្វី​ខុស​ក្នុង​យើង? វា​គួរ​តែ​ងាយ​ស្រួល​ជាង​នេះ ត្រូវ​អត់?

តើ​លោក​អ្នក​យល់​អំពី​អារម្មណ៍​នេះ​ទេ? ប្រហែល​ជា​អ្នក​ចង់​អធិស្ឋាន ឬ​អាន​ព្រះ​គម្ពីរ​បន្ថែម​ទៀត​ជា​មួយ​ប្តី​របស់​អ្នក ប៉ុន្តែ​គាត់​មិន​ចង់។ ប្រហែល​ជា​អ្នក​ចង់​ចែក​ចាយ​អំពី​ការ​តយុទ្ធ និង​ភាព​ឆេះឆួល​ដ៏​ជ្រាលជ្រៅ​របស់​អ្នក​ជា​មួយ​នឹង​ប្រពន្ធ​ខ្លួន ប៉ុន្តែ​នាង​មិន​ចង់​ស្ដាប់។ ឬ​ក៏​ប្រហែល​ជា​អ្នក​ទាំង​ពីរ​មាន​អារម្មណ៍​ថា មាន​ជញ្ជាំង​ដែល​មើល​មិន​ឃើញ​កំពុង​ឃាំង​ខ័ណ្ឌ​យើង។

បើ​គ្មាន​ភាព​ស្និទ្ធស្នាល​ដ៏​ពិត​ខាង​ឯ​វិញ្ញាណ​ទេ នោះ​ជីវិត​អាពាហ៍ពិពាហ៍​របស់​យើង​នឹង​ដួល​រលំ​ជា​មិន​ខាន។ ខ្ញុំ​ដឹង​ដោយ​ផ្ទាល់​ថា តើ​វា​អាច​ជា​ការ​ពិបាក​យ៉ាង​ដូច​ម្តេច ក្នុង​ការ​ស្វែង​រក​ភាព​ស្និទ្ធ​ស្នាល​ខាង​ឯ​វិញ្ញាណ​ដោយ​ចេតនា​ជា​មួយ​ដៃគូ​ជីវិត​របស់​ខ្លួន ប៉ុន្តែ​ព្រះ​ជាម្ចាស់​បាន​រៀប​ចំ​អាពាហ៍ពិពាហ៍​របស់​យើង ដើម្បី​ឲ្យ​យើង​កាន់​តែ​មាន​អំណរ​ក្នុង​ទ្រង់ ខណៈ​ពេល​យើង​ស្វែងរក​សេចក្តី​ល្អ​នៃ​ដំណឹង​ល្អ​ជា​មួយ​ដៃគូ​ជីវិត​ដ៏​មាន​តម្លៃ​បំផុត​របស់​យើង។

ជីវិត​អាពាហ៍ពិពាហ៍​បង្ហាញ​អំពី​ដំណឹង​ល្អ

កណ្ឌ​គម្ពីរ អេភេសូរ ៥:៣១ បញ្ជាក់​ជា​ថ្មី​អំពី​ចំណុច​នេះ តាំង​ពី​ដើម​មក​ព្រះ​ជាម្ចាស់​បាន​បង្កើត​ឲ្យ​ស្វាមី និង​ភរិយា​មាន​ការ​រួប​រួម​គ្នា​តែ​មួយ។ សាវ័ក ប៉ុល បាន​លើក​សម្រង់​សម្ដី​ពី​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ២:២៤ ដែល​ជា​ពេល​វេលា​ដំបូង​នៃ​អាពាហ៍ពិពាហ៍ ដើម្បី​បង្ហាញ​ពី​ការ​រចនា​ដ៏​ល្អ​របស់​ព្រះ​ជាម្ចាស់​គ្រប់​ជំនាន់​ថា៖

«ហេតុ​នេះ​ហើយ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក​ម្តាយ ទៅ​នៅ​ជាប់​ជា‌​មួយ​ប្រពន្ធ ហើយ​អ្នក​ទាំង​ពីរ​នឹង​ត្រឡប់​ទៅ​ជា​សាច់​តែ​មួយ»។

បន្ទាប់​មក គាត់​អនុញ្ញាត​ឲ្យ​យើង​ដឹង​ពី​មូល​ហេតុ​នៃ​ជីវិត​អាពាហ៍ពិពាហ៍​របស់​យើង៖ ការ​ឆ្លុះ​បញ្ចាំង​អំពី​ព្រះ​គ្រីស្ទ និង​ក្រុម​ជំនុំ (អេភេសូរ ៥:៣២) ។ ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​ការ​រួបរួម​របស់​យើង​ក្លាយ​ជា​ការ​រស់​នៅ ដោយ​មាន​ខ្យល់​ដង្ហើម ហើយ​ឆ្លុះ​បញ្ចាំង​ពី​ដំណឹង​ល្អ។ ដល់​កម្រិត​ដែល​យើង​មាន​ភាព​ស្និទ្ធស្នាល​ខាង​ឯ​វិញ្ញាណ នោះ​យើង​នឹង​ទទួល​បាន​បទពិសោធន៍ ហើយ​ថ្លែង​ប្រាប់​ពី​ទីបន្ទាល់​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​យើង​ក្នុង​ព្រះ​គ្រីស្ទ​ទៅ​កាន់​ពិភព​លោក​ដែល​កំពុង​តែ​មើល​មក​យើង។

ប៉ុន្តែ ជា​ញឹកញាប់​ភាព​ស្និទ្ធស្នាល​ខាង​ឯ​វិញ្ញាណ​មិន​បញ្ជាក់​ពី​បទ​ពិសោធន៍​របស់​យើង​ទេ។ ភាព​ជិត​ស្និទ្ធ​ដែល​នៅ​តែ​មួយ​ភ្លែត ក្ដី​អំណរ និង​ភាព​សប្បាយ​រីករាយ​ដែល​យើង​មាន​ក្នុង​ទំនាក់​ទំនង​ថ្មី​បាន​រលាយ​បាត់​ជា​មួយ​នឹង​គ្រា​ក្រេប​ទឹក​ឃ្មុំ​ដែរ។ ឬ​ថា បើ​យើង​ភ្លក់​រសជាតិ​នៃ​ភាព​ស្និទ្ធស្នាល​ដែល​យើង​ចង់​បាន វា​ច្រើន​តែ​កើត​ឡើង​នៅ​ក្នុង​ពេល​ដែល​មិន​អាច​ទាយ​ទុក​ជា​មុន​បាន។

ចូរ​ប្រាថ្នា​ចង់​បាន​ភាព​រួម​គ្នា​តែ​មួយ

ក្នុង​ចំណោម​យើង​មួយ​ចំនួន​យើង​មាន​សក្ដានុពល​លំបាក​ក្នុង​ក្រុម​គ្រួសារ​កាល​យើង​កំពុង​ពេញ​វ័យ​ឡើង ហើយ​យើង​មិន​បាន​សង្កេត​ឃើញ​ជីវិត​អាពាហ៍ពិពាហ៍​ដែល​មាន​ភាព​ជិតស្និទ្ធ​គ្នា​ខាង​ឯ​វិញ្ញាណ​ជា​ច្រើន​ណាស់​ណា​ទេ។ ទោះ​បើ​យើង​ជួប​ដៃ​គូ​ជីវិត​ដែល​ជា​គំរូ​ដ៏​ល្អ​ក៏​ដោយ ក៏​គ្មាន​គំរូ​ណា​ដែល​ត្រូវ​នឹង​ទំហំ​នៃ​ភាព​ស្និទ្ធស្នាល​ខាង​ឯ​វិញ្ញាណ​សម្រាប់​គ្រប់ៗ​គ្នា​ដែរ។ ការ​ធំធាត់​របស់​កូន​ចៅ និង​ការ​ទទួល​ខុសត្រូវ​កាន់​តែ​ច្រើន​ជាង​មុន​អាច​ធ្វើ​ឲ្យ​កម្លាំង​របស់​យើង​បាត់​បង់​បាន។ បណ្ដាញ​សង្គម​បង្កើត​ការ​រំពឹង​ទុក​មិន​ប្រាកដ​ទាក់ទង​នឹង​ជីវិត​អាពាហ៍ពិពាហ៍​ដែល​ល្អៗ។ ហើយ «អារក្ស​ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូច​ជា​សិង្ហ ដើម្បី​រក​អ្នក​ណា​ម្នាក់​ដែល​វា​អាច​នឹង​ត្របាក់​លេប​បាន» វា​ត្រៀម​នឹង​សម្លាប់​ហើយ​និង​លេប​ត្របាក់​ជីវិត​អាពាហ៍ពិពាហ៍​របស់​យើង (១ពេត្រុសទី ៥:៨)។

យើង​ក៏​នាំ​មក​នូវ​បញ្ហា​ពី​អតីត​ផ្ទាល់​ខ្លួន​របស់​យើង​ផង​ដែរ។ បន្ទាប់​ពី​ប្ដី និង​ប្រពន្ធ​ដែល​ជា​ដៃគូ​ទី​មួយ​បាន​ចាញ់​បោក​ការ​ភូតភរ​របស់​សាតាំង ពួក​គេ​បាន​ជួប​ប្រទះ​នឹង​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង​ចំពោះ​ភាព​ស្និទ្ធស្នាល​របស់​ពួក​គេ។ ពួក​គេ​បាន​លាក់​ខ្លួន​ឯង​ពី​គ្នា​ទៅ​វិញ​ទៅ​មក (លោកុប្បត្ដិ ៣:៧) ហើយ​លោក អ័ដាម បាន​បោះ​បង់​ទំនួល​ខុស​ត្រូវ​របស់​គាត់​ចោល—ទាំង​ចំពោះ​ព្រះ​ជាម្ចាស់ និង​នាង អេវ៉ា។ «ស្ត្រី​ដែល​ព្រះអង្គ​បាន​ប្រទាន​មក​ឲ្យ​នៅ​ជា​មួយ​ទូល​បង្គំ នាង​បាន​ឲ្យ​ផ្លែ​ឈើ​នោះ​មក​ទូល​បង្គំ ទូល​បង្គំ​ក៏​ទទួល​ទាន​ទៅ»។ (លោកុប្បត្ដិ ៣:១២)។

តែ​ជា​ការ​ដ៏​ប្រសើរ​ណាស់ នៅ​មាន​ពិភព​លោក​ដែល​មាន​ក្តី​សង្ឃឹម​នៅ​ឡើយ។ ប្រសិន​បើ​អ្នក​មាន​ការ​ពិបាក​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​ខាង​ឯ​វិញ្ញាណ​ជា​មួយ​ដៃគូ​ខ្លួន នោះ​អ្នក​ជា​មនុស្ស​ធម្មតា​ទេ។ អ្នក​កំពុង​តែ​ទន្ទឹង​ចង់​បាន​នូវ​ភាព​រួម​គ្នា​តែ​មួយ​ដែល​ព្រះ​បាន​បង្កើត​សម្រាប់​យើង ប៉ុន្តែ​ពិភព​លោក​ដែល​បែក​បាក់​របស់​យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​យើង​មាន​វា​យ៉ាង​ពេញ​លេញ​ទេ។

ដូច្នេះ តើ​យើង​អាច​ចាប់​ផ្តើម​ផ្លាស់​ប្តូរ​ជីវិត​អាពាហ៍ពិពាហ៍​របស់​យើង​ឲ្យ​ឆ្ពោះ​ទៅ​រក​ភាព​ស្និទ្ធស្នាល​ដែល​ព្រះ​ជាម្ចាស់​បាន​រៀប​ចំ​ឲ្យ​យើង​មាន​យ៉ាង​ដូច​ម្តេច​ទៅ?

១. រក្សា​ចិត្ត​ក្នុង​ការ​បើក​ចំហ

នៅ​ពេល​ដែល​យើង​មិន​ទទួល​បាន​ភាព​ស្និទ្ធស្នាល​ខាង​ឯ​វិញ្ញាណ​ដែល​យើង​សង្ឃឹម​ចង់​បាន នោះ​វា​ជា​ការ​ងាយ​ស្រួល​ណាស់​ក្នុង​ការ​បិទ​ទ្វារ​ដួង​ចិត្ត​របស់​យើង។ ផ្ទុយ​ទៅ​វិញ ចូរ​ទទួល​ស្គាល់​ពី​ភាព​ឈឺ​ចាប់ ហើយ​ស្រែក​រក​ព្រះ​ជាម្ចាស់​ដោយ​ប្រាប់​ព្រះ​អង្គ​អំពី​ការ​ខក​ចិត្ត​របស់​អ្នក៖

«ខ្ញុំ​ស្រែក​រក​ព្រះ​យេហូវ៉ា​ដោយ​សំឡេង​របស់​ខ្ញុំ

គឺ​ដោយ​សំឡេង​របស់​ខ្ញុំ

ដែល​ខ្ញុំ​ទូល​អង្វរ​ដល់​ព្រះ​យេហូវ៉ា។

ខ្ញុំ​បង្ហូរ​ទំនួញ​របស់​ខ្ញុំ​នៅ​ចំពោះ​ព្រះ​អង្គ

ខ្ញុំ​ទូល​រៀប​រាប់​ពី​ទុក្ខ​លំបាក​របស់​ខ្ញុំ

នៅ​ចំពោះ​ព្រះ​អង្គ។» (ទំនុកដំកើង ១៤២:១–២)។

ទោះ​បើ​ដៃគូ​ជីវិត​របស់​អ្នក​មិន​ផ្លាស់​ប្តូរ​ក៏​ដោយ ក៏​អ្នក​នឹង​នៅ​មាន​ចិត្ត​ទន់ ហើយ​បើក​ចំហ​ចំពោះ​ព្រះ​គ្រីស្ទ។

២. ដេញ​តាម​ព្រះ​យេស៊ូវ​ច្រើន​ជាង​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក

សូម្បី​តែ​ជីវិត​អាពាហ៍ពិពាហ៍​ដ៏​អស្ចារ្យ​មួយ​គឺ​នៅ​តែ​ជា​ការ «ខាត» បើ​ប្រៀប​ធៀប​ទៅ​នឹង «ប្រយោជន៍​ឲ្យ​ខ្ញុំ​បាន​ព្រះ​គ្រីស្ទ​វិញ» (ភីលីព ៣:៨) ។ នៅ​ពេល​ដែល​យើង​ឲ្យ​តម្លៃ​លើ​ព្រះ​យេស៊ូវ​ខ្ពស់​ជាង​ដៃគូ​ជីវិត​របស់​យើង នោះ​យើង​នឹង​ក្លាយ​ជា​មនុស្ស​ដែល​ដៃគូ​ជីវិត​របស់​យើង​នឹង​កាន់​តែ​ចង់​ស្និទ្ធស្នាល​ជា​មួយ​ដែរ។ ដូច​ដែល​លោក​គ្រូ ចន ផាបភ័រ បាន​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​នឹង​ធ្វើ​ឲ្យ​ព្រះ​ជាម្ចាស់​កាន់​តែ​មាន​ភាព​រុងរឿង នោះ​អ្នក​ត្រូវ​តែ​ស្វែង​រក​ការ​ស្កប់​ចិត្ត​ក្នុង​ព្រះ​ជាម្ចាស់​ជា​ជាង​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​ខ្លួន»។

៣. ប្ដូរ​ចេញ​នូវ​អ្វី​ដែល​សម្លាប់​ភាព​ស្និទ្ធស្នាល​ខាង​ឯ​វិញ្ញាណ​ចោល

យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​មាន​អាកប្បកិរិយា និង​ទម្លាប់​ដែល​រារាំង​ភាព​ស្និទ្ធស្នាល។ ឧទាហរណ៍៖ ខ្ញុំ​តែង​មាន​ទំនោរ​នៃ​ការ​តាន​តឹង ហើយ​ខ្ញុំ​តែង​មមុល​ទៅ​មុខ​ក្នុង​ការ​រំខាន​នោះ ដោយ​មិន​បាន​ទូល​សួរ​ព្រះ​ជាម្ចាស់​ថា តើ​ការ​រំខាន​នោះ​ពិត​ជា​មក​ពី​ទ្រង់​ឬ​ក៏​អត់។ ការ​ធ្វើ​បែប​នេះ​រមែង​ធ្វើ​ឲ្យ​ប្រពន្ធ​ខ្ញុំ​ចង់​រត់​ចេញ។ សាវ័ក ប៉ុល បាន​ត្រាស់​ហៅ​យើង​ឲ្យ​បោះ​បង់​ចោល​នូវ​គំរូ​បំផ្លិច​បំផ្លាញ​ដូច​នេះ ហើយ​ពាក់​ទម្លាប់​ថ្មី​ដែល​ឆ្លុះ​បញ្ចាំង​ថា​យើង​ជា​នរណា​នៅ​ក្នុង​ព្រះ​គ្រីស្ទ (អេភេសូរ ៤:២២–២៤) ។ ដូច្នេះ ឥឡូវ​នេះ​ខ្ញុំ​កំពុង​រៀន​សូម​ជំនួយ​ពី​ព្រះ ដើម្បី​ឲ្យ​មាន​ការ​បើក​ចំហ​ចិត្ត​ចំពោះ​អ្វី​ដែល​ទ្រង់​កំពុង​ធ្វើ។ នៅ​ពេល​ខ្ញុំ​ពឹង​ផ្អែក​លើ​ព្រះ​ជាម្ចាស់ ការ​ធ្វើ​បែប​នោះ​ជួយ​ភរិយា​ខ្ញុំ និង​ខ្ញុំ​ឲ្យ​ចៀស​វាង​ពី​ការ​មាន​ជម្លោះ និង​ឲ្យ​យើង​កាន់​តែ​ស្និទ្ធស្នាល​ជាង​មុន។

៤. ចូរ​ចែក​ចាយ​ដោយ​ចេតនា​អំពី​ភាព​ទន់​ខ្សោយ​របស់​ខ្លួន

អំនួត​ល្បួង​យើង​ឲ្យ​លាក់​ការ​តយុទ្ធ​របស់​ខ្លួន។ ប៉ុន្តែ នៅ​ពេល​ដែល​យើង​ពិត​ជឿ​ជាក់​ថា​ព្រះ​ជាម្ចាស់ «ក៏​បាន​សង្គ្រោះ​យើង មិន​មែន​ដោយ​អំពើ​ដែល​យើង​បាន​ប្រព្រឹត្ត​សុចរិត​នោះ​ទេ គឺ​ដោយ​ព្រះ​ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ​អង្គ​វិញ» នោះ​យើង​នឹង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចែក​ចាយ​ឲ្យ​ដៃគូ​របស់​យើង​ដឹង​ពី​ភាព​បរាជ័យ ហើយ​យើង​ក៏​នឹង​ងាយ​ពង្រឹង​ភាព​ស្និទ្ធស្នាល​ខាង​ឯ​វិញ្ញាណ​របស់​យើង​ដែរ (ទីតុស ៣:៥)។

៥. ជ្រើស​រើស​អ្វី​មួយ ដើម្បី​ធ្វើ​ជា​មួយ​គ្នា

ភាព​ស្និទ្ធស្នាល​ខាង​ឯ​វិញ្ញាណ​គឺ​មិន​មែន​មាន​ត្រឹម​តែ​បញ្ជី​នៃ​ការងារ​ត្រូវ​ធ្វើ ដូច​ជា​ការ​អាន​ព្រះ​គម្ពីរ ឬ​អធិស្ឋាន​ជា​មួយ​គ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជីវិត​អាពាហ៍ពិពាហ៍​របស់​យើង​នឹង​មាន​ភាព​រឹងមាំ​ឡើង​នៅ​ពេល​ដែល​យើង​ឮ​ព្រះ​សូរ​សៀង​របស់​ព្រះ​ជាម្ចាស់ ហើយ​ទ្រង់​ព្រះ​សណ្ដាប់​ឮ​យើង​ជា​មួយ​គ្នា។ ចូរ​រៀប​ផែន​ការ ដើម្បី​ស្វែង​រក​ព្រះ​ជាម្ចាស់​ជា​មួយ​គ្នា​ដែល​អ្នក​ទាំង​ពីរ​មាន​ភាព​សម​ស្រប ហើយ​សូម​ចាប់​ផ្តើម​ចុះ។

៦. ចូរ​អត់ធ្មត់ ហើយ​ចេះ​តស៊ូ

យើង​គួរ​រំពឹង​ថា​នឹង​មាន​ការ​បរាជ័យ និង​ការ​រាថយ​ខ្លះៗ។ ភរិយា​ខ្ញុំ និង​ខ្ញុំ​បាន​ចាប់​ផ្តើម​ស្ដាប់​ព្រះ​គម្ពីរ​ជា​សំឡេង​លើ​ដំណឹង​ល្អ​ចំនួន​បី​ដង​ហើយ ខណៈ​ពេល​ដែល​យើង​តយុទ្ធ​នឹង​ការ​ភ័យ​ខ្លាច​ចាស់ៗ និង​ការ​មាន​កាលវិភាគ​រវល់​ពេក។ ប៉ុន្តែ តែង​តែ​មាន​ក្តី​សង្ឃឹម​សម្រាប់​ការ​ចាប់​ផ្តើម​ថ្មី ពីព្រោះ​សេចក្ដី​មេត្តា​ករុណា និង​ភាព​ស្មោះ​ត្រង់​របស់​ព្រះ​ជាម្ចាស់​សម្រាប់​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​ពិត​ជា «មិន​ចេះ​ចប់» ឡើយ (បរិទេវ ៣:២២-២៣)។

ចូរ​បន្ត​ឈាន​ទៅ​មុខ​ក្នុង​ការ​ស្គាល់​ទ្រង់​ឲ្យ​កាន់​តែ​ច្បាស់​ជាង​មុន

នៅ​ចុង​បញ្ចប់ គ្មាន​រូប​មន្ត​វេទមន្ត ដើម្បី​បង្កើត​ភាព​ស្និទ្ធស្នាល​ខាង​ឯ​វិញ្ញាណ​ពិត​ប្រាកដ​នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​យើង​ឡើយ។ វា​នឹង​តម្រូវ​ឲ្យ​មាន​ការ​វិនិយោគ​ពេល​វេលា និង​កម្លាំង​ដែល​អ្នក​ប្រហែល​ជា​មិន​មាន​អារម្មណ៍​ដូច​ជា​ខ្លួន​មាន។ ប៉ុន្តែ ជីវិត​អាពាហ៍ពិពាហ៍​ដែល​មាន​ភាព​ស្និទ្ធស្នាល​ខាង​ឯ​វិញ្ញាណ​មាន​តម្លៃ​លើស​ពី​ការ​លះបង់​តូចៗ​ដែល​អ្នក​ត្រូវ​ធ្វើ ដើម្បី​ឲ្យ​មាន​បាន។

ភរិយា​របស់​លោក​អ្នក​សម​នឹង​ទទួល​ការ​ខិត​ខំ​បន្ថែម​ទៀត​ពី​លោក​អ្នក។ ប្តី​របស់​អ្នក​សម​នឹង​ទទួល​ការ​ខិត​ខំ​បន្ថែម​ទៀត​ពី​អ្នក។ ការ​ដែល​លោក​អ្នក​កាន់​តែ​មាន​អំណរ​ក្នុង​ព្រះ​យេស៊ូវ​យ៉ាង​ស៊ី​ជម្រៅ គឺ​ពិត​ជា​ស័ក្តិសម​លើស​ជាង​អ្វីៗ​ទាំង​អស់។

និពន្ធ​ដោយ៖ លោក​គ្រូ Bryan Stoudt
លោក​គ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក​ស្រី ឡូញ ស្រីរដ្ឋ, និងលោក​ស្រី ថាវ ប៊ីនរី
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

​ពឹង​ដល់ ព្រះនាម​ព្រះយេហូវ៉ា

ចំណុច​ដ៏​សម​ហេតុ​សម​ផល